ប្រវត្តិ​សាសនាចក្រ
សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន


« សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន »

សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន

ការបោះពុម្ព​លើក​ដំបូង​នៃ​ព្រះគម្ពីរ​មរមន បានបង្ហាញ​ទីបន្ទាល់​ពីរ ៖ មួយ​សរសេរ​ដោយ​ក្រុម​នៃ​ពួក​សាក្សី​បីនាក់ និង​មួយទៀត​ដោយ​ក្រុម​នៃ​ពួក​សាក្សី​ប្រាំបីនាក់ ។ ពួក​សាក្សី​បីនាក់ ( អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារិស ) បាន​ប្រកាសថា ទេវតា​មួយ​អង្គ​របស់​ព្រះ​បានលេច​មក​ចំពោះ​ពួកលោក ហើយបាន​បង្ហាញ​ពួកលោក​នូវ​ផ្ទាំង​ចំណារ​នៃ​ព្រះគម្ពីរ​មរមន ហើយ​ពួកលោក​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ប្រកាសថា ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ត្រូវបាន​សម្រេច « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃព្រះ » ។ បទពិសោធន៍​នេះ​បានកើត​ឡើង​នៅខែ​មិថុនា ឆ្នាំ​១៨២៩ នៅជិតផ្ទះ​របស់ ពេត្រុស វិតមើរ ស៊ីញ្ញ័រ នៅក្រុង​ហ្វាយែត រដ្ឋញូវយ៉ក ។ ពួក​សាក្សី​ប្រាំបី​នាក់​បន្ថែមទៀត ( សមាជិក​នៃ​គ្រួសារ​ស្ម៊ីធ និង​គ្រួសារ​វិតមើរ ) បាន​ប្រកាស​ថា យ៉ូសែប ស្ម៊ីធ ផ្ទាល់​បាន​បង្ហាញ​ផ្ទាំង​ចំណារ​ទាំងនោះ​ដល់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ម្នាក់ៗ « កាន់ » វត្ថុបុរាណ​នោះ និង​ពិនិត្យ​មើល​ការឆ្លាក់​របស់វា​ផងដែរ ។ មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​មាន​បទពិសោធន៍​ផ្ទាល់​ជាមួយនឹង​ផ្ទាំងចំណារ​ទាំងនេះ ឬបាន​ឃើញ​ការបកប្រែ​ព្រះគម្ពីរ​មរមន​របស់ យ៉ូសែប ស្ម៊ីធ ។

រូបគំនូរ​របស់​បុរស​បីនាក់​កំពុង​លុត​ជង្គង់​នៅចំពោះ​មុខ​ទេវតា​មរ៉ូណៃ ដែល​កំពុងកាន់​ផ្ទាំងចំណារ​មាស

ការពិពណ៌នា​របស់​វិចិត្រករ​អំពី​មរ៉ូណៃ​កំពុង​បង្ហាញ​ផ្ទាំង​ចំណារ​ទៅដល់ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង យ៉ូសែប ស្ម៊ីធ ។

