វគ្គសិក្សា​ដំណឹងល្អ
៥ បាត់​អស់​ហើយ


ជំពូក ៥ « បាត់​អស់​ហើយ » ពួកបរិសុទ្ធ ៖ ដំណើរ​រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ១៨១៥–១៨៤៦ទំព័រ ៤៦ ( ឆ្នាំ២០១៨ )

ជំពូក ៥ ៖ « បាត់​អស់​ហើយ »

ជំពូក ៥

បាត់​អស់​ហើយ

ទំព័រ​បកប្រែ

បន្ទាប់​ពី​យ៉ូសែប បាន​យក​ផ្ទាំងចំណារ​មកដល់​ផ្ទះ ពួក​អ្នក​ស្វែងរក​កំណប់​បាន​ព្យាយាម​លួច​វា​ពី​លោក​អស់​ជាច្រើន​សប្តាហ៍ ។ ដើម្បី​ទុក​ផ្ទាំងចំណារ​ឲ្យ​មាន​សុវត្ថិភាព លោក​ត្រូវ​ប្ដូរ​កន្លែង​លាក់​ផ្ទាំងចំណារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​លាក់​ផ្ទាំងចំណារ​តាំងពី​ក្រោម​ចង្ក្រាន ក្រោម​ឥដ្ឋ​ក្នុង​ហាង​ឪពុក​លោក និង​ក្រោម​គំនរ​គ្រាប់​ធុញ្ញជាតិ​ជាដើម ។ គាត់​មិន​ដែល​បោះបង់​ការថែរក្សា​វា​ឡើយ ។

ពួក​អ្នក​ជិតខាង​ដែល​ចង់​ឃើញ​ បាន​ឈប់​នៅ​ផ្ទះ​លោក ហើយ​បាន​សូម​អង្វរ​លោក​ឲ្យ​បង្ហាញ​កំណត់ត្រា​ដល់​ពួកគេ ។ យ៉ូសែប​តែងតែ​បដិសេធ ទោះបី​ជា​នៅពេល​ខ្លះ​​មាន​មនុស្ស​មួយ​ចំនួន​ចង់​ឲ្យ​លុយ​លោក​ក្តី ។ លោក​បាន​តាំងចិត្ត​ថា​នឹង​រក្សា​ផ្ទាំងចំណារ ដោយ​ទុក​ចិត្ត​លើ​សេចក្តី​សន្យា​របស់​ព្រះអម្ចាស់​ថា ប្រសិន​បើ​លោក​ធ្វើ​អស់​ពី​លទ្ធភាពលោក នោះ​ផ្ទាំងចំណារ​នឹង​មាន​សុវត្ថិភាព ។

ជា​ញឹក​ញាប់ ការរំខាន​នេះ​ធ្វើឲ្យ​លោក​អាក់ខាន​មិន​បាន​ពិនិត្យ​មើល​ផ្ទាំងចំណារ និង​រៀន​បន្ថែម​ទៀត​អំពី​ត្បូង​យូរីម និង​ធូមីម ។ លោក​ដឹង​ថា ប្រដាប់​បកប្រែ​នេះគឺ​សម្រាប់​ជួយលោក​ឲ្យ​ធ្វើការ​បកប្រែ​ផ្ទាំងចំណារ ប៉ុន្តែ​លោក​មិន​ធ្លាប់​ប្រើ​ត្បូង​មើលឆុត ដើម្បី​អាន​ភាសា​ពី​បុរាណ​ពីមុន​មក​នោះទេ ។ លោក​មាន​ចិត្ត​អន្ទះសា​ដើម្បី​ចាប់ផ្តើម​ការងារ ប៉ុន្តែ​វា​មិន​ងាយស្រួល​ឲ្យ​លោក​ធ្វើ​វា​នោះ​ទេ ។

នៅពេល​យ៉ូសែប​បាន​សិក្សា​ផ្ទាំងចំណារ មាន​ម្ចាស់​ដី​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​នៅ​ភូមិ​ប៉ាល់ម៉ៃរ៉ា​ដែល​មាន​ឈ្មោះ​ថា ម៉ាទិន ហារីស បាន​មាន​ចំណាប់​អារម្មណ៍​លើ​ការងារ​របស់​លោក ។ ម៉ាទិន​មាន​អាយុ​ស្របាល​នឹង​ឪពុក​របស់​យ៉ូសែប ហើយ​នៅពេល​ខ្លះ​បាន​ជួល​ឲ្យ​យ៉ូសែប ជួយ​ការងារ​គាត់​នៅ​ឯ​កសិដ្ឋាន​គាត់ ។ ម៉ាទិន​បាន​ឮ​អំពី​ផ្ទាំងចំណារ​មាស ប៉ុន្តែ​បាន​ឮ​តិចតួច​អំពី​វា​រហូត​ដល់​ម្តាយ​របស់​យ៉ូសែប បាន​អញ្ជើញ​គាត់​មក​លេង​នឹង​យ៉ូសែប ។

យ៉ូសែប​បាន​ចេញ​ទៅ​ធ្វើការ នៅពេល​ម៉ាទិន​បាន​ឈប់​ចូល​មក​លេង ដូច្នេះ​គាត់​បាន​សាក​សួរ​ទៅ​អិមម៉ា និង​សមាជិក​ដទៃ​ទៀត​នៅក្នុង​គ្រួសារ​អំពី​ផ្ទាំងចំណារ ។ នៅពេល​យ៉ូសែប​បាន​មកដល់​ផ្ទះ ម៉ាទិន​បាន​ចាប់​ដៃ​លោក ហើយ​បាន​សួរ​សំណួរ​លម្អិត​ថែម​ទៀត ។ យ៉ូសែប​បាន​ប្រាប់​គាត់​អំពី​ផ្ទាំងចំណារ​មាស និង​សេចក្តី​ណែនាំ​របស់​ទេវតា​មរ៉ូណៃ​ឲ្យ​បកប្រែ និង​បោះពុម្ព​សេចក្តី​ចែង​នៅក្នុង​ផ្ទាំងចំណារ​នេះ ។

ម៉ាទិន​បាន​និយាយ​ថា « ប្រសិន​បើ​វា​ជា​កិច្ចការ​របស់​អារក្ស នោះ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​អំពី​រឿង​នេះ​ទេ » ។ ប៉ុន្តែ​ប្រសិន​បើ​វា​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​គាត់​មាន​ចិត្ត​ចង់​ជួយ​ដល់​យ៉ូសែប ប្រកាស​ដំណឹង​ល្អ​នេះ​ដល់​ពិភពលោក ។

