ស្មោះនឹងជំនឿដែលឪពុកម្តាយយើងស្រឡាញ់
សូមរៀន និងទទួលយកនូវកម្លាំងចេញពីសេចក្ដីជំនឿ និងទីបន្ទាល់នៃអស់អ្នកដែលបានកើតមុនក្មួយៗ ។
ខណៈពេលដែលខ្ញុំបានទៅទស្សនកិច្ចព្រះវិហារបរិសុទ្ធណាសស្វិល ថែនណេស៊ី សម្រាប់ការពិនិត្យមើលព្រះវិហារបរិសុទ្ធ ខ្ញុំមានអភ័យឯកសិទ្ធិដើម្បីពិនិត្យមើលផ្នែកមួយនៃការចាត់តាំងនេះ ដោយការពិនិត្យមើលដំណាក់ដ៏ស្រស់ស្អាតនៃព្រះអម្ចាស់ ។ ខ្ញុំចាប់អារម្មណ៍ជាពិសេសជាមួយនឹងគំនូររបស់ ម៉ារី វ៉ាន់ឡាស ដែលមានឈ្មោះថា Carry On [ បន្តទៅមុខ ] ព្យួរនៅលើជញ្ជាំងនៅក្នុងការិយាល័យរបស់ភរិយាប្រធានព្រះវិហារបរិសុទ្ធ ។
នេះគឺជាដំណើររឿងនៅពីក្រោយរូបគំនូរនេះ ៖
នៅរដ្ឋមិសសួរី ក្នុងឆ្នាំ១៨៦២ ម៉ារី វ៉ាន់ឡាស មានអាយុ១៤ឆ្នាំ បានសន្យាជាមួយម្តាយចុងរបស់នាង ដែលស្ថិតក្នុងដង្ហើមចុងក្រោយថា នាងនឹងធានាឲ្យបានថាឪពុកពិការ [ និងប្អូនតូចៗទាំងបួននាក់របស់នាងទាំងអស់នឹងទៅ ]ដល់ជ្រលងភ្នំ ហ្រ្គេត សលត៍ លេក ។ … ម៉ារីបានបរសត្វគោ និងគោចិញ្ចឹមយកទឹកដោះ ដែលអូសរទេះដឹកឪពុកនាង [ ដែលឈឺធ្ងន់ ហើយ ]នាងបានថែទាំប្អូនៗ … របស់នាង ។ បន្ទាប់ពីការធ្វើដំណើរជារៀងរាល់ថ្ងៃ នាងបានចិញ្ចឹមគ្រួសារដោយរករុក្ខជាតិដែលអាចបរិភោគបានដូចជា ផ្កា និងផ្លែប៊ឺរី ។ ត្រីវិស័យតែមួយគត់របស់នាងគឺការណែនាំដែលនាងបានទទួលឲ្យបន្តធ្វើដំណើរទៅភាគខាងលិច ‹ រហូតដល់ពពកនឹងក្លាយជាភ្នំ › ។
« ពួកគេបានទៅដល់ជ្រលងភ្នំយូថាហ៍ ក្នុងខែកញ្ញា ដោយបានធ្វើដំណើរពេញមួយនិទាឃរដូវ និងរដូវក្តៅ ។ ឪពុករបស់នាងបានស្លាប់មិនយូរប៉ុន្មានបន្ទាប់ពីគ្រួសារបានតាំងទីលំនៅនៅខោនធីយូថាហ៍ ជាកន្លែងដែលម៉ារីបានរៀបការ និងចិញ្ចឹមគ្រួសារ[ ផ្ទាល់ខ្លួន ]របស់នាង » ។
នេះគឺជាដំណើររឿងដ៏អស្ចារ្យនៃសេចក្តីជំនឿ និងកម្លាំងរបស់យុវនារីវ័យ ១៤ ឆ្នាំ ដែលអាចជួយយើងម្នាក់ៗនៅថ្ងៃនេះដើម្បី « នៅតែបន្ត » ។
« នៅតែបន្ត »— ឬបកប្រែឲ្យស្រួលស្ដាប់ជាភាសាកំណើតរបស់ខ្ញុំ ជាភាសាហូឡង់ថា Gewoon Doorgaan—ក៏ជាពាក្យស្លោកពេញមួយជីវិតរបស់ម្តាយ និងឪពុកខ្ញុំផងដែរ ។
