« ត្រឡប់មករកយើង … ដើម្បីយើងអាចប្រោសអ្នកឲ្យបានជា »
មានសេចក្តីអំណរនៅស្ថានសួគ៌ចំពោះអ្នកដែលត្រឡប់មកវិញ ។ វាមិនទាន់យឺតពេលពេកទេសម្រាប់បងប្អូន ដើម្បីត្រឡប់មកវិញ ។
យើងធ្លាប់រស់នៅក្នុងផ្ទះមួយដែលហ៊ុមព័ទ្ធទៅដោយដើមឈើដ៏ធំស្រស់ស្អាតជាច្រើន ។ នៅក្បែរច្រកចូលគឺមានដើមវៀលឡូ ( willow ) ដ៏ធំស្រស់ស្អាតមួយដើម ។ នៅយប់ដ៏សោកសៅមួយ ព្យុះដ៏កំណាចបានបក់ ហើយដើមវៀលឡូ ( willow ) នោះបានដួលរលំ ។ វាបានដួលរលំទៅលើដីហើយឫសរបស់វាក៏រលើងឡើង នោះពិតជាទិដ្ឋភាពមួយគួរឲ្យសោកស្តាយ ។
ខ្ញុំបានត្រៀមយករណារដើម្បីទៅអារដើមនោះសម្រាប់ធ្វើជាអុស ខណៈនោះអ្នកជិតខាងរបស់យើងបានរត់មកឃាត់ខ្ញុំ ។ គាត់បានបន្ទោសខ្ញុំដែលបោះបង់ដើមនេះចោល ហើយគាត់បានដាស់តឿនយើងកុំឲ្យអារបំផ្លាញវាអី ។ បន្ទាប់មក គាត់ចង្អុលទៅឫសមួយដែលជាប់នៅក្នុងដីនៅឡើយ ហើយនិយាយថា ប្រសិនបើយើងដាក់ទល់ដើមឈើនេះឡើងវិញ កាត់មែករបស់វាចេញ ហើយចិញ្ចឹមបីបាច់វា នោះវានឹងចាក់ឫសឡើងវិញម្តងទៀត ។
ខ្ញុំមានការងឿងឆ្ងល់ ហើយសង្ស័យថា តើដើមឈើមួយដែលដួលរលំ និងរលើងឫសផងនេះអាចរស់រានមានជីវិតឡើងវិញដោយរបៀបណា ។ ខ្ញុំបានលើកហេតុផលថា បើសិនជាវាចាប់ផ្តើមលូតលាស់ម្តងទៀតក៏ដោយ ក៏វាប្រាកដជាមិនរស់ទេពេលមានព្យុះម្តងទៀតនោះ ។ ប៉ុន្តែដោយដឹងថា អ្នកជិតខាងរបស់យើងជឿថាដើមឈើនេះនៅតែមានសង្ឃឹម នោះយើងបានធ្វើតាមផែនការនោះ ។
ហើយលទ្ធផលទៅជាយ៉ាងណា ? មួយរយៈក្រោយមក យើងបានឃើញថាវារស់រានឡើងវិញ នៅពេលដែលដើមឈើនោះចាប់ផ្តើមចាក់ឫស ។ ១២ឆ្នាំក្រោយមក ឥឡូវនេះដើមនោះមានភាពរស់រវើក និងបែកមែកសាខាជាមួយនឹងឫសដ៏រឹងមាំ ហើយផ្តល់នូវភាពស្រស់ស្អាតដល់ទេសភាពជាថ្មីម្តងទៀត ។
ខណៈពេលខ្ញុំជួបជាមួយនឹងពួកបរិសុទ្ធនៅជុំវិញពិភពលោក នោះខ្ញុំបាននឹកដល់ដើមវៀលឡូ ( willow ) មួយដើមនោះ និងពីរបៀបដែលមានសេចក្តីសង្ឃឹមទោះបីនៅពេលដែលអ្វីទាំងអស់ហាក់ដូចជាបាត់បង់ក្តី ។ មនុស្សខ្លះធ្លាប់មានទីបន្ទាល់អំពីដំណឹងល្អដ៏រឹងមាំ និងស្រស់ស្អាតដូចជាដើមវៀលឡូ ( willow ) នោះផងដែរ ។ បន្ទាប់មកដោយសារហេតុផលផ្ទាល់ខ្លួន ទីបន្ទាល់ទាំងនោះបានចុះខ្សោយ ដែលនាំទៅរកការបាត់បង់សេចក្តីជំនឿ ។ អ្នកខ្លះផ្សេងទៀតតោងជាប់ជាមួយនឹងឫសដ៏តូចបំផុតដែលនៅក្នុងដីនៃដំណឹងល្អ ។
