វគ្គសិក្សា​ដំណឹងល្អ
០៤ ចូរ​ប្រុង​ប្រយ័ត្ន


« ចូរ​ប្រុង​ប្រយ័ត្ន » ជំពូក ៤ នៃ ពួកបរិសុទ្ធ ៖ ដំណើររឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ១៨១៥–១៨៤៦ ( ឆ្នាំ២០១៨ )

ជំពូក ៤ ៖ « ចូរ​ប្រុង​ប្រយ័ត្ន »

ជំពូក ៤

ចូរ​ប្រុង​ប្រយ័ត្ន

ប្រអប់​សោ

នាង​ អិមម៉ា ហ៊ែល ដែល​មាន​វ័យ​២១​ឆ្នាំ បាន​ឮ​អំពី យ៉ូសែប ស្ម៊ីធ ដំបូង​គឺ​នៅពេល​គាត់​បាន​មក​ធ្វើការ​ឲ្យ​លោក យ៉ូសៀស ស្តូវែល នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ក្នុង​ឆ្នាំ​១៨២៥ ។ លោក យ៉ូសៀស បាន​ឲ្យ​យុវជន​រូប​នេះ និង​ឪពុក​របស់​គាត់​ជួយ​គាត់​ស្វែងរក​កំណប់​ដែល​កប់​នៅក្នុង​ដី ។ អ្នក​ស្រុក​និយាយ​តៗ​គ្នា​ថា ក្រុម​អ្នក​រុករក​មួយ​ក្រុម​បាន​តម្កល់​រ៉ែប្រាក់ និង​កប់​កំណប់​នៅក្នុង​តំបន់​នេះ​រាប់​រយ​ឆ្នាំ​កន្លង​មក​ហើយ ។ ដោយ​ការដឹង​ថា យ៉ូសែប​មាន​អំណោយទាន​ក្នុង​ការប្រើប្រាស់​ត្បូង​មើល​ឆុត នោះ​លោក យ៉ូសៀស បាន​សន្យា​ថា​ផ្តល់​ប្រាក់​កម្រៃ​ខ្ពស់​ឲ្យ​គាត់ ហើយ​ចែកចាយ​កំណប់​ដែល​រកឃើញ​នោះ​ជាមួយ​គាត់ ប្រសិនបើ​យ៉ូសែប​នឹង​ជួយ​គាត់​ស្វែងរក ។

ឪពុក​របស់​អិមម៉ា គឺ​អ៊ីសាក បាន​គាំទ្រ​ដល់​ដំណើរ​ផ្សងព្រេង​នេះ ។ នៅពេល​យ៉ូសែប និងឪពុក​របស់​គាត់​បាន​មកដល់​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា—ភូមិ​មួយ​ដែល​មាន​ចម្ងាយ​២៤០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ប៉ាលម៉ៃរ៉ា — នោះ​អ៊ីសាក​បាន​ធ្វើជា​សាក្សី​នៅពេល​ពួកគាត់ បាន​ចុះ​កិច្ចសន្យា​របស់ពួកគេ ។ គាត់​ក៏​បាន​អនុញ្ញាតឲ្យ​កម្មករ​ស្នាក់​នៅក្នុង​ផ្ទះ​របស់គាត់​ផងដែរ ។

មិន​យូរ​ប៉ុន្មាន នាង​អិមម៉ា​បាន​ជួប​នឹង​យ៉ូសែប ។ គាត់​មាន​វ័យ​តិច​ជាង​នាង តែ​មាន​កម្ពស់ ១.៨ ម៉ែត្រ ហើយមាន​រូប​រាង​ដូច​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​នឿយហត់ ។ គាត់​មាន​ភ្នែក​ពណ៌​ខៀវ និង​មាន​សម្បុរ​ស ហើយ​ដើរ​ខ្ញើចៗ ។ ការប្រើប្រាស់​វេយ្យាករណ៍​របស់គាត់​មិន​ត្រឹមត្រូវ​ទេ​ហើយ​ជួនកាល​គាត់​ប្រើ​ពាក្យ​ច្រើន​ជ្រុល​ដើម្បី​បង្ហាញ​ពី​ខ្លួន​គាត់ ប៉ុន្តែ​គាត់​បង្ហាញ​ឲ្យឃើញ​ពី​បញ្ញា​តាម​ធម្មជាតិ​នៅពេល​គាត់​និយាយ ។ គាត់ និង​ឪពុក​គឺ​ជា​មនុស្ស​ល្អ​ដែល​ចង់​ថ្វាយ​បង្គំ​ដោយ​ខ្លួន​ឯង ជាជាង​ទៅ​ចូល​រួម​នៅ​ក្នុង​ព្រះ​វិហារ​ដែល អិមម៉ា និង​គ្រួសារ​នាង​ទៅ​ថ្វាយ​បង្គំ ។

ទាំង​យ៉ូសែប និង​អិមម៉ា​ចូលចិត្ត​លេង​នៅ​ខាងក្រៅ ។ តាំងពី​នៅក្មេង អិមម៉ា​ចូលចិត្ត​ជិះ​សេះ និង​ជិះទូក​លេង​នៅ​តាមដង​ទន្លេ​ជិត​ផ្ទះ​របស់នាង ។ យ៉ូសែប​មិនមែន​ជា​អ្នក​ជិះ​សេះ​ជំនាញ​នោះទេ ប៉ុន្តែ​គាត់​ពូកែ​លេង​បោក​ចំបាប់ និង​បាល់ ។ គាត់​ងាយនឹង​ចុះសម្រុង​នឹង​អ្នកដទៃ ហើយ​ងាយ​នឹង​ញញឹម ជារឿយៗ​គាត់​តែងតែ​និយាយ​រឿង​កំប្លែង ឬ​រឿង​លេងសើច ។ អិមម៉ា​វិញ​គឺ​ស្រគត់ស្រគំ ប៉ុន្តែ​នាង​ចូលចិត្ត​រឿង​កំប្លែង​ល្អៗ ហើយ​អាច​និយាយ​ជាមួយ​នរណា​ក៏បាន ។ នាង​ក៏​ចូលចិត្ត​អំណាន និង​ចម្រៀង​ផងដែរ ។

