សន្និសីទទូទៅ
ហើយ យើង​និយាយ​អំពី​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


14:27

ហើយ យើង​និយាយ​អំពី​ព្រះគ្រីស្ទ

យើង​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​ស្វែងរក​ដើម្បី​ទទួល​ផង និង​ចែកចាយ​ផង​នូវ​ពន្លឺ​របស់​ទ្រង់ ។

សេចក្តីផ្ដើម

នៅ​ចុងបញ្ចប់​នៃ​ការចាត់តាំង​រយៈពេលវែង​នៅ​ក្រៅប្រទេស ភរិយា​របស់​ខ្ញុំ លីសា និង​ខ្ញុំ​បានឈាន​ជើង​ចូល​ទៅក្នុង​ច្រកទ្វារ​អាកាស​យានដ្ឋាន ដើម្បី​រៀបចំ​សម្រាប់​ការហោះហើរ​តែ​មួយ​ទៀត​ប៉ុណ្ណោះ—ជា​ជើង​ហោះហើរ​នៅ​ទាបភ្លឺ—ដើម្បី​ត្រឡប់​ទៅផ្ទះ​វិញ ។ កាល​យើង​ឈរ​ជាមួយ​អ្នកផ្សេង​ទៀត​នៅក្នុង​ជួរ​ដ៏​វែង​ដែល​កំពុង​តែ​ដើរ​ទៅមុខ​យ៉ាង​យឺតៗ​នោះ យើង​អាច​ទទួល​អារម្មណ៍​នៃ​ការថប់បារម្ភ​របស់​អ្នក​ដំណើរ​ផ្សេងទៀត ដែល​ភ័យ​ព្រួយ​អំពី​ការហោះហើរ ការឆ្លងកាត់​ការត្រួត​ពិនិត្យ​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ ហើយនិង​ការឆ្លងកាត់​ទៅដល់​កន្លែង​ត្រួត​ពិនិត្យ​សុវត្ថិភាព​ដោយ​ជោគជ័យ ។

នៅទីបំផុត យើង​បាន​ទៅដល់​ស្ថានីយ៍​មួយ​ដែល​មាន​មន្ដ្រី​គយ​ប្រចាំការ ដែល​មើលទៅ​ហាក់​មិន​រង​ឥទ្ធិពល​ពី​ភាពតានតឹង និង​ការថប់​បារម្ភ​ដ៏ខ្លាំង​ដែល​មាន​នៅក្នុង​បន្ទប់​នោះ​សោះ ។ គាត់​ធ្វើការ​តាម​ទម្លាប់​របស់​គាត់ ដោយ​មិន​មើល​មុខ​ខ្ញុំ​សោះ គាត់​បាន​ឈោងយក​ឯកសារ​របស់​ខ្ញុំ ផ្ទៀងផ្ទាត់​រូបថត​ខ្ញុំ បើក​មើល​ឯកសារ​មួយ​សន្លឹក​ម្ដងៗ​ហើយ​ចុងបញ្ចប់​បោះត្រា​មួយ​ទំហឹង​លើ​លិខិត​ឆ្លងដែន​របស់​ខ្ញុំ ។

បន្ទាប់មក គាត់​ឈោងយក​ឯកសារ​របស់​លីសា​ម្ដង ។ គាត់​ឱន​ក្បាល​ចុះ ហើយ​ផ្ដោតលើ​ការងារ​របស់​គាត់​ដោយ​មិនបង្ហាញ​អារម្មណ៍​អ្វី​សោះ គាត់​ពិនិត្យ​មើល​ឯកសារ​មួយ​ទំព័រ​ម្ដងៗ​យ៉ាង​ជំនាញ ដោយ​ការផ្ដោតលើ​ព័ត៌មាន​លម្អិត​ក្នុង​ឯកសារ​ដែល​នៅពី​មុខ​គាត់ ។ យើង​បាន​ភ្ញាក់ផ្អើល​នៅពេល​គាត់​បញ្ឈប់​ការងារ​ភ្លាមៗ ងើប​មុខ​ឡើង ហើយ​សម្លឹង​មើល​ភ្នែក​របស់​លីសា ដោយ​ក្រសែភ្នែក​ដែល​ពេញ​ដោយ​ការពិចារណា និង​ភាពកក់ក្ដៅ ។ ជាមួយ​នឹង​ស្នាម​ញញឹម​ដ៏​ទន់ភ្លន់ គាត់​បាន​បោះត្រា​លើ​លិខិត​ឆ្លងដែន​របស់​លីសា​យ៉ាង​ថ្នម ហើយ​ហុច​ឯកសារ​ទៅឲ្យ​លីសា​វិញ ។ ភរិយា​របស់​ខ្ញុំ​ញញឹម​តប​វិញ ទទួល​ឯកសារ ហើយ​និយាយ​ពាក្យ​លា​យ៉ាង​កក់ក្ដៅ ។

