វគ្គសិក្សា​ដំណឹងល្អ
០៦  អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ


« អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ » ជំពូក ៦ នៃ ពួកបរិសុទ្ធ ៖ ដំណើររឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ១៨១៥–១៨៤៦ ( ឆ្នាំ២០១៨ )

ជំពូក ៦ ៖ « ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ »

ជំពូក ៦

អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ

Inkwell

នៅពេល​យ៉ូសែប​បាន​ត្រឡប់​ទៅ​ភូមិ​ហាម៉ូនី​វិញ​នារដូវ​ក្តៅ​នៃ​ឆ្នាំ១៨២៨ ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ម្តងទៀត​ដល់​គាត់ ហើយ​បាន​យក​ផ្ទាំង​ចំណារ​វិញ ។ ទេវតា​បាន​មាន​បន្ទូល​ថា « ប្រសិន​បើ​អ្នក​បន្ទាបខ្លួន​គ្រប់គ្រាន់​ល្មម​ហើយ​សារភាព​ នោះ​អ្នក​នឹង​ទទួល​វា​ម្តងទៀត​នៅ​ថ្ងៃទី​ម្ភៃពីរ ខែកញ្ញា » ។

ភាពខ្មៅ​ងងឹត​គ្របដណ្តប់​លើ​គំនិត​របស់​យ៉ូសែប ។ គាត់​បាន​ដឹងខ្លួន​ថា គាត់​បាន​ធ្វើ​ខុស​ដោយ​មិន​ខ្វល់​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ហើយ​ទុកចិត្ត​លើ​ម៉ាទិន ឲ្យ​យក​ច្បាប់​សរសេរដៃ​ទៅ ។ ឥឡូវ​នេះ​ ព្រះ​លែង​ទុក​ព្រះទ័យ​គាត់​ទុក​ផ្ទាំងចំណារ ឬ​ប្រដាប់​បកប្រែ​ទៀត​ហើយ ។ គាត់​​មាន​អារម្មណ៍​ថា គាត់​សម​នឹង​ទទួល​រាល់​ការដាក់​ពិន័យ​ពី​ស្ថានសួគ៌​ក្នុង​​ជីវិត​គាត់ ។

ដោយ​ទម្ងន់​នៃ​កំហុស និង​ការសោកស្តាយ គាត់​បាន​លុត​ជង្គង់​ចុះ​សារភាព​អំពើ​បាប​គាត់ ហើយ​សូម​អង្វរ​ឲ្យ​មាន​ការអភ័យទោស ។ គាត់​បាន​សញ្ជឹងគិត​អំពី​កំហុស​ដែល​បាន​កើត​មាន​ឡើង ហើយ​អ្វី​ដែល​គាត់​អាច​ធ្វើឲ្យ​បាន​ប្រសើរ ប្រសិន​បើ​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​គាត់​បកប្រែ​ម្ដងទៀត​នោះ ។

នៅ​ថ្ងៃ​មួយ​ក្នុង​ខែ​កក្កដា កាល​ដែល​យ៉ូសែប​បាន​កំពុង​ដើរ​នៅ​ជិតៗ​ផ្ទះ នោះ​ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​នៅ​ចំពោះ​មុខ​គាត់ ។ ទេវតា​បាន​ប្រគល់​ប្រដាប់​បកប្រែ​ដល់​គាត់ ហើយ​យ៉ូសែប បាន​ឃើញ​សារ​ពី​ព្រះ​នៅក្នុង​ផ្ទាំងចំណារ និង​ប្រដាប់​បកប្រែ​នេះ​ថា « កិច្ចការ និង​ផែនការ និង​គម្រោងការណ៍​ទាំងឡាយ​នៃ​ព្រះ នោះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ ឬ​សាបសូន្យ​បាន​ឡើយ » ។

ព្រះ​បន្ទូល​ទាំង​នោះ​គឺជា​ការធានា​បញ្ជាក់​ជាថ្មី ប៉ុន្តែ​វា​ក៏​ជា​វិធី​នៃ​ការស្តីបន្ទោស​ភ្លាមៗ​ផងដែរ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​បាន​ប្រទាន​ដល់​អ្នក​នោះ តើ​តឹងរឹង​យ៉ាង​ណា » ។ « អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ » ។ ទ្រង់​បាន​បញ្ជា​យ៉ូសែប​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​កិច្ចការ​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ កំណត់ត្រា​ដែល​មាន​ចារ​នៅលើ​ផ្ទាំងចំណារ​មាស​មាន​សារៈសំខាន់​ជាង​កេរ្តិ៍​ឈ្មោះ​របស់​ម៉ាទិន ឬ​បំណង​ប្រាថ្នា​របស់​យ៉ូសែប ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទៅ​ទៀត ។ ព្រះ​បាន​រៀបចំ​រឿង​នេះ​ឡើង​ដើម្បី​ធ្វើ​សេចក្តីសញ្ញា​ពី​បុរាណ​របស់​ទ្រង់​ឡើង​វិញ ហើយ​ដើម្បី​បង្រៀន​មនុស្ស​ទាំងអស់​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ ។

ព្រះអម្ចាស់​បាន​ជម្រុញ​យ៉ូសែប​ឲ្យ​ចងចាំ​ពី​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ។ ទ្រង់​បាន​បញ្ជា​ថា « ចូរ​ប្រែចិត្ត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ហើយ​អ្នក​ក៏​នឹង​នៅ​ជា​អ្នកជម្រើស​ដដែល » ។ ជាថ្មី​ម្តងទៀត ទ្រង់​បាន​ហៅ​យ៉ូសែប​ឲ្យ​ធ្វើ​ជា​ព្យាការី និង​អ្នក​មើលឆុត​របស់​ទ្រង់ ។ ប៉ុន្តែ​ទ្រង់​បាន​ព្រមាន​គាត់​ឲ្យ​ស្តាប់​តាម​ព្រះបន្ទូល​ទ្រង់ ។

