« ការពិគ្រោះយោបល់របស់ ម៉ាទិន ហារិស ជាមួយពួកអ្នកប្រាជ្ញ » ប្រធានបទប្រវត្តិសាសនាចក្រ
ការពិគ្រោះយោបល់របស់ ម៉ាទិន ហារិស ជាមួយពួកអ្នកប្រាជ្ញ
ការពិគ្រោះយោបល់របស់ ម៉ាទិន ហារិស ជាមួយពួកអ្នកប្រាជ្ញ
នៅខែកុម្ភៈ ឆ្នាំ១៨២៨ ម៉ាទិន ហារិស បានធ្វើដំណើរទៅទីក្រុងញូវយ៉ក ជាមួយនឹងតួអក្សរមួយចំនួនចម្លងចេញពីផ្ទាំងចំណារនៃព្រះគម្ពីរមរមន ដោយមានបំណងបង្ហាញវាដល់ពួកអ្នកប្រាជ្ញនៅគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាពបំផុតមួយចំនួននៅក្នុងសហរដ្ឋអាមេរិក ។ ហារិសបានរៀបរាប់ដំណើររឿងនៃការធ្វើដំណើរនេះជាច្រើនដងក្នុងជីវិតរបស់គាត់ ជាញឹកញាប់ទៅកាន់ពួកអ្នកសម្ភាសន៍ដែលចង់ដឹងអំពីបទពិសោធន៍ដំបូងៗរបស់គាត់នៅក្នុងសាសនាចក្រ ។ ឆាល អាន់តុន ដែលជាសាស្ត្រាចារ្យម្នាក់ក្នុងចំណោមសាស្រ្តាចារ្យជាច្រើនដែលហារិសបានជួប ដែលបញ្ជាក់ថា ការប្រជុំនោះពិតជាបានកើតឡើងមែន ។ ប៉ុន្តែការខ្វែងគំនិតគ្នារវាងដំណើររឿងប្រវត្តិសាស្ត្រទាំងនេះ បានបន្សល់នូវសំណួរមួយចំនួនអំពីការធ្វើដំណើរដែលមិនមានចម្លើយ ។
រូបគំនូររបស់ ម៉ាទិន ហារិស ដោយ លូវីស អេ រ៉ាមស៊ី
ការលើកទឹកចិត្តរបស់ហារិស
ឧទាហរណ៍ ប្រភពទាំងឡាយចង្អុលបង្ហាញពីការលើកទឹកចិត្ត ដែលអាចកើតមានជាច្រើនដងសម្រាប់ការធ្វើដំណើរនេះ ។ ដំណើររឿងខ្លះបង្ហាញថា ព្រះអម្ចាស់បានបញ្ជាឲ្យហារិសធ្វើដំណើរ ខណៈខ្លះទៀតចង្អុលបង្ហាញថា យ៉ូសែប ស្ម៊ីធ ឬ ហារិស ខ្លួនឯងជាអ្នកជំរុញ ។ ហារិសប្រហែលជាសង្ឃឹមថា ការអះអាងគាំទ្រពីពួកអ្នកប្រាជ្ញនឹងបំពេញចិត្តភរិយារបស់គាត់ លូស៊ី ដែលមានការសង្ស័យចំពោះគម្រោងបកប្រែ ឬជួយគាត់ឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន មុនពេលសម្រេចចិត្តជួយផ្តល់ហិរញ្ញប្បទានដល់ការបកប្រែនេះ ។ ប្រភពផ្សេងទៀតបញ្ជាក់ថា ហារិសសង្ឃឹមថានឹងទទួលបានដំបូន្មានពីពួកអ្នកប្រាជ្ញអំពីរបៀបបកប្រែ ។
ពួកអ្នកប្រាជ្ញបានពិគ្រោះយោបល់
នៅគ្រានៃការធ្វើដំណើររបស់ ម៉ាទិន ហារិស ។ លោកទាំងពីរ យ៉ូសែប ស្ម៊ីធ និង ហារិស ហាក់មិនបានដឹងច្រើនអំពីភាសានៅលើផ្ទាំងចំណារនោះទេ ។ យោងតាមដំណើររឿងនៅពេលក្រោយមករបស់យ៉ូសែប ទេវតាដែលប្រគល់ផ្ទាំងចំណារឲ្យទៅលោកបានបង្ហាញថា វាជាកំណត់ត្រារបស់អាមេរិកពីបុរាណ ។ ជំនួសឲ្យការស្វែងរកពួកអ្នកប្រាជ្ញដែលមានចំណេះដឹងអំពីអក្សរអេស៊ីព្ទ ( យ៉ូសែបក្រោយមកបានដឹងថា ភាសានៅលើផ្ទាំងចំណារនោះត្រូវបានហៅថា « អក្សរអេស៊ីព្ទកែទម្រង់ » ) វាអាចថា ហារិសបានស្វែងរកដំបូន្មានពីពួកអ្នកប្រាជ្ញដែលមានជំនាញខាងវត្ថុបុរាណរបស់អាមេរិក ។
នៅពេលដែលហារិសកំពុងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក គាត់បានឈប់នៅទីក្រុងអាល់បានី រដ្ឋញូវយ៉ក ដើម្បីទៅលេង លូធឺ ប្រាឌីស ដែលជាបុរសម្នាក់ដែលធ្វើដំណើរច្រើនជាមួយគ្រួសារ និងមានទំនាក់ទំនងផ្ទាល់ខ្លួនច្រើននៅភូមិប៉ាលម៉ៃរ៉ា ។ ជាក់ស្តែង ហារិសបានស្វែងរកយោបល់របស់ប្រាឌីស អំពីអ្នកដែលគួរទៅជួបទាក់ទងនឹងការបកប្រែនេះ ។ បន្ទាប់មក គាត់បានបន្តដំណើរទៅទីក្រុងញូវយ៉ក ដើម្បីជួបជាមួយ សាំយូអែល អិល មិចឆែល ដែលជាអ្នកភាសាវិជ្ជា និងជាអ្នកប្រាជ្ញមានភាពល្បីល្បាញអំពីវប្បធម៌អាមេរិកពីបុរាណ ។ ហារិសក៏បានទៅជួប ឆាល អាន់តុន ដែលជាសាស្ត្រាចារ្យវ័យក្មេងផ្នែកវេយ្យាករណ៍ និងភាសានៅមហាវិទ្យាល័យកូឡុំប៊ី នៅក្នុងទីក្រុងញូវយ៉ក ។ អាន់តុនបានរៀនសូត្រភាសាក្រិច និងឡាតាំង ។ ប៉ុន្តែក៏ធ្លាប់បានចងក្រងដំណើររឿងរបស់ជនជាតិអាមេរិកាំងឥណ្ឌាដើមសម្រាប់ការបោះពុម្ភផ្សាយ ហើយមានចិត្តចង់ពិនិត្យមើលឯកសារដែលហារិសយកមកជូនគាត់មើលផងដែរ ។
ជំនួបជាមួយ ឆាល អាន់តុន
យោងតាមហារិស លោក ឆាល អាន់តុន បានពិនិត្យមើលតួអក្សរទាំងនោះ ហើយរៀបចំសេចក្តីថ្លែងការណ៍សម្រាប់ចុះហត្ថលេខាដោយប្រកាសថា វាពិតប្រាកដមែន ប៉ុន្តែបានហែកចោលសេចក្តីថ្លែងការណ៍នោះវិញ នៅពេលដែលគាត់បានដឹងពីរបៀបដែល យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារនោះ ។ អាន់តុនបានស្នើឲ្យហារិសនាំយកផ្ទាំងចំណារពិតប្រាកដនោះមកឲ្យគាត់ ប៉ុន្តែហារិសបានបដិសេធ ដោយបន្ថែមថាផ្នែកនៃផ្ទាំងចំណារនោះត្រូវបានបិទត្រា ។ អាន់តុនបានឆ្លើយថា « ខ្ញុំមិនអាចអានសៀវភៅបិទត្រាទេ » ។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយៗមក លោកអាន់តុនបានបដិសេធថាមិនបានផ្ទៀងផ្ទាត់តួអក្សរទាំងនោះទេ ហើយបានទទូចថា គាត់គ្រាន់តែបានណែនាំហារិសមិនឲ្យវិនិយោគលើការបកប្រែ និងការបោះពុម្ពផ្សាយនេះ ។ គាត់ក៏បានបញ្ជាក់ថា ហារិសបង្ហាញគាត់តែតួអក្សរដែលបានចម្លងប៉ុណ្ណោះ ខណៈដែលហារិសនៅក្នុងដំណើររឿងរបស់គាត់មួយចំនួនបានប្រាប់ថា គាត់ក៏បាននាំយកគំរូនៃការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ អំពីការសរសេរពីបុរាណនេះផងដែរ ។
រូបថតរបស់ ឆាល អាន់តុន ។
លទ្ធផលនៃការធ្វើដំណើរ
ទោះជាអ្វីដែលបានកើតឡើងក្នុងអំឡុងពេលជំនួបរបស់ហារិសជាមួយនឹងអាន់តុនក៏ដោយក្ដី ក៏ហារិសបានដើរចេញមកកាន់តែជឿជាក់ជាងមុនថា ផ្ទាំងចំណារ និងតួអក្សរទាំងនោះគឺពិតប្រាកដ ហើយគាត់បានស្ម័គ្រចិត្តវិនិយោគពេលវេលា និងកម្លាំងរបស់គាត់ដើម្បីគាំទ្រដល់ យ៉ូសែប ស្ម៊ីធ ។ ក្រោយមកគាត់ និងយ៉ូសែបបាននិយាយអំពីការទៅជួបនឹងលោកអាន់តុន ជាការបំពេញនៃការព្យាករណ៍របស់អេសាយ ( ដែលបានរៀបរាប់ផងដែរនៅក្នុងព្រះគម្ពីរមរមនដោយផ្ទាល់ ) ថា « សៀវភៅដែលបិទត្រាហើយដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះទៅ តែអ្នកនោះឆ្លើយតបថា ខ្ញុំមើលមិនបានទេ ពីព្រោះបិទត្រាហើយ » ( អេសាយ ២៩:១១ ) ។
ប្រធានបទ ៖ ការបកប្រែព្រះគម្ពីរមរមន