ប៉ុន្មាន​សប្តាហ៍​កន្លង​ផុតទៅ អិមម៉ា​កាន់តែ​ស្គាល់​យ៉ូសែប​ច្បាស់​ជាងមុន នោះ​ឪពុកម្តាយ​នាង​កាន់តែ​មាន​ចិត្ត​អន្ទះសា​ចង់​ដឹង​ពី​ចំណង​មិត្តភាព​របស់​ពួកគាត់ ។ យ៉ូសែប​គឺជា​កម្មករ​ក្រីក្រ​មកពី​រដ្ឋផ្សេង ហើយ​ឪពុកម្តាយ​របស់​នាង​សង្ឃឹម​ថា កូនស្រី​ខ្លួន​នឹង​កាត់បន្ថយ​ការចាប់​ចិត្ត​លើ​យ៉ូសែប ហើយ​រៀបការ​ទៅ​គ្រួសារ​មួយ​ដែល​ជា​អ្នក​មាន​នៅក្នុង​ភូមិ​របស់​ពួកគាត់ ។ ឪពុក​របស់​អិមម៉ា ក៏​កាន់តែ​ប្រយ័ត្ន​អំពី​ការស្វែងរក​កំណប់ ហើយ​កើត​ការសង្ស័យ​ចំពោះ​តួនាទី​របស់​យ៉ូសែប នៅក្នុង​កិច្ចការ​នេះ ។ វា​ហាក់ដូចជា​មិន​សំខាន់​ចំពោះ អ៊ីសាក ហ៊ែល នោះទេ ដែល​យ៉ូសែប បាន​ព្យាយាម​បញ្ចុះបញ្ចូល យ៉ូសៀស ស្តូវែល ឲ្យ​ឈប់​ស្វែងរក ព្រោះ​វា​បាន​សបញ្ជាក់​យ៉ាង​ច្បាស់​ថា វា​គ្មាន​បាន​ផល​អ្វី​នោះទេ ។

អិមម៉ា​បានចាប់​ចិត្តលើ​យ៉ូសែប​ខ្លាំង​ជាង​លើ​បុរស​ណា​ទាំងអស់​ដែល​នាង​បាន​ស្គាល់ ហើយ​នាង​ពុំឈប់​ចំណាយ​ពេល​ជាមួយ​យ៉ូសែប​ឡើយ ។ នៅពេល​គាត់​ជោគជ័យ​នៅក្នុង​ការបញ្ចុះបញ្ចូល យ៉ូសៀស ឲ្យឈប់​រក​កំណប់​រ៉ែប្រាក់ នោះ​យ៉ូសែប​នៅតែ​បន្ត​ស្នាក់នៅ​ភូមិ​ហាម៉ូនី​ធ្វើការ​នៅ​កសិដ្ឋាន​របស់ យ៉ូសៀស ។ នៅពេល​ខ្លះ គាត់​ក៏​បាន​ធ្វើការ​ឲ្យ​យ៉ូសែប និង ពូលី ណៃត៍​ ជា​កសិដ្ឋាន​របស់​គ្រួសារ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នេះ ។ នៅពេល​គាត់​មិន​ធ្វើការ គាត់​បាន​ទៅលេង​អិមម៉ា ។


យ៉ូសែប និង​ត្បូង​មើលឆុត​របស់គាត់ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ខ្សឹបខ្សៀវ​មួយ​នៅក្នុង​ភូមិ​ហាម៉ូនី ។ ក្រុម​មនុស្ស​ដែល​មាន​វ័យចំណាស់​នៅក្នុង​ក្រុង​បាន​ជឿ​លើ​អ្នកមើលឆុត ប៉ុន្តែ​កូនៗ និង​ចៅៗ​របស់​ពួកគេ​ជាច្រើន​មិនបាន​ជឿលើ​រឿង​នេះទេ ។ ក្មួយប្រុស​របស់ យ៉ូសៀស បាន​ថ្លែង​ថា យ៉ូសែប​បាន​កេងប្រវ័ញ្ច​ពី​ពូ​របស់ខ្លួន ដោយ​បាន​នាំ​ខ្លួន​គាត់​ចូល​តុលាការ ហើយ​បាន​ចោទ​ប្រកាន់​គាត់​ថា ជា​ជន​ឆបោក ។

កាលដែល​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ចៅក្រម​ក្នុង​ស្រុក យ៉ូសែប​បាន​ពន្យល់​អំពី​របៀប​ដែល​គាត់​បាន​រកឃើញ​ត្បូងនេះ ។ លោក​យ៉ូសែប ស៊ីញ្ញ័រ បាន​ថ្លែងថា លោក​តែងតែ​ទូលសួរ​ដល់​ព្រះ ឲ្យ​បង្ហាញ​ដល់​ពួកគេ​នូវ​ព្រះទ័យ​របស់ទ្រង់ ចំពោះ​អំណោយទាន​ដ៏​អស្ចារ្យ​របស់​យ៉ូសែប​ក្នុង​នាមជា​អ្នក​មើលឆុត​ម្នាក់ ។ នៅ​ទីបំផុត យ៉ូសៀស បាន​ឈរ​នៅចំពោះ​មុខ​តុលាការ​ ហើយ​បាន​ថ្លែងថា យ៉ូសែប​មិន​បាន​ឆបោក​លោក​ឡើយ ។

ចៅក្រម​បាន​ថ្លែងថា « ខ្ញុំ​មិន​យល់ទេ​ថា អ្នកជឿ​លើ​អ្នកទោស​រូបនេះ​ថា​អាច​មើលឃើញ ដោយ​មាន​ជំនួយ​ពី​ត្បូងនេះ ? »

យ៉ូសៀស បាន​ទទូច​ថា « ទេ » ។ « ខ្ញុំ​ជឿ​ដោយ​ភាពវិជ្ជមាន​ថា រឿង​នេះ​គឺ​ពិត​មែន » ។

យ៉ូសៀស​គឺជា​បុរស​ដែល​គេឯង​គោរព​កោតខ្លាច​នៅក្នុង​សហគមន៍ ហើយ​មនុស្សម្នា​ស្តាប់​ពាក្យ​សម្តី​របស់គាត់ ។ នៅ​ទីបញ្ចប់ សវនការ​ គ្មាន​ភស្តុតាង​ថា យ៉ូសែប​បាន​បញ្ឆោត​គាត់​ទេ ដូច្នេះ​ចៅក្រម​ក៏​លុបចោល​ការចោទ​ប្រកាន់​នោះ​ទៅ ។

