ផែនការនៃសេចក្តីមេត្តាករុណា
ព្រះអម្ចាស់មានសេចក្តីមេត្តាករុណា ហើយផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតាសួគ៌របស់យើងគឺពិតជាផែនការនៃសេចក្តីមេត្តាករុណាប្រាកដមែន ។
ការអញ្ជើញរបស់ព្យាការី
កាលពីខែមេសាឆ្នាំមុន បន្ទាប់ពីដំណឹងដ៏រីករាយថា សាសនាចក្របានទទួលព្រះវិហារបរិសុទ្ធខឺតឡង់ភ្លាមៗ ប្រធានរ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យសិក្សាការអធិស្ឋានឧទ្ទិសឆ្លងនៃព្រះវិហារបរិសុទ្ធខឺតឡង់ ដែលត្រូវបានកត់ត្រានៅក្នុង កណ្ឌទី ១០៩ នៃគោលលទ្ធិ និងសេចក្តីសញ្ញា ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា ការអធិស្ឋានឧទិ្ទសឆ្លងនោះ « គឺជាការបង្រៀនអំពីរបៀបដែលព្រះវិហារបរិសុទ្ធផ្តល់អំណាចខាងវិញ្ញាណដល់បងប្អូន និងខ្ញុំ ដើម្បីប្រឈមនឹងឧបសគ្គនៃជីវិតនាថ្ងៃចុងក្រោយនេះ » ។
ខ្ញុំប្រាកដថា ការសិក្សារបស់បងប្អូននៅកណ្ឌទី ១០៩ បានផ្តល់នូវការយល់ដឹងដែលបានផ្ដល់ពរដល់បងប្អូន ។ នៅល្ងាចនេះ ខ្ញុំសូមចែកចាយនូវរឿងពីរបីដែលខ្ញុំបានរៀននៅពេលខ្ញុំធ្វើតាមការអញ្ជើញរបស់ព្យាការីរបស់យើង ។ មាគ៌ាដែលផ្ដល់នូវសេចក្តីសុខសាន្ត ដែលខ្ញុំសិក្សាបានរំឭកខ្ញុំថា ព្រះអម្ចាស់មានសេចក្តីមេត្តាករុណា ហើយថាផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតាសួគ៌របស់យើងគឺពិតជាផែនការនៃសេចក្តីមេត្តាករុណាប្រាកដមែន ។
ពួកអ្នកផ្សព្វផ្សាយសាសនាដែលទើបបានហៅថ្មីកំពុងបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ
ដូចដែលបងប្អូនអាចជ្រាបមកហើយថា « ពួកអ្នកផ្សព្វផ្សាយសាសនាដែលទើបហៅថ្មី គឺត្រូវបានលើកទឹកចិត្តឲ្យទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយចូលរួមក្នុងព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមកាលៈទេសៈហុចឲ្យ » ។ នៅពេលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ពួកគេក៏ « អាចបម្រើជាអ្នកធ្វើការ … ក្នុងព្រះវិហារបរិសុទ្ធបាន ពីមុនពួកគេចាប់ផ្ដើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » ។
ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធពីមុនចូលទៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ( អឹម.ធី.ស៊ី. ) អាចជាពរជ័យមួយដ៏អស្ចារ្យសម្រាប់អ្នកផ្សព្វផ្សាយសាសនាថ្មី នៅពេលពួកគេស្វែងយល់បន្ថែមអំពីសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ ពីមុនចែកចាយពរជ័យនៃសេចក្ដីសញ្ញាទាំងនោះជាមួយពិភពលោក ។
