« ការបោះពុម្ព និងការបោះពុម្ពផ្សាយព្រះគម្ពីរមរមន » ប្រធានបទប្រវត្តិសាសនាចក្រ
« ការបោះពុម្ព និងការបោះពុម្ពផ្សាយព្រះគម្ពីរមរមន »
ការបោះពុម្ព និងការបោះពុម្ពផ្សាយព្រះគម្ពីរមរមន
ពួកអ្នកជឿមួយក្រុមតូចបានគាំទ្រ យ៉ូសែប ស្ម៊ីធ តាមរយៈដំណើរការបកប្រែព្រះគម្ពីរមរមន ប៉ុន្តែគ្មានពួកគេណាម្នាក់មានបទពិសោធន៍ក្នុងការបោះពុម្ពផ្សាយនោះទេ ។ ដោយរៀនធ្វើទៅតាមដំណើរនោះ យ៉ូសែប ស្មីធ និងពួកសហការីរបស់លោករកបានអ្នកបោះពុម្ពម្នាក់ ចំណាយថវិកាសម្រាប់ការបោះពុម្ព និងឆ្លើយតបទៅនឹងការប្រឆាំងក្នុងមូលដ្ឋានដើម្បីបោះពុម្ពកំណត់ត្រាដ៏ពិសិដ្ឋនេះ ។ ផែនការរបស់ពួកលោកសម្រាប់ការបោះពុម្ពព្រះគម្ពីរមរមនលើកដំបូងចំនួន៥០០០ក្បាល គឺជាផែនការដ៏ធំក្រៃលែង—វាមានទំហំលើសពីរដងនៃទំហំមធ្យមសម្រាប់សៀវភៅនៅសម័យនោះ ។
អគារ អ៊ីប៊ី ហ្រ្គេនឌីន ទីក្រុងប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក
ការធានារក្សាសិទ្ធិ
យ៉ូសែប ស្ម៊ីធ បានរក្សាការគ្រប់គ្រងលើការបោះពុម្ព និងការចែកចាយព្រះគម្ពីរមរមននៅសហរដ្ឋអាមេរិក ដោយទទួលបានច្បាប់រក្សាសិទ្ធិសហព័ន្ធសម្រាប់អត្ថបទនោះ ។ លោកបានធ្វើតាមតម្រូវការផ្លូវច្បាប់សម្រាប់ការធានាការរក្សាសិទ្ធិ ដោយមានការថតចម្លងទំព័រចំណងជើងដែលដាក់ជាមួយក្រឡាបញ្ជីនៃតុលាការសហព័ន្ធស្រុក ហើយបង់ប្រាក់សម្រាប់វិញ្ញាបនបត្ររក្សាសិទ្ធិ ។
ការស្វែងរកម៉ាស៊ីនបោះពុម្ព
អ្នកបោះពុម្ពក្នុងស្រុកបានបដិសេធគម្ពីរដែលបានស្នើឡើងរបស់យ៉ូសែប ហើយមិនមែនដោយសារការខុសឆ្គងខាងសាសនាទាំងស្រុងនោះទេ ។ ការបោះពុម្ពសៀវភៅមួយក្បាលធំ និងមានតម្លៃថ្លៃដូចព្រះគម្ពីរមរមន ទាមទារជំនាញ និងការវិនិយោគលើប្រភេទបោះពុម្ពថ្មី និងសម្ភារជាច្រើន ។ យ៉ូសែប ស៊្មីធ និង ម៉ាទិន ហារិស បានទៅមើលម៉ាស៊ីនបោះពុម្ពជាច្រើនសម្រាប់គម្រោងនេះ ។ រោងបោះពុម្ពបីកន្លែងនៅប៉ាលម៉ៃរ៉ា និងរ៉ូឆេស្ទើរ— អេគប៊ឺត ហ្រ្គេនឌីន, ចូណាថាន់ ហាដលី និង ធឺឡូ វីដ—បានបដិសេធពួកគាត់ ហើយហ្រ្គេនឌីនថែមទាំងព្យាយាមបញ្ចុះបញ្ចូលមិត្តរបស់ហារិសឲ្យរារាំងហារិស