« ការជំនុំជម្រះក្តីរបស់ យ៉ូសែប ស្ម៊ីធ នៅឆ្នាំ១៨២៦ » ប្រធានបទប្រវត្តិសាសនាចក្រ
« ការជំនុំជម្រះក្តីរបស់ យ៉ូសែប ស្ម៊ីធ នៅឆ្នាំ១៨២៦ »
ការជំនុំជម្រះក្តីរបស់ យ៉ូសែប ស្ម៊ីធ នៅឆ្នាំ១៨២៦
នៅឆ្នាំ១៨២៦ យ៉ូសៀស ស្តូវែល បានជួល យ៉ូសែប ស្ម៊ីធ ឲ្យជួយស្វែងរកប្រាក់អេស្ប៉ាញដែលបាត់នៅជិតព្រំដែននៃរដ្ឋញូវយ៉ក និងរដ្ឋផែនសិលវេញ៉ា ។ មនុស្សម្នាក់នៅក្នុងសហគមន៍នោះ អាចជាសមាជិកនៃគ្រួសារសាច់ញាតិជិតឆ្ងាយរបស់ស្តូវែល បានចោទប្រកាន់យ៉ូសែបពីការយកត្បូងមករុករកមើលទ្រព្យសម្បត្តិដែលបាត់ ។ ជាលទ្ធផល យ៉ូសែបត្រូវបានបង្គាប់ឲ្យបង្ហាញខ្លួននៅចំពោះមុខចៅក្រមសន្តិភាព លោក អាល់ប៊ើត នីលី នៅស្រុកឈីណាំងកូ ទំនងជាចោទប្រកាន់ពីបទប្រព្រឹត្តមិនប្រក្រតី ។ ការចាប់ខ្លួនរបស់លោក ហាក់ដូចជាផ្អែកលើលក្ខន្តិកៈនៅក្នុងច្បាប់របស់រដ្ឋញូវយ៉ក ដែលមិនស្របច្បាប់ « សម្តែងជា … ដើម្បីស្វែងរករបស់ដែលបាត់អាចរកឃើញវិញ » ។ ដំណើររឿងចំនួនបួនដែលពិពណ៌នាអំពីសវនាការនេះ ដែលទាំងអស់នេះបង្ហាញថា យ៉ូសែបមិនទទួលរងផលប៉ះពាល់ផ្លូវច្បាប់ធ្ងន់ធ្ងរ ដែលជាលទ្ធផលនោះទេ ។ សេចក្តីលម្អិតផ្សេងទៀតប្រែប្រួល ហើយពេលខ្លះផ្ទុយគ្នាទៅវិញទៅមក ។
នៅក្នុងសក្ខីភាពរបស់លោក យ៉ូសែបបានឯកភាពថា លោកបានប្រើត្បូងសម្រាប់មើលឆុតម្តងម្កាលដើម្បីរកមើលទ្រព្យសម្បត្តិដែលបាត់ ប៉ុន្តែលោកបានឈប់ធ្វើបែបនេះហើយ—ព្រោះការធ្វើបែបនេះធ្វើឲ្យភ្នែកលោកឈឺ ។ លោកមិនដែលសុំការងារបែបនេះទេ ហើយ « តែងតែបដិសេធថា មិនមានអ្វីដែលត្រូវធ្វើជាមួយការងារបែបនេះដែរ » ។ ចៅក្រមបានពិនិត្យត្បូងនោះ ហើយបានសួរសាក្សីផ្សេងទៀត រួមទាំងឪពុករបស់យ៉ូសែបគឺ យ៉ូសែប ស៊្មីធ ស៊ីញ័រ និងនិយោជករបស់យ៉ូសែបគឺលោក យ៉ូសៀស ស្តូវែល ផងដែរ ។
យ៉ូសែប ស៊្មីធ ស៊ីញ័រ និង យ៉ូសៀស ស្តូវែល បានថ្លែងជាសាក្សីថា យ៉ូសែបបានឆ្លើយតបទៅនឹងសំណើឲ្យប្រើត្បូងសម្រាប់មើលឆុតរបស់លោកតែដើម្បីជួយដល់មិត្តភក្តិ ឬករណីរបស់ស្ដូវែលដើម្បីជួយដល់ស្ដូវែល និងកម្មករជាអ្នកធ្វើការផ្សេងទៀតជីករកវត្ថុមានតម្លៃប៉ុណ្ណោះ ។ ស្តូវែលបានទុកចិត្តលើយ៉ូសែប ហើយអរគុណចំពោះការងាររបស់លោក ។ យ៉ូសែប ស៊ីញ័រ សង្ឃឹមថាកូនប្រុសរបស់គាត់នឹងមិនបំពានលើអំណោយទានក្នុងការស្វែងរកទ្រព្យសម្បត្តិខាងលោកិយឡើយ ហើយបានអធិស្ឋានទូលសូមឲ្យព្រះនឹងបង្ហាញព្រះឆន្ទៈរបស់ទ្រង់ដល់យុវជនរូបនេះ ។ សាក្សីមួយចំនួនដែលបានធ្វើទីបន្ទាល់ បានជឿលើជំនាញរបស់យ៉ូសែប ។ អ្នកផ្សេងទៀតមួយចំនួនទៀត មិនបានជឿនោះទេ ។
លទ្ធផលនៃសវនាការនៅតែជាចម្ងល់ ។ កំណត់ត្រាអះអាងរបស់តុលាការបង្ហាញថា ចៅក្រមបានរកឃើញថា យ៉ូសែបមានទោស ។ អ្នកជិតខាងម្នាក់របស់ យ៉ូសៀស ស្តូវែល បានអះអាងថាតុលាការ « បានដាក់ទោស » យ៉ូសែប ។ ប៉ុន្តែបានអនុញ្ញាតឲ្យលោករួចខ្លួន ដោយសារលោកនៅក្មេងពេក ។ មិតភក្តិម្នាក់របស់ចៅក្រមរូបនោះបានអះអាងថា បានកត់ត្រានៅសវនាការនោះដែលបានសរសេរថា ចៅក្រមបានទទួលយកសាក្សីរបស់ស្តូវែល ហើយបានដោះលែងយ៉ូសែបចេញ ។ អូលីវើរ ខៅឌើរី ដែលមិនបានចូលរួមសវនាការនោះ ( គាត់បានជួប យ៉ូសែប ស្ម៊ីធ ប្រហែលបីឆ្នាំក្រោយមក ) បានលើកឡើងពីលទ្ធផលដែលទំនងបំផុត ដែលគិតថា ដោយការមិនមានឯកសារគ្រប់គ្រាន់ នោះយ៉ូសែបក៏បានរួចទោសពីបទរំខានដល់សាធារណៈ ។