ចូរប្រុងប្រយ័ត្នចំពោះការល្បួងទីពីរ
សូមកុំពួនពីអស់អ្នកដែលស្រឡាញ់ និងគាំទ្របងប្អូន ផ្ទុយទៅវិញ សូមរត់ទៅរកពួកគាត់ ។
ជាច្រើនឆ្នាំមុន នៅពេលខ្ញុំមានអាយុគម្រប់ ១២ឆ្នាំ ខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមបោះជំរំពេលយប់របស់កូរ៉ុមបព្វជិតភាពជាលើកដំបូងរបស់ខ្ញុំ ។ នេះគឺជាការអញ្ជើញដែលបានរង់ចាំយ៉ាងយូរមកហើយ ដោយសារឪពុកខ្ញុំគឺជាអ្នកដឹកនាំកូរ៉ុម ហើយជាញឹកញាប់គាត់បានទៅបោះជំរំជាមួយក្មេងប្រុសៗនៅក្នុងវួដ ដោយទុកឲ្យខ្ញុំនៅផ្ទះ ។
នៅពេលថ្ងៃនោះមកដល់ ខ្ញុំរំភើបយ៉ាងខ្លាំង ។ ហើយខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាចង់ចុះសម្រុងនឹងពួកក្មេងប្រុសធំៗទាំងនោះណាស់ ។ ខ្ញុំបានប្តេជ្ញាចិត្តថាធ្វើឲ្យបាន ។ នៅក្នុងការប្រឹងប្រែងនោះ វាមិនយូរប៉ុន្មានទេមុនពេលខ្ញុំបានសាកល្បង ដើម្បីមើលថាតើខ្ញុំនឹងលេង ហើយធ្វើជាផ្នែកមួយនៃក្រុមនោះបានឬអត់ ។
ភារកិច្ចដែលបានចាត់តាំងរបស់ខ្ញុំគឺទៅយកកូនសោឡានរបស់ឪពុកខ្ញុំ ដើម្បីលេងសើចនឹងអ្នកដឹកនាំ ។ ខ្ញុំមិនចាំច្បាស់ពីអ្វីដែលខ្ញុំបាននិយាយដើម្បីបញ្ចុះបញ្ចូលឪពុកខ្ញុំទេ ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំបានរត់ទៅក្រុមក្មេងប្រុសដោយកាន់កូនសោក្នុងដៃ ដោយមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្ញុំ ។
បន្ទាប់មកមានភារកិច្ចថ្មីទៀត ។ ខ្ញុំត្រូវចាក់សោឡាន និងស៊កឈើមួយនៅចន្លោះកន្លែងអង្គុយរបស់អ្នកបើកបរ និងស៊ីផ្លេឡាន ។ ហើយខ្ញុំត្រូវចាក់សោទ្វារ ដើម្បីឲ្យស៊ីផ្លេនឹងឮរំពងរហូតដល់យប់ ដោយពុំមានវិធីសម្រាប់អ្នកដឹកនាំណាបើកចូលទៅក្នុងឡានដើម្បីយកឧបករណ៍ធម្មតានោះចេញទេ ។
ឥឡូវនេះ នេះគឺជាចំណុចដែលរឿងនេះប្រែទៅជាការអាម៉ាស់យ៉ាងឈឺចាប់សម្រាប់ខ្ញុំ ។ នៅពេលដែលខ្ញុំបានដាក់ឈើនោះនៅនឹងកន្លែងហើយ ខ្ញុំបានចាក់សោទ្វារហើយរត់ឲ្យលឿនតាមដែលខ្ញុំអាចធ្វើបានដើម្បីពួននៅក្នុងគុម្ពព្រៃក្បែរនោះ ។ ពេលខ្ញុំក្រាបដល់ដី ខ្ញុំមានអារម្មណ៍ឈឺចុក ។ នៅក្នុងភាពងងឹត និងនៅក្នុងការប្រញាប់ប្រញាល់របស់ខ្ញុំ ខ្ញុំបានអង្គុយនៅលើផ្លែដំបងយក្សដែលមានបន្លា ។