« តើ​មាន​អ្វី​បាន​កើតឡើង ? » ខ្ញុំ​បានសួរ​ដោយ​ភាព​ភ្ញាក់ផ្អើល ។

ភ្លាមនោះ លីសា​បាន​បង្ហាញ​ខ្ញុំ​នូវ​អ្វី​ដែល​ភ្នាក់ងារ​នោះ​បាន​មើលឃើញ—ជា​ប័ណ្ណ​តូច​មួយ​ដែល​មាន​រូបថត​របស់​ព្រះអង្គ​សង្គ្រោះ ។ ប័ណ្ណ​នោះ​បាន​ធ្លាក់​ចេញ​ពី​កាបូប​របស់​លីសា ចូល​ទៅក្នុង​សំណុំ​ឯកសារ​លិខិត​ឆ្លងដែន​របស់​នាង​ដោយ​ចៃដន្យ ។ នេះ​គឺជា​អ្វី​ដែល​មន្ដ្រី​គយ​រូបនោះ​បាន​រកឃើញ ។ នេះ​គឺជា​អ្វី​ដែល​បាន​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​គាត់​ទាំងស្រុង ។

រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​លិខិត​ឆ្លងដែន<nb/>។

Grace and Truth ដោយ សាយម៉ុន ឌូវី ទទួល​បាន​ការអនុញ្ញាត​ពី altusfineart.com © 2025 ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត

រូបភាព​ដ៏​តូច​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ភ្ជាប់​ដួងចិត្ដ​របស់​មនុស្ស​មិន​ស្គាល់​គ្នា​ពីរ​នាក់​ដែល​គ្មាន​ទំនាក់ទំនង​អ្វី​នឹងគ្នា​សោះ ។ វា​បាន​ផ្លាស់ប្ដូរ​ការប្រាស្រ័យ​ទាក់ទង​ធម្មតា​មួយ​ឲ្យ​ទៅជា​អ្វី​ដែល​មានភាព​ផ្ទាល់ខ្លួន​ជាង ដោយ​ចាប់យក​នូវ​ភាពស្រស់ស្អាត អព្ភូតហេតុ និង​ភាពពិត​នៃ​ពន្លឺ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេញ​មួយ​ថ្ងៃ​នោះ ហើយ​ជាញឹកញាប់​ចាប់​ពីពេល​នោះ​មក ខ្ញុំ​បាន​គិត​ពិចារណា​ពី​ពេល​ដ៏​សាមញ្ញ និង​ផ្អែមល្ហែម​នោះ​ដោយ​ភាពស្ងើច​អស្ចារ្យ ហើយ​បាន​អរ​រីករាយ​នៅក្នុង​ឥទ្ធិពល​ដ៏​រុងរឿង​នៃ​ពន្លឺ​របស់​ព្រះគ្រីស្ទ​ដែលមាន​មកលើ​បុត្រាបុត្រី​របស់​ព្រះ ។

យើង​និយាយ​អំពី​ព្រះគ្រីស្ទ

យើង​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​ស្វែងរក​ដើម្បី ទទួល និង ចែកចាយ ពន្លឺ​របស់​ទ្រង់ ។ ឈ្មោះ​របស់​សាសនាចក្រ​បង្កប់​អត្ថន័យ​នៃ​ជំនឿ​របស់​យើង​អំពី « ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាងឯក » ។ តាមរយៈ​ពួកព្យាការី​បុរាណ និង​ព្យាការី​នៅរស់ ព្រះវរបិតាសួគ៌​របស់​យើង​បាន​បង្គាប់​យើង​ឲ្យ « ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! » ហើយ​ឲ្យ « ចូរ​មករក​ព្រះគ្រីស្ទ » ។ « យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ [ ហើយ ] យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ » ។

យើង បង្រៀន ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ ហើយ​អំឡុង​ការងារ​បម្រើ​លើ​ផែនដី​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បង្រៀន​ដំណឹល្អ​របស់​ទ្រង់ ហើយ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។

យើង ថ្លែង​ទីបន្ទាល់ ថា​នៅចុង​បញ្ចប់​នៃ​ព្រះជន្ម​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ធួន​សម្រាប់​អំពើ​បាប​របស់​យើង នៅពេល​ទ្រង់​បាន​រងទុក្ខ​នៅក្នុងសួនច្បារ​គែតសេម៉ានី ត្រូវបាន​គេ​ឆ្កាង​លើ​ឈើឆ្កាង​ ហើយ​បន្ទាប់​មក​បាន​រស់​ឡើង​វិញ ។

