សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះគឺជា « ហេតុផល » របស់ខ្ញុំ
ខ្ញុំស្រឡាញ់ព្រះអង្គសង្រ្គោះរបស់យើង ។ នេះគឺជាហេតុផលដ៏ពិតប្រាកដ និងមានឥទ្ធិពលបំផុត ដែលខ្ញុំធ្វើអ្វីដែលខ្ញុំធ្វើ ។
តើបងប្អូនធ្លាប់កត់សម្គាល់ទេថា ព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន នៅតែបន្តធ្វើការអញ្ជើញមកដល់យើង ? វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលលោកបានអញ្ជើញយើងឲ្យសិក្សា និងពិចារណាសារលិខិតដែលបានចែកចាយនៅក្នុងសន្និសីទពីរចុងក្រោយនេះ ។ នៅខែមេសា ឆ្នាំ២០២៤ លោកបានមានប្រសាសន៍ « ខ្ញុំសង្ឃឹមថា បងប្អូននឹងសិក្សាសារលិខិតពីសន្និសីទនេះម្តងហើយម្តងទៀតនៅខែក្រោយៗនេះ » ។ បន្ទាប់មកនៅខែតុលា ឆ្នាំ២០២៤ លោកបានមានប្រសាសន៍ថា ៖ « ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសិក្សាសារលិខិត[ របស់ពួកលោក ] ។ ចូរប្រើសារលិខិតទាំងនោះដើម្បីដឹងថាអ្វីពិត និងអ្វីមិនពិត អំឡុងពេលប្រាំមួយខែខាងមុខនេះ » ។
ការអញ្ជើញទាំងនេះអាចត្រូវបានបន្ថែមទៅនឹងការអញ្ជើញរបស់ព្យាការី ដែលយើងបានទទួលពេញមួយជីវិតរបស់យើង ជាពិសេសរួមទាំងសារលិខិតទាំងឡាយដែលយើងបានទទួលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ យើងអាចមានអារម្មណ៍ ឬគិតថាការអញ្ជើញទាំងនេះគឺជារឿងមួយទៀតដែលយើងត្រូវបន្ថែមទៅក្នុងបញ្ជីកិច្ចការដែលត្រូវធ្វើរបស់ យើង ដោយសារតែយើងត្រូវបានអញ្ជើញ ឬស្នើសុំឲ្យធ្វើវា ។ ប៉ុន្តែតើវាអាចមានអ្វីផ្សេងលើស ពីនេះទេ ?
ដោយការជញ្ជឹងគិតអំពីសំណួរនេះ និងការអញ្ជើញទាំងអស់ដែលយើងបានទទួល ខ្ញុំបាននឹកចាំពីអ្វីមួយដែលខ្ញុំបានរៀន និងបានសម្រេចចិត្តតាំងពីយូរយារមកហើយ ។ ខ្ញុំកំពុងព្យាយាមធ្វើរឿងទាំងនេះ ដែលចាំបាច់ចំពោះខ្ញុំ ពីព្រោះខ្ញុំស្រឡាញ់ទ្រង់ ខ្ញុំស្រឡាញ់ព្រះអង្គសង្រ្គោះរបស់យើង ។ នេះគឺជាហេតុផលដ៏ពិតប្រាកដ និងមានឥទ្ធិពលបំផុតដែលខ្ញុំធ្វើអ្វីដែលខ្ញុំធ្វើ ហើយបន្ទាប់មកភ្ជាប់ជាមួយនឹងការណ៍នេះ គឺជាសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះបងប្អូន ដែលជាបងប្អូនប្រុសស្រីរបស់ខ្ញុំ ។
ក្នុងនាមជាបងប្អូនប្រុសរបស់បងប្អូន ខ្ញុំសង្ឃឹមថាបងប្អូននឹងចាត់ទុកពាក្យសម្តីរបស់ខ្ញុំជាការអញ្ជើញដោយស្មោះ ដើម្បីស្វែងរកការយល់ដឹងពីឱកាសដើម្បីភ្ជាប់អ្វីគ្រប់យ៉ាងដែលយើងធ្វើជាមួយនឹងសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ ។
