ប្រវត្តិ​សាសនាចក្រ
ការបកប្រែ​ព្រះគម្ពីរ​មរមន


« ការបកប្រែ​ព្រះគម្ពីរ​មរមន » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« ការបកប្រែ​ព្រះគម្ពីរ​មរមន »

ការបកប្រែ​ព្រះគម្ពីរ​មរមន

យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​អត្ថបទ​បុរាណ « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ » ដើម្បី​នាំមក​នូវ​ព្រះគម្ពីរ​មរមន ។ ការងារបម្រើ​ដំបូងៗ​របស់​លោក​អំពី​ការបកប្រែ ដែល​មាន អិមម៉ា ស្ម៊ីធ និង ម៉ាទិន ហារិស ធ្វើ​ជា​ស្មៀន​ដ៏​សំខាន់ ត្រូវ​បានបាត់​នៅ​ឆ្នាំ១៨២៨ ។ អត្ថបទ​នៃ​ព្រះគម្ពីរមរមន​បច្ចុប្បន្ន​ស្ទើរ​តែ​ទាំងអស់ ត្រូវ​បានបកប្រែ​ក្នុង​អំឡុងពេល​បី​ខែ ដែល​នៅ​ចន្លោះ​ខែ​មេសា និង​ខែ​មិថុនា ឆ្នាំ១៨២៩ ដោយ​មាន អូលីវើរ ខៅឌើរី ជាស្មៀន ។ យើង​អាច​រៀន​ច្រើន​អំពី​ការចេញ​មក​នៃ​អត្ថបទ​ជា​ភាសា​អង់គ្លេស​នៃ​ព្រះគម្ពីរ​មរមន តាមរយៈ​ការសិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅលើ​សេចក្ដី​ថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ យ៉ូសែប ស្ម៊ីធ ស្មៀន​របស់​លោក និង​អ្នកដទៃ​ទៀត​ដែល​ទាក់ទង​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹង​ការបកប្រែ​ព្រះគម្ពីរ​មរមន ។

រូបថតមក​ពី​ការសម្តែង​ឡើង​វិញ​នៅក្នុង​ខ្សែភាពយន្ត​ដែល​យ៉ូសែប និង​អូលីវើរ​កំពុង​អង្គុយ​ទល់មុខ​គ្នា​នៅ​តុ ហើយ​អូលីវើរ​កំពុង​សរសេរ

យ៉ូសែប ស៊្មីធ បកប្រែ​ព្រះគម្ពីរ​មរមន​ឲ្យ អូលីវើរ ខៅឌើរី ដែល​ជា​ស្មៀន​សរសេរ​តាម ។

សន្លឹក​សំណេរ​ដោយ​ដៃ​ដែល យ៉ូសែប ស៊្មីធ បាន​ហៅ​ឲ្យ អូលីវើរ ខៅឌើរី និង​អ្នកផ្សេងទៀត​សរសេរ​តាម​ដែល​សព្វ​ថ្ងៃ​នេះ​ត្រូវ​បាន​ហៅ​ថា សន្លឹក​សំណេរ​ដោយ​ដៃ​ច្បាប់​ដើម ដែល​ប្រមាណជា​២៨​ភាគរយ នៅតែ​មាន​នៅ​សព្វថ្ងៃ​នេះ ។ សន្លឹក​សំណេរ​ដោយ​ដៃ​នេះ​បញ្ជាក់​ពី​សេចក្តីថ្លែងការណ៍​របស់​យ៉ូសែប ថា​លោក​បាន​ហៅ​ឲ្យ​សរសេរ​ចេញពី​អត្ថបទ​ភាសា​ផ្សេង​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ ។ ឧទាហរណ៍ វា​មាន​កំហុស​ដែល​បង្ហាញ​ថា ស្មៀន​បាន​ស្តាប់​ពាក្យខុស ជំនួស​ឲ្យ​ការអាន​ខុស​ពី​អត្ថបទ​ដែល​បានចម្លងចេញ​មកពី​សន្លឹក​សំណេរ​ដោយ​ដៃ​ផ្សេង​ទៀត ។ លើស​ពី​នេះ រចនាសម្ព័ន្ធ​វេយ្យាករណ៍​មួយចំនួន​មាន​លក្ខណៈ​ជា​ភាសា​តំបន់​មជ្ឈិមបូព៌ា ជាង​ភាសា​អង់គ្លេស​មាន​នៅក្នុង​សន្លឹក​សំណេរ​ដោយ​ដៃ​ច្បាប់​ដើម ដែល​បង្ហាញ​ថា​ភាសា​មូលដ្ឋាន​នៃ​ការបកប្រែ​មិនមែន​ជា​ភាសា​អង់គ្លេស​ទេ ។

