មេរៀនទី ១៤០
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២, ៣៤–៦៦
បុព្វកថា
ខណៈដែលព្យាការី យ៉ូសែប ស៊្មីធ កំពុងធ្វើកំណែថ្មីដ៏បំផុសគំនិតនៃព្រះគម្ពីរប៊ីបនៅឆ្នាំ ១៨៣១ នោះលោកបានសុំព្រះអម្ចាស់ប្រទានការយល់ដឹងអំពីលោកអយ្យកោជំនាន់បុរាណដែលមានភរិយាច្រើនជាងម្នាក់ ។ នៅពេលនោះព្យាការីបានចាប់ផ្តើមទទួលវិវរណៈនេះជាចម្លើយចំពោះសំណួររបស់លោក ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអម្ចាស់បានបញ្ជាឲ្យព្យាការី និង ពួកបរិសុទ្ធថ្ងៃចុងក្រោយផ្សេងទៀតឲ្យរស់នៅតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ នៅក្នុង ខែ កក្កដា ឆ្នាំ ១៨៤៣ ខណៈដែលសាសនាចក្រមានទីស្នាក់ការកណ្តាលនៅទីក្រុងណៅវូ រដ្ឋ អិលលីណោយ នោះព្យាការីបានកត់ត្រាវិវរណៈដែលលោកបានទទួល ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២មានកត់ត្រាអំពីការបង្រៀនរបស់ព្រះអម្ចាស់ទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព រួមទាំងពាក្យទូន្មានដល់យ៉ូសែប និង អិមម៉ា ស្ម៊ីធ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២, ៣៤–៤៨
ព្រះអម្ចាស់បើកសម្តែងគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព
សូមចាប់ផ្តើមដោយពន្យល់ថា ខណៈដែលយ៉ូសែប ស្ម៊ីធ កំពុងធ្វើការបកប្រែដ៏បំផុសគំនិតនៃព្រះគម្ពីរសញ្ញាចាស់ នៅក្នុងឆ្នាំ ១៨៣១ នោះលោកបានអានអំពីទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពរបស់ព្យាការីសម័យបុរាណ ( ក៏ត្រូវបានហៅពហុពន្ធភាពផងដែរ ) ។ ក្នុងទំនៀមទម្លាប់នេះ បុរសម្នាក់ត្រូវបានរៀបការជាមួយភរិយាដែលកំពុងនៅមានជីវិតជាច្រើននាក់ ។ ព្យាការីបានសិក្សាព្រះគម្ពីរ ពិចារណាពីអ្វីដែលបានរៀន ហើយទីបំផុតបានយកសំណួរអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាពសួរដល់ព្រះវរបិតាដោយការអធិស្ឋាន ។
សូមសរសេរ លោកុប្បត្តិ ១៦:១–៣ នៅលើក្តារខៀន ។ សូមពន្យល់ថាខគម្ពីរទាំងនេះ ពិពណ៌នាអំពីសកម្មភាពរបស់សារ៉ាយ និង អាប់រ៉ាមដែលក្រោយមកហៅថា សារ៉ា និង អ័ប្រាហាំ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរទាំងនេះឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយគិតអំពីសំណួរនានាដែលពួកគេអាចមានអំពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អាប់រ៉ាម និង សារ៉ាយ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្យាការីយ៉ូសែប ស្ម៊ីធ បានសួរនៅពេលលោកបានសិក្សាវគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាក់ទងនឹងការអនុវត្តនៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( អ្នកអាចពន្យល់ថាពាក្យ ប្រពន្ធចុង គឺជាពាក្យមួយដែលត្រូវបានប្រើដើម្បីប្រាប់ពីស្ត្រីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលនៅសម័យ និង វប្បធម៌ដែលពួកគេបានរស់នៅ ដែលជាស្ត្រីដែលបានរៀបការពេញច្បាប់នឹងបុរសម្នាក់ ប៉ុន្តែមានឋានៈក្នុងសង្គមទាបជាងប្រពន្ធដើម ។ ប្រពន្ធចុងមិនមែនជាផ្នែកនៃទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើងឡើយ ) ។
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ ហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាបុរស និង ស្ត្រីសុចរិតទាំងនោះ ឲ្យធ្វើតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅជំនាន់នោះ ?
