សន្និសីទទូទៅ
ចូលរួម​ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​វិញ​របស់​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ២០២៥


11:24

ចូលរួម​ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​វិញ​របស់​ព្រះគ្រីស្ទ

ការហៅ និង​របៀប​ផ្សេងទៀត​ដែល​យើង​ចាប់ផ្តើម​ក្នុង​កិច្ចការ​របស់​ព្រះ រៀបចំ​យើង​ដើម្បី​ជួប​ព្រះអង្គសង្គ្រោះ​ជា​ពិសេស ។

កាល​ពី​ពីរបីខែ​កន្លង​ទៅ ខ្ញុំ​បានឈរ​នៅ​ច្រកដើរ នៅពេល​ដែល​អែលឌើរ នែល អិល អាន់ឌើរសិន ដើរ​កាត់ ។ ខ្ញុំ​ទើប​តែ​ត្រូវ​បានហៅ​ជា​ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ។ ទំនង​ជា​ដឹង​ពី​អារម្មណ៍​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​របស់ខ្ញុំ គាត់​បានញញឹម ហើយ​មាន​ប្រសាសន៍​ថា « មែនហើយ នោះ​គាត់​ដូចជា​បុរស​ម្នាក់​ដែល​មិន​ដឹង​ថា​គាត់​កំពុងតែ​ធ្វើ​អ្វី​នោះ​ទេ » ។

ហើយ​ខ្ញុំ​គិត​ថា « មាន​ព្យាការី និង​អ្នក​មើលឆុត​ដ៏​ពិត » ។

អែលឌើរ អាន់ឌើរសិន បន្ទាប់មក​បានខ្សឹប​ថា « កុំ​បារម្ភ​អី អែលឌើរ ហ្សាមវ៉េ ។ តែ​ប្រាំ ឬ​ប្រាំមួយ​ឆ្នាំ​ទៀត—នឹង​មានភាព​ងាយស្រួល​ហើយ » ។

តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថាតើ​ហេតុអ្វី​យើង​ត្រូវ​បានសុំ​ឲ្យ​ធ្វើ​កិច្ចការ​នៅក្នុង​នគរ​របស់​ព្រះ ដែល​មាន​អារម្មណ៍​ថា​ហួស​ពី​សមត្ថភាព​របស់​យើង​ដែរ​ឬ​ទេ ? ដោយ​ជីវិត​មាន​តម្រូវការ​ច្រើន តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ ថា​ហេតុអ្វី​យើង​ចាំបាច់​មាន​ការហៅ​បម្រើ​នៅក្នុង​សាសនាចក្រ ? ខ្ញុំ​បាន​ធ្លាប់​ឆ្ងល់​បែបនេះ ។

ហើយ​ខ្ញុំ​បាន​ទទួល​ចម្លើយ​នៅក្នុង​សន្និសីទ​ទូទៅ នៅពេល​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ឥឡូវ​នេះ​គឺជា​ពេលវេលា​សម្រាប់​បងប្អូន និង​ខ្ញុំ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។ នៅពេល​ប្រធាន ណិលសុន មាន​ប្រសាសន៍​ពី​រឿង​នេះ ព្រះវិញ្ញាណ​បានបង្រៀន​ខ្ញុំ​ថា នៅពេល​យើង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ នោះ​យើង​រៀបចំ​ខ្លួនយើង និង​មនុស្ស​ដទៃទៀត​សម្រាប់​ការយាង​មកវិញ​របស់​ព្រះ​គ្រីស្ទ ។ ការសន្យា​របស់​ព្រះអម្ចាស់​គឺ​សំខាន់​ដែល​ថា ការហៅ ការងារបម្រើ ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ការធ្វើតាម​ការបំផុសគំនិត និង​របៀប​ផ្សេងទៀត​ដែល​យើង​ចាប់ផ្តើម​ក្នុង​កិច្ចការ​របស់​ព្រះ រៀបចំ​យើង​ដើម្បី​ជួប​ព្រះអង្គ​សង្គ្រោះ​ជា​ពិសេស ។

ព្រះ​សព្វ​ព្រះហឫទ័យ​នៅពេល​យើង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ទ្រង់