ប៉ុន្តែនៅក្នុងការសិក្សាកណ្ឌទី ១០៩ ខ្ញុំបានរៀនថា នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះប្រទានអំណាចដល់ពួកអ្នកផ្សព្វផ្សាយសាសនាថ្មី—មិនតែប៉ុណ្ណោះ គឺយើងទាំងអស់គ្នា—តាមរបៀបដ៏ពិសិដ្ឋបន្ថែមទៀត ។ នៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងដែលផ្តល់ឲ្យដោយវិវរណៈ ព្យាការីយ៉ូសែប ស្ម៊ីធបានអធិស្ឋានថា « នៅពេលពួកអ្នកបម្រើរបស់ទ្រង់នឹងចេញពីដំណាក់ទ្រង់ … ដើម្បីទៅថ្លែងទីបន្ទាល់ពីព្រះនាមរបស់ទ្រង់ » នោះ « ដួងចិត្ត » នៃ « មនុស្សទាំងអស់ »—ទាំង « ពួកអ្នកធំនៅលើផែនដី » និង « អស់ទាំងមនុស្សក្រីក្រ មនុស្សកម្សត់ទុគ៌ត និង[ មនុស្ស ]មានទុក្ខលំបាក »នឹង« បានបន្ទន់ » ។ លោកបានអធិស្ឋានថា « សូមឲ្យការប្រកាន់របស់ពួកគេអាចបានរសាត់បាត់ទៅនៅចំពោះសេចក្ដីពិត ហើយសូមឲ្យរាស្ត្ររបស់ទ្រង់អាចបានទទួលការគាប់ចិត្តចំពោះភ្នែកនៃមនុស្សទាំងអស់ សូមឲ្យអស់ទាំងចុងបំផុតផែនដីអាចបានដឹងថាទូលបង្គំទាំងអស់គ្នា ជាពួកអ្នកបម្រើរបស់ទ្រង់ បានឮសំឡេងរបស់ទ្រង់ ហើយថាទ្រង់បានចាត់ឲ្យទូលបង្គំទាំងអស់គ្នាទៅ » ។
នេះគឺជាការសន្យាដ៏ស្រស់ស្អាតសម្រាប់អ្នកផ្សព្វផ្យាយសាសនាដែលទើបហៅថ្មី—ឲ្យការប្រកាន់របស់ពួកគេ « បានរសាត់បាត់ទៅនៅចំពោះសេចក្ដីពិត » ដើម្បី « បានទទួលការគាប់ចិត្តចំពោះភ្នែកនៃមនុស្សទាំងអស់ » ហើយឲ្យពិភពលោកដឹងថា ពួកគេត្រូវបានបញ្ជូនមកដោយព្រះអម្ចាស់ ។ យើងម្នាក់ៗប្រាកដជាត្រូវការពរជ័យដូចគ្នានេះ ។ ឱ វាជាពរជ័យយ៉ាងណាទៅដើម្បីមានដួងចិត្តដែលទន់ភ្លន់ នៅពេលយើងប្រាស្រ័យទាក់ទងនឹងអ្នកជិតខាង និងមិត្តរួមការងាររបស់យើងនោះ ។ ការអធិស្ឋានឧទិ្ទសឆ្លងមិនពន្យល់យ៉ាងច្បាស់ពីរបៀបដែលពេលវេលារបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធនឹងបន្ទន់ដួងចិត្តរបស់អ្នកដទៃនោះទេ ប៉ុន្តែខ្ញុំជឿថាវាចងភ្ជាប់នឹងរបៀបដែលពេលវេលានៅក្នុងដំណាក់របស់ព្រះអម្ចាស់បន្ទន់ដួងចិត្តរបស់យើង ដោយធ្វើឲ្យយើងផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ។
ព្រះអម្ចាស់ឆ្លើយតបការអំពាវនាវរបស់ យ៉ូសែប ស្ម៊ីធ សម្រាប់សេចក្តីមេត្តាករុណា