ឪពុកម្តាយ និងសាច់ថ្លៃខ្ញុំគឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងគ្រួសាររបស់យើង ។ ពួកគាត់បានឆ្លងកាត់ « សេចក្តីលំបាក » របស់ពួកគាត់ផ្ទាល់ គឺដូចជាអស់អ្នកដែលមកចូលសាសនាចក្រនេះ ដែលជាក្រោលរបស់ព្រះអម្ចាស់ ជារៀងរាល់ថ្ងៃដែរ ។ ដំណើររឿងរបស់ពួកគាត់ទាក់ទងនឹងសត្វគោ និងរទេះគោតិចតួចណាស់ ប៉ុន្តែមានឥទ្ធិពលដូចគ្នាទៅលើមនុស្សជំនាន់ក្រោយ ។
ពួកគាត់បានឱបក្រសោបដំណឹងល្អ ហើយបានទទួលបុណ្យជ្រមុជទឹកតាំងពីពួកគាត់នៅជាយុវមជ្ឈិមវ័យម្ល៉េះ ។ ឪពុកម្តាយទាំងពីរនាក់របស់ខ្ញុំមានកុមារភាពដ៏ពិបាក ។ ឪពុករបស់ខ្ញុំធំឡើងនៅលើកោះចាវ៉ា ក្នុងប្រទេសឥណ្ឌូនេស៊ី ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ គាត់ត្រូវបានបំបែកចេញពីគ្រួសារគាត់ដោយបង្ខំ ហើយត្រូវបានដាក់នៅក្នុងជំរំឃុំឃាំង ជាកន្លែងដែលគាត់ទទួលរងការលំបាកហួសពីការថ្លែងបានទាំងនៅវ័យក្មេង ។
ម្តាយរបស់ខ្ញុំបានធំធាត់ឡើងនៅក្នុងគ្រួសារមួយដែលបែកបាក់ ហើយក៏ទទួលរងនូវការស្រេកឃ្លាន និងការលំបាកនៃសង្គ្រាមលោកលើកទី ២ ផងដែរ ។ ពេលខ្លះគាត់ត្រូវបង្ខំចិត្តទទួលទានមើមផ្កាធូលីប ។ ដោយសារតែទង្វើរបស់ឪពុកគាត់ និងក្រោយពីការលែងលះរបស់ឪពុកគាត់ជាមួយម្ដាយគាត់ ពេលខ្លះវាពិបាកសម្រាប់ម្តាយខ្ញុំក្នុងការមើលឃើញព្រះវរបិតាសួគ៌ ជាព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់ ។
ឪពុកម្តាយខ្ញុំបានជួបគ្នានៅក្នុងសកម្មភាពមួយរបស់សាសនាចក្រ ហើយមិនយូរប៉ុន្មានក៏បានសម្រេចចិត្តរៀបការ និងផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ប៊ើន ស្វីស ។ ដោយបានចំណាយប្រាក់សន្សំបន្តិចបន្តួចចុងក្រោយរបស់ពួកគាត់សម្រាប់ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ អំឡុងពេលរង់ចាំនៅស្ថានីយ៍រថភ្លើង ពួកគាត់បានងឿងឆ្ងល់ថា តើពួកគាត់នឹងបំពេញតម្រូវការប្រចាំថ្ងៃដោយរបៀបណាទៅ ប៉ុន្តែពួកគាត់មានទំនុកចិត្តថា អ្វីៗនឹងដំណើរការល្អ ។ ហើយវាពិតជាដំណើរការល្អមែន !