យ៉ូសែប​បាន​អនុញ្ញាត​ឲ្យ​ម៉ាទិន​លើក​ផ្ទាំងចំណារ​នៅក្នុង​ប្រអប់​ចាក់​សោ ។ ម៉ាទិន​អាច​ដឹង​ថា វា​មាន​របស់​ធ្ងន់​នៅក្នុង​នោះ ប៉ុន្តែ​មិន​ជឿ​ថា​វា​ជា​ផ្ទាំងចំណារ​មាស​ឡើយ ។ គាត់​បាន​ប្រាប់​យ៉ូសែប​ថា « ក្មួយ​កុំ​បន្ទោស​ពូ​ថា ពូ​មិន​ជឿ​ពាក្យ​របស់​ក្មួយ​ឡើយ » ។

នៅពេល​ម៉ាទិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ពាក់​កណ្តាល​យប់ គាត់​បាន​ចូល​បន្ទប់​ដេក​គាត់​យ៉ាង​ស្ងាត់ៗ ហើយ​បាន​អធិស្ឋាន​ដោយ​សន្យា​នឹង​ព្រះ​ថា នឹង​ផ្ដល់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​ ប្រសិន​បើ​គាត់​អាច​ដឹងថា យ៉ូសែប​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះ ។

នៅពេល​ដែល​ម៉ាទិន​បាន​អធិស្ឋាន នោះ​គាត់​ទទួល​បាន​អារម្មណ៍​ពី​សំឡេង​ដ៏​តូច​រហៀង ​មាន​បន្ទូល​មកកាន់​ព្រលឹង​របស់គាត់ ។ ពេល​នោះ​ទើប​គាត់​បាន​ដឹង​ថា ផ្ទាំងចំណារ​នោះ​គឺ​មកពី​ព្រះ​—ហើយ​គាត់​បាន​ដឹងថា គាត់​ត្រូវតែ​ជួយ​ដល់​យ៉ូសែប ដើម្បី​ចែកចាយ​សារ​ដំណឹង​នៅក្នុង​ផ្ទាំងចំណារ​នេះ ។


នៅចុង​ឆ្នាំ១៨២៧ អិមម៉ា​បាន​ដឹងថា​ខ្លួន​មាន​ផ្ទៃពោះ ហើយ​ក៏​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ឪពុក​ម្តាយ​នាង ។ នាង និង​យ៉ូសែប​បាន​រៀបការ​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ តែ​ឪពុក​ម្តាយ​របស់នាង​នៅតែ​មិន​សប្បាយ​ចិត្ត​នឹង​ពួកគាត់ ។ ប៉ុន្តែ​គ្រួសារ​លោក ហេល បាន​យល់ព្រម​ឲ្យ​គូ​ស្វាមី​ភរិយា​ក្មេង​ខ្ចី​នេះ​ត្រឡប់​ទៅកាន់​ភូមិ​ហាម៉ូនី​ វិញ ដើម្បី​ អិមម៉ា​អាច​សម្រាល​កូន​នៅ​ជិត​ក្រុម​គ្រួសារ​របស់ខ្លួន ។

ទោះបី​ជា​ការត្រឡប់​ទៅ​ភូមិ​ហាម៉ូនី​វិញ​នឹង​ធ្វើ​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្តាយ និង​បងប្អូន​លោក​ផ្ទាល់​ក្តី ក៏​យ៉ូសែប​នៅតែ​មាន​ចិត្ត​អន្ទះសា​ចង់​ទៅ​ដែរ ។ ក្រុម​មនុស្ស​នៅ​រដ្ឋ​ញូវយ៉ក​នៅតែ​ព្យាយាម​លួច​ផ្ទាំងចំណារ ហើយ​ការប្តូរ​លំនៅ​ទៅ​កន្លែង​ថ្មី​អាច​ធ្វើឲ្យ​មាន​សុវត្ថិភាព និង​ឯកជនភាព​ដែល​លោក​ត្រូវការ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ តែ​ជា​អកុសល លោក​ជំពាក់​បំណុល​គេ ហើយ​គ្មាន​ប្រាក់​ដើម្បី​ធ្វើ​ដំណើរ​ឡើយ ។

ដោយ​មាន​ចិត្ត​ចង់​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​លោក យ៉ូសែប​បាន​ឡើង​ទៅ​ក្រុង​ដើម្បី​សង​បំណុល​របស់​លោក​មួយ​ចំនួន ។ ខណៈ​កំពុង​ឈរ​នៅក្នុង​ហាង​បង់​ប្រាក់ ស្រាប់​តែ ម៉ាទិន ហារិស បាន​ឈរ​នៅ​ក្បែរ​លោក ។ គាត់​បាន​និយាយ​ថា « លោក ស្ម៊ីធ នេះ​លុយ​ហាសិប​ដុល្លារ ។ ខ្ញុំ​ឲ្យ​លោក​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ » ។

យ៉ូសែប​មាន​ការភ័យ​ខ្លាច​នឹង​យក​លុយ​នេះ ហើយ​បាន​សន្យា​ថា​នឹង​សង​វិញ ប៉ុន្តែ​ម៉ាទិន​ប្រាប់ថា កុំ​ឲ្យ​ព្រួយបារម្ភ​អំពី​រឿង​នេះ ។ លុយ​នោះ​គឺជា​អំណោយ ហើយ​គាត់​បាន​ហៅ​មនុស្ស​គ្រប់​គ្នា​នៅក្នុង​បន្ទប់​នោះ​ឲ្យ​ធ្វើជា​សាក្សី​ថា គាត់​ឲ្យ​លុយ​នេះ​ដោយ​សុទ្ធចិត្ត ។

បន្ទាប់ពី​នោះ​ភ្លាម​ យ៉ូសែប​បាន​សង​បំណុល​របស់​លោក​ ហើយ​បាន​លើក​អីវ៉ាន់​ដាក់​ក្នុង​រទេះ ។ រួច​លោក​ហើយនិង​​អិមម៉ា បាន​ចេញ​ដំណើរ​ទៅ​ភូមិ​ហាម៉ូនី​ដោយ​លាក់​ផ្ទាំងចំណារ​នៅក្នុង​ពាង​សណ្តែក ។