នៅខែកញ្ញា ឆ្នាំ១៨២៦ យ៉ូសែប​បាន​ត្រឡប់ទៅ​ភ្នំ​ដើម្បី​យក​ផ្ទាំងចំណារ ប៉ុន្តែ​មរ៉ូណៃ​បាន​មាន​បន្ទូលថា ផ្ទាំងចំណារ​មិន​ទាន់​រួចរាល់​សម្រាប់​គាត់​ទេ ។ ទេវតា​បាន​ប្រាប់​គាត់​ថា « នៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុម​ដែល​ស្វែងរក​លុយ » ។ មាន​មនុស្ស​ទុច្ចរិត​នៅក្នុង​ចំណោម​ពួកគេ ។ មរ៉ូណៃ​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់​មួយ​ឆ្នាំទៀត​ដើម្បី​តម្រឹម​ចិត្​តគាត់​ឲ្យដូច​ព្រះទ័យ​ព្រះ ។ ប្រសិនបើ​គាត់​ធ្វើ​មិន​បានទេ នោះ​ផ្ទាំងចំណារ​នឹង​មិន​ត្រូវបាន​ប្រគល់ឲ្យ​គាត់​ឡើយ ។

ទេវតា​ក៏​បាន​ប្រាប់​គាត់​ថា ឲ្យ​នាំ​នរណា​ម្នាក់​ទៀត​មក​ជាមួយ​គាត់​នៅ​ពេលក្រោយ ។ វា​ជា​សំណើ​ដដែល​ដូចដែល​ទេវតា​អង្គ​នោះ​ធ្លាប់​បាន​ប្រាប់​យ៉ូសែប នៅក្នុង​ការនិមិត្ត​លើក​ដំបូង​នៅលើ​ភ្នំ​ដែរ ។ ប៉ុន្តែ តាំងពី​អាលវិន​បាន​ទទួល​មរណភាព​មក នោះ​យ៉ូសែប​បាន​មាន​ការច្របូកច្របល់ ។

លោក​បាន​សួរ​ថា « តើ​នរណា​ជា​បុគ្គល​ត្រឹមត្រូវ​ទៅ ? »

មរ៉ូណៃ​បាន​មាន​បន្ទូល​ថា « ឯង​នឹង​ដឹង » ។

យ៉ូសែប​បាន​ស្វែងរក​ការណែនាំ​របស់ព្រះ តាមរយៈ​ត្បូង​មើលឆុត​របស់គាត់ ។ បុគ្គល​ត្រឹមត្រូវ​ដែល​គាត់​បាន​គិត​នោះ​គឺ អិមម៉ា ។


យ៉ូសែប​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​អិមម៉ា តាំងតែ​ពី​ពេល​ដែល​គាត់​ជួប​នាង​ភ្លាម​ម្ល៉េះ ។ ដូច​អាលវិន​ដែរ អិមម៉ា​គឺជា​ស្រ្តី​ម្នាក់​ដែល​អាច​ជួយ​គាត់​ឲ្យ​ធ្វើជា​បុរស​ដែល​ព្រះអម្ចាស់​ត្រូវការ​ឲ្យ​ធ្វើ​កិច្ចការ​របស់ទ្រង់ ។ ប៉ុន្តែ អារម្មណ៍​របស់គាត់​ចំពោះ​អិមម៉ា គឺ​មាន​លើសពី​នោះ​ទៅ​ទៀត ។ យ៉ូសែប​ស្រឡាញ់ ហើយ​ចង់​រៀបការ​ជាមួយ​នាង ។

នៅ​ខែធ្នូ យ៉ូសែប​បាន​ឈាន​ចូល​វ័យ​ម្ភៃមួយ​ឆ្នាំ ។ កាលពី​អតីតកាល គាត់​បាន​បណ្តោយឲ្យ​ខ្លួន​គាត់​ទទួល​រង​ឥទ្ធិពល​ជាច្រើន ព្រោះតែ​ការចង់​បាន​របស់​ជន​ដែល​ចង់ទាញ​យក​ប្រយោជន៍​ពី​អំណោយទាន​របស់គាត់ ។ ប៉ុន្តែ ក្រោយពី​គាត់​បាន​ទៅលើ​ភ្នំ​ចុងក្រោយ​នេះ គាត់​បាន​ដឹងថា គាត់​ត្រូវ​ធ្វើអ្វីៗ​ជាច្រើន​ដើម្បី​ត្រៀម​ខ្លួន​ទទួល​យក​ផ្ទាំងចំណារ ។

ពីមុន​ត្រឡប់ទៅ​ភូមិ​ហាម៉ូនី​វិញ យ៉ូសែប​បាន​និយាយ​ជាមួយ​នឹង​ឪពុកម្តាយ​គាត់ ។ គាត់​បាន​ប្រាប់​ទៅ​ឪពុកម្តាយ​ថា « កូន​បាន​សម្រេច​ចិត្ត​រៀបការ ហើយ​ប្រសិនជា​ពុកម៉ែ គ្មាន​ការជំទាស់​ទេ កូន​សូម​រៀបការ​ជាមួយ​កញ្ញា អិមម៉ា ហែល » ។ ឪពុកម្តាយ​របស់គាត់​បាន​ពេញចិត្ត​នឹង​ការសម្រេច​ចិត្ត​របស់គាត់ ហើយ​លូស៊ី​បាន​ទទូច​ឲ្យ​គាត់​មក​រស់នៅ​ជាមួយ​ពួកគាត់​បន្ទាប់ពី​ពួកគេ​រៀបការ​រួច ។

យ៉ូសែប​បាន​ចំណាយ​ពេល​យ៉ាងច្រើន​ជាមួយ​អិមម៉ា នារដូវ​រងា​នោះ ពេលខ្លះ​ក៏​ខ្ចី​រទេះ​ជិះ​លើ​ទឹកកក​របស់​គ្រួសារ​ ណៃត៍ កាល​ដែល​ព្រិល​ធ្លាក់​ខ្លាំង​ពិបាក​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​គ្រួសារ ហែល ។ ប៉ុន្តែ ឪពុកម្តាយ​របស់នាង​នៅតែ​មិន​ចូលចិត្ត​គាត់ ហើយ​ការខិតខំ​របស់គាត់​ដើម្បី​យក​ឈ្នះចិត្ត​របស់គ្រួសារនាង​បាន​បរាជ័យ ។

