ប្រវត្តិ​សាសនាចក្រ
យ៉ូសែប និង​គ្រួសារ អិមម៉ា ហេល ស្ម៊ីធ


ប្រធានបទ​ប្រវត្តិ​សាសនាចក្រ « យ៉ូសែប និង​គ្រួសារ អិមម៉ា ហេល ស្ម៊ីធ »

យ៉ូសែប និង​គ្រួសារ អិមម៉ា ហេល ស្ម៊ីធ

យ៉ូសែប និង​គ្រួសារ អិមម៉ា ហេល ស្ម៊ីធ

យ៉ូសែប និង​គ្រួសារ អិមម៉ា ស្ម៊ីធ បានទទួល​រង​នូវ​ការប្រឆាំង និង​សោកនាដកម្ម​យ៉ាងខ្លាំង រួមទាំង​ការបៀតបៀន​ផ្នែក​នយោបាយ និង​សាសនា ការបង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង ការស្លាប់​របស់​កុមារ​ប្រាំពីរ​នាក់​ទាំង​វ័យ​ក្មេង និង​ការធ្វើ​ទុក្ករកម្ម​របស់​យ៉ូសែប ។ ក្នុង​ពេល​ជួប​ការលំបាក សមាជិក​គ្រួសារ​បាន​ជួយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ ឧទាហរណ៍ ក្នុង​អំឡុងពេល​លោក​ជាប់​ឃុំ​នៅ​គុក​លិបើទី យ៉ូសែប​បានសរសេរ​សំបុត្រ​ទៅ​អិមម៉ា ហើយ​ផ្តល់​ការលើក​ទឹកចិត្ត​ដល់​គាត់ សូម្បីតែ​ពេល​កំពុង​សោកសៅ​ចំពោះ​ការបែក​គ្នា​របស់​ពួកលោក​ក៏​ដោយ ។ លោក​ក៏​បានប្រាប់​គាត់​ទាក់ទង​ទៅនឹងរឿង​កូនៗ​របស់​ពួកលោក​ផងដែរ ៖ « សូម​ប្រាប់​ពួកគេ​ថា ឪពុក​ស្រឡាញ់​ពួកគេ​ដោយ​ក្តី​ស្រឡាញ់​យ៉ាងឥតខ្ចោះ ហើយ​ឪពុក​បាន​ព្យាយាម​ធ្វើ​អ្វីៗ​ដែល​អាច​ធ្វើ​បាន ដើម្បី​គេច​ពី​មនុស្ស​អាក្រក់​ទៅ​ជួប​នឹង​ពួកគេ​វិញ » ។ នៅពេល​ពួកគេ​ធំៗ កូនៗ​របស់​គ្រួសារ​ស្ម៊ីធ ដែល​នៅ​មាន​ជីវិត​នៅ​តែ​ស្និទ្ធស្នាល ហើយ​បានជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការបម្រើ​ព្រះវិហារ​របស់​ពួកគេ ។ ពួកគេ​បាន​ការពារ​កេរ្តិ៍ឈ្មោះ​របស់​ម្តាយ​ពួកគេ និង​មើលថែ​គាត់​រហូតដល់​គាត់​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ១៨៧៩ ។

បន្ទាប់ពី​អាពាហ៍ពិពាហ៍​របស់​យ៉ូសែប​និង​អិមម៉ា នៅក្នុង​ឆ្នាំ១៨២៧ នោះ​គ្រួសារ​នេះ​បានរស់នៅ​រយៈពេល​ខ្លី​នៅ​ទីក្រុង​ម៉ែនឆែស្ទើរ ជាមួយ​គ្រួសារ​របស់​យ៉ូសែប ។ ក្រោយមក​បានផ្លាស់​ទៅ​រស់នៅ​ក្នុងភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ។ កូន​បី​នាក់​ដំបូង​របស់​ពួកលោក​មិន​បាន​មាន​ជីវិតលើសពី​មួយ​ថ្ងៃ​ទេ ហើយ​រហូត​ទាល់តែ​យ៉ូសែប និង​អិមម៉ា​បានផ្លាស់​ទីលំនៅ​ទៅ​រដ្ឋ​អូហៃអូ ទើប​ពួកលោក​បានសុំ​កូន​ភ្លោះ​មក​ចិញ្ចឹម ហើយ​ចាប់ផ្តើម​ចិញ្ចឹម​កូន​របស់​ពួកលោក​ផ្ទាល់ ។ នៅ​រដ្ឋ​អូហៃអូ យ៉ូសែប​បានប្រកប​ជីវិត​គ្រួសារ​របស់​លោក​ដោយ​មាន​តុល្យភាព រវាង​កិច្ចការ​រដ្ឋបាល​ធំៗ ខណៈ​ដែល​លោក​ដឹកនាំ​សាសនាចក្រ​ដែល​កំពុង​រីកចម្រើន​យ៉ាងឆាប់​រហ័ស មាន​សាខា​តូចៗ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក និង​សហគមន៍​ដ៏​រីកចម្រើន​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​រដ្ឋ​មិសសួរី ។ វិបត្តិ​សេដ្ឋកិច្ច​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស ការបរាជ័យ​នៃ​ក្រុមហ៊ុន​ធនាគារ​នៃ​សមាគម​ដែល​មាន​សុវត្ថិភាព​នៅ​ខឺតឡង់ និង​ការគំរាម​កំហែង​កាន់តែ​មាន​ខ្លាំង​ឡើង​ចំពោះ​សុវត្ថិភាព​របស់​យ៉ូសែប បានជំរុញ​ឲ្យ​ក្រុមគ្រួសារ​នេះ​ចាកចេញ​ពី​រដ្ឋ​អូហៃអូ ទៅកាន់​រដ្ឋ​មិសសួរី នៅដើម​ឆ្នាំ១៨៣៨ ។ ប៉ុន្តែ​ការប្រឆាំង​ចំពោះ​ពួកបរិសុទ្ធ​ក្នុង​រដ្ឋ​មិសសួរី កាន់តែ​រីករាលដាល​ខ្លាំង​ឡើងៗ​ពេញ​មួយ​ឆ្នាំ​បន្ទាប់ រហូត​ដល់​ហ្វូង​មនុស្ស​កំណាច​ប្រើ​អំពើ​ហឹង្សា​បំបែក​ក្រុម​គ្រួសារ​នេះ​ឃ្លាត​ចេញ​ពី​គ្នា ។ អិមម៉ា​បាន​រកឃើញ​កន្លែង​ស្នាក់នៅ​ជាមួយ​ពួកបរិសុទ្ធ​ផ្សេងទៀត​នៅ​រដ្ឋអិលលីណោយ ខណៈ​យ៉ូសែប​ត្រូវបាន​ជាប់​ឃុំឃាំង​នៅ​រដ្ឋមិសសួរី ។ នៅ​ដើម​ឆ្នាំ១៨៣៩ យ៉ូសែប​បានជួបជុំ​ជាមួយ​ក្រុមគ្រួសារ​វិញ បន្ទាប់ពី​ត្រូវបាន​អនុញ្ញាតឲ្យ​ចេញពី​គុក ។

