ការរៀបចំផ្ទាល់ខ្លួនដើម្បីជួបព្រះអង្គសង្រ្គោះ
ធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្រ្គោះ ។ ការណែនាំរបស់ទ្រង់មិនអាថ៌កំបាំង ហើយក៏មិនស្មុគស្មាញដែរ ។ នៅពេលយើងធ្វើតាមការបង្រៀនទាំងនោះ យើងមិនចាំបាច់ភ័យខ្លាច ឬថប់បារម្ភឡើយ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ កាលពីខែតុលាមុន ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ឥឡូវនេះគឺជាពេលវេលាសម្រាប់បងប្អូន និងខ្ញុំ ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ » ។ នៅពេលប្រធាន ណិលសុន ថ្លែងអំពីការយាងមកជាលើកទីពីរ វាពេញដោយសុទិដ្ឋិនិយមដ៏រីករាយជានិច្ច ។ ប៉ុន្ដែនៅពេលថ្មីៗនេះ មានកុមារីម្នាក់នៅអង្គការបឋមសិក្សាប្រាប់ខ្ញុំថា នាងបែរជាមានចិត្តអន្ទះសាទៅវិញ នៅពេលណាដែលគេលើកឡើងអំពីការយាងមកជាលើកទីពីរ ។ នាងបាននិយាយថា « ខ្ញុំភ័យខ្លាច ព្រោះរឿងអាក្រក់ៗនឹងកើតឡើង មុនពេលព្រះយេស៊ូវយាងមកម្តងទៀត » ។
មិនមែនតែកុមារទេ ដែលអាចមានអារម្មណ៍បែបនេះនោះ ។ ដំបូន្មានដ៏ល្អបំផុតសម្រាប់នាង សម្រាប់បងប្អូន និងសម្រាប់ខ្ញុំ គឺការធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ ការណែនាំរបស់ទ្រង់មិនអាថ៌កំបាំង ហើយក៏មិនស្មុគស្មាញដែរ ។ នៅពេលយើងធ្វើតាមការបង្រៀនទាំងនោះ យើងមិនចាំបាច់ភ័យខ្លាច ឬថប់បារម្ភឡើយ ។
នៅជិតចុងបញ្ចប់នៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ គេបានទូលសួរព្រះយេស៊ូវគ្រីស្ទថា តើទ្រង់នឹងយាងមកម្តងទៀតនៅពេលណា ។ ជាការឆ្លើយតប ទ្រង់បានបង្រៀនអំពីរឿងប្រៀបប្រដូចបី ដូចដែលបានកត់ត្រានៅក្នុង ម៉ាថាយ ២៥ អំពីរបៀបរៀបចំខ្លួនដើម្បីជួបនឹងទ្រង់—មិនថានៅឯការយាងមកជាលើកទីពីររបស់ទ្រង់ ឬនៅពេលណាដែលយើងចាកចេញពីពិភពលោកនេះទេ ។ ការបង្រៀនទាំងនេះមានសារៈសំខាន់ ពីព្រោះការរៀបចំផ្ទាល់ខ្លួនដើម្បីជួបនឹងព្រះ គឺជាចំណុចដ៏សំខាន់នៃគោលបំណងក្នុងជីវិតនេះ ។
ដំបូង ព្រះអង្គសង្គ្រោះបានប្រាប់អំពីរឿងប្រៀបប្រដូចនៃស្ត្រីព្រហ្មចារីដប់នាក់ ។ នៅក្នុងរឿងប្រៀបប្រដូចនេះ ស្ដ្រីព្រហ្មចារីដប់នាក់បានទៅពិធីជប់លៀងមង្គលការមួយ ។ ពួកនាងមានគំនិតប្រាំនាក់ បានយកប្រេងតាមដើម្បីចាក់ចង្កៀងខ្លួន ហើយពួកនាងល្ងង់ទាំងប្រាំមិនបានយកប្រេងតាមទេ ។ នៅពេលគេប្រកាសពីការជិតមកដល់របស់កូនកំលោះ ពួកនាងព្រហ្មចារីល្ងង់បានចេញទៅទិញប្រេង ។ នៅពេលពួកគេត្រឡប់មកវិញ វាយឺតពេលទៅហើយ ទ្វារពិធីជប់លៀងនេះបានបិទ ។