យើង អររីករាយ ថា​ដោយសារតែ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​ត្រូវ​បាន​អភ័យទោស និង​បាន​ស្អាត​ពី​អំពើបាប​របស់​យើង នៅពេល​យើង​ប្រែចិត្ត ។ ការណ៍នេះ​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​ដល់​យើង ហើយ​វា​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​បាន​ភាពពេញ​លេញ​នៃ​អំណរ ។

ព្រះគ្រីស្ទ និង​ម៉ារា​នៅ​ឯ​ផ្នូរ<nb/>។

យើង ព្យាករ ថា​ដោយសារ​តែ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ សេចក្ដី​ស្លាប់​គឺ​ពុំមែន​ជា​ចុងបញ្ចប់​នោះទេ ប៉ុន្ដែ​ជា​ជំហាន​ឆ្ពោះ​ទៅមុខ​មួយ​យ៉ាង​សំខាន់ ។ « យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើងវិញ​បន្ទាប់​ពី​យើង​ស្លាប់ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​រស់នៅ​ជា​រៀង​រហូត » ។

ចូរ​មករក​ព្រះគ្រីស្ទ

ព្យាការី​នៅ​រស់​នៅ​ជំនាន់​របស់​យើង—ដែល​ទទួល​វិវរណៈ​ពី​ព្រះ​ឲ្យ​បង្រៀន និង​ដឹកនាំ​យើង—គឺ​បាន​បង្កើន​ការអញ្ជើញ​យើង​ឲ្យ​មករក​ព្រះគ្រីស្ទ ។ ពួកលោក​កំពុង​ជួយ​យើង​ឲ្យ​កាន់តែ​ផ្ដោត​ដួងចិត្ដ ត្រចៀក និង​ភ្នែក​របស់​យើង​ទៅលើ​ទ្រង់ ។ យើង​អាច​ដកស្រង់​នូវ​ឧទាហរណ៍​នៃ​ការកែសម្រួល និង​ការរីកចម្រើន​ជាច្រើន​ដែល​បាន​ប្រកាស​ដោយ​គណៈ​ប្រធាន​ទីមួយ ដែល​បាន​រៀបរៀង​ឡើង​ដើម្បី​ឲ្យ​យើង​ផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ កិច្ចការ​ទាំងនេះ​មួយ​ចំនួន​រួមមាន ៖

  • ការសម្រេច​ចិត្ដ​ដើម្បី​បញ្ឈប់​ការប្រើ​ឈ្មោះ « ព្រះវិហារ​មរមន » ហើយ​ប្ដូរ​វា​មកជា​ឈ្មោះ​ត្រឹមត្រូវ​គឺ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

  • មាន​នូវ​សិល្បៈ​គំនូរ​ដែល​ថ្មីៗ និង​បំផុស​គំនិត​ដែល​ផ្ដោតលើ​ព្រះគ្រីស្ទ ដាក់​តាំងបង្ហាញ​នៅក្នុង​សាលា​ប្រជុំ​នានា ។

  • តន្ដ្រី និង​បាវចនា​របស់​ក្រុម​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ដែល​ផ្ដោតលើ​ព្រះយស៊ូវ​គ្រីស្ទ ដូចជា « ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » និង « មើល​ទៅ​ព្រះគ្រីស្ទ » ។

  • ការសង្កត់ធ្ងន់​កាន់តែ​ខ្លាំង​លើ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​ព្រឹត្ដិការណ៍​ដ៏​រុងរឿង​បំផុត​នៅក្នុង​ប្រវត្ដិសាស្ដ្រ ។

  • ការប្រារព្ធ​រដូវ​បុណ្យ​អ៊ីស្ទើរ ហើយ​មិន​គ្រាន់តែ​ចាត់ទុក​វា​ថាជា​ថ្ងៃ​បុណ្យ​មួយ​ថ្ងៃ ដោយ​សង្កត់ធ្ងន់​លើ​ព្រះយស៊ូវ​គ្រីស្ទ ។

  • ការណែនាំ​អំពី​និមិត្ដ​សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​អត្ថន័យ​នៃ​និមិត្ដរូប​នោះ ។

ចូរ​យើង​មើល​ឲ្យ​កាន់តែ​ជាក់ច្បាស់​ទៅលើ​ឥទ្ធិពល​នៃ​ការណ៍​មួយ​ចំនួន​ទាំងនេះ ។ ទីមួយ និមិត្ដរូប​របស់​សាសនាចក្រ ។

