« យ៉ូសែប ស៊ីញ្ញ័រ និងគ្រួសារ លូស៊ី ម៉ាក ស្ម៊ីធ » ប្រធានបទប្រវត្តិសាសនាចក្រ
« យ៉ូសែប ស៊ីញ្ញ័រ និងគ្រួសារ លូស៊ី ម៉ាក ស្ម៊ីធ »
យ៉ូសែប ស៊ីញ្ញ័រ និងគ្រួសារ លូស៊ី ម៉ាក ស្ម៊ីធ
ជីវិតគ្រួសារ និងការចិញ្ចឹមបីបាច់ដែល យ៉ូសែប ស្ម៊ីធ បានទទួលពីឪពុកម្ដាយ និងបងប្អូនបង្កើត បានមានឥទ្ធិពលយ៉ាងខ្លាំងលើកិច្ចការជាព្យាការីនៅពីដើមៗរបស់យ៉ូសែប ។ ការយកចិត្តទុកដាក់ចំពោះការអធិស្ឋាន និងការសិក្សាព្រះគម្ពីរប៊ីបមានឬសគល់ពីការតាំងចិត្តខាងសាសនារបស់ឪពុកម្ដាយរបស់លោក ។ នៅពេលយ៉ូសែបបានរាយការណ៍អំពីការនិមិត្តពីទេវតា ដំណឹងនេះពិតជាធ្វើឲ្យសមាជិកគ្រួសាររីករាយ ដូចជាឪពុក និងម្តាយរបស់យ៉ូសែប ដែលបានមានអំណរនឹងបទពិសោធន៍ខាងវិញ្ញាណដ៏ជ្រាលជ្រៅរបស់ពួកគាត់រួចទៅហើយ ។ នៅក្នុងឆាកជីវិតចុងក្រោយ យ៉ូសែបបានសរសេរយ៉ាងរំជើបរំជួលអំពីបំណងប្រាថ្នារបស់លោកដែលថា ឈ្មោះ និងទង្វើទាំងឡាយរបស់ឪពុកម្តាយ និងបងប្អូនរបស់លោកតែងតែត្រូវបានចងចាំទុកជានិច្ច ។ លោកបានសរសេរថា « ពាក្យពេចន៍ និងភាសា [ គឺ ]មិនគ្រប់គ្រាន់ដើម្បីបង្ហាញការដឹងគុណដែលខ្ញុំជំពាក់ព្រះ ដែលបានប្រទានដល់ខ្ញុំនូវឪពុកម្ដាយដ៏គួរឲ្យគោរពនោះឡើយ » ។
តាំងពីដើមដំបូងនៃអាពាហ៍ពិពាហ៍របស់ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី គ្រួសារបានឆ្លងកាត់ការច្រូតកាត់មិនទទួលបានផល និងការលំបាកផ្នែកសេដ្ឋកិច្ច ។ ពួកគាត់បានផ្លាស់លំនៅជាច្រើនដងរវាងភូមិក្នុងរដ្ឋវ័រម៉ន្ត និងរដ្ឋញ៉ូវហាំសឺរ មុនពេលស្វែងរកឱកាសអំណោយផលបន្ថែមទៀតនៅក្នុងតំបន់ ហ្វីងហ្គឺ លេកស៍ នៃរដ្ឋញូវយ៉ក ។ នៅឆ្នាំ១៨១៦ ក្រុមគ្រួសារស្ម៊ីធបានផ្លាស់លំនៅទៅរស់នៅទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក ហើយភ្លាមៗនោះពួកគេបានតាំងទីលំនៅនៅកសិដ្ឋានមួយនៅជិតទីក្រុងម៉ែនឆែស្ទើរ ។ នៅក្នុងតំបន់នេះ ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លះទៀត យ៉ូសែប ជុញ្ញ័រ បានដកពិសោធន៍នូវការនិមិត្តដំបូងបំផុតរបស់លោក បានបកប្រែ និងបោះពុម្ពព្រះគម្ពីរមរមន និងរៀបចំសាសនាចក្រនៃព្រះគ្រីស្ទ ។
ក្រុមគ្រួសារស្ម៊ីធបានទៅតាមសាសនាចក្រទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ក្នុងឆ្នាំ១៨៣១ ទៅកាន់រដ្ឋមិសសួរី ក្នុងឆ្នាំ១៨៣៨ និងទៅកាន់ទីក្រុងណៅវូ រដ្ឋអិលលីណោយ នៅដើមទសវត្សរ៍ឆ្នាំ១៨៤០ ។ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី បានរស់នៅជាមួយកូនៗមជ្ឈិមវ័យរបស់ពួកគាត់អស់មួយជីវិត ។ គួរឲ្យស្ដាយ ក្នុងរយៈពេលបួនឆ្នាំចន្លោះឆ្នាំ១៨៤១ និងឆ្នាំ១៨៤៤ យ៉ូសែប ស៊ីញ្ញ័រ និងកូនប្រុសបួននាក់របស់គាត់ ( ដុន ខាឡូស, ហៃរុម និង សាំយូអែល ) បានស្លាប់ដោយសារជំងឺ ឬដោយការធ្វើឃាត ។ សមាជិកគ្រួសារដែលនៅសេសសល់ភាគច្រើនបានជ្រើសរើសមិនផ្លាស់ទីលំនៅទៅ ហ្រ្គេត បាស៊ីន បន្ទាប់ពីការស្លាប់របស់ យ៉ូសែប ស្ម៊ីធ ។