ព្រះយេស៊ូវបង្ហាញទិដ្ឋភាពបីនៃរឿងប្រៀបប្រដូចនេះ ដើម្បីជួយដល់យើង ។ ទ្រង់បានពន្យល់ ៖
« ហើយនៅថ្ងៃនោះ ក្នុងកាលដែលយើងនឹងយាងមកដោយនូវសិរីល្អរបស់យើង នោះពាក្យប្រៀបប្រដូចនឹងត្រូវបានសម្រេច ដែលយើងបានមានបន្ទូលអំពីស្រីព្រហ្មចារីដប់នាក់នោះ ។
« ដ្បិតពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវគេបញ្ឆោត—យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹង … ធន់នៅថ្ងៃនោះ » ។
និយាយម្យ៉ាងទៀត ពួកគេមិនចាំបាច់ភ័យខ្លាច ឬថប់បារម្ភឡើយ ព្រោះពួកគេអាចរស់រាន ហើយរីកចម្រើន ។ ពួកគេនឹងឈ្នះ ។
បើយើងមានប្រាជ្ញា យើងនឹងទទួលបានសេចក្ដីពិត ដោយការទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព និងសេចក្ដីសញ្ញា ។ បន្ទាប់មក យើងខិតខំបន្ដមានភាពស័ក្ដិសម ដើម្បីមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើងជានិច្ច ។ សមត្ថភាពនេះត្រូវតែទទួលបានជាលក្ខណៈបុគ្គល និងផ្ទាល់ខ្លួនបន្ដិចម្ដងៗ ។ ទង្វើនៃភក្ដីភាពដ៏ខ្ជាប់ខ្ជួន ផ្ទាល់ខ្លួន និងជាលក្ខណៈឯកជនយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំយើង ។
ទិដ្ឋភាពទីបីដែលព្រះយេស៊ូវបានគូសបញ្ជាក់ គឺការចៀសវាងពីការបោកបញ្ឆោត ។ ព្រះអង្គសង្គ្រោះបានព្រមាន ៖
« ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ។
« ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង » ។
ព្រះអង្គសង្គ្រោះបានជ្រាបថា អ្នកក្លែងបន្លំនឹងព្យាយាមបោកបញ្ឆោតបុគ្គលដែលបានរើសតាំង ហើយថាពួកសិស្សជាច្រើននឹងត្រូវបានបោកបញ្ឆោត ។ យើងមិនគួរជឿអ្នកដែលអះអាងក្លែងក្លាយថាមានអំណាចមកពីព្រះ ឬប្រថុយចូលទៅក្នុងទីរហោស្ថាន ឬបន្ទប់សម្ងាត់ ដើម្បីទទួលបានការបង្រៀនក្លែងក្លាយឡើយ ។
ព្រះគម្ពីរមរមនបង្រៀនយើងពីរបៀបដែលយើងអាចបែងចែករវាងអ្នកបោកបញ្ឆោត និងសិស្សព្រះបាន ។ ពួកសិស្សតែងតែលើកកម្ពស់ដល់ការជឿលើព្រះ ការបម្រើទ្រង់ និងការធ្វើអំពើល្អ ។ យើងនឹងមិនត្រូវបានបោកបញ្ឆោតឡើយ នៅពេលយើងស្វែងរក និងទទួលយកដំបូន្មានពីបុគ្គល ដែលទុកចិត្តបាន ដែលជាសិស្សដ៏ស្មោះត្រង់របស់ព្រះអង្គសង្គ្រោះខ្លួនឯងដែរ ។
