សន្និសីទទូទៅ
ទ្រង់​ជា​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


11:12

ទ្រង់​ជា​ព្រះគ្រីស្ទ

ម៉ាថាយ ១៦:១៦ )

យើង​ចង់​ឲ្យ​កូនៗ​របស់​យើង​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ជាសមាជិករបស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​សេចក្តី​សញ្ញា និង​ខិតខំ​ប្រែក្លាយដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅពេល​កូនប្រុស​របស់​យើង អ៊ីឡាយ​រៀន​ថ្នាក់​ទីបួន ថ្នាក់​របស់គាត់​បានបង្កើត​រដ្ឋាភិបាល​សាកល្បង​មួយ ដែល​គាត់​ត្រូវបាន​បោះឆ្នោត​ដោយ​មិត្តភក្តិ​របស់​គាត់​ឲ្យ​បម្រើ​ជាចៅក្រម​ក្នុង​ថ្នាក់ ។ ថ្ងៃមួយ ចៅក្រម​មួយរូប​មកពី​តុលាការ​មណ្ឌល​ទី​២ រដ្ឋ​យូថាហ៍​បានមក​ធ្វើ​ទស្សនកិច្ច ហើយ​យក​ឯកសណ្ឋាន​ផ្លូវការ​របស់គាត់​ពាក់​ឲ្យ​អ៊ីឡាយ ហើយ​បន្ទាប់​មក​បាន​ប្រកាស​ពីការ​ចូលកាន់​តំ​ណែង​សម្រាប់​ថ្នាក់​របស់​ពួកគេ ។ រឿងនេះ​បាន​បញ្ឆេះ​ចំណាប់​អារម្មណ៍​នៅក្នុង​ព្រលឹង​ដ៏​ក្មេងខ្ចី​របស់​អីឡាយ ឲ្យ​មាន​ចំណង់​សិក្សា​ផ្នែក​ច្បាប់ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ផ្ទាល់​ជា​អង្គ​បង្កើត​ច្បាប់ ។

បន្ទាប់​ពីការ​ខិតខំ​ប្រឹងប្រែង​សិក្សា​ជាច្រើន​ឆ្នាំ អ៊ីឡាយ​បាន​ទទួល​ការអញ្ជើញ​ឲ្យ​សម្ភាស​ជាមួយ​សាលាច្បាប់​ជម្រើស​កំពូល​មួយ ។ គាត់​បានប្រកាសថា « ម៉ាក់ គេ​បាន​សួរ​ខ្ញុំ ១០ សំណួរ ។ សំណួរ​ចុងក្រោយ​គឺ ‹ តើ​អ្នកទទួល​បាន​ត្រីវិស័យ​ដែល​ដឹកនាំ​អ្នក​ឲ្យ​ដឹង​ខុស​ត្រូវ​នៅឯណា ? › ខ្ញុំ​បាន​ថ្លែងថា​នៅទូទាំង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ​បាន​ទទួល​ប្រព័ន្ធ​នៃ​ការអប់រំ​ផ្នែក​សីលធម៌​តាមរយៈ​ការ​ដាក់​លំនាំ​ជីវិត​របស់​ពួកគេ​ចេញពី​គំរូ​ទាំងឡាយ ។ គំរូ​ទាំងឡាយ​នៃ​សីលធម៌​ដែល​ខ្ញុំ​ខិតខំ​យក​លំនាំ​តាម​សម្រាប់​ជីវិត​របស់ខ្ញុំ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បានថ្លែងថា ប្រសិនបើ​មនុស្ស​ជាតិ​ទាំងអស់​គោរព​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ទេសនកថា​នៅ​លើ​ភ្នំ​នោះ​ពិភពលោក​នឹង​ក្លាយជា​កន្លែង​ដ៏ល្អ​ប្រសើរ​ជាង មាន​ភាព​សុខសាន្ដ​ជាងមុន » ។ បន្ទាប់​មក​បទសម្ភាស​នោះ​បានបញ្ចប់ ហើយ​គាត់​បានគិត​ក្នុង​ចិត្តថា « ក្ដី​សុបិន​ពី​កុមារភាព​របស់​ខ្ញុំ​រលាយ​អស់​ហើយ ។ គ្មាន​នរណាម្នាក់​នៅក្នុង​វិស័យ​សិក្សា​អប់រំ​ខាង​លោកិយ​ចង់​ឮ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ » ។

