សន្និសីទទូទៅ
ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការសង្គ្រោះ​ដ៏​ធំធេង​បំផុត
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


14:16

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការសង្គ្រោះ​ដ៏​ធំធេង​បំផុត

ពេលដែល​យើង​បែរ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ទ្រង់​នឹង​សង្គ្រោះ​យើង​ពី​ព្យុះ​នៃ​ជីវិត​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការសង្គ្រោះ​ដ៏​ធំធេង​បំផុត​ពី​ការសាកល្បង​ដែល​យើង​ប្រឈម​នៅក្នុង​ជីវិត​នេះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ខាស្ពើរ វ៉ាយអូមីង កាល​ពីចុង​ឆ្នាំ​មុន ។ វា​ជា​បទពិសោធន៍​ដ៏​ស៊ីជម្រៅ រំជួលចិត្ត និង​ខាង​វិញ្ញាណ ។ វា​បាន​នាំមក​នូវ​ការផ្តោត​យ៉ាង​ច្បាស់​អំពី​តួនាទី​របស់​ព្រះវិហារ​បរិសុទ្ធ ក្នុង​ការសង្គ្រោះ​បុត្រា​បុត្រី​របស់​ព្រះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ស្តេក​នៅក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ ខាស្ពើរ វ៉ាយអូមីង បញ្ចូល​ផ្នែក​មួយ​នៃ​ផ្លូវលំ​ដែល​ប្រើ​ដោយ​អ្នក​ត្រួសត្រាយ​ផ្លូវ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចន្លោះ​ឆ្នាំ១៨៤៧ និង​ឆ្នាំ១៨៦៨ ។ ក្នុង​ការរៀបចំ​សម្រាប់​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​អាន​ឡើងវិញ​នូវ​ប្រវត្តិសាស្រ្ត​មួយ​ចំនួន​អំពី​ផ្លូវលំ​តាម​បណ្តោយ​ទន្លេ​ផ្លេត​នោះ ដែល​នៅ​ក្បែរ​ទីក្រុង​ខាស្ពើរ ហើយ​បន្ត​ទៅកាន់​ទីក្រុង​សលត៍​លេក ។ ផ្លូវលំ​នេះ​គឺជា​ផ្លូវ​ឆ្លងកាត់​សម្រាប់​ជនចំណាក​ស្រុក​មកពី​លោក​ខាងលិច​រាប់រយ​ពាន់​នាក់ ។ ការសង្កត់​ធ្ងន់​ចម្បង​របស់​ខ្ញុំ​គឺ​អ្នកត្រួសត្រាយ​ផ្លូវ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាង ៦០.០០០ នាក់​ដែល​បាន​ធ្វើដំណើរ​តាម​ផ្លូវលំ​នេះ ។

ភាគច្រើន​នៃ​អ្នក​ត្រួសត្រាយ​ផ្លូវ​របស់​យើង​បាន​មក​ដោយ​ជិះ​រទេះ ប៉ុន្តែ​អ្នកត្រួសត្រាយ​ប្រហែល​ជា ៣.០០០ នាក់​បាន​មក​តាម​ក្រុម​រទេះរុញ​ចំនួន​ដប់ ។ ក្រុម​រទេះរុញ​ទាំងនេះ​ចំនួន​ប្រាំបី​បាន​ធ្វើដំណើរ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ភាពជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ និង​មាន​អ្នកស្លាប់​តិចតួច ។ ក្រុម​រទេះរុញ វីលី និង ម៉ាទីន នៅ​ឆ្នាំ១៨៥៦ គឺជា​ករណី​លើកលែង ។

ខ្ញុំ​បាន​អាន​ដំណើររឿង​របស់​ក្រុម​រទេះ​រុញ វីលី និង ម៉ាទីន ឡើងវិញ តាំង​ពី​ពេល​ដែល​អាកាសធាតុ​ដ៏​គួរ​ឲ្យ​ខ្លាច​បាន​ចាប់ផ្តើម ។ ខ្ញុំ​បានដឹង​យ៉ាង​ច្បាស់​អំពី​ឧបសគ្គ​ដែល​ពួកគេ​បាន​ប្រឈម​ក្នុង​ការឆ្លង​កាត់​ទន្លេ​ស្វីតវ៉តធើរ ឆក​ម៉ាទីន កំពូល​ភ្នំ​រ៉ក់គី និង​រូង​ភ្នំ​រ៉ក់ឃ្រីក ។