ពួកសាក្សី​ផ្សេងទៀត​នៃ​ផ្ទាំង​ចំណារ

សមាជិក​គ្រួសារ​ស្ម៊ីធ​បាន​រំឭក​ឡើងវិញ​ពី​ការជួយ​យ៉ូសែប​ប្តូរ​ទីតាំង ឬ​លាក់​ផ្ទាំង​ចំណារ​នេះ​ពី​សត្រូវ​របស់​លោក ។ ប្អូនស្រី​របស់​យ៉ូសែប​ឈ្មោះ ខាថារីន ក្រោយមក​បាន​ប្រាប់​ស្វាមី​របស់​នាងថា មាន​គ្រាមួយ​នាង​បាន​ព្យាយាម​ផ្លាស់ទី​ផ្ទាំងចំណារ​នោះ​ដែល​គ្រប​ក្រណាត់​នៅលើ​តុ ប៉ុន្តែ​វា​ធ្ងន់​ខ្លាំង​ណាស់ ។ ប្អូនប្រុស​របស់​យ៉ូសែប​ដែល​មាន​ឈ្មោះ​ថា វិល្លាម បាន​រំឭក​ឡើងវិញ​ថា គ្រួសារ​ទាំងមូល​បានឃើញ​យ៉ូសែប​ស្ពាយ​ផ្ទាំងចំណារ​នៅក្នុង​បាវ ហើយ​ថែមទាំង​បាន​ប៉ះ​ដឹង​ពី​រូបរាង​របស់​វា​តាម​ក្រណាត់​ផង​ដែរ ។ ភរិយា​របស់​យ៉ូសែប​ឈ្មោះ អិមម៉ា បាន​ប្រាប់​កូន​ប្រុស​របស់​គាត់​ថា គាត់​ប៉ះ​ដឹង​ពី​គែម និង​សន្លឹក​របស់​ផ្ទាំងចំណារ​ទាំងនោះ ទោះជា​គាត់​មិន​ដែល​បានឃើញ​វា​ក៏​ដោយ ។ អ្នក​ជិតខាង​របស់ លូស៊ី ម៉ាក ស្ម៊ីធ នៅ​រដ្ឋអូហៃអូ ដែល​មាន​ឈ្មោះ​ថា សារ៉ា ប្រេដហ្វដ ផាកកឺ គ្រា​មួយ​ធ្លាប់​បានសុំ​លូស៊ី​ដើម្បី​មើល​ផ្ទាំង​ចំណារ​នោះ ។ យោង​តាម​អ្នកស្រី​ផាកកឺ នោះ​លូស៊ី​បាន​ឆ្លើយតប​ថា « គាត់​មិន​បាន​មើលឃើញ​ផ្ទាំងចំណារ​ទាំងនោះ​ទេ ប៉ុន្តែ​គាត់​បាន​លើក និង​ប៉ះ​វា ។ លើសពី​នេះ ដាវីឌ និង ចន ស៊ី វិតមើរ បានផ្តល់​ការសម្ភាសន៍​ជាច្រើន​នៅ​ចន្លោះ​ឆ្នាំ១៨៧៧ និង​ឆ្នាំ១៨៨៨ ដែល​ពួកគេ​បាន​ប្រកាស​ថា ទេវតា​មួយ​អង្គ​បាន​លេចមក​ចំពោះ​ម្តាយ​របស់​ពួកគេ​ឈ្មោះ ម៉ារី វិតមើរ ហើយ​បាន​បង្ហាញ​ដល់​គាត់​នូវ​ផ្ទាំងចំណារ​នោះ ។

ភាពអាច​ទុកចិត្ត​របស់​ពួក​សាក្សី​បី​នាក់

ខណៈ​ដែល​ទីបន្ទាល់​របស់​ពួកសាក្សី​ប្រាំបី​នាក់​បានបញ្ជាក់​ពី​ការពិត​ជាក់ស្តែង​នៃ​ផ្ទាំងចំណារ​ទាំងនោះ នោះ​ពួកសាក្សី​បីនាក់​មាន​ទំនួលខុសត្រូវ​បន្ថែម​ទៀត​ក្នុង​ការថ្លែង​ទីបន្ទាល់​ថា បទពិសោធន៍​របស់ពួកគេ​ក្នុង​នាម​ជា​សាក្សី និង​ការបកប្រែ​នៃ​ផ្ទាំងចំណារ​ទាំងនោះ អាចកើត​មាន​ឡើងបាន​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ វិវរណៈ​មួយ​នៅ​ខែមិថុនា ឆ្នាំ១៨២៩ បាន​ផ្ដល់​ការណែនាំ​ជាក់លាក់​ដល់​ពួកសាក្សី​បីនាក់ ទាក់ទង​ទៅនឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ផ្ទាំង​ចំណារ​ទាំងនោះ ។ ព្រះអម្ចាស់​បាន​បង្គាប់​ថា សូម « ធ្វើ​ទី​បន្ទាល់​ថា អ្នក​បាន​ឃើញ​របស់​ទាំង​នោះ​ដូច​ជា យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​បាន​ឃើញ​ដែរ ដ្បិត​គឺ​ដោយសារ​អំណាច​របស់​យើង​នោះ​ហើយ ដែល​លោក​បាន​ឃើញ​របស់​ទាំង​នោះ » ។ វិវរណៈ​នេះ​បានពន្យល់​បន្ថែមទៀត​ថា « គឺ​ដោយសារ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ​របស់​ទាំង​ឡាយ » ។ ដូច្នេះហើយ ដាវីឌ វិតមើរ បានថ្លែង​ទីបន្ទាល់ថា លោក​បាន​ឃើញ​ផ្ទាំងចំណារ « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃព្រះ » ។

