ចូរកុំធ្វើចិត្តរឹងរូសឡើយ
ប្រសិនបើយើងប្រែចិត្តដោយស្មោះសរ បន្ទាបខ្លួន និងទុកចិត្ត ហើយពឹងផ្អែកលើព្រះអម្ចាស់ នោះដួងចិត្តរបស់យើងនឹងត្រូវបានបន្ទន់ ។
ការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានចាប់ផ្តើមនៅពេលដែលព្រះជាព្រះវរបិតា និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់បានបង្ហាញព្រះកាយទៅកាន់យុវជន យ៉ូសែប ស្ម៊ីធ ដោយឆ្លើយតបការអធិស្ឋានដ៏រាបសារបស់លោក ។ ជាផ្នែកមួយនៃការស្តារឡើងវិញ យ៉ូសែប ស្ម៊ីធ បានបកប្រែបញ្ជីបុរាណមួយដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។ បញ្ជីនេះមាន « ប្រវត្តិអំពីការទំនាក់ទំនងនៃព្រះចំពោះប្រជាជនជំនាន់ដើមនៃទ្វីបអាមេរិក ហើយវាមាននូវភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បជានិច្ច » ។
កាលខ្ញុំនៅក្មេង នៅពេលខ្ញុំអានព្រះគម្ពីរមរមន ខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីបានជាលេមិន និងលេមយួលមិនជឿលើសេចក្ដីពិតដែលបានផ្តល់ដល់ពួកគេ ទោះបីជានៅពេលដែលទេវតារបស់ព្រះអម្ចាស់បានលេចមក ហើយមានបន្ទូលទៅកាន់ពួកគេដោយផ្ទាល់ក្តី ។ ហេតុអ្វីបានជាលេមិន និង លេមយួលមិនអាចបន្ទាបខ្លួនជាងនេះ ហើយស្តាប់តាមការបង្រៀនរបស់លីហៃដែលជាឪពុករបស់ពួកគេ និងនីហ្វៃដែលជាប្អូនប្រុសរបស់ពួកគេ ?
ខ្ញុំបានរកឃើញចម្លើយមួយចំពោះសំណួរនេះនៅក្នុង នីហ្វៃទី១ ដែលថ្លែងថា នីហ្វៃ « ព្រួយចិត្តមកពីភាពរឹងរូសនៃចិត្តរបស់បងខ្ញុំទាំងពីរ » ។ នីហ្វៃបានសួរបងប្រុសរបស់លោកថា « ហើយចុះហេតុអ្វីបានជាចិត្តបងៗមានចិត្តរឹងរូស ហើយមានគំនិតងងឹតងងល់ម្ល៉េះ ? »
តើការមានចិត្តរឹងរូសមានន័យដូចម្ដេច ?
ការបកប្រែជាភាសាកូរ៉េនៃពាក្យ « ភាពរឹងរូស » នៅក្នុងព្រះគម្ពីរមរមនគឺ 완악 ( Wan-Aak: 頑惡 ) ។ ឃ្លានេះប្រើតួអក្សរចិន « Wan » ( 頑 ) មានន័យថា « រឹង » និង « Aak » ( 惡 ) មានន័យថា « ទុច្ចរិត » ។ នៅពេលយើងមានចិត្តរឹងរូស នោះយើងងងឹតងងល់ ហើយរឿងល្អៗមិនអាចចូលមកក្នុងចិត្ត ឬគំនិតរបស់យើងបានឡើយ ។ យើងក្លាយជារឹងរូស ហើយចាប់ផ្តើមដាក់ការផ្តោតទៅលើចំណង់នៃលោកិយ ដោយលែងមានឆន្ទៈធ្វើតាមព្រះទៀតហើយ ។ យើងជ្រើសរើសផ្តោតតែលើគំនិតផ្ទាល់ខ្លួនរបស់យើង ខណៈពេលដែលមិនព្រមទទួលយកមតិ និងការណែនាំរបស់អ្នកដទៃ ។ យើងជ្រើសរើសមិនធ្វើតាមព្រះ ប៉ុន្តែផ្ទុយទៅវិញធ្វើតាមឥទ្ធិពលនៃរឿងរបស់លោកិយ និងមារសត្រូវ ។ នៅពេលចិត្តរបស់យើងរឹងរូស នោះយើងប្រឆាំងនឹងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ យើង « កម្រនឹកចាំដល់ព្រះអម្ចាស់ » ហើយយូៗទៅយើងក្លាយជា « មានចិត្តវក់វិញ » ចំពោះព្រះបន្ទូលរបស់ទ្រង់ ។