ទ្រង់​បាន​ប្រកាស​ថា « លើកលែង​តែ​អ្នក​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​ត្រូវ​បោះបង់​ចោល ហើយ​ក្លាយ​ទៅ​ដូចជា​មនុស្ស​ដទៃ ហើយ​គ្មាន​អំណោយទាន​ទៀត​ទេ » ។


នៅ​រដូវ​ស្លឹក​ឈើជ្រុះ​នោះ ឪពុកម្តាយ​របស់​យ៉ូសែប បាន​ធ្វើ​ដំណើរ​ទៅកាន់​ភូមិហាម៉ូនី ។ អស់រយៈ​ពេលជិត​ពីរ​ខែ​ទៅ​ហើយ​ ចាប់​តាំងពី​យ៉ូសែប​បាន​ចាកចេញ​ពី​ផ្ទះ​របស់គាត់​នៅ​ម៉ានឆែសស្ទើរ ហើយ​ឪពុក​ម្តាយ​គាត់​មិន​បាន​ទទួល​ដំណឹង​អ្វី​អំពី​គាត់​ឡើយ ។ ពួកគាត់​ព្រួយបារម្ភ​ក្រែង​រដូវ​ក្តៅ​ហួត​ហែង​បង្កឲ្យ​គាត់​លំបាក ។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ គាត់​បាន​បាត់បង់​កូន​ដំបូង​របស់​គាត់ ហើយ​ស្ទើរតែ​បាត់បង់​ភរិយា​ថែមទៀត ព្រមទាំង​បាត់បង់​ច្បាប់​សរសេរដៃ​ដែល​បាន​បកប្រែ​រួច​ទៀត ។ ពួកគាត់​ចង់ដឹង​ថា គាត់ និង​អិមម៉ា​សុខទុក្ខ​យ៉ាង​ណា ។

យ៉ូសែប ស៊ីញ្ញ័រ និង​លូស៊ី ​មាន​ក្តីរីករាយ​ដែល​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ​ឈរ​នៅលើ​ផ្លូវ​ចម្ងាយ​ប្រហែល​ជា​មួយ​គីឡូម៉ែត្រ​ពី​ពួកគាត់ ដែល​មើល​ទៅ​ហាក់​ដូចជា​មាន​ភាពស្ងប់ស្ងាត់ និង​រីករាយ ។ គាត់​បាន​ប្រាប់​ដល់​ឪពុកម្តាយ​ពី​ការណ៍​ដែល​ព្រះ​បាន​បាត់បង់​ទំនុក​ព្រះទ័យ​លើ​គាត់ ការប្រែចិត្ត​ពី​អំពើ​បាប​របស់​គាត់ និង​ការទទួល​វិវរណៈ ។ ការស្តីបន្ទោស​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ ប៉ុន្តែ​ដូចជា​ព្យាការី​ពីបុរាណ​ដែរ គាត់​បាន​សរសេរ​វិវរណៈ​នេះ​ដើម្បី​ឲ្យ​មនុស្ស​ដទៃ​ទៀត​បាន​អាន ។ វា​ជា​លើក​ដំបូង​ហើយ​ដែល​គាត់​បាន​កត់ត្រា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​មកកាន់​គាត់ ។

យ៉ូសែប​ក៏​បាន​ជម្រាប​ដល់​ឪពុកម្តាយ​គាត់​ថា មរ៉ូណៃ បាន​ប្រគល់​ផ្ទាំងចំណារ និង​ប្រដាប់​បកប្រែ​ឲ្យ​គាត់​វិញ​ហើយ ។ យ៉ូសែប​បាន​រៀបរាប់​ប្រាប់​ថា ទេវតា​ហាក់​ដូចជា​រីករាយ​ព្រះទ័យ ។ « ទេវតា​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ ដោយសារ​ភាពស្មោះត្រង់​ និង​ភាពរាបសា​របស់ខ្ញុំ » ។

ឥឡូវ​នេះ កំណត់ត្រា​នេះ​ត្រូវ​បាន​ទុក​ដោយ​មាន​សុវត្ថិភាព​នៅក្នុង​ផ្ទះ ដែល​បាន​លាក់​ទុក​នៅក្នុង​ហិប​ធំ​មួយ ។ យ៉ូសែប​បាន​ប្រាប់​គាត់​ថា « អិមម៉ា​ធ្វើ​ជា​អ្នកកត់ត្រា​ឲ្យ​កូន ប៉ុន្តែ​ទេវតា​មាន​បន្ទូល​ថា ព្រះអម្ចាស់​នឹង​បញ្ជូន​នរណា​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នកកត់ត្រា​ឲ្យ​កូន ហើយ​កូន​ទុកចិត្ត​ថា ទ្រង់​នឹង​បញ្ជូន​បុគ្គល​នោះ​មក​ជា​មិន​ខាន » ។


នៅ​និទាឃ​រដូវ​ក្រោយ ម៉ាទិន ហារីស បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ហាម៉ានី​ដោយ​មាន​ព័ត៌មាន​មិន​ល្អ​មួយ​ចំនួន ។ ភរិយា​របស់គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដោយ​បាន​ចោទ​ប្រកាន់​ថា យ៉ូសែប​គឺជា​ជន​បោកប្រាស់​ដែល​ក្លែងបន្លំ​ថា ខ្លួន​កំពុង​បកប្រែ​ផ្ទាំងចំណារ​មាស ។ ឥឡូវ​នេះ ម៉ាទិន​កំពុង​រង់ចាំ​ដីកា​ឲ្យ​ឡើង​ស្រាយ​បំភ្លឺ ។ គាត់​ត្រូវ​ប្រកាស ថា យ៉ូសែប​បាន​បោក​បញ្ឆោត​គាត់ បើ​ពុំ​នោះ​ទេ​ លូស៊ី​នឹង​ប្តឹង​ថា​គាត់​ក៏ជា​ជន​បោកបញ្ឆោត​ផងដែរ ។