ប្រហែលជា​មួយ​សប្តាហ៍​ក្រោយ​មក​ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​បាន​មក​ដល់​គេហដ្ឋាន​ដ៏​ធំ​របស់​គ្រួសារ ហេល ។ មិនយូរ​ប៉ុន្មាន ឪពុក​របស់​អិមម៉ា​បាន​សុំ​មើល​ផ្ទាំងចំណារ​មាស ប៉ុន្តែ​យ៉ូសែប​បាន​ថា លោក​អាច​បង្ហាញ​តែ​ប្រអប់​ដែល​លោក​បាន​ដាក់​វា​នៅក្នុង​នោះ​ប៉ុណ្ណោះ ។ ដោយ​ធុញ​ទ្រាន់​ពេក អ៊ីសាក​បាន​លើក​ប្រអប់​សោ​នោះ​ឡើង ហើយ​បាន​ដឹង​ទម្ងន់​របស់​ប្រអប់​នេះ ប៉ុន្តែ​គាត់​នៅតែ​មាន​ការសង្ស័យ ។ គាត់​បាន​និយាយ​ថា យ៉ូសែប​មិន​អាច​ទុក​វា​នៅក្នុង​ផ្ទះ​បាន​ទេ ​លុះត្រា​តែ​យ៉ូសែប បង្ហាញ​ដល់​គាត់​នូវ​អ្វី​ដែល​មាន​នៅ​ខាងក្នុង​នោះ ។

កាល​មាន​វត្តមាន​របស់​ឪពុក​អិមម៉ា​នៅ​ជិត​នោះ វា​មិន​ធ្វើ​ឲ្យ​ការបកប្រែ​ងាយ​ស្រួល​ទេ ប៉ុន្តែ​យ៉ូសែប​នៅតែ​ព្យាយាម​អស់ពី​លទ្ធភាព​របស់​លោក ។ ដោយ​មាន​ជំនួយ​ពី​អិមម៉ា លោក​បាន​ចម្លង​តួ​អក្សរ​ចម្លែកៗ​ជាច្រើន​ចេញពី​ផ្ទាំងចំណារ​ដាក់​លើ​ក្រដាស ។ ជាច្រើន​សប្តាហ៍​បន្ទាប់​មក លោក​បាន​ព្យាយាម​បកប្រែ​វា​ដោយ​ប្រើ​ត្បូង​យូរីម និង​ធូមីម ។ ដំណើរការ​បកប្រែ​នេះ​តម្រូវឲ្យ​លោក​ធ្វើ​ច្រើន​ជាង​ការគ្រាន់​តែ​មើល​តាម​ប្រដាប់​បកប្រែ​នោះ ។ លោក​ត្រូវតែ​មាន​ចិត្ត​រាបសា ហើយ​អនុវត្ត​សេចក្តី​ជំនឿ​នៅ​ពេល​លោក​សិក្សា​តួអក្សរ​នោះ ។

ពីរ​បី​ខែ​ក្រោយ​មក ម៉ាទិន​បាន​មក​ដល់​​ភូមិ​ហាម៉ូនី ។ គាត់​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ហៅ​គាត់​ឲ្យ​ធ្វើដំណើរ​ទៅ​ដល់​ទីក្រុង​ញូវយ៉ក ដើម្បី​ប្រឹក្សា​នឹង​អ្នក​ជំនាញ​អំពី​ភាសា​បុរាណ ។ គាត់​បាន​សង្ឃឹម​ថា ពួកគេ​អាច​បកប្រែ​តួអក្សរ​នោះ ។

យ៉ូសែប​បាន​ចម្លង​តួអក្សរ​ជាច្រើន​ពី​ផ្ទាំងចំណារ បាន​សរសេរ​ការបកប្រែ​របស់​លោក ហើយ​បាន​ប្រគល់​ក្រដាស​នោះ​ឲ្យ​ទៅ​ម៉ាទិន ។ បន្ទាប់​មក លោក​ និង​អិមម៉ា ​បាន​មើល​មិត្ត​របស់​ពួកគាត់​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ទិស​ខាងកើត​ដើម្បី​ប្រឹក្សា​ជាមួយ​អ្នកប្រាជ្ញ​ល្បីៗ ។​


នៅពេល​ម៉ាទិន​បាន​មកដល់​ទីក្រុង​ញូវយ៉ក គាត់​បាន​ទៅ​ជួប​នឹង​លោក ឆាលស៍ អាន់តុន ជា​សាស្រ្តាចារ្យ​ផ្នែក​ភាសា​ឡាតាំង និង​ភាសា​ក្រិក នៅ​ឯ​មហា​វិទ្យាល័យ កូឡុំបៀ ។ សាស្រ្តាចារ្យ អាន់តុន ​មាន​វ័យក្មេង—ដែល​មាន​អាយុ​ក្មេង​ជាង​ម៉ាទិន ប្រហែល​ជា​ដប់ប្រាំ​ឆ្នាំ​—​ហើយ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ផ្នែក​បោះពុម្ព​ផ្សាយ សព្វវចនា​ធិប្បាយ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ស្តីពី​វប្បធម៌​ក្រិក និង​រ៉ូម ។ លោក​ក៏​បាន​ចាប់ផ្តើម​ប្រមូល​សាច់រឿង​អំពី​ជនជាតិ​អាមេរិកាំង​ឥណ្ឌា​ដើម​ផងដែរ ។

លោក អាន់តុន គឺជា​អ្នកប្រាជ្ញ​ដែល​តឹងតែង​មួយ​រូប​មិន​ចូលចិត្ត​ការរំខាន​ឡើយ ប៉ុន្តែ​លោក​បាន​ស្វាគមន៍​ម៉ាទិន ហើយ​បាន​សិក្សា​អក្សរ​ដែល​យ៉ូសែប​បាន​បកប្រែ ។ ទោះជា​សាស្រ្តាចារ្យ​រូប​នេះ​មិន​ចេះ​អក្សរ​អេស៊ីព្ទ​ក្តី ក៏​គាត់​បាន​អាន​ការស្រាវជ្រាវ​មួយ​ចំនួន​អំពី​ភាសា​នេះ ហើយ​បាន​ដឹង​ថា​វា​មាន​លក្ខណៈ​យ៉ាង​ណា ។ កាល​កំពុង​មើល​អត្ថបទ​នេះ លោក​បាន​ឃើញ​ភាពស្រដៀង​គ្នា​មួយ​ចំនួន​នឹង​អត្ថន័យ​ជា​ភាសា​អេស៊ីព្ទ ហើយ​បាន​ប្រាប់​ម៉ាទិន​ថា ការបកប្រែ​នេះ​គឺ​ត្រឹមត្រូវ ។