យ៉ូសែប ស្មីធ ស៊ីញ្ញ័រ ( ឆ្នាំ១៧៧១–១៨៤០ )
( សូមមើល « Joseph Smith Sr. [ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ]» ប្រធានបទប្រវត្តិសាសនាចក្រ ) ។
លូស៊ី ម៉ាក ស្ម៊ីធ ( ឆ្នាំ១៧៧៥–១៨៥៦ )
( សូមមើល « Lucy Mack Smith [ លូស៊ី ម៉ាក ស្ម៊ីធ ] » ប្រធានបទប្រវត្តិសាសនាចក្រ ) ។
កូនប្រុសមិនទាន់បានដាក់ឈ្មោះ ( ប្រហែលជាឆ្នាំ១៧៩៧ )
កូនដំបូងរបស់ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី ជាកូនប្រុសដែលបានកើតប្រហែលជាមួយឆ្នាំ បន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគាត់ មិនបាននៅរស់ផុតពីវ័យទារកភាពឡើយ ។ គ្រួសារស៊្មីធមិនបានដាក់ឈ្មោះឲ្យកូននេះទេ ។
អាលវិន ស្ម៊ីធ ( ឆ្នាំ១៧៩៨–១៨២៣ )
កូនដំបូងរបស់គ្រួសារស៊្មីធដែលបាននៅរស់ផុតពីវ័យទារកភាព ដែលមានឈ្មោះថា អាលវិន បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៧៩៨ នៅផ្ទះរបស់គ្រួសារនៅក្រុងតុងប្រ៊ីដ រដ្ឋវ័រម៉ន្ត ។ ម្តាយរបស់អាលវិនបានហៅគាត់ថាជា « យុវវ័យនៃ … ដែលមានអាកប្បកិរិយាល្អឯក » ដោយមាន « ចិត្តសប្បុរស និងសុភាពរាបសា » ។ បន្ទាប់ពីក្រុមគ្រួសារស្ម៊ីធបានផ្លាស់លំនៅទៅភូមិប៉ាលម៉ៃរ៉ា ។ ការងាររបស់អាលវិនបានក្លាយជាកិច្ចការសំខាន់ចំពោះការជួយដល់ខាងសាច់ឈាមរបស់គ្រួសារ ហើយគាត់បានដឹកនាំការសង់ផ្ទះឈើមួយនៅលើកសិដ្ឋានរបស់គ្រួសារស្ម៊ីធ ។
អាលវិនបានជឿលើដំណើររឿងរបស់យ៉ូសែប អំពីការលេចមករបស់ទេវតាមរ៉ូណៃ ហើយបានលើកទឹកចិត្តលោកឲ្យធ្វើតាមការណែនាំរបស់ទេវតា ។ យោងតាមមិត្តភក្តិរបស់គ្រួសារម្នាក់ មរ៉ូណៃថែមទាំងបានណែនាំយ៉ូសែបឲ្យនាំអាលវិនទៅជាមួយ នៅពេលវេលាមកដល់ ដើម្បីទទួលបានផ្ទាំងចំណារព្រះគម្ពីរមរមន ។ ប៉ុន្តែនៅប៉ុន្មានខែមុនខួបកំណើត២៦ឆ្នាំរបស់គាត់ អាលវិនបានស្លាប់ដោយសារអ្វីដែលម្តាយរបស់គាត់បានពិពណ៌នាថាជា « ការឈឺចុកចាប់ដោយសារទឹកប្រម៉ាត់ » ។ វេជ្ជបណ្ឌិតដែលបានព្យាបាលអាលវិនបានផ្ដល់ថ្នាំមួយប្រភេទ ដែលផ្សំឡើងពីបារ៉ត និងក្លរីនដែលហៅថា « សារធាតុពុលម្យ៉ាងដែលមានជាតិបារ៉ត » ដែលនៅពេលនោះ វាត្រូវបានវេជ្ជបណ្ឌិតជាច្រើនចាត់ទុកថាជាថ្នាំពុល ប៉ុន្តែត្រូវបានប្រើជាញឹកញាប់ដោយគ្រូពេទ្យឯករាជ្យ ។ ការព្យាបាលនោះបានធ្វើឲ្យស្ថានភាពរបស់អាលវិនកាន់តែធ្ងន់ធ្ងរ ហើយអាលវិនបានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ។ ប្រវត្ដិវិទូបានណែនាំថា ជំងឺរលាកខ្នែងពោះវៀនអាចជាមូលហេតុចម្បងនៃការស្លាប់របស់គាត់ ។
លូស៊ីបានរៀបរាប់នៅក្នុងជីវប្រវត្តិរបស់គាត់ថា គូដណ្តឹងរបស់អាលវិនបានចូលរួមពិធីបុណ្យសពរបស់គាត់ ប៉ុន្តែគ្មានអ្វីផ្សេងទៀតត្រូវបានគេដឹងអំពីការភ្ជាប់ពាក្យរបស់អាលវិននោះទេ ។