ម៉ាទិន បាន​ជម្រុញ​ឲ្យ​យ៉ូសែប ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ថា​ផ្ទាំង​ចំណារ​នេះ​គឺ​មាន​ពិត​មែន ។ គាត់​ចង់​ប្រាប់​ដល់​តុលាការ​អំពី​ការបកប្រែ​ទាំងអស់ ប៉ុន្តែ​គាត់​ព្រួយ​បារម្ភ​ថា​គេឯង​មិន​ជឿ​គាត់ ។ ក្រោយ​មក លូស៊ី​បាន​រុករក​ក្នុង​ផ្ទះ​គ្រួសារ​ស្ម៊ីធ គ្រប់​ទីកន្លែង តែ​មិន​អាច​រកឃើញ​កំណត់ត្រា​នោះ​ឡើយ ។ ហើយ​ទោះបី​ជា​គាត់​បាន​បម្រើ​ជា​អ្នកកត់ត្រា​ឲ្យ​យ៉ូសែប​បាន​ពីរ​ខែ​ក្តី ក៏​ម៉ាទិន​មិន​ដែល​បាន​ឃើញ​ផ្ទាំងចំណារ​ដែរ ហើយ​ក៏​មិន​អាច​ថ្លែង​ថា គាត់​បាន​ឃើញ​វា​ដែរ ។

យ៉ូសែប​បាន​យក​សំណួរ​នេះ​ទៅ​ទូល​សួរ​ព្រះអម្ចាស់ ហើយ​បាន​ទទួល​ចម្លើយ​ឲ្យ​មិត្តភក្តិ​របស់​គាត់ ។ ព្រះអម្ចាស់​នឹង​មិន​ប្រាប់​ម៉ាទិន​ថា​ត្រូវ​និយាយ​អ្វី​នៅ​តុលាការ​ឡើយ ហើយ​ទ្រង់​ក៏​មិន​ប្រទាន​ភស្តុតាង​ថែមទៀត​ដល់​គាត់​ដែរ រហូត​ដល់​ម៉ាទិន​ជ្រើសរើស​បន្ទាបខ្លួន និង​អនុវត្ត​សេចក្តី​ជំនឿ​ជាមុន​សិន ។ ទ្រង់​មាន​បន្ទូល​ថា « បើសិន​ជា​ពួកគេ​មិន​ជឿ​តាម​ព្រះបន្ទូល​របស់យើង​ទេ នោះ​ពួកគេ​ក៏​នឹង​មិន​ជឿ​តាម​អ្នក​ដែរ យ៉ូសែប​ជា​អ្នក​បម្រើ​របស់យើង​អើយ ទោះបី​ជា​អ្នក​នឹង​បង្ហាញ​របស់​អស់​ទាំងនេះ​ដល់​ពួកគេ ដែល​យើង​បាន​ប្រទាន​ឲ្យ​ដល់​អ្នក​ក៏​ដោយ » ។

ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ផ្តល់​សេចក្តីមេត្តា​ករុណា​ដល់​ម៉ាទិន ប៉ុន្តែ​លុះត្រា​តែ​គាត់​បាន​ធ្វើ​ដូច​ដែល​យ៉ូសែប​បាន​ធ្វើ​នៅ​រដូវ​ក្តៅ​នោះ ហើយ​បន្ទាប​ខ្លួន​មាន​ទំនុកចិត្ត​លើ​ព្រះ ហើយ​រៀន​ពី​កំហុស​របស់គាត់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា សាក្សី​ស្មោះត្រង់​បី​រូប​នឹង​អាច​ឃើញ​ផ្ទាំងចំណារ​តាម​ពេលវេលា​ដែល​បាន​កំណត់ ហើយ​ម៉ាទិន​អាច​ជា​បុគ្គល​ម្នាក់​នៅក្នុង​ចំណោម​សាក្សី​ទាំង​បីនាក់​នេះ​ដែរ ប្រសិន​បើ​គាត់​ឈប់​ធ្វើ​តាម​ការអនុមតិ​របស់​អ្នក​ដទៃ ។

ពីមុន​បញ្ចប់​ព្រះបន្ទូល​របស់ទ្រង់ ព្រះអម្ចាស់​បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា « បើសិន​ជា​តំណ​នេះ​មិន​ធ្វើ​ចិត្ត​រឹង​ទទឹង​ទេ នោះ​យើង​នឹង​តាំង​សាសនាចក្រ​របស់យើង​ឡើង » ។

យ៉ូសែប​បាន​គិត​ពិចារណា​អំពី​ព្រះបន្ទូល​ទាំងនោះ កាល​ដែល​ម៉ាទិន​ចម្លង​វិវរណៈ ។ បន្ទាប់​មក​ គាត់​ និង​អិមម៉ា​បាន​ស្តាប់​កាល​ដែល​ម៉ាទិន​អាន​ត្រឡប់​មក​វិញ​ដើម្បី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ ។ នៅពេល​ដែល​ពួកគាត់​អាន ឪពុក​របស់​អិមម៉ា បាន​ដើរ​ចូល​ក្នុង​បន្ទប់ ហើយ​ស្តាប់ ។ នៅពេល​ពួកគេ​អាន​ចប់ គាត់​បាន​សួរ​ថា​តើ​ពាក្យ​សម្ដី​ទាំងនេះ​ជា​របស់​នរណា ។

យ៉ូសែប និង​អិមម៉ា​បាន​ពន្យល់​ថា​ជា « ព្រះ​បន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