យើងក៏អាចចៀសវាងពីការបោកបញ្ឆោតបានផងដែរ តាមរយៈការថ្វាយបង្គំជាទៀងទាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ការណ៍នេះជួយយើងឲ្យបន្ដមានទស្សនវិស័យដ៏អស់កល្បជានិច្ច និងការពារយើងពីឥទ្ធិពលនានា ដែលអាចរំខាន ឬបង្វែងដានយើងពីផ្លូវនៃសេចក្ដីសញ្ញា ។
មេរៀនដ៏សំខាន់នៃរឿងប្រៀបប្រដូច អំពីស្រីព្រហ្មចារីដប់នាក់នេះគឺថា យើងមានប្រាជ្ញា នៅពេលយើងទទួលយកដំណឹងល្អ ខិតខំមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើង និងចៀសវាងពីការបោកបញ្ឆោត ។ ស្ដ្រីព្រហ្មចារីមានគំនិតទាំងប្រាំនាក់មិនអាចជួយស្ដ្រីដែលគ្មានប្រេងបានទេ គ្មាននរណាម្នាក់អាចទទួលយកដំណឹងល្អ មានព្រះវិញ្ញាណបរិសុទ្ធជាអង្គណែនាំ និងចៀសវាងពីការបោកបញ្ឆោតជំនួសយើងបានទេ ។ យើងត្រូវតែធ្វើការណ៍នេះដោយខ្លួនឯង ។
បន្ទាប់មក ព្រះអង្គសង្គ្រោះបានប្រាប់រឿងប្រៀបប្រដូចអំពីប្រាក់ ។ នៅក្នុងរឿងប្រៀបប្រដូចនេះ បុរសម្នាក់បានផ្ដល់លុយចំនួនខុសៗគ្នា ដែលហៅថាប្រាក់ ឲ្យទៅអ្នកបម្រើបីនាក់ ។ គាត់បានឲ្យប្រាក់ប្រាំពាន់ទៅអ្នកបម្រើម្នាក់ ម្នាក់ទៀតគាត់ឲ្យពីរពាន់ ហើយអ្នកទីបីគាត់ឲ្យមួយពាន់ ។ មួយរយៈកន្លងទៅ អ្នកបម្រើពីរនាក់ដំបូងបានបង្កើនប្រាក់ទ្វេដងនៃអ្វីដែលពួកគេបានទទួល ។ ប៉ុន្តែ អ្នកបម្រើទីបីបានកប់ប្រាក់មួយពាន់របស់គាត់ទៅវិញ ។ បុរសនោះបាននិយាយទៅកាន់អ្នកបម្រើទាំងពីរនាក់ ដែលបានបង្កើនប្រាក់របស់ពួកគេទ្វេដងថា « … ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ យើងនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ » ។
បន្ទាប់មក បុរសនោះបានស្ដីបន្ទោសអ្នកបម្រើ ដែលបានកប់ប្រាក់របស់គាត់ថាជា « បាវអាក្រក់ ហើយខ្ជិលច្រអូស » ។ បុរសនោះបានដកយកប្រាក់របស់អ្នកបម្រើរូបនេះមកវិញ ហើយបណ្តេញគាត់ចេញ ។ ប៉ុន្ដែ បើអ្នកបម្រើនេះបានបង្កើនប្រាក់របស់គាត់ទ្វេដងវិញនោះ គាត់នឹងទទួលបានការសរសើរ និងរង្វាន់ដូចគ្នានឹងអ្នកបម្រើផ្សេងទៀតដែរ ។
សារលិខិតមួយនៃរឿងប្រៀបប្រដូចនេះគឺថា ព្រះរំពឹងឲ្យយើងពង្រីកសមត្ថភាពដែលយើងទទួលបាន ប៉ុន្តែទ្រង់មិនចង់ឲ្យយើងប្រៀបធៀបសមត្ថភាពរបស់យើង ទៅនឹងសមត្ថភាពរបស់អ្នកដទៃទៀតឡើយ ។ សូមពិចារណាពីការយល់ដឹងនេះ ដែលផ្ដល់ដោយបញ្ញវន្តជីហ្វហាស៊ីឌីកនៅសតវត្សរ៍ទី ១៨ ឈ្មោះថា ស៊ុសយ៉ា នៃក្រុងអានីផុល ។ ស៊ុសយ៉ា គឺជាគ្រូបង្រៀនដ៏ល្បីល្បាញម្នាក់ ដែលចាប់ផ្ដើមភ័យខ្លាច នៅពេលគាត់ជិតស្លាប់ ។ សិស្សរបស់គាត់បានសួរថា « លោកគ្រូ ហេតុអ្វីបានជាលោកគ្រូញ័រដូច្នេះ ? លោកគ្រូបានរស់នៅជីវិតដ៏ល្អ ប្រាកដណាស់ ព្រះនឹងប្រទានរង្វាន់ដ៏អស្ចារ្យដល់លោកគ្រូ » ។