នៅ « គ្រា​ដ៏​សំខាន់​នេះ » កាល​នគរ​របស់​ព្រះ​រីកចម្រើន ហើយ​មាន​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​នៅលើ​ផែនដី នោះ​មាន​តម្រូវការ​ជា​បន្ដបន្ទាប់​នូវ​ដួងចិត្ត​ដែល​ស្ម័គ្រតាម​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ ។ ការបម្រើ​ដោយ​មិនគិត​ពីខ្លួនឯង គឺ​ជា​ភាព​ដ៏​ប្រសើរបំផុត​នៃ​ភាពជា​សិស្ស​ដូចជា​ព្រះគ្រីស្ទ ។ ប៉ុន្តែ​ការបម្រើ​កម្រ​នឹង​ងាយស្រួល​ណាស់ ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​កោតសរសើរ​ដល់​បងប្អូន ជា​ពួកសិស្ស​ដែល​រក្សា​សេចក្តីសញ្ញា រួម​ទាំង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជាទីស្រឡាញ់​របស់​យើង​ផង ដែល​ជា​អ្នក​ទុក​បំណងប្រាថ្នា និង​ឧបសគ្គ​របស់​ខ្លួន​មួយ​អន្លើ ដើម្បី​បម្រើ​ព្រះ ដោយ​ការបម្រើ​បុត្រាបុត្រី​របស់​ទ្រង់ ។ ព្រះ « អររីករាយ​នឹង​ឲ្យ​កិត្តិយស​ដល់​[ បងប្អូន​ដែល​បម្រើ​ទ្រង់ ]ដោយ​នូវ​សេចក្ដី​សុចរិត » ។ ទ្រង់​សន្យា​ថា « នឹង​មាន​ភាព​មហិមា​ណាស់​រង្វាន់​[ របស់​បងប្អូន ] ហើយ​ភាព​អស់​កល្ប​ជានិច្ច​នឹង​ទៅ​ជា​សិរី​ល្អ​[ របស់​បងប្អូន ] » ។ នៅពេល​យើង​និយាយ​ថា បាទឬ​ចាស ចំពោះ​ការបម្រើនោះ យើង​កំពុង​និយាយ​ថា បាទឬ​ចាស ចំពោះ​ព្រះ​យេស៊ូវគ្រីស្ទ​ដែរ ។ ហើយ​នៅពេល​យើង​និយាយ​ថា បាទឬ​ចាស ចំពោះ​ព្រះគ្រីស្ទ នោះ​យើង​កំពុង​និយាយ​ថា បាទឬ​ចាស ទៅកាន់​ជីវិត​ដែល​អាច​មាន​ភាពសម្បូរ​បែប ។

ខ្ញុំ​បានរៀន​មេរៀន​នេះ​ខណៈពេល​កំពុង​ធ្វើការ និង​សិក្សា​ផ្នែក​វិស្វកម្ម​គីមី​នៅក្នុង​មហាវិទ្យាល័យ ។ ខ្ញុំ​ត្រូវបាន​សុំឲ្យ​ធ្វើ​ជា​អ្នក​ដាក់​ផែនការ​សម្រាប់​សកម្មភាព​សម្រាប់​វួដ​អ្នក​នៅលីវ ។ ការហៅ​បម្រើ​នេះ​គឺជា​សុបិន​ដ៏អាក្រក់​របស់​ខ្ញុំ ។ ប៉ុន្ដែ ខ្ញុំ​នៅ​តែ​ទទួល​យក​វា ហើយ​ដំបូង​វា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់ ។ កាលនោះ នៅឯ​សកម្មភាព​មួយ​មាន​យុវតី​ដ៏ស្រស់ស្អាត​ម្នាក់​លង់​ស្រឡាញ់​ខ្ញុំ ហាក់ដូច​ជា​របៀប​ដែល​ខ្ញុំ​ដួស​ការ៉េម​នោះ​គួរឲ្យចាប់ចិត្ដ​ណាស់​អ៊ីចឹង ។ នាង​បាន​ត្រឡប់​មក​បី​ដង ដោយ​សង្ឃឹម​ថា​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ ។ យើង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ហើយ​នាង​បាន​សុំ​ខ្ញុំ​រៀបការ​នៅ​ពីរសប្តាហ៍​ក្រោយ​មក ។ មែនហើយ វា​ប្រហែល​ជា​មិន​លឿន​បែប​នោះ​ទេ ហើយ​ខ្ញុំ​គឺជា​អ្នក​សុំ​នាង​រៀបការ ប៉ុន្តែ​ការពិត​នោះ​គឺ​បែបនេះ ៖ ខ្ញុំ​ខ្លាច​ខកខាន​មិនបាន​ជួប ហៃឌី ប្រសិនបើ​ខ្ញុំ​មិន​បាន​ទទួល​ការហៅ​បម្រើ​មួយ​នោះ​ទេ ។

ការចូលរួម​របស់​យើង​គឺជា​ការរៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​វិញ​របស់​ព្រះគ្រីស្ទ

យើង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ មិន​មែន​ដោយសារ​ព្រះ​ត្រូវការ​យើង​ទេ ប៉ុន្តែ​ដោយសារ​យើង​ត្រូវការ​ព្រះ និង​ពរជ័យ​ដ៏​មហិមា​របស់​ទ្រង់ ។ ទ្រង់​សន្យា​ថា « ដ្បិត​មើលចុះ យើង​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក​ណា ដែល​ធ្វើការ​នៅក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​ដោយ​ព្រះ​ពរ​ដ៏​ធំ » ។ សូម​ឲ្យ​ខ្ញុំ​ចែកចាយ​គោលការណ៍​បី​ដែល​បង្រៀន​ពី​របៀប​ដែល​ការចូលរួម​របស់​យើង​នៅក្នុង​កិច្ចការ​របស់​ព្រះ ផ្តល់​ពរជ័យ និង​ជួយ​យើង​រៀបចំ​ខ្លួន​ដើម្បី​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ ។