ពួកគាត់បានចាប់ផ្តើមចិញ្ចឹមគ្រួសាររបស់ពួកគាត់ តាំងពីនៅផ្ទះល្វែងដែលមានបន្ទប់តែមួយក្រោមដំបូលផ្ទះដ៏រាបទាបនៅចំកណ្តាលទីក្រុងអេមស្ទើរដាម ។ ក្រោយពីបានបោកគក់សម្លៀកបំពាក់ដោយដៃអស់ជាច្រើនឆ្នាំ ទីបំផុតពួកគាត់បានសន្សំប្រាក់គ្រប់គ្រាន់ល្មមដើម្បីទិញម៉ាស៊ីនបោកគក់មួយ ។ នៅមុនពេលដែលពួកគាត់ហៀបនឹងទិញទៅហើយ ប៊ីស្សពបានទៅសួរសុខទុក្ខពួកគាត់ ដោយបានស្នើសុំការរួមចំណែកដើម្បីសាងសង់សាលាប្រជុំនៅក្នុងទីក្រុងអេមស្ទើរដាម ។ ពួកគាត់បានសម្រេចចិត្តផ្តល់ប្រាក់ទាំងអស់ដែលពួកគាត់បានសន្សំទុកសម្រាប់ទិញម៉ាស៊ីនបោកគក់នោះ ហើយបន្តបោកគក់ដោយដៃដដែល ។
យើងបានឆ្លងកាត់ការលំបាកមួយចំនួនជាគ្រួសារ ដូចជាគ្រួសារផ្សេងៗទៀតដែរ ។ អ្វីៗទាំងនេះបានធ្វើឲ្យយើងកាន់តែរឹងមាំ និងបានពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង គឺដូចជាពេលដែលអាលម៉ាចែកចាយរឿងរបស់លោកជាមួយហេលេមិន ជាកូនប្រុសរបស់លោកដែរ ដែលលោកបានប្រាប់គាត់ថា លោកបានទទួល « ការគាំទ្រនៅគ្រប់ការសាកល្បង និងវិបត្តិគ្រប់ប្រការ » ដោយសារលោកបានដាក់ទីទុកចិត្តរបស់លោកលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
តើមនុស្សពីរនាក់ដែលបានឆ្លងកាត់ការសាកល្បងជាច្រើនក្នុងវ័យក្មេងរបស់ខ្លួនបានក្លាយជាឪពុកម្តាយដ៏ល្អបំផុត ដែលខ្ញុំអាចប្រាថ្នាចង់បានដោយរបៀបណាទៅ ? ចម្លើយគឺសាមញ្ញ ៖ ពួកគាត់បានទទួលយកដំណឹងល្អយ៉ាងពេញលេញ និងរស់នៅតាមសេចក្តីសញ្ញារបស់ពួកគាត់ រហូតមកដល់សព្វថ្ងៃនេះ !
បន្ទាប់ពីរៀបការបានជាង៦៥ឆ្នាំ ម្តាយខ្ញុំដែលមានជំងឺជរាភ្លេចភ្លាំង បានទទួលមរណភាពក្នុងខែកុម្ភៈ ។ ឪពុកខ្ញុំ កាលមានអាយុ៩២ឆ្នាំ និងនៅតែរស់នៅផ្ទះ បានទៅលេងម្តាយខ្ញុំជាញឹកញាប់តាមដែលគាត់អាចធ្វើទៅបាន រហូតដល់ម្តាយខ្ញុំបានទទួលមរណភាព ។ កាលពីពេលថ្មីៗនេះ គាត់បានរៀបរាប់ប្រាប់ប្អូនៗខ្ញុំថា បទពិសោធន៍ដ៏គួរភ័យខ្លាចនៅក្នុងជំរំនៅប្រទេសឥណ្ឌូនេស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទី ២ បានរៀបចំគាត់ឲ្យចេះថែទាំម្តាយខ្ញុំដោយអត់ធ្មត់អស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលម្តាយខ្ញុំធ្លាក់ខ្លួនឈឺ និងកាន់តែយ៉ាប់យ៉ឺនជាមួយជំងឺដ៏គួរឲ្យខ្លាចនេះ ហើយក៏សម្រាប់ថ្ងៃដ៏សំខាន់ដែលគាត់មិនអាចមើលថែម្ដាយរបស់ខ្ញុំទៀតបាន ហើយត្រូវទុកចិត្តឲ្យអ្នកដទៃធ្វើការមើលថែជាបឋមដល់ម្តាយខ្ញុំវិញ ។ បាវចនារបស់ពួកគាត់តាំងពីដើម និងឥឡូវគឺ « នៅតែបន្ត » មានក្តីសង្ឃឹមដ៏ឥតខ្ចោះនៅក្នុងព្រះគ្រីស្ទដើម្បីត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយ និងដើម្បីឲ្យរស់នៅជាមួយទ្រង់នៅក្នុងសិរីល្អជារៀងរហូត ។
សេចក្តីជំនឿ និងទីបន្ទាល់របស់ពួកគាត់គឺជាកម្លាំងជំរុញសម្រាប់កូនចៅជំនាន់ក្រោយ ។