នៅ​ខែមករា ឆ្នាំ១៨២៧ អិមម៉ា​បាន​ទៅលេង​ផ្ទះ​របស់ ស្តូវេល ជា​កន្លែង​ដែល​នាង និង​យ៉ូសែប​អាច​ចំណាយ​ពេល​ជាមួយ​គ្នា ដោយ​គ្មាន​ការទើស​ចិត្ត​ពី​ក្រុមគ្រួសារ​នាង ។ យ៉ូសែប​បានសុំ​អិមម៉ា​រៀបការ​នៅទីនោះ ហើយ​ដំបូងឡើយ អិមម៉ា​ហាក់​ដូចជា​ភ្ញាក់ផ្អើល ។ នាង​បាន​ដឹងថា ឪពុកម្តាយ​នាង​នឹង​ជំទាស់​ការរៀបការ​នេះ ។ ប៉ុន្តែ យ៉ូសែប​បានសុំ​នាង​ឲ្​យគិត​អំពី​រឿង​នេះ ។ ពួកគេ​អាច​ពង្រត់​គ្នា​ឥឡូវនេះ ។

អិមម៉ា​បាន​គិត​អំពី​ការសុំ​រៀបការ​នេះ ។ បើ​រៀបការ​ជាមួយ​យ៉ូសែប នឹង​ធ្វើឲ្យ​ឪពុកម្តាយ​នាង​ខកចិត្ត ប៉ុន្តែ​វាជា​ការសម្រេច​ចិត្ត​របស់​នាង ហើយ​នាង​ស្រឡាញ់​គាត់ ។


មិន​យូរ​ប៉ុន្មាន​ក្រោយមក នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ១៨២៧ យ៉ូសែប និង​អិមម៉ា​បាន​រៀបការ​នៅ​ផ្ទះ​តុលាការ​សន្តិភាព​ក្នុង​ស្រុក ។ បន្ទាប់មក ពួកគាត់​ក៏​បាន​ទៅ​ក្រុង​ម៉ែនឆែស្ទើរ ហើយ​បាន​ចាប់ផ្តើម​ជីវិត​ជាមួយ​គ្នា​នៅក្នុង​ផ្ទះ​ថ្មី​របស់​ឪពុកម្តាយ​យ៉ូសែប ។ ផ្ទះនោះ​គឺ​ល្អណាស់ ប៉ុន្តែ​យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី បាន​ចំណាយ​លុយ​ច្រើន​ពេក​ធ្វើ​ផ្ទះនោះ ដែល​បណ្តាលឲ្យ​ជំពាក់​បំណុល​គេ ហើយ​ក៏​បាន​បាត់បង់​ផ្ទះ​នោះ​ទៅ ។ ឥឡូវនេះ ពួកគាត់​ជួល​ផ្ទះ​នេះ​ពី​ម្ចាស់​ថ្មី ។

ក្រុមគ្រួសារ ស្ម៊ីធ ចូលចិត្ត​ឲ្យ​យ៉ូសែប និង​អិមម៉ា​នៅ​ជាមួយ​ពួកគាត់ ។ ប៉ុន្តែ​ការហៅ​ឲ្យ​បម្រើ​របស់​កូនប្រុស​គាត់​មកពី​ព្រះ​ធ្វើឲ្យ​ពួកគាត់​ព្រួយបារម្ភ ។ ប្រជាជន​នៅក្នុង​តំបន់​នោះ​បាន​ឮ​អំពី​ផ្ទាំងចំណារ​មាស ហើយ​ពេលខ្លះ​ក៏​លួច​ចូល​មក​មើល ។

នៅ​ថ្ងៃមួយ យ៉ូសែប​បាន​ទៅ​ធ្វើ​កិច្ចការ​នៅ​ទីក្រុង ។ ដោយ​រំពឹង​ថា យ៉ូសែប​នឹង​ត្រឡប់​មក​ពិសារ​បាយ​ពេល​ល្ងាច​វិញ តែ​ឪពុកម្តាយ​គាត់​បាន​ព្រួយបារម្ភ​ពេល​មិនបាន​ឃើញ​គាត់​ត្រឡប់​មកវិញ ។ ពួកគាត់​បាន​រង់ចាំ​អស់​ជាច្រើន​ម៉ោង ដោយ​សម្រាន្ត​មិន​លក់ ។ ទីបំផុត យ៉ូសែប​បាន​បើកទ្វារ ហើយ​បាន​ទម្លាក់​ខ្លួន​គាត់ចុះ​នៅលើ​កៅអី​ទាំងអស់​កម្លាំង ។

ឪពុក​គាត់​បាន​សួរថា « ហេតុអ្វី​កូន​ត្រឡប់​មក​ផ្ទះ​វិញ​យប់​ម្ល៉េះ ? »

យ៉ូសែប​បាន​ប្រាប់​ថា « កូន​ទទួល​ការដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់​បំផុត ដែល​កូន​មិន​ធ្លាប់​ទទួល​ពីមុន​ក្នុង​ជីវិត​កូន » ។

ឪពុក​គាត់​បាន​ទទូច​សួរ « តើ​នរណា​ដាក់​ទណ្ឌកម្ម​កូន ? »

យ៉ូសែប​បាន​ឆ្លើយ​ថា « គឺ​ទេវតា​របស់​ព្រះអម្ចាស់ » ។ « ទ្រង់​បាន​មាន​បន្ទូល​ថា កូន​បាន​ធ្វេសប្រហែស » ។ ថ្ងៃ​ដែល​គាត់​ត្រូវ​ជួប​ជាមួយនឹង​មរ៉ូណៃ គឺ​កាន់តែ​ខិតមក​ជិត​ហើយ ។ លោក​បាន​មាន​ប្រសាសន៍​ថា « មាន​កិច្ចការ​ជាច្រើន​ដែល​កូន​ត្រូវ​ធ្វើ​យ៉ាង​ប្រញាប់ » ។ « កូន​ត្រូវតែ​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ដែល​ព្រះ​បាន​បញ្ជា​ឲ្យ​កូន​ធ្វើ » ។