ម៉ាទិន​បាន​បង្ហាញ​លោក​នូវ​ការបកប្រែ​ជាច្រើន​ទៀត ហើយ​លោក អាន់តុន បាន​ពិនិត្យ​មើល​វា ។ លោក​បាន​មាន​ប្រសាសន៍​ថា តួអក្សរ​នេះ​មាន​បញ្ចូល​គ្នា​នូវ​ភាសា​ពី​បុរាណ​ជាច្រើន ហើយ​ក៏​បាន​ផ្តល់​វិញ្ញាបនបត្រ​ដល់​ម៉ាទិន បញ្ជាក់​ថា​ការបកប្រែ​គឺ​ត្រឹមត្រូវ ។ លោក​ក៏​បាន​ផ្តាំ​ឲ្យ​ម៉ាទិន បង្ហាញ​ការបកប្រែ​នេះ​ទៅកាន់​អ្នកប្រាជ្ញ​មួយ​រូប​ទៀត​ដែល​មាន​ឈ្មោះ​ថា សាំយូអែល មិចឆែល ដែល​ធ្លាប់​បង្រៀន​នៅ​កូឡុំបៀ​ដែរ ។​

លោក អាន់តុន បាន​មាន​ប្រសាសន៍​ថា « គាត់​ចេះដឹង​ច្រើន​ណាស់​ពី​ភាសា​បុរាណ​ទាំងនេះ ហើយ​ខ្ញុំ​ជឿ​ថា គាត់​នឹង​ជួយ​លោក​បាន​ច្រើន » ។

ម៉ាទិន​បាន​ដាក់​វិញ្ញាបនបត្រ​ចូល​ក្នុង​ហោប៉ៅ​របស់គាត់ ប៉ុន្តែ​នៅពេល​គាត់​ហៀបនឹង​ចាកចេញ​ទៅ​ នោះ​លោក អាន់តុន បាន​ស្រែកហៅ​គាត់​ឲ្យ​ត្រឡប់​មកវិញ ។ លោក​ចង់ដឹង​អំពី​របៀប​ដែល​យ៉ូសែប​ទទួល​បាន​ផ្ទាំងចំណារ​នេះ ។

ម៉ា​ទិន​បាន​មាន​ប្រសាសន៍​ថា « ទេវតា​របស់​ព្រះ បាន​បើក​សម្តែង​ដល់​យ៉ូសែប » ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា ការបកប្រែ​ពី​ផ្ទាំងចំណារ​នេះ​នឹង​ផ្លាស់ប្តូរ​ពិភពលោក ហើយ​សង្រ្គោះ​ពិភពលោក​នេះ​ពី​ការវិនាសបង់ ។ ហើយ​ឥឡូវ​នេះ​ កាល​ដែល​គាត់​មាន​ការបញ្ជាក់​ពី​ភាពត្រឹមត្រូវ​រួច​ហើយ គាត់​មាន​បំណង​ចង់​លក់​កសិដ្ឋាន​របស់​គាត់ ដើម្បី​ជួយ​ឧបត្ថម្ភ​ជា​លុយ​ដើម្បី​ឲ្យ​ការបកប្រែ​នេះ​អាច​បោះពុម្ព​បាន ។

លោក អាន់តុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​មើល​វិញ្ញាបនបត្រ​បន្តិច​មក » ។

ម៉ាទិន​បាន​លូក​យក​វា​ចេញពី​ហោប៉ៅ​រួច​ក៏​ប្រគល់​ជូន​លោក ។ លោក អាន់តុន បាន​ហែក​វា​ជា​ចំណែកៗ ហើយ​និយាយ​ថា វា​គ្មាន​ទេវតា​ឯ​ណា​ទេ ។ បើ​យ៉ូសែប​ចង់​បកប្រែ​ផ្ទាំងចំណារ លោក​គួរតែ​យក​វា​មក​កូឡុំបៀ ហើយ​ទុក​ឲ្យ​ពួក​អ្នកប្រាជ្ញ​ជា​អ្នក​បកប្រែ​វា ។

ម៉ាទិន​បាន​ពន្យល់​ថា ផ្នែក​នៃ​ផ្ទាំងចំណារ​ទាំងនោះ​ត្រូវបាន​ផ្សារភ្ជាប់ ហើយ​ថា​យ៉ូសែប​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្ហាញ​វា​ដល់​នរណា​ម្នាក់​ឡើយ ។

អាន់តុន បាន​និយាយ​ថា « ខ្ញុំ​ពុំ​អាច​អាន​សៀវភៅ​មួយ​ដែល​បាន​ផ្សារភ្ជាប់​ឡើយ » ។ លោក​បាន​ព្រមាន​ម៉ាទិន​ថា យ៉ូសែប​ប្រហែលជា​កំពុង​កុហក​គាត់​ហើយ ។ លោក​បាន​និយាយ​ថា « ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​មនុស្ស​បោកប្រាស់ » ។

ម៉ាទិន​បាន​ចេញពី​សាស្ត្រាចារ្យ អាន់តុន ហើយ​បាន​ទៅ​ជួប​នឹង​លោក សាំយូអែល មិចឆែល ។ សាំយូអែល​បាន​ទទួល​ម៉ាទិន​យ៉ាង​រាក់ទាក់ បាន​ស្ដាប់​អំពី​ដំណើររឿង​របស់​គាត់ ហើយ​បាន​មើល​តួអក្សរ​ទាំងឡាយ ​និង​ការបកប្រែ ។ លោក​ពុំ​យល់​អំពី​វា​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា វា​បាន​រំឭក​លោក​អំពី​តួអក្សរ​របស់​អេស៊ីព្ទ​ពី​បុរាណ ហើយ​គឺជា​ការសរសេរ​នៃ​ជាតិសាសន៍​មួយ​ដែល​បាន​សាបសូន្យ​ទៅ​ហើយ ។