សម្រែកនៃការឈឺចាប់របស់ខ្ញុំមិនឮដូចសំឡេងស៊ីផ្លេទេ ហើយខ្ញុំគ្មានអ្វីជួយសង្រ្គោះក្រៅពីដើរខ្ញើចៗចូលឡានវិញស្ងាត់ៗឡើយ ដោយសារភាព « អំពើបាប » របស់ខ្ញុំ ហើយទៅរកពេទ្យក្នុងមូលដ្ឋាន និងខ្មាសអៀន ។
ពេញមួយយប់នោះ ខ្ញុំបានដេកផ្កាប់មុខនៅក្នុងតង់ខណៈដែលឪពុកខ្ញុំប្រើដង្កៀបដកបន្លាដើមដំបងយក្សចេញពី … មែនហើយ ខ្ញុំសូមនិយាយថា ខ្ញុំអង្គុយមិនកើតអស់ជាច្រើនថ្ងៃបន្ទាប់មក ។
ខ្ញុំបានគិតពិចារណាពីបទពិសោធន៍នោះជាច្រើនដង ។ ឥឡូវនេះ ខ្ញុំអាចសើចចំពោះភាពល្ងង់ខ្លៅនៃយុវវ័យរបស់ខ្ញុំ ទោះបីជាគោលការណ៍មូលដ្ឋានមួយចំនួនបានបង្ហាញច្បាស់ចំពោះខ្ញុំក៏ដោយ ។
នៅក្នុងឥរិយាបថរបស់មនុស្សមានលំនាំជាច្រើន ហាក់ដូចជារឿងធម្មតាដែលមនុស្សខាងសាច់ឈាមមាន—បំណងប្រាថ្នាដើម្បីចុះសម្រុងនឹងគេ បំណងប្រាថ្នាដើម្បីបង្ហាញពីខ្លួនឯង ការភ័យខ្លាចនៃការខកខាន និងតម្រូវការបង្ខំពួន ដើម្បីយើងចៀសវាងពីលទ្ធផល ។ នេះគឺជាឥរិយាបថចុងក្រោយ ដែលខ្ញុំនឹងផ្ដោតលើនៅថ្ងៃនេះ—ការពួនបន្ទាប់ពីយើងធ្វើអ្វីមួយដែលយើងមិនគួរធ្វើ ។
ឥឡូវនេះ ខ្ញុំមិនចាត់ទុកការលេងសើចផ្ដេសផ្ដាសរបស់ខ្ញុំជាអំពើបាបធ្ងន់ធ្ងរទេ ប៉ុន្តែយើងអាចរៀនចេញពីការប្រៀបធៀបមួយចំនួនដែលអាចសបញ្ជាក់ថាមានប្រយោជន៍ នៅពេលយើងត្រូវបានសាកល្បងនៅក្នុងជីវិតរមែងស្លាប់របស់យើង ។
នៅក្នុងសួនច្បារអេដែន លោកអ័ដាម និងនាងអេវ៉ាបានរស់នៅក្នុងស្ថានភាពស្ងប់សុខ—មានអាហារជាច្រើន សួនច្បារមានសម្រស់ស្រស់ស្អាតមិនអាចប្រៀបផ្ទឹមបាន—មិនមែនគ្រាន់តែសួនច្បារនៃភាពស្រស់ស្អាតនោះទេ ប៉ុន្តែក៏ជាសួនច្បារដែលគ្មានរុក្ខជាតិឥតប្រយោជន៍ ឬដើមដំបងយក្សដែរ ។
ទោះជាយ៉ាងណា យើងក៏ដឹងដែរថាជីវិតនៅក្នុងសួនច្បារបានកំណត់ការរីកចម្រើនដែលជាតម្រូវការរបស់ពួកលោក ។ សួនច្បារនោះមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជាការសាកល្បង ជាការសាកល្បងដំបូងនៃការសាកល្បងជាច្រើន ដែលនឹងសបញ្ជាក់ រៀបចំ និងអនុញ្ញាតឲ្យពួកលោករីកចម្រើនទៅកាន់គោលដៅចុងក្រោយរបស់ពួកលោក ក្នុងការត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវរបិតា និងព្រះរាជបុត្រាវិញ ។