នៅក្នុងភូមិដែលភរិយាខ្ញុំធំឡើង ឪពុកម្តាយក្មេកខ្ញុំដែលជាមនុស្សល្អតែងតែទៅព្រះវិហារ បានទទួលយកដំណឹងល្អដែលបានស្តារឡើងវិញ ខណៈនៅជាគូស្វាមីភរិយាវ័យក្មេងដែលមានភរិយារបស់ខ្ញុំជាកូនស្រីវ័យពីរឆ្នាំតែម្នាក់របស់ពួកគាត់នៅពេលនោះ ។ ការសម្រេចចិត្តរបស់ពួកគាត់ដើម្បីក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានផលប៉ះពាល់យ៉ាងខ្លាំងលើជីវិតរបស់ពួកគាត់ ខណៈដែលពួកគាត់ត្រូវបានអ្នកភូមិ និងគ្រួសាររបស់ពួកគាត់ឈប់រាប់អាន ។ វាត្រូវចំណាយពេលជាច្រើនឆ្នាំក្នុងការបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់សមាជិកគ្រួសារ និងការបម្រើនៅក្នុងសហគមន៍ ពីមុនពេលពួកគេត្រូវបានគេរាប់រកវិញនៅទីបំផុត ។
នៅឱកាសមួយនៅពេលដែលឪពុកក្មេករបស់ខ្ញុំកំពុងបម្រើជាប៊ីស្សព គាត់ត្រូវបានគេចោទប្រកាន់មិនពិតពីបទអ្វីមួយ ហើយភ្លាមៗនោះត្រូវបានដោះលែងវិញ ។ ម្តាយក្មេករបស់ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ ទើបគាត់សួរឪពុកក្មេករបស់ខ្ញុំថា តើពួកគាត់គួរតែបន្តទៅព្រះវិហារទៀតដែរឬទេ ។ គាត់បានឆ្លើយថា ប្រាកដណាស់ពួកគាត់នឹងបន្តទៅព្រះវិហារ ដោយសារព្រះវិហារនេះពុំមែនជាព្រះវិហាររបស់មនុស្សនោះទេ ប៉ុន្តែនេះគឺជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។
រឿងនេះត្រូវចំណាយពេលមួយរយៈពីមុនការពិតត្រូវបានលាតត្រដាង ហើយក៏មានការសូមអភ័យទោស ។ អ្វីដែលគួរតែជារឿងដែលធ្វើឲ្យពួកគាត់មិនអាចទប់ទល់បាន បានកាន់តែបន្ថែមទៅនឹងកម្លាំង និងជំនឿរបស់ពួកគាត់ឡើង ។
ហេតុអ្វីបានជាយើងមួយចំនួនមិនមានអំណរគុណចំពោះសេចក្តីជំនឿ និងទីបន្ទាល់របស់ឪពុកម្តាយរបស់យើង ដែលបានបន្តនៅស្មោះត្រង់បើទោះជាពួកគាត់ត្រូវឆ្លងកាត់ការលំបាកយ៉ាងច្រើននោះ ? តើយើងគិតថាពួកគាត់មិនយល់ដឹងពីអ្វីៗបានច្បាស់លាស់ឬ ? ពួកគាត់មិនដូច្នោះទេ ហើយក៏មិនត្រូវបានបោកបញ្ឆោតដែរ ! ពួកគាត់គ្រាន់តែបានមានបទពិសោធន៍ជាច្រើនដងជាមួយព្រះវិញ្ញាណ ហើយដែលអាចនិយាយដូចដែលព្យាការីយ៉ូសែបថា « ខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ … បានឡើយ » ។
តើបងប្អូនមិនចូលចិត្តបទចម្រៀងអំពីកងទ័ពហេលេមិន ដែលមាននៅក្នុង សៀវភៅចម្រៀងកុមារ ទេឬអី ?
ទោះបីជាវាមិនមែនជាករណីដូចគ្នាដូចដែលម្តាយខ្ញុំបានឆ្លងកាត់កាលពីក្មេងក្ដី ក៏បងប្អូនអាចក្លាយជា« ឪពុកម្តាយល្អដែលស្រឡាញ់ព្រះ »ម្នាក់ ហើយធ្វើជាគំរូសុចរិតដល់អ្នកដទៃដែរ ។
នៅពេលយើងច្រៀងបទនេះ តើបងប្អូនមានអារម្មណ៍ថាវាជាការពិតខ្លាំងណាស់ដែរឬទេ ? តើបងប្អូនមានអារម្មណ៍ថា បងប្អូន« ដូចជាកងទ័ពនៃហេលេមិន » ហើយថាបងប្អូន« នឹងក្លាយជាអ្នកផ្សព្វផ្សាយនៃព្រះអង្គ នាំការពិតដល់លោកិយ » ដែរឬទេ ? ខ្ញុំបានទទួលអារម្មណ៍នេះក្នុងឱកាសជាច្រើន ខណៈពេលច្រៀងចម្រៀងនេះនៅក្នុងកម្មវិធី ដ.ក.យ និងនៅក្នុងការជួបជុំយុវវ័យផ្សេងទៀត ។
ឬតើយើងមានអារម្មណ៍បែបណានៅពេលយើងច្រៀងទំនុកតម្កើងបទ « ស្មោះនឹងជំនឿ » ?