រទេះរុញ​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅក្រោម​ព្រិល<nb/>។

Between Storms [ នៅ​ចន្លោះ​ព្យុះ​ទាំងឡាយ ] ដោយ អាលប៊ីន វេសេលកា

ខ្ញុំ​មិន​បាន​នៅ​ខាងក្នុង​ព្រះវិហារ​បរិសុទ្ធ ខាស្ពើរ មុន​ការឧទ្ទិស​ឆ្លង​នោះ​ទេ ។ នៅពេល​ខ្ញុំ​ចូល​ទៅក្នុង​ច្រក​ដើរ ខ្ញុំ​ចាប់​អារម្មណ៍​ភ្លាម​ទៅលើ​រូប​គំនូរ​រទេះ​រុញ​ដើម​ដែល​មាន​ចំណងជើង​ថា Between Storms [ នៅ​ចន្លោះ​ព្យុះ​ទាំងឡាយ ] ។ ច្បាស់ណាស់ គំនូរ​នេះ​មិន​មាន​បំណង​ពិពណ៌នា​អំពី​សោកនាដកម្ម​ដែល​បាន​កើតឡើង​នោះ​ទេ ។ ពេល​ដែល​ខ្ញុំ​សម្លឹង​មើល​វា ខ្ញុំ​បាន​គិត​ថា « គំនូរ​នេះ​គឺ​ត្រឹមត្រូវ ភាគច្រើន​នៃ​អ្នកត្រួសត្រាយ​ផ្លូវ​ក្រុម​រទេះ​រុញ​មិន​បាន​ជួបប្រទះ​សោកនាដកម្ម​នោះ​ទេ » ។ ខ្ញុំ​មាន​អារម្មណ៍​ថា គំនូរ​នេះ​ដូចជា​ជីវិត​ទូទៅ​អ៊ីចឹង​ដែរ ។ ពេលខ្លះ​យើង​នៅ​ចន្លោះ​ព្យុះ​ទាំងឡាយ ហើយ​ពេលខ្លះ​យើង​នៅ​ចន្លោះ​ពពក និង​ពន្លឺ​ព្រះអាទិត្យ ។

ទន្លេ​ស្វីតវ៉តធើរ

Heaven’s Portal [ ក្លោងទ្វារ​ស្ថានសួគ៌ ]ដោយ ជីម វិលខក់ស៍

ពេល​ដែល​ខ្ញុំ​ងាក​ទៅ​មើល​គំនូរ​ដើម​នៅលើ​ជញ្ជាំង​ផ្សេង​ទៀត​ដែល​មាន​ចំណងជើង​ថា Heaven’s Portal [ ក្លោងទ្វារ​ស្ថានសួគ៌ ]  ខ្ញុំ​បាន​ដឹង​ថា គំនូរ​រដូវក្តៅ​ដ៏​ស្រស់​ស្អាត​នេះ​អំពី​អ្វី​ដែល​គេ​ហៅ​ថា « Devil’s Gate [ ទ្វារ​អារក្ស ] » ដែល​មាន​ទន្លេ​ស្វីតវ៉តធើរ​ដ៏​ស្ងប់ស្ងាត់ និង​ថ្លាឆ្វង់​ហូរ​កាត់​វា តំណាង​ឲ្យ​ភាពស្រស់ស្អាត​នៃ​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ មិនមែន​ឧបសគ្គ​ដែល​អ្នកត្រួសត្រាយផ្លូវ​បាន​ប្រឈម​ក្នុង​រដូវ​រងា​ដ៏​គួរឲ្យ​រន្ធត់​នោះ​ទេ ។

បន្ទាប់​មក​ខ្ញុំ​បាន​សម្លឹង​មើល​ទៅ​មុខ នៅ​ពី​ក្រោយ​តុ​ពិនិត្យ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ឃើញ​គំនូរ​ដ៏​ស្រស់ស្អាត​អំពី​ព្រះអង្គ​សង្គ្រោះ ។ រូបភាព​ទាំងនេះ​បាន​ដាស់​អារម្មណ៍​នៃ​ការដឹងគុណ​ដ៏​លើសលប់​ភ្លាមៗ ។ នៅក្នុង​ពិភពលោក​នៃ​ភាពស្រស់ស្អាត​ដ៏​អស្ចារ្យ វា​ក៏​មាន​ឧបសគ្គ​ដ៏​ធំធេង​ផងដែរ ។ ពេលដែល​យើង​បែរ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ទ្រង់​នឹង​សង្គ្រោះ​យើង​ពី​ព្យុះ​នៃ​ជីវិត​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​ស្របតាម​ផែនការ​របស់​ព្រះវរបិតា ។

សម្រាប់​ខ្ញុំ ច្រក​ដើរ​នោះ​គឺជា​ការរៀបចំ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​បន្ទប់​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​ភាពតម្កើង​ឡើង ចុះ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ហើយ​ទទួល​យក និង​ដកពិសោធន៍​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ពេញលេញ ។ ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​គឺ​ផ្អែក​លើ​ការសង្គ្រោះ​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

បទពិសោធន៍​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ​ផ្តល់​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នូវ​ប្រពៃណី​ខាង​ប្រវត្តិសាស្រ្ត​ដ៏​ពិសេស និង​កេរ្តិ៍ដំណែល​ខាង​វិញ្ញាណ​ជារួម​ដ៏​មាន​ឥទ្ធិពល ។ សម្រាប់​សមាជិក​មួយ​ចំនួន ការធ្វើ​ចំណាក​ស្រុក​មាន​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់​ពី​ត្រូវបាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​ពី​រដ្ឋ​មិសសួរី និង​ទីក្រុង​ណៅវូ ។ សម្រាប់​សមាជិក​ផ្សេងទៀត វា​បាន​ចាប់ផ្តើម​បន្ទាប់ពី​ប្រធាន ព្រិកហាំ យ៉ង់ បាន​ប្រកាស​ផែនការ​រទេះរុញ ដែល​មាន​បំណង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការធ្វើ​ចំណាក​ស្រុក ។ រទេះរុញ​មាន​តម្លៃ​ថោក​ជាង​រទេះ និង​គោ ។

អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​នៅ​ប្រទេស​អង់គ្លេស​ឈ្មោះ មីលិន អាតវូដ បាន​និយាយ​ថា នៅពេល​ដែល​ផែនការ​រទេះរុញ​ត្រូវបាន​ប្រកាស « វា​ដូច​ជា​អណ្តាត​ភ្លើង​ឆេះ​សុស​ជញ្ជ្រាំង​ស្ងួត ហើយ​បេះដូង​របស់​ពួកបរិសុទ្ធ​ក្រីក្រ​បាន​លោត​ដោយ​សេចក្តីអំណរ និង​ភាពរីករាយ » ។ មនុស្ស​ជាច្រើន « បាន​អធិស្ឋាន និង​តមអាហារ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ពី​មួយ​យប់​ទៅ​មួយ​យប់ ដើម្បី​ពួកគេ​អាច​មាន​ឯកសិទ្ធិ​រួបរួម​គ្នា​ជាមួយ​បងប្អូន​ប្រុសស្រី​របស់​ពួកគេ​នៅឯ [ ជ្រលង ] ភ្នំ » ។

ភាគច្រើន​នៃ​ពួកបរិសុទ្ធ​ដែល​ធ្វើដំណើរ​ជាមួយ​នឹង​រទេះរុញ​ជួប​ការលំបាក ប៉ុន្តែ​ពួកគេ​បាន​ចៀសផុត​ពី​ព្រឹត្តិការណ៍​មិន​អនុគ្រោះ​ធំៗ​ជាច្រើន ។ ប៉ុន្តែ​ក្រុម​រទេះរុញ​ពីរ​គឺ​ក្រុម វីលី និង ម៉ាទីន បាន​ជួប​ប្រទះ​ការអត់ឃ្លាន អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ការស្លាប់​ជាច្រើន ។

ភាគច្រើន​នៃ​អ្នកធ្វើ​ដំណើរ​ទាំងនេះ​បាន​ជិះ​តាម​កប៉ាល់​ចំនួន​ពីរ​ចេញពី​ទីក្រុង​លីវើរភូល ប្រទេស​អង់គ្លេស ក្នុង​ខែឧសភា ឆ្នាំ១៨៥៦ ។ ពួកគេ​បាន​មកដល់​កន្លែង​បំពាក់​រទេះរុញ​នៅ​ទីក្រុង អៃអូវ៉ា ក្នុង​ខែមិថុនា និង​ខែកក្កដា ។ ទោះបីជា​មាន​ការព្រមាន​ក៏​ដោយ ក៏​ក្រុម​ទាំងពីរ​នៅតែ​ចាកចេញ​ទៅកាន់​ជ្រលងភ្នំ សលត៍ លេក យឺត ពេល​ខ្លាំង​នៅក្នុង​រដូវ​នោះ ។

ប្រធាន ព្រិកហាំ យ៉ង់ បាន​ដឹង​ជា​លើក​ដំបូង​អំពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​របស់​ក្រុម​ទាំងនេះ​នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៨៥៦ ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួកបរិសុទ្ធ​នៅ​ទីក្រុង សលត៍ លេក ហើយ​បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ប្រុសស្រី​របស់​យើង​ជាច្រើន​នៅលើ​វាលទំនាប​ជាមួយ​នឹង​រទេះរុញ … ហើយ​យើង​ត្រូវតែ​នាំ​ពួកគេ​មក​ទីនេះ យើង​ត្រូវតែ​បញ្ជូន​ជំនួយ​ដល់​ពួកគេ … មុន​ពេល​រដូវ​រងារ​ចូល​មកដល់ » ។

លោក​បាន​ស្នើ​ប៊ីស្សព​ជាច្រើន​ឲ្យ​ផ្តល់​ក្រុមសេះ​ចំនួន ៦០ រទេះ​ចំនួន ១២ ឬ​ច្រើន​ជាង​នេះ និង​ម្សៅ ១២ តោន ( ១០,៨៨៦ គីឡូ ) ហើយ​បាន​ប្រកាស​ថា « ចូរ​ទៅ ហើយ​នាំ​មនុស្ស​ទាំងនោះ​ដែល​នៅលើ​វាលទំនាប​មក​ឥឡូវ​នេះ » ។

ចំនួន​សរុប​នៃ​អ្នកត្រួសត្រាយផ្លូវ​នៅក្នុង​ក្រុម​រទេះ​រុញ វីលី និង ម៉ាទីន គឺ​ប្រហែល ១.១០០ នាក់ ។ ប្រមាណ ២០០ នាក់​ក្នុង​ចំណោម​ពួកបរិសុទ្ធ​ដ៏​មាន​តម្លៃ​ទាំងនេះ​បាន​ស្លាប់​នៅតាម​ផ្លូវ ។ បើ​គ្មាន​ការសង្គ្រោះ​ទាន់​ពេល​វេលា​ទេ មនុស្ស​ជាច្រើន​ទៀត​នឹង​ស្លាប់ ។