ពីរ​សប្តាហ៍​ក្រោយមក​ អ៊ីឡាយ​ត្រូវបាន​សាលា​ផ្ដល់​អាហារូបករណ៍​ឲ្យ​ចូល​សិក្សា ។ មុន​ចូល​រៀន ពួកយើង​បាន​ទៅមើល​បរិវេណ​សាលា ។ សាលាច្បាប់​នោះ​មើលទៅ​ដូចជា​វិមាន​មួយ ហើយ​វា​ស្ថិត​នៅលើ​កំពូល​ភ្នំ​ដែល​មើលឃើញ​បឹង​ដ៏ស្រស់ស្អាត​មួយ ។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅពេល​ដែល​យើង​ដើរឆ្លង​កាត់​បណ្ណាល័យ​ដ៏​ស្កឹមស្កៃ និង​ច្រក​របៀង​ដ៏​វែង​ យើង​បាន​ឃើញ​នៅ​លើបដា និង​ចម្លាក់​នៅលើថ្ម​គឺមាន​នូវ​កាយវិការ​ដកស្រង់​ចេញ​ពី​ទេសនកថា​លើភ្នំ ។

ទេសនកថា​លើភ្នំ​ គឺជា​សុន្ទរកថា​ពិសេស​ដ៏​គួរឲ្យ​កត់សម្គាល់​ដែល​មិនធ្លាប់មាន​ពីមុនមក ។​ ជា​ទេសនកថា​បង្រៀន​ដ៏​វិសេសបំផុត ។ គ្មាន​ទេសនកថា​ណា​ផ្សេង​ទៀត​អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គុណ​លក្ខណៈ​ដ៏ទេវភាព​របស់​ទ្រង់ និង​គោលបំណង​ដ៏​ធំ​របស់​យើង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​ឡើយ ។

ភាព​ជា​សិស្ស​ពេញ​មួយជីវិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចាប់ផ្តើម​នៅក្នុង​គេហដ្ឋាន​របស់យើង—និង​នៅក្នុង​អង្គការ​បឋមសិក្សា​លឿន​បំផុត​នៅ​អាយុ ១៨ ខែ ។ យើង​ចង់​ឲ្យ​កូនៗ​របស់​យើង​ជឿ លើ​ព្រះយេស៊ូវ​គ្រីស្ទ ​ជាសមាជិក របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​សេចក្តី​សញ្ញា និង​ខិតខំ ប្រែក្លាយ ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ទីមួយ ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់​ពីទេសនកថា​ស្តីពី​នំបុ័ងជីវិត « សិស្ស​[ របស់​ព្រះអម្ចាស់ ]​ជា​ច្រើន » មើល​ឃើញថា​វាជា​ការលំបាក​សម្រាប់​ពួកគេ​ដើម្បី​ទទួលយក​ការបង្រៀន និង​គោលលទ្ធិ​របស់​ទ្រង់ ហើយ​ពួកគេ​បាន « ដក​ខ្លួន​ថយ​ចេញ មិនតាម​ទ្រង់​ទៀតទេ ។ » បន្ទាប់មក​ព្រះយេស៊ូវ​បានងាក​ទៅ​ពួក​ដប់ពីរ​នាក់ ហើយ​បាន​សួរ​សំណួរ​ដែល​ចាក់​ជាប់​ក្នុង​ចិត្ត​ថា « អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? »

ពេត្រុស​បានទូលថា ៖

« ព្រះអម្ចាស់ អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ? គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

« …​យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត » ។

ដូច​ការបកស្រាយ​របស់​ពេត្រុស ជំនឿ​គឺ « មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អ្នក​ណាមួយ ឬ​ក៏​ទទួល​ស្គាល់​អ្វី​មួយ​ថា​ពិត។ » ។ ហើយ​ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​របស់​យើង​ដឹកនាំ​ទៅរក​សេចក្តី​សង្គ្រោះ វា​ត្រូវតែ​ផ្តោត​សំខាន់​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ « យើង … អនុវត្ត​សេចក្តី​ជំនឿ​លើ​[ ព្រះយេស៊ូវ ]​គ្រីស្ទ នៅពេល​យើង​បាន​ទទួល​ការអះអាង​មួយថា ពិតជា​មាន​ទ្រង់​មែន [ ការយល់ដឹង ]​អំពី​លក្ខណៈ​[ ពិត ] [ និង​និស្ស័យ ]​របស់​ទ្រង់ និង​ចំណេះដឹង​ដែល​យើង​កំពុង​ព្យាយាម​រស់នៅ​ស្របតាម​ព្រះហឫទ័យ​របស់​ទ្រង់ ។

