ប្រវត្តិ​សាសនាចក្រ
ព្រៃពិសិដ្ឋ និង​កសិដ្ឋាន​របស់​គ្រួសារ​ស្មីធ


« ព្រៃពិសិដ្ឋ និង​កសិដ្ឋាន​របស់​គ្រួសារ​ស្មីធ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« ព្រៃពិសិដ្ឋ និង​កសិដ្ឋាន​របស់​គ្រួសារ​ស្មីធ »

ព្រៃពិសិដ្ឋ និង​កសិដ្ឋាន​របស់​គ្រួសារ​ស្មីធ

កសិដ្ឋាន​របស់​គ្រួសារ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី ម៉ាក ស្ម៊ីធ ជា​កន្លែង​ដែល​ព្រឹត្តិការណ៍​ដំបូង​បំផុត​ជាច្រើន​នៃ​ការស្ដារ​ឡើងវិញ​បាន​កើតឡើង ។ ក្រុមគ្រួសារ​ស្ម៊ីធ​បានប្តូរ​ទៅ​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក ចន្លោះ​ឆ្នាំ១៨១៦ និង​ឆ្នាំ១៨១៧ ដោយ​មាន​បំណង​ចង់​ដាំ​ស្រូវសាលី ។ បន្ទាប់ពី​សន្សំប្រាក់​បាន​ពីរ​ឆ្នាំ ក្រុមគ្រួសារ​នេះ​បាន​បង់​ប្រាក់​លើក​ដំបូង​នៃ​ដី​ទំហំ​ប្រហែល ៤០.៥ ហិកតា ជា​ដី​ដែល​មាន​ព្រៃឈើ​ក្រាស់​សន្ធឹង​នៅ​ទីក្រុង​ម៉ែនឆែស្ទើរ ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​ភូមិប៉ាលម៉ៃរ៉ា ។ នៅ​អំឡុង​រដូវ​រងា​ឆ្នាំ១៨១៨ ទៅដល់​ឆ្នាំ១៨១៩ សមាជិក​ទាំង​១០​នាក់​នៃ​គ្រួសារ​ស្ម៊ីធ បាន​ប្តូរ​ទៅ​រស់នៅ​ផ្ទះ​ឈើ​ហ៊ុប​ទំហំ​៩០​ម៉ែត្រ​ការ៉េ​ដែល យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ និង​កូនប្រុស​របស់​គាត់ អាលវិន និង ហៃរុម បានសង់ ។ ផ្ទះ​នេះ​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​កសិដ្ឋាននៅ​ក្នុង​ភូមិប៉ាលម៉ៃរ៉ា ។

ទិដ្ឋភាព​ខាងក្រៅ​នៃ​ផ្ទះ​ឈើ​ហ៊ុប

ផ្ទះ​ឈើ​ហ៊ុប​របស់​គ្រួសារ​ស្ម៊ីធ នៅ​ជិត​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក ។

ការអភិវឌ្ឍ​កសិដ្ឋាន​បានចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ។ គ្រួសារ​ទាំងមូល​បានខិតខំ​ឆ្ការ​ដី ដាំ​ដំណាំ និង​ច្រូតកាត់ ជីក​អណ្តូង សង់​របង និង​ជញ្ជាំង​ថ្ម និង​សង់​ផ្ទះ និង​សំណង់​ផ្សេងៗ​ទៀត ។ គ្រួសារ​នេះ​ថែមទាំង​ប្រមូល​ជ័រ​ពី​ដើម​ម៉េផល​ជាច្រើន​ដើម​ក្នុង​កសិដ្ឋាន ដើម្បី​ទទួលបាន​ចំណូល​ដំបូង ។

យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ដែល​ជា​កូនប្រុស​ទី​បី មាន​បទពិសោធន៍​ខាងវិញ្ញាណ​ជាច្រើន​ក្នុង​អំឡុងពេល​នៃ​ការខិតខំ​ប្រឹងប្រែង​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​កសិដ្ឋាន​មាន​ផលិតភាព ។ គ្រួសារ​ស្ម៊ីធ​បាន​កាប់​ឆ្ការ​ដើម​ឈើ​ពី​ផ្ទៃដី​ប្រហែល ១២ ហិកតា​នៅ​ឆ្នាំ១៨២០ ដែល​ជា​ឆ្នាំ​ដែល យ៉ូសែប ស្ម៊ីធ បាន​ទទួល​ការនិមិត្ត​ដំបូង ។ ការនិមិត្ត​នេះ​បាន​កើតឡើង​នៅ​កន្លែង​ណាមួយ​នៅលើ​ផ្នែក​ដែល​នៅ​សេសសល់​នៃ​កសិដ្ឋាន ប្រហែលជា​នៅជិត​តំបន់​ដែល​គ្រួសារ​ស្ម៊ីធ​កំពុង​កាប់​ឆ្ការ​ដើម្បី​ដាំ​ដំណាំ​នា​ពេល​ខាងមុខ ។ តំបន់​ព្រៃឈើ​នេះ​ដែល​សព្វថ្ងៃ​ត្រូវ​បាន​គេ​ហៅ​ថា ព្រៃ​ពិសិដ្ឋ ប្រហែលជា​មាន​ដើមឈើ​ធំៗ​ជាច្រើន​ដែល​មាន​ដើម​ចាស់ៗ​លូតលាស់ ដោយ​ដើម​ខ្លះ​មាន​កម្ពស់​រហូត​ដល់​៣០.៥​ម៉ែត្រ និង​មាន​ទទឹង​នៅ​គល់​ប្រហែល​ជា ១.២ ដល់ ១.៨ ម៉ែត្រ ។ ព្រៃ​ដ៏​ក្រាស់​នោះ​បាន​ផ្តល់​ឲ្យ​យ៉ូសែប​នូវ​កន្លែង​ស្ងាត់​មួយ​ដើម្បី​អធិស្ឋាន ។ នៅ​ខែកញ្ញា ឆ្នាំ១៨២៣ យ៉ូសែប​បាន​មាន​បទពិសោធន៍​ខាងវិញ្ញាណ​មួយ​ទៀត​ក្នុង​អំឡុង​ពេល​ការប្រមូល​ផល​របស់​គ្រួសារ​ដូចជា ស្រូវ​សាលី ពោត ស្រូវ​អូត និង​សណ្ដែក​នៅពេល​រដូវ​ស្លឹកឈើ​ជ្រុះ ។ ទេវតា​មរ៉ូណៃ​បាន​មក​ជួប​លោក នៅពេល​លោក និង​បងប្អូន​ប្រុស​របស់​លោក​ដេក​នៅក្នុង​ផ្ទះ​ឈើ​ហ៊ុប ។

រូបភាព​ព្រៃ​ឈើ​ដែល​មាន​ពន្លឺ​ថ្ងៃ និង​ថ្ម​នៅលើ​ដី​ក្នុង​ព្រៃ

ព្រៃ​ពិសិដ្ឋ​នៅ​កសិដ្ឋាន​របស់​គ្រួសារ​ស្មីធ ។

មិន​យូរ​ប៉ុន្មាន ក្រុមគ្រួសារ​នេះបាន​សង់​ផ្ទះ​ឈើ​ធំ​ជាង​មុន​នៅ​លើ​កសិដ្ឋាន ។ អាលវិន​បាន​ចាប់ផ្តើម​សង់​ផ្ទះ​ឈើ ដើម្បី​ផ្តល់​នូវ​ផាសុកភាព និង​ការគោរព​ចំពោះ​ឪពុកម្តាយ​ដែល​មាន​វ័យ​ចំណាស់​របស់​គាត់​កាន់តែ​ខ្លាំង មុនពេល​គាត់​បាន​ទទួល​មរណភាព​ភ្លាមៗ​នៅ​ខែវិច្ឆិកា ឆ្នាំ១៨២៣ ។ ផ្ទះ​ឈើ​នោះ​មាន​ទំហំ​ធំ​ជាង​ផ្ទះ​ឈើ​ហ៊ុប​ដែល​តម្រៀប​សសរ​គរ​លើ​គ្នា​ពីរ​ដង ផ្ទះ​ឈើ​នេះ​មាន​បន្ទប់​ជាច្រើន​សម្រាប់​ទទួល​ភ្ញៀវ និង​មាន​ចង្ក្រាន​បាយ​ដ៏​ធំ ។ នៅ​ខែកញ្ញា ឆ្នាំ១៨២៧ យ៉ូសែប និង​ភរិយា​លោក អិមម៉ា បានរស់នៅ​ជាមួយ​គ្រួសារ​ស្ម៊ីធ​នៅ​ក្នុង​ផ្ទះ​ឈើ​នោះ នៅពេល​យ៉ូសែប​បានយក​ផ្ទាំងចំណារ​មាស​មកពី​ភ្នំ​គូម៉ូរ៉ា ។ បន្ទាប់មក យ៉ូសែប​បានលាក់​ផ្ទាំង​ទាំងឡាយ​នៅ​កន្លែង​ផ្សេងៗ​ជុំវិញ​ផ្ទះ និង​ក្នុង​កសិដ្ឋាន ដើម្បី​ការពារ​កុំ​ឲ្យ​គេ​លួច ។ នៅក្នុង​ឆ្នាំ១៨២៨ គឺនៅ​ទីកន្លែង​ដដែល​នេះ​ដែល​យ៉ូសែប​បានដឹង​ថា ម៉ាទិន ហារិស បាន​ធ្វើ​ឲ្យ​បាត់​សន្លឹក​សំណេរ​ដោយ​ដៃ​ចំនួន​១១៦​ទំព័រ​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន ។