មិនយូរ​ប៉ុន្មាន​ក្រោយ​មក ម៉ាទិន​បាន​ចាកចេញ​ពី​ទីក្រុង​នោះ ហើយ​ត្រឡប់​ទៅ​ភូមិ​ហាម៉ូនី​វិញ ដោយ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា យ៉ូសែប​មាន​ផ្ទាំងចំណារ​ពី​បុរាណ និង​មាន​អំណាច​ដើម្បី​បកប្រែ​វា ។ គាត់​បាន​ប្រាប់​យ៉ូសែប​អំពី​ការសម្ភាស​របស់គាត់​ជាមួយ​នឹង​ពួក​សាស្ត្រាចារ្យ ហើយ​បាន​ផ្ដល់​ហេតុផល​ថា ប្រសិន​បើ​មនុស្ស​ដែល​មាន​ការអប់រំ​ខ្ពស់​មួយ​ចំនួន​នៅ​ប្រទេស​អាមេរិក​ពុំ​អាច​បកប្រែ​សៀវភៅ​នេះ​បាន​ទេ នោះ​យ៉ូសែប​ត្រូវ​ធ្វើ​កិច្ចការ​នេះ ។

យ៉ូសែប​បាន​និយាយ​ដោយ​ការរំជួល​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចការ​នេះ​ថា « ខ្ញុំ​ពុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ទេ ដោយសារ​ខ្ញុំ​រៀន​ពុំ​បាន​ជ្រៅជ្រះ​ឡើយ » ។ ប៉ុន្តែ​លោក​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​រៀបចំ​ប្រដាប់​បកប្រែ ដើម្បី​លោក​អាច​បកប្រែ​ផ្ទាំងចំណារ​នេះ​បាន ។

ម៉ាទិន​បាន​យល់​ស្រប ។ គាត់​បាន​រៀប​ផែនការ​ត្រឡប់​ទៅ​ភូមិ​បាល់ម៉ៃរា ដើម្បី​រៀបចំ​ជំនួញ​របស់​គាត់​ឲ្យ​រៀបរយ ហើយ​ត្រឡប់​មក​វិញ​ភ្លាម​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ធ្វើ​ជា​អ្នក​សរសេរ​ឲ្យ​យ៉ូសែប ។


នៅ​ខែមេសា ឆ្នាំ១៨២៨ អិមម៉ា និង​យ៉ូសែប​កំពុង​រស់នៅ​ក្នុង​ផ្ទះ​មួយ​នៅតាម​បណ្ដោយ​ទន្លេ​សុសគ្វីហាណា ក្បែរ​នឹង​ផ្ទះ​របស់​ឪពុក​ម្ដាយ​នាង ។ ឥឡូវ​នេះ​ កាល​កូន​ក្នុង​ផ្ទៃ​អិមម៉ា​ជិត​គ្រប់​ខែ ជារឿយៗ​នាង​បាន​ធ្វើជា​អ្នកសរសេរ​ឲ្យ​​យ៉ូសែប បន្ទាប់​ពី​លោក​ចាប់ផ្ដើម​បកប្រែ​កំណត់ត្រា​នោះ ។ ថ្ងៃ​មួយ កាល​លោក​បាន​បកប្រែ រំពេច​នោះយ៉ូសែប​បាន​មាន​ទឹកមុខ​ស្លេកស្លាំង ។ លោក​បាន​សួរ​ថា « អិមម៉ា តើ​ទីក្រុង​យេរូសាឡិម​មាន​របង​ព័ទ្ធ​ជុំវិញ​ដែរឬ​ទេ​អូន ? » ។

នាង​បាន​ឆ្លើយ​ដោយ​នឹកគិត​អំពី​ព្រះគម្ពីរ​ប៊ីប​ថា « ច៎ាស មាន » ។

យ៉ូសែប​បាន​និយាយ​ដោយ​មាន​អារម្មណ៍​ធូរស្រាល​ថា « ឱ ! បង​ខំ​តែ​បារម្ភ​ថា​ក្រែង​បង​ច្រឡំ » ។

អិមម៉ា​មាន​ការស្ងប់ស្ងែង​ថា ​ទោះ​ស្វាមី​ខ្លួន​មិន​សូវ​ចេះដឹង​អំពី​ប្រវត្តិសាស្រ្ត និង​ព្រះគម្ពីរ​ក្ដី​ ក៏​វា​មិន​អាច​រារាំង​ការបកប្រែ​នេះ​បាន​ឡើយ ។ យ៉ូសែប ស៊្មីធ ស្ទើរ​តែ​មិន​អាច​សរសេរ​អក្សរ​ឲ្យ​បាន​ត្រឹមត្រូវ​ផង ។ ប៉ុន្តែ​នាង​អង្គុយ​សរសេរ​ក្បែរ​យ៉ូសែប​អស់​រាប់​ម៉ោង កាល​លោក​បាន​អាន​ផ្ទាំងចំណារ​ដោយ​គ្មាន​ជំនួយ​ពី​សៀវភៅ​ណា ឬ​សំណៅ​ឯកសារ​ដើម​ណា​នោះ ។ នាង​ដឹង​យ៉ាង​ច្បាស់​ថា​ មាន​តែ​ព្រះ​ទេ​ដែល​បំផុស​លោក​ឲ្យ​បកប្រែ​ដូច​ដែល​លោក​បាន​ធ្វើ​នេះ ។

ម៉ាទិន​បាន​ត្រឡប់​មកពី​ភូមិ​បាល់ម៉ៃរា​វិញ​ទាន់ពេល ហើយ​ធ្វើជា​អ្នកសរសេរ ដើម្បី​ឲ្យ​អិមម៉ា​បាន​សម្រាក​ពីមុន​សម្រាល​កូន ។ ប៉ុន្តែ​វា​មិន​បាន​កើតឡើង​ដោយ​ងាយស្រួល​ទេ ។ លោកស្រី លូស៊ី ជា​ភរិយា​របស់​លោក​ម៉ាទិន បាន​សុំ​គាត់​មក​ភូមិហាម៉ូនី​ជាមួយ​ដែរ ហើយ​ពួកគាត់​ទាំងពីរ​នាក់​មាន​បុគ្គលិក​លក្ខណៈ​ចចេះ​ ។ លោកស្រី លូស៊ី មាន​ការសង្ស័យ​អំពី​បំណង​ប្រាថ្នា​របស់​ម៉ាទិន ក្នុង​ការជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​យ៉ូសែប ហើយ​មាន​ការខឹងសម្បា​ដែល​គាត់​ចេញ​ទៅ​ក្រុង​ញូវយ៉ក​ដោយ​មិនឲ្យ​នាង​ទៅ​ជាមួយ ។ នៅពេល​គាត់​ប្រាប់​ដល់​នាង​ថា គាត់​ត្រូវ​ទៅ​ភូមិ​ហាម៉ូនី​ដើម្បី​ជួយ​ដល់​ការបកប្រែ នោះ​នាង​បាន​រៀបចំ​ខ្លួន​ទៅ​ដែរ ដោយ​បាន​តាំងចិត្ត​ថា​ទៅ​មើល​ផ្ទាំងចំណារ ។