ទីមួយ នៅពេល​យើង​ចូលរួម យើង​រីកចម្រើន​ឆ្ពោះ​ទៅរក « កម្រិត​នៃ​ការបង្កបង្កើត [ របស់យើង ] »

យើង​រៀន​ពី​គំរូ​នេះ​នៅក្នុង​ដំណើររឿង​នៃ​ការបង្កបង្កើត ។ បន្ទាប់ពី​ធ្វើ​ការនៅ​ថ្ងៃ​នីមួយៗ ព្រះ​ទទួលស្គាល់​ការរីកចម្រើន​ដោយ​មាន​បន្ទូល​ថា « ល្អ » ។ ទ្រង់​ពុំ​បាន​មាន​បន្ទូលថា ការងារ​នេះ​បាន​ធ្វើរួចរាល់​ហើយ ឬ​ថា​វា​បាន​ឥតខ្ចោះ​នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​ទ្រង់​មាន​ព្រះបន្ទូល​គឺ​ថា មាន​ការរីកចម្រើន ហើយ​នៅក្នុង​ព្រះនេត្រ​ព្រះ នោះ​គឺជា​ការល្អ !

ការហៅ​បម្រើ​មិន​កំណត់ ឬ​បញ្ជាក់​តម្លៃ ឬ​ភាពស័ក្តិសម​របស់​បុគ្គល​មួយ​រូប​នោះ​ទេ ។ ផ្ទុយ​ទៅវិញ នៅពេល​យើង​ធ្វើការ​ជាមួយ​ព្រះ​តាម​របៀប​អ្វី​ក៏​ដោយ​ដែល​ទ្រង់​បាន​បង្គាប់ នោះ​យើង​រីកចម្រើន​ទៅក្នុង​កម្រិត​នៃ​ការបង្កបង្កើត​របស់​យើង​ផ្ទាល់ ។

ព្រះ​ទ្រង់​រីករាយ​ឃើញ​យើង​រីកចម្រើន ដូច្នេះហើយ​យើង​គួរតែ​រីករាយ​ដែរ ទោះបី​នៅពេល​យើង​នៅតែ​មាន​ការងារ​ត្រូវ​ធ្វើ​ក៏​ដោយ ។ នៅពេល​ខ្លះ យើង​ខ្វះ​កម្លាំង ឬ​មធ្យោបាយ​ដើម្បី​បម្រើ​នៅក្នុង​ការហៅ​បម្រើ​មួយ ។ យើងនៅតែ​អាច​ចូលរួម​ក្នុង​កិច្ចការ​នេះ ហើយ​ការពារ​ទីបន្ទាល់​របស់​យើង តាម​របៀប​ដ៏​មាន​អត្ថន័យ​ដូចជា​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ។ ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង​មិន​បាន​ដាក់ទោស​យើង នៅពេល​យើង​ស្ម័គ្រចិត្ត​ធ្វើ ប៉ុន្តែ​មិន​មាន​សមត្ថភាព​ដើម្បី​បម្រើ​នោះ​ឡើយ ។

ទីពីរ ការបម្រើ​លើកកម្ពស់​គេហដ្ឋាន និង​ព្រះវិហារ​របស់យើង​ឲ្យទៅ​ជា​ទី​ដ៏បរិសុទ្ធ ដែល​យើង​អាច​អនុវត្ត​ការរស់នៅ​តាម​សេចក្តីសញ្ញា ។

ឧទាហរណ៍ សេចក្តីសញ្ញា​របស់​យើង​ថា​ត្រូវ​ចងចាំ​ព្រះគ្រីស្ទ​ជានិច្ច​គឺ​បាន​ធ្វើឡើង​រៀងៗ​ខ្លួន ប៉ុន្តែ​យើង​បន្ដ​រស់នៅ​តាម​សេចក្ដី​សញ្ញា​នេះ នៅពេល​យើង​បម្រើ​អ្នក​ដទៃ ។ ការហៅ​បម្រើ​ហ៊ុមព័ទ្ធ​យើង​ដោយ​ឱកាស​ដើម្បី​ជួយ « ទទួល … បន្ទុក​គ្នា​ទៅវិញ​ទៅមក ដូច្នោះហើយ បំពេញ​នូវ​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ » ។ នៅពេល​យើង​បម្រើ ដោយសារ​យើង​ស្រឡាញ់​ព្រះ ហើយ​ចង់​រស់នៅ​តាម​សេចក្តីសញ្ញា​របស់​យើង នោះ​ការបម្រើ​ដែល​ហាក់ដូចជា​​កាតព្វកិច្ចនិង​ពិបាក នឹង​ប្រែក្លាយ​ជា​រីករាយ និង​ជា​អ្វី​ដែលផ្លាស់ប្តូរ ។