នៅឆ្នាំ១៨៣៨ សមាជិក​សាសនាចក្រ​ដែលមិន​ពេញចិត្ត​ម្នាក់​ឈ្មោះ ស្ទីហ្វិន ប៊ឺណេត បាន​អះអាង​ថា ម៉ាទិន ហារិស បាន​បដិសេធ​ថា បាន​ឃើញ​ផ្ទាំង​ចំណារ « ដោយ​ភ្នែក​ខាង​សាច់ឈាម​របស់​គាត់ » ។ ដោយ​ដកស្រង់​ភាសា​នៃ​វិវរណៈ​នេះ ប៊ឺណេត​បាន​អះអាង​ថា ដើម្បី​មើលឃើញ​ដោយ​ព្រះចេស្ដា​នៃព្រះ​គឺ​មានន័យ​ថា​ពួកសាក្សី​ទាំងនោះ​បានមើល​ផ្ទាំង​ចំណារ​នោះ​តែ « នៅក្នុង​ការនិមិត្ត ឬ​ការស្រមើល​ស្រមៃ » ប៉ុណ្ណោះ ។ ហារិស​មាន​អារម្មណ៍​ថា មាន​ការយល់​ច្រឡំ ហើយ​បាន​ព្យាយាម​ធ្វើការ​បញ្ជាក់​សេចក្តី​ថ្លែងការណ៍​ពីមុន​របស់​គាត់​ភ្លាមៗ ។ ដោយ​ពិបាក​បរិយាយ​ពី​បទពិសោធន៍​នោះ លោក​បាន​និយាយថា ដោយ​យោងតាម​ប៊ឺណេត គាត់​បាន​ថ្លែងថា គាត់​បាន​មើលឃើញ​ផ្ទាំងចំណារ​នោះ ហាក់​ដូចជា​គាត់ « បាន​ឃើញ​ទីក្រុង​មួយ​តាមរយៈ​ភ្នំ​មួយ » ។

ពួក​គ្រីស្ទាន​ជាច្រើន​នៅក្នុង​សម័យ​របស់​ហារិស ជឿថា វា​មាន​គ្រោះថ្នាក់ ឬ​មិន​អាចទៅ​រួចទេ​ក្នុង​ការធ្វើជា​សាក្សី​នៃ​រឿង​ដ៏​ទេវភាព​ជាមួយ​នឹង​អារម្មណ៍​រាងកាយ ។ ជំនឿ​នេះ​ត្រូវបាន​ចាក់​ឫស​នៅក្នុង​ដំណើររឿង​មកពី​ព្រះគម្ពីរ​ប៊ីប ។ ឧទាហរណ៍ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ សាសន៍​អ៊ីស្រាអែល​ដែល​បាន​មើល​ទៅ​ហិប​នៃ​សេចក្ដី​សញ្ញា​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ ត្រូវបាន​បំផ្លាញ​ចោល ។ ជាធម្មតា វត្តមាន​របស់​ព្រះ​ត្រូវបាន​លាក់បាំង​នៅពី​ក្រោយ​វាំងនន ឬពពក​ផ្សែង​ដើម្បី​ការពារ​ភ្នែក​របស់អ្នក​ដែល​មិនបាន​រៀបចំ​ខ្លួន​ខាងវិញ្ញាណ ។ វិវរណៈ​ដំបូង​មួយ​របស់ យ៉ូសែប ស្ម៊ីធ បាន​បញ្ជាក់​ស្រដៀង​គ្នា​ថា មនុស្ស​មិន​អាច​មើល​ឃើញ​ព្រះ​ដោយ « ភ្នែក​ខាង​សាច់ឈាម » របស់​ពួកគេ​បានទេ លុះត្រា​តែ​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ចោល ។ ទោះជាយ៉ាងណា ពួកគេ​អាច​ធ្វើជា​សាក្សី​នៃ​សិរីរុង​រឿង​របស់ទ្រង់​ដោយ « ភ្នែក​ខាងវិញ្ញាណ » ប្រសិនបើ​ពួកគេ​ត្រូវបាន​ផ្លាស់ប្តូរ ឬ « បាន​ប្រោស​ឡើង​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ » ។