និមិត្ដរូប​របស់​សាសនាចក្រ

និមិត្ដរូប​របស់​សាសនាចក្រ<nb/>។

នៅក្នុង​ឆ្នាំ២០២០ ប្រធាន រ័សុល អិម ណិលសុន​ បាន​ណែនាំ​និមិត្ត​សញ្ញា​សម្គាល់​ថ្មី​សម្រាប់​សាសនាចក្រ ។ និមិត្ដរូប​នេះ​ឆ្លុះ​បញ្ជាំង​អំពី​សេចក្ដី​ពិត​ដែល​ថា ព្រះគ្រីស្ទ​គឺ​ជា​ចំណុច​សំខាន់​នៃ​សាសនាចក្រ​របស់​ទ្រង់ ហើយ​គួរតែ​ជា​ចំណុច​សំខាន់​នៅក្នុង​ជីវិត​យើង​ផងដែរ ។ ឥឡូវ​នេះ យើង​ឃើញ​និមិត្ដរូប​ដែល​យើង​ស្គាល់​នេះ​នៅលើ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ គេហទំព័រ និង​ទស្សនាវដ្ដី​របស់​សាសនាចក្រ ជា​រូបតំណាង​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ហើយ​ថែមទាំង​នៅលើ​ស្លាក​បញ្ជាក់​អត្ដសញ្ញាណ​កងទ័ព​របស់​សមាជិក​នៃ​សាសនាចក្រ​ជាច្រើន​នាក់​ដែល​កំពុង​បម្រើ​នៅក្នុង​កងទ័ព​ផងដែរ ។ និមិត្ដ​រូប​នេះ​រួមបញ្ចូល​នូវ​ឈ្មោះ​របស់​សាសនាចក្រ​ដែល​មានក្នុង​ថ្មជ្រុង ជា​ការំឭក​ថា​ព្រះយេស៊ូវ​គ្រីស្ទ គឺ ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​បាន​បង្ហាញ​នៅទីនេះ​ជា​ភាសា​ខ្មែរ និង​ប្រើប្រាស់​នៅក្នុង ១៤៥ ភាសា ។

និមិត្ដរូប​សាសនាចក្រ​ជា​ភាសា​ខ្មែរ<nb/>។

នៅ​កណ្ដាល​នៃ​និមិត្ដ​រូប​នោះ​គឺជា​តំណាង​មួយ​នៃ​រូបសំណាក ព្រះគ្រីស្ទ ពី​ថ្មកែវ​ដ៏​ជា​ទីស្រឡាញ់​របស់ ប៊ើថេល ថលវ៉ាលដ៏សិន ដែល​មាន​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ​ជាមួយ​សាសនាចក្រ ហើយ​ក៏មាន​នៅ​មជ្ឈមណ្ឌល​អ្នកទស្សនា និង​នៅ​បរិវេណ​របស់​ព្រះវិហារ​បរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។ ភាពលេចធ្លោ​របស់​រូប​សំណាក​នេះ​នៅក្នុង​និមិត្ដ​រូប​របស់​សាសនា​ចក្រ​សម្គាល់​ថា ព្រះគ្រីស្ទ​គួរតែ​ជា​ចំណុច​សំខាន់​នៅក្នុង​គ្រប់​កិច្ចការ​ទាំងអស់​ដែល​យើង​ធ្វើ ។ ដូចគ្នា​នេះ​ដែរ ព្រះពាហុ​ដ៏​លាត​សន្ធឹង​របស់​ព្រះអង្គ​សង្គ្រោះ​ចង្អុល​បង្ហាញ​ពី​ការសន្យា​របស់​ទ្រង់​ក្នុង​ការឱបក្រសោប​អស់​អ្នក​ដែល​មករក​ទ្រង់ ។ និមិត្ដ​រូប​នេះ​គឺជា​ការបង្ហាញ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​ជា​ការរំឭក​ដ៏​ខ្ជាប់ខ្ជួន​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។

ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ផ្នូរ<nb/>។

ដោយ​ការចង់ដឹង​ចង់ឮ ខ្ញុំ​បាន​សួរនាំ​គ្រួសារ និង​មិត្ដភក្ដិ​ជាច្រើន ទាក់ទង​នឹង​ធាតុ​ដ៏​សំខាន់​មួយ​នៃ​និមិត្ដ​រូប​របស់​សាសនាចក្រ ។ ជារឿង​គួរឲ្យ​ភ្ញាក់ផ្អើល មនុស្ស​ជាច្រើន​ពុំ​ដឹង​អំពី​លក្ខណៈពិសេស​នៃ​ភាពបរិសុទ្ធ​ដែល​និមត្ដរូប​នេះ​តំណាង​ឲ្យ​នោះទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​គង់ នៅក្រោម ក្លោងទ្វារ​មួយ ។ រូបនេះ​តំណាង​ឲ្យ​ព្រអង្គ​សង្គ្រោះ​ដែល​បាន​រស់​ឡើងវិញ​ចេញមក​ពី​ផ្នូរ ។ យើង​ពិតជា​អបអរ​ដល់ ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម រស់​ឡើងវិញ សូម្បី​តែ​នៅក្នុង​ការប្រើប្រាស់​និមិត្ដរូប​របស់​សាសនាចក្រ ។

