សន្និសីទទូទៅ
គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


14:49

គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ

ការមាន​គារវភាព​ចំពោះ​ភាពពិសិដ្ឋ​ជំរុញ​ឲ្យ​មាន​ការដឹងគុណ​ដោយ​ស្មោះ ពង្រីក​សុភមង្គល​ពិតប្រាកដ ដឹកនាំ​គំនិត​របស់យើង​ទៅរក​វិវរណៈ ហើយ​នាំមកនូវ​អំណរ​ដ៏ធំ​ដល់​ជីវិត​របស់​យើង ។

នៅក្នុង​គម្ពីរ​និក្ខមនំ យើង​ធ្វើ​ដំណើរ​ជា​មួយ​ម៉ូសេ​ទៅកាន់​ជម្រាល​ភ្នំ​ហូរែប នៅពេល​លោក​ងាក​ចេញពី​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​លោក—ជា​អ្វីមួយ​ដែល​យើង​ទាំងអស់​គ្នា​គួរតែ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ—ដើម្បី​មើលឃើញ​គុម្ព​បន្លា​ដែល​ឆេះ​តែ​ឥត​បាន​សុស​ឡើយ ។ នៅពេល​លោក​ទៅ​ជិត​ដល់ « ទ្រង់​ក៏​មាន​ព្រះបន្ទូល​ហៅ​ពី​ក្នុង​គុម្ព​បន្លា​ថា ម៉ូសេៗ​អើយ ។ រួច​លោក​ទូល​ឆ្លើយ​ថា ព្រះ​ករុណា​ថ្លៃ​វិសេស​ព្រះអម្ចាស់ ។ [ ព្រះ ] ក៏​បង្គាប់​ថា … ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ » ។ ដោយ​គារវភាព ភាពរាបទាប និង​ភាព​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង ម៉ូសេ​បាន​ដោះស្បែកជើង​លោក​ចេញ ហើយ​បានរៀបចំ​ខ្លួន​លោក​ដើម្បី​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ និង​ដើម្បី​ដកពិសោធន៍​ទីវត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

បទពិសោធន៍​ដ៏​ពិសិដ្ឋ​នៃ​ការបង្ហាញ​កាយ​របស់​ព្រះអម្ចាស់​ចំពោះ​ម៉ូសេ គឺជា​បទពិសោធន៍​ដែល​ពោរពេញ​ទៅដោយ​គារវភាព​ដ៏​បំផុសគំនិត​ដ៏​គួរ​ស្ញប់ស្ញែង ដែល​បានភ្ជាប់​ម៉ូសេ​ទៅនឹង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​លោក ហើយ​ជាការពិត​គឺជា​ចំណុច​សំខាន់​នៃ​ការផ្លាស់ប្តូរ​ពី​អ្នកគង្វាល​ដ៏​រាបទាប ទៅជា​ព្យាការី​ដ៏​មាន​អានុភាព ដែល​ដឹកនាំ​លោក​ឲ្យ​ដើរ​នៅលើ​មាគ៌ា​ថ្មី​ក្នុង​ជីវិត ។ ស្រដៀងគ្នា​នេះ​ដែរ យើង​ម្នាក់ៗ​អាច​ផ្លាស់ប្តូរ​ភាពជា​សិស្ស​របស់​យើង​ទៅជា​លំនាំ​នៃ​ជីវភាព​ខាងវិញ្ញាណ​កាន់តែ​ខ្ពស់​ជាង ដោយ​ការ​ធ្វើ​ឲ្យ​គុណធម៌​នៃ​គារវភាព​គឺជា​ផ្នែក​ដ៏​ពិសិដ្ឋ​នៃ​គុណលក្ខណៈ​ខាងវិញ្ញាណ​របស់​យើង ។

ពាក្យ គារវភាព អាច​ទាក់ទង​ទៅនឹង​កិរិយាសព្ទ​ឡាតាំង រ៉េវើរៀ ដែល​មាន​ន័យ​ថា « ឈរ​ស្ងើច​សរសើរ​ដល់ » ។ ទាក់ទង​នឹង​ដំណឹងល្អ និយមន័យ​នេះ​ទាក់ទង​នឹង​អារម្មណ៍ ឬ​អាកប្បកិរិយា​នៃ​ការគោរព ស្រឡាញ់ និង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ។ ការបង្ហាញ​បែប​នេះ​ចំពោះ​កិច្ចការ​ពិសិដ្ឋ​ដោយ​អ្នក​ដែល​មាន​ចិត្ត​សង្រេង និង​ការលះបង់​យ៉ាងខ្លាំង​ចំពោះ​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ជំរុញ​ឲ្យ​មាន​អំណរ​នៅក្នុង​ព្រលឹង​របស់​ពួកគេ ។

គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ​គឺជា​ការបង្ហាញ​ដ៏​មហិមា​បំផុត​នៃ​គុណសម្បត្តិ​ខាងវិញ្ញាណ​ដ៏​សំខាន់ វា​ជា​លទ្ធផល​នៃ​ទំនាក់ទំនង​របស់​យើង​ទៅនឹង​ភាពបរិសុទ្ធ និង​ការឆ្លុះបញ្ចាំង​ពី​សេចក្តីស្រឡាញ់​របស់​យើង ហើយ​ថា​ខាង​វិញ្ញាណ​យើង​នៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុនណា ។ វា​ក៏​ជា​បទពិសោធន៍​មួយ​ដ៏​ខ្ពស់​បំផុត​នៃ​ព្រលឹង​ផងដែរ ។ គុណធម៌​បែប​នេះ​ដឹកនាំ​គំនិត ដួងចិត្ត និង​ជីវិត​របស់​យើង​ឆ្ពោះ​ទៅ​រក​ព្រះ ។ ជាការពិត គារវភាព​គឺ​មិនមែន​គ្រាន់តែ​ជា​ទិដ្ឋភាព​នៃ​ជីវភាព​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ វា​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវភាព​ខាងវិញ្ញាណ—ជា​គ្រឹះ​ដែល​ជីវភាព​ខាងវិញ្ញាណ​បានស្ថាបនា​ឡើង ដែល​បង្កើត​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ទៅ​នឹង​ទេវភាព ដូច​ដែល​បានបង្រៀន​ដោយ​កុមារ​របស់​យើង​នៅពេល​ដែល​ពួកគេ​ច្រៀង​ថា « ពេលណា​ខ្ញុំ​មាន​គារវភាព ខ្ញុំ​ដឹង​ក្នុង​ចិត្ត​ថា ព្រះវរបិតាសួគ៌ និង​ព្រះេយើង​គង់នៅ​ជិត​បង្កើយ » ។

ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​បណ្ដុះ​អំណោយទាន​នៃ​គារវភាព​នៅក្នុង​ជីវិត​របស់​យើង ដើម្បី​បើក​ខ្លួន​យើង​ទៅកាន់​ទំនាក់ទំនង​ដ៏​កាន់តែ​ជ្រាលជ្រៅ​ជាមួយ​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ក្នុងពេល​ជាមួយ​គ្នា​នោះ ក៏​ពង្រឹង​បុគ្គលិកលក្ខណៈ​ខាងវិញ្ញាណ​របស់​យើង​ផងដែរ ។ ប្រសិនបើ​យើង​មាន​អារម្មណ៍​បែប​នេះ​កាន់តែ​ច្រើន​នៅក្នុង​ដួងចិត្ត​យើង នោះ​នឹង​មាន​អំណរ និង​សេចក្តីរីករាយ​កាន់តែ​ច្រើន​នៅក្នុង​ជីវិត​យើង ហើយ​នឹង​មាន​កន្លែង​តិចតួច​សម្រាប់​ទុក្ខព្រួយ និង​ភាពសោកសៅ ។ យើង​ត្រូវតែ​ចងចាំ​ថា ការបង្ហាញ​គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ ផ្តល់​អត្ថន័យ​ចំពោះ​អ្វី​ជាច្រើន​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ និង​ពង្រឹង​អារម្មណ៍​នៃ​អំណរគុណ​របស់​យើង—បំផុស​ការស្ញប់ស្ញែង ការគោរព និង​សេចក្តី​ស្រឡាញ់​ចំពោះ​អ្វី​ដែល​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ។