ការធ្វើដូចនេះនឹងជួយយើងឲ្យយល់ពី « ហេតុផល » ពិតប្រាកដនៅពីក្រោយអ្វីគ្រប់យ៉ាងដែលយើងធ្វើក្នុងនាមជាសិស្សរបស់ព្រះអង្គសង្គ្រោះ ។ ការណ៍នេះនឹងជួយយើងពង្រឹងទំនាក់ទំនងនៃសេចក្តីសញ្ញារបស់យើងជាមួយនឹងព្រះ ដោយយល់ដឹងពីសេចក្តីពិតដ៏ទេវភាព និងអស់កល្បជានិច្ចរបស់ទ្រង់—ក៏ដូចជាសេចក្តីពិតទាំងស្រុង និងដ៏អស់កល្បជានិច្ចរបស់ទ្រង់ ដែលនឹងមិនផ្លាស់ប្តូរសោះឡើយ ។ សេចក្តីពិតដ៏អស់កល្បជានិច្ចដូចជា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។
វាគួរឲ្យចាប់អារម្មណ៍ថា ពេលខ្លះដោយសារយើងបានធ្វើរឿងមួយចំនួនយ៉ាងជាប់លាប់ រហូតដល់វាបានក្លាយទៅជាទំនៀមទម្លាប់ ដែលយើងអនុញ្ញាតឲ្យទំនៀមទម្លាប់ ឬសកម្មភាពទាំងនោះមានឥទិ្ធពលលើការខិតខំរបស់យើងក្នុងការស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ វាហាក់ដូចជាយើងធ្វើរឿងទាំងនេះដោយសារតែយើងបានធ្វើវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនបានគិតពីផលប៉ះពាល់របស់វាទៅលើទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះអង្គសង្គ្រោះ ។
នៅក្នុងសង្គមរបស់យើង យើងតែងតែផ្តោតលើអ្វីដែលយើងធ្វើ និងផ្តោតលើការបំពេញភារកិច្ច និងគោលដៅជាប់លាប់ ។ នៅក្នុងផ្នែកខាងវិញ្ញាណ យើងមានឱកាសដើម្បីធ្វើលើសពីការគ្រាន់តែធ្វើកិច្ចការ ឬការសម្រេចនូវគោលដៅ ដោយការយល់ដឹងពីមូលហេតុដែលយើងកំពុងធ្វើវា ។ ប្រសិនបើយើងអាចយល់ និងភ្ជាប់ថា ហេតុផលនៅពីក្រោយសកម្មភាពរបស់យើងទាក់ទងនឹងសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ និងព្រះវរបិតាសួគ៌របស់យើង ដោយការទាញយកប្រយោជន៍ពីឱកាសទាំងនេះ នោះយើងនឹងយល់ថា សូម្បីតែការធ្វើអ្វីដែលសុចរិត ដូចជាការមានសកម្មភាព ឬប្រពៃណីសាសនាចក្រ ហើយការធ្វើវាឲ្យបានសមរម្យគឺជារឿងល្អមួយ មិនតែប៉ុណ្ណោះ នៅពេលដែលយើងភ្ជាប់ការណ៍ទាំងនោះជាមួយនឹងមូលហេតុ នោះយើងនឹងត្រូវបានប្រទានពរដើម្បីយល់ពីហេតុផលនោះ ។ វានឹងមិនមែនគ្រាន់តែជាការធ្វើរឿងល្អ ឬធ្វើវាឲ្យត្រឹមត្រូវប៉ុណ្ណោះទេ តែយើងក៏នឹងធ្វើវាដោយហេតុផលត្រឹមត្រូវផងដែរ ។
ឧទាហរណ៍ នៅពេលបងប្អូនដាក់គោលដៅដើម្បីអានបទគម្ពីរ ផ្តល់ការអធិស្ឋានដោយស្មោះត្រង់ ឬរៀបចំសកម្មភាពសម្រាប់គ្រួសារ ឬវួដរបស់បងប្អូន តើគោលដៅពិតប្រាកដគឺគ្រាន់តែដើម្បីសម្រេចកិច្ចការទាំងនេះមែនទេ ? ឬតើសកម្មភាពទាំងនេះគឺជាមធ្យោបាយ ជាឧបករណ៍ដែលបងប្អូនមាន ដើម្បីសម្រេចបាននូវគោលដៅពិតប្រាកដនោះ ? តើគោលបំណងគឺគ្រាន់តែដើម្បីរៀបចំសកម្មភាពមួយពីព្រោះយើងបានធ្វើវាអស់រយៈពេលជាច្រើនឆ្នាំ ហើយក្រោយមកគូសធីកប្រអប់ថាយើងបានបញ្ចប់វាហើយមែនទេ ? ឬជាថ្មីម្តងទៀត តើការណ៍ទាំងនេះគឺជាមធ្យោបាយដែលយើងប្រើដើម្បីរៀនសូត្រ ដើម្បីទទួលអារម្មណ៍ និងដើម្បីភ្ជាប់ជាមួយនឹងព្រះអង្គសង្គ្រោះមែនទេ ?