សូមពន្យល់ថានៅក្នុងការសិក្សាររបស់ពួកគេអំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២, សិស្សអាចរកឃើញចម្លើយចំពោះសំណួរទាំងនោះនៅលើក្តារខៀន និង សំណួរផ្សេងទៀតដែលពួកគេអាចមានទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមអញ្ជើញពួកគេឲ្យសរសេរគោលលទ្ធិ និង គោលការណ៍ដែល ពួកគេរកឃើញអំឡុងពេលការសិក្សាររបស់ពួកគេថ្ងៃនេះ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤-៣៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលអ័ប្រាហាំ និងសារ៉ាបានចាប់ផ្ដើមអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។
-
យោងតាម ខ ៣៤, ហេតុអ្វីក៏សារ៉ាអនុញ្ញាតឲ្យអ័ប្រាហាំយកភរិយាមួយទៀត ? តើការណ៍នេះបង្រៀនយើងអ្វីខ្លះ អំពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( នៅពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ អាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានអនុមតិពីព្រះអម្ចាស់ តែនៅពេលដែលទ្រង់បញ្ជាឲ្យធ្វើតែប៉ុណ្ណោះ) ។
-
តើការគោរពប្រតិបត្តិតាមរបស់សារ៉ា និង អ័ប្រាហាំបានជួយបំពេញអ្វីខ្លះ ? ( ការសន្យារបស់ព្រះអម្ចាស់ចំពោះអ័ប្រាហាំ រួមមានការសន្យាថាអ័ប្រាហាំនឹងមានពូជពង្សច្រើនរាប់មិនអស់ដូចជាផ្កាយ [ សូមមើល លោកុប្បត្តិ ១៥:៥] ) ។
ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតអំពីគោលការណ៍ដែលអ្នកបានសរសេរនៅលើក្តារខៀន សូមស្នើឲ្យពួកគេសរសេរ យ៉ាកុប ២:២៧, ៣០ នៅក្នុងព្រះគម្ពីររបស់ពួកគេនៅក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរទាំងនេះឲ្យឮៗ ។ សូមចង្អុលបង្ហាញថាអាពាហ៍ពិពាហប្តីមួយប្រពន្ធមួយ ( អាពាហ៍ពិពា៍រវាងបុរសម្នាក់ និងស្ដ្រីម្នាក់ ) គឺជាបទដ្ឋានរបស់ព្រះចំពោះអាពាហ៍ពិពាហ៍ លុះត្រាតែទ្រង់បញ្ជាឲ្យធ្វើប៉ុណ្ណោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៧-៣៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពិពណ៌នាអំពីឧទាហរណ៍នានាពេលដែលព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៩, ៤១–៤៣ ដោយពន្យល់ថា ព្រះអម្ចាស់បានបញ្ជាក់ថានៅពេលមនុស្សអនុវត្តគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពអាស្រ័យលើបទបញ្ជារបស់ទ្រង់ នោះពួកគេពុំមានកំហុសនឹងអំពើបាបនៃអំពើកំផិតឡើយ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើនរណាម្នាក់ដែលអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពក្នុងលក្ខខណ្ឌណាមួយដែលព្រះអម្ចាស់ពុំបានបញ្ជា នោះពួកគេធ្វើខុសនឹងអំពើកំផិតហើយ ។ ( សូមកត់ចំណាំថាពាក្យ ត្រូវបំផ្លាញចោល នៅក្នុង ខ ៤១ បង្ហាញថា អស់អ្នកដែលរំលងសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់ខ្លួន នោះនឹងត្រូវបំបែកចេញពីព្រះ និងពីរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ [ សូមប្រៀបធៀប កិច្ចការ ៣:២២–២៣; នីហ្វៃទី ១ ២២:២០] ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤០ ដោយស្ងៀមស្ងាត់ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថាទ្រង់នឹងធ្វើវា ។
-
យោងតាម ខ ៤០តើព្រះអម្ចាស់នឹងធ្វើអ្វី ? (សាងឡើងវិញនូវការណ៏គ្រប់យ៉ាង ។ សូមពន្យល់ថាពាក្យ « ការណ៍គ្រប់យ៉ាង » សំដៅលើច្បាប់ និងពិធីបរិសុទ្ធនៃដំណឹងល្អនានាដែលត្រូវបានបើកសម្តែងនៅក្នុងសម័យកាន់កាប់ត្រួតត្រាមុនៗ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ៖ បទបញ្ញត្តិដើម្បីរស់នៅតាមច្បាប់អាពាហ៍ពិពាហ៍ពហុពន្ធភាពនៅក្នុងថ្ងៃចុងក្រោយ គឺជាផ្នែកនៃការស្ដារឡើងវិញនៃការណ៍ទាំងឡាយ ។ [ សូមមើលផងដែរ កិច្ចការ ៣:២០–២១] ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៥, ៤៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានប្រគល់ដល់យ៉ូសែប ស្ម៊ីធ ឲ្យនាំមកនូវការសាងឡើងវិញនូវការណ៏គ្រប់យ៉ាង ។
-
តើព្រះអម្ចាស់បានប្រគល់អ្វីដល់យ៉ូសែប ស្ម៊ីធ ដើម្បីនាំមកនូវការសាងឡើងវិញនូវការណ៏គ្រប់យ៉ាង ? ( កូនសោ និង អំណាចនៃបព្វជិតភាព ) ។
-
តើយើងរៀនអ្វីខ្លះពី ខ ៤៥ និង ៤៨ អំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( នៅពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះលើក្តារខៀន ៖ អាពាហ៍ពិពាហ៍ពហុពន្ធភាពអាចត្រូវបានអនុញ្ញាតឲ្យមាន តែតាមរយៈកូនសោនៃបព្វជិតភាពដែលត្រូវបានប្រទានដល់ប្រធាននៃសាសនាចក្រតែប៉ុណ្ណោះ) ។
សូមពន្យល់ថានៅដើមដំបូងនៃសម័យកាន់កាប់ត្រួតត្រានេះ ក្នុងផ្នែកមួយនៃការស្តារឡើងវិញនៃការណ៍ទាំងឡាយ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ដើម មួយចំនួនឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព តាមរយៈកូនសោបព្វជិតភាពដែលបានកាន់ដោយព្យាការីយ៉ូសែប ស្ម៊ីធ និង ប្រធានសាសនាចក្របន្តបន្ទាប់ទៀត—ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ ។ នៅឆ្នាំ ១៨៩០ ប្រធាន វូឌដ្រុព្វ ដោយប្រើកូនសោបព្វជិតភាពដដែលនោះ បានទទួលវិវរណៈថាការអនុវត្តនៃអាពាហ៍ពិពាហ៍ពហុពន្ធភាពគួរតែបញ្ចប់ ( សូមមើល សេចក្ដីប្រកាសជាផ្លូវការទី ១) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៦៦
ព្រះអម្ចាស់ប្រទានព្រះឱវាទដល់យ៉ូសែប និង អិមម៉ា ស្ម៊ីធ ទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព
សូមពន្យល់ថា ព្យាការីយ៉ូសែប ស្ម៊ីធ មានការស្ទាក់ស្ទើរដើម្បីចាប់ផ្តើមអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ លោកបានថ្លែងថាលោកមិនបានចាប់ផ្តើមអនុវត្តវាឡើយ រហូតដល់លោកត្រូវបានព្រមានថាលោកនឹងត្រូវបំផ្លាញចោលបើសិនលោកមិនគោរពធ្វើតាមទេនោះ ( សូមមើល « Plural Marriage » Historical Record, ខែ ឧសភា ឆ្នាំ ១៨៨៧ ទំព័រ ២២២ ) ។ ដោយសារការខ្វះឯកសារប្រវត្តិសាស្ត្រ នោះយើងពុំដឹងអំពីការព្យាយាមដំបូងរបស់យ៉ូសែប ស្ម៊ីធ ដើម្បីធ្វើតាមបទបញ្ញាត្តិនេះឡើយ ។ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ ១៨៤១ ព្យាការីបានចាប់ផ្តើមគោរពតាមព្រះបញ្ញាត្តិនេះ ហើយបង្រៀនវាដល់សមាជិកមួយចំនួននៃសាសនាចក្រ ហើយបីឆ្នាំជាងក្រោយមក លោកបានរៀបការប្រពន្ធបន្ថែមទៀត ស្របទៅតាមការបញ្ជារបស់ព្រះអម្ចាស់ ។ ការគោរពប្រតិបត្តិតាមរបស់ព្យាការីយ៉ូសែប ស្ម៊ីធចំពោះព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពគឺជាការសាកល្បងមួយនៃសេចក្តីជំនឿសម្រាប់លោក និង អិមម៉ាដែលជាភរិយាលោក ដែលលោកស្រឡាញ់យ៉ាងខ្លាំង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ រកមើលពរជ័យដែលព្រះអម្ចាស់បានសន្យាចំពោះយ៉ូសែប ស្ម៊ីធ ។
-
តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាចំពោះយ៉ូសែប ស្ម៊ីធ ?