អាលម៉ាបានបង្រៀនប្រជាជននៅក្រុងអាំម៉ូណៃហាថា អ្នកខ្លះ « បដិសេធព្រះវិញ្ញាណនៃព្រះ ដោយមកពីភាពរឹងរូសនៃចិត្តរបស់គេ » ។ លោកក៏បានបង្រៀនផងដែរថា « ពួកអ្នកណាដែលធ្វើចិត្តរឹងរូស ពួកគេនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគតិច រហូតដល់ពួកគេពុំអាចដឹងអ្វីអំពីការអាថ៌កំបាំងទាំងឡាយរបស់ព្រះអង្គបានឡើយ » ។ នៅទីបំផុត ព្រះវិញ្ញាណដកខ្លួនចេញ ហើយព្រះអម្ចាស់ « នឹងដកយកពាក្យ [ របស់ទ្រង់ ] » ចេញពីអស់អ្នកដែលមានចិត្តរឹងរូស ដូចជាលេមិន និងលេមយួលដែរ ។ ដោយសារលេមិន និងលេមយួល បន្តមានចិត្តរឹងរូស ប្រឆាំងនឹងអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ហើយបានជ្រើសរើសមិនទទួលយកពាក្យសម្ដី និងការបង្រៀនរបស់ឪពុកពួកគេ និងនីហ្វៃ នៅទីបំផុតពួកគេបានបដិសេធសេចក្តីពិតដ៏អស់កល្បជានិច្ចមកពីព្រះ ។
ផ្ទុយពីលេមិន និងលេមយួល នីហ្វៃបន្តបន្ទាបខ្លួនលោក ដោយការស្វែងរកការណែនាំមកពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ជាការឆ្លើយតប ព្រះអម្ចាស់បានបន្ទន់ចិត្តរបស់នីហ្វៃ ។ នីហ្វៃចែកចាយថា គាត់« បានអំពាវនាវដល់ព្រះអម្ចាស់ ហើយមើលចុះ ទ្រង់បានយាងមកជួបនឹងខ្ញុំ ហើយបន្ទន់ចិត្តខ្ញុំ បណ្ដាលឲ្យខ្ញុំជឿអស់ទាំងពាក្យដែលបានពោលមកដោយឪពុកខ្ញុំ » ។ ព្រះអម្ចាស់បានជួយនីហ្វៃឲ្យទទួលយក យល់ និងជឿនូវសេចក្តីអាថ៌កំបាំងទាំងឡាយនៃព្រះ និងព្រះបន្ទូលរបស់ទ្រង់ ។ នីហ្វៃអាចមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធជានិច្ច ។
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីកុំឲ្យចិត្តរបស់យើងរឹងរូស ?
ទីមួយ យើងអាចអនុវត្តការប្រែចិត្តប្រចាំថ្ងៃ ។
ព្រះអង្គសង្គ្រោះរបស់យើងបានបង្រៀនថា « អ្នកណាដែលប្រែចិត្ត ហើយមករកយើង ដូចជាកូនក្មេងតូចម្នាក់ អ្នកនោះហើយដែលយើងនឹងទទួល » ។ ព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« ការប្រែចិត្តគឺជា គន្លឹះ ឆ្ពោះទៅកាន់ការរីកចម្រើន ។ សេចក្ដីជំនឿដ៏បរិសុទ្ធ រក្សាយើងឲ្យបន្ដឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញានេះ ។
« សូមកុំខ្លាច ឬពន្យារពេលប្រែចិត្តឡើយ ។ សាតាំងវាអរសប្បាយនឹងទុក្ខវេទនារបស់បងប្អូន ។ … សូមចាប់ផ្ដើមនៅថ្ងៃនេះ ដើម្បីទទួលបានអំណរនៃការសម្រាតភាពខាងសាច់ឈាមចេញ ។ ព្រះអង្គសង្គ្រោះស្រឡាញ់យើងជានិច្ច ប៉ុន្ដែ ជាពិសេស នៅពេលយើងប្រែចិត្ត » ។
ពេលយើងដកពិសោធន៍អំណរនៃការបន្ទន់ចិត្ត ហើយចូលមកជិតព្រះអម្ចាស់ នោះយើងក្លាយទៅ « ដូចជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ ដូចជាកូនក្មេងព្រមធ្វើតាមឪពុកខ្លួនដូច្នោះ » ។
ទីពីរ យើងអាចអនុវត្តចិត្ដសុភាពរាបសា ។
ការប្រែចិត្តប្រចាំថ្ងៃនឹងនាំមកនូវភាពរាបសាដល់ដួងចិត្តរបស់យើង ។ យើងចង់ក្លាយជាមនុស្សរាបសានៅចំពោះព្រះអម្ចាស់ ដូចជាកូនតូចដែលស្តាប់បង្គាប់ឪពុកខ្លួន ។ បន្ទាប់មកយើងនឹងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើងជានិច្ច ហើយដួងចិត្តរបស់យើងនឹងបានបន្ទន់ ។