ចំពោះជំនាន់ដែលកំពុងពេញវ័យ មិនថាក្មួយៗនៅកន្លែងណានោះទេ ហើយថាខ្លួនក្មួយៗស្ថិតក្នុងស្ថានភាពណានោះដែរ សូមរៀន និងទទួលកម្លាំងមកពីសេចក្តីជំនឿ និងទីបន្ទាល់នៃអស់អ្នកដែលបានកើតពីមុនក្មួយៗ ។ វានឹងជួយក្មួយៗឲ្យយល់ថា ដើម្បីទទួលបាន ឬរីកចម្រើនទីបន្ទាល់ នោះការពលិកម្មនឹងត្រូវតែធ្វើឡើង ហើយថា« ការពលិកម្មនឹងនាំយកពរជ័យមកពីស្ថានសួគ៌ » ។
ការគិតអំពីការពលិកម្មដែលពិតជាផ្ដល់ពរដល់ជីវិតរបស់បងប្អូន សូមពិចារណា ហើយអធិស្ឋានអំពីការអញ្ជើញរបស់ព្យាការីជាទីស្រឡាញ់របស់យើង គឺប្រធាន រ័សុល អិម ណិលសុន នៅពេលលោកបានសូមឲ្យ « យុវជនគ្រប់រូបមានភាពស័ក្ដិសម ជាយុវជនដែលមានសមត្ថភាព ឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។ សម្រាប់យុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយ ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា គឺជាការទទួលខុសត្រូវមួយនៃបព្វជិតភាព ។ …
« សម្រាប់ … យុវនារីដែលមានលទ្ធភាព បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជា ជម្រើសរបស់អ្នក » ។
ក្មួយៗអាចត្រូវបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ឬផ្នែកការបង្រៀន ។ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងពីរប្រភេទនេះចូលរួមចំណែកក្នុងគោលដៅដូចគ្នា នៃការនាំព្រលឹងទាំងឡាយមកកាន់ព្រះគ្រីស្ទ តាមរបៀបដ៏ពិសេស និងមានអានុភាពរៀងៗខ្លួន ។
ក្នុងការបម្រើទាំងពីរប្រភេទនេះ ក្មួយៗនឹងបង្ហាញព្រះអម្ចាស់ថា ក្មួយៗស្រឡាញ់ទ្រង់ ហើយថា ក្មួយៗចង់ស្គាល់ទ្រង់ឲ្យកាន់តែច្បាស់ ។ សូមចាំថា « ដ្បិតតើមនុស្សនឹងស្គាល់ចៅហ្វាយ ដែលខ្លួនពុំដែលបានបម្រើនោះ ហើយដែលជាអ្នកចម្លែកចំពោះមនុស្សនោះ ហើយនៅឆ្ងាយពីសតិអារម្មណ៍ និងបំណងនៃដួងចិត្តខ្លួនដូចម្ដេចបាន ? »
យើងទាំងអស់គ្នា មិនថាយើងជាជំនាន់ទីមួយនៅក្នុងដំណឹងល្អ ឬទីប្រាំនោះទេ គួរតែសួរខ្លួនឯងថា តើដំណើររឿងនៃសេចក្តីជំនឿ កម្លាំង និងការតាំងចិត្តសេឡេស្ទាលអ្វី ដែលយើងនឹងបន្សល់ទៅឲ្យជំនាន់ក្រោយ ?
សូមឲ្យយើងទាំងអស់គ្នាបន្តនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីស្គាល់ព្រះអង្គសង្គ្រោះគឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យកាន់តែច្បាស់ និងដើម្បីដាក់ទ្រង់ជាចំណុចសំខាន់នៅក្នុងជីវិតរបស់យើង ។ ទ្រង់គឺជាសិលាដែលយើងត្រូវតែសង់លើ ដើម្បីឲ្យនៅពេលជួបការលំបាក យើងនឹងអាចឈរយ៉ាងរឹងមាំ ។
ចូរឲ្យយើង « ស្មោះនឹងជំនឿដែលឪពុកម្តាយយើងស្រឡាញ់ ស្មោះនឹងការពិតដែលទុក្ករបុគ្គលស្លាប់ តាមបញ្ជាព្រះ យើងឈរដោយពិត ស្មោះត្រង់ទាំងកាយទាំងចិត្តរហូតទៅ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។