សូមកុំយល់ច្រឡំការលើកឡើងរបស់ខ្ញុំអំពីការមានសកម្មភាព និងទំនៀមទម្លាប់ ឬការដាក់គោលដៅ និងការខិតខំប្រឹងប្រែងដើម្បីសម្រេចការណ៍ទាំងនោះឡើយ រឿងនេះមិនមែនជាការខុសឆ្គងទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបើកដួងចិត្ត និងគំនិតរបស់បងប្អូនចំពោះឱកាស និងពរជ័យនៃការយល់ដឹងពីហេតុផលដែលយើងធ្វើរឿងទាំងនេះ និងរបៀបដែលយើងរស់នៅតាមសាសនារបស់យើង ។
ឧទាហរណ៍ដ៏សំខាន់នៃទំនៀមទម្លាប់ដែលផ្តោតលើព្រះគ្រីស្ទ គឺជាសំណូមពរមួយដែលប្រធាន ដាល្លិន អេក អូក បានស្នើដល់យើងទាំងអស់គ្នាក្នុងនាមជាគណៈប្រធានទីមួយ ។ ប្រធាន អូក បានមានប្រសាសន៍ ៖ « ពេលដែលយើងឈានចូលឆ្នាំថ្មីនេះ សូមឲ្យយើងរៀបចំខ្លួនសម្រាប់ការប្រារព្ធពិធីបុណ្យអ៊ីស្ទើរនៃពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ មិនថាអ្វីដែលអ្នកដទៃជឿ ឬធ្វើនោះទេ យើងគួរតែប្រារព្ធពិធីបុណ្យនៃការរស់ឡើងវិញរបស់ព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់របស់យើង តាមរយៈការសិក្សាការបង្រៀនរបស់ទ្រង់ និងការជួយបង្កើតទំនៀមទម្លាប់ពិធីបុណ្យអ៊ីស្ទើរនៅក្នុងសង្គមរបស់យើងទាំងមូល ជាពិសេសនៅក្នុងក្រុមគ្រួសាររបស់យើងផ្ទាល់ » ។ ដូចដែលបងប្អូនអាចមើលឃើញ វាមិនមែនគ្រាន់តែជាការអញ្ជើញឲ្យមានទំនៀមទម្លាប់ប៉ុណ្ណោះនោះទេ ។ ផ្ទុយទៅវិញ យើងប្រើទំនៀមទម្លាប់ទាំងនេះធ្វើជាមធ្យោបាយមួយដើម្បីស្វែងយល់បន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ និងចងចាំការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។
កាលណាយើងកាន់តែអាចភ្ជាប់ហេតុផលជាមួយនឹងសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ នោះយើងនឹងអាចទទួលបានអ្វីដែលយើងត្រូវការ ឬកំពុងស្វែងរកកាន់តែច្រើន ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច » ។ ហើយលោកបានផ្ដល់ការអញ្ជើញនេះ ៖ « ចូររៀនបន្ថែមទៀតអំពីដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា គោលលទ្ធិរបស់ទ្រង់ និងដំណឹងល្អនៃការព្យាបាលដែលបានស្តារឡើងវិញ និងការរីកចម្រើន ។ ចូរងាកទៅរកទ្រង់ ! ចូរដើរតាមទ្រង់ ! »
សូមពិចារណារឿងនេះនៅក្នុងដួងចិត្ត និងគំនិតរបស់បងប្អូន ៖ តើបងប្អូនជឿថាការអញ្ជើញរបស់ប្រធាន ណិលសុន មានគោលបំណងជួយយើងរៀបចំបញ្ជីត្រួតពិនិត្យមួយដែលយើងនឹងប្រមូលចំណេះដឹងបន្ថែម និងបំពេញភារកិច្ចដែរឬទេ ? ឬតើលោកកំពុងអញ្ជើញយើងឲ្យពិចារណាពីទិដ្ឋភាពនៃសេចក្តីពិត និងគោលការណ៍ដ៏អស់កល្បជានិច្ចទាំងនេះ ទុកជាឱកាសមួយដើម្បីយល់ពីហេតុផល និងភ្ជាប់សេចក្តីស្រឡាញ់នៃសេចក្តីសញ្ញារបស់ព្រះអង្គសង្គ្រោះសម្រាប់យើងជាមួយនឹងការធ្វើដំណើរជាសិស្សពេញមួយជីវិតរបស់យើងឬ ?