ពិធីបរិសុទ្ធ​មិន​សង្រ្គោះ​យើង​ដោយសារ​តែ​ពិធីបរិសុទ្ធ​ទាំងនោះ​បំពេញ​តម្រូវការ​របស់​ស្ថានសួគ៌​នោះ​ទេ ។ ផ្ទុយទៅវិញ នៅពេល​យើង​រស់នៅ​តាម​សេចក្តីសញ្ញា​ដែល​ភ្ជាប់​នឹង​ពិធីបរិសុទ្ធ​ទាំងនេះ នោះ​យើង​ប្រែក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចង់​ស្ថិតនៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ ។ ការយល់ដឹង​នេះ​យក​ឈ្នះ​លើ​ការស្ទាក់ស្ទើរ​ក្នុង​ការបម្រើ ឬ​ការមិន​ចង់​បម្រើ ។ ការរៀបចំ​ខ្លួន​របស់​យើង​ដើម្បី​ជួប​ព្រះយេស៊ូវ​គ្រីស្ទ​ពន្លឿនឡើង នៅពេល​យើង​ឈប់​សួរ​ពី​អ្វី​ដែល​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​យើង​ធ្វើ ហើយ​ចាប់ផ្ដើម​សួរ​ពី​អ្វី ដែល​ព្រះ​នឹង​សព្វ​ព្រះទ័យ​ចង់​បាន​វិញ ។

ទីបី ការចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ​ជួយ​យើង​ទទួលបាន​អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះ និង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​កាន់តែ​មហិមា​របស់​ទ្រង់ ។

យើង​ពុំ​ទទួល​បាន​សំណង​ខាងហិរញ្ញវត្ថុ​សម្រាប់​ការបម្រើ​នោះ​ទេ ។ ផ្ទុយទៅវិញ ព្រះគម្ពីរ​បង្រៀន​ថា ដ្បិត « [ យើង ]​ធ្វើការ ដើម្បី​ទទួល​ព្រះ​គុណ​នៃ​ព្រះ ដើម្បី​ឲ្យ​[ យើង ]​មាន​កម្លាំង​ខ្លាំង​ឡើង​នៅ​ក្នុង​ព្រះ​វិញ្ញាណ​[ ដោយ​មាន ]​ការ​ចេះដឹង​អំពី​ព្រះ [ ហើយ ]​បង្រៀន​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ពី​ព្រះ » ។ នោះ​គឺជា​ការដោះដូរ​ដ៏​ល្អ​ណាស់ !

ដោយសារ​តែ​ព្រះគុណ​របស់​ព្រះ សមត្ថភាព ឬ​អសមត្ថភាព​របស់​យើង​គឺ​មិន​មែន​ជា​គោលការណ៍​គ្រឹះ​សម្រាប់​ការផ្ដល់ ឬ​ទទួល​ការហៅ​បម្រើ​មួយ​នោះ​ទេ ។ ព្រះ​ពុំ​រំពឹង​ឲ្យ​ថា​នឹង​មាន​ការធ្វើការ​ដ៏​ឥតខ្ចោះ ឬ​ទេពកោសល្យ​ពិសេស​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​របស់​ទ្រង់​នោះ​ទេ ។ បើ​ដូច្នេះ ម្ចាស់​ក្សត្រី​អេសធើរ​នឹង​មិនអាច​សង្រ្គោះ​ប្រជាជន​របស់ទ្រង់ ពេត្រុស​មិនអាច​ដឹកនាំ​សាសនាចក្រ​សម័យដើម ហើយ​យ៉ូសែប​ស្ម៊ីធ ក៏​មិនអាច​ធ្វើជា​ព្យាការី​នៃ​ការស្ដារឡើងវិញ​បាន​នោះ​ដែរ ។

នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ដើម្បី​ធ្វើ​អ្វីមួយ​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង នោះ​ភាពទន់ខ្សោយ​របស់​យើង​គឺ​ត្រូវ​បង្ហាញឡើង ។​ ការណ៍​នេះ​មិន​ដែល​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​វា​ចាំបាច់​ដើម្បី « ដឹង​ថា គឺ​ដោយ​សារ​ព្រះ​គុណ​[ របស់ព្រះ ] … ទើប​យើង​មាន​អំណាច​ដើម្បី​ធ្វើ​នូវ​កិច្ចការ​ទាំង​នេះ​បាន » ។

យើង​នឹង​ធ្វើ​កំហុស​ជាច្រើន​ដង កាល​យើង​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​របស់​ព្រះ ។ ប៉ុន្ដែ​នៅក្នុង​ការខិតខំ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​នឹង​កែតម្រូវ​យើង ។ ទ្រង់​លើក​យើង​ឡើង​បន្ដិចម្ដងៗ​ឲ្យ​ដកពិសោធន៍​នូវ​សេចក្តីសង្រ្គោះ​ចេញពី​ការបរាជ័យ និង​ការភ័យខ្លាច​របស់​យើង ហើយ​ចេញពី​ការមាន​អារម្មណ៍​ដូចជា​យើង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ។ នៅពេល​យើង​ថ្វាយ​ការខិតខំ​ប្រឹងប្រែង​ដ៏​តិចតួច ប៉ុន្តែ​ជា​ការខិតខំ​ប្រឹងប្រែង​ដ៏​អស់ពីចិត្ដ​របស់​យើង នោះ​ព្រះ​តម្កើង​វា ។ នៅពេល​យើង​លះបង់​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ញែកយើង​ជា​បរិសុទ្ធ ។ នេះ​គឺជា​អំណាច​ផ្លាស់ប្តូរ​នៃ​ព្រះគុណ​របស់​ព្រះ ។ នៅពេល​យើង​បម្រើ យើង​រីកចម្រើន​នៅក្នុង​ព្រះគុណ រហូត​ដល់​យើង​ត្រូវបាន​រៀបចំ​ដើម្បី « នឹង​ត្រូវ​បាន​លើក​ឡើង ដោយ​ព្រះ​វរបិតា​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ឈរ​ចំពោះ​[ ព្រះ​យេស៊ូវ​គ្រីស្ទ ] » ។