យ៉ូសែប ស្ម៉ីធ និង​អ្នក​សរសេរ​របស់​លោក​បាន​សរសេរ​អំពី​ឧបករណ៍​ទាំង​ពីរ​នេះ ដែល​បាន​ប្រើប្រាស់​ក្នុងការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ ឧបករណ៍​មួយ​ដែល​បានហៅ​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា​ជា « ប្រដាប់​បកប្រែ » គឺ​ត្រូវបាន​ស្គាល់​ច្បាស់​ដោយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ជា « យូរីម និង ធូមីម » ។ យ៉ូសែប​បានរកឃើញ​ប្រដាប់​បកប្រែ​ដែល​កប់​នៅលើ​ភ្នំ​ជាមួយ​នឹង​ផ្ទាំងចំណារ ។ ឧបករណ៍​មួយ​ទៀត​ដែល​យ៉ូសែប​បានរកឃើញ​នៅក្នុង​ដី​ជាច្រើន​ឆ្នាំ​ពីមុន​លោក​ទទួល​បាន​ផ្ទាំងចំណារ គឺជា​ត្បូង​រាង​ពងក្រពើ​តូច​មួយ ឬ « ត្បូង​​នៃ​អ្នក​មើលឆុត » ។ កាលពី​នៅ​ជា​យុវជន​អំឡុង​ទសវត្សរ៍​ឆ្នាំ១៨២០ យ៉ូសែប​ក៏​ដូចជា​អ្នក​ផ្សេងទៀត​នៅក្នុង​សម័យ​របស់​លោក​ដែរ បានប្រើ​ត្បូង​​នៃ​អ្នក​មើលឆុត​ដើម្បី​រកមើល​វត្ថុ​ដែល​បាត់ និង​កំណប់​ទ្រព្យ​ដែល​បាន​លាក់​កប់ ។ នៅពេល​លោក​បានយល់​ពី​ការហៅ​ជា​ព្យាការី​របស់លោក លោក​បានរៀន​ថា លោក​អាច​ប្រើ​ត្បូង​នេះ​ក្នុង​គោលបំណង​ដ៏​ខ្ពង់ខ្ពស់​ក្នុងការ​បកប្រែ​ព្រះគម្ពីរ ។

ពួកស្មៀន និង​អ្នកដែល​បានសង្កេតមើល​ការបកប្រែ​ផ្សេង​ទៀត​ថ្លែង​ជា​ដំណើររឿង​ដែល​ផ្ដល់​នូវការ​យល់ដឹង​អំពី​ដំណើរការ​នេះ ។ ដំណើរ​រឿង​មួយ​ចំនួន​បង្ហាញ​ថា យ៉ូសែប​បានសិក្សា​តួអក្សរ​នៅ​លើ​ផ្ទាំងចំណារ ។ ដំណើររឿង​ភាគ​ច្រើន​និយាយ​អំពី​ការប្រើ​ប្រដាប់​បកប្រែ​របស់​យ៉ូសែប ឬ​ត្បូង​​នៃ​អ្នក​មើលឆុត ។ យោងតាម​ដំណើររឿង​ទាំងនេះ យ៉ូសែប​បានដាក់​ទាំង​ប្រដាប់​បកប្រែ ឬ​ត្បូង​នៃ​អ្នក​មើល​ឆុត​នៅក្នុង​មួក ដោយឈ្ងោក​មុខ​របស់​លោក​ទៅ​ក្នុង​មួក​ដើម្បី​បាំង​ពន្លឺ​ដែល​ចាំង​ពី​ខាងក្រៅ ហើយ​អាន​ឮៗ​ជា​ពាក្យ​ភាសា​អង់គ្លេស ដែល​បាន​លេច​បង្ហាញ​នៅ​លើ​ឧបករណ៍​នោះ ។ ដំណើរការ​ដូច​ដែល​បានពិពណ៌នា​នេះ​បានរំឭក​ដល់​វគ្គ​ខគម្ពីរ​មួយ​ចេញមកពី​ព្រះគម្ពីរ​មរមន ដែល​និយាយ​អំពី​ការរៀបចំ​របស់​ព្រះ « ត្បូង​មួយ​ដែល​នឹង​បំភ្លឺ​ក្នុង​ទី​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ » ។