ព្យុះ​រដូវ​រងា​បាន​ចាប់ផ្តើម​ជិត​ពីរ​សប្តាហ៍​បន្ទាប់ពី​អ្នកសង្គ្រោះ​ដំបូង​បាន​ចាកចេញ​ពី​ទីក្រុង សលត៍ លេក ។ ដំណើររឿង​អំពី​សមាជិក​នៃ​ក្រុម​វីលី និង ម៉ាទីន ពិពណ៌នា​អំពី​ឧបសគ្គ​ដ៏​អន្តរាយ​បន្ទាប់ពី​ព្យុះ​បាន​ចាប់ផ្តើម ។ ដំណើររឿង​ទាំងនេះ​ក៏​បង្ហាញ​ពី​សេចក្ដី​អំណរ​យ៉ាង​ខ្លាំង នៅពេល​អ្នកសង្គ្រោះ​បាន​មក​ដល់​ផងដែរ ។

ដោយ​រៀបរាប់​អំពី​ទិដ្ឋភាព​ពេល​មកដល់ ម៉ារី ហ៊ូរិន បាន​និយាយ​ថា « ទឹកភ្នែក​បាន​ស្រក់​លើ​ថ្ពាល់​របស់​បុរស ហើយ​ក្មេងៗ​រាំ​ដោយ​សេចក្ដីអំណរ ។ ភ្លាមៗ​នៅពេល​បណ្ដាជន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ពួកគេ​បាន ពួកគេ​ទាំងអស់​គ្នា​បាន​លុត​ជង្គង់​ចុះ​ក្រោម​ព្រិល ហើយ​បានថ្លែង​អំណរគុណ​ដល់​ព្រះ » ។

ពីរ​ថ្ងៃ​ក្រោយមក ក្រុម​វីលី​ត្រូវ​ធ្វើដំណើរ​តាម​ផ្នែក​ដ៏​លំបាក​បំផុត​នៃ​ផ្លូវ​នេះ ឆ្លងកាត់​កំពូល​ភ្នំ​រ៉ក់គី ក្នុង​ព្យុះ​ដ៏​រងា​ខ្លាំង ។ អ្នកមក​ដល់​ជំរំ​ចុងក្រោយ​គេ​បំផុត​គឺ​នៅ​ម៉ោង ៥:០០ ព្រឹក​ថ្ងៃ​បន្ទាប់ ។ មនុស្ស​ដប់បី​នាក់​បាន​ស្លាប់ ហើយ​ត្រូវបាន​បញ្ចុះ​នៅក្នុង​ផ្នូរ​មួយ​ជាមួយ​គ្នា ។

នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ក្រុម​វីលី​បាន​ជិត​មកដល់​ជ្រលងភ្នំ​សលត៍លេក​ហើយ ប៉ុន្តែ​នៅ​ព្រឹក​នោះ នៅតែ​មាន​អ្នកស្លាប់​បី​នាក់​ទៀត ។ ពីរថ្ងៃ​ក្រោយមក ទីបំផុត​ក្រុម​វីលី​បាន​មកដល់​ទីក្រុង សលត៍ លេក ជា​កន្លែង​ដែល​ពួកគេ​ទទួល​គារវកិច្ច​ដ៏​អស្ចារ្យ ហើយ​ត្រូវបាន​ស្វាគមន៍​ចូល​ទៅក្នុង​ផ្ទះ​របស់​ពួកបរិសុទ្ធ ។

នៅថ្ងៃ​ដដែល​នោះ ក្រុម​ម៉ាទីន​ត្រូវ​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​នេះ ៥២៣ គីឡូម៉ែត្រ​ទៀត ដោយ​បន្ត​រងទុក្ខ​នឹង​អាកាសធាតុ​ត្រជាក់ និង​មិនមាន​អាហារ​គ្រប់គ្រាន់ ។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពួកគេ​បាន​ឆ្លងកាត់​ទន្លេ​ស្វីតវ៉តធើរ ដើម្បី​ទៅ​ដល់​កន្លែង​ដែល​ឥឡូវ​នេះ​គេ​ហៅ​ថា ឆក​ម៉ាទីន ជា​កន្លែង​ដែល​ពួកគេ​សង្ឃឹម​ថា នឹង​រកឃើញ​ការការពារ​ពី​អាកាសធាតុ ។ ម្នាក់​ក្នុង​ចំណោម​អ្នកត្រួសត្រាយផ្លូវ​បាន​និយាយ​ថា « វា​គឺជា​ការឆ្លងកាត់​ទន្លេ​ដ៏​វេទនា​បំផុត​នៃ​ការធ្វើ​ដំណើរ​នេះ » ។ អ្នក​ជួយ​សង្គ្រោះ​មួយ​ចំនួន—ដូចជា​ជីតា​ទួត​របស់​ខ្ញុំ ដេវីឌ ផាតថិន ឃិមបល ដែល​មាន​អាយុ​ទើប​តែ ១៧ ឆ្នាំ ជាមួយ​មិត្តភក្តិ​វ័យក្មេង​របស់​គាត់ « ចច ដបុលយូ ហ្គ្រេន, អាលិន ហាន់ធិងថុន, ស្ទេហ្វិន ថេល័រ និង អ៊ីរ៉ា នេបេឃើរ—បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ក្នុង​ទឹក​ត្រជាក់ » ជួយ​ក្រុម​នោះ​ឲ្យ​ឆ្លង​ទន្លេ​ស្វីតវ៉តធើរ​យ៉ាង​ក្លាហាន ។

ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ការចាប់​អារម្មណ៍​ច្រើន កាល​ខ្ញុំ​រៀន​បន្ថែម​អំពី​អ្នកសង្គ្រោះ​ទាំងនេះ ខ្ញុំ​បាន​ដឹង​ថា ពួកគេ​ទាំងអស់​បាន​ធ្វើ​តាម​ព្យាការី និង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការសង្គ្រោះ​ពួកបរិសុទ្ធ​ដែល​ជាប់​ក្នុង​គ្រោះថ្នាក់ ។ អ្នកសង្គ្រោះ​ទាំងអស់​មាន​វីរភាព​ណាស់ ក៏​ដូច​ជា​ជនចំណាក​ស្រុក​ទាំង​នោះ​ដែរ ។

ពេល​សិក្សា​ដំណើររឿង​របស់​ពួកគេ ខ្ញុំ​កោត​សរសើរ​ចំពោះ​ទំនាក់ទំនង​ដ៏​មាន​តម្លៃ និង​ចក្ខុវិស័យ​ដ៏​អស់កល្ប​ជានិច្ច​រយៈពេល​វែង​ក្នុង​ចំណោម​ជនចំណាក​ស្រុក ។ ចន និង ម៉ារៀ លីនហ្វត ព្រម​ទាំង​កូនប្រុស​ទាំងបី​របស់​ពួកគេ​គឺជា​សមាជិក​នៃ​ក្រុម​វីលី ។ ចន បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​មុន​ពេល​អ្នកសង្គ្រោះ​ដំបូង​មក​ដល់ ។ គាត់​បាន​ប្រាប់ ម៉ារៀ ថា គាត់​រីករាយ​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​នេះ ។ គាត់​បាន​និយាយ​ថា « បង​នឹង​មិន​មាន​ជីវិត​រស់​រហូត​ដល់​យើង​ទៅដល់​សលត៍ លេក នោះទេ ប៉ុន្តែ​អូន និង​កូនៗ​នឹង​មាន​ជីវិត​រស់​ទៅ​ដល់​សលត៍ លេក ហើយ​បង​មិន​សោកស្តាយ​ឡើយ​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ឆ្លងកាត់ ប្រសិនបើ​កូនៗ​របស់​យើង​អាច​ធំឡើង ហើយ​មាន​ក្រុមគ្រួសារ​របស់​ពួកគេ​នៅក្នុង​ស៊ីយ៉ូន​នោះ » ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បាន​ផ្ដល់​សេចក្ដីសង្ខេប​ដ៏​អស្ចារ្យ​ថា « នៅក្នុង​កិច្ចខិតខំ​ដ៏​វីរភាព​របស់​អ្នកត្រួសត្រាយផ្លូវ​រទេះរុញ យើង​រៀន​ការពិត​ដ៏​អស្ចារ្យ​មួយ ។ ទាំងអស់​គ្នា​ត្រូវ​ឆ្លងកាត់​ភ្លើង​របស់​ជាង​សំរង ហើយ​អ្វី​ដែល​មិន​ល្អ​គ្រប់គ្រាន់ និង​មិន​សំខាន់​ក្នុង​ជីវិត​របស់​យើង​អាច​រលាយ​ដូចជា​អាចម៍​ដែក ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​ភ្លឺស្វាង មិន​ខូចខាត និង​រឹងមាំ ។ វា​ហាក់​ដូចជា​ពេញ​ទៅ​ដោយ​ទុក្ខសោក ភាពសោកសៅ និង​ជារឿយៗ ភាពខ្ទេចខ្ទាំ​ដួងចិត្ត​ចំពោះ​មនុស្ស​គ្រប់រូប រួមទាំង​អ្នកទាំងឡាយ​ដែល​ព្យាយាម​ដើម្បី​ធ្វើ​ល្អ និង​មាន​ចិត្ត​ស្មោះត្រង់​ដែរ ។ ប៉ុន្តែ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបន្សុទ្ធ​ដើម្បី​បាន​ស្គាល់​ព្រះ » ។

នៅក្នុង​ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ទ្រង់​ដែល​កំណត់​លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដាច់ « ចំណង​ទាំងឡាយ​នៃ​សេចក្ដី​ស្លាប់ ដោយ​បាន​ឈ្នះលើ​សេចក្ដី​ស្លាប់ » សម្រាប់​មនុស្ស​គ្រប់​រូប ។ សម្រាប់​អ្នក​ដែល​បាន​ប្រែចិត្ត​ពី​អំពើបាប ទ្រង់​បាន « ទទួល​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​រំលង​ទាំងឡាយ​របស់​គេ បាន​ប្រោសលោះ​ពួកគេ ហើយ​បាន​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដី​យុត្តិធម៌ » ។