ភរិយារបស់ខ្ញុំ ស៊ូ និងខ្ញុំបានស្គាល់គូស្វាមីភរិយាដ៏ល្អមួយគូក្នុងរយៈពេលបួនឆ្នាំមកនេះ ។ នៅពេលដែលយើងបានជួបពួកគេលើកដំបូង កាលនោះស្វាមីគឺជាសមាជិកថ្មីនៃសាសនាចក្រ ហើយភរិយារបស់គាត់កំពុងជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីសិក្សាដំណឹងល្អ ។ ពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើនបានជួបជាមួយនាងដើម្បីជួយនាងឲ្យមករកព្រះគ្រីស្ទ ។ យើងបានដឹងថានាងមានទីបន្ទាល់ដ៏ខ្លាំងអំពីដំណឹងល្អ ហើយបានដឹងថាសាសនាចក្រគឺជាការពិត ។ នាងបានទទួលអារម្មណ៍នៃព្រះវិញ្ញាណជារឿយៗអំឡុងការជួបរបស់យើង និងបានចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ការប្រជុំទាំងអស់ ។ នាងចូលចិត្តធ្វើការប្រាស្រ័យទាក់ទងជាមួយសមាជិកដ៏អស្ចារ្យទាំងឡាយក្នុងវួដ ។ ទោះជាយ៉ាងនេះក្ដី នាងបានមានការលំបាកក្នុងការតាំងចិត្តដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។ នៅថ្ងៃមួយ នាងកំពុងអានគម្ពីរ ម៉រូណៃ ៧:៤៣–៤៤, ដែលអានដូចនេះ ៖
« ហើយម្យ៉ាងទៀត ខ្ញុំសូមប្រាប់អ្នកថា អ្នកនោះពុំអាចមានសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមទេ លើកលែងតែអ្នកនោះស្លូតបូត ហើយសុភាពរាបសា ។
បើសិនជាយ៉ាងនេះមែន នោះសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម[ របស់អ្នក ] គឺជាការឥតប្រយោជន៍ទៅវិញ ដ្បិតគ្មានអ្នកណាអាចបានទៅជាទីគាប់ចំពោះព្រះឡើយ លើកលែងតែមនុស្សស្លូតបូត ហើយសុភាពរាបសាប៉ុណ្ណោះ » ។
បន្ទាប់ពីអានខគម្ពីរទាំងនេះ នាងបានដឹងពីអ្វីដែលនាងត្រូវធ្វើ ។ នាងគិតថានាងបានយល់ពីអត្ថន័យនៃការមានភាពស្លូតបូត និងសុភាពរាបសា ។ ទោះជាយ៉ាងនេះក្ដី ការយល់ដឹងរបស់នាងគឺមិនគ្រប់គ្រាន់ដើម្បីមានសេចក្តីជំនឿ និងសេចក្តីសង្ឃឹមដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះនោះទេ ។ នាងត្រូវតែបោះបង់ចោលនូវភាពរឹងចចេស និងប្រាជ្ញាផ្ទាល់ខ្លួនរបស់នាង ។ នាងបានចាប់ផ្តើមបន្ទាបខ្លួនតាមរយៈការប្រែចិត្តដោយស្មោះ ។ នាងបានចាប់ផ្តើមយល់ពីភាពរាបសាក្នុងទស្សនៈរបស់ព្រះ ។ នាងបានពឹងផ្អែកលើព្រះវរបិតាសួគ៌ ហើយបានអធិស្ឋានឲ្យទ្រង់បន្ទន់ចិត្តរបស់នាង ។ តាមរយៈការអធិស្ឋានទាំងនេះ នាងបានទទួលអារម្មណ៍ពីព្រះវិញ្ញាណធ្វើទីបន្ទាល់ដល់នាងថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យនាងទទួលបុណ្យជ្រមុជទឹក ។
ទាំងស្វាមី និងភរិយាបានចែកចាយថា នៅពេលពួកគេកាន់តែបន្ទាបខ្លួន នោះពួកគេកាន់តែអាចយល់ពីព្រះបន្ទូលរបស់ព្រះ ហើយដួងចិត្តរបស់ពួកគេត្រូវបានបន្ទន់ដើម្បីធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។
ទីបី យើងអាចទុកចិត្ត និងពឹងផ្អែកលើព្រះអង្គសង្រ្គោះរបស់យើងបាន ។