នៅ​រដ្ឋ​អិលលីណោយ ក្រុមគ្រួសារ​នេះ​បានចូលរួម​ក្នុង​ការអភិវឌ្ឍ​ទីក្រុង​ណៅវូ ហើយ​ទាំង​យ៉ូសែប និង​អិមម៉ា​បានដឹកនាំ​សមាជិក និង​សាសនា​បាន​ពីរបី​ឆ្នាំ​ក្រោយមកទៀត ។ ខណៈ​នៅក្នុង​រដ្ឋ​ណៅវូ យ៉ូសែប​បានអនុវត្ត​ខាង​ការ​មាន​ប្រពន្ធ​ច្រើន នៅពេល​លោក​ត្រូវ​បាន​ដឹកនាំ​ដោយ​វិវរណៈ ។ លោក​បានរៀបការ​ជាមួយ​ស្ត្រី​ជាច្រើន​នាក់​បន្ថែម​ទៀត ទោះបី​ជា​គ្មាន​ភស្តុតាង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ថា យ៉ូសែប​មាន​កូន​ជាមួយ​ប្រពន្ធ​ជាច្រើន​របស់​លោក​ក៏​ដោយ ។ ខាង​ការ​មាន​ប្រពន្ធ​ច្រើន​នៅក្នុង​រដ្ឋណៅវូ ត្រូវបាន​អនុវត្ត​ដោយ​សម្ងាត់ ហើយ​យ៉ូសែប​មិន​បាន​ទទួលស្គាល់ ឬ​រស់នៅ​ជា​សាធារណៈ​ជាមួយ​ប្រពន្ធ​ជាច្រើន​ណា​ម្នាក់​របស់​លោក​ទេ ។ ដូច្នេះ កូនៗ​របស់​គ្រួសារ​ស្ម៊ីធ មិន​បានមើលឃើញ​ការអនុវត្ត​ខាង​ការ​មាន​ប្រពន្ធ​ច្រើន​ណាមួយ​ដោយ​ផ្ទាល់​នោះ​ទេ ។ ជា​ពិសេស យ៉ូសែប ទី៣, អាឡិចសាន់ឌឺ និង ​ដេវីឌ ជឿ​ថា​គោលលទ្ធិ​នេះ​មិន​មាន​ប្រភព​មកពី​ឪពុក​របស់​ពួកគេ​ទេ ។

នៅពេល​យ៉ូសែប​បានទទួល​មរណភាព​នៅក្នុង​ឆ្នាំ១៨៤៤ អិមម៉ា​បាន​ទទួលបន្ទុក​​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​របស់​យ៉ូសែប ដែល​រួម​មាន​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​ជាច្រើន ។ ឯកសារ​ដើម​ទាំង​ពីរ​ដែល​រៀបរៀង​ឡើង​ដោយ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​ប៊ីប ( រួមទាំង​គម្ពីរ​ម៉ូសេ ក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ) និង​ក្រាំង​ប្របុស​របស់​ពួក​អេស៊ីព្ទ ដែល​ទាក់ទង​នឹង​គម្ពីរ​អ័ប្រាហាំ​នៅតែ​ស្ថិត​ក្នុង​ការថែរក្សា​របស់​អិមម៉ា ។ អិមម៉ា​បានបន្ត​នៅក្នុងរដ្ឋ​ណៅវូ​​ជាមួយ​កូនៗ នៅពេល​ដែល​សមាជិក​សាសនាចក្រ​ភាគច្រើន​ធ្វើ​ចំណាកស្រុក​ទៅ ហ្រ្គេត បាស៊ីន ។ ស្វាមី​ទី​២​របស់​គាត់ លីវីស ប៊ីដាម៉ុន បានជួយ​ថែរក្សា​ឯកសារ​ដែល​សរសេរ​ដោយ​ដៃ​នៃ​ព្រះគម្ពីរ​មរមន​ច្បាប់ដើម ពី​ការដាក់​តម្កល់​នៅក្រោម​ថ្ម​ជ្រុង​យ៉ាង​ឯក​ក្នុង​ផ្ទះនៅ​ណៅវូ ។ នៅពេល​ដែល​សមាជិក​នៃ​គ្រួសារ​ស្ម៊ីធ បានទទួល​ការដឹកនាំ​នៅក្នុង​សាសនាចក្រ​ដែល​បានរៀបចំ​ឡើងវិញ​ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សាសនាចក្រ​ដែល​បាន​រៀបចំ​ឡើងវិញ ( នៅពេល​ក្រោយមក​ត្រូវបាន​ហៅ​ថា សហគមន៍​នៃ​ព្រះគ្រីស្ទ ) បានរក្សាទុក​វត្ថុ​បុរាណ​ទាំងនេះ​ជាច្រើន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ គ្រួសារ​ស្ម៊ីធ​បាន​ការពារ​កិច្ចការ និង​ការនិមិត្ត​របស់​យ៉ូសែប ហើយ​មិន​ត្រឹមតែ​បន្សល់​ទុក​នូវ​កេរដំណែល​ដែល​មិន​អាច​សាបសូន្យ​ទៅបាន​សម្រាប់​កូនចៅ​របស់​ពួកលោក​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សាក្សី​ដ៏​មាន​តម្លៃ​នៃ​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផងដែរ ។

យ៉ូសែប ស្មីធ ជុញ្ញ័រ ( ឆ្នាំ១៨០៥–១៨៤៤ )

( សូមមើល « Joseph Smith and His Papers: An Introduction » នៅលើ​គេហទំព័រ josephsmithpapers.org ) ។

អិមម៉ា ហេល ស្ម៊ីធ ប៊ីដាម៉ុន ( ឆ្នាំ១៨០៤–១៨៧៩ )

( សូមមើល « Emma Hale Smith » Church History Topics ) ។

កូន​ប្រុស​មិន​ទាន់​បាន​ដាក់​ឈ្មោះ ( ឆ្នាំ១៨២៨ )

អិមម៉ា​បាន​សម្រាល​បាន​កូន​ប្រុស​ម្នាក់ នៅ​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ១៨២៨ ប៉ុន្តែ​កូន​នោះ​បាន​ស្លាប់​នៅ​ថ្ងៃ​ដដែល​នោះ ។ ផ្នូរ​មួយ​នៅលើ​ដី​របស់​គ្រួសារ​ហេល នៅក្នុង​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ឆ្លាក់​ថា « ជា​ការ​រំឭកចាំ​ពី​ទារក ដែល​ជា​កូន​ប្រុស​របស់​យ៉ូសែប និង អិមម៉ា ស្ម៊ីធ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨២៨ » ។ នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ប្រចាំ​គ្រួសារ​មួយ សាច់ញាតិ​ម្នាក់​បានសរសេរ​ឈ្មោះ « អាលវិន » ដើម្បី​ដាក់​ឲ្យ​កូន​​ម្នាក់​នេះ ប៉ុន្តែ​ក្រោយមក​អិមម៉ា​បានបញ្ជាក់​ថា ទារក​នោះ​មិន​ដែល​បាន​ដាក់​ឈ្មោះ​នោះ​ទេ ។

កូនភ្លោះ​ដែល​មិន​ទាន់​បាន​ដាក់​ឈ្មោះ ( ឆ្នាំ១៨៣១ )