លោក​អ៊ីសាក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​គិត​ថា​អ្វីៗ​ទាំងអស់​នេះ​គឺជា​ការបោកប្រាស់ » ។ « បញ្ឈប់​វា​ទៅ » ។

ដោយ​មិន​ខ្វល់​អំពី​ពាក្យសម្ដី​របស់​ឪពុក​អិមម៉ា នោះ​ម៉ាទិន​បាន​យក​សំណៅ​ចម្លង​វិវរណៈ​របស់​គាត់ ហើយ​ឡើង​ជិះ​រទេះ​ទៅ​ផ្ទះ​របស់គាត់ ។ គាត់​បាន​មក​ភូមិ​ហាម៉ូនី ដើម្បី​ស្វែងរក​ភស្តុតាង​អំពី​ផ្ទាំងចំណារ ហើយ​គាត់​បាន​ត្រឡប់​ទៅវិញ​ដោយ​មាន​វិវរណៈ​មួយ​ដែល​ថ្លែង​អំពី​ការពិត​នៃ​ផ្ទាំងចំណារ ។ គាត់​មិន​អាច​ប្រើ​វា​នៅក្នុង​តុលាការ​បាន​ទេ ប៉ុន្តែ​គាត់​បាន​ត្រឡប់​ទៅ​ភូមិ​បាល់ម៉ៃរា​វិញ​ ដោយ​ការដឹង​ថា ព្រះអម្ចាស់​បាន​ដឹង​អំពី​រឿង​របស់គាត់ ។

ក្រោយ​មក នៅ​ពេល​ម៉ាទិន​បាន​ឈរ​នៅ​ពីមុខ​ចៅក្រម គាត់​បាន​ថ្លែង​ទីបន្ទាល់​ដ៏​សាមញ្ញ និង​មាន​ឥទ្ធិពល​មួយ ។ ដោយ​ដៃ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ គាត់​បាន​ធ្វើ​ជា​សាក្សី​អំពី​សេចក្តីពិត​នៃ​ផ្ទាំងចំណារ​មាស ហើយ​បាន​ប្រកាស​ថា គាត់​បាន​ឲ្យ​លុយ​ដោយ​មិន​ទាមទារ​សំណង​ទៅ​ដល់​យ៉ូសែប ចំនួន​ហាសិប​ដុល្លារ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ដោយ​គ្មាន​ភស្តុតាង​បញ្ជាក់​ពី​ការចោទ​ប្រកាន់​របស់​លូស៊ី នោះ​តុលាការ​បាន​បិទ​ករណី​នេះ​ចោល ។​

ក្នុង​រវាង​ពេល​នេះ យ៉ូសែប​បាន​បន្ត​ធ្វើ​ការបកប្រែ ដោយ​ការអធិស្ឋាន​សុំឲ្យ​ព្រះអម្ចាស់​នឹង​បញ្ជូន​អ្នក​សរសេរ​ម្នាក់​ទៀត​មក​ជួយ​ក្នុង​ពេល​ឆាប់ៗ ។


នៅ​ឯ​ម៉ាន​ឆែសស្ទើរ​ឯណោះ​វិញ មាន​យុវជន​ម្នាក់​ឈ្មោះ​ថា អូលីវើរ ខៅឌើរី បាន​មក​ស្នាក់នៅ​ជាមួយ​ឪពុក​ម្តាយ​របស់​យ៉ូសែប ។ អូលីវើរ​មាន​វ័យ​ក្មេង​ជាង​យ៉ូសែប​មួយ​ឆ្នាំ ហើយ​នៅ​និទាឃ​រដូវ​ឆ្នាំ១៨២៨ គាត់​ចាប់ផ្តើម​បង្រៀន​នៅក្នុង​សាលា​ដែល​មាន​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​នៅ​ភាគ​ខាងត្បូង​នៃ​កសិដ្ឋាន​របស់​គ្រួសារ​ស្ម៊ីធ ។

ជា​ញឹកញាប់​គ្រូបង្រៀន​តែងតែ​ស្នាក់នៅ​ជាមួយ​គ្រួសារ​សិស្ស​របស់ខ្លួន តែ​នៅ​ពេល​អូលីវើរ​បាន​ឮ​ពាក្យ​ចចាមអារាម​អំពី​យ៉ូសែប និង​ផ្ទាំង​ចំណារ​មាស នោះ​គាត់​ក៏​បាន​សុំ​ស្នាក់នៅ​ជាមួយ​គ្រួសារ​ស្ម៊ីធ ។ ដំបូង គាត់​បាន​ប្រមែប្រមូល​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​គ្រួសារ​នេះ ។ ដោយសារ​ការលួច​ច្បាប់​សរសេរដៃ និង​ពាក្យ​ខ្សឹបខ្សៀវ​បាន​ធ្វើឲ្យ​ពួកគេ​ប្រយ័ត្ន​មិន​និយាយ​អ្វី​ឡើយ ។

ប៉ុន្តែ​នៅ​អំឡុង​ពេល​រដូវ​រងា​នា​ឆ្នាំ១៨២៨–២៩ នៅពេល​ដែល​អូលីវើរ​បាន​បង្រៀន​កូនៗ​របស់​គ្រួសារ​ស្ម៊ីធ នោះ​ម្ចាស់ផ្ទះ​បាន​ចាប់ផ្តើម​ទុកចិត្ត​លើ​គាត់ ។ នៅ​អំឡុង​ពេល​នេះ លោក​ស៊្មីធ ស៊ីញ្ញ័រ​ បាន​ត្រឡប់​មកពី​ភូមិ​ហាម៉ូនី​វិញ ដោយ​មាន​វិវរណៈ​មួយ​ប្រកាស​ថា ព្រះអម្ចាស់​រៀប​នឹង​សម្តែង​កិច្ចការ​ដ៏​អស្ចារ្យ​មួយ ។​ មក​ដល់​ពេល​នោះ អូលីវើរ​បាន​សបញ្ជាក់​ថា ខ្លួន​ជា​អ្នក​ស្វែងរក​សេចក្តីពិត​ដ៏​ស្មោះត្រង់​ម្នាក់ ហើយ​ឪពុក​ម្តាយ​របស់​យ៉ូសែប ក៏​បាន​បើក​ចំហ​អំពី​ការហៅ​ដ៏​ទេវភាព​របស់​កូនប្រុស​ខ្លួន ។