ពួកអ្នក​សរសេរ​ដែល​បានជួយ​ក្នុង​ការបកប្រែ​នេះ បានជឿ​ដោយ​មិន​មាន​ការសង្ស័យ​ថា យ៉ូសែប​បានបកប្រែ​ដោយ​អំណាច​ដ៏​ទេវភាព ។ អិមម៉ា​ដែល​ជា​ភរិយា​របស់​យ៉ូសែប បានជឿ​ថា​អត្ថបទ​នៃ​ព្រះគម្ពីរ​មរមន លើស​ពី​សមត្ថភាព​របស់​ស្វាមី​គាត់​អាច​សរសេរ​បាន​ទៅទៀត ។ អូលីវើរ ខៅឌើរី បានផ្ដល់​សក្ខីកម្ម​ក្រោម​សម្បថ​ក្នុង​ឆ្នាំ១៨៣១​ថា យ៉ូសែប « អម​ជាមួយ​នឹង​ផ្ទាំង​ចំណារ​នោះ ដែល​លោកប្រើ​ដើម្បី​បកប្រែ​គម្ពីរ​របស់​លោក គឺ​មាន​ត្បូង​ពណ៌​ស​ពីរ ដែល​មាន​សណ្ឋាន​ដូច​នឹង​កញ្ចក់ ដាក់​នៅក្នុង​ចាន​ពណ៌​ប្រាក់ ។ ដោយមើល​តាមរយៈ​ឧបករណ៍​ទាំងនេះ លោក​អាច​អាន​ជា​ភាសា​អង់គ្លេស ចេញពី​អក្សរ​អេស៊ីព្ទ​ដែល​បានកែ​ទម្រង់ ដែល​ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំងចំណារ​នោះ » ។

សំណួរ​ដែល​បានលើកឡើង​ក្នុង​អំឡុងពេល​ដំណើរការ​នៃ​ការបកប្រែ នាំ​ឲ្យ​មាន​វិវរណៈ​ដំបូងៗ​ជា​ច្រើន​ដែល​ឥឡូវ​នេះ​ត្រូវ​បានកត់ត្រា​ក្នុង​ព្រះគម្ពីរ​​គោលលទ្ធិ និង​សេចក្ដី​សញ្ញា និង​ចំពោះ​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា​ការស្ដារ​បព្វជិតភាព​ឡើង​វិញ​ផងដែរ ។ ការបកប្រែ និង​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​ភ្លាមៗ​មុន​ការរៀបចំ​សាសនាចក្រ​នៅ​និទាឃរដូវ​ឆ្នាំ១៨៣០ ។

ប្រធានបទ​ទាក់ទង ៖ ត្បូង​នៃ​អ្នកមើលឆុត, ការបោះពុម្ព និង​ការបោះពុម្ពផ្សាយ​ព្រះគម្ពីរ​មរមន, ការពិគ្រោះ​យោបល់​របស់ ម៉ាទិន ហារិស ជាមួយ​ពួក​អ្នកប្រាជ្ញ, ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ, ការបកប្រែ​គម្ពីរ​អ័ប្រាហាំ, យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ, សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន

កំណត់ចំណាំ

  1. ឧទាហរណ៍ នៅពេល​យ៉ូសែប​បានបកប្រែ​អត្ថបទ​ដែល​ឥឡូវ​នេះ​មាននៅក្នុង នីហ្វៃទី១ ១៣:២៩ ស្មៀន​បានសរសេរ​ « & » នៅ​កន្លែង​មួយដែល​គាត់​គួរតែ​សរសេរ​ជា « an » ។ នៅ នីហ្វៃទី១ ១៧:៤៨ ស្មៀន​បានសរសេរ « weed » ដែល​គាត់​គួរតែ​សរសេរ​ជា « reed » ។ ( រ៉ូយ៉ាល់ ស្កោសិន « Translating the Book of Mormon: Evidence from the Original Manuscript » នៅក្នុង​កែសម្រួល​ដោយ ណូអែល ប៊ី រ៉េណុលស៍ Book of Mormon Authorship Revisited: The Evidence for Ancient Origins [ ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ៖ Foundation for Ancient Research and Mormon Studies ឆ្នាំ១៩៩៧ ] ទំព័រ ៦៧ សូមមើល​ផងដែរ ហ្រ្គេនធ៍ ហាឌី « Introduction » នៅក្នុង The Book of Mormon: The Earliest Text កែសម្រួល​ដោយ រ៉ូយ៉ាល់ ស្កោសិន [ នូ ហេវិន ខាន ៖ Yale University Press ឆ្នាំ២០០៩ ] ទំព័រ xv–xix ) ។

