ប្រវត្តិ​សាសនាចក្រ
ការស្វែងរក​វត្ថុ​មាន​តម្លៃ


« ការស្វែងរក​វត្ថុ​មាន​តម្លៃ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« ការស្វែងរក​វត្ថុ​មាន​តម្លៃ »

ការស្វែងរក​វត្ថុ​មាន​តម្លៃ

ពួក​អ្នករិះគន់​របស់ យ៉ូសែប ស្ម៊ីធ ជារឿយៗ​ព្យាយាម​មើលងាយ​លោក ដោយ​ហៅ​លោក​ថា​ជា​អ្នក​ជីក​រក​លុយ ឬ​ជា​អ្នក​ស្វែងរក​វត្ថុ​មាន​តម្លៃ ។ ជំនួស​ឲ្យ​ការបដិសេធ​នូវ​ការចោទ​ប្រកាន់​នេះ យ៉ូសែប​បាន​ទទួលស្គាល់​នៅក្នុង​ប្រវត្តិ​ផ្លូវការ​របស់លោក​ថា នៅ​ឆ្នាំ១៨២៥ យ៉ូសៀស ស្តូវែល បាន​ជួល​លោក​ឲ្យជួយ​ក្នុង​សកម្មភាព​ស្វែងរក​វត្ថុ​មាន​តម្លៃ​នៅភាគ​ខាងជើង រដ្ឋផែនសិលវេញ៉ា ។ ស្តូវែល​ចង់​ឲ្យ​លោក​ជួយ​ ពីព្រោះ​យ៉ូសែប​ត្រូវ​បាន​អ្នកជិតខាង​ខ្លះ​ដាក់​ឈ្មោះ​ឲ្យថា​ជា « អ្នក​មើលឆុត »—ជា​អ្នក​ដែល​អាច​រកឃើញ​វត្ថុ​ដែល​បាត់ ឬ​កប់​លាក់​ទុក​ដោយ​ប្រើ​ត្បូង​ពិសេស​មួយ ។

« ការមើល​ឃើញ » និង « អ្នក​មើលឆុត » គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដែល យ៉ូសែប ស្ម៊ីធ បាន​ធំ​ដឹងក្តី​ឡើង ។ មនុស្ស​មួយ​ចំនួន​នៅ​ដើម​សតវត្សរ៍ទី១៩ ជឿ​ថា សម្រាប់​បុគ្គល​ដែល​មាន​អំណោយទាន​ដើម្បី​មើលឃើញ​វត្ថុ​ដែល​បាត់ តាមរយៈ​ការប្រើ​វត្ថុ​ដូច​ជា​ត្បូង គឺ​អាច​មាន​ពិត​មែន ។ យ៉ូសែប ស្ម៊ីធ និង​ក្រុមគ្រួសារ​របស់​លោក ក៏​ដូចជា​មនុស្ស​ជាច្រើន​ដែល​នៅ​ជុំវិញ​ពួកលោក​ដែរ បានទទួល​យក​ទំនៀម​ទម្លាប់​ដែល​មាន​ប្រជាប្រិយភាព​ទាំងនេះ ។

នៅក្នុង​ទសវត្សរ៍​ឆ្នាំ១៨២០ មាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ទៅលើ​អ្វី​ដែល​អះអាង​ថាជា​កំណប់ ដែលបាន​កប់ទុក​របស់​ប្រទេស​អេស្ប៉ាញ បាន​ជម្រុញ​ឲ្យពួក​អ្នកស្វែងរក​រ៉ែ​ដូចជា យ៉ូសៀស ស្តូវែល ទៅរក​ជំនួយពី​ពួក​អ្នកមើលឆុត​ដូចជា​យ៉ូសែប ក្នុង​ការស្វែងរក​វត្ថុ​មាន​តម្លៃ​របស់​ពួកគេ ។ ស្តូវែល​បាន​ទុកចិត្ត​លើ​យ៉ូសែប ក៏​បាន​ទៅរក​ជំនួយ​ពី​លោក​ក្នុងការ​ស្វែងរក​វត្ថុ​មាន​តម្លៃ ហើយ​ថែមទាំង​ធ្វើ​តាម​ដំបូន្មាន​របស់​លោក ដោយ​ចុងក្រោយ​បាន​បោះបង់​ចោល​ការស្វែងរក​នោះ ។ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ បាន​ចាត់ទុក​សមត្ថភាព​របស់​កូនប្រុស​គាត់​ថាជា​សមត្ថភាព​ពិសិដ្ឋ ហើយ​សង្ឃឹម​ថា​គាត់​នឹង​ឈប់​ប្រើ​សមត្ថភាព​នេះ ដើម្បី​ស្វែងរក​វត្ថុ​មាន​តម្លៃ​នៅលើ​ផែនដី ។ នៅពេល​យ៉ូសែប​កំពុង​រៀបចំ​ខ្លួន​បកប្រែ​ព្រះគម្ពីរ​មរមន លោក​ត្រូវបាន​បញ្ជា​ឲ្យ​បញ្ឈប់​ការទាក់ទង​ទាំងស្រុង​ជាមួយ​នឹង​អ្នក​ដែល​ស្វែងរក​វត្ថុ​មាន​តម្លៃ ហើយ​ឲ្យ​ប្រើ​អំណោយទាន​របស់លោក​ដើម្បី​បកប្រែ និង​ស្វែងរក​វិវរណៈ​ជំនួស​វិញ ។

ទោះ​បី​ជា​វា​មិនមែន​ជា​រឿង​ចម្លែក​នៅក្នុង​សម័យ និង​ទីកន្លែង​របស់ យ៉ូសែប ស្ម៊ីធ ក្នុង​ការជួប​នឹង​មនុស្ស​ដែល​អះអាង​ថា​ប្រើ​ត្បូង ដើម្បី​ស្វែងរក​វត្ថុ​ដែល​បាត់ ឬ​កប់​លាក់​ទុក​ក៏ដោយ ក៏​ការប្រើ​ត្បូង​អ្នកមើលឆុត​ដើម្បី​បកប្រែ​បញ្ជី​ពី​បុរាណ គឺ​មិន​ដែល​ធ្លាប់ឮ​នោះ​ទេ ។ ព្រះ​បាន​ប្រទាន​អំណាច​ដល់ យ៉ូសែប ស្ម៊ីធ ដើម្បី​បកប្រែ​ព្រះគម្ពីរ​មរមន ដោយ​បង្វែរ​ការប្រើ​ត្បូង​នៃ​អ្នកមើលឆុត​របស់​យ៉ូសែប​ទៅ​ធ្វើ​កិច្ចការ​នៃ​និស្ស័យ​ខាងវិញ្ញាណ​វិញ ។

ប្រធានបទ​ដែល​ទាក់ទង ៖ ការបកប្រែ​ព្រះគម្ពីរ​មរមន, ត្បូង​នៃ​អ្នកមើលឆុត, ការជំនុំ​ជម្រះ​ក្តី​របស់ យ៉ូសែប ស្ម៊ីធ នៅ​ឆ្នាំ១៨២៦