ពេលដែលខ្ញុំសិក្សាការអធិស្ឋានឧទិ្ទសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ខ្ញុំបានស្ញប់ស្ញែងដែលយ៉ូសែបបានទូលសូមសេចក្តីមេត្តាករុណាម្តងហើយម្តងទៀត—សម្រាប់សមាជិកនៃសាសនាចក្រ សម្រាប់ពួកមារសត្រូវនៃសាសនាចក្រ សម្រាប់ថ្នាក់ដឹកនាំប្រទេស សម្រាប់ប្រជាជននៅលើផែនដី ។ ហើយលោកបានទូលសូមដោយផ្ទាល់ឲ្យព្រះអម្ចាស់ចងចាំលោក និងមានសេចក្តីមេត្តាករុណានៅលើ អិមម៉ាជាទីស្រឡាញ់ និងកូនៗរបស់ពួកលោក ។
តើយ៉ូសែបមានអារម្មណ៍យ៉ាងណានៅពេលមួយសប្តាហ៍ក្រោយមក នៅថ្ងៃបុណ្យអ៊ីស្ទើរ នាថ្ងៃទី៣ ខែមេសា ឆ្នាំ១៨៣៦ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយចំពោះលោក និងអូលីវើរ ខៅឌើរី ហើយដូចដែលបានកត់ត្រានៅក្នុងកណ្ឌទី ១១០ នៃគោលលទ្ធិ និងសេចក្តីសញ្ញា បានចែងថា « យើងបានទទួលដំណាក់នេះហើយ ហើយព្រះនាមរបស់យើងនឹងស្ថិតនៅទីនេះ ហើយយើងនឹងសម្ដែងកាយយើងដល់រាស្ត្ររបស់យើងនៅក្នុងដំណាក់នេះដោយសេចក្ដីមេត្តាករុណា » ។ ការសន្យានៃសេចក្តីមេត្តាករុណានេះច្បាស់ជាមានអត្ថន័យដ៏ពិសេសចំពោះយ៉ូសែប ។ ហើយដូចដែលប្រធាន ណិលសុន បានបង្រៀនកាលពីខែមេសាកន្លងទៅថា ការសន្យានេះក៏ « អនុវត្តចំពោះគ្រប់ព្រះវិហារបរិសុទ្ធដែលបានឧទ្ទិសឆ្លងសព្វថ្ងៃនេះ »ដែរ ។
ការស្វែងរកសេចក្តីមេត្តាករុណានៅក្នុងដំណាក់នៃព្រះអម្ចាស់
មានរបៀបជាច្រើនដែលយើងម្នាក់ៗអាចរកឃើញសេចក្តីមេត្តាករុណានៅក្នុងដំណាក់នៃព្រះអម្ចាស់ ។ ការណ៍នេះបានក្លាយជាការពិត ចាប់តាំងពីព្រះអម្ចាស់បានបង្គាប់ជាលើកដំបូងឲ្យអ៊ីស្រាអែលសាងសង់រោងឧបោសថ ហើយត្រូវដាក់ « ទីសន្តោសប្រោស » ឲ្យនៅចំណុចកណ្ដាលនៃរោងឧបោសថ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងរកឃើញសេចក្តីមេត្តាករុណានៅក្នុងសេចក្តីសញ្ញាដែលយើងធ្វើ ។ សេចក្តីសញ្ញាទាំងនោះ គឺជាការបន្ថែមទៅលើសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ដែលចងភ្ជាប់យើងទៅនឹងព្រះវរបិតា និងព្រះរាជបុត្រា និងផ្ដល់សិទ្ធិឲ្យយើងបន្ថែមទៀតចូលប្រើនូវអ្វីដែលប្រធាន ណិលសុន បានបង្រៀនគឺ « សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ពិសេស … ហៅថា ហេសិដជាភាសាហេព្រើរ ។
យើងរកឃើញសេចក្តីមេត្តាករុណានៅក្នុងឱកាសដើម្បីផ្សារភ្ជាប់ទៅនឹងក្រុមគ្រួសាររបស់យើងសម្រាប់ភាពអស់កល្បជានិច្ច ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងក៏កាន់តែយល់ច្បាស់ថា ការបង្កបង្កើត ការធ្លាក់ ការពលិកម្មធួនរបស់ព្រះអង្គសង្រ្គោះ និងសមត្ថភាពរបស់យើងដើម្បីចូលទៅទីវត្តមានរបស់ព្រះវរបិតាសួគ៌ជាថ្មីម្តងទៀត—គ្រប់ផ្នែកនៃផែនការនៃសេចក្តីសង្រ្គោះគឺពិតជា—ការបើកសម្តែងនៃសេចក្តីមេត្តាករុណា ។ វាក៏អាចនិយាយបានថា ផែនការនៃការសង្គ្រោះគឺជាផែនការនៃសុភមង្គលយ៉ាងច្បាស់លាស់ ដោយសារតែវាជា « ផែនការនៃសេចក្តីមេត្តាករុណា » ។