-
យោងតាម ខ ៥០, ហេតុអ្វីបានជាព្រះអម្ចាស់សន្យាពរជ័យទាំងនោះចំពោះយ៉ូសែប ស្ម៊ីធ ?
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព្រះឱវាទដែលព្រះអម្ចាស់បានប្រទានដល់អិមម៉ា ស្ម៊ីធ ។
-
យោងតាម ខ ៥២, តើអិមម៉ាបានទទួលព្រះឱវាទអ្វីខ្លះ ? ( « អស់អ្នកណាដែលត្រូវបានប្រទានដល់យ៉ូសែប ស្ម៊ីធជាអ្នកបម្រើយើង » សំដៅលើអស់អ្នកដែលបានផ្សារភ្ជាប់ជាមួយនឹងយ៉ូសែប ស្ម៊ីធ ) ។
សូមពន្យល់ថាក្រៅពីការបញ្ជាដល់អិមម៉ា ឲ្យទទួលអស់អ្នកដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្វាមីខ្លួនហើយ ព្រះអម្ចាស់បានបញ្ជាឲ្យគាត់នៅជាប់នឹងក្រឹត្យវិន័យរបស់ទ្រង់ ហើយអភ័យទោសដល់យ៉ូសែបចំពោះការប្រព្រឹត្តិរបស់លោក ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥៦ ដោយស្ងៀមស្ងាត់ ដើម្បីរៀនពីអ្វីដែលព្រះអម្ចាស់បានសន្យាដល់អិមម៉ា ស្ម៊ីធ ។
-
តើព្រះអម្ចាស់បានសន្យាអ្វីជាមួយអិមម៉ា បើសិនគាត់នឹងគោរពតាមបទបញ្ជារបស់ទ្រង់នោះ ?
សូមពន្យល់ថានៅក្នុងឆ្នាំ ១៨៤១ យ៉ូសែប ស្ម៊ីធ បានចាប់ផ្តើមបង្រៀនដល់បុរស និង ស្ត្រីស្មោះត្រង់ផ្សេងទៀតអំពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះ ។ នៅពេលដំបូងពួកគេក៏មានការលំបាកដើម្បីយល់ និង ទទួលយកគោលការណ៍នេះដែរ ។ ឧទាហរណ៍ នៅពេលដំបូងដែលព្រិកហាំ យ៉ង់បានរៀនពីបទបញ្ញាត្តិនេះដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព នោះលោកបានមានប្រសាសន៍ថា លោកមានអារម្មណ៍ថាលោកចង់ស្លាប់ជាជាងយកប្រពន្ធច្រើន ( សូមមើល ស៊ូសា យ៉ង់ ហ្គេត និង លៀ ឌី វីតសូ, [ ឆ្នាំ ១៩៣០ ] ទំព័រ ៣២១ ) ។ ទោះបីជាសមាជិកសាសនាចក្រដ៏ស្មោះត្រង់ទាំងនេះមានការស្ទាក់ស្ទើរ និង លំបាកចំពោះបទបញ្ញត្តិនេះនៅពេលដំបូងក៏ដោយ ក៏ពួកគេបានទទួលការបញ្ជាក់រៀងៗខ្លួនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលយកគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះ ។ វីលេត គិមបុល ភរិយាទីមួយរបស់អែលឌើរ ហ៊ើបើរ ស៊ី គិមបុលបានទទួល ហើយធ្វើតាមគោលលទ្ធិនៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ហើយ « ពុំឆ្ងល់ឡើយថាការបញ្ជានៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនោះគឺមកពីព្រះ ដ្បិតព្រះអម្ចាស់បានបើកសម្តែងវាដល់គាត់នៅក្នុងចម្លើយចំពោះការអធិស្ឋាន » ( Helen Mar Kimball, នៅក្នុង Orson F. Whitney, Life of Heber C. Kimball [ ឆ្នាំ ១៩៦៧ ] ទំព័រ ៣២៥ សូមមើលផងដែរ ទំព័រ ៣២៦–២៨ ) ។
ការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពបាននាំឲ្យមានឧបសគ្គបន្ថែមទៀត ។ ដ្បិតដំបូងការអនុវត្តនេះធ្វើឡើងដោយលាក់លាម នោះពាក្យចចាមអារ៉ាមបានចាប់ផ្តើមរាលដាលអំពីអ្នកដឹកនាំសាសនាចក្របានរៀបការប្រពន្ធថែមទៀត ។ ពាក្យចចាមអារ៉ាមទាំងនេះបង្ខូចបង្កាច់សេចក្តីពិត បានបង្ខូចឈ្មោះរបស់ព្យាការី និង អ្នកដឹកនាំសាសនាចក្រដទៃទៀត ហើយបានបង្កឲ្យមានការបៀតបៀនកើនឡើងប្រឆាំងនឹងពួកបរិសុទ្ធ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦៣ ឲ្យឮៗ ដោយចាប់ផ្តើមជាមួយឃ្លា « ដ្បិតពួកគេត្រូវបានប្រគល់ដល់គាត់ » ។ ពីមុនអ្នកអាន សូមពន្យល់ថាខគម្ពីរនេះជួយយើងឲ្យយល់ពី ហេតុផលមួយដែលព្រះអម្ចាស់បានបញ្ជាយ៉ូសែប ស្ម៊ីធ និង មនុស្សដទៃផ្សេងទៀតដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលបំណងពិសេសនោះ ។
-
តើបទបញ្ញត្តិអ្វីដែលព្រះអម្ចាស់បានមានបន្ទួលនៅក្នុង ខ ៦៣ ? ( ព្រះបញ្ញត្តិឲ្យបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយមានពេសពេញលើផែនដី) ។ តើការបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយមានពេសពេញលើផែនដីមានន័យយ៉ាងណា ? ( បង្កើតកូនចៅ ) ។
សូមចង្អុលបង្ហាញឃ្លាខាងក្រោមនៅក្នុង ខ ៦៣: « ដ្បិតការណ៍នេះហើយទើបកិច្ចការនៃព្រះវរបិតារបស់យើងបានបន្តទៅ » ។
-
តើការមានកូនចៅធ្វើឲ្យឪពុកម្តាយក្លាយជាផ្នែកមួយនៃការបន្តកិច្ចការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ?
ជាចំណែកនៃការពិភាក្សានេះ អ្នកអាចអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅពេលកូនម្នាក់បានកើតមកដោយឪពុក និងម្តាយ នោះពួកគេកំពុងបំពេញផ្នែកនៃផែនការរបស់ព្រះវរបិតាសួគ៌ដើម្បី នាំកូនចៅមកលើផែនដីនេះ ។ ព្រះអម្ចាស់មានបន្ទូលថា ‹ នេះហើយជាកិច្ចការរបស់យើងនិង សិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស › [ម៉ូសេ ១:៣៩] ។ ពីមុនពួកគេមានអមតភាព នោះពួកគេត្រូវតែមានជីវិតរមែងស្លាប់សិន » (Children » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ ) ។
-
ផ្អែកលើអ្វីដែលអ្នកបានរៀនពី ខ ៦៣, តើអ្វីទៅជាមូលហេតុមួយដែលព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពដើម្បីផ្តល់ឱកាសបន្ថែមទៀតដល់ប្រជារាស្ត្ររបស់ទ្រង់ចិញ្ចឹមកូនចៅសុចរិតថ្វាយទ្រង់ ។ អ្នកអាចអាន យ៉ាកុប ២:៣០) ។
សូមមើលសំណួរដែលអ្នកបានសរសេរលើក្ដារខៀននៅពេលជិតចាប់ផ្តើមថ្នាក់រៀន ៖ ហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាឲ្យបុរស និង ស្ត្រីសុចរិតទាំងនោះ ឲ្យធ្វើតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅជំនាន់នោះ ? អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យសង្ខេបដស់សិស្សនៅក្នុងថ្នាក់ អំពីអ្វីដែលពួកគេបានរៀនពីការសិក្សារបស់ខ្លួនដកស្រង់ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ និង យ៉ាកុប ២:២៧, ៣០ ដែលជួយពួកគេឲ្យឆ្លើយសំណួរនេះ ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីព្យាការីយ៉ូសែប ស្ម៊ីធ ហើយថាលោកបានទទួល ព្រមទាំងគោរពតាមវិវរណៈពីព្រះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដី សញ្ញា ១៣២ ។ របៀបដើម្បីរៀនពីអាពាហ៍ពិពាហ៍ពហុពន្ធភាព
មានព័ត៌មានដែលមិនគួរឲ្យទុកចិត្តជាច្រើនអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព ដែលមាននៅលើអ៊ិនធើរណែត និងនៅក្នុងសៀវភៅជាច្រើន ។ សូមប្រយ័ត្ន ហើយមានភាពឆ្លាតវៃចំពោះព័ត៌មានទាំងនោះ ។ អ្នកនិពន្ធខ្លះដែលបានសរសេរអំពីសាសនាចក្រ និងប្រវត្តិសាស្ដ្រនៃសាសនាចក្របានសរសេរព័ត៌មានក្លែងបន្លំ ឬរួមបញ្ចូលនូវសេចក្ដីពិតខ្លះៗ ដែលអាចនាំឲ្យមានការយល់ខុស ។ បំណងនៃការសរសេរទាំងនេះគឺដើម្បីបំផ្លាញសេចក្ដីជំនឿ ។
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រមាន ៖
« វាតែងតែមានមនុស្សមួយចំនួនតូច ដែលចង់បំផ្លាញកេរ្ដិ៍ឈ្មោះរបស់សាសនាចក្រ និង ដើម្បីបំផ្លាញសេចក្ដីជំនឿ ។ សព្វថ្ងៃពួកគេប្រើអ៊ិនធើណែត ។
« ព័ត៌មានមួយចំនួនអំពីសាសនាចក្រ មិនថាវាមានការបញ្ចុះបញ្ចូលយ៉ាងណាទេ វាមិនពិតឡើយ » (ការសាកល្បងសេចក្ដីជំនឿនៃអ្នករាល់គ្នា », Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១ ) ។