ខ្ញុំសូមបង្ហាញពីគោលការណ៍ដែលខ្ញុំកំពុងព្យាយាមដើម្បីបកស្រាយនេះ ។ ជម្រើសមួយ ដែលប្រហែលជាខ្លាំងបំផុត អាចជាការអានសារលិខិតសន្និសីទ ទូទៅទាំងអស់ឲ្យចប់ក្នុងពេលតែមួយ បន្ទាប់មកនៅពេលដែលខ្ញុំអានរួចហើយ ខ្ញុំនឹងគូសចំណាំថាបានធ្វើតាមការអញ្ជើញនេះរួចហើយដោយមិនធ្វើអ្វីផ្សេងទៀតជាមួយអ្វីដែលខ្ញុំបានអាននោះទេ ។ ខ្ញុំយល់ថា នេះគឺជាករណីដ៏ពិបាកខ្លាំង ប៉ុន្តែវាមិនមែនជារឿងមិនអាចធ្វើបាននោះទេ ។ ប្រហែលជាពួកយើងជាច្រើនស្ថិតនៅចំណុចណាមួយរវាងការណ៍នេះ ហើយនិងការណ៍ដ៏ល្អប្រសើរជាងនេះ ។
ការអញ្ជើញនោះគឺដើម្បីសិក្សា និងពិចារណាសារលិខិតមកពីសន្និសីទទូទៅ ហើយប្រើសារលិខិតនោះដើម្បីកំណត់ និងយល់ពីអ្វីដែលយើងម្នាក់ៗអាចធ្វើបានដើម្បីកែលម្អ ។
នៅពេលយើងទទួលការអញ្ជើញឲ្យយល់ដឹងពី « ហេតុផល » នៅពីខាងក្រោយ នោះយើងនឹងមានឱកាសខិតទៅកាន់តែជិតព្រះអង្គសង្រ្គោះ ។ យើងនឹងចាប់ផ្ដើមយល់ថា ដោយសារខ្ញុំស្រឡាញ់ព្រះអង្គសង្រ្គោះ ខ្ញុំចង់រៀនបន្ថែមទៀតអំពីទ្រង់ តាមរយៈការសិក្សាពាក្យសម្តីនៃពួកព្យាការីដែលនៅរស់ ។ ហើយពីព្រោះខ្ញុំស្រឡាញ់បងប្អូនប្រុសស្រីរបស់ខ្ញុំនោះ ខ្ញុំនឹងចែកចាយការបង្រៀនរបស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈជាមួយនឹងអ្នកដទៃ ដោយចាប់ផ្តើមជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ។
នៅក្នុងឧទាហរណ៍ទាំងពីរ នោះបងប្អូនកំពុងធ្វើរឿងសុចរិត ។ ក្នុងចំណុចទីមួយ គោលដៅហាក់ដូចជាត្រូវបានប្រើប្រាស់មធ្យោបាយដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះបានផ្តល់ឲ្យយើង ដែលជាសារលិខិតដែលបានចែកចាយក្នុងអំឡុងពេលសន្និសីទទូទៅ ។ ចំណុចទីពីរឱបក្រសោបយកពរជ័យយ៉ាងជ្រាលជ្រៅនៃការទទួលបានការយល់ដឹងអំពីហេតុផលជាមូលដ្ឋាន ដោយផ្តល់នូវផ្លូវដើម្បីយល់ពីសេចក្តីពិតដ៏អស់កល្បជានិច្ច និងពរជ័យដែលបានសន្យាដល់អ្នកទាំងអស់ដែលធ្វើឲ្យការបង្រៀន និងព្រះជន្មរបស់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ជាចំណុចផ្តោតដ៏សំខាន់ក្នុងជីវិតរបស់ពួកគេ ។
បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសង្ឃឹមថាបងប្អូនអាចមានអារម្មណ៍ និងមើលឃើញពីសារៈសំខាន់នៃការភ្ជាប់សកម្មភាពរបស់យើងជាមួយនឹងសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ ។ នៅក្នុងពិភពសកលភាវូបនីយកម្មនេះ មានសំឡេងជាច្រើនដែលនឹងព្យាយាមជះឥទ្ធិពលលើបងប្អូន ហើយប្រសិនបើអាច វានាំបងប្អូនឲ្យជឿថា សេចក្តីពិតជាមូលដ្ឋានមួយចំនួននៃដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺមិនសំខាន់ ។ សំឡេងទាំងនោះចាប់ផ្ដើមជាមួយសេចក្ដីពិតដ៏សំខាន់នៃតម្រូវការសម្រាប់ការស្ដារឡើងវិញនៅថ្ងៃចុងក្រោយនេះ រួមទាំងភាពចាំបាច់នៃការមាននគររបស់ព្រះនៅលើផែនដីដែលតំណាងឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានស្ដារឡើងវិញ ។