អ្វី​ដែល​ពួកគាត់​មាន​ប្រសាសន៍​បាន​ចាប់​ចិត្ត​របស់​អូលីវើរ ហើយ​គាត់​បាន​ចង់​ជួយ​ក្នុង​ការបកប្រែ​នេះ​ជាខ្លាំង ។ ក៏​ដូចជា​យ៉ូសែប​ដែរ អូលីវើរ​មិន​ពេញចិត្ត​នឹង​ព្រះវិហារ​សម័យ​ទំនើប​ទាំងឡាយ​ឡើយ ហើយ​បាន​ជឿ​លើ​ព្រះ​នៃ​អព្ភូតហេតុ​មួយ​អង្គ ដែល​នៅ​តែ​បើក​សម្តែង​ព្រះទ័យ​ដល់​ប្រជារាស្រ្ត​របស់ទ្រង់ ។ ប៉ុន្តែ​យ៉ូសែប និង​ផ្ទាំងចំណារ​មាស​នៅ​ឆ្ងាយ​ណាស់ ហើយ​អូលីវើរ​មិន​បាន​ដឹង​ថា​គាត់​អាច​ជួយ​កិច្ចការ​នេះ​បាន​តាម​របៀប​ណា​នោះ​ទេ ប្រសិន​បើ​គាត់​ស្នាក់នៅ​ម៉ានឆែសស្ទើរ​នោះ ។

នៅ​ថ្ងៃ​នៃ​និទាឃ​រដូវ​មួយ នៅពេល​ដែល​ភ្លៀង​កំពុង​ធ្លាក់​យ៉ាងខ្លាំង​នៅលើ​ដំបូល​ផ្ទះ​របស់​គ្រួសារ​ស្ម៊ីធ នោះ​អូលីវើរ​បាន​ប្រាប់​ដល់​ក្រុម​គ្រួសារ​នេះ​ថា គាត់​ចង់​ទៅ​ភូមិ​ហាម៉ូនី​ជួយ​យ៉ូសែប នៅពេល​ដល់​វិស្សមកាល ។ លូស៊ី និង​យ៉ូសែប ស៊ីញ្ញ័រ បាន​ជម្រុញ​គាត់​ឲ្យ​ទូល​សួរ​ដល់​ព្រះអម្ចាស់ ប្រសិន​បើ​បំណង​ប្រាថ្នា​របស់គាត់​គឺជា​រឿង​ត្រឹមត្រូវ ។

នៅពេល​សម្រាក​នៅលើ​គ្រែ​របស់​គាត់ អូលីវើរ​បាន​អធិស្ឋាន​តែ​ម្នាក់ឯង​ដើម្បី​ដឹង​ថា អ្វី​ដែល​គាត់​បាន​ឮ​អំពី​ផ្ទាំងចំណារ​មាស​គឺជា​រឿង​ពិត ។ ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​គាត់​នូវ​ការនិមិត្ត​មួយ​អំពី​ផ្ទាំងចំណារ​មាស និង​ការខិតខំ​របស់​យ៉ូសែប​ដើម្បី​បកប្រែ​វា ។ អារម្មណ៍​សុខសាន្ដ​មួយ​បានស្ថិត​នៅ​ជាមួយ​គាត់ ហើយ​គាត់​បាន​ដឹង​ភ្លាម​ថា គាត់​គួរតែ​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នក​កត់ត្រា​ឲ្យ​យ៉ូសែប ។

អូលីវើរ​មិន​បាន​ប្រាប់​នរណា​ម្នាក់​អំពី​ការអធិស្ឋាន​របស់គាត់​ឡើយ ។ ប៉ុន្តែ​នៅពេល​វិស្សមកាល​មក​ដល់​ភ្លាម​ គាត់ និង​សាំយូអែល​ជា​ប្អូន​របស់​យ៉ូសែប បាន​ចេញ​ទៅ​ភូមិ​ហាម៉ូនី​ដោយ​ថ្មើរជើង ដែល​មាន​ចម្ងាយ​ជាង​មួយរយ​ហុកសិប​គីឡូម៉ែត្រ ។ នៅ​តាម​ផ្លូវ​មាន​ភាពត្រជាក់ និង​មាន​ពេញ​ដោយ​ភក់​ដោយសារ​ភ្លៀង​ធ្លាក់​នា​និទាឃ​រដូវ ឯ​ម្រាមជើង​របស់​អូលីវើរ​ក៏​បាន​កក​ពេល​គាត់ និង​សាំយូអែល​បាន​ទៅដល់​មាត់​ទ្វារ​ផ្ទះ​របស់​យ៉ូសែប និង​អិមម៉ា​នោះ ។ ប៉ុន្តែ​គាត់​មាន​ចិត្ត​អន្ទះសា​ចង់​ជួប​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់ ហើយ​ចង់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​តើ​ព្រះ​ធ្វើការ​តាមរយៈ​ព្យាការី​វ័យក្មេង​នេះ​យ៉ាង​ដូចម្តេច ។