ត្រចៀក​របស់​លោកស្រី​លូស៊ី​ស្តាប់​មិន​សូវ​ឮ​ទេ ហើយ​នៅពេល​នាង​ស្ដាប់​គេ​និយាយ​គ្នា​មិន​បាន ពេល​ខ្លះ​នាង​គិត​ថា គេ​កំពុង​រិះគន់​ពី​នាង ។ នាង​ក៏​មិន​សូវ​យល់​ពី​ឯកជនភាព​ផងដែរ ។ បន្ទាប់ពី​យ៉ូសែប​បាន​បដិសេធ​​មិន​បង្ហាញ​ផ្ទាំងចំណារ​ នោះ​នាង​ចាប់ផ្តើម​រុករក​នៅក្នុង​ផ្ទះ ដោយ​រូស​ក្តារ​លេងអុក ទូ​ចាន និង​ហិប​ធំ​មួយ​របស់​គ្រួសារ​យ៉ូសែប ។ យ៉ូសែប​គ្មាន​ជម្រើស​ក៏​លាក់​ផ្ទាំងចំណារ​នៅក្នុង​ព្រៃ ។

មិនយូរ​ប៉ុន្មាន លូស៊ី​ក៏​ចេញពី​ផ្ទះ ទៅ​ស្នាក់នៅ​ជាមួយ​អ្នក​ជិតខាង ។ អិមម៉ា​បាន​រៀបចំ​ក្ដារអុក និង​ទូ​ចាន​ឡើង​វិញ ប៉ុន្តែ​ឥឡូវ​នេះ លូស៊ី​បាន​ប្រាប់​អ្នក​ជិតខាង​ថា យ៉ូសែប​មាន​បំណង​ចង់​បាន​លុយ​របស់​ម៉ាទិន ។ បន្ទាប់ពី​បង្ក​បញ្ហា​អស់​ជាច្រើន​សប្តាហ៍​មក លូស៊ី​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ភូមិ​បាល់ម៉ៃរា​វិញ ។

ដោយ​មាន​ភាពស្ងប់ស្ងាត់​វិញ យ៉ូសែប និង​ម៉ាទិន​បាន​បកប្រែ​បាន​យ៉ាងលឿន ។ យ៉ូសែប​បាន​រីកចម្រើន​ក្នុង​តួនាទី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ក្នុង​នាម​ជា​អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ​ម្នាក់ ។ តាមរយៈ​ការមើល​ប្រដាប់​បកប្រែ ឬ​ត្បូង​មើលឆុត លោក​អាច​បកប្រែ​បាន ទោះបី​ជា​ផ្ទាំងចំណារ​នៅ​ពីមុខ​លោក ឬ​រុំ​នៅក្នុង​ក្រណាត់​នីឡុង​របស់​អិមម៉ា​ដាក់​នៅ​លើ​តុ​ក្តី ។

នៅពេញ​ខែមេសា ខែឧសភា និង​ដើម​ខែមិថុនា អិមម៉ា​បាន​ស្តាប់​សំឡេង​នៃ​ការហៅ​ឲ្យ​សរសេរ​ការបកប្រែ​មកពី​កំណត់ត្រា​របស់​យ៉ូសែប ។ លោក​បាន​មាន​ប្រសាសន៍​មួយៗ​តែ​ច្បាស់​ ដោយ​ផ្អាក​ម្តងម្កាល​ដើម្បី​រង់ចាំ​ម៉ាទិន និយាយថា « សរសេរ​រួចហើយ » បន្ទាប់ពី​យ៉ូសែប​បាន​ហៅ​ឲ្យ​សរសេរ ។ អិមម៉ា​ក៏​បាន​ផ្លាស់​វេន​ធ្វើ​ជា​អ្នក​សរសេរ ហើយ​បាន​ស្ងើច​សរសើរ​យ៉ាងខ្លាំង​ថា ​រាល់​ពេល​ក្រោយ​ការរំខាន និង​ការសម្រាក យ៉ូសែប តែងតែ​ដឹង​ថា​ត្រូវ​ចាប់ផ្តើម​ត្រង់​ណា ដោយ​ពុំ​ចាំបាច់​មាន​ការប្រាប់​ឡើយ ។

មិនយូរ​ប៉ុន្មាន ពេលវេលា​ដែល​អិមម៉ា​ត្រូវ​សម្រាល​កូន​ក៏​មក​ដល់ ។ អត្ថបទ​បកប្រែ​សំណៅ​ដើម​បាន​កើន​ឡើង​ក្រាស់ ហើយ​ម៉ាទិន​បាន​លង់​ជឿ​ថា ប្រសិន​បើ​គាត់​អាច​ឲ្យ​ភរិយា​គាត់​អាន​ការបកប្រែ​នេះ នោះ​នាង​នឹង​បាន​ឃើញ ​ពី​តម្លៃ​នៃ​ការបកប្រែ​នេះ និង​ឈប់​បង្អាក់​ការងារ​របស់​ពួកគាត់​ទៀត ។ គាត់​ក៏​សង្ឃឹម​ដែរ​ថា លូស៊ី​នឹង​ រីករាយ​កាល​ដែល​គាត់​បាន​ចំណាយ​ពេលវេលា និង​លុយ​ដើម្បី​ជួយ​នាំ​នូវ​ព្រះបន្ទូល​របស់​ព្រះ​ចេញ​មក​នោះ ។

នៅ​ថ្ងៃមួយ ម៉ាទិន​បាន​សុំ​ការអនុញ្ញាត​ពី​យ៉ូសែប​ដើម្បី​យក​សំណៅដើម​នេះ​ទៅកាន់​ភូមិ​បាល់ម៉ៃរា​ពីរបី​សប្តាហ៍ ។ ដោយ​នៅ​ចាំ​ពី​ឥរិយាបថ​ដែល លូស៊ី ហារិស បាន​ធ្វើ​ពេល​ដែល​នាង​បាន​មក​លេង​ផ្ទះ​លោក នោះ​យ៉ូសែប​ប្រយ័ត្ន​នឹង​ការសុំ​នេះ ។ ប៉ុន្តែ​លោក​ចង់​ឲ្យ​ម៉ាទិន​សប្បាយ​ចិត្ត ព្រោះ​ម៉ាទិន​ជា​អ្នក​ដែល​បាន​ជឿ​ដល់​លោក ខណៈ​ពេល​ដែល​មាន​មនុស្ស​ជាច្រើន​មាន​ការសង្ស័យ​លើ​ពាក្យ​សម្ដី​របស់​លោក​នោះ ។