នៅឆ្នាំ​១៨៣១ អិមម៉ា​បានសម្រាល​បាន​កូនភ្លោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ប៉ុន្តែ​ទារក​ទាំងពីរ​បានស្លាប់​នៅ​ពេល​កើត ។ នៅ​ថ្ងៃ​បន្ទាប់ ជូលៀ ក្លាភ មូរដក ដែល​ជាមិត្តភក្តិ​​គ្រួសារ​​ម្នាក់ ក៏​បាន​សម្រាល​​បាន​កូន​ភ្លោះ​ផងដែរ ប៉ុន្តែ​នាង​បានស្លាប់​ប្រាំមួយ​ម៉ោង​បន្ទាប់​ពី​ការសម្រាល​នោះ ។ ស្វាមី​របស់​ជូលៀ គឺលោក ចន មូរដក កាល​ក្លាយ​ជា​បុរស​ពោះម៉ាយ​ដែល​មាន​កូន​ប្រាំ​នាក់​មើល​ថែ​នោះ ក៏​បានប្រគល់​កូន​ភ្លោះ​ទាំងពីរ​ឲ្យ​អិមម៉ា និង​យ៉ូសែប​ដើម្បី​ចិញ្ចឹម ។ អិមម៉ា​ហាក់​ដូចជា​មិន​ដែល​ធ្លាប់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូនភ្លោះ​ដែល​បានស្លាប់​ទៅ​របស់​គាត់​នោះ​ទេ ។ នៅពេល​ដែល​ម្តាយ​ក្មេក​របស់​គាត់ លូស៊ី ម៉ាក ស៊្មីធ បានសួរ​ពី​ព័ត៌មាន​ពង្ស​ប្រវត្តិ អិមម៉ា​បាន​ទុក​ចោល​ព័ត៌មាន​អំពី​កូនច្បង និង​កូនភ្លោះ​របស់​គាត់ ។ នៅក្នុង​ការសម្ភាសន៍​ជាមួយ​កូនប្រុស​ជា​មជ្ឈិមវ័យ​របស់​គាត់ យ៉ូសែប ស៊្មីធ ទី​៣ នោះ​អិមម៉ា​បាន​ពន្យល់​ថា បងប្អូន​បង្កើត​ទាំងបី​នាក់​នេះ​មិន​មាន​អាយុ​វែង​គ្រប់គ្រាន់​ដើម្បី​បាន​ដាក់​ឈ្មោះ​នោះ​ទេ ។ ទោះបីជា​ព្រះគម្ពីរ​ប៊ីប​ប្រចាំ​គ្រួសារ​មួយ​បាន​ប្រាប់​ថា កូន​ភ្លោះ​នោះ​មាន​ឈ្មោះ​ថា « លូអ៊ីសា » និង « ថាដឌឺស » ក៏ដោយក្តី ឈ្មោះ​ទាំងនេះ​ត្រូវ​បានកត់ត្រា​ដោយ​សាច់ញាតិ​ក្រោយៗ​មកទៀត ដោយ​គ្មាន​ឯកសារ​យោង​ណាមួយ​អំពី​ប្រភព​របស់​ពួកគេ​នោះ​ឡើយ ។

យ៉ូសែប មូរដក ស្ម៊ីធ ( ឆ្នាំ១៨៣១–១៨៣២ )

យ៉ូសែប និង​អិមម៉ា​បាន​យក យ៉ូសែប មូរដក ស្ម៊ីធ និង​បងប្អូនស្រី​ភ្លោះ​របស់​គាត់​ដែល​ឈ្មោះ ជូលៀ ត្រូវជាកូន​មិត្តភក្តិ​របស់​ពួកគេ​ឈ្មោះ ចន មូរដក មក​ចិញ្ចឹម​ភ្លាមៗ​ក្រោយពី​ម្តាយ​របស់​ទារក​ទាំងពីរ​បានស្លាប់ ។ ទារក​ឈ្មោះ​យ៉ូសែប​បានមាន​ជំងឺ​កញ្ច្រិល​នៅដើម​ឆ្នាំ១៨៣២ ។ ខណៈពេល​គាត់​កំពុងដេក​នៅលើ​គ្រែ​មួយ នោះ​ហ្វូង​មនុស្ស​កំណាច​បាន​វាយ​ប្រហារ ដោយ​អូស​ឪពុក​ចិញ្ចឹម​របស់​គាត់​គឺ​យ៉ូសែប ចេញពី​បន្ទប់​ដេក​ទៅ​ខាង​ក្រៅផ្ទះ​ក្នុង​យប់​ដ៏​ត្រជាក់ ហើយ​វាយ​គាត់​ឲ្យ​សន្លប់ ។ ទារកតូច យ៉ូសែប មូរដក ស្ម៊ីធ បាន​ស្លាប់ពីរ​បីថ្ងៃ​ក្រោយមក ក្នុងអាយុ​តិចជាង​មួយឆ្នាំ ។ យ៉ូសែប ស្ម៊ីធ បាន​សន្មត​ថា ការស្លាប់​របស់​កូនចិញ្ចឹម​របស់​លោក​មកពី​ការប៉ះទង្គិច​ត្រូវ​នៅ​យប់​ដ៏​ត្រជាក់​នោះ ដែល​ស្របនឹង​ការយល់ដឹង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សម័យ​នោះ ។

ជូលៀ មូរដក ស្ម៊ីធ ឌីកសិន មីឌលតុន ( ឆ្នាំ១៨៣១–១៨៨០ )

នៅពេល​ឪពុក​បង្កើត​របស់​ជូលៀ​គឺ ចន មូរដក បាន​ឲ្យ​នាង និង​បងប្អូន​ប្រុស​ភ្លោះ​របស់​នាង​ទៅ អិមម៉ា ស្ម៊ីធ មកចិញ្ចឹម ។ អិមម៉ា ស្ម៊ីធ ក៏​បាន​ស្នើ​គ្រួសារ​មូរដក កុំ​ឲ្យ​ប្រាប់​កូនៗ​អំពី​ការសុំ​ពួកគេ​មក​ចិញ្ចឹម ដើម្បី​ឲ្យពួកគេ​អាច​មាន​អារម្មណ៍​ពេញលេញ​ថា​ជា​កូន​របស់​គ្រួសារ​ស្ម៊ីធ ។ ទោះជាយ៉ាង​នេះ​ក្តី ជូលៀ​បានដឹងអំ​ពី​ការពិត​នេះ​ពេល​នាង​មាន​អាយុ​ប្រាំ​ឆ្នាំ មកពី​អ្នក​ជិត​ខាង​ដែល « មាន​គំនិត​ព្យាបាទ » ម្នាក់ ។ នាង​បាន​រៀបការ​ជាមួយ អេលីស្សា ឌីកសិន មុន​ឆ្នាំ១៨៥០ ហើយ​នៅពេល​គាត់​​ស្លាប់​នៅ​ឆ្នាំ១៨៥៣ នាង​បាន​ផ្លាស់ទៅ​ទីក្រុង​ណៅវូ ។ បី​ឆ្នាំ​ក្រោយ​មក ជូលៀ​បានប្ដូរ​ទៅ​កាន់​សាសនា​កាតូលិក បន្ទាប់ពី​រៀបការ​ជាមួយ​សមាជិក​កាតូលិក​ឈ្មោះ ចន មីឌលតុន ។ នាង​គ្មាន​កូន​ទេ ហើយ​បាន​រស់នៅ​ក្បែរ​ទីក្រុង​ណៅវូ ពេល​នាង​ទទួល​មរណភាព​ក្នុង​ឆ្នាំ​១៨៨០ ។

រូបថត​របស់ ជូលៀ មូរដក ស្ម៊ីធ

រូបថត​របស់ ជូលៀ មូរដក ស្ម៊ីធ ឌីកសិន មីឌលតុន ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​បណ្ណសារ​របស់​សហគមន៍​ព្រះគ្រីស្ទ

យ៉ូសែប ស្មីធ ទី៣ ( ឆ្នាំ១៨៣២–១៩១៤ )