ជួយ​អ្នក​ដទៃ​ទទួល និង​អររីករាយ​នៅក្នុង​អំណោយទាន​នៃ​ការហៅ​បម្រើ

ខ្ញុំ​មិន​ដឹង​ពី​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គសង្រ្គោះ​នឹង​សួរ​ខ្ញុំនៅពេល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ឡើយ ប៉ុន្តែ​ប្រហែល​សំណួរ​មួយ​ដែល​ទ្រង់​នឹង​សួរ​គឺ « តើ​អ្នក​នាំ​នរណា​មក​ជាមួយ ? » ការហៅ​បម្រើ​គឺជា​អំណោយទាន​ពិសិដ្ឋ​មកពី​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​ដើម្បី​ជួយ​នាំ​អ្នកដទៃ​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​យើង ។ ដូចនេះ ខ្ញុំ​សូម​អញ្ជើញ​ថ្នាក់ដឹកនាំ​ទាំងឡាយ និង​យើង​ម្នាក់ៗ​ឲ្យ​កាន់តែ​មាន​គោលបំណង​ស្វែងរក​អ្នក​ដែល​គ្មាន​ការហៅ​បម្រើ ។ សូម​លើក​ទឹកចិត្ត និង​ជួយ​ពួកគេ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ​ដើម្បី​ជួយ​រៀបចំ​ពួកគេ​សម្រាប់​ការយាង​មកវិញ​របស់​ព្រះគ្រីស្ទ ។

ចន ពុំ​សកម្ម​នៅក្នុង​សាសនាចក្រ​ទេ នៅពេល​ប៊ីស្សព​របស់​គាត់​បាន​ទៅ​សួរសុខទុក្ខ ហើយ​បានប្រាប់​គាត់​ថា ព្រះអម្ចាស់​មាន​កិច្ចការ​ឲ្យ​គាត់​ធ្វើ ។ គាត់​បាន​អញ្ជើញ ចន ឲ្យ​ឈប់​ជក់បារី ។ ទោះបីជា ចន បានព្យាយាម​ឈប់​ជក់​ជាច្រើន​ដង​ក្តី លើក​នេះ​គាត់​មាន​អារម្មណ៍​ថា មាន​អំណាច​ដែល​មើល​មិន​ឃើញ​កំពុង​ជួយ​ដល់​គាត់ ។

បី​សប្តាហ៍​ក្រោយ​មក ប្រធាន​ស្តេក​បាន​ទៅ​ជួប ចន ។ គាត់​បានហៅ ចន ឲ្យ​បម្រើ​នៅក្នុង​គណៈ​ប៊ីស្សព ។ ចន បានភ្ញាក់ផ្អើល ។ គាត់​បានជម្រាប​ទៅ​ប្រធាន​ស្តេក​ថា គាត់​ទើបតែ​ឈប់​ជក់​បារី ។ ប្រសិនបើ​នេះ​មាន​ន័យ​ថា​គាត់​នឹង​ត្រូវ​បោះបង់ចោល​ទម្លាប់​របស់​គាត់​ក្នុង​ការចូលរួម​ការប្រកួត​បាល់​ទាត់​អាជីព​នៅ​ថ្ងៃ​អាទិត្យ មែនហើយ នោះ​គឺជា​ការស្នើសុំ​ច្រើន​ពេក​ហើយ ។ ប្រធាន​ស្តេក​បានឆ្លើយតប​ដោយ​បំផុសគំនិត​យ៉ាង​សាមញ្ញ​ថា ៖ « ចន ខ្ញុំ​ពុំ​មែន​ជា​អ្នក​សុំ​ប្អូន​នោះ​ទេ តែ​ព្រះអម្ចាស់​វិញ​ទេតើ » ។

ដែល ចន បាន​ឆ្លើយថា « ប្រសិនបើ​បែបនោះ​មែន ខ្ញុំ​នឹង​បម្រើ » ។

ចន បាន​ប្រាប់​ខ្ញុំ​ថា​ការលះបង់​ទាំងនេះ​ដើម្បី​បម្រើ គឺជា​ចំណុច​ផ្លាស់ប្តូរ​ខាងវិញ្ញាណ​ចំពោះ​គាត់ និង​ចំពោះ​គ្រួសារ​គាត់ ។