គួរ​ឲ្យ​ស្ដាយ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ការបង្ហាញ​គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ កំពុងតែ​ក្លាយ​ជា​រឿង​កាន់តែ​មិន​ពេញនិយម​ខ្លាំង​ឡើងៗ ។ ជាការពិត​ណាស់ ពិភពលោក​អបអរ​ដល់​ភាព​គ្មាន​គារវភាព ដូចជា​ការមើល​ទស្សនាវដ្តី កម្មវិធី​ទូរទស្សន៍ ឬ​ការបង្ហាញ​តាម​អ៊ីនធឺណិត​ណា​មួយ ។ ការ​គ្មាន​ការគោរព​ចំពោះ​ភាពពិសិដ្ឋ បង្កើត​ឲ្យ​មាន​ការកើនឡើង​នូវ​អាកប្បកិរិយា​មិន​ខ្វាយខ្វល់ និង​ទង្វើ​មិន​យក​ចិត្ត​ទុកដាក់ ដែល​អាច​នាំ​ឲ្យ​មនុស្ស​មួយ​ជំនាន់​ចូលទៅ​ក្នុង​ភាពព្រងើយ​កន្តើយ​យ៉ាងឆាប់​រហ័ស និង​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ធ្លាក់​ក្នុង​ភាពវេទនា ។

ការគ្មាន​គារវភាព​ក៏​អាច​នាំ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ចំណង​ដែល​ការចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​បានផ្ដល់​ឲ្យ និង​បាត់បង់​វិញ្ញាណ​នៃ​ការទទួលខុសត្រូវ​របស់យើង​ចំពោះ​ព្រះ​ផងដែរ ។ ជាលទ្ធផល យើង​មាន​ហានិភ័យ​នៃ​ការខ្វល់​តែ​ភាពសុខស្រួល​របស់​យើង​ផ្ទាល់ បំពេញ​ចំណង់​ខាងលោកិយ​ដែល​មិន​អាច​គ្រប់គ្រង​បាន​របស់​យើង និង​នៅទីបំផុត​ក៏​បាន​បង្កើត​ទម្លាប់​នៃ​ការមើលងាយ​ដល់​កិច្ចការ​ពិសិដ្ឋ សូម្បីតែ​ព្រះ និង​ជាលទ្ធផល មើល​ងាយ​ដល់​និស្ស័យ​ដ៏​ទេវភាព​របស់​យើង​ក្នុងនាម​ជា​បុត្រាបុត្រី​នៃ​ព្រះវរបិតាសួគ៌ ។ ការ​គ្មាន​គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ គឺ​ជា​ជំនួយ​ដល់​គោលបំណង​របស់​មារសត្រូវ ដោយ​ការបង្អាក់​នូវ​របៀប​ដែល​យើង​ទទួល​វិវរណៈ ដែល​សំខាន់​ចំពោះ​ការរស់រាន​ខាងវិញ្ញាណ​នៅក្នុង​សម័យ​របស់​យើង ។

អត្ថន័យ និង​សារៈសំខាន់​នៃ​គារវភាព​សម្រាប់​អ្វី​ដែល​ពិសិដ្ឋ​គឺ​បាន​រៀបរាប់​យ៉ាងច្បាស់​នៅ​ពាសពេញ​ព្រះគម្ពីរ ។ ឧទាហរណ៍​មួយ​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ហាក់​ដូចជា​បង្ហាញ​ថា គារវភាព​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​គុណធម៌​ដ៏​សំខាន់​សម្រាប់​អស់​អ្នក​ដែល​ទទួល​បាន​នគរ​សេឡេស្ទាល ។

ក្នុងនាម​ជា​សាសនាចក្រ យើង​ព្យាយាម​តម្កើង​ព្រះវរបិតា និង​ព្រះរាជបុត្រា​នៅ​ទី​ដ៏​ពិសិដ្ឋ​បំផុត និង​គោរព​នៅ​គ្រប់​ទិដ្ឋភាព ដោយ​រួមទាំង​របៀប​ដែល​យើង​ពិពណ៌នា​ពី​រូបភាព​របស់​ទ្រង់​ទាំងទ្វេ​ផងដែរ ។ ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាសធាតុ​ដ៏​សំខាន់​នៅក្នុង​ការកំណត់​ពី​របៀប​ដែល​រូបភាព​ទាំងនេះ​គួរ​ឆ្លុះបញ្ចាំង​ពី​និស្ស័យ​ដ៏​ពិសិដ្ឋ បុគ្គលិកលក្ខណៈ គុណលក្ខណៈ​ដូចជា​ព្រះ នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ យើង​មាន​ការប្រុងប្រយ័ត្ន​ជា​ខ្លាំង​ក្នុងការ​ចៀសវាង​ការបង្ហាញ​ចំណុច​ដែល​អាច​រំខាន​ការផ្តោត​អារម្មណ៍​ជា​ចម្បង​របស់​យើង​លើ​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់​ទាំងទ្វេ ដោយ​រួមទាំង​របៀប​ដែល​យើង​អនុវត្ត​ឧបករណ៍​ទំនើប​ដែល​ផ្នែក​បច្ចេកវិទ្យា​ផ្ដល់​ឲ្យ ដូចជា​ការប្រើប្រាស់​បញ្ញាសិប្បនិម្មិត ( AI ) ដើម្បី​បង្កើត​មាតិកា និង​រូបភាព​ផ្សេងៗ ។

