« ទេវតាមរ៉ូណៃ » ប្រធានបទប្រវត្តិសាសនាចក្រ
« ទេវតាមរ៉ូណៃ »
ទេវតាមរ៉ូណៃ
នៅក្នុងឆ្នាំ១៨២៣ ទេវតាមួយអង្គឈ្មោះ មរ៉ូណៃ បានបង្ហាញកាយដល់ យ៉ូសែប ស្ម៊ីធ ហើយប្រាប់លោកអំពីវត្តមាននៃកំណត់ត្រាបុរាណមួយដែលឆ្លាក់លើផ្ទាំងទាំងឡាយ ដែលកប់នៅលើភ្នំក្បែរផ្ទះរបស់លោក ។ មរ៉ូណៃជាអ្នកថែរក្សាបញ្ជីបុរាណចុងក្រោយបង្អស់ដែលបានចារិកការបង្រៀនរបស់លោកនៅលើផ្ទាំងទាំងឡាយ បានបង្ហាញកាយដល់យ៉ូសែបជាច្រើនគ្រានៅចន្លោះឆ្នាំ១៨២៣ និងឆ្នាំ១៨២៩ ដោយដឹកនាំ និងណែនាំដល់យ៉ូសែប នៅពេលលោកទទួលបានផ្ទាំងទាំងឡាយ ហើយបកប្រែផ្ទាំងទាំងនោះ ។ ទោះបីជាអ្នកផ្សេងទៀតបានបង្កើតដំណើររឿងគួរឲ្យចាប់អារម្មណ៍ ឬបំភ្លើសដំណើររឿងនៃការយាងមកជួបរបស់ទេវតានេះក្តី ក៏ដំណើររឿងផ្ទាល់ខ្លួនរបស់ យ៉ូសែប ស្ម៊ីធ គឺសាមញ្ញ ស្ងប់ស្ងាត់ និងមិនផ្លាស់ប្តូរឡើយ ។ ការរៀបចំខ្លួនរបស់យ៉ូសែបដើម្បីធ្វើជាព្យាការី បានចាប់ផ្តើមជាមួយនឹងការនិមិត្តដំបូងរបស់លោក ប៉ុន្តែពួកអ្នកដើរតាមដំបូងៗរបស់លោក ជាធម្មតានិយាយអំពីការមកជួបរបស់មរ៉ូណៃថា ជាការគូសសម្គាល់ការចាប់ផ្តើមនៃការហៅបម្រើរបស់យ៉ូសែប ។
ការពិពណ៌នាអំពីរូបរាងរបស់មរ៉ូណៃទៅកាន់ យ៉ូសែប ស្ម៊ីធ ដោយ ស៊ី ស៊ី អេ. គ្រីស្ទីនសិន ។
រូបរាងរបស់ទេវតាគឺជាបទពិសោធន៍នៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ដែលបង្ហាញឡើងនៅក្នុងប្រភពនៃប្រវត្តិសាស្ត្រ ។ វិវរណៈមួយក្នុងឆ្នាំ១៨៣០ បានប្រកាសថា ទេវតាមួយអង្គដែលមាន « មុខ[ ដូចជា ]ផ្លេកបន្ទោរ » បានលេចឡើងចំពោះយ៉ូសែប ហើយ « បានប្រទានអំណាចដល់លោក … ថាលោកគួរបកប្រែគម្ពីរមួយ » ។ ប្រវត្តិរបស់យ៉ូសែបឆ្នាំ១៨៣២ បានរៀបរាប់ថា ព្រះអម្ចាស់ « បានបង្ហាញការនិមិត្តនៅស្ថានសួគ៌មកខ្ញុំ ដ្បិតមើលចុះ ទេវតារបស់ព្រះអម្ចាស់បានមកឈរនៅចំពោះមុខខ្ញុំ » ។ ដំណើររឿងទាំងនេះ និងដំណើររឿងកាលពីដំបូងផ្សេងៗទៀត បានហៅសារទូតនេះដោយសាមញ្ញថាជា « ទេវតា » ។ នៅក្នុងឆ្នាំ១៨៣៥ យ៉ូសែបបានដឹងថា ទេវតារូបនោះគឺជាមរ៉ូណៃ ដែលជាតួអង្គមួយនៅក្នុងព្រះគម្ពីរមរមន នៅក្នុងវិវរណៈមួយដែលបានបោះពុម្ពនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតរបស់លោកអំពីអត្តសញ្ញាណរបស់ទេវតាអង្គនេះ បានបង្ហាញនៅក្នុងសំបុត្រមួយទៅកាន់ពួកបរិសុទ្ធនៅក្នុងឆ្នាំ១៨៤២ ៖ « ហើយជាថ្មីម្តងទៀត តើយើងបានឮអ្វី ? ដំណឹងដ៏រីករាយមកពីភ្នំគូម៉ូរ៉ា ! មរ៉ូណៃគឺជាទេវតាមួយអង្គមកពីស្ថានសួគ៌ ដែលប្រកាសអំពីការបំពេញនៃពួកព្យាការី—ព្រះគម្ពីរមួយនឹងបើកសម្តែងឡើង » ។