ការស្លាប់របស់អាលវិនបានធ្វើឲ្យក្រុមគ្រួសារស្ម៊ីធខូចចិត្តជាខ្លាំង ។ នៅឯពិធីបុណ្យសពរបស់គាត់ គ្រូគង្វាលនៅក្នុងមូលដ្ឋានម្នាក់បានធ្វើឲ្យក្រុមគ្រួសារនេះអាក់អន់ចិត្ត ដោយការបញ្ជាក់ថា អាលវិនត្រូវបានបញ្ជូនទៅស្ថាននរក ដោយសារគាត់មិនទាន់បានទទួលបុណ្យជ្រមុជទឹក ។ នៅក្នុងឆ្នាំ១៨៣៦ យ៉ូសែបបានទទួលការនិមិត្តមួយអំពីនគរសេឡេស្ទាល ហើយបានស្ញប់ស្ញែងជាខ្លាំងនៅពេលលោកបានឃើញអាលវិននៅទីនោះ ។ ព្រះអម្ចាស់បានបើកសម្តែងថា ដូចជាអាលវិនដែរ « មនុស្សទាំងអស់ដែលបានស្លាប់ទៅដោយគ្មានការចេះដឹងអំពីដំណឹងល្អនេះ គឺជាពួកអ្នកដែលនឹងទទួលដំណឹងល្អ បើសិនជាពួកគេត្រូវបានអនុញ្ញាតឲ្យនៅ នោះនឹងទៅជាពួកអ្នកគ្រងនគរសេឡេស្ទាលនៃព្រះទុកជាមរតក » ។ នៅពេលយ៉ូសែបបានប្រកាសពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកជំនួសសម្រាប់អ្នកស្លាប់នៅក្នុងឆ្នាំ១៨៤០ ។ បងប្រុសរបស់គាត់ ហៃរុមបានទទួលបុណ្យជ្រមុជទឹកឲ្យអាលវិន នៅទន្លេមីស៊ីស៊ីបភី ។
ហៃរុម ស្ម៊ីធ ( ឆ្នាំ១៨០០–១៨៤៤ )
( សូមមើល « Hyrum Smith [ ហៃរុម ស្ម៊ីធ ] » ប្រធានបទប្រវត្តិសាសនាចក្រ ) ។
សូហ្រ្វូនៀ ស្ម៊ីធ ស្តូតដាដ ម៉ាកក្លៀរី ( ឆ្នាំ១៨០៣–១៨៧៦ )
កូនស្រីទីមួយរបស់គ្រួសារស្ម៊ីធមានឈ្មោះថា សូហ្រ្វូនៀ បានកើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៨០៣ ខណៈគ្រួសារនេះរស់នៅក្នុងក្រុងតុងប្រ៊ីដ រដ្ឋវ័រម៉ន្ត ។ ប៉ុន្មានឆ្នាំក្រោយមក តំបន់នេះបានទទួលរងការរាតត្បាតនៃជំងឺគ្រុនពោះវៀន ។ សូហ្រ្វូនៀ និងប្អូនប្រុសរបស់នាង យ៉ូសែប បានឈឺយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រួសារ ។ សូហ្រ្វូនៀដែលមានអាយុប្រាំបួនឆ្នាំបានមានជំងឺគ្រុនពោះវៀនអស់រយៈពេល៣ខែ មុនពេលនាងឈប់ដកដង្ហើមភ្លាមៗ និងដេកស្ងៀមមិនកម្រើក ។ ម្តាយនាងបានរុំនាងក្នុងភួយ បីនាងក្នុងដៃ ហើយដើរចុះឡើងនៅលើឥដ្ឋ ។ អ្នកជិតខាងប្រាប់លូស៊ីឲ្យទទួលស្គាល់ថា សូហ្រ្វូនៀបានស្លាប់ហើយ ប៉ុន្តែនៅទីបំផុត ក្មេងនោះបានដឹងខ្លួនឡើងវិញ ដកដង្ហើមវែងៗ ហើយយំខ្សឹបខ្សួល ។ នាងបានជាសះស្បើយ និងរស់នៅរហូតដល់អាយុ៧៣ឆ្នាំ ។
សូហ្រ្វូនៀជឿលើការនិមិត្តរបស់យ៉ូសែប ដែលជាប្អូនប្រុសរបស់នាង ។ នាងមានអារម្មណ៍ថាមានការឈឺចាប់នៅពេលដែលសហគមន៍ជុំវិញបានប្រព្រឹត្តចំពោះគ្រួសារយ៉ាងឃោរឃៅ ។ ពីរបីខែបន្ទាប់ពីយ៉ូសែបបានទទួលផ្ទាំងចំណារពីទេវតាមរ៉ូណៃ សូហ្រ្វូនៀបានរៀបការជាមួយ ខាលវិន ស្តូតដាដ ដែលនៅទីបំផុតបានចូលរួមក្នុងសាសនាចក្រ ។ សូហ្រ្វូនៀ និងខាលវិន ព្រមទាំងកូនស្រីអាយុ១៤ខែរបស់ពួកគាត់ដែលមានឈ្មោះថា អឺនីស បានធ្វើដំណើរទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ជាមួយនឹងក្រុមរបស់លូស៊ី ។ ប៉ុន្តែប្រហែលពីរខែបន្ទាប់ពីបានមកដល់ទីក្រុងខឺតឡង់ កុមារតូចអឺនីសបានស្លាប់ដោយមិនដឹងពីមូលហេតុ ។ មួយឆ្នាំក្រោយមក សូហ្រ្វូនៀបានមានកូនទីពីរដែលមានឈ្មោះថា ម៉ារីយ៉ា ។ ប៉ុន្តែមុនពេលពួកបរិសុទ្ធចាកចេញពីរដ្ឋអូហៃអូ នោះខាលវិនបានស្លាប់នៅទីក្រុងញូវយ៉ក ទុកឲ្យសូហ្រ្វូនៀក្លាយជាស្ត្រីមេម៉ាយនៅអាយុ៣៤ឆ្នាំ ។