  2. យោង​តាម​ ម៉ាទិន ហារិស ទេវតា​ម្នាក់​បានបញ្ជា​ឲ្យ យ៉ូសែប ស្ម៊ីធ បញ្ឈប់​សកម្មភាព​ទាំងនេះ ដែល​លោក​បានធ្វើ​នៅ​ឆ្នាំ១៨២៦ ។ យ៉ូសែប​មិន​បានលាក់បាំង​ការចូលរួម​ដំបូង​របស់​លោក​ដ៏​មាន​ប្រជាប្រិយភាព​នៅក្នុង​ការស្វែងរក​កំណប់ទ្រព្យ​ទេ ។ ក្នុង​ឆ្នាំ១៨៣៨ លោក​បានបោះពុម្ព​ផ្សាយ​ការឆ្លើយតប​ទៅនឹង​សំណួរ​ដែល​គេ​សួរ​ជាញឹក​ញាប់​អំពី​លោក ។ សំណួរ​មួយ​បានសួរ​ថា « តើ​យ៉ូសែប ស្ម៊ីធ មិន​មែន​ជា​អ្នក​ដើរ​ជីក​រក​លុយ​ទេ​ឬ​អី » ។ យ៉ូសែប​បានឆ្លើយ​ថា « បាទ ប៉ុន្តែ​ការងារ​នោះ​មិនមែន​ជា​ការងារ​ដែល​លោក​ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​នោះ​ទេ ដោយសារ​លោក​ទទួល​បាន​​ដប់បួន​ដុល្លារ​តែ​ប៉ុណ្ណោះ​នៅក្នុង​មួយ​ខែ​សម្រាប់​ការងារ​នេះ » ( « Elders’ Journal ភាគ ១ លេខ ៣ ខែកក្កដា ឆ្នាំ១៨៣៨ » ទំព័រ ៤៣ នៅលើ​គេហទំព័រ josephsmithpapers.org សូមមើល​ផងដែរ រីឆាដ អិល ប៊ុស្សមេន Joseph Smith and the Beginnings of Mormonism [ អឺបេនណា ៖ University of Illinois Press ឆ្នាំ១៩៨៨ ] ទំព័រ ទំព័រ ៦៤–៧៦; អាឡិន ថៃលឺ « The Early Republic’s Supernatural Economy: Treasure Seeking in the American Northeast, 1780–1830 » American Quarterly ភាគ ៣៨ លេខ ១ [ និទាឃរដូវ ឆ្នាំ១៩៨៦ ] ទំព័រ ៦–៣៤; ម៉ាក អាឈើស-ម៉ាកហ្គី « A Pathway to Prophethood: Joseph Smith Junior as Rodsman, Village Seer, and Judeo-Christian Prophet » [ និក្ខេបបទ​របស់​ថ្នាក់​អនុបណ្ឌិត Utah State University ឆ្នាំ២០០០ ] ) ។

  3. អាលម៉ា ៣៧:២៣ ។ យ៉ូសែប ស្ម៊ីធ ប្រហែលជា​មាន​ត្បូង​នៃ​អ្នក​មើល​ឆុត​លើស​ពី​មួយ លោក​ហាក់​ដូចជា​បានរកឃើញ​ត្បូង​មួយ​ក្នុង​ចំណោម​ត្បូង​ទាំងនោះ ​ខណៈពេល​ដែល​កំពុង​ជីក​អណ្តូង​នៅ​​ឆ្នាំ​១៨២២ ( ប៊ុស្សមេន Joseph Smith and the Beginnings of Mormonism ទំព័រ ៦៩–៧០ ) ។

  4. អេ ដបុលយូ ប៊ី « Mormonites » Evangelical Magazine and Gospel Advocate ភាគ ២ ( ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៨៣១ ) ទំព័រ ១២០; យ៉ូសែប ស្ម៊ីធ ទី ៣ « Last Testimony of Sister Emma » Saints’ Herald ភាគ ២៦ លេខ ១៩ ( ថ្ងៃទី១ ខែតុលា ឆ្នាំ១៨៧៩ ) ទំព័រ ១–២ ។