គោលការណ៍​ដូច​គ្នា​នេះ​ត្រូវ​បាន​អនុវត្ត​ចំពោះ​ប្រភព​ព័ត៌មាន​ណាមួយ​ដែល​មាន​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​របស់​សាសនាចក្រ ។ រាល់​មេរៀន សៀវភៅ សៀវភៅ​សិក្សា និង​សារលិខិត​គឺ​ត្រូវ​បានបង្កើតឡើង​យ៉ាង​យកចិត្ត​ទុកដាក់ និង​អនុម័ត​ក្រោម​ការដឹកនាំ​របស់​ព្រះវិញ្ញាណ ដើម្បី​ធានា​ឲ្យ​បាន​ថា យើង​រក្សា​គុណធម៌ តម្លៃ និង​បទដ្ឋាន​ដ៏​ពិសិដ្ឋ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​សារលិខិត​ថ្មីៗ​នេះ​សម្រាប់​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន​ថា « ដើម្បី​ស្វែងរក​ចំណុច​ប្រសព្វ​ដ៏​ស្មុគស្មាញ​រវាង​ខាង​វិញ្ញាណ និង​បច្ចេកវិទ្យា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គួរ​តែ​បន្ទាបខ្លួន និង​អធិស្ឋាន ( ១ ) កំណត់​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​អាច​ណែនាំ​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​របស់​ពួកគេ និង ( ២ ) ខិតខំ​ដោយ​ស្មោះ ដើម្បី​មាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​អំណោយទាន​ខាង​វិញ្ញាណ​នៃ​វិវរណៈ ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ទោះជា​បច្ចេកវិទ្យា​កាន់តែ​​ទំនើប​ក៏ដោយ​ក្ដី ក៏​វា​មិន​អាច​បង្កើត​នូវ​ភាពអស្ចារ្យ ភាពស្ញប់ស្ញែង និង​ការភ្ញាក់ផ្អើល​ដែល​មាន​នៅក្នុង​ប្រភេទ​នៃ​គារវភាព​ដែល​កើត​ចេញពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ដែរ ។ ក្នុងនាម​ជា​អ្នក​ដើរតាម​របស់​ព្រះគ្រីស្ទ យើង​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ចុះ​ខ្សោយ ដោយ​ការប្រើ AI បង្កើត​មាតិកា និង​រូបភាព​ដោយ​មិន​សមរម្យ​ឡើយ ។ យើង​គួរតែ​ចងចាំ​ថា​ការពឹងផ្អែក​លើ​បច្ចេកវិទ្យា​ « ដៃ​នៃ​មនុស្ស » ទំនើប​មួយ គឺជា​ការជំនួស​ដែល​មិន​គ្រប់គ្រាន់ និង​គ្មាន​ការ​គោរព​សម្រាប់​ការបំផុសគំនិត ការកែលម្អ និង​សាក្សី​ដែល​អាច​ទទួល​បានតែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ដូច​នីហ្វៃ​បាន​ប្រកាស​ថា « ឱ ព្រះអម្ចាស់អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅលើ​ព្រះអង្គ ហើយ​ទូលបង្គំ​នឹង​ទុកចិត្ត​ទៅលើ​ព្រះអង្គ​ជា​រៀងដរាប ។ ទូលបង្គំ​នឹង​មិន​ដាក់​ទី​ទុកចិត្ត​របស់​ទូលបង្គំ​ទៅ​លើ​ដៃ​នៃ​មនុស្ស​ឡើយ » ។