យ៉ូសែប ស៊្មីធ ទី៣ បានកើត​នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៨៣២ ។ ភ្លាមៗ​បន្ទាប់ពី​ឪពុក​របស់​គាត់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ បានត្រឡប់​ទៅទីក្រុង​ខឺតឡង់ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ញូវយ៉ក និង​បូស្តុន ។ ប្រាំមួយ​ឆ្នាំក្រោយមក « យ៉ូសែប វ័យក្មេង » បានឃើញ​ការចាប់ខ្លួន​ឪពុក​របស់គាត់​នៅរដ្ឋ​មិសសួរី ពេលនោះ​ឆ្មាំម្នាក់​បានរុញ​គាត់ឲ្យ​ចេញ​ពី​ឪពុក​របស់គាត់ ដោយ​គំរាម​ថានឹង​យក​ដាវ « មកចាក់​[ គាត់ ] » ។ កាល​នៅ​ក្មេង គាត់​បាន​ទៅលេង​គុក​លិបើទី​ជាមួយ​ម្តាយ​របស់គាត់ ហើយបាន​ចំណាយពេល​មួយយប់​នៅទីនោះ​ជាមួយ​ឪពុក​របស់​គាត់ និង​អ្នកទោស​ផ្សេង​ទៀត ។ គាត់​បានឆ្លងកាត់​កុមារភាព​របស់គាត់​នៅ​ទីក្រុងណៅវូ ហើយ​បានទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ដោយឪពុក​របស់គាត់ នៅ​ខែ​វិច្ឆិកា ឆ្នាំ១៨៤៣ ។

រូបថត​របស់ យ៉ូសែប ស្ម៊ីធ ទី៣

រូបភាព​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ទី៣ ។

មួយ​ទសវត្សរ៍​ក្រោយ​មក បន្ទាប់​ពី​មរណភាព​របស់​ឪពុក​គាត់​ក្នុង​ឆ្នាំ១៨៤៤ យ៉ូសែប ទី៣ បាន​បន្ត​ផ្ដាច់​ខ្លួន​ចេញ​ពី​ព្រះវិហារ​ជា​ច្រើន​ដែល​ទាមទារ​ខ្សែ​ស្រឡាយ​នៃ​ការ​ស្នង​តំណែង​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅពេល​ដែល យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ នៅមាន​ជីវិត លោក​បានផ្ដល់​ពរជ័យ​ជាច្រើន​ដល់​យ៉ូសែប ទី៣ ដែល​ក្រោយមក​ពរជ័យ​មួយ​ត្រូវបាន​អះអាងថា នឹង​ដាក់បញ្ចូល​ការសន្យា​នៃ​ការធ្វើជា​អធិបតី​លើ​សាសនាចក្រ ។ នៅ​ឆ្នាំ១៨៥៦ មាន​បុរស​ពីរនាក់​ដែល​តំណាង​ឲ្យ​ចលនា​រៀបចំ​ឡើងវិញ​បានមក​ជួបគាត់​ដោយ​មាន​វិវរណៈ​ជា​លាយលក្ខណ៍​អក្សរ ។ ឯកសារនោះ​បានដាក់​ឈ្មោះថា យ៉ូសែប ស្ម៊ីធ ទី៣ ជា​អ្នកស្នង​តំណែង​របស់​ឪពុកគាត់​តាម​ពូជពង្ស ប៉ុន្តែ​យ៉ូសែប​បាន​បដិសេធ​ការអញ្ជើញ​ឲ្យដឹកនាំ​ព្រះវិហារ​ដែលបាន​រៀបចំ​ឡើងវិញ ។ នៅទីបំផុត ពរជ័យ​របស់​ឪពុក​គាត់ និង​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​បាន​បញ្ចុះបញ្ចូល​គាត់​ឲ្យ​ចូលរួម​ក្នុង​ចលនា​រៀបចំ​ឡើងវិញ ហើយ​ធ្វើជា​អធិបតី​លើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​រៀបចំ​ឡើងវិញ ( ដែល​ឥឡូវនេះ​គេ​ស្គាល់​ថា​ជា សហគមន៍​នៃ​ព្រះគ្រីស្ទ ) ។

យ៉ូសែប ទី៣ បានដឹកនាំ​សាសនាចក្រ​ដែល​បានរៀបចំ​ឡើងវិញ​ជា​ព្យាការី-ជា​ប្រធាន ហើយ​បាន​បង្កើត​ក្រុម​ជំនុំ​នៃ​ពួកបរិសុទ្ធ​សម័យ​ដើម ដែល​មិន​បានធ្វើ​ចំណាកស្រុក​ទៅ​ទិស​ខាងលិច អស់​រយៈពេល​៥៤​ឆ្នាំ​បន្ទាប់ ។ ដោយ​ល្បី​ខាង​ភាព​ស្មោះត្រង់ និង​ភាពស្ទាត់ជំនាញ​ខាង​នយោបាយ គាត់​បាន​ព្យាយាម​បំពេញ​ទស្សនវិស័យ​ខាង​សាសនា​របស់​ឪពុក​គាត់ ហើយ​បានបង្កើត​អង្គការ​ព្រះវិហារ​ដ៏​ស្ថិតស្ថេរ​មួយ ជា​អង្គការ​ធំ​ទីពីរ​នៃ​អ្នក​ដែល​អះអាង​ថា យ៉ូសែប ស្ម៊ីធ ជា​ស្ថាបនិក ។ ខណៈ​ដែល​គាត់​រក្សា​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​ជាមួយ​បងប្អូន​ជីដូន​មួយ​របស់​គាត់ និង​ប្រធាន​សាសនាចក្រ​នៅ​រដ្ឋ​យូថាហ៍​គឺ យ៉ូសែប អេហ្វ ស៊្មីធ នោះ​យ៉ូសែប ទី៣ បានបដិសេធ​ថា ឪពុក​របស់​គាត់​មិន​បានអនុវត្ត​ខាងការ​មាន​ប្រពន្ធ​ច្រើន​ឡើយ ហើយ​មិន​យល់ស្រប​នឹង​សកម្មភាព​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ និង​ទាមទារ​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ប្រវត្តិសាស្ត្រ​នានា ។ គាត់​បាននាំ​បងប្អូន​របស់​គាត់​គឺ អាឡិចសាន់ឌឺ និង ដេវីឌ ធ្វើជា​អ្នកដឹកនាំ​ជាន់ខ្ពស់ ហើយ​បានធានា​ផ្លូវ​របស់​កូន​ប្រុស​គាត់​សម្រាប់​ស្នង​តំណែង​ជា​ប្រធាន​នៃ​សាសនាចក្រ ។ គាត់​បាន​រៀបការ​បីលើក និង​ជា​បុរស​ពោះម៉ាយ​ពីរ​លើក រៀបការ​នឹង​ភរិយា​ទីមួយ​របស់​គាត់​ឈ្មោះ អិមម៉ាឡាញ គ្រីស្វាល ក្នុង​ឆ្នាំ១៨៥៦ បន្ទាប់មក​រៀបការ​នឹង ប៊ឺថា ម៉ាឌីសិន នៅ​ឆ្នាំ១៨៦៩ និង​ចុងក្រោយ​ជាមួយ​នឹង អាដា រ៉ាជេល ក្លាក ក្នុង​ឆ្នាំ១៨៩៨ ។ យ៉ូសែប ទី៣ មានកូន​១៧​នាក់ ។ គាត់​បានស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ក្នុង​ឆ្នាំ១៩១៤ ។

ហ្វ្រែឌើរិក គ្រេនហ្គឺ វិលលាម្ស ស្ម៊ីធ ( ឆ្នាំ១៨៣៦-១៨៦២ )

នៅសល់​ឯកសារ​តិចតួច​អំពី​កូនបង្កើត​ទីប្រាំ​របស់​យ៉ូសែប និង​អិមម៉ា គឺ ហ្វ្រែឌើរិក គ្រេនហ្គឺ វិលលាម្ស ស្ម៊ីធ កើត​នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៣៦ នៅ​ទីក្រុង​ខឺតឡង់ ហើយ​ដាក់​ឈ្មោះ​តាម ហ្វ្រែឌើរិក ជី វិលលាម្ស ដែលជា​ទីប្រឹក្សា​ម្នាក់​របស់ យ៉ូសែប ស្ម៊ីធ ។ ហ្វ្រែឌើរិកបានចំណាយ​ពេលភាគច្រើន​នៃជីវិត​របស់គាត់​នៅ​ទីក្រុង​ណៅវូ ជា​កសិករ និង​ជា​ពាណិជ្ជករ រៀបការ​ជាមួយ អាន់ណា ម៉ារី ចូនស៍ ក្នុង​ឆ្នាំ១៨៥៧ ហើយ​បានស្លាប់ ( អាចមកពី​ជំងឺ​របេង ) នៅ​ឆ្នាំ​១៨៦២ ។