បើ​គ្មាន​ដង្វាយធួន​ទេ យើង​មិន​អាច​សង្គ្រោះ​ខ្លួនឯង​ពី​អំពើបាប និង​សេចក្ដីស្លាប់​បាន​ទេ ។ ខណៈ​ដែល​អំពើបាប​អាច​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការសាកល្បង​របស់​យើង ទុក្ខលំបាក​ជាច្រើន​ក្នុង​ជីវិត​គឺ​ផ្សំ​ឡើង​ពី​កំហុស ការសម្រេចចិត្ត​មិនល្អ សកម្មភាព​អាក្រក់​របស់​អ្នកដទៃ និង​រឿង​ជាច្រើន​ដែល​នៅក្រៅ​ការគ្រប់គ្រង​របស់​យើង ។

ប្រកាស​ដំណឹងល្អ​របស់​យើង បង្រៀន​ថា « នៅពេល​ដែល​យើង​ពឹងលើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​អាច​ជួយ​យើង​ស៊ូទ្រាំ​ចំពោះ​ការសាកល្បង​របស់​យើង ជំងឺ និង​ការឈឺចាប់ ។ យើង​អាច​ពោរពេញ​ដោយ​សេចក្ដី​អំណរ សន្ដិភាព និង​ការលួងលោម​ចិត្ត ។ អ្វីៗ​ដែល​មិន​យុត្តិធម៌​អំពី​ជីវិត​អាច​ធ្វើឲ្យ​មាន​ភាពត្រឹមត្រូវ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

អំឡុង​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ ការផ្តោត​របស់​យើង​គឺ​លើ​ព្រះអង្គ​សង្គ្រោះ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ដង្វាយធួន​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម និង​ពន្លឺ​នៅ​គ្រា​ដែល​ហាក់ដូច​ជា​ងងឹត និង​អាប់អួរ​សម្រាប់​មនុស្ស​ជាច្រើន ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស​ថា « នៅពេល​ពិនិត្យ​មើល​ប្រវត្តិសាស្រ្ត​ទាំងអស់ … [ មិន​មាន ]​អ្វី​ដែល​ប្រពៃ អស្ចារ្យ មហិមា​ដូច្នេះ​ដូចជា​ទង្វើ​នៃ​ព្រះគុណ​ឡើយ » ។

ខ្ញុំ​សូម​ចែកចាយ​អនុសាសន៍​ចំនួន​បី​ដែល​ខ្ញុំ​គិត​ថា ពាក់ព័ន្ធ​ជា​ពិសេស​សម្រាប់​ជំនាន់​របស់​យើង ។

ទីមួយ សូម​កុំ​មើលស្រាល​សារៈសំខាន់​នៃ​ការធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​សង្គ្រោះ​អ្នកដទៃ​ពី​ឧបសគ្គ​ខាង​រាងកាយ និង​ជា​ពិសេស​ខាង​វិញ្ញាណ​ឡើយ ។

ទីពីរ ទទួល​យក​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អំណរគុណ ។ យើង​ទាំងអស់​គ្នា​គួរតែ​ខិតខំ​បង្ហាញ​សេចក្តី​អំណរ និង​ភាពរីករាយ ទោះបី​ជា​យើង​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជីវិត​ក៏​ដោយ ។ គោលដៅ​របស់​យើង​គួរតែ​ជា​ការរស់នៅ​ដោយ​សុទិដ្ឋិនិយម​នៅ​ផ្នែក​ដែល​មាន​ពន្លឺ ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ដៃគូ​ដ៏​មាន​តម្លៃ​របស់​ខ្ញុំ ម៉ារី ធ្វើ​រឿង​នេះ​ពេញ​មួយ​ជីវិត​របស់​គាត់ ។ ខ្ញុំ​កោតសរសើរ​ចំពោះ​ភាពរស់រវើក និង​លើកស្ទួយ​របស់​គាត់ ទោះជា​យើង​បាន​ប្រឈម​នឹង​បញ្ហា​រាប់​ឆ្នាំ​ក៏​ដោយ ។

ដំបូន្មាន​ទីបី​របស់​ខ្ញុំ​គឺ​ត្រូវ​កំណត់​ពេលវេលា​ដ៏​ខ្ជាប់ខ្ជួន ដើម្បី​ជញ្ជឹងគិត​ដោយ​ស្មោះត្រង់​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើ​រឿង​នេះ​នៅក្នុង​ការគោរព​ខាង​សាសនា​ផ្ទាល់ខ្លួន​របស់​យើង ។ ទោះជា​យ៉ាងណា ការចូលរួម​ការប្រជុំ​សាក្រាម៉ង់ និង​ការទទួលទាន​សាក្រាម៉ង់​គឺ​មាន​សារៈសំខាន់​ជា​ពិសេស ។

សំខាន់​ដូចគ្នា​នេះ​ដែរ​គឺ​ការចូលរួម​ជា​ប្រចាំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​កន្លែង​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ។ ព្រះវិហារ​បរិសុទ្ធ​ផ្តល់​នូវ​ការចងចាំ​ជា​បន្តបន្ទាប់​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ដង្វាយធួន​បាន​យកឈ្នះ ។ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​អនុញ្ញាត​ឲ្យ​យើង​ផ្តល់​ការសង្គ្រោះ​ខាង​វិញ្ញាណ​ដល់​មនុស្ស​ជាទី​ស្រឡាញ់ និង​បុព្វការីជន​សាច់​ឆ្ងាយ​របស់​យើង​ដែល​បាន​ស្លាប់​ទៅហើយ ។

ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​សន្និសីទ​ចុងក្រោយ​របស់​យើង បាន​សង្កត់​ធ្ងន់​លើ​គោលការណ៍​នេះ ហើយ​បាន​បន្ថែម​ថា « ពរជ័យ [ ព្រះវិហារ​បរិសុទ្ធ ] … ក៏​ជួយ​រៀបចំ​មនុស្ស​ដែល​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​ផងដែរ ! »

យើង​មិន​ត្រូវ​ភ្លេច​ការលះបង់ និង​គំរូ​របស់​មនុស្ស​ជំនាន់​មុន​ឡើយ ប៉ុន្តែ​ការលើក​តម្កើង ការកោត​សរសើរ និង​ការថ្វាយ​បង្គំ​របស់​យើង​គួរតែ​ផ្តោត​លើ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក និង​ពលិកម្ម​ដ៍ធួន​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គន្លឹះ​ទៅកាន់​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា គឺជា​ដង្វាយធួន​ដែល​ធ្វើ​ឡើង​ដោយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​មាន​ព្រះជន្ម​រស់ និង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការសង្គ្រោះ​ដ៏​ធំធេង​បំផុត​ពី​ការសាកល្បង​ដែល​យើង​ប្រឈម​នៅក្នុង​ជីវិត​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ព្រះវិហារ​បរិសុទ្ធ ខាស្ពើរ វ៉ាយអូមីង ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

  2. ខ្ញុំ​បាន​ដឹង​ពី​ក្រុម​វីលី និង ម៉ាទីន និង​សោកនាដកម្ម​ដែល​ពួកគេ​បាន​ប្រឈម​មុខ តាំងពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ ។ ជីតា​ទួត​របស់​ខ្ញុំ ដេវីឌ ផាតថិន ឃិមបល គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​មកពី​ជ្រលងភ្នំ សលត៍លេក ដែល​ប្រធាន ព្រិកហាំ យ៉ង់ បាន​បញ្ជូន​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​ពួកបរិសុទ្ធ​ទាំងនេះ ។ ( សូម​មើលSaints: The Story of the Church of Jesus Christ in the Latter Daysvol. 2, No Unhallowed Hand, 1846–1893 [ ឆ្នាំ២០២០ ] ទំព័រ​២៣៧ ) ។

  3. Albin Veselka Between Storms [ នៅ​ចន្លោះ​ព្យុះ​ទាំងឡាយ ] គំនូរ​ដើម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខាស្ពើរ វ៉ាយអូមីង ( សូមមើល​គេហទំព័រ « Casper Wyoming Temple Open House Commences » Newsroom នៅថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២៤ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។។

  4. « កាត់​ពពកភ្លៀង​ផ្គរ​ថ្ងៃ សូម​គង់​នឹង​ខ្ញុំ ! » ( « សូមគង់នឹងខ្ញុំ ! » ទំនុកតម្កើងលេខ ៩៨ ) ។

  5. ជីម វិលខក់ស៍ Heaven’s Portal [ ក្លោងទ្វារ​ស្ថានសួគ៌ ] គំនូរ​ដើម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខាស្ពើរ វ៉ាយអូមីង ( សូមមើល​Casper Wyoming Temple Open House Commences » គេហទំព័រ newsroom.ChurchofJesusChrist.org ) ។

  6. Joseph Brickey, Risen Hope, giclée of original painting (see “Casper Wyoming Temple Open House Commences,” newsroom.ChurchofJesusChrist.org).

  7. សូមមើល William G. Hartley « The Place of Mormon Handcart Companies in America’s Westward Migration Story » The Annals of Iowavol. 65, nos. 2, 3 (Spring/Summer 2006), 107–9 .

  8. Millen Atwood « Account of His Mission » Deseret Newsថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៨៥៦ ទំព័រ​៣០០ ។ ដកស្រង់​នៅក្នុង Andrew D. Olsen និង Jolene S. Allphin Follow Me to Zion: Stories from the Willie Handcart Pioneers( ឆ្នាំ២០១៣ ) ទំព័រ xi ។

  9. ក្រុម​រទេះរុញ ហដចិតស៍ និង ហាន់ថ៍ បាន​ធ្វើ​ដំណើរ​នៅជិត​ក្រុម​រទេះរុញ ម៉ាទីន ហើយ​ក៏​ត្រូវការ​ការជួយ​សង្គ្រោះ​ផងដែរ ។

  10. សមាជិក​ភាគច្រើន​នៃ​ក្រុម​វីលី បាន​ចាកចេញ​ពី​ទីក្រុង​លីវើរភូល ប្រទេស​អង់គ្លេស នៅលើ​កប៉ាល់ សនថុន នៅ​ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៨៥៦ ។ សមាជិក​ភាគច្រើន​នៃ​ក្រុម​ម៉ាទីន បាន​ចាកចេញ​ពី​ទីក្រុង​លីវើរភូល ប្រទេស​អង់គ្លេស នៅលើ​កប៉ាល់ ហូរ៉ាយហ្សិន នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៨៥៦ ។