នៅក្នុង​វិវរណៈ​មួយ​ទៀត ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវ​បានណែនាំ​ថា ព្រះវិហារ​បរិសុទ្ធ​ដែល​សាងសង់​ឡើង​ថ្វាយ​ដល់​ព្រះអម្ចាស់ គួរតែ​ជា​ទី​នៃ​គារវភាព​ចំពោះ​ទ្រង់ ។ នៅ​ទូទាំង​ការងារបម្រើ​របស់​លោក​ទាំងមូល ព្យាការី​ជាទីស្រឡាញ់​របស់​យើង ប្រធាន​រ័សុល អិម ណិលសុន បានសង្កត់ធ្ងន់​យ៉ាងខ្លាំង​លើ​ការថ្វាយបង្គំ​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ យើង​ត្រូវ​បានបង្រៀន​អំពី​ការចូល​នៅក្នុង​ទីវត្តមាន​បរិសុទ្ធ​នៃ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ។ ខ្ញុំ​តែងតែ​រកឃើញ​ថា​វា​ជា​ការណែនាំ និង​ថែមទាំង​បំផុសគំនិត​ថា រឿង​ដំបូង​មួយ​ដែល​យើង​ធ្វើ​នៅពេល​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការរៀបចំខ្លួន​យើង​ដើម្បី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៅ​ទីនោះ គឺ​ត្រូវ​ដោះ​ស្បែក​ជើង​របស់​យើង ហើយ​ប្តូរ​ទៅជា​សម្លៀកបំពាក់​ពណ៌​ស​របស់​យើង ។ ដូចជា​ម៉ូសេ​ដែរ ប្រសិនបើ​យើង​មាន​គោលបំណង យើង​អាច​យល់​ថា​ការដោះ​ស្បែក​ជើង​ខាង​លោកិយ​របស់​យើង​គឺជា​ការចាប់ផ្តើម​នៃ​ការឈានជើង​ចូល​ទៅលើ​ដី​បរិសុទ្ធ និង​ត្រូវ​បានផ្លាស់ប្តូរ​តាម​របៀប​ដ៏​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ។

បងប្អូន​ប្រុសស្រី យើង​មិន​ចាំបាច់​ឡើង​ដល់​កំពូល​ភ្នំ​ដូច​ម៉ូសេ​ដើម្បី​ស្វែងរក​គារវភាព​ចំពោះ​កិច្ចការ​ពិសិដ្ឋ និង​ធ្វើ​ឲ្យ​ភាពជាសិស្ស​របស់​យើង​មាន​កម្រិត​ជ្រាលជ្រៅ​ខាងវិញ្ញាណ និង​មាន‏​ការលះបង់​នោះទេ ។ ឧទាហរណ៍ យើងអាច​រកឃើញវា នៅពេល​យើង​ខិតខំ​ការពារ​បរិយាកាស​ក្នុង​ផ្ទះ​របស់យើង​ពី​ឥទ្ធិពល​ខាងលោកិយ ។ ការណ៍នេះ​អាចសម្រេច​ទៅបាន​តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះត្រង់ និង​ក្លៀវក្លា​ចំពោះ​ព្រះវរបិតា​សួគ៌​របស់យើង​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដោយ​ការខិតខំ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​យ៉ាងយក​ចិត្តទុកដាក់​អំពី​ព្រះបន្ទូល​នៃព្រះ​ដែល​មាន​នៅក្នុង​បទគម្ពីរ និង​នៅក្នុង​ការបង្រៀន​របស់​ព្យាការី​របស់​យើង ។ លើសពី​នេះទៀត ការផ្លាស់ប្តូរ​ខាងវិញ្ញាណ​បែបនេះ​អាចកើតឡើង នៅពេល​យើង​ខិតខំ​គោរព​សេចក្តីសញ្ញា​ដែល​យើង​បានធ្វើ​ជាមួយ​ព្រះអម្ចាស់ ដោយ​រស់នៅ​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ ។ ការខិតខំ​ប្រឹងប្រែង​ទាំងនេះ​អាច​នាំយក​ភាពស្ងប់ស្ងាត់ និង​សេចក្ដី​សុខសាន្ត​មកក្នុង​ដួងចិត្ត​របស់យើង ។ ការផ្តោត​លើ​សកម្មភាព​បែបនេះ​ប្រាកដ​ជា​អាច​ជួយ​ផ្លាស់ប្តូរ​ផ្ទះ​របស់​យើង​ទៅជា​កន្លែង​ដ៏​មាន​គារវភាព​នៃ​ជម្រក​ខាងវិញ្ញាណ—ជា​ទីជម្រក​ផ្ទាល់​ខ្លួន​នៃ​សេចក្តីជំនឿ​ដែល​ព្រះវិញ្ញាណ​គង់​នៅ ប្រៀប​បាន​ដូចជា​បទពិសោធន៍​នៅ​លើ​ភ្នំ​របស់​ម៉ូសេ​ដែរ ។

