« លូស៊ី ម៉ាក ស្ម៊ីធ » ប្រធានបទប្រវត្តិសាសនាចក្រ
« លូស៊ី ម៉ាក ស្ម៊ីធ »
លូស៊ី ម៉ាក ស្ម៊ីធ
កើតនៅឆ្នាំ១៧៧៥ លូស៊ី ម៉ាក ធំឡើងនៅក្នុងផ្ទះដែលមានជំនឿសាសនាដ៏ខ្លាំងក្លាមួយ ។ ក្នុងការស្វែងរកសេចក្ដីសង្រ្គោះរបស់គាត់ លូស៊ីបានសិក្សាព្រះគម្ពីរប៊ីប អធិស្ឋាន ពិភាក្សាអំពីសុបិន និងការនិមិត្ត ហើយបានចូលរួមការប្រជុំសាសនា និងការត្រឡប់មកវិញដែលឧបត្ថម្ភដោយនិកាយផ្សេងៗ ។ គាត់បានរៀបការជាមួយ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ក្នុងឆ្នាំ១៧៩៦ ហើយជាម្ដាយរបស់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និងកូន១០នាក់ផ្សេងទៀត ។ លូស៊ីបានបង្រៀនកូនៗរបស់គាត់ឲ្យអានដោយប្រើព្រះគម្ពីរប៊ីប ហើយលុតជង្គង់ជាមួយពួកគេក្នុងការអធិស្ឋានជាគ្រួសារ ។ គាត់បានចូលរួមក្នុងក្រុមជំនុំប្រែសប៊ីធើរាន ក្នុងភូមិប៉ាលម៉ៃរ៉ាមួយរយៈខ្លី ប៉ុន្តែបានទទួលយកដំណឹងល្អដែលបានស្ដារឡើងវិញ ហើយបានទទួលបុណ្យជ្រមុជទឹកភ្លាមៗបន្ទាប់ពីសាសនាចក្រត្រូវបានរៀបចំឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ ។
រូបគំនូររបស់ លូស៊ី ម៉ាក ស្ម៊ីធ នៅទីក្រុងណៅវូ ដោយ សាតខ្លីហ្វ ម៉ាដស្លី
លូស៊ី ម៉ាក ស៊្មីធ គឺជាសំឡេងដ៏ខ្លាំងមួយនៅក្នុងសាសនាចក្រសម័យដើម ។ គាត់គឺជាសាក្សីម្នាក់ចំពោះព្រឹត្តិការណ៍ទាំងឡាយជុំវិញការបកប្រែព្រះគម្ពីរមរមន ហើយបានថ្លែងទីបន្ទាល់ថា គាត់បានកាន់ផ្ទាំងចំណារនោះ ហើយបានកាន់យូរីម និងធូមីម ។ គាត់បានដឹកនាំក្រុមនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពីទីក្រុងហ្វាយែត រដ្ឋញូវយ៉ក ទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ នៅក្នុងឆ្នាំ១៨៣១ ។ គាត់បានអមដំណើរទៅបេសកកម្មជាមួយកូនប្រុសរបស់គាត់ ហៃរុម ទៅកាន់ទីក្រុងឌីត្រយ នៅចុងឆ្នាំនោះ ហើយបានថ្លែងទីបន្ទាល់ដោយស្ម័គ្រចិត្តអំពីព្រះគម្ពីរមរមន ។ នៅទីក្រុងខឺតឡង់ គាត់បានជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីរៃអង្គាសប្រាក់ដើម្បីសាងសង់សាលារៀន ។ គាត់បានចូលរួមក្នុងសមាគមសង្គ្រោះណៅវូនៅអាយុ៦៦ឆ្នាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៨៤២ ហើយបានប្រាប់ស្ត្រីដែលបានជួបប្រជុំគ្នាថា « គាត់សង្ឃឹមថា ព្រះអម្ចាស់នឹងប្រទានពរ ហើយជួយសមាគមឲ្យផ្តល់អាហារដល់អ្នកស្រេកឃ្លាន ស្លៀកសម្លៀកបំពាក់ឲ្យអ្នកដែលអាក្រាត ។ ពួកបរិសុទ្ធបានយកចិត្តទុកដាក់ចំពោះម្តាយដ៏គួរឲ្យគោរពរបស់ព្យាការី ហើយបានស្តាប់ដំបូន្មានរបស់គាត់ ដោយហៅគាត់ដោយក្តីស្រឡាញ់ថា « អ្នកម្តាយ ស្ម៊ីធ » ។