ដំណើររឿងទាំងនេះមិនមានភាពច្បាស់លាស់អំពីអត្តសញ្ញាណរបស់ទេវតាអង្គនេះនោះទេ ប៉ុន្តែឯកសារដ៏សំខាន់មួយធ្វើឲ្យស្ថានភាពមានភាពស្មុគស្មាញ ។ សន្លឹកសំណេរដោយដៃដំបូងបំផុតនូវដំណើររឿងនៃការយាងមកជួបរបស់មរ៉ូណៃ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៥៣ ) សំដៅទៅទេវតានេះថាជា « នីហ្វៃ » ។ ឯកសារយោងនេះទំនងជាមានប្រភពចេញមកពីស្មៀនរបស់ យ៉ូសែប ស៊្មីធ ដែលមានឈ្មោះថា ជេមស៍ មូលហូឡិន ដែលនៅក្នុងឆ្នាំ១៨៣៩ បានចាប់ផ្តើមចងក្រងដាក់បញ្ចូលគ្នានូវសន្លឹកសំណេរដោយដៃផ្សេងៗអំពីប្រវត្តិរបស់ យ៉ូសែប ស្ម៊ីធ ឲ្យទៅជាឯកសារតែមួយ ។ ភស្តុតាងបង្ហាញថា មូលហូឡិនមិនបានសរសេរតាម យ៉ូសែប ស្ម៊ីធ នោះទេ ។ ប៉ុន្តែផ្ទុយទៅវិញបានធ្វើការចេញមកពីប្រភពដែលមានរបស់គាត់ ដែលពុំទាន់បានចងក្រង ។ មូលហូឡិនអាចងាយនឹងយល់ច្រលំអំពីអត្តសញ្ញាណរបស់ទេវតា ដោយសារដំណើររឿងពីមុនៗជាច្រើនរបស់យ៉ូសែប មុនពេលសេចក្តីព្រាងរបស់មូលហូឡិន មិនបាននិយាយអំពីឈ្មោះរបស់ទេវតានោះទេ ។
កំណែដែលបានបោះពុម្ពដំបូងអំពីប្រវត្តិរបស់ យ៉ូសែប ស្ម៊ីធ ក៏ដូចជាដំណើររឿងផ្សេងទៀតដែលនិយាយអំពីទេវតា « នីហ្វៃ » ទាំងអស់ត្រូវបានពឹងផ្អែកទៅលើសេចក្តីព្រាងរបស់មូលហូឡិន ។ ជាលទ្ធផល ទាំង « នីហ្វៃ » និង « មរ៉ូណៃ » បានបង្ហាញឡើងក្នុងការបោះពុម្ពក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៨៤០ និងឆ្នាំ១៨៦០ ។ ព្រិកហាំ យ៉ង់ បានសង្ស័យថា ប្រវត្តិនេះមានកំហុសដោយសារស្មៀន ហើយបានចាត់ឲ្យអ្នកប្រវត្តិសាស្ត្ររបស់សាសនាចក្រស្រាវជ្រាវអំពីបញ្ហានេះ ។ ដោយពិនិត្យមើលដំណើររឿងផ្សេងទៀតរបស់ យ៉ូសែប ស្ម៊ីធ អំពីទេវតាអង្គនេះ ។ ពួកគេបានសន្និដ្ឋានថាឈ្មោះ « នីហ្វៃ » គួរតែត្រូវបានជំនួសដោយឈ្មោះ « មរ៉ូណៃ » ហើយបានសរសេរការកែតម្រូវមួយនៅលើសន្លឹកសំណេរដោយដៃរបស់មូលហូឡិន ។ គ្មានភស្ដុតាងណាបញ្ជាក់ថា យ៉ូសែប ស្ម៊ីធ ធ្លាប់ហៅទេវតានេះថា « នីហ្វៃ » នោះទេ ។
រូបសំណាករបស់ទេវតាមរ៉ូណៃនៅលើព្រះវិហារបរិសុទ្ធ សលត៍ លេក ភ្លាមៗបន្ទាប់ពីរូបសំណាកនេះបានដំឡើង ។
រូបសំណាករបស់មរ៉ូណៃបានក្លាយជានិមិត្តរូបនៃការស្ដារឡើងវិញ ហើយរូបចម្លាក់ទេវតាមរ៉ូណៃឥឡូវនេះដំឡើងនៅលើកំពូលរបស់ព្រះវិហារបរិសុទ្ធថ្ងៃចុងក្រោយភាគច្រើន ។ រូបសំណាកទាំងនេះបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៨៩២ នៅពេលដែលពួកបរិសុទ្ធជាង៥០០០០នាក់ បានប្រមូលផ្ដុំគ្នាដើម្បីធ្វើជាសាក្សីអំពីការដាក់ថ្មកំពូលនៅលើព្រះវិហារបរិសុទ្ធ សលត៍ លេក ។ ក្នុងអំឡុងពេលធ្វើពិធីនេះ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានបើកកុងតាក់ភ្លើង ហើយម៉ាស៊ីនមួយបានទម្លាក់ចុះថ្មកំពូលក្រានីតចូលទៅនឹងកន្លែង ។ ក្រោយមកនៅថ្ងៃនោះ ពួកកម្មករបានដំឡើងរូបសំណាកទេវតាមួយធ្វើពីស្ពាន់នៅលើកំពូលដែលខ្ពស់ជាងគេ ។ ទោះជាអ្នកខ្លះបានគិតថាជាទេវតាកាព្រីយ៉ែល និងអ្នកខ្លះទៀតគិតថាជា « ទេវតា … [ កំពុង ]ហោះកាត់កណ្តាលមេឃ » ដែលបានយោងទៅតាម វិវរណៈ ១៤:៦ ក៏ដោយ ពួកបរិសុទ្ធថ្ងៃចុងក្រោយស្ទើរតែទាំងអស់ចាប់តាំងពីការចាប់ផ្ដើមពិធីដាក់ថ្មកំពូលនោះមក បានកំណត់រូបសំណាកថាជាទេវតាមរ៉ូណៃ ។
ប្រធានបទដែលទាក់ទង ៖ ការបកប្រែព្រះគម្ពីរមរមន, ផ្ទាំងចំណារមាស