ព្យាការី​ជាទីស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​គ្រឹះ​នៃ​ជំនឿ​ទាំងអស់ និង​ជា​របៀប​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ » ។

តើ​យើង​អាច​ជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​កុមារ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​បាន​ព្រះចេស្តា​ដ៏​ទេវភាព​របស់​ទ្រង់​ដោយ​របៀបណា ? យើង​ត្រូវការ​ផ្តោត​លើ​ព្រះអង្គសង្គ្រោះ​តែ​មួយ​អង្គ​ប៉ុណ្ណោះ ។

« [ ព្រះអម្ចាស់ ] បានមាន​ព្រះបន្ទូល​ទៅកាន់​ប្រជាជន ៖

« មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ …

« ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ …

« ហ្វូង​មនុស្ស​បាន​ដើរ​ទៅ​មុខ ហើយ​បាន​លូកដៃ​ទៅ​ឯ​ចំហៀង​ព្រះ​អង្គ ហើយ​បាន​ស្ទាប​ស្នាម​ដែកគោល​នៅ​ត្រង់​ព្រះ​ហស្ត និង​ព្រះ​បាទា​របស់​ព្រះ​អង្គ ហើយ​ពួក​គេ​បាន​យ៉ាង​នេះ គឺ​បាន​ដើរ​ទៅ​មុខ​ម្ដង​ម្នាក់ៗ … ហើយ​បាន ឃើញ ដោយ​ភ្នែក​គេ​ផ្ទាល់ ហើយ​បាន ស្ទាប ដោយ​ដៃ​គេ​ផ្ទាល់ និង​បាន ដឹង យ៉ាង​ជាក់ច្បាស់ និង​បាន ធ្វើ​បន្ទាល់ ថា​គឺជា​ព្រះ​អង្គ​មែន » ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា តើ​គោលការណ៍​នេះ​អាច​អនុវត្ដ​នៅក្នុង​ជីវិត​របស់​ក្មេងតូចៗ​ដោយ​របៀបណា ។ តើ​ពួកគេ បានឮ ទីបន្ទាល់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ឬ​ទេ ? តើ​ពួកគេ មើលឃើញ រូបភាព​ដែល​មាន​គារវភាព និង​គួរឲ្យ​ថ្វាយបង្គំ​នៃ​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ និង​ភាពជាព្រះ​របស់​ទ្រង់​ឬ​ទេ ? តើ​ពួកគេ ទទួលអារម្មណ៍ និង​ស្គាល់​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​ធ្វើបន្ទាល់​អំពី​ភាពពិត និង​ទេវភាព​របស់​ទ្រង់​ដែរ​ឬ​ទេ ? តើ​ពួកគេ ដឹង អំពី​សារលិខិត និង​បេសកកម្ម​របស់​ទ្រង់​ឬ​ទេ ?

ជា​សមាជិក​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនា​ចក្រ​របស់​ទ្រង់

ទីពីរ ជា​សមាជិក​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនា​ចក្រ​របស់​ទ្រង់ ។

ប្រជារាស្ដ្រ​របស់​ស្ដេច​បេនយ៉ាមីន​បានមាន​បទពិសោធន៍​ពី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ដ ហើយ​តាមរយៈ​សេចក្ដី​សញ្ញា​បាន​ថ្វាយ​ជីវិត​របស់​ពួកគេ​ក្នុង​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះ ។ ដោយសារ​តែ​សេចក្តី​សញ្ញា​ដែល​ពួកគេ​បានចុះ​ជាមួយ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួកគេ « នឹង​ត្រូវ​បាន​ហៅថា ជា​កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ គឺជា​បុត្រា​របស់​ទ្រង់ និង​បុត្រី​របស់​ទ្រង់ » ។ ក្នុងនាម​ជាសមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​សេចក្តី​សញ្ញា ដើម្បី​កសាង​នគរ​របស់​ទ្រង់ និង​រៀបចំ​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ទ្រង់ ។

សម្ភារ​ដើម្បី​រៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត<nb/>។

តើ​យើង​អាច​ជួយ​កុមារ​ដើម្បី​ធ្វើ និង​រក្សា​សេចក្តី​សញ្ញា​ដ៏ពិសិដ្ឋ​នេះ​ដោយ​របៀបណា ? នៅក្នុង​ឧបសម្ព័ន្ធ ក និង ខ នៃ​សៀវភៅ​សិក្សា ចូរ​មក​តាម​ខ្ញុំ យើង​រកឃើញ​ការសន្ទនា​នៅ​ខាងដើម និង​មេរៀន​ដែល​នឹង​ផ្តល់​អំណាច​ដល់​ក្រុមគ្រួសារ និង​គាំទ្រ​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ក្នុង​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ពួកគេ ដើម្បី​រៀបចំ​កុមារ​សម្រាប់​ការស្ថិត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត ។

ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ

ទីបី ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង​ព្រះគម្ពីរ​មរមន ព្រះអង្គសង្គ្រោះ​បានព្រមាន​សិស្ស​ដែល​ទើប​ហៅថ្មី​របស់​ទ្រង់​ឲ្យ​ធ្វើ​តាមទ្រង់​ឲ្យ​កាន់តែ​ដូច​កាន់តែ​ល្អ ៖ « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែបណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ។

តើ​យើង​អាច​ជួយ​កុមារ​ដែលបាន​ធ្វើបុណ្យ​ជ្រមុជទឹក និង​បាន​ទទួល​ពិធីបញ្ជាក់​ឲ្យ​បំពេញ​ទំនួល​ខុសត្រូវ​ក្នុង​សេចក្ដី​សញ្ញា​របស់​ពួកគេ ដើម្បី​ប្រមូលផ្តុំ ខ្លួន​ពួកគេ និង​អ្នក​ដទៃ​ទៀត​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? ភាព​ជា​សិស្ស​ពេញ​មួយ​ជីវិត​តម្រូវ​ឲ្យ​យើង « ចូរ​ឲ្យ…​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ » ។

នៅពេល​យើង​បន្ត​ផ្តល់​ការអញ្ជើញ​ដល់​សិស្ស​វ័យក្មេង​បំផុត​របស់​ព្រះអម្ចាស់ សូម​ទាញយក​គ្រប់​ឱកាស​ដើម្បី​ដឹកនាំ​ពួកគេ ណែនាំ​ពួកគេ ដើរ​នៅក្បែរ​ពួកគេ និង​ជួយ​ពួកគេ​ស្វែងរក​ផ្លូវ ។ សូមផ្តល់​ដំបូន្មាន​ដល់​កុមារ​តូចៗ​ដ៏មាន​តម្លៃ​ទាំងនេះ កាល​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​បង្រៀន​ ថ្លែងទីបន្ទាល់​ អធិស្ឋាន​ ឬ​ធ្វើការបម្រើ​ ដូច្នេះ​ទើប​ពួកគេ​មានទំនុកចិត្ត និង​ទទួល​នូវ​បទពិសោធន៍​ដ៏រីករាយ​ក្នុង​ការបំពេញ​ការទទួល​ខុសត្រូវ​របស់​ពួកគេ ។ ស្វែងរក​របៀប​ដ៏បំផុស​គំនិត​ដើម្បី​ជួយពួក​គេ​ឲ្យ​ដឹងថា​នេះគឺ​ជា​សាសនាចក្ររបស់​ពួកគេ ហើយ​ពួកគេ​មាន​តួនាទី​សំខាន់​ក្នុងការ​រៀបចំ​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ក្លាយ​ជាចំណុច​សំខាន់​នៅក្នុង​ជីវិត​របស់​យើង​នោះ​អ្វី​ដែល​យើង​ប្រាថ្នា​ចង់បាន និង​របៀប​ដែល​យើង​ប្រាថ្នា​ចង់​បាន​វា គឺ​មាន​ការផ្លាស់ប្តូរ​ជារៀង​រហូត ។ ការ​ប្រែចិត្តជឿ ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ! វាផ្លាស់​ប្តូរ​ធម្មជាតិ​របស់​យើង « ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជា​និច្ច​វិញ » ។ វា​ផ្លាស់ប្តូរ​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​របស់​យើង ធនធាន​របស់​យើង អ្វីដែល​យើង​អាន មើល ស្តាប់ និង​ចែកចាយ ។ វា​ថែមទាំង​ផ្លាស់ប្តូរ​របៀប​ដែល​យើង​ឆ្លើយតប​នៅក្នុង​បទសម្ភាស​សម្រាប់​អាជីព​ដែល​ល្បីល្បាញ និង​ដែល​មាន​ការសិក្សា​អប់រំ​ខ្ពស់​ផងដែរ ។