ពីការផ្តល់ហិរញ្ញប្បទានដល់ការបោះពុម្ពព្រះគម្ពីរនេះទៀតផង ។ នៅពេលរោងបោះពុម្ពនៅរ៉ូឆេស្ទើរឈ្មោះ អេលីហូ ម៉ាឆល បានយល់ព្រមបោះពុម្ពព្រះគម្ពីរនេះ ។ យ៉ូសែប និងម៉ាទិនបានត្រឡប់ទៅរកហ្រ្គេនឌីននៅប៉ាលម៉ៃរ៉ាវិញ ដោយសង្ឃឹមថានឹងបោះពុម្ពព្រះគម្ពីរនេះនៅជិតផ្ទះ ។ ហារិសបានផ្តល់ចំណែកមួយនៃកសិដ្ឋានរបស់គាត់ជាវត្ថុបញ្ចាំ ហើយបុរសទាំងនោះបានចរចាលក្ខខណ្ឌ ។ នៅខែសីហា ឆ្នាំ១៨២៩ ហារិសបានចុះហត្ថលេខាលើការបញ្ចាំទៅឲ្យហ្រ្គេនឌីន ហើយការផលិតព្រះគម្ពីរមរមនបានចាប់ផ្តើម ។
ការការពារសន្លឹកសំណេរដោយដៃ
ការបាត់សន្លឹកចំនួន១១៦ទំព័រនៃសន្លឹកសំណេរដោយដៃនៃព្រះគម្ពីរមរមនកាលពីមុន រួមជាមួយនឹងការកើនឡើងនូវការប្រឆាំងនៅក្នុងមូលដ្ឋានប៉ាលម៉ៃរ៉ា បានបញ្ចុះបញ្ចូលយ៉ូសែប និងអ្នកដើរតាមរបស់លោកឲ្យការពារអត្ថបទនោះក្នុងអំឡុងពេលបោះពុម្ព ។ អូលីវើរ ខៅឌើរី បានផលិតសន្លឹកសំណេរដោយដៃសម្រាប់រោងបោះពុម្ព ដែលជាច្បាប់ចម្លងដើមសម្រាប់ប្រើប្រាស់ក្នុងដំណើរការបោះពុម្ព ។ ហៃរុម ស៊្មីធ បានដឹកជញ្ជូនទំព័រនៃសន្លឹកសំណេរដោយដៃទាំងនោះទៅឲ្យអ្នកចងក្រងសម្រាប់ការបោះពុម្ពដែលមានឈ្មោះថា ចន ហ្គីលបឺត ជាបុគ្គលិកម្នាក់របស់ហ្រ្គេនឌីនជាបណ្តើរៗ ដោយពេលខ្លះលាក់ទំព័រទាំងនោះនៅក្រោមអាវកាក់របស់គាត់ដើម្បីការពារសុវត្ថិភាព ។ ម៉ាទិន ហារិស, អូលីវើរ ខៅឌើរី, ហៃរុម ស៊្មីធ និង ពេត្រុស វិតមើរ ជុញ្ញ័រ ពួកលោកម្នាក់ៗបានទៅមើលហាងរបស់ហ្រ្គេនឌីនម្ដងម្កាល ដើម្បីមើលការខុសត្រូវលើការប្រើប្រាស់សន្លឹកសំណេរដោយដៃនោះ ។
សន្លឹកសំណេរដោយដៃសម្រាប់រោងបោះពុម្ពស្ទើរតែគ្មានវណ្ណយុត្តិ ដោយទុកឲ្យហ្គីលប៊ឺតដាក់បញ្ចូលវណ្ណយុត្តិដោយខ្លួនឯង ។ ដំបូងឡើយ ហៃរុមបានបដិសេធមិនប្រគល់ទំព័រទាំងនោះឲ្យទៅហ្គីលប៊ឺតនៅពេលយប់ទេ ប៉ុន្តែហ្គីលប៊ឺតបានបញ្ចុះបញ្ចូលហៃរុមថា ការមានទំព័រទាំងនោះកាន់តែច្រើនដើម្បីសរសេរវណ្ណយុត្តិនោះ វាកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការតម្រៀបអក្សរបានយ៉ាងច្រើន ។
ការទប់ទល់នឹងការប្រឆាំង និងការពហិការ