នៅពេល​ដែល​អូលីវើរ​មកដល់​ភូមិ​ហាម៉ូនី វា​ហាក់​ដូចជា​គាត់​ធ្លាប់​បាន​រស់នៅ​ទីនោះ​ពីមុន​មក ។ យ៉ូសែប​បាន​ជជែក​ជាមួយ​គ្នា​រហូត​ដល់​យប់​ជ្រៅ បាន​ស្តាប់​រឿង​របស់គាត់ ហើយ​បាន​ឆ្លើយ​សំណួរ​នានា​របស់គាត់ ។ ពិត​ណាស់​គឺ​អូលីវើរ ទទួល​បាន​ការអប់រំ​ល្អ ហើយ​យ៉ូសែប ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទទួល​យក​សំណើ​របស់​គាត់​ធ្វើជា​អ្នក​កត់ត្រា ។

បន្ទាប់​ពី​អូលីវើរ​បាន​មក​ដល់ កិច្ចការ​ដំបូង​របស់​យ៉ូសែប គឺ​ត្រូវ​រក​កន្លែង​មួយ​ដើម្បី​ធ្វើការ ។ គាត់​បាន​សុំឲ្យ​អូលីវើរ​សរសេរ​កិច្ចសន្យា​មួយ​ដែល​យ៉ូសែប​បាន​សន្យា​ថា​នឹង​បង់ថ្លៃ​ឲ្យ​ឪពុក​ក្មេក​របស់គាត់​ចំពោះ​ផ្ទះតូច​មួយ​ដែល​គាត់ និង​អិមម៉ា​បាន​រស់នៅ ក៏​ដូចជា​ជង្រុក​ស្រូវ​មួយ កសិដ្ឋាន និង​ម៉ាស៊ីន​មួយ​គ្រឿង ។ ដោយបាន​គិតគូរ​ដល់​សុខុមាលភាព​របស់​កូនស្រី​ពួកគាត់ នោះ​ឪពុក​ម្តាយ​របស់​អិមម៉ា បាន​ព្រមព្រៀង​តាម​លក្ខខណ្ឌនេះ ហើយ​បាន​សន្យាជួយ​ធ្វើឲ្យ​អ្នក​ជិតខាង​ឈប់​ខ្លាច​យ៉ូសែប ។

ក្នុង​ពេល​នេះ​យ៉ូសែប និង​អូលីវើរ​បាន​ចាប់ផ្តើម​បកប្រែ ។ ពួកគាត់​បាន​ធ្វើការ​ស៊ី​ចង្វាក់​គ្នា​ណាស់​ពេញៗ​សប្ដាហ៍​រហូតដល់​ចប់ ដែល​ជាញឹកញាប់​អិមម៉ា​ក៏​នៅ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​របស់នាង​ក្នុង​បន្ទប់​ជាមួយ​គ្នា​នោះ​ផងដែរ ។ ពេល​ខ្លះ​យ៉ូសែប​បាន​បកប្រែ​ដោយ​ការមើល​តាម​ប្រដាប់​បកប្រែ ហើយ​អាន​ជា​ភាសា​អង់គ្លេស​នូវ​តួអក្សរ​ដែល​បាន​ចារ​នៅលើ​ផ្ទាំងចំណារ​នោះ ។

ជាញឹកញាប់ គាត់​ចូលចិត្ត​ប្រើ​តែ​ត្បូង​មើល​ឆុត​ព្រោះ​វា​ងាយស្រួល​ជាង ។ លោក​ដាក់​ត្បូង​មើលឆុត​នៅក្នុង​មួក​របស់​លោក ហើយ​ឱន​មុខ​ចូលក្នុង​មួក​បាំង​ពន្លឺ​ថ្ងៃ ហើយ​សម្លឹង​មើល​តាម​ត្បូង​នេះ ។ ពន្លឺ​របស់​ត្បូង​នេះ​បាន​បំភ្លឺ​ភាពងងឹត ដោយ​បង្ហាញ​ពាក្យ​ឲ្យ​យ៉ូសែប​អាន​កាល​អូលីវើរ​សរសេរ​វា​យ៉ាង​ញាប់​ដៃ​នោះ ។

ក្រោម​ការណែនាំ​របស់​ព្រះអម្ចាស់ យ៉ូសែប​មិន​បាន​ព្យាយាម​បកប្រែ​អ្វី​ដែល​គាត់​បាន​បាត់បង់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គាត់ និង​អូលីវើរ​បាន​បន្ត​បកប្រែ​កំណត់ត្រា​ទៅមុខ​ទៀត ។ ព្រះអម្ចាស់​បាន​បើក​សម្តែង​ថា សាតាំង​បាន​ល្បួង​ពួកមនុស្ស​អាក្រក់​ឲ្យ​មក​យក​អត្ថបទ​ដែល​បាន​បកប្រែ​បាន​ទាំង​ប៉ុន្មាន​ទំព័រ​នោះ ទៅ​កែប្រែ​ពាក្យពេចន៍​នានា ហើយ​នឹង​ប្រើប្រាស់​វា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការសង្ស័យ​ទៅលើ​ការបកប្រែ​ដើម ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​បញ្ជាក់​ដល់​យ៉ូសែប​ថា ទ្រង់​បាន​បំផុស​គំនិត​ដល់​ពួកព្យាការី​ពី​បុរាណ​ដែល​បាន​រៀបចំ​ផ្ទាំងចំណារ​នេះ​ឲ្យ​បញ្ចូល​សាច់រឿង​ដែល​បាត់​នោះ​នៅក្នុង​ដំណើររឿង​ផ្សេងទៀត​ដែល​មាន​ពេញលេញ​ជាង​នេះ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា « យើង​​នឹង​បំភាន់​ពួក​អ្នក​ដែល​បាន​កែប្រែ​ពាក្យពេចន៍​របស់​យើង ។ យើង​នឹង​បង្ហាញ​ដល់​ពួកគេ​ថា ប្រាជ្ញា​របស់យើង​មហិមា​ជាង​កលល្បិច​នៃ​អារក្ស​ទៅ​ទៀត » ។