រូបថត​របស់ ហ្វ្រែឌើរិក គ្រេនហ្គឺ វិលលាម្ស ស្ម៊ីធ

រូបថត​របស់ ហ្វ្រែឌើរិក គ្រេនហ្គឺ វិលលាម្ស ស្ម៊ីធ ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​បណ្ណសារ​របស់​សហគមន៍​ព្រះគ្រីស្ទ

អាឡិចសាន់ឌឺ ហេល ស្ម៊ីធ ( ឆ្នាំ១៨៣៨–១៩០៩ )

អាឡិចសាន់ឌឺ ហេល ស្ម៊ីធ បានកើត​ក្នុង​អំឡុងពេល​ដែល​មាន​ការបៀត​បៀន​ខ្លាំង​នៅក្នុង​រដ្ឋ​មីសសួរី ហើយ​បានដាក់​ឈ្មោះ​តាម​អ្នកតស៊ូមតិ និង​ជា​មេធាវី​ដែល​ពួក​បរិសុទ្ធ​បាន​ទុកចិត្ត ដែល​មាន​ឈ្មោះ​ថា អាឡិចសាន់ឌឺ ដូនីផាន ។ អិមម៉ា​បានបី​អាឡិចសាន់ឌឺ​អាយុ​ប្រាំបី​ខែ​ឆ្លងកាត់​ទន្លេ​មីស៊ីស៊ីបភី​ដែល​កក​ក្នុង​ឆ្នាំ១៨៣៩ ដើម្បី​គេច​ចេញពី « បញ្ជា​សម្លាប់ » ដ៏​អាក្រក់​របស់​អភិបាល​រដ្ឋ​មីសសួរី លីលប៊ឺន ដបុលយូ បូហ្គស៍ ។ ក្មេងប្រុស​នោះ​ធំ​ឡើង​ដោយ​មាន​ជំនឿ​យ៉ាងខ្លាំង​លើ​ព្រះគម្ពីរ​មរមន និង​លើ​ការងារ​បម្រើ​ជា​ព្យាការី​របស់​ឪពុក​របស់​គាត់ ។ នៅពេល​ធំ​ពេញវ័យ អាឡិចសាន់ឌឺ​បានដើរ​តាម​បងប្រុស​របស់​គាត់ យ៉ូសែប ទី៣ ចូលទៅ​ក្នុង​ចលនា​រៀបចំឡើងវិញ ហើយបាន​បម្រើ​ក្នុង​មុខតំណែង​សំខាន់ៗ​នៅក្នុង​សាសនាចក្រ​ដែលបាន​រៀបចំ​ឡើងវិញ ។

រូបថត​របស់ អាឡិចសាន់ឌឺ ហេល ស្ម៊ីធ

រូបថត​របស់ អាឡិចសាន់ឌឺ ហេល ស្ម៊ីធ ។

អាឡិចសាន់ឌឺ​បានរៀបការ​ជាមួយ អេលីហ្សាបែត អាកណេស ខេនដល ក្នុងឆ្នាំ១៨៦១ ហើយ​មាន​កូន​ប្រាំ​បួន ។ បងប្រុស​របស់​អាឡិចសាន់ឌឺ​គឺ ហ្វ្រែឌើរិក គ្រេនហ្គឺ វិលលាម្ស ស្ម៊ីធ បានស្លាប់​មិនយូរ​ប៉ុន្មាន បន្ទាប់ពី​កំណើត​កូន​ដំបូង​របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា ហ្វ្រែឌើរិក អាឡិចសាន់ឌឺ ដែល​ធ្វើ​ឲ្យ​អាឡិចសាន់ឌឺ​មាន​ការថប់បារម្ភ​អំពី​ជោគវាសនា​អស់កល្បជានិច្ច​របស់​បងប្រុស​គាត់ ។ តាមសេចក្តី​រាយការណ៍​ថា បទពិសោធន៍​ខាងវិញ្ញាណ​ដំបូង​របស់គាត់​បាន​កើត​មាន​ឡើង បន្ទាប់ពីមាន​ការខ្សឹប​ប្រាប់ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ឲ្យ​ព្រលឹង​គាត់​ស្ងប់ ។ គាត់​មាន​ទំនុក​ចិត្ត​ថា « ស្ថានភាព​របស់​ហ្វ្រែឌើរិក គឺ​រីករាយ » ។

អាឡិចសាន់ឌឺ​បានបម្រើ​បេសកកម្ម​ជាច្រើន​សម្រាប់​សាសនាចក្រ​ដែលបាន​រៀបចំ​ឡើងវិញ ដោយ​ទៅលេង​រដ្ឋ​យូថាហ៍​ក្នុង​ឱកាស​មួយ​ចំនួន និង​ជួប​ជាមួយ​សាច់ញាតិ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ថ្វី​បើ​មាន​ការជជែក​វែកញែក​យ៉ាងខ្លាំង​អំពី​ភាពខុសគ្នា​ខាងសាសនា​នៅពេល​ខ្លះ​ក៏​ដោយ គាត់​បានរក្សា​ជំហរ​បើក​ចិត្ត​ចំពោះ​បងប្អូន​ជីដូនមួយ​របស់គាត់​នៅ​ខាងក្រៅ​ចលនា​រៀបចំ​ឡើងវិញ ។ គាត់​បាន​បម្រើ​ជា​ទីប្រឹក្សា​របស់​បងប្រុស​គាត់​គឺ យ៉ូសែប ទី៣ ក្នុង​គណៈប្រធាន​ទីមួយ​នៅក្នុង RLDS ហើយ​ត្រូវបាន​តែងតាំង​ជា​ប្រធាន​នៃ RLDS ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់​ក្នុង​ឆ្នាំ​១៨៩០ ។ គាត់​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ១៩០៩ នៅ​ទីក្រុង​ណៅវូ ពេល​កំពុង​បម្រើជា​អយ្យកោ ។

ដុន ខាឡូស ស្ម៊ីធ ( ឆ្នាំ១៨៤០–១៨៤១ )

ដុន ខាឡូស ស្ម៊ីធ កើតនៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៨៤០ នៅទីក្រុង​ណៅវូ ហើយ​រស់​នៅ​​បានតែ​១៤​ខែ​ប៉ុណ្ណោះ ហើយ​បានស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​តែ​ប៉ុន្មាន​ថ្ងៃ ដែលពូ​របស់​គាត់ ដុន កាឡូស ស្ម៊ីធ ជា​អ្នក​ដែល​គាត់​បាន​ដាក់​ឈ្មោះ​តាម ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់ យ៉ូសែប ស្ម៊ីធ បានស្លាប់ ។ អាឡិចសាន់ឌឺ ស្ម៊ីធ ជាកូន​ប្រុសម្នាក់​ទៀត​របស់​យ៉ូសែប និង អិមម៉ា ស្ម៊ីធ បាន​រាយការណ៍​ថា មិន​យូរ​ប៉ុន្មាន​មុន​ពេល​ម្ដាយ​របស់​ពួកគេ​គឺ​អិមម៉ា ទទួល​មរណភាព​នៅឆ្នាំ១៨៧៩ ។ អិមម៉ា​បានឃើញ​ការនិមិត្ត​មួយ ដោយ​ឃើញ យ៉ូសែប ស្ម៊ីធ បាននាំ​គាត់​ឆ្លង​កាត់​វិមាន​មួយ​នៅ​ស្ថានសួគ៌ ទៅកាន់​កន្លែង​ទារកដ្ឋាន​ដែល​គាត់​បាន​យោល​អង្រឹង ដុន ខាឡូស ។ នៅពេល​គាត់​សួរ​យ៉ូសែប​អំពី​កូនៗ​ផ្សេង​ទៀត​របស់​ពួកលោក​ដែល​បាន​ស្លាប់ យ៉ូសែប​បាន​សន្យា​ថា គាត់​នឹង​ចិញ្ចឹម​កូនៗ​ទាំងអស់​របស់​គាត់​ដែល​មិន​បានរស់នៅ​រហូត​ដល់ធំ​ពេញវ័យ បន្ទាប់ពី​ជីវិត​រមែងស្លាប់​របស់​គាត់ ។