បុណ្យ​អ៊ីស្ទើរ​ដ៏​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង

ឥឡូវ​នេះ ចូរ​យើង​គិត​ពិចារណា​អំពី​សារៈសំខាន់​នៃ​បុណ្យអ៊ីស្ទើរ ។ នៅក្នុង​សារលិខិត​ថ្មីៗ​របស់​គណៈប្រធាន​ទីមួយ ទាក់ទង​នឹង​បុណ្យ​អ៊ីស្ទើរ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ « ប្រារព្ធ​ពិធីបុណ្យ​នៃ​ការរស់ឡើងវិញ​របស់​ព្រះអង្គ​សង្រ្គោះ​ដែល​មាន​ព្រះជន្ម​រស់​របស់យើង តាមរយៈ​ការសិក្សា​ការបង្រៀន​របស់ទ្រង់ និង​ការជួយ​បង្កើត​ទំនៀមទម្លាប់​ពិធីបុណ្យ​អ៊ីស្ទើរ​នៅក្នុង​សង្គម​របស់យើង​ទាំងមូល ជាពិសេស​នៅក្នុង​ក្រុមគ្រួសារ​របស់យើង​ផ្ទាល់ » ។ និយាយ​យ៉ាង​ខ្លី យើង​ត្រូវបាន​លើក​ទឹកចិត្ដ​ឲ្យ​ផ្លាស់ទី​ទៅ​កាន់​ការប្រារព្ធ​បុណ្យ​អ៊ីស្ទើរ​ដែល​ខ្ពស់ជាង និង​បរិសុទ្ធ​ជាង ។

ខ្ញុំ​ស្រឡាញ់​វិវរណៈ​ជា​បន្ដបន្ទាប់​ទាក់ទង​នឹង​បុណ្យ​អ៊ីស្ទើរ ហើយ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​កិច្ចខិតខំ​ជាច្រើន​របស់​បងប្អូន​ក្នុង​ការធ្វើឲ្យ​បុណ្យ​អ៊ីស្ទើរ​ជា​ឱកាស​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​មួយ ។ ជា​ការបន្ថែម​ពីលើ​ការប្រជុំ​សាក្រាម៉ង់​រយៈពេល​មួយ​ម៉ោង​នៅថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ឧទាហរណ៍​ផ្សេង​ទៀត​អំពី​សកម្មភាព​ដែល​មាន​ភាពស័ក្ដិសម​រួមមាន ការប្រជុំ​ធម្មនិដ្ឋាន​វួដ និង​ស្ដេក និង​សកម្មភាព​នៅ​ថ្ងៃ​អាទិត្យ​ធាងចាក ក៏​ដូចជា​សកម្មភាព​នៅអំឡុង​សប្ដាហ៍​ដ៏​បរិសុទ្ធ​ផងដែរ ។ សកម្មភាព​នៃ​ការចងចាំ​ទាំងនេះ​រួមបញ្ចូល​សកម្មភាព​ជាមួយ​កុមារ និង​យុវវ័យ ហើយ​ជារឿយៗ​ក៏​មាននូវ​ចម្រៀង​ពិសេស​រួមគ្នា​ជាមួយ​សមាជិក​នៃ​ជំនឿ​ផ្សេង​ផងដែរ ។ អ្នក​ផ្សេងទៀត​បាន​រៀបចំ​ព្រឹត្តិការណ៍​នៃ​« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » សម្រាប់​សមាជិក និង​មិត្ដភក្ដិ និង​បាន​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​បុណ្យ​អ៊ីស្ទើរ​ដែល​បាន​ប្រារព្ធឡើង​ដោយ​សហគមន៍​សាសនា​ផ្សេងៗគ្នា​ផងដែរ ។

សកម្មភាព​ដូច​ទាំងនេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​ហ្វូង​មនុស្ស​នៅក្នុង​ទីក្រុង​យេរូសាឡិម ដែល​ចូលរួម​នឹង​គ្នា ដើម្បី​សរសើរ​តម្កើង​ដល់​ព្រះអង្គ​សង្គ្រោះ​អំឡុង​ការយាងចូល​ដ៏​ជោគជ័យ​របស់​ទ្រង់​ដែរ ។ អ្វី​ដែល​កាន់តែ​ពិសេស​ដូចគ្នា​នោះ គឺ​របាយការណ៍​នៃ​ការឆ្លើយតប​របស់​បងប្អូន​ទៅនឹង​ការអញ្ជើញ​របស់​គណៈប្រធាន​ទីមួយ ដែល​ឲ្យ​បងប្អូន​ថ្វាយបង្គំ​នៅ​ឯផ្ទះ​ជា​ក្រុមគ្រួសារ​ដើម្បី​រំឭក​ថ្ងៃ​បុណ្យ​ដល់​សំខាន់​បំផុត​នេះ ។