ដោយ​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​ដូចម្តេច នោះ​យ៉ូសែប​បាន​អធិស្ឋាន​សូម​ការណែនាំ ហើយ​ព្រះអម្ចាស់​បានមាន​បន្ទូល​ប្រាប់​លោក​ថា កុំ​ឲ្យ​ម៉ាទិន​យក​ឯកសារ​នេះ​ទៅ​នោះ​ឡើយ ។ ប៉ុន្តែ ម៉ាទិន​មាន​ទំនុក​ចិត្ត​យ៉ាងខ្លាំង​ថា បើ​បាន​បង្ហាញ​ដល់​ភរិយា​របស់គាត់​ នោះ​រឿង​អ្វីៗ​ទាំងអស់​នឹង​ផ្លាស់ប្តូរ ហើយ​គាត់​បាន​សុំ​អង្វរ​ដល់​យ៉ូសែប ឲ្យ​ទូលសួរ​ព្រះ​ម្តង​ទៀត ។ យ៉ូសែប​ក៏​បាន​ទូល​សួរ​ដល់​ព្រះ ប៉ុន្តែ​ចម្លើយ​នៅ​តែ​ដដែល ។ ប៉ុន្ដែ​ម៉ាទិន​បាន​ទទូច​សុំ​ឲ្យ​គាត់​ទៅ​ទូល​សួរ​ព្រះ​ជាលើក​ទីបី ហើយ​​លើក​នេះ​ព្រះ​បាន​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​តាម​ពាក្យ​អង្វរ ។

យ៉ូសែប​បាន​ប្រាប់​ម៉ាទិន​ថា​ គាត់​អាច​យក​ឯកសារ​ដែល​បាន​បកប្រែ​រួច​នេះ​ទៅ​តែ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទេ ប្រសិន​បើ​គាត់​សន្យា​ថា នឹង​រក្សា​វា ហើយ​ចាក់​សោ​ទុក ហើយ​បង្ហាញ​វា​តែ​ទៅ​សមាជិក​គ្រួសារ​មួយចំនួន​ប៉ុណ្ណោះ ។ ម៉ាទិន​បាន​សន្យា ហើយ​ក៏​បាន​ត្រឡប់​ទៅ​ភូមិ​បាល់ម៉ៃរា​វិញ​ ដោយ​មាន​ឯកសារ​បកប្រែ​នៅក្នុង​ដៃ ។

បន្ទាប់ពី​ម៉ាទិន​បាន​ចាក​ចេញ​ទៅ នោះ​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ហើយ​បាន​យក​ប្រដាប់​បកប្រែ​ពី​លោក ។


ក្រោយ​ម៉ាទិន​​ចាកចេញ​ទៅ​បាន​មួយ​ថ្ងៃ​ អិមម៉ា​ឈឺ​ពោះ​សម្រាល​កូន ហើយ​កើត​បាន​កូន​ប្រុស ។ ទារក​នោះ​មាន​សភាព​ឈឺ​ទន់ខ្សោយ ហើយ​ក៏​មិន​មាន​ជីវិត​បាន​យូរ​ឡើយ ។ បទពិសោធន៍​ដ៏​អាក្រក់​នេះ​បាន​ធ្វើឲ្យ​អិមម៉ ​ចុះ​ទន់ខ្សោយ​ខាង​រូបកាយ ហើយ​ខូច​សតិ​អារម្មណ៍​ ហើយ​នៅ​ពេល​មួយ​នោះ​នាង​ស្ទើរ​នឹង​ស្លាប់​ដែរ ។ យ៉ូសែប​មើលថែ​នាង​យ៉ាង​ខ្ជាប់ខ្ជួន មិន​ដែល​ទុកឲ្យ​នាង​នៅតែ​ម្នាក់ឯង​យូរ​ឡើយ ។

ពីរ​សប្តាហ៍​ក្រោយ​មក សុខភាព​របស់​អិមម៉ា​បាន​ធូរស្រាល ហើយ​នាង​បាន​គិត​អំពី​ម៉ាទិន និង​អត្ថបទ​បកប្រែ​នោះ ។ នាង​បាន​ប្រាប់​យ៉ូសែប ថា « អូន​មិន​ស្រណុក​ក្នុង​ចិត្ត​សោះ វា​ធ្វើឲ្យ​អូន​មិន​អាច​សម្រាក​បាន​ឡើយ បើ​មិន​បាន​ដឹងថា លោកហារិស កំពុង​ធ្វើ​អ្វី​ជាមួយ​នឹង​អត្ថបទ​ដែល​បាន​បកប្រែ​នោះ » ។

នាង​បាន​ជម្រុញ​យ៉ូសែប​ឲ្យ​ទៅរក​ម៉ាទិន ប៉ុន្តែ​យ៉ូសែប​មិន​ចង់​ទៅ​ចោល​នាង​ឡើយ ។ នាង​បាន​និយាយ​ថា « សូម​ប្រាប់​ម្តាយ​អូន​ឲ្យមក​នៅ​ជាមួយ​អូន​មក ពេល​ដែល​បង​មិន​នៅ » ។

យ៉ូសែប​បាន​ជិះ​រទេះ​ទៅ​ទិស​ខាងជើង ។ កាល​កំពុង​ធ្វើ​ដំណើរ​នោះ​ លោក​ទទួល​អាហារ និង​សម្រាក​បាន​តិចតួច​ណាស់ ដោយ​ព្រួយបារម្ភ​ថា នឹង​ធ្វើឲ្យ​ព្រះអម្ចាស់​ខក​ព្រះ​ទ័យ​ ដោយ​ការមិនស្តាប់​តាម នៅពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា កុំ​ឲ្យ​ម៉ាទិន​យក​អត្ថបទ​ដែល​បាន​បកប្រែ​នោះ​ទៅ ។