កូន​ប្រុស​មិន​ទាន់​បាន​ដាក់​ឈ្មោះ ( ឆ្នាំ១៨៤២ )

តាមសេចក្តី​រាយការណ៍ថា អិមម៉ា​សម្រាល​បានកូន​ប្រុសម្នាក់ នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៨៤២ នៅ​ទីក្រុង​ណៅវូ ហើយ​បានបញ្ចុះ​សព​កូន​ប្រុស​នោះ​នៅ​ថ្ងៃ​ដដែល ។

ដេវីឌ ហៃរុម ស៊្មីធ ( ឆ្នាំ១៨៤៤–១៩០៤ )

អិមម៉ា​បាន​ពរពោះ ដេវីឌ ហៃរុម ស្ម៊ីធ នៅក្នុង​ផ្ទៃ​របស់​គាត់ នៅពេល យ៉ូសែប ស្ម៊ីធ បាន​ទទួល​មរណភាព​នៅ​ឆ្នាំ១៨៤៤ ។ ដាវីឌ​ដែល​ត្រូវបាន​គេ​ស្គាល់​ដោយសារ​កំណាព្យ ការច្រៀង និង​សិល្បៈ​របស់គាត់ បាន​បម្រើ​បេសកកម្ម​ជាច្រើន​សម្រាប់​សាសនាចក្រ​ដែល​បាន​រៀបចំ​ឡើងវិញ ដែល​បេសកកម្ម​មួយ​ចំនួន​បាននាំ​គាត់​ទៅ​រដ្ឋ​យូថាហ៍ ជា​កន្លែង​ដែល​គាត់​បាន​ទៅ​លេង​ជាមួយ​សាច់ញាតិ និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផ្សេងទៀត ។ ដោយ​មាន​ការព្រួយ​បារម្ភ​ចំពោះ​ការនិយាយ​អំពី​ខាង​ការ​មាន​ប្រពន្ធ​ច្រើន​របស់​ឪពុក​គាត់ ដេវីឌ​បានពិភាក្សា​ជាមួយ​បងប្អូន​ជីដូនមួយ​របស់​គាត់​គឺ យ៉ូសែប អេហ្វ ស្ម៊ីធ ហើយ​បាន​សម្ភាសន៍​ស្ត្រី​ដែល​អះអាង​ថា​បាន​ផ្សារភ្ជាប់​ជាមួយ យ៉ូសែប ស្ម៊ីធ ។ បេសកកម្ម​ទាំងនេះ​បានផ្តួចផ្តើម​ការប្រមូល​ផ្ដុំ​ឯកសារ​ប្រភព​សំខាន់ៗ ស្តីពី​ខាង​ការ​មាន​ប្រពន្ធ​ច្រើន​នៅទីក្រុង​ណៅវូ ។

រូបថត​របស់ ដេវីឌ ហៃរុម ស៊្មីធ

រូបថត​របស់ ដេវីឌ ហៃរុម ស៊្មីធ ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​បណ្ណសារ​របស់​សហគមន៍​ព្រះគ្រីស្ទ

មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​គាត់បាន​ត្រឡប់​មកពី​បេសកកម្ម​ទៅ​រដ្ឋ​យូថាហ៍​វិញ សុខភាព​ផ្លូវចិត្ត​របស់​ដេវីឌ​កាន់តែ​យ៉ាប់យ៉ឺន​ឡើងៗ ហើយ​បងប្រុស​របស់គាត់ យ៉ូសែប ទី៣ បាន​ឲ្យ​គាត់​តាំងចិត្ត​ទៅ​រស់នៅ​ទីក្រុង​អិលជីន រដ្ឋ​អិលលីណោយ ក្នុង​ឆ្នាំ១៨៧៧ ។ យ៉ូសែប ទី៣ បាន​សរសេរ​ទៅ​មិត្ត​ជិតស្និទ្ធ​របស់​ដេវីឌ​ថា « បន្ទាប់​ពី​ការជញ្ជឹងគិត ការអធិស្ឋាន និង​ទុក្ខព្រួយ​ជា​យូរ​មក ខ្ញុំ​បាន​យក​ដេវីឌ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​អិលជីន ។ … ខ្ញុំ​មាន​ចិត្ត​ក្រៀមក្រំ​ចំពោះ​រឿង​នេះ ប៉ុន្តែ​វាគឺជា​អ្វី​ដែល​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិតឃើញ​ឥឡូវ​នេះ » ។ បុគ្គលិក​នៅឯ​កន្លែង​ស្នាក់នៅ​ក្នុង​ទីក្រុង​អិលជីន បានសង្កេតឃើញ​ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ភាពឯកោ ភាពខ្លាច​សំឡេង ការបាត់បង់​ការចងចាំ​ជា​ប្រចាំ​របស់​ដេវីឌ និង​ជឿ​ថា​អំណាច​សម្ងាត់​គ្រប​ដណ្ដប់​លើ​គាត់ ។ គាត់​ប្រហែលជា​បានទទួលរង​ជំងឺ​ដែល​សព្វថ្ងៃ​នេះ​ហៅថា ជំងឺ​ឡប់សតិ និង​ជំងឺ​ភ្លេចភ្លាំង ។ មិត្តភក្តិ និងក្រុម​គ្រួសារ​រំពឹងថា សុខភាព​របស់​ដេវីឌ​នឹង​ប្រសើរ​ឡើង ប៉ុន្តែ​បុគ្គលិក​​នៅកន្លែង​ស្នាក់​នៅ​នោះ​បានរាយការណ៍​ថា មិន​មាន​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​រោគសញ្ញា​របស់​គាត់​ក្នុង​រយៈពេល​២៧​ឆ្នាំ ដែល​គាត់បាន​រស់​នៅ​ទីនោះ​ទេ ។ ដេវីឌ​បាន​មាន​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ខែចុង​ក្រោយ​នៃជីវិត​របស់គាត់ ហើយ​បីខែ​មុនថ្ងៃ​ខួប​កំណើត​ទី​៦០​របស់គាត់ គាត់បាន​ស្លាប់​ដោយសារ​ជំងឺ​ខ្សោយ​តម្រង​នោម ។

ប្រធានបទ​ដែល​ទាក់ទង ៖ Joseph Smith Jr., Emma Hale Smith

កំណត់ចំណាំ

  1. ទោះបីជា​ដេវីឌ​បានចំណាយ​ពេល​២៧​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់គាត់ ក្នុង​ការជ្រក​កោន​ក្រោម​ការមើលថែ​ពេញ​ម៉ោង​ក៏ដោយ ក៏​បុគ្គលិក​មិនបាន​ជូនដំណឹង​ដល់​សាច់ញាតិ​របស់​គាត់ អំពី​ការធ្លាក់​ចុះ​នៃ​សុខភាព​របស់គាត់​នៅ​ប៉ុន្មាន​ខែ មុន​ពេល​គាត់​បាន​ទទួល​មរណភាព​ដែរ ដោយ​ធ្វើ​ឲ្យ​ដំណឹង​នៃ​ការស្លាប់​របស់គាត់​គឺ​មិន​នឹក​ស្មាន​ដល់ និង​ភ្លាមៗ ។