ខ្ញុំ​ជឿ​ថា ការថ្វាយបង្គំ​ជា​គ្រួសារ​ក្នុង​អំឡុង​បុណ្យ​អ៊ីស្ទើរ មាន​ការកើន​ឡើង​គួរឲ្យ​កត់​សម្គាល់ ។ ពីរ​ឆ្នាំ​មុន ខ្ញុំ​បាន​និយាយ​អំពី​ការតាំងចិត្ដ​របស់​គ្រួសារ​យើង​ដើម្បី​កែលម្អ​របៀប​ដែល​យើង​ប្រារព្ធ​បុណ្យ​អ៊ីស្ទើរ ។ និយាយ​ឲ្យ​ត្រង់ទៅ ការណ៍​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៅឡើយ​ទេ ។ យើង​តែងតែ​រីករាយ​នឹង​ការញ៉ាំ​អាហារ​នៅ​ថ្ងៃអាទិត្យ​ពិសេស​នៃ​បុណ្យ​អ៊ីស្ទើរ ការស្វែងរក​កន្ដ្រក​អ៊ីស្ទើរ និង​ពងមាន់​អ៊ីស្ទើរ​ជានិច្ច ហើយ​យើង​នៅតែ​ចូលចិត្ដ​ការណ៍​ទាំងនេះ ។ ប៉ុន្ដែ ការបន្ថែម​នូវ​ចេតនា​ខាង​វិញ្ញាណ​ដ៏​ធំ​ដែល​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​បែប​នេះ ចូលទៅក្នុង​ការប្រារព្ធ​អបអរ​របស់​យើង បាន​នាំមក​នូវ​តុល្យភាព​ដ៏​ផ្អែមល្ហែម​មកកាន់​ការរំឭក​របស់​យើង​អំពី​ព្រឹត្ដិការណ៍​ដ៏​បរិសុទ្ធ​ទាំងនេះ​លើសជាង​ព្រឹត្ដការណ៍​ណា​ទាំងអស់ ។

ការសម្ដែង​របស់​គ្រួសារ​ស្ទីវ៉ែនសុន នៅថ្ងៃបុណ្យ​អ៊ីស្ទើរ<nb/>។

ឆ្នាំ​នេះ​នឹង​ជា​ការព្យាយាម​លើក​ទី​បី​របស់​យើង​ក្នុង​ការធ្វើ​ឲ្យ​បុណ្យ​អ៊ីស្ទើរ​កាន់តែ​ផ្ដោតលើ​ព្រះគ្រីស្ទ ។ ដូចជា​ការសម្ដែង​ពី​ការប្រសូត​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស​ដែរ កម្មវិធី​របស់​គ្រួសារ​យើង​ក្នុង​ថ្ងៃបុណ្យ​អ៊ីស្ទើរ​គឺ​រួមមាន​ការតុបតែង​ខ្លួន​សាមញ្ញ ការអាន​បទគម្ពីរ​ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ព្រះគម្ពីរ​មរមន តន្រ្ដី រូបភាព​អំពី​បុណ្យ​អ៊ីស្ទើរ ស្លឹក​ធាងចាក—ហើយ​មាន​ភាពរញ៉េរញ៉ៃ​បន្ដិចដែរ បើ​និយាយ​ឲ្យ​ត្រង់ទៅ ។ កូនៗ និង​ចៅៗ​កំពុង​អាន និង​ទន្ទេញ​ការសរសើរ​តម្កើង​នៃ​ថ្ងៃអាទិត្យ​ធាងចាក « ហូសាណា … ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ខ្ពស់​បំផុត » ។ ហើយ « នេះ​គឺជា​ហោរា​យេស៊ូវ … មកពី​ស្រុក​កាលីឡេ » ដែល​សំខាន់​ដូចគ្នា​នឹង « សេចក្ដី​សុខសាន្ដ​នៅ​ផែនដី នៅកណ្ដាល​មនុស្ស » នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស​ដូច្នោះ​ដែរ ។