បងប្អូនចាំបានថាមានការប្រឆាំងនៅក្នុងសួនច្បារ ។ លូស៊ីហ្វើរត្រូវបានអនុញ្ញាតឲ្យសាកល្បងអ័ដាម និងអេវ៉ា ។ ជាដំបូង វាបានល្បួងអ័ដាមឲ្យទទួលទានផ្លែឈើដឹងខុសត្រូវ ។ អ័ដាមបានតទល់ដោយចងចាំពីបទបញ្ញត្តិមិនឲ្យទទួលទានផ្លែឈើនោះ ។ ក្រោយមកអេវ៉ាដ៏មានពរ ជាអ្នកដែលទទួលទានផ្លែឈើនោះ ហើយបានបញ្ចុះបញ្ចូលអ័ដាមឲ្យទទួលទានដែរ ។
ក្រោយមកទៀត អ័ដាម និងអេវ៉ាបានប្រកាសថា ការសម្រេចចិត្តនេះគឺចាំបាច់ដើម្បីបំពេញផែនការរបស់ព្រះវរបិតាសួគ៌ ។ ប៉ុន្តែដោយការទទួលទានផ្លែឈើនេះ ពួកលោកបានរំលងក្រឹត្យវិន័យ—ក្រឹត្យវិន័យដែលបានប្រទានឲ្យពួកលោកដោយផ្ទាល់ពីព្រះវរបិតា ។ ជាលទ្ធផល និងការយល់ដឹងដ៏សន្ធប់ពីការដឹងខុសត្រូវ ច្បាស់ជាបន្សល់ឲ្យពួកលោកនូវអាម្មណ៍ឈឺចាប់ នៅពេលពួកលោកឮព្រះសូរសៀងរបស់ព្រះវរបិតាប្រកាសពីការយាងមកកាន់សួនច្បារនោះវិញ ។ ពួកលោកបានដឹងថា ពួកលោកនៅអាក្រាត ដ្បិតជាការពិតណាស់ពួកលោកគ្មានសម្លៀកបំពាក់ ដោយបានរស់នៅក្នុងស្ថានភាពដែលបរិសុទ្ធ ។ ប៉ុន្តែ ប្រហែលជាការឈឺចាប់ជាងការគ្មានសម្លៀកបំពាក់នោះគឺនៅគ្រានោះ ដែលពួកលោកឥឡូវដឹងពីការរំលងរបស់ពួកលោក ។ ពួកលោកគ្មានការការពារ ហើយងាយរងគ្រោះ ។ នៅគ្រប់គំនិតនៃលោកិយ ពួកលោកនៅអាក្រាតទាំងស្រុង ។
លូស៊ីហ្វើរជាមេឆ្លៀតឱកាស ដោយដឹងពីស្ថានភាពគ្មានការការពារ និងទន់ខ្សោយរបស់ពួកលោក បានល្បួងពួកលោកម្តងទៀត—លើកនេះឲ្យពួនពីព្រះ ។
ការល្បួងនេះ—ខ្ញុំហៅថា « ការល្បួងទីពីរ »—គឺជាការល្បួងដែលអាចនាំមកនូវផលវិបាកដ៏មហិមាបំផុត ប្រសិនបើយើងចុះចាញ់ ។ ប្រាកដណាស់ ល្អបំផុតគឺការចៀសវាងការល្បួងដំបូងទាំងអស់ក្នុងការបំពានក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែយើងដឹងថា មនុស្សទាំងអស់នឹងបង្អោនទៅតាមការល្បួងដំបូងនានានៅលើផែនដីនេះ ។ នៅពេលយើងរីកចម្រើននៅក្នុងភាពចាស់ទុំ និងការយល់ដឹងរបស់យើង យើងសង្ឃឹមថា កម្លាំងរបស់យើងដើម្បីចៀសវាងការល្បួងនឹងបន្តកែលម្អ នៅពេលយើងខិតខំប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទរបស់យើង ។
មនុស្សខ្លះអាចប៉ុនប៉ងពួនពីព្រះ ដោយសារពួកគេមិនចង់ឲ្យរកឃើញ ឬលាតត្រដាង ពួកគេមានអារម្មណ៍ខ្មាសអៀន ឬខុសឆ្គង ។ ទោះជាយ៉ាងណា បទគម្ពីរជាច្រើនបង្រៀនយើងថា ការពួនពីព្រះគឺមិនអាចធ្វើទៅបានទេ ។ ខ្ញុំនឹងចែកចាយតែបទគម្ពីរពីរបីប៉ុណ្ណោះ ។