  11. សូមមើល « Handcart Camp Dedicated in Iowa as Historic Site » Church News ថ្ងៃទី​៩ ខែសីហា ឆ្នាំ១៩៨០ ទំព័រ​៣, ៥ ។

  12. ព្រិកហាំ យ៉ង់ « Remarks » Deseret Newsថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ១៨៥៦ ទំព័រ ២៥២ វណ្ណយុត្តិ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព ។

  13. ព្រិកហាំ យ៉ង់ « Remarks » ទំព័រ​២៥២ ។

  14. សូមមើល Olsen និង Allphin Follow Me to Zion ទំព័រ​២១៧ ។

  15. Mary Hurren, in Olsen and Allphin, Follow Me to Zion, 131.

  16. នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៤ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ឧទ្ទិស​ឆ្លង​បូជនីយដ្ឋាន​រូង​ភ្នំ​រ៉ក់ឃ្រីក ហើយ​បាន​បង្ហាញ​ការដឹងគុណ​ដល់​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​បានស្លាប់​ពី​ការដើរ​កាត់​កំពូល​ភ្នំ​រ៉ក់គី ( សូមមើល Julie Dockstader Heaps « Trail of Handcart Pioneers Sanctified by Sacrifice » Church Newsថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩៤ ទំព័រ​៨–៩, ១១ ) ។ ប្រធាន រូប៊ើត ស្កត ឡូរីមើរ បាន​អម​ដំណើរ​ប្រធាន ហ៊ិងគ្លី នៅ​ឯ​ការឧទ្ទិស​ឆ្លង​នោះ ។ ក្នុង​នាម​ជា​ប្រធាន​ស្តេក​នៃ​ស្តេក រីវើរថុន វ៉ាយអូមីង លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការកំណត់ និង​ការត្រួត​ពិនិត្យ​សកម្មភាព​ប្រវត្តិសាស្រ្ត និង​ខាង​វិញ្ញាណ​សម្រាប់​អ្នក​ដែល​បាន​ជួប​សោកនាដកម្ម​នេះ ។

  17. សូមមើល James G. Willie ទិនានុប្បវត្តិ​ក្រុម​ចំណាកស្រុក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៨៥៦ បណ្ណាល័យ​ប្រវត្តិសាស្រ្ត​សាសនាចក្រ ទីក្រុង សលត៍​លេក ។

  18. John Jaques « Some Reminiscences » Salt Lake Daily Herald ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៨៧៨ ទំព័រ​១ ។

  19. ពួក​បរិសុទ្ធ២:២៣៧ ។ ជីតា​របស់​ខ្ញុំ ក្រូហ្សើរ ជា​កូនប្រុស​របស់ ដេវីឌ ផាតថិន បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​សំខាន់ៗ​ជាច្រើន ។ លោក​បាន​សង្កត់​ធ្ងន់​ថា ដេវីឌ បាន​ធ្វើតាម​ព្យាការី ហើយ​យើង​គួរតែ​ធ្វើតាម​ការណែនាំ​របស់​ព្យាការី​នៅក្នុង​សម័យ​របស់​យើង​ដែរ ។

  20. John Linford នៅក្នុង Golden C. Linford Linford Family Heritage ( ឆ្នាំ១៩៩៥ ) ទំព័រ​២១៤ សូមមើល​ផងដែរ Val Parrish « President’s Message » អ្នកត្រួសត្រាយផ្លូវ វ៉ុល ៧១ លេខ ៣ ( រដូវស្លឹកឈើ​ជ្រុះ ឆ្នាំ​២០២៤ ) ។

  21. ជែមស៍ អ៊ី ហ្វោស្ត នៅក្នុង « Faith in Every Footstep: The Epic Pioneer Journey » ( បទបង្ហាញ​វីដេអូ​នៅក្នុង​សន្និសីទ​ទូទៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៧ ) Ensignខែឧសភា ឆ្នាំ១៩៩៧ ទំព័រ​៦៣ ។

  22. ម៉ូសាយ ១៥:៨ ។

  23. ម៉ូសាយ ១៥:៩; សូមមើល​ផងដែរ អាលម៉ា ៣៤:១៦ ។

  24. សូមមើល អាលម៉ា ២២:១២–១៥ ។

  25. ប្រកាសដំណឹងល្អរបស់យើង ៖ សេចក្តីណែនាំ​ក្នុងការ​ចែកចាយ​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ( ២០២៣ ) ទំព័រ ៥៦ ។

  26. ហ្គរដុន ប៊ី ហ៊ិងគ្លី « The Wondrous and True Story of Christmas » Liahonaខែធ្នូ ឆ្នាំ២០០០ ទំព័រ​៤ ។

  27. ប្រធាន ថូម៉ាស អេសម៉នសុន បាន​បង្រៀន​ព្រមទាំង​រស់នៅ​តាម​គោលការណ៍​នៃ​ការសង្គ្រោះ ( សូមមើល Teachings of Presidents of the Church: Thomas S. Monson [ ឆ្នាំ២០២០ ] ទំព័រ​៦៧–៧៦ ) ។

  28. រ័សុល អិម ណិលសុន « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត » លីអាហូណាខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១២១ ។