សូហ្រ្វូនៀបានរៀបការជាមួយ វិល្លាម ម៉ាកក្លៀរី ក្នុងឆ្នាំ១៨៣៨ ហើយអ្នកទាំងពីរបានផ្លាស់ទៅរដ្ឋមិសសួរី ហើយបន្ទាប់មកទៅរដ្ឋអិលលីណោយ ។ សូហ្រ្វូនៀ និងវិល្លាម ហាក់ដូចជាមានគម្រោងផ្លាស់ទៅតំបន់ វិនធើរ ខ្វរធើរ ។ ប៉ុន្តែវិល្លាមបានស្លាប់មុនពេលពួកគាត់ចាកចេញ ។ ដូច្នេះ សូហ្រ្វូនៀបានជ្រើសរើសស្នាក់នៅរដ្ឋអិលលីណោយជំនួសវិញ ដែលជាកន្លែងដែលគាត់អាចនៅជិតគ្រួសាររបស់គាត់ ។ អស់រយៈពេល៣០ឆ្នាំក្រោយ គាត់បានរស់នៅក្បែរបងប្អូនស្រីរបស់គាត់ដែលមានឈ្មោះថា ខាថារីន និង លូស៊ី រហូតដល់គាត់ស្លាប់នៅឆ្នាំ១៨៧៦ ។
យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ( ឆ្នាំ១៨០៥–១៨៤៤ )
( សូមមើល « Joseph and Emma Hale Smith Family [ យ៉ូសែប និងគ្រួសារ អិមម៉ា ហេល ស្ម៊ីធ ] » ប្រធានបទប្រវត្តិសាសនាចក្រ ) ។
សាំយូអែល ហារីសុន ស្ម៊ីធ ( ឆ្នាំ១៨០៨-១៨៤៤ )
សាំយូអែល ស្ម៊ីធ បានសម្តែងការព្រួយបារម្ភ នៅពេលដែលគាត់បានដឹងថា បងប្រុសរបស់គាត់គឺ យ៉ូសែប មានបំណងបង្កើតព្រះវិហារថ្មីមួយ ដោយគិតថាព្រះគម្ពីរមរមននឹងនាំឲ្យមានការកែទម្រង់ព្រះវិហារចាស់ ។ គាត់បានចូលទៅព្រៃក្បែរនោះ ហើយបានអធិស្ឋានដើម្បីដឹងថា តើព្រះអម្ចាស់បានដឹកនាំយ៉ូសែបមែនឬអត់ ។ នៅពេលគាត់ត្រឡប់មកវិញ គាត់បានសុំទទួលបុណ្យជ្រមុជទឹកភ្លាមៗ ដោយក្លាយជាមនុស្សដំបូងបន្ទាប់ពីយ៉ូសែប និងអូលីវើរដែលបានទទួលបុណ្យជ្រមុជទឹក ។ សាំយូអែលនៅតែស្មោះត្រង់ពេញមួយជីវិតរបស់គាត់ ។
សាំយូអែលគឺជាសាក្សីម្នាក់ក្នុងចំណោមសាក្សីប្រាំបីនាក់អំពីព្រះគម្ពីរមរមន ហើយបានបម្រើបេសកកម្មផ្សព្វផ្សាយដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។ ក្នុងអំឡុងបេសកកម្មរយៈពេលខ្លីរបស់គាត់នៅឆ្នាំ១៨៣០ គាត់បានជូនព្រះគម្ពីរមរមនដល់ក្រុមគ្រួសារយ៉ង់ ដែលបានណែនាំឲ្យស្គាល់ដំណឹងល្អដែលបានស្ដារឡើងវិញ ទៅដល់អនាគតប្រធានសាសនាចក្រ ព្រិកហាំ យ៉ង់ និងអនាគតសាវក ហ៊ីប៊ើរ ស៊ី ឃិមបឹល ។
ពីរឆ្នាំក្រោយមកកាលកំពុងបម្រើបេសកកម្មមួយទៀត សាំយូអែលបានជួយបង្កើតសាខាជាច្រើននៅភាគឦសានសហរដ្ឋអាមេរិក ។ ក្នុងអំឡុងបេសកកម្មនេះ សាំយូអែលបានជួបអនាគតភរិយារបស់គាត់ឈ្មោះ ម៉ារី បៃលី ។ សាំយូអែល និងម៉ារីមានកូនបួននាក់ ។ សាំយូអែលគឺជាសមាជិករបស់សាលានៃពួកព្យាការីក្នុងទីក្រុងខឺតឡង់ ហើយបានបម្រើជាសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់ ។ នៅទីក្រុងណៅវូ គាត់បានជួយប៊ីស្សព វីនសុន ណៃត៍ ក្នុងនាមជាទីប្រឹក្សា ហើយក៏បានបម្រើជាអភិបាលក្រុង ជាកងទាហានពិសេសនៅទីក្រុងណៅវូ អ្នកប្រឹក្សាភិបាលនៃសាកលវិទ្យាល័យណៅវូ និងជាសមាជិកក្រុមប្រឹក្សាក្រុងណៅវូផងដែរ ។