ប៉ុន្តែម្តងហើយម្តងទៀត ខ្ញុំត្រូវបានបំផុសគំនិតដោយដំណើររឿងរបស់មនុស្សជាច្រើន ដែលបានជ្រើសរើសដើម្បីបន្តភាពជាសិស្សរបស់ពួកគេ ហើយត្រឡប់មកផ្ទះនៃសាសនាចក្ររបស់ពួកគេវិញ ។ ជាជាងការបោះបង់ចោលសេចក្តីជំនឿ និងការជឿរបស់ពួកគេដូចជាអុសដែលគ្មានតម្លៃ ផ្ទុយទៅវិញពួកគេបានឆ្លើយតបទៅនឹងការបំផុសខាងវិញ្ញាណ និងការអញ្ជើញដោយក្តីស្រឡាញ់ដើម្បីត្រឡប់មកវិញ ។
ខ្ញុំបានចូលរួមសន្និសីទស្តេកមួយនៅប្រទេសកូរ៉េ មានសមាជិកដែលបានត្រឡប់មកវិញម្នាក់បានចែកចាយថា ៖ « ខ្ញុំសូមអរគុណបងប្អូនប្រុសទាំងឡាយចំពោះឆន្ទៈរបស់ពួកគេក្នុងការទទួលយកកង្វះខាតសេចក្តីជំនឿ និងភាពទន់ខ្សោយរបស់ខ្ញុំ ដែលឈោងមកជួយខ្ញុំ និងសម្រាប់សមាជិកដែលតែងតែមានចិត្តសប្បុរសចំពោះខ្ញុំ ។ ខ្ញុំនៅមានមិត្តភក្តិជាច្រើននៅជុំវិញខ្ញុំដែលមិនសូវសកម្ម ។ វាគួរឲ្យអស់សំណើចណាស់ ប៉ុន្តែពួកគេប្រាប់គ្នាទៅវិញទៅមកឲ្យត្រឡប់ទៅសាសនាចក្រដើម្បីទទួលបានសេចក្តីជំនឿរបស់ពួកគេវិញ ។ ខ្ញុំគិតថា ប្រហែលជាពួកគេទាំងអស់នោះ ប្រាថ្នាចង់បានសេចក្តីជំនឿ ហើយមើលទៅ » ។
ជូនចំពោះអ្នកទាំងឡាយដែលប្រាថ្នាចង់បានសេចក្តីជំនឿ យើងសូមអញ្ជើញបងប្អូនឲ្យត្រឡប់មកវិញ ។ ខ្ញុំសន្យាថា សេចក្តីជំនឿរបស់បងប្អូនអាចត្រូវបានពង្រឹង នៅពេលបងប្អូនថ្វាយបង្គំជាមួយពួកបរិសុទ្ធម្តងទៀត ។
អតីតអ្នកផ្សព្វផ្សាយសាសនាមកពីអាហ្វ្រិកម្នាក់បានសរសេរសុំទោសទៅកាន់អ្នកដឹកនាំជាន់ខ្ពស់នៃសាសនាចក្រ និងស្វែងរកការអភ័យទោសចំពោះការខឹងសម្បាដោយការបង្រៀនរបស់លោកអំពីប្រពៃណីទំនៀមទម្លាប់ជាក់លាក់មួយ ដែលនាំឲ្យគាត់ចាកចេញពីសាសនាចក្រ ។ គាត់បានបង្ហាញយ៉ាងទន់ភ្លន់ថា ៖ « គួរឲ្យស្តាយណាស់ រឿងដែលខ្ញុំបានអាក់អន់ចិត្តកាលពី ១៥ ឆ្នាំមុនបានធ្វើឲ្យខ្ញុំបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំបានបាត់បង់យ៉ាងច្រើន—ច្រើនជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃទៅទៀត ។ ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលខ្ញុំបានបង្កឡើង ប៉ុន្តែសំខាន់បំផុតនោះ ខ្ញុំរីករាយដែលខ្ញុំបានរកឃើញផ្លូវត្រឡប់មកវិញ » ។
ចំពោះអ្នកទាំងអស់ដែលដឹងអ្វីដែលបងប្អូនបានបាត់បង់ យើងសូមអញ្ជើញបងប្អូនឲ្យត្រឡប់មកវិញ ដើម្បីបងប្អូនភ្លក់ផលផ្លែដ៏រីករាយនៃដំណឹងល្អម្តងទៀត ។