ទិដ្ឋភាព​ខាងក្រៅ​នៃ​ផ្ទះ​ពណ៌​ស​មាន​ទ្វារ​ក្រហម និង​របង​ឈើ​នៅ​ខាង​មុខ

ផ្ទះឈើ​ដែល​បាន​សាងសង់​ឡើងវិញ​របស់​គ្រួសារ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ។

ដោយសារតែ​ការស្លាប់​របស់ អាលវិន ស្ម៊ីធ ព្រម​ទាំង​ការចំណាយ​លើ​ផ្ទះ​ឈើ​នេះ និង​ការដោះស្រាយ​ដោយ​អសីលធម៌​របស់​ភ្នាក់ងារ​ដី​ធ្លី​ក្នុង​តំបន់ នោះ​គ្រួសារ​ស្ម៊ីធ​ក៏​បាន​ជាប់គាំង​ផ្នែក​ហិរញ្ញវត្ថុ​មិន​អាច​ទូទាត់​ប្រាក់​ជា​លើក​ទីពីរ​លើ​ថ្លៃ​កសិដ្ឋាន​បាន ហើយ​បាន​បាត់បង់​ប័ណ្ណ​កម្មសិទ្ធិ​នៅឆ្នាំ១៨២៦។ នៅពេល​ដែល​ព្រះគម្ពីរ​មរមន​បាន​បោះពុម្ព​នៅ​ឆ្នាំ១៨៣០ គ្រួសារ​ស្ម៊ីធ​បានផ្លាស់​ទៅ​រស់នៅ​នៅ​ផ្ទះ​ឈើ​ហ៊ុប​វិញ ហើយ​បាន​ធ្វើការ​ជា​កសិករ​ដែល​ជួល​ដី​គេ​ធ្វើ​ចម្ការ​នៅ​លើ​ដី​ដែល​ពួកគាត់​បានកាប់​ឆ្ការ និង​អភិវឌ្ឍ ។ គ្រួសារ​នេះ​បាន​ចាកចេញ​ពី​តំបន់​នោះ​ជា​អចិន្ត្រៃយ៍​នៅ​ឆ្នាំ១៨៣១ នៅពេល​ដែល​ពួកគាត់​បានផ្លាស់​ទៅ​រដ្ឋ​អូហៃអូ ។

ក្នុង​ឆ្នាំ១៩០៥ ប្រធាន​សាសនាចក្រ យ៉ូសែប អេហ្វ ស៊្មីធ បាន​ទៅ​មើល​កសិដ្ឋាន​នោះ ក៏​មាន​ការជំរុញ​ឲ្យ​មាន​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការទិញ​ដី​នោះ ។ ពីរ​ឆ្នាំ​ក្រោយ​មក សាសនាចក្រ​បានទិញ​កសិដ្ឋាន​នោះ ហើយ​បន្ទាប់មក​បាន​ជួលឲ្យ វិលលឺដ និង រេប៊េកា ប៊ីន ហើយ​ក្រោយមក​ទៀត​ជួលឲ្យ​អ្នក​ផ្សេង​ទៀត​ដើម្បី​មើល​ការខុសត្រូវ​លើ​អចលនទ្រព្យ​នោះ ។ ចំនួន​អ្នក​មកទស្សនា​កសិដ្ឋាន និង​ព្រៃ​ពិសិដ្ឋ​បាន​កើន​ឡើង​ពេញ​មួយ​សតវត្សរ៍​ទី ២០ ។ សាសនាចក្រ​បាន​រក្សា​ទ្រព្យ​សម្បត្តិ​នេះ​ជា​កសិដ្ឋាន​ធ្វើការ​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ១៩៨០ នៅពេល​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​បាន​ចាប់ផ្ដើម​រៀបចំ​កសិដ្ឋាន​នោះ​ឲ្យ​ដូច​ដើម​វិញ ។