យើង​ក៏​អាច​ដកពិសោធន៍​នូវ​ការផ្លាស់ប្ដូរ​ខាងវិញ្ញាណ​បែបនេះ​ផងដែរ នៅពេល​យើង​ចូលរួម​ពោរពេញ​ដោយ​សេចក្ដីជំនឿ​នៅក្នុង​កម្មវិធី​ថ្វាយបង្គំ​របស់​សាសនាចក្រ រួមបញ្ចូល​ទាំង​ការបង្វែរ​ដួងចិត្ត​របស់​យើង​ទៅរក​ព្រះអម្ចាស់​តាមរយៈ​ការច្រៀង​ទំនុកតម្កើង​ដ៏​ពិសិដ្ឋ​ដោយ​ស្មោះ ។ ការងាកចេញ—ដូចជា​ម៉ូសេ—ពីការរំខាន​ខាងលោកិយ ជាពិសេស​ទូរសព្ទដៃ​របស់យើង ឬ​អ្វី​ដែល​មិន​សមប្រកប​ជាមួយ​ពេលវេលា​ដ៏​ពិសិដ្ឋ​នេះ អនុញ្ញាត​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​របស់​យើង​ទាំងស្រុង​ទៅលើ​ការទទួលទាន​សាក្រាម៉ង់​ជាមួយនឹង​គំនិត និង​ដួងចិត្ត​របស់យើង​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ​និង​ពលិកម្ម​ធួន​របស់ទ្រង់ រួមជាមួយ​សេចក្ដីសញ្ញា​របស់​យើងផ្ទាល់ ។ ការផ្តោត​អារម្មណ៍​ទៅលើ​សាក្រាម៉ង់​បែបនេះ​នឹង​បង្កើត​ពេលវេលា​នៃ​គារវភាព​ថ្មី​មួយ​ចំពោះទំនាក់ទំនង​របស់យើង​ជាមួយ​ព្រះអង្គសង្គ្រោះ ហើយ​នឹង​ធ្វើ​ឲ្យ​ថ្ងៃឈប់សម្រាក​ជាថ្ងៃ​មួយ​ដ៏​រីករាយ និង​ផ្លាស់ប្តូរ​ជីវិត​របស់យើង ។

នៅទីបំផុត យើងអាច​ដក​ពិសោធន៍​នឹង​ការផ្លាស់ប្តូរ​ខាងវិញ្ញាណ​នេះ​នៅក្នុង​ភាពជាសិស្ស​របស់យើង នៅពេល​យើង​ថ្វាយបង្គំ​ជា​ប្រចាំ​នៅ​ភ្នំ​ជា​ទីស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា—ព្រះវិហារ​បរិរសុទ្ធ​របស់យើង—ហើយ​ខិតខំ​រស់នៅ​ដោយ​ទំនុកចិត្ត​ក្នុង​សេចក្ដីសញ្ញា ជាពិសេស​នៅពេល​យើង​ប្រឈមមុខ​នឹង​ការសាកល្បង​នៃ​ជីវិត​រមែងស្លាប់ ។