បងស្រីម្នាក់នៅសហរដ្ឋអាមេរិកបានចាកចេញពីសាសនាចក្រអស់រយៈពេលជាច្រើនឆ្នាំ ។ ដំណើររឿងរបស់គាត់អំពីការត្រលប់មកវិញរួមមានមេរៀនដ៏មានឥទ្ធិពលសម្រាប់ឪពុកម្តាយ និងសមាជិកគ្រួសារដែលរងការឈឺចាប់ដោយសារមនុស្សជាទីស្រឡាញ់បានចាកចេញទៅ ។ គាត់បានសរសេរ ៖
« ខ្ញុំអាចរៀបរាប់ហេតុផលជាច្រើនសម្រាប់មូលហេតុដែលខ្ញុំបានដើរចេញពីសាសនាចក្រ ដំណឹងល្អ និងចុងក្រោយបំផុតគឺគ្រួសាររបស់ខ្ញុំ ។ ប៉ុន្តែទាំងអស់នោះមិនសំខាន់នោះទេ ។ ខ្ញុំមិនត្រឹមតែបានធ្វើការសម្រេចចិត្តសំខាន់មួយដើម្បីចាកចេញពីសាសនាចក្រនោះទេ—ប្រហែលជាបានធ្វើរហូតដល់មួយពាន់ជម្រើសឯណោះ ។ ប៉ុន្តែរឿងមួយដែលខ្ញុំដឹងជានិច្ចនោះ គឺថាឪពុកម្តាយរបស់ខ្ញុំបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ហើយពួកគាត់បានបន្តប្រកាន់ខ្ជាប់វារហូតមក ។ គឺពួកគាត់បានជ្រើសរើសដើម្បីស្រឡាញ់ខ្ញុំ ។
« ខ្ញុំមិនអាចដឹងបានទេថាមានទឹកភ្នែកប៉ុន្មានដែលបានស្រក់ មានប៉ុន្មានយប់ដែលមិនបានគេងលក់ ឬពាក្យអធិស្ឋានដោយអស់ពីចិត្តប៉ុន្មានដងដែលបាននិយាយជំនួសឲ្យខ្ញុំ ។ ពួកគាត់មិនបានរិះគន់អំពើបាបរបស់ខ្ញុំទេ ផ្ទុយទៅវិញពួកគាត់បានបង្ហាញសេចក្តីស្រឡាញ់ដល់ខ្ញុំ នៅពេលខ្ញុំកំពុងប្រព្រឹត្តអំពើបាបក៏ដោយ ។ ពួកគាត់មិនបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនស្វាគមន៍នៅក្នុងផ្ទះរបស់ពួកគាត់ និងនៅក្នុងការជួបជុំគ្រួសារឡើយ គឺខ្ញុំផ្ទាល់នេះឯងដែលជាអ្នកមានអារម្មណ៍ទាំងនោះ ។ ផ្ទុយទៅវិញ ពួកគាត់បានបន្តស្វាគមន៍ខ្ញុំរហូត ។ ពួកគាត់ច្បាស់ជាបានឃើញពន្លឺរបស់ខ្ញុំចុះស្រអាប់ជាយូរមកហើយ ។ ប៉ុន្តែពួកគាត់បានដឹងថា មនុស្សដែលពួកគាត់ធ្លាប់បានឃើញកាលពីមុននោះ គ្រាន់តែជាស្រមោលពីអតីតកាលរបស់ខ្ញុំប៉ុណ្ណោះ ។
« ផ្លូវចាកចេញពីសាសនាចក្ររបស់ខ្ញុំមានលក្ខណៈស្មុគស្មាញ ដូច្នេះផ្លូវត្រឡប់មកវិញរបស់ខ្ញុំក៏ស្មុគស្មាញដូចគ្នាដែរ ។ ប៉ុន្តែរឿងមួយដែលមិនសូវពិបាកក្នុងការត្រឡប់មកវិញនោះ គឺអារម្មណ៍នៃការត្រឡប់មកផ្ទះវិញ ជាកន្លែងដែលខ្ញុំមានចំណែក » ។