ខ្ញុំ​ឆ្ងល់ ចុះ​ប្រសិនបើ​តាម​ទស្សនៈ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង យើង​មិនបាន​កត់​សម្គាល់ ហើយ​ខកខាន​ក្នុងការ​ផ្ដល់​ការហៅ​បម្រើ​ទៅកាន់​បុគ្គល​ដែល​មើលទៅ​ហាក់ដូច​ជា​មិនអាច ឬ​មិនមាន​ភាពស័ក្ដិសម​ដើម្បី​បម្រើ ។ ឬ​យើង​ប្រហែល​ជា​ខ្វល់ខ្វាយ​នឹង​វប្បធម៌​នៃ​ការអនុវត្ត​ការងារ​ជាជាង​គោលលទ្ធិ​នៃ​ការរីកចម្រើន ដោយ​ធ្វេសប្រហែស​ក្នុង​ការមើលឃើញ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បង្កើន​សមត្ថភាព​ក្នុង​ការ​ដែល​មិន​ទំនង និង​មិន​អាច​បញ្ជាក់​បាន​ដោយ​ការ​ផ្តល់​ឱកាស​ដល់​ពួកគេ​ដើម្បី​បម្រើ​វិញនោះ ។

អែលឌើរ ដេវីឌ អេ បែដណា បង្រៀន​ពី​សារៈសំខាន់​នៃ​ការតម្រង់​ផ្លូវ​ពី​ព្រះគម្ពីរ​ឲ្យ « ចូរ​ឲ្យ មនុស្ស​[ ប្រុស និង​ស្រី ]​គ្រប់​រូប រៀន ពី​ភារកិច្ច​[ របស់​ពួកគេ ] ហើយ​ឲ្យ​ប្រតិបត្តិ » ។ តើ​យើង​បាន​ធ្វើ​ការណ៍​នេះ​ដែរ​ឬ​ទេ ? នៅពេល​ថ្នាក់ដឹកនាំ និង​ឪពុកម្តាយ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​រៀន និង​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ពួកគេ នោះ​ពួកគេ​រីកចម្រើន និង​លូតលាស់ ។ ខណៈ​ដែល​វា​ជា​ការ​ងាយស្រួល​ជាង​ក្នុង​ការហៅ​សមាជិក​ដែល​ស្មោះត្រង់​ឲ្យ​មាន​ការហៅ​បម្រើ​ទីពីរ វា​នឹង​ជា​ការប្រសើរ​ជាង​ក្នុងការ​អញ្ជើញ​អ្នក​ដែល​ហាក់ដូចជា​មិនចង់​បម្រើ​ឲ្យ​បម្រើ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​រៀន និង​រីកចម្រើន ។

ប្រសិនបើ​ព្រះគ្រីស្ទ​នៅទីនេះ​ដោយ​ផ្ទាល់ ទ្រង់​នឹង​សួរសុខទុក្ខ​អ្នក​ដែល​ឈឺ បង្រៀន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ អង្គុយ​ជាមួយ​យុវនារី​ដែល​មាន​ចិត្តសង្រេង និង​ប្រសិទ្ធពរ​ដល់​កុមារ ។ ទ្រង់​អាច​ធ្វើ​កិច្ចការ​របស់​ទ្រង់​ផ្ទាល់ ។ ប៉ុន្តែ​ទ្រង់​ធ្វើតាម​គោលការណ៍​នៃ​ការ​ទុក​ឲ្យ​យើង​ធ្វើ​សកម្មភាព និង​រៀន ដូចនេះ​ទើប​ទ្រង់​បញ្ជូន​យើង​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ជំនួស​ទ្រង់ ។

ដោយ​ការចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ នោះ​មាន​នូវ « អភ័យ​ឯកសិទ្ធិ និង​ការទទួល​ខុសត្រូវ​ដើម្បី​តំណាង​ឲ្យ​ព្រះអម្ចាស់​[ ព្រះយេស៊ូវគ្រីស្ទ ] » ។ នៅពេលយើង​បម្រើ​ដើម្បី​តម្កើង​ព្រះគ្រីស្ទ ហើយ​មិនមែន​ខ្លួន​យើង នោះ​ការបម្រើ​របស់​យើង​ប្រែ​ជា​ពេញ​ដោយ​អំណរ ។ នៅពេល​អ្នក​ដទៃ​ចាកចេញ​ពី​ថ្នាក់ ការប្រជុំ ការជួប​ផ្ដល់ការងារបម្រើ ឬ​សកម្មភាព​របស់​យើង ដោយ​ការចងចាំ​ពី​ព្រះគ្រីស្ទ​ច្រើនជាង​ពួកគេ​ចងចាំ​យើង នោះ​កិច្ចការ​នោះ​គឺ​ជា​ការបង្កើន​នូវ​ថាមពល ។