សាំយូអែលបានរៀបការជាមួយ លេវីរ៉ា ក្លាក ក្រោយពីម៉ារីបានស្លាប់នៅឆ្នាំ១៨៤១ កំឡុងពេលសម្រាលកូន ។ ពួកគាត់បានផ្លាស់ទៅទីក្រុងភ្លីម៉ោ រដ្ឋអិលលីណោយ ហើយបានរស់នៅទីនោះ ។ ពេលដែលសាំយូអែលបានដឹងថា បងប្រុសរបស់គាត់គឺ យ៉ូសែប និងហៃរុមត្រូវបានគេចាប់ដាក់គុកកាតធេច ។ សាំយូអែលបានឡើងជិះសេះដើម្បីទៅជួយពួកលោក ហើយយោងតាមដំណើររឿងនៅពេលក្រោយៗមក គាត់បានជួបបុរសពីរនាក់នៅក្នុងព្រៃក្រាស់មួយ ដែលបានដេញតាមគាត់ភ្លាមៗ ។ គាត់បានគេចចេញពីពួកដែលដេញតាមទាំងនេះ ដោយគ្រាន់តែគាត់មកដល់កាតធេច ក៏បានដឹងថាបងប្រុសរបស់គាត់ត្រូវបានគេសម្លាប់ហើយ ។ សាំយូអែលបានរៀបចំសណ្ឋាគារដែលនៅក្បែរនោះដោយអារម្មណ៍តក់ស្លុត និងសោកសៅជាខ្លាំង ដើម្បីការពារសាកសពរហូតដល់គាត់អាចនាំពួកលោកទៅទីក្រុងណៅវូ ។ ជាអកុសល សាំយូអែល ខ្លួនឯងបានស្លាប់មិនដល់មួយខែក្រោយផង ។ សារព័ត៌មានក្នុងស្រុកមួយបានដាក់ឈ្មោះមូលហេតុនៃការស្លាប់នេះថា « គ្រុនក្តៅដែលបណ្ដាលមកពីទឹកប្រម៉ាត់ » ទោះបីជាមិត្តភក្តិ និងក្រុមគ្រួសារបានស្តីបន្ទោសពីការជិះសេះដ៏លំបាករបស់គាត់ដែលបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរក៏ដោយ ។
អ៊ីហ្វៀម ស្ម៊ីធ ( ឆ្នាំ១៨១០ )
អ៊ីហ្វៀម ស្ម៊ីធ ជាកូនទីប្រាំពីរ និងកូនប្រុសទីប្រាំមួយរបស់ យ៉ូសែប ស៊ីញ្ញ័រ និងលូស៊ី រស់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ គាត់កើតនៅថ្ងៃទី១៣ ខែមីនា ហើយបានស្លាប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៨១០ ។ គ្រួសារស្ម៊ីធបានរស់នៅទីក្រុងរ៉ូយ៉ាល់តុន រដ្ឋវ័រម៉ន្ត នៅអំឡុងជីវិតដ៏ខ្លីរបស់អ៊ីហ្វៀម ។
វិល្លាម ប៊ី ស្ម៊ីធ ( ឆ្នាំ១៨១១–១៨៩៣ )
វិល្លាម ស្ម៊ីធ បានទទួលយកការអះអាងជាព្យាការីរបស់យ៉ូសែប ដែលជាបងប្រុសរបស់គាត់ ហើយបានទទួលបុណ្យជ្រមុជទឹក ។ គាត់បានកាន់តំណែងសាសនាចក្រជាច្រើននៅក្នុងជីវិតរបស់គាត់ ហើយធ្វើជាសមាជិកដំបូងក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ គាត់ក៏បានបម្រើបេសកកម្មជាច្រើនផងដែរ ដោយបានដើរទៅរដ្ឋមិសសួរី ជាមួយនឹងជំរំអ៊ីស្រាអែល ហើយត្រូវបានតែងតាំងជាអយ្យកោនៅក្នុងសាសនាចក្រ ។
រូបថតរបស់ វិល្លាម ស្ម៊ីធ ។
នៅឆ្នាំ១៨៣៣ វិល្លាមបានរៀបការជាមួយ ខារ៉ូលីន អាម៉ាន់ដា ហ្គ្រេន ដែលជាសមាជិកនៃគ្រួសារដែលគាត់បានជួបក្នុងអំឡុងពេលបេសកកម្មរបស់គាត់ ។ មុនពេលខារ៉ូលីនបានស្លាប់នៅឆ្នាំ១៨៤៥ វិល្លាមបានចាប់ផ្តើមអនុវត្តខាងការមានប្រពន្ធច្រើន ដោយបានរៀបការជាមួយភរិយាទីពីរប៉ុន្មានខែមុនការធ្វើទុក្ករកម្មរបស់បងប្រុសរបស់គាត់គឺយ៉ូសែប និងហៃរុម ។ នៅចន្លោះឆ្នាំ១៨៤៤ និងឆ្នាំ១៨៨៩ វិល្លាមបានរៀបការបួនដងទៀត ទោះបីជាអាពាហ៍ពិពាហ៍ពីរបានបញ្ចប់ដោយការលែងលះក៏ដោយ ។ វិល្លាមមានកូនប្រាំពីរនាក់ ។