ការស្វែងរកការអភ័យទោសយាងអញ្ជើញឲ្យមានព្រះវិញ្ញាណបរិសុទ្ធ
ខ្ញុំមានអំណរគុណចំពោះការសន្យាដ៏ស្រស់ស្អាតនៅក្នុង កណ្ឌទី ១១០ ថា ព្រះអម្ចាស់នឹងបើកសម្ដែងអង្គទ្រង់នៅក្នុងសេចក្តីមេត្តាករុណាក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ ខ្ញុំក៏មានអំណរគុណចំពោះអ្វីដែលវាបើកបង្ហាញអំពីរបៀបដែលព្រះអម្ចាស់នឹងបើកសម្តែងអង្គទ្រង់នៅក្នុងសេចក្តីមេត្តាករុណា នៅពេលណាដែលយើងទូលអង្វរសូមសេចក្តីមេត្តាករុណាដូចជាយ៉ូសែបដែរ ។
ការទូលអង្វររបស់យ៉ូសែប ស្ម៊ីធ សូមសេចក្តីមេត្តាករុណានៅក្នុងកណ្ឌទី ១០៩ មិនមែនជាលើកដំបូងរបស់លោកក្នុងការទូលសូមសេចក្តីមេត្តាករុណាដែលបានបំផុសគំនិតឲ្យមានវិវរណៈនោះទេ ។ នៅក្នុងព្រៃពិសិដ្ឋ យុវជនយ៉ូសែបបានអធិស្ឋានមិនត្រឹមតែចង់ដឹងថា សាសនាចក្រមួយណាពិតប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានមានប្រសាសន៍ថា លោកបាន« អំពាវនាវទៅកាន់ព្រះអម្ចាស់សូមសេចក្តីមេត្តាករុណា ដ្បិតគ្មាននរណាផ្សេងទៀតដែលខ្ញុំអាចទៅរក[ ដើម្បី ]ទទួលបានសេចក្តីមេត្តាករុណាបានទេ » ។ យ៉ាងណាមិញ ការទទួលស្គាល់របស់លោកថា លោកត្រូវការសេចក្តីមេត្តាករុណាដែលមានតែព្រះអម្ចាស់មួយអង្គគត់ដែលប្រទានឲ្យបាននោះ ដើម្បីបានបើកទ្វារនៃស្ថានសួគ៌ ។ បីឆ្នាំក្រោយមក ទេវតាមរ៉ូណៃបានបង្ហាញកាយ បន្ទាប់ពីអ្វីដែល យ៉ូសែប បាននិយាយថាជា ការ« អធិស្ឋាន ហើយទូលអង្វរដល់ព្រះដ៏មានមហិទ្ធិឫទ្ធិ សូមក្ដីអភ័យទោសចំពោះអស់ទាំងអំពើបាប និងអំពើឆ្កួតលីលា » របស់គាត់ ។
គំរូនៃវិវរណៈនេះបន្ទាប់ពីការទូលអង្វរសូមសេចក្ដីមេត្តាករុណា គឺជាគំរូមួយដែលបានដឹងបានឮនៅក្នុងព្រះគម្ពីរ ។ អេណុសបានឮព្រះសូរសៀងនៃព្រះអម្ចាស់តែក្រោយពីការទូលសូមការអភ័យទោសប៉ុណ្ណោះ ។ ការប្រែចិត្តជឿរបស់ឪពុករបស់ស្តេចឡាម៉ូណៃ ចាប់ផ្ដើមដោយការអធិស្ឋានរបស់ទ្រង់ ៖ « ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំដើម្បីឲ្យបានស្គាល់ទ្រង់ » ។ យើងអាចនឹងមិនទទួលបានពរនូវបទពិសោធន៍ដ៏អស្ចារ្យដូចគ្នានេះទេ ប៉ុន្តែពេលខ្លះសម្រាប់អស់អ្នកដែលកំពុងតែពុះពារដើម្បីទទួលបានចម្លើយចំពោះការអធិស្ឋាន នោះការស្វែងរកសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ គឺជារបៀបដ៏មានអានុភាពមួយ ដើម្បីទទួលអារម្មណ៍នៃសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ ។