  2. យ៉ូសែប ស្ម៊ីធ « Letter to Emma Smith, 4 April 1839 » ២ នៅលើ​គេហទំព័រ josephsmithpapers.org បាន​ធ្វើ​បទដ្ឋាន​អក្ខរាវិរុទ្ធ; យ៉ូសែប ស្ម៊ីធ « Letter to Emma Smith, 21 March 1839 » នៅលើ​គេហទំព័រ josephsmithpapers.org ។

  3. ការធ្វើ​តេស្តហ្សែន​ត្រូវបាន​ច្រានចោល​ការទាមទារ​តំណពូជ ដែល​ធ្វើ​ឡើង​ដោយ​អ្នកខ្លះ​ដែល​ទាក់ទង​នឹង ខាង​ការ​មាន​ប្រពន្ធ​ច្រើន​របស់​យ៉ូសែប ។ សូម​មើល យូហ្គោ អេ ពេរេហ្គូ, ណាតាលី អិម ម៉ៃយ័រ និង ស្កត អ័រ វូដវួដ « Reconstructing the Y-Chromosome of Joseph Smith: Genealogical Applications » Journal of Mormon History ភាគ ៣១ លេខ ៣ ( ឆ្នាំ២០០៥ ) ទំព័រ ៤២–៦០; យូហ្គោ អេ ពេរេហ្គោ « Was Joseph Smith the Biological Father of Josephine Lyon? The Genetic Evidence » បទបង្ហាញ, សមាគម​ប្រវត្តិសាស្ត្រ​មរមន, ស្នូប៊ឺត, យូថាហ៍ ឆ្នាំ​២០១៦ ប្រាយអិន ស៊ី ហេល និង ឡូរ៉ា ហារីស ហេល « Allegations of Joseph’s Paternity » josephsmithspolygamy.org ។

  4. « Plural Marriages in Kirtland and Nauvoo » ប្រធាន​បទដំណឹងល្អ នៅលើ​គេហទំព័រ topics.churchofjesuschrist.org; រ៉ូជ័រ ឌី ឡោនីអស, Joseph Smith III: Pragmatic Prophet ( អឺបេនណា ៖ University of Illinois Press ឆ្នាំ១៩៨៨ ) ទំព័រ ២៥០ ។

  5. ចច អាន់ឌើរសុន « Gravestone of Joseph and Emma Smith’s Son » រូបថត ឆ្នាំ១៩០៧ នៅលើ​គេហទំព័រ history.churchofjesuschrist.org; យ៉ូសែប ស្ម៊ីធ « History, 1834–1836 » ទំព័រ ៩ នៅលើ​គេហទំព័រ josephsmithpapers.org; លូស៊ី ម៉ាក ស៊្មីធ « Lucy Mack Smith, History, 1844–1845 » សៀវភៅ ៧ ទំព័រ ១ នៅលើ​គេហទំព័រ josephsmithpapers.org; យ៉ូសែប ស្ម៊ីធ ទី៣ « Last Testimony of Sister Emma » Saints’ Herald ភាគ ២៦ លេខ ១៩ ( ថ្ងៃទី១ ខែតុលា ឆ្នាំ១៨៧៩ ) ទំព័រ ២៨៩ ។

  6. « Joseph Murdock Smith » នៅលើ​គេហទំព័រ josephsmithpapers.org; « ជូលៀ អិម ស្ម៊ីធ មីឌលតុន » josephsmithpapers.org; យ៉ូសែប ស្ម៊ីធ ទី៣ », Last Testimony of Sister Emma » ទំព័រ ២៨៩ ។

  7. ជម្ងឺ​កញ្រ្ជិល​ដ៏​កាចសហាវ​មួយ​ទំនង​ជា​បណ្ដាល​ឲ្យ​មាន​ការស្លាប់​របស់​កុមារ ។ « Joseph Murdock Smith » josephsmithpapers.org; សូមមើល​ផងដែរ ម៉ាក លីមេន ស្តេកឃឺ, Hearken, O Ye People: The Historical Setting for Joseph Smith’s Ohio Revelations ( ទីក្រុង សលត៍ លេក ៖ សៀវភៅ ហ្រ្គីហ្គ ខូហ្វ័ឌ ឆ្នាំ២០០៩ ) ទំព័រ ៣៥៤ ។

  8. នៅ​ឆ្នាំ១៨៥៩ ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ ចន មូរដក បានពន្យល់​ដល់​ជូលៀ​នៅក្នុង​សំបុត្រ​មួយ​អំពី​មូលហេតុ​ដែល​គាត់​មិន​បាន​ប្រាប់​នាង ថា​គាត់​ជា​ឪពុក​របស់​នាង​នៅពេល​នាង​នៅ​ក្មេង ៖ « ស៊ីស្ទើរ ស្ម៊ីធ បានស្នើសុំ​ឲ្យ​ឪពុក​កុំ​ឲ្យ​កូនៗ​ដឹង​ថា ពុក​គឺជា​ឪពុក​ឡើយ ៖ វា​គឺ​ជា​សំណើ​ដ៏​លំបាក​ដើម្បី​ទទួល​ធ្វើ​តាម ។ គាត់​ចង់​យក​កូន​មក​ចិញ្ចឹម​ធ្វើ​ជា​កូន​របស់​គាត់​ផ្ទាល់ ហើយ​មិន​ដែល​ឲ្យ​ពួកគេ​ដឹង​អ្វី​ផ្ទុយ​ពី​នេះ​ទេ » ( S. Reed Murdock, Joseph and Emma’s Julia: The “Other” Twin [ ទីក្រុង សលត៍ លេក ៖ Eborn Books ឆ្នាំ២០០៤ ] ទំព័រ ១២០ ) ។ សូម​មើល​ផងដែរ សាន់នី ជេន ម៉ាក់ក្លេលែន « ‹ Gone But Not Forgotten › ៖ The Life of Julia Murdock Smith » ( និក្ខេបបទ​ច្បាប់​ដើម​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ១៩៩៥ ) ។

  9. ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៨៤២ នៅក្នុង យ៉ូសែប ស្ម៊ីធ Journal, December 1842–June 1844; សៀវភៅ ១ , 21 December 1842–10 March 1843 ទំព័រ ១៥ នៅលើ​គេហទំព័រ josephsmithpapers.org ។

  10. អាឡិចសាន់ឌឺ អិល បាក « Was Joseph F. Smith Blessed by His Father Hyrum Smith in Liberty Jail? » Mormon Historical Studies ភាគ ៤ លេខ ១ ( និទាឃ​រដូវ​ឆ្នាំ២០០៣ ) ទំព័រ ១០៤, ១០៥ ( លេខយោង ៧ ); In the Circuit Court of the United States, Western District of Missouri, Western Division, at Kansas City: Complainant’s Abstract of Pleading and Evidence ( ឡាម៉ូណៃ, អាយអូវ៉ា ៖ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ ហែរ៉ូ ឆ្នាំ១៨៩៣ ) ទំព័រ ៤០–៤១ ទំព័រ ៧៩ ។ ពរជ័យ​ទាំងនេះ​មិនគួរ​ត្រូវ​ច្រឡំ​ជាមួយ​នឹង​ការក្លែងបន្លំ​នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៨៤៤ នោះឡើយ ។ វា​ជា​ពរជ័យ​មកពី យ៉ូសែប ស៊្មីធ ទៅដល់ យ៉ូសែប ស្ម៊ីធ ទី៣ ​ឯកសារ​មួយ​ដែល​បានបង្កើតឡើង​ដោយ ម៉ាក ហូហ្វម៉ាន់ នៅក្នុង​ឆ្នាំ១៩៨១ ហើយ​ត្រូវបាន​បង្ហាញ​ថា​មិន​ត្រឹមត្រូវ ។ មុន​ពេល​ការក្លែងបន្លំ​ត្រូវ​បានដឹង ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែង​អំពី​លក្ខណៈ​របស់​ពរជ័យ​នេះ​ថា ជា​ពរជ័យ​របស់​ឪពុក មិន​មែន​ជា​កំណត់ត្រានៃការតែងតាំង​នោះ​ទេ ។