បន្ថែមពីលើការបម្រើក្នុងសាសនាចក្ររបស់គាត់ វិល្លាមក៏សកម្មក្នុងកិច្ចការសាធារណៈផងដែរ ។ នៅទីក្រុងណៅវូ គាត់បានបម្រើជាសមាជិកក្រុមប្រឹក្សាក្រុង ។ គាត់គឺជាអ្នកនិពន្ធនាយករបស់ណៅវូ Wasp [ ការសែតណៅវូ ] ក្នុងរយៈពេលខ្លីមួយ ។ ប៉ុន្តែត្រូវបានផ្លាស់ប្តូរក្រោយពីការផ្លាស់ប្តូរដ៏ចម្រូងចម្រាសជាមួយ ថូមាស ស៊ី ស្ហាប ដែលជាអ្នកនិពន្ធនាយកកាសែតក្នុងស្រុកម្នាក់ផ្សេងទៀត ។ វិល្លាមតំណាងឲ្យ ហេនខក ខោនធី ក្នុងសភារដ្ឋអិលលីណោយ ជាកន្លែងដែលគាត់បានការពារធម្មនុញ្ញទីក្រុងណៅវូ ប្រឆាំងនឹងការអំពាវនាវឲ្យដកហូតធម្មនុញ្ញនេះ ។
ជាកូនប្រុសតែម្នាក់គត់របស់ យ៉ូសែប ស៊ីញ្ញ័រ.និងលូស៊ីដែលនៅរស់ផុតពីពេលរដូវក្តៅឆ្នាំ១៨៤៤ ។ ដំបូងឡើយ វិល្លាមបានគាំទ្រ ព្រិកហាំ យ៉ង់ ជាអ្នកស្នងតំណែងរបស់យ៉ូសែប ។ ទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងជាមួយសមាជិកក្នុងកូរ៉ុមនៃពួកដប់ពីរបាននាំឲ្យវិល្លាមផ្លាស់ប្តូរគំនិតរបស់គាត់ ។ គាត់ត្រូវបានកាត់កាលចេញពីសាសនាចក្រនៅឆ្នាំ១៨៤៥ បន្ទាប់ពីតវ៉ាមួយរយៈខ្លី និងមិនបានទទួលជោគជ័យក្នុងការដឹកនាំសាសនាចក្រ ។ ក្រោយមក គាត់បានចូលរួមព្រះវិហារផ្សេងទៀត មុនពេលរកកន្លែងអចិន្ត្រៃយ៍ជាមួយនឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានរៀបចំឡើងវិញ ដែលបានដឹកនាំដោយក្មួយប្រុសរបស់គាត់គឺ យ៉ូសែប ស៊្មីធ ទី៣ ។
នៅពេលដែលសង្រ្គាមស៊ីវិលអាមេរិកបានផ្ទុះឡើងនៅឆ្នាំ១៨៦១ វិល្លាមបានកែអាយុរបស់គាត់ដើម្បីឲ្យគាត់មានអាយុក្មេងល្មមក្នុងការចុះឈ្មោះចូលកងទ័ពសហភាព ។ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធារបស់គាត់ វិល្លាមបានប្រើអក្សរ « ប៊ី » ដើម្បីសម្គាល់ខ្លួនគាត់ខុសពីទាហានជាច្រើនទៀតដែលមានឈ្មោះ វិល្លាម ស្ម៊ីធ ។ គាត់បានស្លាប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៨៩៣ ក្នុងអាយុ៨២ឆ្នាំ ។
ខាថារីន ស្ម៊ីធ សាលីសបឺរី យ៉ង់ហ្គឺ ( ឆ្នាំ១៨១៣–១៩០០ )
កូនស្រីទីពីររបស់គ្រួសារស្ម៊ីធដែលមានឈ្មោះថា ខាថារីន បានចូលរួមសាសនាចក្រក្នុងវ័យយុវវ័យ ។ ទំនៀមទម្លាប់គ្រួសារប្រាប់ពីគ្រាមួយដែលបងប្អូនស្រីទាំងពីរនាក់នេះបានធ្វើ នៅពេលដែលយ៉ូសែបបានសុំឲ្យខាថារីន និងសូហ្រ្វូនៀលាក់ផ្ទាំងមាសពីហ្វូងមនុស្សកំណាច ដោយយកផ្ទាំងទាំងឡាយទៅលាក់នៅក្នុងកម្រាលពូករបស់ពួកគេ រួចធ្វើពុតជាដេកលក់ ។ ខាថារីនបានផ្លាស់ទៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ជាមួយម្តាយរបស់នាង លូស៊ី ។ ហើយនៅឆ្នាំដដែលនោះបានរៀបការជាមួយអ្នកប្រែចិត្តជឿម្នាក់ឈ្មោះ វីលគីន ជេនគីន សាលីសបឺរី ។