ក្នុងការសិក្សាអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព វាជាការសំខាន់ដើម្បីចាំអំពីគំរូរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ដែលបានធ្វើតាមការរៀនដំណឹងល្អរបស់លោក ។ លោកបានសិក្សាបានសញ្ជឹងគិត និងបានអធិស្ឋានដើម្បីទទួលបានចំណេះដឹង ។
មានការស្រាវជ្រាវប្រវត្តិសាស្ត្រដែលគួរឲ្យទុកចិត្តបានទាក់ទងនឹងការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព អាចរកបាននៅគេហទំព័រ josephsmithpapers.org និង byustudies.byu.edu ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១ ។ « គោលការណ៍ និង គោលលទ្ធិ » នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព
ដំណើររឿងខាងក្រោមនេះជួយឲ្យយើងយល់ច្បាស់ពីអារម្មណ៍របស់ព្យាការី យ៉ូសែប ស៊្មីធ និង សមាជិកសាសនាចក្រដទៃទៀត នៅពេលអាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានប្រាប់ជាលើកដំបូង ។
អេលីស្សា អ័រ ស្នូ ដែលបានផ្សារភ្ជាប់នឹងព្យាការី យ៉ូសែប ស្ម៊ីធ បានកត់ត្រាការបង្រៀនលម្អិតរបស់ព្យាការីយ៉ូសែបអំពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពដល់បងប្រុសរបស់គាត់គឺ ឡូរែនសូ ស្នូ ។ នាងបានកត់ត្រាពីការតានតឹងចិត្ត និង ការឈឺចាប់ដែលយ៉ូសែប ស្ម៊ីធ មានព្រោះតែគោលការណ៍ទាំងនេះ ហើយថាលោកគ្រាន់តែឈានទៅមុខក្នុងការបង្កើតគោលការណ៍នេះ ដោយសារតែវិវរណៈដ៏ទេវភាពប៉ុណ្ណោះ ៖
« ព្យាការី យ៉ូសែប បានបើកដួងចិត្តរបស់លោក [ ឲ្យ ឡូរែនសូ ស្នូ ] ដឹង ហើយបានរៀបរាប់ពីការសាកល្បងនៃបទពិសោធន៍ដ៏អាក្រក់ខាងផ្នែកសតិអារម្មណ៏ ដែលលោកបានជួបដើម្បីយកឈ្នះលើអារម្មណ៍ដ៏គួរឲ្យស្អប់ខ្ពើមរបស់លោក ដែលជាលទ្ធផលធម្មជាតិនៃកម្លាំងនៃការអប់រំ និងទម្លាប់ខាងសង្គម ដែលវាទាក់ទងទៅនឹងការណែនាំឲ្យមានអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ លោកបានស្គាល់សំឡេងរបស់ព្រះ — លោកបានដឹងពីព្រះបញ្ញត្តិរបស់ព្រះដ៏មានព្រះចេស្ដាប្រាប់ដល់លោកឲ្យទៅមុខ — ដើម្បីធ្វើជាគំរូ ហើយស្ថាបនានូវអាពាហ៍ពិពាហ៍ពហុពន្ធភាពខាងសេឡេស្ទាល ។ លោកបានដឹងថា លោកមិនត្រឹមតែត្រូវប្រឆាំង និងយកឈ្នះលើការវិនិច្ឆ័យ និងឥទ្ធិពលរបស់ខ្លួនលោកផ្ទាល់នោះទេ ប៉ុន្ដែថែមទាំងពីសំណាក់នៃអស់ទាំងពិភពគ្រីស្ទានទាំងមូលដែលនឹងសម្លឹងមកកាន់លោក ប៉ុន្ដែព្រះដែលជាព្រះលើសអស់ទាំងមនុស្ស បានប្រទានព្រះបញ្ញត្តិនេះ ហើយលោកត្រូវតែគោរពតាមការណ៍នេះ ។ ប៉ុន្ដែព្យាការីនៅតែស្ទាក់ស្ទើរ ហើយបានពន្យាពេលម្ដងហើយម្ដងទៀត រហូតដល់មានទេវតានៃព្រះមួយអង្គបានឈរនៅក្បែរលោកប្រដាប់ដោយដាវ ហើយបានប្រាប់លោកថា លើកលែងតែលោកបានបោះជំហានទៅមុខ និងស្ថាបនានូវអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះឡើង បើពុំដូច្នោះទេ បព្វជិតភាពរបស់លោកនឹងត្រូវបានដកចេញពីលោក ហើយលោកនឹងត្រូវបានបំផ្លាញចោល ! ទីបន្ទាល់នេះដែលលោកបានថ្លែង មិនត្រឹមតែចំពោះបងប្រុសរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្ដែក៏ទៅដល់អ្នកដទៃផ្សេងទៀត — ជាទីបន្ទាល់មួយដែលមិនអាចប្រកែកបាន [ មិនអាចប្រឆាំងបាន ] » ( Biography and Family Record of Lorenzo Snow [ ឆ្នាំ ១៨៨៤ ] ទំព័រ ៦៩–៧០ ) ។