ម៉ាទិន ហារិស បានចាត់​ទុក​បទពិសោធន៍​របស់​ពួក​សាក្សី​ជាមួយនឹង​ទេវតា និង​កំណត់ត្រា​បុរាណ​គ្រាន់តែ​ជាការជួប​ប្រទះ​ជាមួយ​រឿង​ដ៏​ទេវភាព ស្រដៀង​ទៅ​នឹង​ការនិមិត្ត​របស់ យ៉ូសែប ស្ម៊ីធ នោះដែរ ។ ដោយដឹង​ពី​ការព្រមាន​ដ៏​តឹងរឹង​នៃ​បទគម្ពីរ គាត់​តែងតែ​និយាយ​អំពី​ភាពមិន​គ្រប់គ្រាន់​ដែល​គាត់​មាន​អារម្មណ៍​នៅពេល​គាត់​បាន​ធ្វើជា​សាក្សី​អំពី​ផ្ទាំងចំណារ​នេះ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់​បាន​ប្រើ​ឃ្លា​ផ្សេងៗគ្នា ដើម្បី​ពិពណ៌នា​អំពី​ការជួប​ដ៏​អស្ចារ្យ​របស់​គាត់ ។ នៅពេល​ត្រូវបាន​សួរ​ដោយ​អ្នក​សម្ភាសន៍​ផ្សេងៗ​ដើម្បី​បញ្ជាក់ថា តើ​គាត់​ពិតជា​បាន​ឃើញ​ផ្ទាំងចំណារ​នោះ​ដែរទេ គាត់បាន​និយាយ​ទាំង​អំពី​ការមើល​ឃើញ​វា​ដោយ « ភ្នែក​ខាងវិញ្ញាណ » ដោយ​សង្កត់ធ្ងន់​លើ​គុណភាព​មិន​ធម្មតា និង​ពិសិដ្ឋ​នៃ​បទពិសោធន៍​នោះ និង​ជាមួយនឹង​អារម្មណ៍​ខាងសាច់ឈាម​របស់គាត់​ផងដែរ ។ មាន​គ្រា​មួយ​គាត់​បាន​បញ្ជាក់ថា​« ដូចជា​អ្នក​កំពុង​ឈរ​នៅទីនោះ ហើយ​មើល​ឃើញ​ខ្ញុំ ប្រាកដណាស់​ដូចគ្នា​នឹង​ខ្ញុំ​បានមើល​ឃើញ​ទេវតា​កាន់​ផ្ទាំង​ចំណារ​មាស​នោះ​នៅក្នុង​ដៃ​ដែរ » ។ ដាវីឌ វិតមើរ បាន​រៀបរាប់​ទាំង​ខាងវិញ្ញាណ និង​ខាងសាច់ឈាម​នៃ​បទពិសោធន៍​របស់​ពួក​សាក្សី​ស្រដៀង​គ្នា​នេះ​ដែរ ។ គាត់​បាន​ពន្យល់ថា « ជា​ការពិតណាស់​យើង​បាន​ស្ថិត​នៅក្នុង​វិញ្ញាណ​នៅពេល​ដែល​យើង​មាន​ទិដ្ឋភាព​នោះ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​មុខ​របស់​ទេវតា​មួយ​អង្គ​បាន​ឡើយ លើកលែងតែ​នៅក្នុង​ទិដ្ឋភាព​ខាងវិញ្ញាណ ប៉ុន្តែ​យើង​បាន​ស្ថិតនៅ​ក្នុង​រាងកាយ​ផងដែរ ហើយអ្វី​គ្រប់យ៉ាង​គឺ​ធម្មតា​សម្រាប់​យើង ដូច​នៅពេល​ណាៗ » ។