    នៅពេល​ពិពណ៌នា​អំពី​ពរជ័យ​របស់​ឪពុក​គាត់ យ៉ូសែប ទី៣ បានបែងចែក​រវាង​ការញែកគាត់​ចេញ និងការ​តែងតាំង​គាត់​ដោយ​​​​ឪពុក​គាត់ ។ យ៉ូសែប ទី៣ មិន​បាន​ជឿ​ថា ឪពុក​របស់​គាត់​ធ្លាប់​បាន​តែងតាំង​គាត់​ជា​ប្រធាន​សាសនាចក្រ​នោះ​ទេ ។ ទោះជា​យ៉ាងណា គាត់​បានជឿ​ថា ពរជ័យ​នោះ​បានហៅ​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ ហើយ​ការប្រជុំ​ក្នុង​សន្និសីទ​ក្រោយៗ​មក​បាននាំ​មក​នូវ​ការតែងតាំង​ជា​ផ្លូវការ​របស់​គាត់​នៅក្នុង​តំណែង​បព្វជិតភាព ( សូមមើល Circuit Court of the United States ទំព័រ ៤០–៤១, ៧៩; ហ្គរដុន ប៊ី ហ៊ិងគ្លី « The Joseph Smith III Document and the Keys of the Kingdom » Ensign ខែឧសភា ឆ្នាំ១៩៨១ ទំព័រ២០–២២; រីឆាដ អ៊ី ធឺលី ជុញ្ញ័រ Victims: The LDS Church and the Mark Hofmann Case ( អឺបេនណា ៖ University of Illinois Press ឆ្នាំ១៩៩២ ) ទំព័រ ៤០–៥៧; ដាល្លិន អេក អូក « Recent Events Involving Church History and Forged Documents » Ensign ខែតុលា ឆ្នាំ១៩៨៧ ទំព័រ ៦៣–៦៩ ។

  11. ឡោនីអស Joseph Smith III ទំព័រ ១០១–១១២ ។

  12. ឡោនីអស Joseph Smith III ទំព័រ ២១៨–២៧២ ។

  13. ឡោនីអស Joseph Smith III ទំព័រ ៣៤៦–៣៥០ ។

  14. « Joseph Smith III » josephsmithpapers.org ។

  15. « Frederick Granger Williams Smith » josephsmithpapers.org ។

  16. រ៉ូណាល់ អ៊ី រ៉ូមីហ្គ « Alexander H. Smith: Remembering a Son of Joseph and Emma Smith » Journal of Mormon History ភាគ ៣៧ លេខ ២ ( និទាឃ​រដូវ ឆ្នាំ២០១១ ) ទំព័រ ៣–១៤ ។

  17. រ៉ូមីហ្គ « Alexander H. Smith » ទំព័រ ១១ ។

  18. រ៉ូមីហ្គ « Alexander H. Smith » ទំព័រ ១៦–៥៧; « Alexander Hale Smith » josephsmithpapers.org 

  19. អាឡិចសាន់ឌឺ អេច ស្ម៊ីធ « Second Coming of Christ: The Home of the Redeemed » ( ទេសនកថា នៅ​បូទីណៅ រដ្ឋ​ដាកូតា​ខាងជើង កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩០៣ ), Zion’s Ensign ភាគ ១៤ ( ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩០៣ ) បាន​ដកស្រង់​នៅក្នុង រ៉ូមីហ្គ « Alexander H. Smith » ទំព័រ ៣១ ។

  20. សាច់ញាតិ​ពីរ​នាក់​ដែល​សរសេរ​​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នៃការ​សម្រាល​ បានរៀបរាប់​អំពី​ទារក​ជា​កូនប្រុស​របស់​អិមម៉ា និង​ការបញ្ចុះ​សព​របស់​គាត់​ថា ៖ អ្នកថែទាំ​ព្រះវិហារ​នៃ​ណៅវូ ដែល​បានរក្សាទុក​កំណត់ត្រា​បញ្ចុះសព​បានកត់ត្រា​ពី​ការបញ្ចុះ​សព​របស់​កុមារ​រូប​នេះ ហើយ​ព្រះគម្ពីរប៊ីប​ប្រចាំ​គ្រួសារ​មួយ​បានរាយ​បញ្ជី​ពី​កុមារ និង​កាលបរិច្ឆេទ​មរណភាព​របស់​គាត់ ។ មិត្តភក្តិ​របស់​គ្រួសារ​ក៏​ចងចាំ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ពី​របៀប​ដែល​អិមម៉ា​ចិញ្ចឹម​ទារក​របស់​អ្នក​ជិតខាង​ម្នាក់​ពេញ​មួយ​ឆ្នាំ១៨៤២ ដើម្បី​សម្រាល​ទុក្ខព្រួយ​របស់​គាត់​ក្នុង​ការ​បាត់បង់​កូន​រូប​នេះ ( សូមមើល អាលមីរ៉ា ម៉ាក ខូវី សំបុត្រ​ទៅ​កាន់ ហារីត ម៉ាក វីតធីម័រ កាលពីថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ១៨៤២, ការឆ្លើយឆ្លង​របស់ ហារីត ម៉ាក វីតធីម័រ នៅ​បណ្ណាល័យ​ប្រវត្តិ​របស់​សាសនាចក្រ នៅទីក្រុង សលត៍ លេក; សំបុត្រ​របស់ យ៉ាកុប ស្កត សរសេរទៅកាន់ ម៉ារី ស្កត វ័រណក កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ១៨៣២ សំបុត្រ​របស់ យ៉ាកុប ស្កត ទៅកាន់ ម៉ារី វ័រណក នៅ​បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ នៅទីក្រុង សលត៍ លេក; ហ្រ្វេឌ អ៊ី វ៉ូដស៍ « The Cemetery Record of William D. Huntington, Nauvoo Sexton » Mormon Historical Studies ភាគ ៣ លេខ ១ ( និទាឃ​រដូវ ឆ្នាំ២០០២ ) ទំព័រ ១៣១–១៦៣; ម៉ាហ្គារ៉េត ម៉ាកអ៊ីនថាយអឺ ប៊ឺហ្គេស បាន​ដកស្រង់​នៅក្នុង « Recollections of the Prophet Joseph Smith » Juvenile Instructor ភាគ ២៧ ទំព័រ ២ ( ថ្ងៃទី១៥ ខែមករា ឆ្នាំ១៨៩២ ) ទំព័រ ៦៧ ។

  21. « David Hyrum Smith » josephsmithpapers.org ។

  22. សំបុត្រ​របស់ យ៉ូសែប ស្ម៊ីធ ទី៣ សរសរេ​ទៅកាន់ ឆាល ជេ ជេនសិន ថ្ងៃទី២២ ខែមករា ឆ្នាំ១៨៧៧ បាន​ដកស្រង់​នៅក្នុង វ៉ាលីន ធីផេតស៍ អាវ៉ឺរី From Mission to Madness: Last Son of the Mormon Prophet ( អឺបេនណា ៖ University of Illinois Press ឆ្នាំ១៩៩៨ ) ទំព័រ ២៤៥ ។