ជីវិតអាពាហ៍ពិពាហ៍របស់ខាថារីនបានជួបការលំបាក ។ វីលគីនពិបាកនឹងស្វែងរកការងារ ហើយប្រហែលជាបណ្ដាលមកពីការញៀនស្រា ។ គាត់បានចំណាយពេលយ៉ាងហោចណាស់មួយទសវត្សរ៍នៅក្រៅការប្រាស្រ័យទាក់ទងនឹងសាសនាចក្រ ហើយបានស្លាប់ដោយមានជម្លោះជាមួយថ្នាក់ដឹកនាំនៅរដ្ឋយូថាហ៍ ។ ពេលខ្លះ ខាថារីនបានចិញ្ចឹមកូនរបស់នាងក្នុងស្ថានភាពដ៏ក្រីក្រទុគ៌ត ។ អ្នកទៅសួរសុខទុក្ខម្នាក់នៅផ្ទះរបស់សាលីសបឺរី ក្នុងឆ្នាំ១៨៤៣ បានខ្លោចចិត្តអាណិតដែលកូនៗរបស់ខាថារីនមិនមានស្បែកជើងពាក់ សូម្បីតែនៅរដូវរងាខ្លាំងក៏ដោយ ។ គ្រួសារស្ម៊ីធបានជួយដល់ខាថារីនឆ្លងកាត់ការលំបាកទាំងនេះ ហើយថ្នាក់ដឹកនាំសាសនាចក្រក៏បានជួយផងដែរ ។ ក្រោយមកបានផ្ញើប្រាក់ទៅឲ្យនាង ដើម្បីសង់ផ្ទះមួយនៅរដ្ឋអិលលីណោយ ។
ដូចជាម្តាយ និងបងប្អូនបង្កើតរបស់នាងផ្សេងទៀតដែរ ខាថារីននៅតែរស់នៅរដ្ឋអិលលីណោយ ក្រោយពីការស្លាប់របស់យ៉ូសែប និងហៃរុម ។ បន្ទាប់ពីការស្លាប់របស់វីលគីន ក្នុងឆ្នាំ១៨៥៣ ខាថារីនបានតាំងលំនៅនៅជិតម្តាយ និងបងប្អូនស្រីរបស់នាង ជាកន្លែងដែលនាងរស់នៅពេញមួយជីវិតរបស់នាង ។ នៅពេលដែលកូនប្រុសរបស់គាត់ឈ្មោះ ដុន ខាឡូស ឈានដល់អាយុ១៤ឆ្នាំ ។ គាត់បានបញ្ជូនកូនគាត់ឲ្យទៅរស់នៅជាមួយបងស្រីរបស់គាត់ សូហ្រ្វូនៀ ដែលប្រហែលជាដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនល្អរបស់គ្រួសារគាត់ផ្ទាល់ ។ ទោះបីជាខាថារីនមិនដែលធ្វើដំណើរទៅទិសខាងលិចក៏ដោយ ក៏គាត់រក្សាទំនាក់ទំនងដ៏កក់ក្តៅជាមួយសាច់ញាតិខាងស្ម៊ីធរបស់គាត់ដែលរស់នៅរដ្ឋយូថាហ៍ដែរ ។ សាច់ញាតិទាំងនេះបានទៅលេងសួរសុខទុក្ខខាថារីនជាញឹកញាប់ នៅពេលធ្វើដំណើរទៅបេសកកម្ម ។ គាត់បានស្លាប់នៅឆ្នាំ១៩០០ ក្នុងអាយុ៨៦ឆ្នាំ ។
ដុន ខាឡូស ស្ម៊ីធ ( ឆ្នាំ១៨១៦–១៨៤១ )
សមាជិកគ្រួសារបានពិពណ៌នាថា ដុន ខាឡូស ស្ម៊ីធ ជាមនុស្សល្អ មានដួងចិត្តល្អ និងសប្បុរស ។ នៅពេលដែលយ៉ូសែបបានបោះពុម្ពព្រះគម្ពីរមរមន ។ ដុន ខាឡូស បានជួយគាំទ្រដល់បងប្រុសរបស់គាត់តាំងពីដំបូង កាលមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ ។ យ៉ូសែបបានមានប្រសាសន៍ថា គាត់ជា « មនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលទទួលបានទីបន្ទាល់របស់ខ្ញុំ » ។ ក្រោយមកនៅឆ្នាំដដែលនោះ ដុន ខាឡូស បានទៅជាមួយឪពុករបស់គាត់ក្នុងការធ្វើដំណើរទៅទីក្រុងស្តុកខម រដ្ឋញូវយ៉ក ជាកន្លែងដែលអ្នកទាំងពីរបានចែកចាយដំណឹងអំពីសាសនាចក្រជាមួយសាច់ញាតិ ។ មិនយូរប៉ុន្មាន ដុន ខាឡូស បានផ្លាស់ទៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ជាមួយម្តាយ និងបងប្អូនស្រីរបស់គាត់ ។
ដុន ខាឡូស បានរៀនរកស៊ីផ្នែកបោះពុម្ពនៅក្រោមការគ្រប់គ្រងរបស់ អូលីវើរ ខៅឌើរី ខណៈពេលដែលរស់នៅក្នុងទីក្រុងខឺតឡង់ ។ ដុន ខាឡូស បានជួយបោះពុម្ពផ្សាយឯកសារដែលបោះពុម្ពដំបូងៗរបស់សាសនាចក្រ រួមទាំងការបោះពុម្ពលើកដំបូងនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាផងដែរ ។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៨៣៥ គាត់បានរៀបការជាមួយ អាហ្គនីស ម៉ូលតុន ខូលប៊ឺត ដែលជាអ្នកប្រែចិត្តជឿមកពីទីក្រុងបូស្តុន ដែលរស់នៅជាមួយឪពុកម្តាយរបស់ ដុន ខាឡូស ។ ដុន ខាឡូស និងអាហ្គនីសមានកូនស្រីបីនាក់ ។