ការធ្វើ​ជា​អ្នក​សរសេរ​ឲ្យ​យ៉ូសែប ធ្វើ​ឲ្យ​អូលីវើរ​ រីករាយ​ខ្លាំង​ណាស់ ។ នៅពេល​ដែល​មិត្ត​គាត់​អាន​ប្រវត្តិសាស្ដ្រ​ដ៏​ស្មុគស្មាញ​នៃ​អរិយ្យធម៌​ធំៗ​ពីរ គឺ​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន គាត់​បាន​ស្តាប់​មួយ​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​ទៀត ។ គាត់​បាន​រៀន​ពី​ស្ដេច​សុចរិត និង​ស្តេច​ទុច្ចរិត ពី​ប្រជារាស្រ្ត​ដែល​ធ្លាក់​ចូលក្នុង​សេវភាព ហើយ​ត្រូវ​បាន​រំដោះ​ឲ្យ​រួច អំពី​ព្យាការី​ពី​បុរាណ​ដែល​បាន​ប្រើ​ត្បូង​មើលឆុត​ដើម្បី​បកប្រែ​កំណត់ត្រា​ដែល​រកឃើញ​ពី​ទីវាល​ដែល​មាន​ពេញ​ទៅ​ដោយ​ឆ្អឹង​ខ្មោច ។ ដូចជា​យ៉ូសែប​ដែរ ព្យាការី​រូប​នោះ​គឺជា​អ្នក​ទទួល​វិវរណៈ និងជា​អ្នក​មើលឆុត​ដែល​បាន​ប្រទានពរ​ឲ្យ​មាន​អំណោយទាន និង​ព្រះចេស្តា​នៃ​ព្រះ ។

កំណត់ត្រា​នេះ​បាន​ថ្លែង​ទីបន្ទាល់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អូលីវើរ​បាន​ឃើញ​របៀប​ដែល​ពួកព្យាការី​បាន​ដឹកនាំ​ព្រះវិហារ​ពីបុរាណ និង​របៀប​ដែល​បុរស​ស្រ្តី​សាមញ្ញ​ៗ​ធ្វើ​កិច្ចការ​របស់ព្រះ ។

ប៉ុន្តែ អូលីវើរ​នៅតែ​មាន​សំណួរ​ជាច្រើន​អំពី​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​គាត់​ចង់​ទទួល​បាន​ចម្លើយ ។ យ៉ូសែប​បាន​ស្វែងរក​វិវរណៈ​មួយ​ឲ្យ​គាត់ តាមរយៈ​ត្បូង​យ៉ូរីម និង​ធូមីម ហើយ​ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប ។ ទ្រង់​បាន​ប្រកាស​ថា « បើសិន​ជា​អ្នក​សុំ​ពី​យើង នោះ​អ្នក​តែង​នឹង​បាន​ទទួល ។ បើ​សិន​ជា​អ្នក​នឹង​សុំ នោះ​អ្នក​នឹង​បាន​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​ដែល​ធំ ហើយ​អស្ចារ្យ » ។

ព្រះអម្ចាស់​ក៏​ជម្រុញ​អូលីវើរ​ឲ្យ​ចងចាំ​ពី​ទីបន្ទាល់​ដែល​គាត់​បាន​ទទួល​ពីមុន​មក​ដល់​ភូមិ​ហាម៉ូនី ដែល​អូលីវើរ​បាន​លាក់ទុក​ក្នុង​ចិត្ត​នោះ ។ ព្រះអម្ចាស់​បាន​សួរ​ថា « តើ​យើង​ពុំបាន​មាន​បន្ទូល​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់អ្នក​អំពី​ការណ៍​នោះទេ​ឬអី ? តើ​អ្នក​អាច​មាន​សាក្សី​ឯណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មកពី​ព្រះ​ទៀត ? » « បើសិន​ជា​យើង​បាន​ប្រាប់​អ្នក​នូវ​ការណ៍​ទាំងឡាយ​ដែល​គ្មាន​មនុស្ស​ណា​ដឹង តើ​អ្នក​មិន​បាន​ទទួល​សាក្សី​ទេ​ឬ​អី ? »

អូលីវើរ​បាន​មាន​ចិត្ត​ស្ញប់ស្ញែង ។ ភ្លាមៗ​នោះ​គាត់​បាន​ប្រាប់​យ៉ូសែប​អំពី​ការអធិស្ឋាន​ដ៏​សម្ងាត់​របស់គាត់ និង​សាក្សី​ដ៏​ទេវភាព​ដែល​គាត់​បាន​ទទួល ។ គាត់​បាន​មាន​ប្រសាសន៍​ថា គ្មាន​នរណា​ម្នាក់​ដឹង​រឿង​នេះ​ក្រៅ​ពី​ព្រះ​ឡើយ ហើយ​ឥឡូវ​នេះ​គាត់​បាន​ដឹង​ថា កិច្ចការ​នេះ​គឺ​ពិត ។

ពួកគាត់​បាន​ត្រឡប់​ទៅ​ធ្វើការ​វិញ ហើយ​អូលីវើរ​បាន​ចាប់ផ្តើម​ងឿង​ឆ្ងល់​បើ​គាត់​អាច​ធ្វើការ​បកប្រែ​ផងដែរ​បាន​ឬទេ ។ គាត់​បាន​ជឿ​ថា ព្រះ​អាច​ធ្វើការ​តាមរយៈ​ឧបករណ៍​នានា​ដូចជា​ត្បូង​មើលឆុត​នេះ ហើយ​មាន​ម្តង​ម្កាល​គាត់​ក៏​បាន​ប្រើ​ដំបង​ដ៏​ទេវភាព​មួយ​ដើម្បី​ស្វែងរក​ទឹក និង​រ៉ែ​ផងដែរ ។ ប៉ុន្តែ​គាត់​មិន​ប្រាកដ​ថា​តើ​ដំបង​គាត់​នោះ​ដំណើរការ​តាមរយៈ​ព្រះចេស្តា​របស់ព្រះ​ឬ​យ៉ាង​ណា​ទេ ។ ដំណើរការ​នៃ​ការទទួល​វិវរណៈ​នៅតែ​ជា​ការណ៍​ដ៏​អាថ៌កំបាំង​មួយ​ចំពោះ​គាត់ ។