នៅ​សព្វ​ថ្ងៃ​នេះ កសិដ្ឋាន​គ្រួសារ​ស្ម៊ីធ និង​ព្រៃ​ពិសិដ្ឋ បើក​ជា​សាធារណៈ​សម្រាប់​ការមក​ទេសចរណ៍ ដោយ​មាន​មគ្គទេសក៍​ណែនាំ ។ កសិដ្ឋាន​ដើម​ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឲ្យ​ដូច​រូបរាង​ដើម​ក្នុង​ទសវត្សរ៍​ឆ្នាំ១៨២០​វិញ រួមទាំង​ការជួសជុល​ផ្ទះ​ឈើ​ហ៊ុប និង​ការជួសជុល​ផ្ទះ​ឈើ​ឡើងវិញ​ផងដែរ ។ បរិស្ថានវិទ្យា​នៅក្នុង​ព្រៃ​ពិសិដ្ឋ​ត្រូវ​បាន​គ្រប់គ្រង​ដើម្បី​ផ្តល់​ឲ្យ​អ្នកទស្សនា​នូវ​បរិយាកាស​ដូច​ដែល​យ៉ូសែប​បានទទួល​បទពិសោធន៍​នៅក្នុង​ឆ្នាំ១៨២០​ដែរ ។

ប្រធានបទ​ដែល​ទាក់ទង ៖ ដំណើររឿង​នៃ​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ, ទេវតា​មរ៉ូណៃ, ប៉ាលម៉ៃរ៉ា និង ម៉ែនឆែស្ទើរ, យ៉ូសែប ស៊ីញ្ញ័រ និង​គ្រួសារ លូស៊ី ម៉ាក ស្ម៊ីធ, យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ។

កំណត់ចំណាំ

  1. លូស៊ី ម៉ាក ស្ម៊ីធ « Lucy Mack Smith, History, 1844–1845 » សៀវភៅ ៣ ទំព័រ ៣–៨ នៅលើ​គេហទំព័រ josephsmithpapers.org; ដូណាល់ អិល អ៊ិនឌើរស៍ « A Snug Log House » Ensign ខែសីហា ឆ្នាំ១៩៨៥ ទំព័រ ១៧ ។

  2. ដូណាល់ អិល អ៊ិនឌើរស៍ « The Joseph Smith, Sr. Family: Farmers of the Genessee » នៅក្នុង Joseph Smith: The Prophet, the Man, ដែល​បាន​កែសម្រួល​ដោយ ស៊ូសាន អ៊ីស្តុន ប្លាក និង ឆាល ឌី ថេត ជុញ្ញ័រ ។ ( ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ៖ មជ្ឈមណ្ឌល​សិក្សា​សាសនា នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ១៩៩៣ ) ទំព័រ ២១៥–២១៩; ដេវីឌ នី វាយធ៍ « Prairies, Nauvoo, Joe Smith, the Temple, the Mormons, &c. » Pittsburgh Weekly Gazette ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៨៤៣ ទំព័រ ៣ ។

  3. លូស៊ី ម៉ាក ស្ម៊ីធ « Lucy Mack Smith, History, 1844–1845 » សៀវភៅ ៤ ទំព័រ ៤; សៀវភៅ ៧ ទំព័រ ៥; យ៉ូសែប ស្ម៊ីធ « History, 1838–1856, volume A-1 [23 December 1805–30 August 1834] » ទំព័រ ៨–១០ នៅលើ​គេហទំព័រ josephsmithpapers.org ។

  4. លូស៊ី ម៉ាក ស្ម៊ីធ « Lucy Mack Smith, History, 1844–1845 » សៀវភៅ ៤ ទំព័រ ៩–១២; សៀវភៅ ៥ ទំព័រ ១–៤ ។

  5. ស៊ូស្សា យ៉ង់ ហ្គេតស៍ « Memorial Monument Dedication » Improvement Era ខែមីនា ឆ្នាំ១៩០៦ ទំព័រ ៣៨០–៣៨១; រ៉េនដ៍ ហូហ្គ ផាកកឺ « History of Four Mormon Landmarks in Western New York: The Joseph Smith Farm, Hill Cumorah, the Martin Harris Farm, and the Peter Whitmer, Sr., Farm » ( និក្ខេបបទ​របស់​ថ្នាក់​អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ១៩៧៥ ) ទំព័រ ១, ៥០–៥៣; ដេល អិល ប៊ឺក « The 1982 Archaeological Investigation at the Joseph Smith Sr. ផ្ទះឈើ​ហ៊ុប នៅ​ទីក្រុង​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក នៅក្នុង Regional Studies in Latter-day Saint Church History: New York–Pennsylvania, កែសម្រួល​ដោយ អាឡិចសាន់ឌឺ អិល បាក និង អាន់ឌ្រូ អេច ហ៊ីឌហ្គីស ( ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ៖ Department of Church History and Doctrine, Brigham Young University ឆ្នាំ២០២២ ) ទំព័រ ១៧៧–២១៧; រីឆាដ ណេតសែល ហូលហ្សាបហ្វែល, ដូណាល់ អិល អ៊ិនឌើរស៍ និង ឡារី ស៊ី ផតធឺ « Return to the Sacred Grove » Religious Educator ភាគ ១១ លេខ ២ ( ឆ្នាំ២០១០ ) ទំព័រ ១៤៧–១៤៧ ។