បន្ទាប់ពី​ការប្រមូល​ផល​នារដូវ​ស្លឹកឈើ​ជ្រុះ​រួចហើយ យ៉ូសៀស ស្តូវេល និង យ៉ូសែប ណៃត៍ បាន​ធ្វើ​ធុរកិច្ច​ពាណិជ្ជកម្ម​ទៅកាន់​ក្រុង​ម៉ែនឆែស្ទើរ ។ បុរស​ទាំងពីរ​នាក់​បាន​ដឹង​ថា ខួប​លើកទី​បួន​របស់​យ៉ូសែប ដើម្បី​ឡើងទៅ​ភ្នំ​គឺ​ជិត​មកដល់​ហើយ ហើយ​ពួកគាត់​មាន​ចិត្ត​អន្ទះសា​ចង់​ដឹង​ថាតើ នៅ​ទីបំផុត​មរ៉ូណៃ​ទុកចិត្ត​ឲ្យ​យ៉ូសែប​ទទួល​បាន​ផ្ទាំងចំណារ​ឬអត់ ។

ពួកអ្នក​ស្វែងរក​កំណប់​នៅក្នុង​មូលដ្ឋាន ក៏​បាន​ដឹងថា វា​ដល់​ពេល​សម្រាប់​យ៉ូសែប ដើម្បី​ទទួល​បាន​ផ្ទាំងចំណារ​ដែរ ។ ថ្មីៗនេះ ពួកគេ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា សាំយ៉ូអែល ឡរីនស៍ បាន​ឡើង​ក្រវែល​ទៅលើ​ភ្នំ​ស្វែងរក​ផ្ទាំងចំណារ​នេះ ។ ដោយ​ព្រួយបារម្ភ​ថា សាំយ៉ូអែល​អាច​បង្ក​បញ្ហា នោះ​យ៉ូសែប​បាន​សុំឲ្យ​ឪពុក​របស់គាត់​ទៅ​ផ្ទះ​របស់​សាំយ៉ូអែល នៅ​រាត្រី​នៃ​ថ្ងៃទី២១ ខែកញ្ញា ដើម្បី​ឃ្លាំមើល​គាត់ និង​និយាយ​តទល់​នឹង​គាត់ បើ​មើល​ទៅ​ឃើញ​ថា គាត់​ចង់​ឡើង​ទៅលើ​ភ្នំ​នោះ ។

បន្ទាប់មក យ៉ូសែប​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទទួល​ផ្ទាំងចំណារ ។ ការឡើង​ទៅលើ​ភ្នំ​ប្រចាំឆ្នាំ​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃ​ស្អែក ប៉ុន្តែ​ដើម្បី​ការពារ​ពី​ពួកអ្នក​ស្វែងរក​កំណប់ នោះ​គាត់​បាន​រៀប​ផែនការ​ត្រូវ​ទៅ​ដល់​ភ្នំ​នៅពេល​រំលង​អាធាត្រ​—គឺ​ត្រូវនឹង​ព្រឹក​ថ្ងៃទី២២ ខែកញ្ញា—​ជា​ពេល​ដែល​គ្មាន​នរណា​រំពឹង​ថា​គាត់​ចេញ​ទៅ​ម៉ោង​នេះ​ឡើយ ។

ប៉ុន្តែ គាត់​នៅតែ​ត្រូវ​ស្វែងរក​វិធីសាស្រ្ត​មួយ​ដើម្បី​ការពារ​ផ្ទាំងចំណារ នៅពេល​គាត់​បាន​ទទួល​វា​មក​នោះ ។ បន្ទាប់ពី​សមាជិក​គ្រួសារ​ជាច្រើន​បាន​ចូល​ដំណេក គាត់​ប្រញាប់​សុំ​ម្តាយ​គាត់​ប្រសិនបើ​គាត់​អាច​សុំ​ប្រអប់​សោ​មួយ ។ លូស៊ី​ពុំមាន​ប្រអប់​សោ​ឡើយ ហើយ​គាត់​ព្រួយបារម្ភ​ណាស់ ។

យ៉ូសែប​បាន​ប្រាប់​ថា « មិន​ថ្វីទេ » ។ « កូន​អាច​ធ្វើ​វា​បាន​យ៉ាងល្អ​ដោយ​ពុំ​ចាំបាច់​មាន​ប្រអប់​សោ » ។

មិនយូរ២២ប៉ុន្មាន អិមម៉ា​បាន២២មកដល់​ដោយ​បាន​ស្លៀកពាក់​រួចរាល់​នឹង​ចេញ​ដំណើរ​ទៅ នាង និង​យ៉ូសែប​បាន​ឡើង​ជិះ​រទេះ​របស់ យ៉ូសែប ណៃត៍ ចេញ​ដំណើរ​ទាំង​ងងឹត ។ នៅពេល​ពួកគាត់​បាន​មកដល់​ភ្នំ អិមម៉ា​បាន​រង់ចាំ​នៅលើ​រទេះ ខណៈ​ដែល​យ៉ូសែប​បាន​ឡើង​ទៅលើ​ជម្រាល​ដែល​ផ្ទាំងចំណារ​ត្រូវបាន​កប់​លាក់ទុក​នោះ ។

មរ៉ូណៃ​បាន​លេច​ព្រះកាយ​ឡើង ហើយ​យ៉ូសែប​បាន​លើក​ផ្ទាំងចំណារ​ និង​ត្បូង​មើលឆុត​ឡើង​ចេញពី​ប្រអប់​ត្បូង ។ ពីមុន យ៉ូសែប​ចុះ​ពីលើ​ភ្នំ មរ៉ូណៃ​បាន​រំឭក​គាត់​មិន​ឲ្យ​បង្ហាញ​ផ្ទាំងចំណារ​ដល់​នរណា​ម្នាក់​ឡើយ លើកលែង​តែ​ជន​ដែល​ព្រះអម្ចាស់​បាន​តែងតាំង​ប៉ុណ្ណោះ ហើយ​សន្យា​ជាមួយ​គាត់​ថា ផ្ទាំងចំណារ​នេះ​នឹង​ត្រូវបាន​ការពារ ប្រសិនបើ​គាត់​ធ្វើ​អស់ពី​លទ្ធភាព​គាត់​ដើម្បី​ការពារ​វា ។