គំនូរ​អំពី ម៉ាទិន ហារិស

គំនូរ​អំពី ម៉ាទិន ហារិស ដោយ លូវីស អេ រ៉ាមស៊ី

ពួកសាក្សី​បីនាក់​ម្នាក់ៗ​បាន​បង្ហាញ​សាក្សី​ម្តងហើយ​ម្តងទៀត​អំពី​បទពិសោធន៍​ជាសាក្សី​របស់​ពួកគេ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែលបាន​បោះពុម្ព​ផ្សាយ បទសម្ភាសន៍ និង​ការសន្ទនា​ឯកជន ។ មិនមែន​ដំណើររឿង​សាក្សី​ទាំងអស់​សុទ្ធតែ​ជា​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ដូចគ្នា​ទេ ។ រឿង​មួយ​ចំនួន​គឺជា​លទ្ធផល​នៃ​ការសម្ភាសន៍​ដោយ​មនុស្ស​ដែល​ប្រឆាំង​ចំពោះ​ទីបន្ទាល់​របស់​ពួកសាក្សី ។ រឿង​ផ្សេងទៀត​ត្រូវបាន​កត់ត្រា​ជាច្រើន​ឆ្នាំ ឬ​ទសវត្សរ៍​បន្ទាប់ពី​ទីន្ទាល់​នោះ​ត្រូវបាន​ផ្តល់ឲ្យ ។ ទោះបីជា​របាយការណ៍​នៃ​សេចក្តី​ថ្លែងការណ៍​របស់​ពួកគេ​ប្រែប្រួល​នៅក្នុង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ក៏ដោយ ជាទូទៅ​វា​មាន​ភាព​ស្របគ្នា និង​ប្រកាន់ខ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការណែនាំ​របស់វិវរណៈ​នោះ ។

ថ្វីបើ​មាន​ភាពខុសគ្នា​ជាមួយ​នឹង យ៉ូសែប ស៊្មីធ ដែល​បាន​នាំ​ឲ្យ​ពួក​សាក្សី​ទាំង​បី​នាក់​ចែក​ផ្លូវ​គ្នា​ពី​សាសនាចក្រ​រៀងៗ​ខ្លួនក្តី ( ខៅឌើរី និង​ហារិស ក្រោយមក​បាន​ត្រឡប់​មក​សាសនាចក្រ​វិញ ) ក៏​ពួកគេ​បាន​នៅតែ​បន្ដ​បញ្ជាក់​ទីបន្ទាល់​របស់​ពួកគេ​ថា ពួកគេ​ជា​សាក្សី​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ផងដែរ » ។ ដូចគ្នា​ដែរ ពួកសាក្សី​ទាំង​ប្រាំបី​នាក់​បាន​បញ្ជាក់​ជា​ថ្មី​ពី​ទីបន្ទាល់​របស់​ខ្លួន​ថា បាន​កាន់​ផ្ទាំង​ចំណារ​ទាំងនោះ ទោះជា​ពួកគាត់​ខ្លះ​បាន​ចាកចេញ​ពី​សាសនាចក្រ​នៅ​ចុង​បញ្ចប់​ក្ដី ។ សេចក្ដី​ថ្លែងការណ៍​ដ៏​ច្រើន​របស់​ពួកគេ​រួម​បញ្ចូល​គ្នា ដែល​បាន​ផ្ដល់​មក​រាប់​ឆ្នាំ ហើយ​ថ្វីបើ​អត្តចរិត​របស់ពួកគេ​ប្រែប្រួល​ចំពោះ យ៉ូសែប ស៊្មីធ និង​សាសនាចក្រ​ក្ដី ក៏​វា​ជា​សាក្សី​ដ៏​មាន​អនុភាព​នៃ​ការអាច​ទុកចិត្ត​បាន​លើ​សេចក្ដី​ថ្លែងការណ៍ ដែល​ពួកគេ​បាន​បោះពុម្ព​ក្នុង​ព្រះគម្ពីរ​មរមន​ដែរ ។