ស៊ុសយ៉ា បានពោល ៖ « បើព្រះមានបន្ទូលមកខ្ញុំថា ‹ ស៊ុសយ៉ា ហេតុអ្វីបានឯងមិនក្លាយជាម៉ូសេទីពីរ ? › ខ្ញុំនឹងតបថា ‹ ដោយសារទ្រង់មិនបានប្រទានភាពអស្ចារ្យនៃព្រលឹង ដែលទ្រង់បានប្រទានឲ្យម៉ូសេនោះដល់ទូលបង្គំ › ។ ហើយបើខ្ញុំឈរនៅចំពោះ ព្រះ ហើយទ្រង់ មានបន្ទូលថា ‹ ស៊ុសយ៉ា ហេតុអ្វីបានឯងមិនក្លាយជាសាឡូម៉ូនទីពីរ ? › ខ្ញុំនឹងតបថា ‹ ដោយសារទ្រង់មិនបានប្រទានប្រាជ្ញារបស់សាឡូម៉ូននោះដល់ទូលបង្គំ › ។ ប៉ុន្តែ អាឡាសបើខ្ញុំឈរនៅចំពោះអង្គបង្កបង្កើតខ្ញុំ ហើយទ្រង់មានបន្ទូលថា ‹ ស៊ុសយ៉ា ហេតុអ្វីបានឯងមិនក្លាយជា ស៊ុសយ៉ា ? › ហេតុអ្វីបានឯងមិនក្លាយជាមនុស្ស ដែលយើងបានប្រទានសមត្ថភាពឲ្យប្រែក្លាយនោះ ? › នោះហើយជាមូលហេតុដែលខ្ញុំញ័រដូច្នេះ » ។
ពិតណាស់ ព្រះនឹងខកព្រះទ័យ បើយើងមិនពឹងផ្អែកលើបុណ្យគុណ សេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះអង្គសង្គ្រោះ ដើម្បីពង្រីកសមត្ថភាពដែលព្រះបានប្រទានឲ្យយើងទេនោះ ។ ដោយមានជំនួយពេញដោយក្តីស្រឡាញ់របស់ទ្រង់ ទ្រង់រំពឹងឲ្យយើងក្លាយជាបុគ្គលដ៏ល្អបំផុតនៃខ្លួនយើងផ្ទាល់ ។ ត្រង់ដែលថា យើងចាប់ផ្ដើមជីវិតរបស់យើងដោយមានសមត្ថភាពខុសៗគ្នានោះ គឺមិនសំខាន់ចំពោះទ្រង់ឡើយ ។ ហើយវាគួរតែមិនសំខាន់សម្រាប់យើងដែរ ។
ជាចុងក្រោយ ព្រះអង្គសង្គ្រោះបានប្រាប់រឿងប្រៀបប្រដូចអំពីសត្វចៀម និងសត្វពពែ ។ នៅពេលទ្រង់យាងត្រឡប់មកវិញក្នុងសិរីល្អរបស់ទ្រង់ « គ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង » ។
អ្នកដែលនៅខាងស្តាំទ្រង់បានក្លាយជាអ្នកគ្រងមរតកនៅក្នុងនគររបស់ទ្រង់ ហើយអ្នកដែលនៅខាងឆ្វេងទ្រង់មិនទទួលបានមរតកទេ ។ បុគ្គលិកលក្ខណៈដែលខុសគ្នានោះគឺថា តើពួកគេបានឲ្យទ្រង់បរិភោគ ពេលទ្រង់បានឃ្លានឬទេ បានឲ្យទ្រង់ផឹក ពេលទ្រង់បានស្រេកឬទេ បានទទួលទ្រង់ ពេលទ្រង់ជាអ្នកដទៃឬទេ បានស្លៀកពាក់ឲ្យទ្រង់ ពេលទ្រង់នៅអាក្រាតឬទេ បានមកសួរទ្រង់ ពេលទ្រង់បានឈឺ ឬក៏ជាប់គុកឬទេ ។