យើង​ត្រូវ​បញ្ចូល​ពន្លឺ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ នៅ​គ្រប់​ជ្រុង​ទាំងអស់​ក្នុង​ជីវិត​របស់​យើង ។ បើ​យើង​ពុំ​បាន​ថ្លែង​ទីបន្ទាល់​ដោយស្មោះ​អំពី​ភាព​ជាព្រះ​មុន​ជីវិត​លើ​ផែនដី​របស់​ទ្រង់ អំពី​បេសកកម្ម​ដ៍ទេវភាព​របស់​ទ្រង់ និង​ការមានព្រះជន្ម​រស់ឡើង​វិញ​ពីគុក​នៃ​សេចក្ដី​ស្លាប់​ នៅក្នុង​គេហដ្ឋាន​និង​នៅគ្រប់​ក្នុង​ការប្រជុំ​នៃ​សាសនាចក្រ​នេះ​នោះទេ នោះ​សារលិខិត​របស់​យើង​អំពី​សេចក្តី​ស្រឡាញ់ ការបម្រើ ភាពស្មោះត្រង់ ការបន្ទាបខ្លួន ការមាន​អំណរគុណ និង​សេចក្តី​មេត្តា​ករុណា​នឹង​ពុំមានន័យ​អ្វី​ក្រៅពី​តែ​ជា​សារលិខិត​ដែល​លើក​ទឹកចិត្ដ​ឲ្យ​រស់នៅ​ប្រកប​ដោយ​ការគិត​ពិចារណា​នោះ​ឡើយ គ្មាន​អំណាច​ពិតប្រាកដ​ទេ ។ បើគ្មាន​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​នោះ​ពុំមាន​ព្រះចេស្តា​ដើម្បី​ផ្លាស់ប្តូរ គ្មាន​គោលបំណង​ដើម្បី​ជោគជ័យ ហើយក៏​គ្មាន​ការផ្សះផ្សា​ក្នុង​ដំណើរ​ជីវិត​ដ៏​លំបាក​នេះឡើយ ។ បើ​យើង​ធ្វើ​ធម្មតាៗ​ ក្នុងភាព​ជាសិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង នោះ​វា​នឹង​ក្លាយជា​មហន្តរាយ​សម្រាប់​កូនចៅ​របស់​យើង ។

នៅពេល​យើង​ប្រាប់​កូនៗ​របស់​យើងថា​យើង​ស្រឡាញ់​ពួកគេ តើ​យើង​ក៏​ប្រាប់​ពួកគេ​ថា​ព្រះបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ស្រឡាញ់​ពួកគេ​ផងដែរ​ឬ​ទេ ? សេចក្តី​ស្រឡាញ់​របស់​យើង​អាច​លួងលោម និង​បំផុសគំនិត ប៉ុន្ដែ​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ទាំងទ្វេ អាច​ញែកចេញ​ជាបរិសុទ្ធ​ លើកតម្កើង​ និង​ព្យាបាល ។

ព្រះយេស៊ូវ​មិនមែន​ជា​ព្រះយេស៊ូវ​ប្រឌិត​ ឬ​ជា​ព្រះយេស៊ូវ​ដ៏​សាមញ្ញ​ ឬ​ជាព្រះយេស៊ូវ​ដែល​គ្មាន​រូបកាយ​ ឬ​ជាព្រះយេស៊ូវ​ធម្មតាៗ​ ឬ​ជាព្រះយេស៊ូវ​ដែល​មិនល្បីល្បាញ​នោះទេ​ ប៉ុន្ដែ​ជា​ព្រះរាជបុត្រា​តែ​មួយ​គត់​នៃ​ព្រះ​ដែល​បាន​តម្កើង​ ដ៏អស្ចារ្យ​ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ ដែល​បាន​លើកឡើង​ ដែល​ទទួល​បានការ​ថ្វាយបង្គំ​ មាន​ព្រះចេស្ដា​ ជា​ព្រះរាជបុត្រា​តែ​មួយ​គត់​នៃ​ព្រះ​ ជា អង្គ​ដែលមាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្គ្រោះ ។ ហើយ​ដូចដែល​កុមារ​តូច​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន​បាន​ថ្លែង​ទីបន្ទាល់​គួរ​ឲ្យ​ទាក់ទាញ​ដល់​ខ្ញុំ​នៅថ្ងៃ​មួយ​ថា « យើង​មាន​តម្លៃ​ក្នុងការ​ត្រូវបាន​សង្គ្រោះ ! » នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ និង​បរិសុទ្ធ​របស់​ទ្រង់ « ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស [ ដ៏អស្ចារ្យ ] »​ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