ការពិចារណាអំពីសេចក្តីមេត្តាករុណារបស់ព្រះនាំឲ្យមានទីបន្ទាល់អំពីព្រះគម្ពីរមរមន
គោលការណ៍ដ៏ស្រស់ស្អាតស្រដៀងគ្នានេះ ត្រូវបានបង្រៀននៅក្នុង មរ៉ូណៃ ១០:៣–៥ ។ ជាញឹកញាប់យើងបានសង្ខេបខគម្ពីរទាំងនេះដើម្បីបង្រៀនការណ៍នោះ តាមរយៈការអធិស្ឋានដ៏ស្មោះសរ នោះយើងអាចដឹងថាតើព្រះគម្ពីរមរមនពិតឬអត់ ។ ប៉ុន្តែការសង្ខេបនេះអាចធ្វើឲ្យបាត់នូវសារៈសំខាន់នៃសេចក្តីមេត្តាករុណា ។ សូមស្ដាប់ពីរបៀបដែលមរ៉ូណៃបានចាប់ផ្ដើមការដាស់តឿនរបស់លោក ៖ « ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាថា កាលណាអ្នករាល់គ្នាបានអានការណ៍ទាំងនេះ … នោះសូមឲ្យអ្នករាល់គ្នានឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្តីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស ចាប់តាំងពីកំណើតលោកអ័ដាមមករហូតមកដល់ពេលដែលអ្នករាល់គ្នាបានទទួលការណ៍ទាំងនេះ ហើយសូមរំពឹងគិតនៅក្នុងចិត្តអ្នកចុះ » ។
មរ៉ូណៃបានលើកទឹកចិត្តយើងមិនត្រឹមតែឲ្យអានរឿងទាំងនេះ—គឺកំណត់ត្រាដែលលោកហៀបនឹងបិទត្រានេះទេ—ប៉ុន្តែក៏ត្រូវ ពិចារណា នៅក្នុងដួងចិត្តយើងនូវអ្វីដែលព្រះគម្ពីរមរមនបានបើកសម្តែងអំពីថា « តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស » ។ វាគឺជាការរំពឹងគិតទៅលើសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ដែលបានរៀបចំសម្រាប់យើងដើម្បី « ឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត » ។
នៅពេលយើងពិចារណាអំពីព្រះគម្ពីរមរមន នោះយើងអាចសួរថា ៖ តើវាជាការពិតដូចដែលអាលម៉ាបានបង្រៀនមែនឬ ថា ផែនការនៃសេចក្តីមេត្តាករុណារបស់ព្រះធានាថា មនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីនេះនឹងត្រូវបានរស់ឡើងវិញ ថា សូម្បីតែសក់មួយសរសៃនៅលើក្បាលរបស់ពួកគេក៏ពុំបាត់ផង ហើយថាពួកគេនឹងបានសាងទៅជា … ល្អឥតខ្ចោះឡើងវិញ ? តើអាមូលេកនិយាយត្រូវទេ—តើសេចក្ដីមេត្ដាករុណារបស់ព្រះអង្គសង្គ្រោះអាចធ្វើឲ្យស្កប់ស្កល់ដល់គ្រប់ ការទាមទារនៃសេចក្ដីយុត្ដិធម៌ ដែលយើងនឹងត្រូវបង់ថ្លៃ ហើយជំនួសមកវិញ« [ ឱបក្រសោបយើង ] នៅក្នុងដៃសេចក្ដីសុខ »នោះ ?