ដុន ខាឡូស បានបន្តអាជីពធ្វើជាអ្នកបោះពុម្ព បន្ទាប់ពីផ្លាស់ទៅទីក្រុងណៅវូ ។ គាត់បានកែសម្រួល និងបោះពុម្ពកាសែត Times and Seasons [ ពេលវេលា និងរដូវកាល ] ហើយបានរៃអង្គាសប្រាក់សម្រាប់ការបោះពុម្ពលើកទីបីនៃព្រះគម្ពីរមរមន ។ គាត់ក៏បានបម្រើបេសកកម្មរយៈពេលខ្លីៗទៅកាន់រដ្ឋផែនសិលវេញ៉ា, ញូវយ៉ក, វើរជីញ៉ា, អូហៃអូ, ខិនធឺឃី និង ថេនណេស៊ី ហើយធ្វើជាប្រធាននៃកូរ៉ុមសង្ឃជាន់ខ្ពស់ ។ គាត់បានស្លាប់ដោយសារជំងឺគ្រុនចាញ់ នៅខែសីហា ឆ្នាំ១៨៤១ ក្នុងអាយុ២៦ឆ្នាំ ។ ក្មួយប្រុសរបស់គាត់ ដែលបានដាក់ឈ្មោះដូចគ្នា ជាកូនប្រុសនៅវ័យទារករបស់យ៉ូសែប និងអិមម៉ាបានស្លាប់ដោយសារជំងឺដូចគ្នា ដោយគ្រាន់តែកើតបានប្រាំបីថ្ងៃប៉ុណ្ណោះ ។
លូស៊ី ស្ម៊ីធ មីលីគិន ( ឆ្នាំ១៨២១–១៨៨២)
នៅពេល លូស៊ី ស្ម៊ីធ បានកើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៨២១ នោះបងប្រុសរបស់គាត់ យ៉ូសែបបានទទួលបទពិសោធន៍នៃការនិមិត្តដំបូងរបស់លោករួចហើយ ។ លូស៊ីបានធំឡើងដោយមើលឃើញការងារបម្រើខាងសាសនាជាច្រើនរបស់យ៉ូសែបដែលកំពុងដំណើរការរួចទៅហើយ ហើយគាត់បានរស់នៅជាមួយឪពុកម្តាយរបស់គាត់ពេញមួយអំឡុងពេលនៅទីក្រុងខឺតឡង់ និងរដ្ឋមិសសួរី នៃសាសនាចក្រដំបូង ។ មិនយូរប៉ុន្មានក្រោយពីបានមកដល់ទីក្រុងខំមឺស ( ក្រោយមកហៅថាណៅវូ ) រដ្ឋអិលលីណោយ ។ លូស៊ីបានរៀបការជាមួយ អាធួរ មីលីគិន ដែលជាអ្នកប្រែចិត្តជឿមកពីរដ្ឋម៉េន ។ គាត់បានចូលរួមក្នុងសមាគមសង្គ្រោះណៅវូ ។ នៅឆ្នាំ១៨៤៣ គាត់បានធ្វើដំណើរជាមួយស្វាមីគាត់ទៅកាន់បេសកកម្មនៅរដ្ឋម៉េន ។ លូស៊ីបានស្នាក់នៅក្នុងរដ្ឋអិលលីណោយ បន្ទាប់ពីការស្លាប់របស់បងប្រុសរបស់គាត់ យ៉ូសែប និងហៃរុម ។ នៅចន្លោះឆ្នាំ១៨៤៦ និងឆ្នាំ១៨៥២ គាត់បានយកម្តាយដែលមានវ័យចំណាស់របស់គាត់ទៅផ្ទះរបស់គាត់ ។ ប្រហែលជា៤ឆ្នាំក្រោយពីការស្លាប់របស់ម្តាយគាត់ លូស៊ីបានរស់នៅនៅជិតទីក្រុងខូលឆេស្ទ័រ រដ្ឋអិលលីណោយ ជាកន្លែងដែលគាត់ និងស្វាមីរបស់គាត់បានបង្កើតកេរ្តិ៍ឈ្មោះគួរឲ្យគោរពក្នុងចំណោមអ្នកជិតខាងរបស់ពួកគាត់ ។ ប្រហែលជានៅឆ្នាំ១៨៨០ លូស៊ីបានចាប់ផ្តើមមើលថែកូនប្រសារបស់គាត់ដែលបានឆ្លងជំងឺផ្លូវដង្ហើម ។ នាងបានឆ្លងជំងឺនេះដល់ខ្លួនគាត់ ហើយបានទទួលមរណភាពនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៨៨២ ។
រូបថតរបស់ លូស៊ី ស្ម៊ីធ មីលីគិន ។
ប្រធានបទដែលទាក់ទង ៖ Joseph Smith Sr.[ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ], Lucy Mack Smith [ លូស៊ី ម៉ាក ស៊្មីធ ], Joseph Smith Jr.[ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ], Hyrum Smith [ ហៃរុម ស៊្មីធ ]