បងប្អូនអាចនឹងឮសំឡេងដែលទទូចថា មានតែទំនាក់ទំនងផ្ទាល់ខ្លួន ឬការយល់ដឹងជាមួយនឹងព្រះអង្គសង្គ្រោះប៉ុណ្ណោះគឺគ្រប់គ្រាន់ ហើយថាសាសនា ឬសាសនាចក្រដែលបានស្ដារឡើងវិញគឺមិនចាំបាច់ ឬមិនសំខាន់នោះទេ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាដោយសន្សឹមៗ ឬកាន់តែមានភាពធន់ទៅនឹងការទទួលឥទ្ធិពលពីគំនិតបំភាន់ទាំងនេះ និងដើម្បីឲ្យកាន់តែរហ័សក្នុងការចងចាំនូវអ្វីដែលព្រះអង្គសង្គ្រោះបានប្រាប់ និងបង្រៀនយើងតាំងពីសម័យបុរាណមក—ដោយចាប់ផ្តើមជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសម្រាប់យើង ហើយភ្ជាប់សេចក្តីស្រឡាញ់របស់យើងសម្រាប់ទ្រង់ទាំងទ្វេ ទុកជាហេតុផលដើម្បីធ្វើតាមទ្រង់ទាំងទ្វេ ។
ព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់បានមានបន្ទូលជាមួយនឹង យ៉ូសែប ស្ម៊ីធ ដើម្បីស្តារសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ និងដើម្បីផ្តួចផ្តើមគ្រាកាន់កាប់ត្រួតត្រាក្នុងកាលនៃពេលពេញកំណត់ នៃនគររបស់ទ្រង់នៅលើផែនដី ។ ដូច្នេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាមធ្យោបាយដែលបានបង្កើតឡើងដោយព្រះវរបិតាសួគ៌ ដើម្បីចូលទៅក្នុងសេចក្តីសញ្ញាដែលអនុញ្ញាតឲ្យយើងត្រឡប់ទៅផ្ទះវិញ ។ ហេតុដូចនេះ យើងត្រូវការលើសពីគ្រាន់តែមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ទៅទៀត យើងត្រូវមានពិធីបរិសុទ្ធនៃបព្វជិតភាពសំខាន់ៗតាមរយៈការដែលយើងចុះសេចក្តីសញ្ញាជាមួយនឹងទ្រង់ទាំងទ្វេ ។ ការណ៍នេះផ្តល់នូវទំនាក់ទំនងនៃសេចក្តីសញ្ញាមួយជាមួយនឹងទ្រង់ទាំងទ្វេ ហើយផ្តល់ឲ្យយើងនូវសិទ្ធិទទួលបានសេចក្តីស្រឡាញ់នៃសេចក្តីសញ្ញារបស់ទ្រង់ដែលធ្វើឲ្យវាអាចទៅរួចក្នុងការទទួលបាននូវសិរីល្អខ្ពស់បំផុតដែលបានរៀបចំសម្រាប់អស់អ្នកដែលនៅពិត និងស្មោះត្រង់ចំពោះសេចក្តីសញ្ញារបស់ពួកគេ ។
ដោយអស់ពីថាមពលនៃព្រលឹងរបស់ខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់ចំពោះសេចក្តីពិត និងទេវភាពរបស់ព្រះអង្គសង្រ្គោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ស្រឡាញ់បងប្អូន ។ ទ្រង់ជ្រាបដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់បងប្អូន ។ ព្រះពាហុរបស់ទ្រង់បើកចំហ ផ្តល់ការអញ្ជើញ « ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។
ខ្ញុំស្រឡាញ់ព្រះអង្គសង្គ្រោះ ហើយសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះទ្រង់គឺជា « ហេតុផល » របស់ខ្ញុំ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