តើវាជាការពិតមែនដូចដែលអាលម៉ាបានថ្លែងទីបន្ទាល់ឬ ថាព្រះគ្រីស្ទបានរងទុក្ខមិនត្រឹមតែសម្រាប់អំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែក៏សម្រាប់ « ការឈឺចាប់ និងទុក្ខវេទនា »របស់យើង ដើម្បីទ្រង់អាច « ដឹង … តើត្រូវជួយរាស្ដ្រទ្រង់បែបណាតាមជំងឺរបស់គេ ? » តើព្រះអង្គម្ចាស់ពិតជាមានសេចក្ដីមេត្ដាករុណាដូចដែលស្ដេចបេនយ៉ាមីនបានបង្រៀនមែនឬ ថាទុកជាអំណោយទានឥតគិតថ្លៃ ទ្រង់បានធួន « នឹងបាបនៃអស់អ្នកណា … ដែលបានស្លាប់ទៅដោយមិនដឹងអំពីព្រះហឫទ័យនៃព្រះចំពោះពួកគេ ឬក៏អស់អ្នកណាដែលមានបាប ដោយសារភាពល្ងង់ខ្លៅ ? »
តើពិតដូចជាលីហៃបាននិយាយឬ ថា « លោកអ័ដាមបានធ្លាក់ខ្លួនដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ ? » ហើយតើពិតដូចជាអ័ប៊ីណាដៃបានថ្លែងបន្ទាល់ដោយដកស្រង់សម្ដីរបស់អេសាយឬ ថាព្រះគ្រីស្ទ « ត្រូវរងរបួស ដោយព្រោះអំពើរំលងទាំងឡាយរបស់យើង ទ្រង់ត្រូវវាយដំដោយព្រោះអំពើទុច្ចរិតទាំងឡាយរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់ ? »
សរុបមក តើផែនការរបស់ព្រះវរបិតា ដូចដែលបានបង្រៀននៅក្នុងព្រះគម្ពីរមរមន ពិតជាមាននូវសេចក្ដីមេត្ដាករុណាមែនឬ ? ខ្ញុំសូមថ្លែងថា វាគឺជាការពិត ហើយថាការបង្រៀនដែលផ្ដល់ឲ្យនូវសេចក្តីសុខសាន្ត និងដែលពេញដោយក្តីសង្ឃឹមនៃសេចក្តីមេត្តាករុណានៅក្នុងព្រះគម្ពីរមរមនគឺជាការពិត ។
បើទោះជាអ្នកអាន និងអធិស្ឋានដោយស្មោះត្រង់ក៏ដោយ ខ្ញុំស្រមៃថា មានមនុស្សមួយចំនួនអាចនៅតែមានការពិបាក ដើម្បីដឹងថា ការសន្យារបស់មរ៉ូណៃថា ព្រះវរបិតាសួគ៌ « នឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » មែនឬយ៉ាងណា ។ ខ្ញុំយល់ពីការពិបាកនេះ ដោយសារខ្ញុំធ្លាប់ជួបប្រទះមកហើយ ។ ជាច្រើនឆ្នាំកន្លងទៅ នៅពេលខ្ញុំអានព្រះគម្ពីរមរមនពីរបីដងដំបូង ខ្ញុំមិនទទួលបានចម្លើយភ្លាមៗ និងច្បាស់លាស់ចំពោះការអធិស្ឋានរបស់ខ្ញុំឡើយ ។
ប្រសិនបើបងប្អូនកំពុងពិបាកធ្វើដូចនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើតាមការទូន្មានរបស់មរ៉ូណៃ ឲ្យពិចារណាពីរបៀប ជាច្រើនដែលព្រះគម្ពីរមរមនបង្រៀន « តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្ដាករុណាយ៉ាងណា[ ដល់ ]កូនចៅមនុស្ស ? » ស្របតាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំសង្ឃឹមថា នៅពេលបងប្អូនធ្វើតាមដំបូន្មាននេះ នោះសេចក្តីសុខសាន្តនៃព្រះវិញ្ញាណបិរសុទ្ធអាចគង់នៅក្នុងដួងចិត្តរបស់បងប្អូន ហើយបងប្អូនអាចដឹង ជឿ និងទទួលអារម្មណ៍ ថា ព្រះគម្ពីរមរមន និងផែនការនៃសេចក្តីមេត្តាករុណា ដែលវាបង្រៀនគឺជាការពិត ។
ខ្ញុំសូមបង្ហាញនូវអំណរគុណរបស់ខ្ញុំសម្រាប់ផែនការដ៏មហិមានៃសេចក្តីមេត្តាករុណារបស់ព្រះវរបិតា និងការស្ម័គ្រព្រះទ័យរបស់ព្រះអង្គសង្រ្គោះដើម្បីអនុវត្តតាមផែនការនេះ ។ ខ្ញុំដឹងថា ទ្រង់នឹងសម្តែងកាយទ្រង់នៅក្នុងសេចក្តីមេត្តាករុណា នៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ទ្រង់ នឹងក្នុងគ្រប់ផ្នែកនៃជីវិតរបស់យើង ប្រសិនបើយើងនឹងស្វែងរកទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។