ភរិយា​របស់ខ្ញុំ និង​ខ្ញុំ​បាន​ដកពិសោធន៍​គ្រា​ដ៏​ពិសិដ្ឋ​មួយចំនួន​ដោយ​គារវភាព​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខណៈដែល​យើងបាន​ខិតខំ​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់យើង ដែល​បានបណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​មាន​អត្ថន័យ​នៅក្នុង​ភាពជាសិស្ស​របស់យើង ។ ខ្ញុំបានចាំ​យ៉ាងច្បាស់​ពី​ការដើរកាត់​ទីបញ្ចុះសព​មុនពេល​បញ្ចុះសព​កូន​ទីពីរ​របស់យើង ដែល​កើត​មុន​កាល​កំណត់ ហើយ​បាន​ស្លាប់ ខណៈពេល​ដែល​ភរិយា​របស់ខ្ញុំ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ។ ខ្ញុំ​នៅ​ចាំ​ពី​ការអធិស្ឋាន​ប្រកប​ដោយ​គារវភាព និង​ក្លៀវក្លា​ដ៏អស្ចារ្យ​ទៅកាន់​ព្រះ ទូល​សូម​ជំនួយ​ដើម្បី​ប្រឈម​នឹង​ការសាកល្បង​ដ៏​លំបាក​នោះ ។ នៅ​គ្រា​នោះ ខ្ញុំបាន​ទទួល​ការអះអាង​ខាងវិញ្ញាណ​ដ៏ច្បាស់ ហើយ​ពោរពេញ​ដោយ​អានុភាព​នៅក្នុង​ដួងចិត្ត​របស់ខ្ញុំ ៖ អ្វីៗ​នឹង​បាន​ល្អ​នៅ​ក្នុង​ជីវិត​របស់​យើង ប្រសិន​បើ​ភរិយា​ខ្ញុំ និង​ខ្ញុំ​ស៊ូទ្រាំ ដោយ​កាន់ខ្ជាប់​ទៅនឹង​អំណរ​ដែល​កើតចេញ​ពី​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្វី​ដែល​ហាក់ដូចជា​ការលំបាក​ដែល​មិន​យក​ឈ្នះ​បាន និង​គួរ​ឲ្យ​សោកស្តាយ​នៅពេល​នោះ​បានប្រែក្លាយ​ទៅជា​បទពិសោធន៍​ដ៏ពិសិដ្ឋ និង​មាន​គារវភាព ជាបទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ​ដែលបាន​ជួយ​ទ្រទ្រង់​សេចក្តីជំនឿ​របស់យើង និង​បានផ្តល់​ឲ្យ​យើង​នូវ​ទំនុកចិត្ត​លើ​សេចក្ដីសញ្ញា​ដែល​យើង​បានធ្វើ​ជាមួយ​ព្រះអម្ចាស់ និង​នៅក្នុង​ការសន្យា​របស់ទ្រង់​សម្រាប់​ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ ។

បងប្អូន​ប្រុសស្រី​របស់ខ្ញុំ​អើយ ការមាន​គារវភាព​ចំពោះ​ភាពពិសិដ្ឋ​ជំរុញ​ឲ្យ​មាន​ការដឹងគុណ​ដោយ​ស្មោះ ពង្រីក​សុភមង្គល​ពិតប្រាកដ ដឹកនាំ​គំនិត​របស់យើង​ទៅរក​វិវរណៈ ហើយ​នាំមកនូវ​អំណរ​ដ៏ធំ​ដល់​ជីវិត​របស់​យើង ។ វា​នាំ​ឲ្យ​យើង​ឈរ​នៅលើ​ទី​ដ៏​បរិសុទ្ធ ហើយ​លើក​ដួងចិត្ត​របស់យើង​ទៅរក​ព្រះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅកាន់​បងប្អូន​ថា នៅពេល​យើង​ខិតខំ​បញ្ចូល​គុណធម៌​បែបនេះ​ទៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់យើង យើង​នឹង​អាច​បង្កើន​ភាពរាបសា​របស់យើង ពង្រីក​ការយល់ដឹង​របស់យើង​អំពី​ឆន្ទៈ​របស់​ព្រះ​សម្រាប់​យើង និង​ពង្រឹង​ទំនុកចិត្ត​របស់យើង​នៅក្នុង​ការសន្យា​នៃ​សេចក្តី​សញ្ញា​ដែល​យើង​បានធ្វើ​ជាមួយ​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ធ្វើជា​សាក្សីថា នៅពេល​យើង​ឱបក្រសោប​អំណោយទាន​នៃ​គារវភាព​នេះ​ចំពោះ​រឿង​ពិសិដ្ឋៗ—មិនថា​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ នៅក្នុង​សាលាប្រជុំ ឬ​នៅក្នុង​ផ្ទះ​របស់យើង​ផ្ទាល់​នោះទេ—យើង​នឹង​ពោរពេញ​ដោយ​ការភ្ញាក់ផ្អើល និង​ការស្ញប់ស្ញែង នៅពេល​យើង​ភ្ជាប់ទៅនឹង​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតា​សួគ៌​របស់យើង និង​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូមធ្វើ​ជាសាក្សី​ដ៏​គារវភាព​អំពី​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