គ្រប់គ្នាបានងឿងឆ្ងល់ ទាំងអ្នកនៅខាងស្តាំដៃ និងអ្នកនៅខាងឆ្វេងដៃ ។ ពួកគេបានទូលសួរថា តើពួកគេបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយបានទៅជួយ ឬមិនបានទៅជួយទ្រង់នោះពីកាលណា ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលតបថា « យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ។
សារលិខិតនៃរឿងប្រៀបប្រដូចនេះគឺច្បាស់ណាស់ ៖ កាលណាយើងបម្រើដល់មនុស្សទូទៅ នោះយើងបម្រើដល់ព្រះដែរ បើយើងមិនបម្រើទេ នោះយើងខកចិត្តហើយ ។ ទ្រង់រំពឹងឲ្យយើងប្រើអំណោយទាន ទេពកោសល្យ និងសមត្ថភាពរបស់យើង ដើម្បីផ្ដល់ពរជ័យដល់ជីវិតរបស់បុត្រាបុត្រីនៃព្រះវរបិតាសួគ៌ ។ ការជំរុញដ៏ទេវភាពឲ្យបម្រើដល់អ្នកដទៃ ត្រូវបានបង្ហាញនៅក្នុងកំណាព្យមួយ ដែលបាននិពន្ធនៅសតវត្សរ៍ទី ១៩ ដោយកវីហ្វាំងឡង់ឈ្មោះថា យ៉ូហាន លុដវិក រុននើប៊ែក ។ បងប្អូនបង្កើតរបស់ខ្ញុំ និងខ្ញុំបានឮកំណាព្យ « កសិករ ប៉ាវូ » នេះម្តងហើយម្តងទៀតពេញមួយកុមារភាពរបស់យើង ។ នៅក្នុងកំណាព្យនេះ ប៉ាវូគឺជាកសិករដ៏ក្រីក្រម្នាក់ ដែលរស់នៅជាមួយភរិយា និងកូនៗរបស់គាត់នៅក្នុងតំបន់បឹងនៃភាគកណ្ដាលប្រទេសហ្វាំងឡង់ ។ ជាច្រើនឆ្នាំជាប់ៗគ្នា កសិផលរបស់គាត់ភាគច្រើនត្រូវបានបំផ្លាញ មិនថាដោយសារទឹកហូរពីព្រិលដែលរលាយនៅនិទាឃរដូវ ព្យុះទឹកកកនៅរដូវក្តៅ ឬកំណកទឹកកកនៅដើមរដូវស្លឹកឈើជ្រុះនោះទេ ។ រាល់ពេលដែលការប្រមូលផលបានតិចតួច ភរិយារបស់កសិកររូបនេះបានទួញសោកថា « ប៉ាវូ ប៉ាវូ អើយ បងជាបុរសចំណាស់ដ៏កំសត់ ព្រះបានបោះបង់យើងចោលហើយ » ។ ប៉ុន្ដែ ប៉ាវូ បានពោលយ៉ាងអំណត់ថា « អូនលាយសំបកឈើជាមួយម្សៅស្រូវរីតធ្វើនំប៉័ងទៅ ដើម្បីកុំឲ្យកូនៗឃ្លាន ។ បងនឹងខំធ្វើការកាន់តែខ្លាំងដើម្បីបង្ហូរទឹកចេញពីវាលភក់នេះ ។ ព្រះកំពុងសាកល្បងយើង ប៉ុន្តែទ្រង់នឹងផ្គត់ផ្គង់យើង » ។
រាល់ពេលដែលកសិផលត្រូវបានបំផ្លាញ ប៉ាវូបានប្រាប់ភរិយារបស់គាត់ឲ្យបង្កើនបរិមាណសំបកឈើ ដែលនាងលាយជាមួយម្សៅនោះទ្វេដង ដើម្បីកុំឲ្យឃ្លាន ។ គាត់ក៏បានខំធ្វើការកាន់តែខ្លាំងផងដែរ ដោយជីកប្រឡាយដើម្បីបង្ហូរទឹកចេញពីដី និងកាត់បន្ថយភាពងាយរងគ្រោះនៃចម្ការគាត់ទៅនឹងទឹកហូរនៅនិទាឃរដូវ និងកំណកទឹកកកនៅដើមរដូវស្លឹកឈើជ្រុះ ។