ប្រធានបទ​ដែល​ទាក់ទង ៖ ការបកប្រែ​ព្រះគម្ពីរ​មរមន , ការពិគ្រោះ​យោបល់​របស់ ម៉ាទិន ហារិស ជាមួយ​ពួក​អ្នកប្រាជ្ញ , ទេវតា​មរ៉ូណៃ

កំណត់ចំណាំ

  1. « Appendix 4: Testimony of Three Witnesses, Late June 1829 » josephsmithpapers.org; « Appendix 5: Testimony of Eight Witnesses, Late June 1829 » josephsmithpapers.org ។ សូមមើល​ផង​ដែរ យ៉ូសែប ស្ម៊ីធ « History, 1838–1856, volume A-1 [23 December 1805–30 August 1834] » ទំព័រ​២៤–២៦, នៅលើ​គេហទំព័រ josephsmithpapers.org ។ ពួក​សាក្សី​ប្រាំបី​នាក់ ៖ គ្រីស្ទាន វិតមើរ, យ៉ាកុប វិតមើរ, ពេត្រុស វិតមើរ, យ៉ូហាន វិតមើរ, ហៃរាំ ភេជ, យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ, ហៃរុម ស៊្មីធ និង សាំយូអែល អេច ស៊្មីធ ។

  2. សម្រាប់​ដំណើររឿង​សាក្សី​អំពី​ដំណើរការ​ការបកប្រែ សូមមើល « Book of Mormon Translation » សំណេរ​ប្រធាន​បទ​ដំណឹងល្អ, នៅលើ​គេហទំព័រ topics.churchofjesuschrist.org ។

  3. ជេនីស អិល ចនសុន « ‹ The Scriptures Is a Fulfilling ›: Sally Parker’s Weave » BYU Studies, ភាគ ៤៤, ល.រ. ២ ( ឆ្នាំ​២០០៥ ) ទំព័រ ១១៦; spelling modernized ។

  4. សូមមើល អេឌវឺដ ស្ទីវិនសុន « The Thirteenth Witness to the Plates of the Book of Mormon » Juvenile Instructor, ភាគ ២៤ ( ថ្ងៃទី១ ខែមករា ឆ្នាំ១៨៨៩ ) ទំព័រ ២២–២៣; អាន់ឌ្រូ ជេនសិន Historical Record, ភាគ ៧ លេខ ៨–១០ ( ខែតុលា ឆ្នាំ១៨៨៨ ) ទំព័រ ៦២១ ។

  5. « Revelation, June 1829–E [D&C 17] »​នៅក្នុង Revelation Book 2 ទំព័រ ១១៩–១២០, នៅលើ​គេហទំព័រ josephsmithpapers.org ។

  6. Stephen Burnett letter to Lyman Johnson, Apr. 15, 1838, in Letterbook ទំព័រ ២, ៦៤, នៅលើ​គេហទំព័រ josephsmithpapers.org ។