ឥឡូវ​នេះ​យើង​រីករាយ​នឹង​ការតុបតែង​ចម្រុះ​គ្នា ។ កាលគ្រា​មុនៗ​មនុស្ស​ជាច្រើន​តុបតែង​ផ្ទះ​របស់​ពួកគេ​ដោយ​រូបភាព​នៃ​ទន្សាយ និង​ពងមាន់ ឥឡូវ​នេះ​ពួកគេ​បាន​បន្ថែម​រូបសំណាក ព្រះគ្រីស្ទ និង​រូបភាព​ផ្នូរ​ដែល​នៅ​ទទេ ដែល​ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់​លេចមក​នៅក្នុង​សួនច្បារ​ខាងក្រៅ​ផ្នូរ និង​ព្រមទាំង​ការបង្ហាញ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ពួកសាសន៍​នីហ្វៃ ។ យើង​ក៏​ព្យាយាម​យ៉ាងខ្លាំង​ដែរ ដើម្បី​ធ្វើឲ្យ​បុណ្យអ៊ីស្ទើរ​ក្លាយ​ជា​រដូវកាល​មួយ​ជាជាង​គ្រាន់តែ​ជា​ថ្ងៃ​បុណ្យ​មួយ​ថ្ងៃ ។ យើង​កំពុង​ព្យាយាម​ឲ្យ​មាន​ចំណេះដឹង ការគិតគូរ​ជាងមុន​ក្នុង​ការប្រារព្ធ​ថ្ងៃ​អាទិត្យ​ធាងចាក និង​ថ្ងៃសុក្រ​ល្អ និង​ព្រឹត្ដិការណ៍​ពិសិដ្ឋ​នានា​ដែល​មាន​នៅ​អំឡុង​សប្តាហ៏​ដ៏​បរិសុទ្ធ​នោះ ។

បុណ្យ​អ៊ីស្ទើរ​អនុញ្ញាត​ឲ្យ​យើង​គោរព​នូវ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រមទាំង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​ដ៏​ពិត និង​ដ៏​ពេញ​ដោយ​អំណរ​របស់​ទ្រង់ ។ ដួងចិត្ដ​យើង​មាន​ទុក្ខ​សោកសៅ កាល​យើង​គិត​ស្រមៃ​ដល់​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​សួនច្បារ និង​នៅលើ​ភ្នំ​កាល់វ៉ារី ប៉ុន្ដែ​ដួងចិត្ដ​យើង​អររីករាយ កាល​យើង​នឹងគិត​ដល់​ផ្នូរ​ដែល​នៅ​ទទេ និង​ការប្រកាស​ពី​ស្ថានសួគ៌ « ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ ! »

ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​ពិត

ការលើកទឹកចិត្ដ​ថ្មីៗ​នេះ​មកពី​គណៈប្រធាន​ទីមួយ​ឲ្យ​យើង « ទន្ទឹងចាំ​បុណ្យ​អ៊ីស្ទើរ និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—ជា​សារលិខិត​ដ៏​រុងរឿង​លើ​អស់​ទាំង​សារលិខិត​ទាំងអស់​ទៅកាន់​មនុស្ស​ជាតិ » បង្ហាញ​ពី​ចំណុច​សំខាន់​ដ៏​ធំ​នៃ​រដូវកាល​នេះ ។ ខណៈ​ដែល​វា​មើលទៅ​ហាក់​ដូចជា​និន្នាការ​ដែល​កំពុង​រីកសាយ​ក្នុង​ចំណោម​ពួកអ្នក​សិក្សា​អំពី​ភាព​ជា​គ្រីស្ទាន​ជាច្រើន ឲ្យ​មើល​ទៅកាន់​ការរស់​ឡើងវិញ​ថា​ជា​ការតំណាង និង​និមិត្ដ​រូប​ក្ដី ក៏​យើង​អះអាង​ពី​គោលលទ្ធិ​របស់​យើង​ថា « ការរស់​ឡើងវិញ​មានន័យ​ថា មនុស្ស​ទាំងអស់​ដែល​ធ្លាប់​បានរស់​នៅ នឹង​រស់ឡើងវិញ ហើយ​ការរស់​ឡើងវិញ​គឺ​ពិត » ។ « ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់ បានត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជាយ៉ាង​ណា នោះ​គ្រប់គ្នា​ក៏នឹង​បានប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដីស្លាប់​ដល់​គ្រប់​ព្រលឹង​ដែល​រស់នៅ ។

យើង​ពិតជា​ឆ្ងល់​យ៉ាង​អស្ចារ្យ​នូវ​ព្រះគុណ​ដែល​ព្រះយេស៊ូវ​ប្រទាន​ដល់​យើង ។ យើង​ឱបក្រសោប​នូវ​ព្រះបន្ទូល​របស់​ទ្រង់​ថា « គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ » ។