ជាថ្មី​ម្តង​ទៀត យ៉ូសែប​បាន​នាំ​យក​សំណួរ​របស់​អូលីវើរ​ទៅ​ទូល​សួរ​ព្រះអម្ចាស់ ហើយ​ព្រះអម្ចាស់​បាន​ប្រាប់​ទៅ​អូលីវើរ​ថា គាត់​អាច​មាន​អំណាច​ដើម្បី​ទទួល​បាន​ចំណេះវិជ្ជា​ដែរ បើ​គាត់​ទូល​សួរ​ដោយ​សេចក្តី​ជំនឿ ។ ព្រះអម្ចាស់​បាន​បញ្ជាក់​ថា ដំបង​របស់​អូលីវើរ​នោះ​បាន​ដំណើរការ​តាមរយៈ​ព្រះចេស្តា​របស់ព្រះ ដូចជា​រំពាត់​របស់​អើរ៉ុន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ ។ បន្ទាប់​មក ទ្រង់​បាន​បង្រៀន​អូលីវើរ​បន្ថែម​ទៀត​អំពី​វិវរណៈ ។ ទ្រង់​បាន​ប្រកាស​ថា « យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់អ្នក និង​នៅក្នុង​ចិត្ត​របស់អ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហេតុដូច្នេះ​ហើយ នេះ​គឺជា​វិញ្ញាណ​នៃ​វិវរណៈ » ។

ទ្រង់​ក៏​បាន​ប្រាប់​អូលីវើរ​ផងដែរ​ថា គាត់​អាច​បកប្រែ​កំណត់ត្រា​នេះ​ដូចជា​យ៉ូសែប​បាន​ធ្វើ​ដែរ ដរាបណា​គាត់​ពឹងលើ​សេចក្តី​ជំនឿ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​ចងចាំ​ថា បើ​គ្មាន​សេចក្ដី​ជំនឿ នោះ​អ្នក​ពុំ​អាច​ធ្វើ​អ្វី​បាន​ទេ » ។

បន្ទាប់​ពី​បាន​ទទួល​វិវរណៈ​នេះ​ហើយ អូលីវើរ​មាន​ចិត្ត​រីករាយ​នឹង​ធ្វើការ​បកប្រែ ។ គាត់​បាន​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប ប៉ុន្តែ​នៅពេល​ពាក្យ​បកប្រែ​មិន​បាន​ផុស​ឡើង​ដោយ​ងាយៗ នោះ​គាត់​ចាប់ផ្ដើម​មាន​ចិត្ត​អន្ទះសា និង​ច្របូកច្របល់ ។

យ៉ូសែប​ឃើញ​ថា​មិត្ត​របស់គាត់​មាន​ការពិបាក នោះ​គាត់​មាន​ចិត្ត​អាណិត ។ គាត់​បាន​ចំណាយ​ពេល​ជាច្រើន​ដើម្បី​រៀបចំ​ចិត្ត និង គំនិត​របស់​មិត្ត​ដើម្បី​ធ្វើការ​បកប្រែ ប៉ុន្តែ​អូលីវើរ​ហាក់​ដូចជា​គិត​ថា​គាត់​អាច​ធ្វើ​វា​បាន​ភ្លាមៗ ។ វា​មិន​គ្រប់គ្រាន់​ទេ​ដោយ​គ្រាន់តែ​ទទួល​បាន​អំណោយទាន​ខាងវិញ្ញាណ​នោះ ។ គាត់​ត្រូវតែ​ចំណាយ​ពេល​បណ្ដុះ និង​អភិវឌ្ឍ​អំណោយទាន​នោះ​ដើម្បី​ប្រើ​វា​នៅក្នុង​កិច្ចការ​របស់ព្រះ ។

មិន​យូរ​ប៉ុន្មាន អូលីវើរ​បាន​បោះបង់​ការបកប្រែ ហើយ​បាន​សួរ​យ៉ូសែប​ថា ហេតុអ្វី​ក៏​គាត់​គ្មាន​ភាពជោគជ័យ ។

យ៉ូសែប​បាន​ទូល​សួរ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​តប​ថា « អ្នក​បាន​សន្និដ្ឋាន​ថា យើង​នឹង​ប្រទាន​ឯកសិទ្ធិ​នេះ​ដល់​អ្នក កាល​អ្នក​ពុំបាន​យក​មក​គិត​សោះ ក្រៅ​ពី​សុំ​ពី​យើង ។ អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់អ្នក រួចហើយ​អ្នក​ត្រូវ​សូម​ដល់​យើង បើសិនជា​ការណ៍​នោះ​ត្រឹមត្រូវ » ។

ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​អូលីវើរ​មាន​ភាពអត់ធ្មត់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « មិន​ចាំបាច់​ឲ្យ​អ្នក​គួរ​បកប្រែ​នៅពេល​នេះ​ទេ ។ កិច្ចការ​ដែល​អ្នក​បាន​ហៅឲ្យ​ធ្វើ​គឺ​ដើម្បី​សរសេរ​ជូន​យ៉ូសែប ជា​អ្នក​បម្រើ​របស់យើង » ។ ទ្រង់​បាន​សន្យា​នឹង​អូលីវើរ​នូវ​ឱកាស​បកប្រែ​ផ្សេង​ទៀត​នៅពេល​ក្រោយ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​គឺជា​អ្នក​សរសេរ ហើយ​យ៉ូសែប​គឺជា​អ្នក​មើលឆុត ។