មរ៉ូណៃ​បាន​ប្រាប់​គាត់​ថា « ឯង​ត្រូវតែ​ប្រយ័ត្ន និង​ស្មោះត្រង់​ចំពោះ​ទំនុក​ចិត្ត​ដែល​មាន​ចំពោះ​ឯង បើ​មិន​ដូច្នោះ​ទេ​ឯង​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​អំណាច​របស់​មនុស្ស​ទុច្ចរិត ដ្បិត​វា​នឹង​រក​គ្រប់​ផែនការ និង​គម្រោងការ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​យក​ផ្ទាំងចំណារ​ពី​ឯង ។ ហើយ​បើសិន​ជា​ឯង​មិន​យកចិត្ត​ទុកដាក់​ឲ្យបាន​ខ្ជាប់ខ្ជួន​ទេនោះ ពួកវា​នឹង​មាន​ជ័យជម្នះ​លើ​ឯង » ។

យ៉ូសែប​បាន​យក​ផ្ទាំងចំណារ​ចុះ​ពីលើ​ភ្នំ ប៉ុន្តែ​ពីមុន​គាត់​បាន​មកដល់​រទេះ គាត់​បាន​ទុក​វា​នៅក្នុង​រូង​គល់ឈើ​មួយ​ដែល​វា​នឹង​មាន​សុវត្ថិភាព រហូត​ដល់​ពេល​គាត់​មាន​ប្រអប់​សោ​មួយ ។ បន្ទាប់មក ​គាត់​បាន​មក​ជួប​អិមម៉ា ហើយ​ពួកគេ​ក៏​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ កាលដែល​ព្រះអាទិត្យ​រះ​ឡើង ។


នៅ​ឯ​ផ្ទះ​របស់​គ្រួសារ​ស្ម៊ីធ លូស៊ី​បាន​រង់ចាំ​មើល​ផ្លូវ​របស់​យ៉ូសែប និង​អិមម៉ា​ដោយ​អន្ទះសា ខណៈ​ដែល​គាត់​កំពុង​រៀបចំ​អាហារ​ពេលព្រឹក​ជូន យ៉ូសែប ស៊ីញ្ញ័រ, យ៉ូសែប ណៃត៍ និងយ៉ូសៀស ស្តូវេល ។ បេះដូង​របស់គាត់​លោត​ខុស​ចង្វាក់​កាល​ដែល​គាត់​កំពុង​ធ្វើការ ព្រោះ​ភ័យខ្លាច​ថា​កូន​របស់គាត់​ត្រឡប់​មកវិញ​ដោយ​គ្មាន​ផ្ទាំងចំណារ​ទៀត ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក យ៉ូសែប និង​អិមម៉ា​បាន​ចូលមក​ដល់​ក្នុង​ផ្ទះ ។ លូស៊ី​បាន​មើល​ទៅ​យ៉ូសែប មើលថា​គាត់​ទទួលបាន​ផ្ទាំងចំណារ​ឬ​អត់ ប៉ុន្តែ​លូស៊ី​បាន​ចេញពី​បន្ទប់​មក​ទាំង​ការញាប់ញ័រ ពេល​គាត់​ឃើញ​ដៃ​យ៉ូសែប​ទទេ ។

យ៉ូសែប​បាន​ដើរ​តាម​ម្តាយ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ម៉ែ សូម​កុំ​ខ្វាយខ្វល់​ធ្វើ​អ្វី » ។ គាត់​បាន​ហុច​វត្ថុ​មួយ​ដែល​បាន​រុំ​នឹង​កន្សែង​ដៃ​ឲ្យ​ទៅ​ម្តាយ ។ ពេល​លូស៊ី​ប៉ះ​សាច់​ក្រណាត់​នោះ គាត់​មាន​អារម្មណ៍​ថា មាន​ដុំ​ធំ​ពីរ​ដុំ ។ ដុំ​ទាំង​ពីរ​នោះ​គឺ​ជា​យូរីម និង​ធូមីម​ជា​ត្បូង​មើលឆុត​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ទុក​សម្រាប់​បកប្រែ​ផ្ទាំងចំណារ ។

លូស៊ី​បាន​មាន​ចិត្ត​សប្បាយ​រីករាយ​វិញ ។ យ៉ូសែប​មើល​ទៅ​ហាក់​ដូចជា​បន្ទុក​ដ៏​ធំ​បានត្រូវ​ដកចេញ​ពី​អម្រែក​របស់គាត់ ។ ប៉ុន្តែ​នៅពេល​គាត់​ចេញទៅ​ជួប​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ផ្ទះ គាត់​បាន​ធ្វើ​ទឹក​មុខ​សោកសៅ ហើយ​បរិភោគ​អាហារ​ពេល​ព្រឹក​របស់គាត់​ដោយ​ស្ងប់ស្ងាត់ ។ ក្រោយពី​គាត់​បាន​បរិភោគ​រួចហើយ គាត់​បាន​យក​ដៃ​ទាំង​ពីរ​ទល់​ក្បាល​គាត់ ។ គាត់​បាន​និយាយ​ទៅ​កាន់ យ៉ូសែប ណៃត៍ ថា « ខ្ញុំ​ខក​បំណង​ខ្លាំង​ណាស់ » ។

យ៉ូសែប ណៃត៍ បាន​តប​ថា « ឲ្យ​ខ្ញុំ​ចូលរួម​សោកស្តាយ​ផង » ។

យ៉ូសែប​បាន​ធ្វើ​ម្តងទៀត គាត់​បាន​ប្តូរ​ទឹកមុខ​គាត់​ទៅជា​ញញឹម រួច​ថា « ខ្ញុំ​ពិតជា​ខកបំណង​ខ្លាំង​ណាស់ » ។ « វា​ប្រសើរ​ខ្លាំង​ណាស់ វា​ហួសពី​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទៅទៀត ! » គាត់​បន្ត​មាន​ប្រសាសន៍​អំពី​ទំហំ និង​ទម្ងន់​នៃ​ផ្ទាំងចំណារ​នោះ ហើយ​បាន​មាន​ប្រសាសន៍​យ៉ាង​រីករាយ​អំពី យូរីម និង​ធូមីម ។