នីហ្វៃគឺជាគំរូដ៏អស្ចារ្យមួយនៃការអនុញ្ញាតឲ្យចិត្តរបស់លោកត្រូវបានបន្ទន់ តាមរយៈការទុកចិត្តលើព្រះអម្ចាស់ ។ លោកបានបង្រៀនថា « ទូលបង្គំបានទុកចិត្តទៅលើព្រះអង្គ ហើយទូលបង្គំនឹងទុកចិត្តទៅលើព្រះអង្គជារៀងដរាប ។ ទូលបង្គំនឹងមិនដាក់ទីទុកចិត្តរបស់ទូលបង្គំទៅលើដៃនៃមនុស្សឡើយ » ។ ដូចគ្នានេះផងដែរ នៅក្នុងវិវរណៈដែលបានប្រទានឲ្យដល់ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានមានបន្ទូលថា « ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះដែលនាំឲ្យធ្វើល្អ — មែនហើយ គឺឲ្យធ្វើដោយយុត្តិធម៌ ឲ្យដើរដោយទាបរាបសា » ។ នៅពេលយើងដាក់ទីទុកចិត្តរបស់យើងលើព្រះអម្ចាស់ និងពឹងផ្អែកទៅលើទ្រង់ នោះទ្រង់នឹងបន្ទន់ចិត្តរបស់យើង ហើយយើងនឹងបានគាំទ្រនៅក្នុងការសាកល្បង វិបត្តិ និងសេចក្តីទុក្ខវេទនារបស់យើង ។
ប្រសិនបើយើងប្រែចិត្តដោយស្មោះសរ បន្ទាបខ្លួន និងទុកចិត្ត ហើយពឹងផ្អែកលើព្រះអម្ចាស់ នោះដួងចិត្តរបស់យើងនឹងត្រូវបានបន្ទន់ ។ ទ្រង់នឹងចាក់ស្រោចព្រះវិញ្ញាណរបស់ទ្រង់ និងបង្ហាញនូវអាថ៌កំបាំងទាំងឡាយនៃស្ថានសួគ៌ដល់យើង ។ យើងនឹងជឿរាល់ព្រះបន្ទូលទាំងអស់ដែលទ្រង់បង្រៀន ហើយមានការយល់ដឹងកាន់តែខ្លាំង ។
ព្រះអង្គសង្រ្គោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ គឺជាគំរូដ៏អស្ចារ្យនៃភាពស្លូតបូត ។ នៅក្នុង នីហ្វៃទី២ ៣១:៧ យើងអានថា « តែទោះបីទ្រង់បរិសុទ្ធក្ដី ក៏គង់តែទ្រង់បង្ហាញដល់កូនចៅមនុស្សថា ស្របតាមសាច់ឈាម ទ្រង់បន្ទាបខ្លួនចំពោះព្រះវរបិតា ហើយធ្វើបន្ទាល់ដល់ព្រះវរបិតាថា ទ្រង់នឹងគោរពព្រះអង្គ ដោយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអង្គ » ។ ទោះបីទ្រង់បរិសុទ្ធ និងល្អឥតខ្ចោះក្តី ក៏ទ្រង់បានបន្ទាបព្រះកាយចំពោះព្រះវរបិតា ហើយបានប្រត្តិបតិតាមទ្រង់ដោយទទួលពិធីបុណ្យជ្រមុជទឹកដែរ ។
នៅចុងបញ្ចប់នៃជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាទ្រង់ដោយការទទួលទានពែងល្វីង ។ ការរងទុក្ខនេះបានបណ្ដាលឲ្យទ្រង់ « ត្រូវញ័រដោយសារតែការឈឺចាប់ និងត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និងវិញ្ញាណផង » ។ ព្រះអង្គសង្គ្រោះបានទូលសូមថា « កុំឲ្យទ្រង់ត្រូវផឹកពែងល្វីង ហើយរួញខ្លាច » ។ ទោះជាយ៉ាងណា ទ្រង់បានមានបន្ទូលថា « សូមព្រះវរបិតាបានសិរីល្អ ហើយ[ ទ្រង់ ]បានទទួលទាន និងសម្រេចការរៀបចំ[ របស់ទ្រង់ ]ចំពោះកូនចៅមនុស្ស » ។
បងប្អូនប្រុសស្រី យើងត្រូវបានប្រទានឲ្យនូវសិទ្ធិជ្រើសរើសខាងសីលធម៌ ។ យើងអាចជ្រើសរើសធ្វើចិត្ដរឹងរូស ឬយើងអាចជ្រើសរើសដើម្បីបន្ទន់ចិត្តរបស់យើង ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង យើងអាចជ្រើសរើសធ្វើអ្វីដែលយាងអញ្ជើញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ឲ្យចូលមក និងគង់នៅក្នុងដួងចិត្តរបស់យើងបាន ។ ខ្ញុំដឹងថានៅក្នុងជម្រើសទាំងនេះ មាននូវភាពសុខសាន្ត និងក្តីអំណរ ។
សូមឲ្យយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតា ។ នៅពេលយើងធ្វើដូច្នេះ នោះព្រះអម្ចាស់បានសន្យានឹងយើងថា « ដ្បិតមើលចុះ យើងនឹងប្រមូលពួកគេ ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប បើសិនជាពួកគេមិនពង្រឹងចិត្តរបស់គេ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។