នៅក្នុង​កិច្ចខិតខំ​ដោយ​ស្មោះត្រង់​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះអង្គសង្រ្គោះ នោះ​យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ នោះ​គឺជា​ការរៀបចំ​ដ៏​ប្រសើរ​បំផុត​សម្រាប់​គ្រា​ដ៏​ពិសិដ្ឋ នៅពេល​យើង​ម្នាក់ៗ​នឹង​លុតជង្គង់​ចុះ ហើយ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះគ្រីស្ទ ដែល​ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា ទ្រង់​គឺជា​ព្រះគ្រីស្ទ ហើយ​ថា​ប្រធាន រ័សុល អិម ណិលសុន គឺជា « សំឡេង​របស់​ទ្រង់ … ដល់​អស់​ចុង​ផែនដី » ដើម្បី​ជួយ​យើង « រៀបចំ … សម្រាប់​អ្វី​ដែល​នឹង​មក​ដល់ » ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១២១ ។

  2. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤:២–៤ ។

  3. ប្រធាន រ័សុល អិម ណិលសុន « ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ម្តងទៀត » ទំព័រ ១២១ ។

  4. គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៥–៦ ។

  5. សូមមើល យ៉ូហាន ១០:១០ ។

  6. គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៩ ។

  7. គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:១៩ ។

  8. សូមមើល លោកុប្បត្តិ ១ ។

  9. នៅក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គសង្រ្គោះ​ពី​ប្រាក់ លោកចៅហ្វាយ​ផ្ដល់​ទំនួលខុសត្រូវ​នៃ « របស់​បន្តិច​នេះ » ទៅកាន់​អ្នក​បម្រើ​ម្នាក់ៗ ។ លោកចៅហ្វាយ​ផ្តោតលើ​ការរីកចម្រើន​របស់​អ្នក​បម្រើ​ម្នាក់ៗ ដើម្បី​ធ្វើ​ជា​ចៅហ្វាយ « លើ​របស់​ជា​ច្រើន » និង​ឈប់​ខ្វាយខ្វល់​ពី​ការ​ប្រគល់​របស់របរ​របស់​លោក​វិញ ។ អ្នក​បម្រើ​ម្នាក់​ដែល​ខ្លាច ហើយ​មិន​ចង់​ធ្វើការ​បាន​ចេញទៅ​ដោយ​មាន​ទោស ហើយ​គ្មាន​ការរីកចម្រើន​ឡើយ ។ ( សូមមើល ម៉ាថាយ ២៥:១៤–២៨ ) ។

  10. សូមមើល លូកា ២១:១៩ ។ អែលឌើរ ដេវីឌ អេ បែដណា បង្រៀន​ថា « កិច្ចការ​សុចរិត​គឺ​ជា​ភាពចាំបាច់​សម្រាប់​ការរីកចម្រើន​ខាង​វិញ្ញាណ » ( « រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេល​នេះ ២.០ » [ ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  11. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០:៤ ។

  12. សូមមើល ម៉ូសាយ ៤:២៤ ។

  13. សូមមើល រ័សុល អិម ណិលសុន « អ្វី​ដែល​យើង​កំពុង​រៀន​នឹង​មិន​ភ្លេច​ឡើយ » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៧៩ ៖ « ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើការ​ជាមួយគ្នា ហើយ​ជួយគ្នា​ទៅវិញ​ទៅមក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​បញ្ជូន​យើង​មកកាន់​ផែនដី​ជា​ក្រុមគ្រួសារ ហើយ​រៀបចំ​យើង​ជា​វួដ និង​ស្តេក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បង្គាប់​យើង​ឲ្យ​បម្រើ និង​ធ្វើការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។ … យើង​អាច​សម្រេច​បាន​ច្រើន​ឥត​គណនា នៅពេល​យើង​មាន​សាមគ្គីភាព ជាជាង​ពេល​យើង​នៅ​តែ​ម្នាក់​ឯង ។ ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​នឹង​ត្រូវ​បង្អាក់ ប្រសិនបើ​កូនចៅ​របស់​ទ្រង់​នៅ​ឆ្ងាយ​ពី​គ្នា​នោះ » ។

  14. កាឡាទី ៦:២; សូមមើល​ផងដែរ ម៉ូសាយ ១៨:៨–៩ ។

  15. ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀន ៖ « ការ​ហៅ​ឲ្យ​បម្រើ គឺជា​ការហៅ​ឲ្យ​មក​ស្រឡាញ់​ចៅហ្វាយ​ដែល​យើង​បម្រើ ។ វា​គឺជា​ការអំពាវនាវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​និស្ស័យ​របស់​យើង » ( « As a Child » Liahona ខែឧសភា ឆ្នាំ២០០៦ ទំព័រ ១៧ ) ។

  16. សូមមើល ហែនរី ប៊ី អាវរិង « Should a Latter-day Saint sell a product when its use violates the Word of Wisdom? » Ensign ខែមេសា ឆ្នាំ១៩៧៧ ទំព័រ ៣០ ។