គាត់​មកដល់​ផ្ទះ​ឪពុក​ម្តាយ​នៅ​មែនឆែសស្ទើរ​នៅ​ពេល​ព្រះអាទិត្យ​រះ ។ គ្រួសារ​ស្ម៊ីធ កំពុង​រៀបចំ​អាហារ​ពេលព្រឹក ហើយ​បាន​អញ្ជើញ​ម៉ាទិន ឲ្យ​ចូលរួម​ជាមួយ ។ នៅ​ម៉ោង​ប្រាំបី​ព្រឹក អាហារ​ក៏​រួចរាល់​ដាក់​នៅលើ​តុ ប៉ុន្តែ​មិន​ឃើញ​ម៉ាទិន​មក​នោះ​ទេ ។ យ៉ូសែប និង​ក្រុមគ្រួសារ​បាន​ចាប់ផ្តើម​ព្រួយបារម្ភ​កាល​ពួកគាត់​រង់ចាំ​ម៉ាទិន​នោះ ។

នៅ​ទីបំផុត ក្រោយពី​ចាំ​អស់​រយៈពេល​បួន​ម៉ោង​មក​ ម៉ាទិន​បាន​បង្ហាញ​ខ្លួន​ពី​ចម្ងាយ​ ដោយ​ដើរ​យឺតៗ​សំដៅ​ចូល​មក​ក្នុង​ផ្ទះ ទាំង​ឈ្ងោក​មុខ​ចុះ ។​​ នៅពេល​មកដល់​ច្រកទ្វារ គាត់​បាន​ឈប់​អង្គុយ​លើ​របង ហើយ​ទាញ​មួក​មក​បាំង​មុខ ។ បន្ទាប់មក ​គាត់​ក៏​ដើរ​ចូល​ក្នុង​ផ្ទះ​អង្គុយ​ចុះ​បរិភោគ​ដោយ​ស្ងប់ស្ងាត់ ។

ក្រុមគ្រួសារ​ទាំងមូល​មើល​ទៅ​ម៉ាទិន កាល​គាត់​លើក​ស្លាបព្រា​បម្រុង​នឹង​បរិភោគ រួច​ក៏​ឈប់​វិញ ។ គាត់​បាន​ស្រែក​យំ​យក​ដៃ​ផ្ទប់​ក្បាល​រួច​និយាយ​ថា « ខ្ញុំ​បាន​បាត់​ព្រលឹង​អស់​ហើយ ! » ។ « ខ្ញុំ​បាន​បាត់​ព្រលឹង​អស់​ហើយ ! »

យ៉ូសែប​ក៏​ក្រោក​ឡើង ។ « ម៉ាទីន លោក​បាន​ធ្វើ​ឲ្យ​បាត់​អត្ថបទ​ដែល​បាន​បកប្រែ​នោះ​ឬ ? »

ម៉ាទិន​បាន​និយាយ​ថា « បាទ » ។ « វា​បាន​បាត់​ហើយ ហើយ​ខ្ញុំ​ពុំ​ដឹង​ថា​វា​នៅ​ឯ​ណា​ទេ » ។

យ៉ូសែប​បាន​ស្រែកយំ ដោយ​ក្តាប់​ដៃ​យ៉ាង​ណែនថា « ឱ ព្រះ​អើយ ព្រះ​អើយ » ។ « បាត់​អស់​ហើយ ! »

លោក​ក៏​ដើរ​ចុះ​ឡើង ។ លោក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះទេ ។ លោក​បាន​បញ្ជា​ម៉ាទិន​ថា « ត្រឡប់​ទៅវិញ ។ ទៅ​រក​មើល​ម្តងទៀត » ។

ម៉ាទិន​បាន​យំ « វា​គ្មាន​ប្រយោជន៍​ទេ ។ ខ្ញុំ​បាន​រក​មើល​គ្រប់​កន្លែង​ក្នុង​ផ្ទះ​ខ្ញុំ​ហើយ ។ ខ្ញុំ​ថែមទាំង​កម្ទេច​គ្រែ​មួយ​ចោល និង​ខ្នើយ​អស់​ជាច្រើន ហើយ​ខ្ញុំ​ដឹង​ថា ​វា​មិន​នៅ​ទីនោះ​ទេ » ។

« តើ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ជួប​ភរិយា​ខ្ញុំ​ជាមួយ​នឹង​រឿង​ដូច្នេះ​ឬ ? » យ៉ូសែប​បារម្ភ​ថា​ដំណឹង​នេះ​នឹង​ធ្វើឲ្យ​នាង​មាន​ទុក្ខព្រួយ និង​តក់ស្លុត​ខ្លាំង ។ « ហើយ​តើ​ខ្ញុំ​មាន​មុខ​ឯណា​ទៅជួប​នឹង​ព្រះអម្ចាស់​នោះ ? »

ម្តាយ​លោក​ព្យាយាម​លួងលោម​លោក ។ គាត់​បាន​មាន​ប្រសាសន៍​ថា ប្រហែល​ជា​ព្រះអម្ចាស់​នឹង​អភ័យទោស​ឲ្យ​លោក​ ប្រសិន​បើ​លោក​ប្រែចិត្ត​ដោយ​រាបសា​នោះ ។ ប៉ុន្តែ​យ៉ូសែប​កំពុង​ស្រែក​ទួញយំ​យ៉ាង​ខ្លាំង ខឹង​នឹង​ខ្លួនឯង​ដែល​មិន​បាន​គោរព​តាម​ព្រះអម្ចាស់​តាំងពី​ដំបូង ។ ពេញ​មួយ​ថ្ងៃ​នោះ​ លោក​​មិន​អាច​បរិភោគ​អ្វី​បាន​ឡើយ ។ លោក​បាន​ស្នាក់នៅ​មួយ​យប់ លុះ​ព្រឹក​ស្អែក​ឡើង​ក៏​ត្រឡប់​ទៅ​ភូមិ​ហាម៉ូនី​វិញ ។

កាល​ដែល​លោកស្រី​លូស៊ី​មើល​លោក​ចាកចេញ​ទៅ ដួងចិត្ត​គាត់​សោកសៅ​យ៉ាងខ្លាំង ។ វា​ហាក់​ដូចជា​អ្វីៗ​ដែល​គ្រួសារ​គាត់​សង្ឃឹម​នោះ​—អ្វីៗ​ដែល​នាំ​សេចក្តី​រីករាយ​ដល់​ពួកគាត់​អស់​ជាច្រើន​ឆ្នាំ​មក​នេះ—ត្រូវ​បាន​បាត់​បង់​តែ​ក្នុង​មួយ​ពព្រិច​ភ្នែក ។