សារលិខិតរបស់ខ្ញុំថ្ងៃនេះ ជាពិសេសទៅកាន់អ្នកទាំងអស់ដែលធ្លាប់មានអារម្មណ៍នៃព្រះវិញ្ញាណ ប៉ុន្តែសួរថា តើមានផ្លូវត្រឡប់មកវិញ ឬកន្លែងសម្រាប់បងប្អូននៅក្នុងសាសនាចក្រដែលបានស្តារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទឬអត់។ សារលិខិតរបស់ខ្ញុំក៏សម្រាប់អ្នកដែលកាន់មិនសូវជាប់ ឬអ្នកដែលត្រូវបានល្បួងឲ្យដើរចេញផងដែរ ។
សារលិខិតនេះមិនមែនជាបញ្ហាប្រឈមទេ ហើយវាក៏មិនមែនជាការថ្កោលទោសនោះដែរ ។ សារលិខិតនេះគឺជាការអញ្ជើញ ដែលផ្តល់ឲ្យដោយសេចក្តីស្រឡាញ់ និងបំណងប្រាថ្នាដ៏សោ្មះ ក្នុងការស្វាគមន៍បងប្អូនឲ្យត្រឡប់មកកាន់គេហដ្ឋានខាងវិញ្ញាណវិញ ។
ខ្ញុំបានអធិស្ឋានថា បងប្អូននឹងទទួលអារម្មណ៍នៃទីបន្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធពេលដែលបងប្អូនឮការអញ្ជើញប្រកបដោយក្តីស្រឡាញ់ និងការសន្យាដ៏អស្ចារ្យនេះមកពីព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទរបស់យើង ៖
« តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿ ដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? »
ជារៀងរាល់សប្តាហ៍ មនុស្សជាច្រើនកំពុងឆ្លើយតបទៅនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ដោយត្រឡប់ទៅកាន់ភាពជាសិស្ស និងសកម្មភាពសាសនាចក្រ ដើម្បីស្វែងរកដោយស្ងៀមស្ងាត់ និងដោយរាបសានូវការព្យាបាលដែលព្រះយេស៊ូវបានសន្យា ។ កំណត់ត្រាបង្ហាញពីចំនួនដ៏ច្រើននៃយុវវ័យរបស់យើងកំពុងជ្រើសរើសដើម្បីបន្តរឹងមាំ និងដើម្បីបង្កើនសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ដែលផ្ទុយពីការនិយាយតៗគ្នាពេលខ្លះ ។
នៅពេលដែលអ្នកដើរតាមរបស់ព្រះយេស៊ូវមួយចំនួននៅក្រុងកាពើណិមបានរកឃើញការបង្រៀនរបស់ទ្រង់ពិបាក ហើយបានជ្រើសរើសចាកចេញ នោះទ្រង់បានងាកទៅសាវករបស់ទ្រង់ ហើយសួរថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? »
នេះគឺជាសំណួរដែលយើងម្នាក់ៗត្រូវឆ្លើយនៅពេលដែលយើងប្រឈមមុខនឹងពេលវេលាសាកល្បងរបស់យើងរៀងៗខ្លួន ។ ការឆ្លើយតបរបស់ពេត្រុសទៅកាន់ព្រះយេស៊ូវគឺមិនចេះចប់ និងដោយឧឡារិក ៖ « តើយើងនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ។
ដូច្នេះនៅពេលបងប្អូនពិចារណាការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យត្រឡប់ទៅរកទ្រង់វិញ តើបងប្អូនអាចរៀនអ្វីខ្លះមកពីដំណើររឿងនៃដើមវៀលឡូ ( willow ) នេះ ?