  17. ម៉ូសាយ ១៨:២៦; សូមមើល​ផងដែរ ម៉ូសាយ ២៧:៥ ។

  18. សូមមើល នីហ្វៃទី២ ៣:១៣, ២៤ ។

  19. យ៉ាកុប ៤:៧ ។

  20. សូមមើល អេសាយ ៤០:២៩–៣១; កូរិនថូស ទី២ ១២:៩ ។

  21. សូមមើល ម៉ាថាយ ១៤:១៥–២១ ។ ទោះបីជា​នំប៉័ង​ចំនួន​ប្រាំ​ដុំ​តូច និង​ត្រី​ពីរ​ដែល​ផ្ដល់​ឲ្យ​ដើម្បី​ចែក​អាហារ​ដល់​មនុស្ស​ដ៏​ច្រើន​ក៏​ដោយ ព្រះអង្គសង្គ្រោះ​បានយក​ដង្វាយ​នោះ​ដោយ​ដឹងគុណ ហើយ​បានបង្កើន​វា​លើស​ពី​អ្វី​ដែល​ត្រូវការ​ដែរ ។ មេរៀន​ដ៏​អស្ចារ្យ​មួយ​នៃ​អព្ភូតហេតុ​នេះ​គឺ​ថា អ្វី​ដែល​ព្រះអង្គសង្រ្គោះ​ប្រទាន​ឲ្យ​យើង គឺ​តែងតែ​លើស​ពី​គ្រប់គ្រាន់​ជានិច្ច !

  22. ឬស​ពាក្យ​ជា​ឡាតាំង​នៃ​ពាក្យ ពលិកម្ម គឺ sacer មាន​ន័យ​ថា ពិសិដ្ឋ ឬ​បរិសុទ្ធ និង facere មាន​ន័យ​ថា​ត្រូវ​ធ្វើ ។ កាល​យើង​លះបង់​សម្រាប់​ព្រះ ទ្រង់​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ( សូមមើល ហេលេមិន ៣:៣៥; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៥០ ) ។

  23. នីហ្វៃទី៣ ២៧:១៤ ។

  24. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៥:៦; ១៦:៦ ១៨:១០–១៦ ។

  25. សូមមើល មរ៉ូណៃ ៧:២; ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ៤.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  26. សូមមើល ៖ « ចូរ​យើង​ខិតខំ​ទៅ » ទំនុក​តម្កើង ល.រ. ១៥២ ។

  27. បទពិសោធន៍​ផ្ទាល់ខ្លួន និង​ការឆ្លើយឆ្លង​នា​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានប្ដូរ​ឈ្មោះ ។

  28. សូមមើល ម៉ាថាយ ១០:៥–៨; លូកា ១០:១–៩; ក្បួនខ្នាត​ទូទៅ, ៤.២.៦. ។

  29. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៩៩;; បាន​គូសបញ្ជាក់​បន្ថែម; ចេញពី​ការសន្ទនា​ជាមួយ​អែលឌើរ ដេវីឌ អេ បែដណា ខែធ្នូ ឆ្នាំ២០២៤ ។

  30. សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ។ យុវវ័យ​របស់​យើង​មិន​គ្រាន់តែ​ជា​អ្នក​ដឹកនាំ​ក្នុង​សាសនាចក្រ​នា​ពេល​អនាគត​នោះ​ទេ ។ ពួកគេ​អាច​ដឹកនាំ​នៅក្នុង​របៀប​ដ៏​ច្បាស់លាស់​នា​ពេល​ឥឡូវ​នេះ ។ ខ្ញុំ​បានមើលឃើញ​ថា​វា​ជា​ការពិត​ដោយ​ការបម្រើ​ជាមួយ​ពួក​សិស្ស​ដ៏​អស្ចារ្យ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ចំនួន ៧៤៤ នាក់​នៅក្នុង​បេសកកម្ម ឈីកាហ្គោ អិលលីណោយ ចាប់ពី​ឆ្នាំ ២០១៩–២០២២ ។ នៅ​អំឡុងពេល​កូវីដ ពួក​សិស្ស​នៃ​ព្រះគ្រីស្ទ​ដ៏​វ័យ​ក្មេង តែ​មាន​អានុភាព​ទាំងនេះ បានដឹកនាំ​កិច្ចការ​របស់​ព្រះ​សម្រេចបាន​នូវ​អ្វី​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​តាមរបៀប​ដ៏​អស្ចារ្យ និង​ច្នៃប្រឌិត ។

  31. សូមមើល នីហ្វៃទី២ ២៧:២០–២១ ។

  32. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ទំព័រ ៣ ។

  33. នៅក្នុង យ៉ាកុប ១:១៧, ១៩ កិច្ចការ​របស់​យ៉ាកុប​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ។ លោក​មិន​បានលើកតម្កើង​តំណែង​របស់​លោក​ចំពោះ​ខ្លួន​លោក​ទេ ប៉ុន្តែ​ចំពោះ​ព្រះអម្ចាស់ ដើម្បី​លោក​អាច​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ ហើយ​ដូច្នេះ​ត្រូវ​បាន​រកឃើញ​ថា គ្មាន​ទោស​នៅ​ថ្ងៃ​ចុងក្រោយ ។

  34. សូម​មើល នីហ្វៃ​ទី៣ ២៧:២៧ ។

  35. គោលលទ្ធិ និង​សេចក្តីសញ្ញា ១:១១–១២ ។