ព្រះអម្ចាស់បង្រៀនយេរេមាតាមរយៈសំណួរដូចតទៅនេះ ៖ « តើមានអ្នកណានឹងពួនខ្លួននៅទីសម្ងាត់ឯណា ឲ្យយើងមើលមិនឃើញបានឬ ? នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ។ តើយើងមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬអី ? »
ហើយយ៉ូបបានបង្រៀនថា ៖
« រីឯព្រះនេត្រទ្រង់ បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ ។
« គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិតនឹងពួនខ្លួនបានទេ » ។
ដាវីឌដែលជាអ្នកនិពន្ធទំនុកដំកើង ដែលប្រកបដោយកំណាព្យបានថ្លែងថា ៖
« ឱ ព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ។
« ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចម្ងាយដែរ ។ …
« ដ្បិតឱ ព្រះយេហូវ៉ាអើយ ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ ។ …
« តើទូលបង្គំនឹងទៅឯណាឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណាឲ្យរួចពីព្រះភក្ត្រទ្រង់ ?
ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ » ។
អ្នកប្រែចិត្តជឿថ្មី
ចំពោះអ្នកដែលទើបចូលរួមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថ្មីៗ ការល្បួងទីពីរអាចហាក់ដូចជាការប្រឈមជាពិសេស ។ តាមរយៈពិធីបុណ្យជ្រមុជទឹករបស់បងប្អូន បងប្អូនបានប្រែចិត្តជឿដើម្បីលើកដាក់លើខ្លួនបងប្អូននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដែលមានន័យថា តម្រូវឲ្យបញ្ចូលការផ្លាស់ប្តូររបៀបរស់នៅ ។ ការផ្លាស់ប្តូរជីវិតមួយគឺមិនងាយស្រួលនោះទេ ។ ជាញឹកញាប់តម្រូវឲ្យបងប្អូនផ្លាស់ប្តូរទម្លាប់ និងការអនុវត្ត ហើយថែមទាំងការប្រាស្រ័យទាក់ទងដើម្បីរីកចម្រើនឆ្ពោះទៅរកព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់របស់បងប្អូន ។
មារសត្រូវដឹងថា បងប្អូនអាចងាយរងគ្រោះចំពោះការវាយប្រហារផ្ទាល់ៗរបស់វា ។ វានឹងធ្វើឲ្យជីវិតពីអតីតរបស់បងប្អូន ដែលធ្វើឲ្យបងប្អូនមិនស្កប់ស្កល់នឹងអ្វីៗជាច្រើននោះ បែរជាឥឡូវនេះហាក់ដូចជាទាក់ទាញខ្លាំងណាស់ ។ ពួកដែលចោទប្រកាន់ដែលបានហៅវាបែបនេះនៅក្នុងគម្ពីរវិវរណៈ នឹងល្បួងគំនិតបងប្អូនបែបនេះ ៖ « អ្នកមិនរឹងមាំល្មមដើម្បីផ្លាស់ប្តូរជីវិតអ្នកទេ អ្នកមិនអាចធ្វើវាបានទេ អ្នកមិនមែនជាក្រុមជាមួយមនុស្សទាំងនេះទេ ពួកគេនឹងមិនទទួលយកអ្នកឡើយ អ្នកទន់ខ្សោយពេកហើយ » ។