-
ជាញឹកញាប់ ដំណើរត្រឡប់មកវិញគឺមិនងាយ ឬសុខស្រួលនោះទេ ប៉ុន្តែវាមានតម្លៃ ។ នៅពេលដែលដើមវៀលឡូ ( willow ) របស់យើងបានដុះត្រង់ឡើងវិញ នោះមែកទាំងអស់របស់វាត្រូវបានកាត់ចោល ។ វាមិនស្អាតនោះទេ ។ យើងក៏អាចមានអារម្មណ៍ងាយរងគ្រោះ នៅពេលដែលយើងលះបង់ចោលផ្លូវចាស់ និងត្រូវបានរលាស់ចោលនូវការឆ្មើងឆ្មៃ ។ ការផ្តោតលើសេចក្តីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់—ដើម និង ឫស—នឹងផ្តល់ឲ្យបងប្អូននូវក្តីសង្ឃឹម និងភាពក្លាហានដើម្បីបោះជំហានដំបូងនោះត្រឡប់មកវិញ ។
-
វាបានចំណាយពេលជាច្រើនឆ្នាំសម្រាប់ដើមវៀលឡូ ( willow ) របស់យើង ដើម្បីទទួលបានកម្លាំង និងភាពស្រស់ស្អាតពីមុនរបស់វាឡើងវិញ ។ ឥឡូវនេះវាកាន់តែរឹងមាំ និងស្រស់ស្អាតជាងមុន ។ សូមអត់ធន់ នោះសេចក្តីជំនឿ និងទីបន្ទាល់របស់បងប្អូនក៏រីកចម្រើនផងដែរ ។ ការណ៍នេះរាប់បញ្ចូលទាំងការមិនប្រកាន់ខឹងចំពោះការនិយាយមិនប្រុងប្រយ័ត្នដូចជា « តើបងប្អូននៅឯណាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ? »
-
ដើមវៀលឡូ ( willow ) នឹងមិនរស់រានទេ បើគ្មានការថែទាំ និងចិញ្ចឹមបីបាច់ជាប្រចាំនោះ ។ បងប្អូននឹងចិញ្ចឹមបីបាច់សេចក្តីជំនឿ និងទីបន្ទាល់របស់បងប្អូន នៅពេលបងប្អូនទទួលទានសាក្រាម៉ង់ជារៀងរាល់សប្តាហ៍ និងថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។
-
ដូចជាដើមវៀលឡូ ( willow ) ត្រូវការពន្លឺព្រះអាទិត្យសម្រាប់មែកធាង និងស្លឹករបស់វាម្តងទៀតដែរ ទីបន្ទាល់របស់បងប្អូននឹងរីកលូតលាស់ពេលបងប្អូននៅតែបន្តទទួលអារម្មណ៍ និងសាក្សីពីព្រះវិញ្ញាណ ។ សូមរៀនពី អាមូលេកដែលបានពិពណ៌នាពី ពេលដែលគាត់បានក្លាយជាសមាជិកអសកម្មដោយថ្លែងថា « ខ្ញុំត្រូវបានហៅជាច្រើនដង តែខ្ញុំធ្វើមិនឭ » ។
-
អ្នកជិតខាងរបស់ខ្ញុំបានដឹងពីអ្វីដែលដើមវៀលឡូ ( willow ) អាចក្លាយទៅជាម្តងទៀតបាន ។ ដូចគ្នានេះ ព្រះអម្ចាស់ទ្រង់ជ្រាបពីសក្តានុពលដ៏ទេវភាពរបស់បងប្អូន និងអ្វីដែលសេចក្តីជំនឿ និងទីបន្ទាល់របស់បងប្អូនអាចក្លាយទៅជាផងដែរ ។ ទ្រង់នឹងពុំបោះបង់យើងចោលឡើយ ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ អ្វីៗទាំងអស់ដែលខូចអាចព្យាបាលបាន ។
ខ្ញុំធ្វើជាសាក្សីថាមានសេចក្តីអំណរក្នុងស្ថានសួគ៌ចំពោះអ្នកដែលត្រឡប់មកវិញ ។ បងប្អូនមានគេស្រឡាញ់ និងមានគេត្រូវការ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ហើយថាទ្រង់ប្រទានពរដល់អ្នកទាំងអស់ដែលត្រឡប់មករកទ្រង់វិញដោយក្ដីអំណរនិងភាពសុខសាន្តដ៏មហិមាជាងមុន ។ ព្រះពាហុរបស់ទ្រង់មិនបានបិទទេ ប៉ុន្តែបានបើក និងលាតសន្ធឹងមករកបងប្អូន ។ វាមិនទាន់យឺតពេលពេកទេ សម្រាប់បងប្អូនដើម្បីត្រឡប់មកវិញ ។ យើងសូមស្វាគមន៍បងប្អូនមកផ្ទះវិញដោយក្ដីស្រឡាញ់អស់ពី ដួងចិត្តរបស់ពួកយើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