គាត់​មាន​ប្រសាសន៍​ថា « ខ្ញុំ​អាច​មើល​ឃើញ​អ្វីៗ​ទាំង​អស់ » ។ « វា​អស្ចារ្យ​ណាស់ » ។


នៅ​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​ទទួល​ផ្ទាំងចំណារ​ហើយ យ៉ូសែប​បាន​ទៅ​ធ្វើការ​ជួសជុល​អណ្តូង​នៅ​ជិត​ក្រុង ដើម្បី​ទទួល​បាន​កម្រៃ​ទិញ​ប្រអប់​សោ​មួយ ។ នៅ​ព្រឹក​នា​ថ្ងៃ​ដដែល​នោះ ខណៈដែល​កំពុង​ធ្វើការ​នៅឯ​ភ្នំ​ជិត​ផ្ទះ​របស់​គ្រួសារ​ស្ម៊ីធ នោះ​យ៉ូសែប​ស៊ីញ្ញ័រ បាន​ឮ​ក្រុម​មនុស្ស​មួយ​ក្រុម​រៀប​គម្រោងការ​អាក្រក់​ដើម្បី​លួច​ផ្ទាំងចំណារ​មាស ។ គ្នា​វា​ម្នាក់​បាន​និយាយ​ថា « យើង​នឹង​យក​ផ្ទាំងចំណារ ទោះបី​ជា​មាន ចូ ស្ម៊ីធ ឬ​អារក្ស​ពី​ស្ថាន​នរក​ក៏​ដោយ »។

ដោយ​តក់ស្លុត​ខ្លាំង យ៉ូសែប ស៊ីញ្ញ័រ ក៏​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ ហើយ​បាន​ប្រាប់​ទៅ​អិមម៉ា ។ នាង​បាន​ប្រាប់​ថា នាង​មិន​ដឹង​ថា​ផ្ទាំងចំណារ​នៅ​ឯ​ណា​ទេ ប៉ុន្តែ​នាង​ជឿជាក់​ថា យ៉ូសែប​បាន​លាក់ទុក​វា​យ៉ាង​ល្អ​ហើយ ។

យ៉ូសែប ស៊ីញ្ញ័រ បាន​ឆ្លើយ « ពិត​ណាស់ ប៉ុន្តែ​កូន​នៅ​ចាំ​អំពី​រឿង​តូចតាច​ ដែល​ធ្វើឲ្យ​អេសាវ​បាត់​បង់​ពរជ័យ​ និង​អំណាច​ជា​កូន​ច្បង​គាត់​ទេ ។ វា​ក៏​អាច​កើត​ឡើង​ចំពោះ​យ៉ូសែប​ដែរ » ។

ដើម្បី​បញ្ជាក់​ថា ផ្ទាំងចំណារ​នៅ​មាន​សុវត្ថិភាព អិមម៉ា បាន​ឡើង​ជិះ​សេះ​ភ្លាម​ ហើយ​បាន​ជិះ​ជាង​មួយ​ម៉ោង​ទៅកាន់​កសិដ្ឋាន ជា​កន្លែង​ដែល​យ៉ូសែប​កំពុង​ធ្វើការ ។ នាង​បាន​ឃើញ​គាត់​ធ្វើការ​យ៉ាង​ខ្លាំង​នៅ​ជិត​អណ្តូង​ទឹក ទាំង​ខ្លួន​ប្រឡាក់​ពេញ​ដោយ​ដី និង​ទទឹក​ជោគ​ដោយ​ញើស ។ ដោយ​បាន​ឮ​ពី​គ្រោះ​ថ្នាក់​នោះ យ៉ូសែប​បាន​មើល​តាម​យូរីម និង​ធូមីម ហើយ​បាន​ឃើញ​ថា​ផ្ទាំងចំណារ​មាន​សុវត្ថិភាព​ទេ ។

នៅ​ផ្ទះ​ឯ​ណោះ​វិញ យ៉ូសែប ស៊ីញ្ញ័រ ដើរ​ចុះ​ឡើងៗ​នៅ​ខាងក្រៅ​ផ្ទះ ដោយ​ក្រឡេក​មើល​ផ្លូវ​គ្រប់​វិនាទី រហូត​ដល់​គាត់​បាន​ឃើញ​យ៉ូសែប និង​អិមម៉ា​មក​ដល់ ។

យ៉ូសែប​បាន​មាន​ប្រសាសន៍​កាល​គាត់​កំពុង​នៅលើ​ខ្នង​សេះ​ថា​ « ពុក អ្វីៗ​ទាំងអស់​មាន​សុវត្ថិភាព​ទេ — សូម​កុំ​ភ័យ​តក់ស្លុត​ឡើយ » ។

ប៉ុន្តែ​វា​ជា​ពេល​ដែល​ត្រូវ​ធ្វើ​សកម្មភាព​ហើយ ។


យ៉ូសែប​បាន​ប្រញាប់​ត្រឡប់ទៅ​ភ្នំ​វិញ ហើយ​បាន​ឃើញ​គល់ឈើ​ដែល​គាត់​បាន​លាក់ទុក​ផ្ទាំងចំណារ​ក្នុង​នោះ រួច​គាត់​បាន​រុំ​ផ្ទាំង​នោះ​នឹង​អាវ​ដោយ​ប្រុង​ប្រយ័ត្ន ។ បន្ទាប់​មក គាត់​បាន​គេច​ចូល​ក្នុង​ព្រៃ ហើយ​តម្រង់​ឆ្ពោះទៅ​ផ្ទះ ដោយ​ភ្នែក​ទាំង​គូ​មើល​ប្រយ័ត្ន​ពី​គ្រោះថ្នាក់ ។ ព្រៃឈើ​បាន​លាក់បាំង​គាត់​ពី​មនុស្ស​នៅលើ​ផ្លូវ​ធំ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​ងាយស្រួល​ឲ្យ​ពួកចោរ​លាក់​ខ្លួន​ដែរ ។