បន្ទាប់ពីខំធ្វើការអស់ជាច្រើនឆ្នាំមក នៅទីបំផុត ប៉ាវូបានប្រមូលកសិផលដ៏ច្រើនហូរហៀរ ។ ភរិយារបស់គាត់រីករាយក្រៃលែង « ប៉ាវូ ប៉ាវូ នេះគឺជាពេលវេលាដ៏រីករាយ ! វាគឺជាពេលដើម្បីបោះចោលសំបកឈើ និងដុតនំបុ័ងដោយប្រើតែម្សៅស្រូវរីតហើយ » ។ ប៉ុន្តែ ប៉ាវូបានចាប់ដៃភរិយាគាត់យ៉ាងមាំ ហើយនិយាយថា « អូនលាយម្សៅពាក់កណ្ដាលជាមួយសំបកឈើ ព្រោះចម្ការរបស់អ្នកជិតខាងយើងបានកកអស់ហើយ » ។ ប៉ាវូបានលះបង់ភាពសម្បូរបែបរបស់គាត់ និងគ្រួសារគាត់ ដើម្បីជួយអ្នកជិតខាងដែលរងការខូចខាត និងខ្វះខាតរបស់គាត់ ។
មេរៀនមកពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះអំពីសត្វចៀម និងសត្វពពែគឺថា យើងត្រូវប្រើអំណោយទានដែលយើងទទួលបាន—ពេលវេលា ទេពកោសល្យ និងពរជ័យនានា—ដើម្បីបម្រើបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ជាពិសេសអ្នកងាយរងគ្រោះ និងអ្នកទ័លក្របំផុត ។
ការអញ្ជើញរបស់ខ្ញុំទៅកាន់កុមារអង្គការបឋមសិក្សា ដែលមានការថប់បារម្ភ ដែលខ្ញុំបានរៀបរាប់ខាងលើនេះ និងទៅកាន់បងប្អូនម្នាក់ៗគឺ សូមធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងជឿជាក់លើព្រះវិញ្ញាណបរិសុទ្ធ ដូចដែលបងប្អូនជឿជាក់លើកល្យាណមិត្តម្នាក់ដែរ ។ សូមពឹងផ្អែកលើមនុស្សដែលស្រឡាញ់បងប្អូន និងដែលស្រឡាញ់ព្រះអង្គសង្គ្រោះ ។ សូមស្វែងរកការណែនាំរបស់ព្រះ ដើម្បីអភិវឌ្ឍសមត្ថភាពដ៏ពិសេសរបស់បងប្អូន និងជួយដល់អ្នកដទៃ ទោះជាវាមិនងាយស្រួលក៏ដោយ ។ បងប្អូននឹងត្រៀមខ្លួនរួចជាស្រេចដើម្បីជួបនឹងព្រះអង្គសង្គ្រោះ ហើយបងប្អូនអាចចូលរួមជាមួយប្រធាន ណិលសុន ក្នុងការមានសុទិដ្ឋិនិយមយ៉ាងរីករាយបាន ។ ពេលធ្វើដូច្នោះ នោះបងប្អូនជួយពិភពលោកនេះរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយបងប្អូននឹងទទួលបានពរជ័យឲ្យមានសេចក្ដីសង្ឃឹមគ្រប់គ្រាន់ ដើម្បីអាចបានចូលទៅក្នុងសេចក្ដីសម្រាក និងអំណរនៃព្រះអម្ចាស់ នៅពេលនេះ និងនៅក្នុងពេលអនាគត ។
ដូចដែលយើងច្រៀងនៅក្នុងទំនុកតម្កើងថ្មីមួយរបស់យើង ៖
Rejoice! ( រីករាយ ! ) And prepare for that day! … ( រៀបចំសម្រាប់ថ្ងៃនោះ ! … )
No one knows the day and hour when He will come again ( គ្មាននរណាដឹងថ្ងៃ និងម៉ោងទ្រង់យាងមកម្ដងទៀតទេ )
តែទ្រង់នឹងយាងមកដូចគម្ពីរចែង វានឹងជាថ្ងៃដ៏រីករាយ
When our beloved Savior comes again ( ពេលព្រះអង្គសង្គ្រោះយើងយាងមកម្តងទៀត ) ។
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