នៅឆ្នាំ១៨៤៤ ពីរបីខែបន្ទាប់ពីការស្លាប់របស់យ៉ូសែប ហៃរុម និង សាំយូអែល ស្ម៊ីធ ។ លូស៊ី ម៉ាក ស្ម៊ីធ បានចាប់ផ្តើមចងក្រងប្រវត្តិរបស់គាត់ ដោយមានជំនួយពីស្មៀន ម៉ាថា និង ហូវើដ ខូរ៉ាយ ។ ទោះបីជាមានវ័យចំណាស់ និងសុខភាពមិនល្អក៏ដោយ ក៏គាត់មានអារម្មណ៍ថា « វាជាអភ័យឯកសិទ្ធិ ក៏ដូចជាកាតព្វកិច្ចរបស់ខ្ញុំដែរ … ដែលត្រូវផ្តល់ ( ជាទីបន្ទាល់ចុងក្រោយរបស់ខ្ញុំទៅកាន់ពិភពលោកមួយ ដែលខ្ញុំត្រូវចាកចេញទៅក្នុងពេលឆាប់ៗនេះ ) នូវកំណត់ត្រាមួយ » ។ ឯកសារសរសេរដោយដៃរបស់លូស៊ី ត្រូវបានបញ្ចប់នៅខែតុលា ឆ្នាំ១៨៤៥ ហើយគាត់បានប្រកាសជាសាធារណៈអំពីគម្រោងនេះនៅឯសន្និសីទទូទៅ ។ សុខភាពរបស់លូស៊ីកាន់តែយ៉ាប់យ៉ឺនទៅៗបន្ទាប់ពីឆ្នាំ១៨៤៦ នៅពេលសមាជិកសាសនាចក្រភាគច្រើនធ្វើចំណាកស្រុកទៅភាគខាងលិចឆ្ពោះទៅកាន់តំបន់ ហ្រ្គេត បាស៊ីន ។ ហើយគាត់បានជ្រើសរើសបន្តនៅជាមួយគ្រួសាររបស់គាត់នៅរដ្ឋអិលលីណោយ ។ គាត់បានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ជាមួយកូនស្រីរបស់គាត់គឺ លូស៊ី មីលីឃីន កូនប្រសាស្រីរបស់គាត់ អិមម៉ា និងចៅប្រុសៗរបស់គាត់ ។ លូស៊ី ម៉ាក ស្ម៊ីធ បានទទួលមរណភាពនៅឆ្នាំ១៨៥៦ ។
សាវក អួរសុន ប្រាត្ត បានបោះពុម្ពផ្សាយប្រវត្តិរបស់លូស៊ីជាលើកដំបូងនៅក្នុងឆ្នាំ១៨៥៣ ។ នៅក្នុងទសវត្សរ៍ឆ្នាំ១៨៦០ ប្រធាន ព្រិកហាំ យ៉ង់ បានរិះគន់ជាសាធារណៈអំពីប្រវត្តិរបស់លូស៊ី ដោយលើកឡើងពីកំហុសកាលបរិច្ឆេទ និងលំដាប់ពេលវេលា ហើយអះអាងថា លូស៊ីមានការភ្លេចភ្លាំង ។ ប្រធានយ៉ង់បានសុំឲ្យទីប្រឹក្សារបស់លោក ចច អេ ស្ម៊ីធ ( ក្មួយប្រុសរបស់លូស៊ី ) កែកំហុសនោះ ហើយ « បោះពុម្ពផ្សាយកំណែនោះទៅដល់ពិភពលោក » ។ ការកែប្រែបានផ្លាស់ប្តូរនៅក្នុងអត្ថបទក្រោម២ភាគរយ ។
ដោយសារការរៀបរាប់របស់ លូស៊ី ម៉ាក ស្ម៊ីធ ផ្នែកលើការចងចាំ ដូច្នេះការរៀបរាប់នេះមិនអាចត្រឹមត្រូវពេញលេញទេ ដូចជាការចងចាំទូទៅដែរ វាអាចមានកំហុស ការពន្យល់មានគុណវិបត្តិ លើសពីការពិត និងមានភាពលំអៀង ។ ទោះជាយ៉ាងណាក៏ដោយ ពួកប្រវត្តិវិទូដែលបានសិក្សាពីការរៀបរាប់របស់គាត់សន្និដ្ឋានថា កំហុសនៅក្នុងប្រវត្តិរបស់គាត់គឺ « តិចតួច និងកម្រ » ។ ក្នុងចំណោមឈ្មោះ២០០នាក់នៅក្នុងប្រវត្តិរបស់គាត់ មានជាង១៩០ត្រូវបានបញ្ជាក់ដោយប្រភពផ្សេងទៀត ។ លើសពីនេះទៅទៀត ពុំមានភស្តុតាងណាមួយដែលបញ្ជាក់ថា គំនិតរបស់លូស៊ីត្រូវបានភ្លេចភ្លាំងនោះទេ ។ អ្នកទស្សនកិច្ចម្នាក់នៅណៅវូក្នុងឆ្នាំ១៨៥៥ បានមានប្រសាសន៍ជាមួយ លូស៊ី ហើយបានកត់សម្គាល់ថាគាត់ « នៅរក្សាសមត្ថភាពរបស់គាត់បានយ៉ាងអស្ចារ្យ » ។ ការរៀបរាប់របស់លូស៊ីផ្តល់ការយល់ដឹងអំពីបុគ្គលិកលក្ខណៈ ជំនឿ និងការយល់ដឹងអំពីការហៅរបស់ យ៉ូសែប ស្ម៊ីធ ។ វាក៏ផ្តល់នូវដំណើររឿងអំពីគ្រួសារស្ម៊ីធ និងព្រឹត្តិការណ៍ប្រវត្តិសាសនាចក្រដ៏សំខាន់ទាំងឡាយ ដែលមិនមានប្រភពផ្សេងទៀតទេ ។ ប្រវត្តិរបស់គាត់ត្រូវបានប្រើជាចម្បងនៅក្នុងសៀវភៅ ពួកបរិសុទ្ធ ដើម្បីពិពណ៌នាអំពីព្រឹត្តិការណ៍ទាំងនេះ និងសម្រាប់ការសន្ទនាដែលគាត់បង្កើតឡើងវិញចេញពីការចងចាំ ។
ប្រធានបទដែលទាក់ទង ៖ សមាគមសង្គ្រោះស្ត្រីនៃណៅវូ, យ៉ូសែប ស៊ីញ្ញ័រ និងគ្រួសារ លូស៊ី ម៉ាក ស្ម៊ីធ, ការធ្វើដំណើរចេញពីទីក្រុងណៅវូ