ប្រធានព្រិកហាំ យ៉ង់ បានពន្យល់ ៖
« បើសិននរណាម្នាក់បានសួរខ្ញុំពីជម្រើសរបស់ខ្ញុំ នៅពេលយ៉ូសែប បានបើកសម្តែងគោលលទ្ធិនេះ នោះខ្ញុំនឹងនិយាយថា ‹ សូមឲ្យខ្ញុំមានភរិយាតែម្នាក់ទៅបានហើយ › ដរាបណាជម្រើសនោះ មិនបន្ថយសិរីល្អរបស់ខ្ញុំ ។…
« …ខ្ញុំពុំចង់គេចវេសពីកាតព្វកិច្ចណាមួយ ឬ ក៏មិនធ្វើតាមការបញ្ជាណាមួយឡើយ ប៉ុន្តែវាគឺជាលើកទីមួយនៅក្នុងជីវិតខ្ញុំដែលខ្ញុំមានបំណងចង់ស្លាប់ ហើយខ្ញុំពុំអាចយកឈ្នះលើអារម្មណ៍នោះអស់ពេលយ៉ាងយូរ ។ ហើយនៅពេលខ្ញុំឃើញពិធីបុណ្យសព ខ្ញុំមានអារម្មណ៍ច្រណែននឹងសពដែលបាននៅក្នុងស្ថានភាពនោះ ហើយសោកស្តាយដែលខ្ញុំពុំមែនជាអ្នកនៅក្នុងមឈូសនោះ ។…
« …ប៉ុន្តែពួកបរិសុទ្ធដែលបានរស់នៅតាមជំនឿរបស់ខ្លួននឹងត្រូវបានតម្កើងឡើង ដ្បិតពួកគេពុំដែលបដិសេធវិវរណៈណាមួយដែលព្រះអម្ចាស់បានប្រទាន ឬអាចប្រទាន ទោះបីជានៅពេលដែលមានគោលលទ្ធិមួយដែលបានប្រទានដល់ពួកគេ ដែលពួកគេពុំអាចយល់ដឹងពេញលេញក៏ដោយ ក៏ពួកគេនឹងនិយាយថា ‹ ព្រះអម្ចាស់បានបញ្ចូនវិវរណៈនេះមកកាន់ខ្ញុំ ហើយខ្ញុំអធិស្ឋានថាទ្រង់នឹងសង្គ្រោះខ្ញុំ ព្រមទាំងរក្សាខ្ញុំកុំឲ្យបដិសេធអ្វីគ្រប់យ៉ាងដែលចេញមកពីទ្រង់ឡើយ ហើយប្រទានដល់ខ្ញុំនូវភាពអត់ធ្មត់ ដើម្បីរង់ចាំរហូតដល់ខ្ញុំអាចយល់ពីវិវរណៈនោះដោយខ្លួនឯង › » ( នៅក្នុង « Provo Conference » Deseret News, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ១៨៥៥ ទំព័រ ២៨២ ) ។
វីលេត គិមបុល ភរិយាទីមួយរបស់ប្រធាន ហ៊ើបើរ ស៊ី គិមបុល បានទទួលទីបន្ទាល់អំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ កូនស្រីរបស់គាត់ឈ្មោះ ហេឡែន បានអធិប្បាយ ៖
« ‹ ជាញឹកញាប់ ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ពុំឆ្ងល់ពីការបញ្ជារបស់ព្រះ អំពីអាពាហ៍ពិពាហ៍ពហុពន្ធភាពនោះឡើយ ដ្បិតព្រះអម្ចាស់បានបើកសម្តែងវាដល់គាត់នៅក្នុងចម្លើយចំពោះការអធិស្ឋានរបស់គាត់ ។
« ‹ មិនយូរប៉ុន្មានបន្ទាប់ពីការត្រឡប់មកពីប្រទេសអង់គ្លេសវិញ ឪពុករបស់ខ្ញុំដែលនៅក្នុងចំណោមពួកបងប្អូនប្រុសផ្សេងទៀតរបស់លោកនៅទីក្រុងណៅវូ ត្រូវបានបង្រៀនអំពីគោលលទ្ធិនៃការមានភរិយាច្រើន ។…
« ‹ ឪពុករបស់ខ្ញុំបានយល់ពីស្ថានភាពយ៉ាងច្បាស់ ហើយសេចក្តីស្រឡាញ់ និង គារវភាពដែលលោកមានចំពោះព្យាការីគឺធំធេងណាស់ ដែលលោកនឹងលះបង់ជីវិតរបស់ខ្លួនជាជាងក្បត់នឹងលោក ។ នេះគឺជាការសាកល្បងមួយដ៏ធំចំពោះសេចក្តីជំនឿរបស់លោកដែលលោកធ្លាប់បានជួប ។…
« ‹ ម្តាយរបស់ខ្ញុំ [ វីលេត គិមបុល ] បានកត់សម្គាល់ឃើញការផ្លាស់ប្តូរអត្តចរិត និង អាការៈរបស់គាត់ ហើយនៅពេលម្តាយខ្ញុំបានសួរពីមូលហេតុ នោះគាត់បានព្យាយាមគេចមិនឆ្លើយសំណួរឡើយ ។ ទីបំផុតគាត់បានសន្យាថា គាត់នឹងប្រាប់ម្តាយខ្ញុំនៅពេលក្រោយ បើសិនម្តាយខ្ញុំគ្រាន់តែរង់ចាំសិននោះ ។ ការរំខាននេះមានក្នុងចិត្តលោកជាខ្លាំង ភាពអន្ទះសា និង ភាពតានតឹងរបស់លោក បានបង្ហាញជារៀងរាល់ថ្ងៃ និង គ្រប់ពេល ហើយទីបំផុតការកើតទុក្ខរបស់លោក បានមានកាន់តែខ្លាំងមិនអាចទ្រាំបាន ដែលវាធ្វើឲ្យលោកមិនអាចគ្រប់គ្រងអារម្មណ៍នេះបាន ។ លោកបានធ្លាក់ខ្លួនឈឺ ប៉ុន្តែការកើតទុក្ខក្នុងចិត្តរបស់លោកមានទំហំធំធេងណាស់ដែលធ្វើឲ្យគាត់ដេកមិនលក់ ហើយគាត់បានដើរជុំវិញផ្ទះរហូតជិតទល់ភ្លឺ ហើយពេលខ្លះការឈឺចាប់ក្នុងចិត្តលោកមានសភាពកាន់តែខ្លាំងក្លាឡើង ដែលធ្វើឲ្យលោកបានក្តាប់ ហើយត្រដុសដៃខ្លួន ព្រមទាំងយំដូចជាកូនក្មេង ព្រមទាំងទូលអង្វរព្រះអម្ចាស់ឲ្យមានសេចក្តីមេត្តាករុណា ហើយបើកសម្តែងគោលការណ៍នេះដល់ម្តាយខ្ញុំ ។…