ស៊ី. អេស. លូវីស បាន​ថ្លែង​ថា « ដើម្បី​ផ្សាយ​ពី​ភាពជា​គ្រីស្ទាន មានន័យ​ថា [ ទៅកាន់​សាវក ] ជា​ការផ្សាយ​អំពី​ការរស់​ឡើងវិញ​ជាចម្បង ។ … ការរស់​ឡើងវិញ​គឺ​ជា​បាវចនា​ស្នូល​នៅក្នុង​គ្រប់​ទេសនកថា​របស់​គ្រីស្ទាន​ទាំងអស់ ដែល​មាន​នៅក្នុង​កិច្ចការ ។ ការរស់ឡើងវិញ និង​លទ្ធផល​របស់​វា គឺជា ‹ ដំណឹងល្អ › ឬ​ការណ៍​ល្អ​ដែល​ពួកគ្រីស្ទាន​នាំយក​មក » ។

ខ្ញុំ​សូម​ប្រកាស​ថា « មាន​ដំណើរ​រស់​ឡើង​វិញ … ផ្នូរ​គ្មាន​ជ័យជម្នះ​លើ​ឡើយ ហើយ​ទ្រនិច​នៃ​សេចក្តី​ស្លាប់​ត្រូវ​បាន​លេប​បាត់​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ។

សេចក្ដី​បញ្ចប់ និង​ទីបន្ទាល់

ជា​ចុង​បញ្ចប់ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា អស់​អ្នក​ដែល​ទទួល​យក​ការអញ្ជើញ​ពី​ព្យាការី​នៅរស់​របស់​យើង និង​ទីប្រឹក្សា​របស់​លោក ដើម្បី​រំឭក​ចងចាំ​ដល់​ព្រឹត្ដិការណ៍​ដ៏​បរិសុទ្ធ​នានា​ដែល​បុណ្យ​អ៊ីស្ទើរ​តំណាង​ឲ្យ​ដោយ​ចេតនា​កាន់តែ​ខ្លាំង នោះ​នឹង​ឃើញ​ថា​ចំណង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ​នឹង​កាន់តែ​មាន​ភាពរឹងមាំ ។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បាន​ដឹង​អំពី​ជីដូន​ម្នាក់​ដែល​ហាត់សម​ដំណើររឿង​នៃ​បុណ្យ​អ៊ីស្ទើរ​ជាមួយ​ចៅប្រុស​អាយុ​បួន​ឆ្នាំ​របស់​គាត់ ដោយការ​ប្រើ​រូបភាព​តូចៗ​នៃ​ផ្នូរ ថ្ម​ដែល​បាំង​ទីបញ្ចុះ​សព ព្រះយេស៊ូវ ម៉ារា ពួកសិស្ស និង​ទេវតា ។ ក្មេង​ប្រុស​តូច​នោះ​មើល និង​ស្ដាប់​យ៉ាង​យកចិត្ដ​ទុកដាក់ កាល​យាយ​របស់​គាត់​ចែកចាយ​អំពី​ការបញ្ចុះ ការបិទ និង​ការបើក​ផ្នូរ និង​ឈុតឆាក​ក្នុង​សួនច្បារ​នៃ​ការរស់​ឡើងវិញ ។ ក្មេងនោះ​ក្រោយមក​ក៏​និយាយ​ដំណើររឿង​នោះ​ឡើងវិញ​យ៉ាង​លម្អិត កាល​គាត់​លេង​រូប​នោះ​តាម​ដំណើររឿង​ដែល​គាត់​កំពុង​និយាយ ។ ក្រោយពី​ពេល​ដ៏​ផ្អែមល្ហែម​នេះ មាន​គេ​សួរ​គាត់​ថា​តើ​គាត់​ដឹងទេ​ថា ហេតុអ្វី​យើង​មាន​បុណ្យអ៊ីស្ទើរ ។ ក្មេងប្រុស​នោះ​ងើប​មុខឡើង ហើយ​ឆ្លើយ​ក្នុងភាព​ជា​ក្មេង​របស់​គាត់ « ព្រោះ​ទ្រង់​នៅរស់ » ។

ក្មេងប្រុស​ម្នាក់​កំពុង​ដំណាល​ប្រាប់​ដំណើររឿង​បុណ្យ​អ៊ីស្ទើរ<nb/>។

ខ្ញុំ​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​នឹង​របស់​ក្មេង​តូច​នោះ—និង​ជាមួយ​ទីបន្ទាល់​របស់​បងប្អូន និង​ជាមួយ​ទីបន្ទាល់​របស់​ពួកទេវតា និង​ពួកព្យាការី—ថា​ទ្រង់​បាន​រស់​ឡើងវិញ ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ខ្ញុំ​ថ្លែង​ការណ៍​ទាំងនេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។