  7. សូមមើល សាំយូអែល ទី​១ ៦:១៩–២០; និក្ខំមនំ ១៩:៧–២៣ ។

  8. ម៉ូសេ ១:១១; គ និង ស ៦៧:១១ ។ សូម មើល ផងដែរ អេធើរ ១២:១៩ ។

  9. សេចក្ដី​ថ្លែងការណ៍ ចន ហ្គីលបឺត នៅក្នុង​« Mormon Leaders at Their Mecca » New York Herald ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៩៣ ទំព័រ ១២ ។ សូមមើល អេលីហ្សាប៊ែត ម៉ត « The Forbidden Gaze: The Veiling of the Gold Plates and Joseph Smith’s Redefinition of Sacred Space » វិទ្យាស្ថាន ណែល អេ ម៉ាកស្វែល, សិក្ខាសាលា​រដូវក្ដៅ​អំពី​វប្បធម៌​មរមន Working Papers ឆ្នាំ​២០១១ ។

  10. អូលេ អេ ជេនសិន បានដកស្រង់​នៅក្នុង ជេ អិម ស្ចូដាល « The Credibility of the Witnesses » Improvement Era ភាគ ២៦ លេខ ១១ ( ខែកញ្ញា ឆ្នាំ១៩២៣ ) ទំព័រ ៩៧៥ ។ អូលេ អេ ជេនសិន បាន​សម្ភាសន៍ ហារិស នៅក្នុង​ឆ្នាំ១៨៧៥ ។

  11. « Letter of David Whitmer to Anthony Metcalf, March 1887 » នៅក្នុង David Whitmer Interviews: A Restoration Witness កែសម្រួល​ដោយ លីដុន ដបុលយូ ឃុក ( ទីក្រុង អូរឹម រដ្ឋ​យូថាហ៍ ៖ Grandin Books ឆ្នាំ១៩៩១ ) ៖ ទំព័រ ២៤៦–២៤៧ ។

  12. សម្រាប់​បទសម្ភាសន៍​ដែល​បាន​កត់ត្រា​របស់ ដាវីឌ វិតមើរ សូមមើល កែសម្រួល​ដោយ លីដុន ដបុលយូ ឃុក David Whitmer Interviews: A Restoration Witness ( ទីក្រុង​អូរឹម រដ្ឋ​យូថាហ៍ ៖ Grandin Book ឆ្នាំ១៩៩១ ) ។ សម្រាប់​ឧទាហរណ៍​នៃ​ការសម្ភាសន៍ ម៉ាទិន ហារិស សូមមើល « Mormonism—No. II » Tiffany’s Monthly ភាគ ៥ ( ខែសីហា ឆ្នាំ១៨៥៩ ) ទំព័រ ១៦៣–១៧០; « Martin Harris and the Book of Mormon » Improvement Era, ភាគ ២៦ លេខ ១០ ( ខែកញ្ញា ឆ្នាំ១៩២៣ ) ទំព័រ ៩៨០–៩៨១; « “A Witness to the Book of Mormon » Iowa State Register ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៨៧០; ចន អេ ក្លាក, « Gleanings by the Way: No. VII » Episcopal Recorder ភាគ ១៨ លេខ ២៥ ( ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៨៤០ ) ទំព័រ ៩៨–៩៩; ចន អេច ហ្គីលបឺត « Memorandum, made by John H. Gilbert Esq, Sept. 8th, 1892 Palmyra, N.Y. » បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ, ទីកក្រុង សលត៍ លេក ។

  13. អូលីវើរ ខៅឌើរី ត្រូវបាន​កាត់កាល​ចេញ​ពី​សាសនាចក្រ​នៅក្នុង​ឆ្នាំ១៨៣៨, ម៉ាទិន ហារិស នៅក្នុង​ឆ្នាំ១៨៣៧ និង ដាវីឌ វិតមើរ បានចាក​ចេញពី​សាសនាចក្រ​នៅ​ឆ្នាំ១៨៣៨ ។ ខៅឌើរី​ត្រូវបាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឡើងវិញ​នៅក្នុង​ឆ្នាំ១៨៤៨; ហារិស​ត្រូវបាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឡើងវិញ​នៅក្នុង​ឆ្នាំ១៨៧០ ។