ទោះបីជាទំព័រនៃសន្លឹកសំណេរដោយដៃទាំងនោះមានសុវត្ថិភាពក៏ដោយ ក៏អ្នកនិយាយតិះដៀលក្នុងមូលដ្ឋានម្នាក់ឈ្មោះ អាបណឺ ខូល បានទាញយកប្រយោជន៍ពីទំព័រសាកល្បងដែលមិនបានការពារនៅក្នុងហាងរបស់ហ្រ្គេនឌីន ដើម្បីផលិតឡើងវិញនូវអត្ថបទចេញពីព្រះគម្ពីរមរមននៅក្នុងកាសែតរបស់គាត់ផ្ទាល់ដែរ ។ សូម្បីតែមុនពេលដែលព្រះគម្ពីរមរមនត្រូវបានបោះពុម្ព យ៉ូសែបត្រូវអះអាងអំពីសិទ្ធិអំណាចនៃកម្មសិទ្ធិបញ្ញា ដើម្បីបញ្ឈប់ការបោះពុម្ពអត្ថបទដកស្រង់ដោយគ្មានការអនុញ្ញាតរបស់ខូល ។ ខណៈដែលពាក្យលេចឮថា ព្រះគម្ពីរមរមននឹងមានលក់ក្នុងពេលឆាប់ៗនេះ អ្នកស្រុកបានរាយការណ៍ថាបានរៀបចំនឹងធ្វើពហិការមួយ ។ ម៉ាទិន ហារិស មានការព្រួយបារម្ភថា គាត់នឹងបាត់បង់ដីកសិដ្ឋានរបស់គាត់ ហើយបានសុំយ៉ូសែបធ្វើកិច្ចព្រមព្រៀងថ្មីមួយដែលអនុញ្ញាតឲ្យគាត់ទទួលបានចំណែកនៃប្រាក់ចំណូលពីការលក់ព្រះគម្ពីររហូតដល់ការបញ្ចាំរបស់គាត់ត្រូវលោះអស់ ។
ដោយបារម្ភអំពីការផ្តល់ហិរញ្ញប្បទានដល់ព្រះវិហារដែលពួកលោកនឹងរៀបចំក្នុងពេលឆាប់ៗនេះ ។ យ៉ូសែប និងអ្នកដទៃទៀតបានស្វែងរកវិធីបន្ថែមដើម្បីរៃអង្គាសថវិកាសម្រាប់បោះពុម្ពព្រះគម្ពីរមរមន ។ ហៃរុម ស្ម៊ីធ បានស្នើដល់យ៉ូសែបថា ពួកគាត់ពិចារណាលក់សិទ្ធិក្នុងការផលិតឡើងវិញ និងចែកចាយព្រះគម្ពីរមរមន ( តាមពាក្យរបស់ពួកគាត់ « លក់កម្មសិទ្ធិបញ្ញា » ) ក្នុងប្រទេសកាណាដា ។ ហៃរាំ ភេច ដែលបានជួយក្នុងការស្នើសុំនោះ ក្រោយមកបាននិយាយថា បងប្អូនប្រុសទាំងនោះសង្ឃឹមថា ការលក់នេះនឹងមានតម្លៃ ៨០០០ ដុល្លារ ។ យ៉ូសែបបានទទួលវិវរណៈមួយដែលសន្យានឹងលោកថា បញ្ហាថ្មីៗនេះនឹងមិនរារាំងការបោះពុម្ពផ្សាយឡើយ ហើយផ្តល់ការអនុញ្ញាតឲ្យលោកលក់កម្មសិទ្ធិបញ្ញានៅប្រទេសកាណាដា « ប្រសិនបើប្រជាជននេះមិនធ្វើឲ្យចិត្តរបស់ពួកគេរឹងរូសទាស់នឹងការលួងចិត្តនៃព្រះវិញ្ញាណ និងបន្ទូលរបស់យើង » ។ ភ្នាក់ងារតំណាងឲ្យ យ៉ូសែប ស្ម៊ីធ បានធ្វើដំណើរទៅកាន់ទីក្រុងឃីងស្តុន តំបន់ខាងលើប្រទេសកាណាដា ប៉ុន្តែបានត្រឡប់មកវិញដោយមិនបានជោគជ័យឡើយ ។
ការលក់ព្រះគម្ពីរ