បើគំនិតទាំងនេះហាក់ដូចជាពិតចំពោះបងប្អូន ដែលកំពុងស្ថិតនៅលើផ្លូវនៃសេចក្តីសញ្ញាថ្មីៗ យើងសូមអង្វរបងប្អូនកុំឲ្យស្ដាប់តាមសំឡេងរបស់ពួកដែលចោទប្រកាន់ឡើយ ។ ពួកយើងស្រឡាញ់បងប្អូន បងប្អូនអាចធ្វើបាន ពួកយើងទទួលយកបងប្អូន ហើយដោយមានព្រះអង្គសង្រ្គោះ នោះបងប្អូននឹងមានកម្លាំងធ្វើអ្វីៗគ្រប់យ៉ាង ។ នៅគ្រាខ្លះ ពេលបងប្អូនត្រូវការសេចក្តីស្រឡាញ់ និងការគាំទ្ររបស់យើងបំផុត សូមកុំភាន់ច្រឡំបែរគិតថា ពួកយើងនឹងបដិសេធបងប្អូនឡើយ បើបងប្អូនបោះមួយជំហានថយក្រោយវិញទៅកាន់របៀបរស់នៅពីមុនរបស់បងប្អូននោះ ។ តាមរយៈព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បងប្អូនអាចធ្វើឲ្យជាម្តងទៀត ។ ប៉ុន្តែបើបងប្អូនពួនពីទ្រង់ ហើយធ្វើឲ្យខ្លួនបងប្អូនមានគម្លាតពីសហគមន៍ជំនឿដែលបានរកឃើញថ្មីៗ នោះបងប្អូនធ្វើឲ្យខ្លួនឯងមានគម្លាតពីប្រភពដែលអាច ហើយនឹងផ្ដល់ឲ្យបងប្អូននូវកម្លាំងដើម្បីយកឈ្នះហើយ ។
មិត្តសម្លាញ់របស់ខ្ញុំម្នាក់ជាអ្នកប្រែចិត្តជឿថ្មី បានចែកចាយថាតើវាពិបាកប៉ុនណាដើម្បីទ្រទ្រង់សេចក្តីជំនឿនៅកន្លែងដែលមានតែឯងនោះ ។ ការប្រែក្លាយ និងការបន្តធ្វើជាផ្នែកនៃសហគមន៍ដែលផ្ដល់ការគាំទ្រ គឺមានកម្លាំងដ៏អស្ចារ្យ—មនុស្សទាំងអស់មិនល្អឥតខ្ចោះ តែរីកចម្រើន ខណៈដែលត្រូវបានផ្ដល់ពរដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ការឈ្នះលោកិយពុំមែនជាព្រឹត្តិការណ៍មួយដែលកើតឡើងក្នុងពេលមួយថ្ងៃពីរថ្ងៃនោះទេ ។ វាកើតឡើងពេញមួយជីវិត នៅពេលយើងឱបក្រសោបគោលលទ្ធិនៃព្រះគ្រីស្ទខ្ជាប់ខ្ជួន ។ យើងបណ្តុះសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការប្រែចិត្តជាប្រចាំ និងការរក្សាសេចក្តីសញ្ញាដែលប្រទានអំណាចដល់យើង ។ យើងបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ហើយទទួលពរជ័យឲ្យរឹងមាំខាងវិញ្ញាណ មានវិវរណៈផ្ទាល់ខ្លួន ចម្រើនសេចក្តីជំនឿ និងការងារបម្រើនៃពួកទេវតា ។
