« ត្បូងនៃអ្នកមើលឆុត » ប្រធានបទប្រវត្តិសាសនាចក្រ
« ត្បូងនៃអ្នកមើលឆុត »
ត្បូងនៃអ្នកមើលឆុត
អស់រយៈពេលមួយពាន់ឆ្នាំមកហើយ មនុស្សជាច្រើននៅទូទាំងពិភពលោកបានទទួលយកគំនិតដែលថា វត្ថុរូបវន្តអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដ៏ពិសិដ្ឋបាន ។ ព្រះគម្ពីរប៊ីបបញ្ជាក់ថា ព្រះបានធ្វើការតាមរយៈវត្ថុដូចជា ដំបងរបស់អើរ៉ុន ពស់លង្ហិន និងហិបនៃសេចក្ដីសញ្ញា ។ ក្រោយមក ព្រះយេស៊ូវបានប្រោសមនុស្សខ្វាក់ម្នាក់ឲ្យជាដោយការលាបទឹកមាត់ទៅលើភ្នែករបស់បុរសនោះ ។
ព្រះគម្ពីរមរមនពិពណ៌នាអំពីគោលបំណងដ៏ពិសិដ្ឋមួយសម្រាប់ត្បូងដែលបានកំណត់ជាពិសេស ។ នៅក្នុងវគ្គបទគម្ពីរមួយ បងរបស់យ៉ារេឌបានទូលសុំព្រះអម្ចាស់ឲ្យពាល់ក្រួសចំនួន១៦គ្រាប់ ដែលមាន « ពណ៌សភ្លឺ ហើយថ្លាដូចកញ្ចក់ » ( អេធើរ ៣:១ ) ។ បន្ទាប់ពីព្រះអង្គុលីរបស់ព្រះអម្ចាស់ពាល់គ្រាប់ក្រួសទាំងនោះ វាផ្ដល់ពន្លឺឲ្យដល់ពួកសាសន៍យ៉ារេឌ នៅពេលពួកគេធ្វើដំណើរឆ្លងកាត់មហាសមុទ្រ ។ ខគម្ពីរផ្សេងទៀតដែលនិយាយអំពីត្បូងដ៏ពិសិដ្ឋនោះថានឹង « បង្ហាញយ៉ាងច្បាស់ដល់ភ្នែកមនុស្សនូវការណ៍ទាំងនេះ ដែលអ្នកត្រូវសរសេរ » ( អេធើរ ៣:២៤ ) ។
នៅសម័យរបស់ យ៉ូសែប ស្ម៊ីធ បុគ្គលមួយចំនួនបានអះអាងថាពួកគេមានអំណោយទានមួយដើម្បី « មើលឃើញ » ឬទទួលបានសារលិខិតដ៏ទេវភាព ឬអព្ភូតហេតុនានា តាមរយៈត្បូងនៃអ្នកមើលឆុត ។ ជំនឿទាំងនេះបានមកពីព្រះគម្ពីរប៊ីប និងមកពីប្រពៃណីវប្បធម៌អឺរ៉ុបដែលនាំមកដល់អាមេរិកដំបូងដោយពួកជនអន្តោប្រវេសន៍ ។ យ៉ូសែប ស៊្មីធ និងក្រុមគ្រួសាររបស់លោកបានទទួលយកជំនឿទាំងនេះ ហើយជួនកាលយ៉ូសែបបានប្រើត្បូងដែលលោករកឃើញនៅក្នុងដី ដើម្បីជួយអ្នកជិតខាងស្វែងរកវត្ថុដែលបាត់ ឬស្វែងរកវត្ថុដែលមានតម្លៃ ។
ត្បូងនៃអ្នកមើលឆុតជាកម្មសិទ្ធិរបស់ យ៉ូសែប ស្ម៊ីធ ។
នៅពេលដែល យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារមាសនៅក្នុងឆ្នាំ១៨២៧ លោកក៏បានទទួលឧបករណ៍បកប្រែជាមួយនឹងផ្ទាំងទាំងឡាយដែរ « មានត្បូងពីរដុំនៅក្នុងស៊ុមប្រាក់ » ដែលបានប្រើដោយ « ‹ អ្នកមើលឆុត › នៅជំនាន់បុរាណ ឬជំនាន់ដើម » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៥ ) ។ ឧបករណ៍នេះត្រូវបានយោងទៅនៅក្នុងព្រះគម្ពីរមរមនថាជា « ប្រដាប់បកប្រែ » ។ ក្នុងអំឡុងពេលនៃការបកប្រែព្រះគម្ពីរមរមន យ៉ូសែប ស្ម៊ីធ បានប្រើឧបករណ៍ទាំងពីរនេះយ៉ាងប្រាកដ—ប្រដាប់បកប្រែ និងត្បូងនៃអ្នកមើលឆុតរបស់លោក—ជំនួសគ្នាទៅវិញទៅមក ។ វាដំណើរការដូចគ្នាជាច្រើន ហើយជួនកាលពួកបរិសុទ្ធនៅសម័យដើមបានប្រើពាក្យ « យូរីម និង ធូមីម » ដើម្បីសំដៅទៅលើត្បូងនៃអ្នកមើលឆុត ក៏ដូចជាប្រដាប់បកប្រែផងដែរ ។ ព្យាការីក៏បានទទួលវិវរណៈមួយចំនួនដែលមាននៅសព្វថ្ងៃនេះនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា តាមរយៈឧបករណ៍នៃវិវរណៈទាំងនេះផងដែរ ។ នៅពេលយ៉ូសែបកាន់តែមានបទពិសោធន៍ក្នុងកិច្ចការខាងវិញ្ញាណ នៅទីបំផុតលោកបានចាប់ផ្តើមទទួលវិវរណៈដោយគ្មានជំនួយទាំងនេះឡើយ ។
ប្រធានបទដែលទាក់ទង ៖ ការបកប្រែព្រះគម្ពីរមរមន, ការស្វែងរកវត្ថុមានតម្លៃ, ការជំនុំជម្រះក្តីរបស់ យ៉ូសែប ស្ម៊ីធ នៅឆ្នាំ១៨២៦