យ៉ូសែប​បាន​ដើរ​កាត់​ព្រៃ​យ៉ាង​លឿន​តាម​ដែល​គាត់​អាច​ធ្វើ​បាន ទោះជា​កំណត់ត្រា​នោះ​ធ្ងន់​ក្ដី ។ មាន​ដើមឈើ​មួយ​ដើម​រលំ​ដួល​បិទ​ផ្លូវ​ពីមុខ​គាត់ ហើយ​នៅពេល​ដែល​គាត់​លោត​រំលង​វា គាត់​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​នៅពី​ក្រោយ​គាត់ ។ ពេល​ងាក​ទៅ​ក្រោយ គាត់​ឃើញ​បុរស​ម្នាក់​កំពុង​សំដៅ​មករក​គាត់ ដោយ​កាន់​កាំភ្លើង​ក្នុង​ដៃ​ដូចជា​នៅ​សមរភូមិ ។

យ៉ូសែប​បាន​ផ្តួល​បុរស​នោះ​ចុះ​លើ​ដី ដោយ​ដៃ​ម្ខាង​កាន់​ផ្ទាំងចំណារ​យ៉ាង​ណែន រួច​ស្រវា​រត់​ទៅ​ក្នុង​ព្រៃ​ជ្រៅ ។ ពេល​គាត់​រត់​បាន​ប្រហែលជា​កន្លះ​គីឡូម៉ែត្រ នោះ​មាន​បុរស​ម្នាក់​លោត​ចេញ​ពី​ដើមឈើ​មក ហើយ​បាន​វាយ​គាត់​នឹង​ខ្នង​កាំភ្លើង ។ យ៉ូសែប​បាន​វាយ​ជាមួយ​បុរស​នោះ ហើយ​បាន​រត់​យ៉ាង​លឿន​ចេញពី​ព្រៃ ។ ប៉ុន្តែ​ពីមុន​គាត់​អាច​រត់​ទៅ​ឆ្ងាយ បុរស​ទីបី​ក៏​មក​ស្ទាក់​វាយ​គាត់​យ៉ាង​ដំណំ​ដែល​ធ្វើឲ្យ​គាត់​ទន់​ដៃ​ទន់​ជើង ។ ដោយ​ខិតខំ​ប្រមូល​កម្លាំង​មក​វិញ យ៉ូសែប​បាន​វាយ​បុរស​នោះ​យ៉ាង​ខ្លាំង រួច​រត់​សំដៅ​ទៅ​ផ្ទះ ។

ពេល​មក​ដល់​ផ្ទះ យ៉ូសែប​បាន​ទម្លាយ​ទ្វារ​ចូល​ផ្ទះ​ជាមួយ​នឹង​បង្វេច​ដ៏​ធំ​នៅ​ក្រោម​ដៃ​របស់គាត់ ។ គាត់​បាន​ស្រែក​ថា « ពុក កូន​បាន​ផ្ទាំងចំណារ​ហើយ » ។

ប្អូនស្រី​របស់គាត់ ខាថារីន ដែល​មាន​វ័យ​ដប់​បួន​ឆ្នាំ បាន​ជួយ​គាត់​ដាក់​បង្វេច​ចុះ​នៅលើ​តុ ខណៈ​ដែល​សមាជិក​គ្រួសារ​ទាំងអស់​នៅ​ជុំវិញ​គាត់ ។ យ៉ូសែប​ដឹង​ថា ឪពុក និង​ប្អូនប្រុស​គាត់​ វិលលាម ចង់​ស្រាយ​បង្វេច​ផ្ទាំងចំណារ​នោះ ប៉ុន្ដែ​គាត់​បាន​បញ្ឈប់​ពួកគេ ។

យ៉ូសែប ស៊ីញ្ញ័រ បាន​សួរ​ថា « យើង​សុំ​មើល​វា​បាន​ទេ ? »

យ៉ូសែប​ឆ្លើយ​ថា « ទេ » ។ « ពី​ដំបូង​ខ្ញុំ​មិន​បាន​គោរព​ប្រតិបត្តិ ឥឡូវ​នេះ​ខ្ញុំ​ត្រូវតែ​គោរព​ប្រតិបត្តិ​តាម » ។

គាត់​បាន​ប្រាប់​ដល់​ពួគេ​ថា ពួក​គេ​អាច​ស្ទាបលើ​សាច់​ក្រណាត់ ហើយ វិលលាម ប្អូនប្រុស​គាត់​បាន​លើក​បង្វេច​នោះ​ឡើង ។ បង្វេច​នោះ​វា​ធ្ងន់​ជាង​ថ្ម​ទៅ​ទៀត ហើយ​វិលលាម អាច​ស្ទាប​ដឹង​ថា វា​មាន​លក្ខណៈ​ជា​សន្លឹកៗ​ដូចជា​សន្លឹក​សៀវភៅ ។ យ៉ូសែប​ក៏​បាន​បញ្ជូន​ប្អូនប្រុស​ពៅ​របស់គាត់ ឈ្មោះ ដន់ ខាឡូស ឲ្យ​ទៅ​ទិញ​ប្រអប់​សោ​ពី​ហៃរ៉ុម ដែល​រស់នៅ​ចុង​ភូមិ​ជាមួយ​ភរិយា​របស់​គាត់​ឈ្មោះ ជឺរ៉ូស្សា និង​កូនស្រី​ទើប​នឹង​កើត​របស់​ពួកគេ ។

ហៃរ៉ុម​ក៏​បាន​មក​ដល់​ភ្លាម ហើយ​នៅពេល​ដែល​ផ្ទាំងចំណារ​ត្រូវបាន​ចាក់​សោ​ទុក​យ៉ាង​មាន​សុវត្ថិភាព​នៅក្នុង​ប្រអប់​ហើយ យ៉ូសែប​បាន​ទម្លាក់​ខ្លួន​នៅលើ​គ្រែ​ជិត​នោះ ហើយ​បាន​ចាប់ផ្តើម​ប្រាប់​ពី​រឿង​ពួកចោរ​នៅក្នុង​ព្រៃ ។

កាល​កំពុង​និយាយ​រៀបរាប់​នោះ ទើប​គាត់​ដឹង​ថា​ដៃ​គាត់​ឈឺ ។ ពេល​ប្រតាយ​ប្រតប់​គ្នា​នោះ គាត់​គ្រេច​មេដៃ ។

គាត់​និយាយ​ភ្លាម​ថា « ពុក ខ្ញុំ​មិន​គួរ​និយាយ​ទៀត​ទេ ហើយ​សូម​ពុក​ទាញ​មេដៃ​ដែល​គ្រេច​ខ្ញុំ​ឲ្យ​ត្រូវ​វិញ​ផង » ។