នៅពេលបានបោះពុម្ព និងរៀបចំរួចហើយ ព្រះគម្ពីរមរមនត្រូវបានដាក់លក់នៅហាងរបស់ហ្រ្គេនឌីន ។ អូលីវើរ ខៅឌើរី, ម៉ាទិន ហារិស, សាំយូអែល ស្ម៊ីធ និងអ្នកផ្សេងទៀតបានធ្វើដំណើរផ្សព្វផ្សាយខ្លីៗដើម្បីផ្សព្វផ្សាយអំពីព្រះគម្ពីរនេះ ។ ច្បាប់ចម្លងដំបូងមិនមានការទិញច្រើននៅក្នុងតំបន់ជុំវិញប៉ាលម៉ៃរ៉ាទេ ហើយមួយឆ្នាំបន្ទាប់ពីការបោះពុម្ពផ្សាយ ដីរបស់ហារិសបានលក់ទៅឲ្យអ្នកវិនិយោគម្នាក់ដែលបានទិញការបញ្ចាំពីហ្រ្គេនឌីន ។ ប៉ុន្តែការចាប់អារម្មណ៍លើព្រះគម្ពីរនេះបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក ខណៈដែលពួកអ្នកផ្សព្វផ្សាយសាសនាកាន់ព្រះគម្ពីរនេះធ្វើដំណើរជុំវិញប្រទេស ។ នៅទីបំផុត ហារិសត្រូវបានបង់សងដាច់អស់ថ្លៃបញ្ចាំ ហើយតម្រូវការសម្រាប់ព្រះគម្ពីរនេះគឺខ្ពស់គ្រប់គ្រាន់រហូតដល់យ៉ូសែបបានរៀបចំសម្រាប់ការបោះពុម្ពលើកទីពីរនៅឆ្នាំ១៨៣៧ ។
ការអភិរក្សសន្លឹកសំណេរដោយដៃ
ជារឿយៗ ពួកអ្នកនិពន្ធបានបោះចោលសន្លឹកសំណេរដោយដៃ បន្ទាប់ពីអត្ថបទរបស់ពួកគេត្រូវបានបោះពុម្ពរួច ។ ប៉ុន្តែ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានរក្សាទុកទាំងសន្លឹកសំណេរច្បាប់ដើម និងសន្លឹកសំណេរសម្រាប់អ្នកបោះពុម្ពមួយរយៈ ។ ក្នុងឆ្នាំ១៨៤១ យ៉ូសែបបានដាក់សន្លឹកសំណេរដោយដៃច្បាប់ដើមនៅក្នុងប្រហោងនៃថ្មជ្រុងយ៉ាងឯកក្នុងផ្ទះនៅទីក្រុងណៅវូ ។ យូរៗទៅ ភាគច្រើននៃសន្លឹកសំណេរដោយដៃនេះបានខ្ទេចដោយសារតែទឹកដែលជ្រាបចូលទៅក្នុងស្រទាប់នៃថ្មជ្រុងយ៉ាងឯកនោះ ។ ទំព័រដែលនៅសល់ពីការខូចខាត—ប្រហែល២៨ភាគរយនៃសន្លឹកសំណេរដោយដៃនោះ—ត្រូវបានដាក់នៅក្នុងបណ្ណាល័យប្រវត្តិសាសនាចក្រនៅទីក្រុង សលត៍ លេក ។ សន្លឹកសំណេរដោយដៃសម្រាប់អ្នកបោះពុម្ពត្រូវបានរក្សាទុកដោយគ្រួសារ ខៅឌើរី និង វិតមើរ ហើយបាននៅគង់វង្ស ។ ឥឡូវនេះដោយត្រូវបានគេរក្សាទុកនៅបណ្ណាល័យប្រវត្តិសាសនាចក្រ សន្លឹកសំណេរដោយដៃសម្រាប់រោងបោះពុម្ពផ្តល់នូវការយល់ដឹងពិសេសអំពីការបកប្រែ និងការផលិតព្រះគម្ពីរមរមន ។
ប្រធានបទដែលទាក់ទង ៖ ការរិះគន់អំពីព្រះគម្ពីរមរមន, ប៉ាលម៉ៃរ៉ា និង ម៉ែនឆែស្ទើរ, ការបកប្រែព្រះគម្ពីរមរមន