បើបងប្អូនមានរបួសខាងរាងកាយ នោះស្ថានភាពរបស់បងប្អូននឹងយ៉ាប់យ៉ឺន ហើយអាចគំរាមកំហែងដល់ជីវិត ប្រសិនបើបងប្អូនមិនទៅជួបពេទ្យទេនោះ ។ នោះក៏ជាការពិតចំពោះរបួសខាងវិញ្ញាណដែរ ។ មានតែរបួសខាងវិញ្ញាណដែលមិនព្យាបាលទេ ដែលអាចគំរាមកំហែងដល់សេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ចរបស់បងប្អូន ។ សូមកុំពួនពីអស់អ្នកដែលស្រឡាញ់ និងគាំទ្របងប្អូន ផ្ទុយទៅវិញ សូមរត់ទៅរកពួកគាត់ ។ ប៊ីស្សព ប្រធានសាខា និងថ្នាក់ដឹកនាំដ៏ល្អ អាចជួយបងប្អូនទទួលបានព្រះចេស្ដានៃការព្យាបាលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ចំពោះអស់អ្នកដែលប្រហែលជាពួន យើងសូមអង្វរបងប្អូនឲ្យត្រឡប់មកវិញ ។ បងប្អូនត្រូវការអ្វីដែលដំណឹងល្អ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផ្ដល់ឲ្យ ហើយយើងត្រូវការអ្វីដែលបងប្អូនផ្ដល់ឲ្យ ។ ព្រះជ្រាបដឹងពីអំពើបាបរបស់បងប្អូន បងប្អូនមិនអាចពួនពីទ្រង់បានឡើយ ។ សូមផ្សះផ្សាខ្លួនបងប្អូននៅចំពោះទ្រង់ ។
ក្នុងនាមជាពួកបរិសុទ្ធរបស់ទ្រង់ យើងម្នាក់ៗត្រូវតែបណ្ដុះនូវវប្បធម៌នៃការមានចំណែកនៅក្នុងសាសនាចក្រនេះ ដែលជាក្តីស្រឡាញ់ ការទទួលយក និងការលើកទឹកចិត្តនៃអស់អ្នកដែលមានបំណងប្រាថ្នាចង់រីកចម្រើននៅលើផ្លូវរបស់ទ្រង់ ។
សូមប្រុងប្រយ័ត្នចំពោះការល្បួងទីពីរនេះ ! សូមធ្វើតាមដំបូន្មានរបស់ព្យាការីទាំងពីបុរាណ និងសម័យទំនើប ហើយដឹងថា បងប្អូនមិនអាចពួនពីព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់នោះទេ ។
ផ្ទុយទៅវិញ ប្រើខ្លួនបងប្អូនដើម្បីទទួលប្រយោជន៍ពីអំណាចនៃការព្យាបាលដ៏អព្ភូតហេតុនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។ នេះគឺជាគោលបំណងដ៏សំខាន់នៃការរស់នៅរបស់យើង—ដើម្បីទទួលបានរូបកាយដែលទន់ខ្សោយ និងរមែងស្លាប់ « ដែលមានការទន់ខ្សោយគ្រប់បែបយ៉ាង » ហើយគួរឲ្យស្តាយវានឹងបង្អោនទៅរកការល្បួងដំបូងជាច្រើន ដើម្បីរីកចម្រើនទោះបីជាយើងធ្លាក់ក្នុងការល្បួងទាំងនេះក្តី និងដើម្បីស្វែងរកជំនួយដ៏ទេវភាព បន្ទាប់ពីធ្លាក់ចូលក្នុងការល្បួងនោះ ដើម្បីយើងអាចប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ និងព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ ។ វាគឺជារបៀបរបស់ទ្រង់ ។ វាគឺជារបៀបតែមួយប៉ុណ្ណោះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។