« ‹ ភាពតានតឹងនៃចិត្តរបស់ពួកគាត់ធំធេងណាស់ ហើយនៅពេលម្តាយខ្ញុំបានឃើញថា វាគ្មានប្រយោជន៍ដើម្បីសួរឪពុកខ្ញុំយូរតទៅទៀត នោះគាត់បានចូលទៅក្នុងបន្ទប់ខ្លួន ហើយឱនក្បាលនៅចំពោះព្រះអម្ចាស់ ហើយបានថ្វាយព្រលឹងគាត់ទាំងមូលទៅកាន់ទ្រង់ ដោយបាននិយាយថា ៖ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធាឥតបន្ទោសផង » ។…
« ‹ លំដាប់លំដោយនៃអាពាហ៍ពិពាហ៍សេឡេស្ទាលបានបង្ហាញដល់ម្តាយខ្ញុំ ទាំងភាពស្រស់ស្អាត និង ពេញដោយសិរីល្អ ព្រមជាមួយនឹងការតម្កើងឡើង និង កិត្តិយសដ៏អស្ចារ្យ ដែលវានឹងត្រូវបានប្រទានដល់គាត់នៅក្នុងជីវិតអមត និង ឋានសេឡេស្ទាល បើសិនគាត់ទទួលវា ហើយគាំទ្រស្វាមីរបស់គាត់ ។ គាត់ក៏បានឃើញស្ត្រីផ្សេងទៀតដែលឪពុកខ្ញុំបានយកធ្វើជាប្រពន្ធ ហើយឃើញដោយសេចក្តីអំណរនូវសេចក្តីស្រឡាញ់ដ៏ធំ និង គ្មានដែនកំណត់ និងការជួបជុំដែលការបញ្ជានេះនឹងប្រទានមក ព្រមទាំងការកើនឡើងនៃនគររបស់ស្វាមីគាត់ រួមទាំងអំណាច និង សិរីល្អដែលលាតសន្ធឹងពេញទាំងភាពអស់កល្បជានិច្ច ជាពិភពទាំងឡាយដ៏គ្មានទីបញ្ចប់ ។
« ‹ ជាមួយនឹងទឹកមុខដែលពេញដោយសេចក្តីអំណរ ដ្បិតគាត់បានពេញដោយព្រះវិញ្ញាណនៃព្រះនោះ ម្តាយខ្ញុំបានត្រឡប់ទៅរកឪពុកខ្ញុំវិញហើយនិយាយថា ៖ « ហ៊ើប៊ើរ អ្វីដែលបងបានលាក់បាំងពីអូននោះ ព្រះអម្ចាស់បានបង្ហាញដល់អូនហើយ »។ គាត់បានប្រាប់ខ្ញុំថាគាត់មិនធ្លាប់បានឃើញបុរសណាដែលមានភាពរីករាយដូចជាឪពុកខ្ញុំឡើយ នៅពេលគាត់បានរៀបរាប់ពីការនិមិត្ត ហើយបានប្រាប់ឪពុកខ្ញុំថាគាត់ពេញចិត្ត ហើយដឹងថាបញ្ជានោះគឺមកពីព្រះ ។
« ‹ គាត់ចុះសេចក្តីសញ្ញាថានឹងគាំទ្រឪពុកខ្ញុំ ហើយគោរពគោលការណ៍នោះ ដែលជាសេចក្តីសញ្ញាដែលគាត់បានរក្សាយ៉ាងស្មោះត្រង់ ហើយទោះជាមានការសាកល្បងខ្លាំងក្លា និង សេចក្តីទុក្ខព្រួយញឹកញាប់ប៉ុន្មានក៏ដោយ ក៏គាត់បានដឹងថាឪពុកខ្ញុំក៏កំពុងព្យាយាម ហើយសេចក្តីថ្លៃថ្នូររបស់ម្តាយខ្ញុំ បានបន្តនៅជាប់ជានិច្ចរហូតទីបញ្ចប់ ។ គាត់បានអនុញ្ញាតឲ្យឪពុកខ្ញុំរៀបការប្រពន្ធជាច្រើន ហើយពួកគេបានឃើញថាម្តាយរបស់ខ្ញុំគឺជាមិត្តដ៏ស្មោះត្រង់ម្នាក់ › » ( នៅក្នុង Orson F. Whitney, Life of Heber C. Kimball [ ឆ្នាំ ១៩៧៦ ] ទំព័រ ៣២៥–២៨ ) ។
ប្រធាន យ៉ូហាន ថេលើរ បានមានប្រសាសន៍អំពីពេលដែលគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានប្រាប់ ៖
« ខ្ញុំចេញចិត្តជានិច្ចនឹងគំនិតយ៉ាងម៉ឹងម៉ាត់ស្តីពីគុណធម៌ ហើយខ្ញុំមានអារម្មណ៍ក្នុងនាមជាអ្នករៀបការហើយម្នាក់ថា ចំពោះខ្ញុំអំពើពីក្រៅពីគោលការណ៍គឺជារឿងដ៏គួរឲ្យស្អប់ខ្ពើមនឹងធ្វើណាស់ ។ វាជារឿងមួយដែលធ្វើឲ្យញ៉ុះញ៉ុងអារម្មណ៍មកពីជម្រៅខាងក្នុងចិត្តនៃព្រលឹងមនុស្ស ។ ខ្ញុំរីករាយនឹងគោរពតាមច្បាប់ព្រហ្មចារីភាពជានិច្ច ។… ហេតុដូច្នេះហើយជាមួយនឹងអារម្មណ៍ដែលខ្ញុំមាន នោះគ្មានអ្វីក្រៅពីចំណេះដឹងនៃព្រះ និង វិវរណៈនៃព្រះ ព្រមទាំងសេចក្តីពិតនៃការណ៍ទាំងនេះ ដែលអាចជម្រុញចិត្តខ្ញុំឲ្យទទួលយកគោលការណ៍បែបនេះឡើយ » ( នៅក្នុង B. H. Roberts, The Life of John Taylor, ប្រធានទីបីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ [ ឆ្នាំ ១៩៦៣ ] ទំព័រ ១០០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៨-២០ ។ លក្ខណៈដ៏នៅអស់កល្បជានិច្ចនៃអាពាហ៍ពិពាហ៍
អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានរៀបការម្តងទៀតបន្ទាប់ពីភរិយាទីមួយរបស់លោកបានស្លាប់ បានពន្យល់នៅក្នុងសម្ភាសន៍មួយស្តីអំពីប្រធានបទលក្ខណៈដ៏នៅអស់កល្បជានិច្ចនៃអាពាហ៍ពិពាហ៍ នោះយើងដឹងរឿងមួយចំនួន ព្រមទាំងមិនបានដឹងរឿងមួយចំនួនផ្សេងទៀត ៖
« មានមនុស្សជាច្រើនរស់នៅលើផែនដីនេះដែលបានរៀបការជាមួយដៃគូច្រើនជាងម្នាក់ ។ ពេលខ្លះអាពាហ៍ពិពាហ៍ទាំងនោះបានបញ្ចប់ជាមួយនឹងសេចក្តីស្លាប់ ពេលខ្លះវាបានចប់នៅពេលលែងលះគ្នា ។ តើជីវិតបន្ទាប់ទៀតមានន័យដូចម្តេចចំពោះពួកគេទាក់ទងនឹងសេចក្តីសញ្ញាដែលពួកគេបានធ្វើ និង អ្វីៗដែលទាក់ទងនឹងអាពាហ៍ពិពាហ៍នោះ ? ខ្ញុំគិតថាមនុស្សទាំងនោះគ្មានចម្លើយច្រើនចំពោះសំណួរនោះទេ ។ វាមិនរំខានដល់ពួកគេឡើយ ដោយសារពួកគេពុំជឿថាមនុស្សនឹងរស់នៅដូចជាគូស្វាមីភរិយារៀបការទៀតឡើយនៅក្នុងជីវិតបន្ទាប់ ។ ហើយបើសិនពួកគេពុំបានធ្វើសេចក្តីសញ្ញា ហើយពុំរស់នៅតាមសេចក្តីសញ្ញា [ ទាក់ទងនឹងខ្លួនពួកគេ ] នោះពួកគេយល់ត្រូវហើយ ! ប៉ុន្តែសម្រាប់មនុស្សដែលរស់តាមជំនឿនេះ ដូចជាខ្ញុំរស់នៅផ្ទាល់ នោះទំនាក់ទំនងអាពាហ៍ពិពាហ៍អាចនៅអស់កល្បជានិច្ច នោះអ្នកត្រូវតែនិយាយថា ‹ តើជីវិតនឹង ក្លាយជា យ៉ាងម៉េចទៅនៅក្នុងជីវិតបន្ទាប់ នៅពេលអ្នកបានរៀបការជាមួយភរិយាច្រើនជាងម្នាក់សម្រាប់ពេលអស់កល្បជានិច្ចនោះ ? › ខ្ញុំត្រូវតែនិយាយថាខ្ញុំពុំដឹងឡើយ ។ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំបានធ្វើសេចក្តីសញ្ញាទាំងនោះ ហើយខ្ញុំជឿថាបើសិនខ្ញុំស្មោះត្រង់ចំពោះសេចក្តីសញ្ញា នោះពរជ័យដែលខ្ញុំស្វែងរកក្នុងជីវិតនេះនឹងត្រូវបានដឹងនៅក្នុងជីវិតបន្ទាប់ » ( នៅក្នុង « Elder Oaks Interview Transcript from PBS Documentary » ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៧ mormonnewsroom.org) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៨-៣៩ ។ ដាវីឌ និង អ៊ូរី
ព្រះអម្ចាស់បានប្រកាសថាដាវីឌ មានបាបដោយបានយក នាងបាតសេបាដែលជាភរិយារបស់អ៊ូរី ។ ក្រោយមកដាវីឌបានរៀបចំផែនការសម្លាប់ អ៊ូរីដើម្បីលាក់បាំងកំហុសទ្រង់ ។ ជាលទ្ធផល ដាវីឌ បានធ្លាក់ពីភាពតម្កើងឡើងរបស់ទ្រង់ ។ ការបញ្ចូលគំរូរបស់ដាវីឌនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៨-៣៩ បានសង្កត់ធ្ងន់លើច្បាប់ដ៏តឹងរឹងដែលគ្រប់គ្រងលើការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ ទោះជាពេលខ្លះព្រះអម្ចាស់បានបង្កើតការអនុវត្ត និង បទបញ្ជានេះឲ្យប្រជារាស្ត្រទ្រង់រស់នៅតាមក្តី ក៏ពួកគេត្រូវបានតម្រូវឲ្យធ្វើដូច្នោះ ស្របតាមបទបញ្ញត្តិរបស់ទ្រង់ និង ការណែនាំដែលទ្រង់បានប្រទានដល់អ្នកបម្រើទ្រង់ ដែលកាន់កូនសោបព្វជិតភាពដ៏សំខាន់ផងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥១-៥៦ ។ តើអិមម៉ា ស្ម៊ីធត្រូវបានបញ្ជាមិនឲ្យបរិភោគអ្វីខ្លះ ?
« គ្មានការប្រាប់ឲ្យដឹងត្រូវបានផ្តល់ឲ្យនៅក្នុងខគម្ពីរនេះ ឬ ខគម្ពីរណាទៀតអំពីអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យព្យាការីយ៉ូសែប ផ្តល់ដល់ភរិយារបស់លោកឡើយ ប៉ុន្តែបរិបទនេះហាក់ដូចជាប្រាប់ថាវាគឺការសាកល្បងពិសេសមួយនៃសេចក្តីជំនឿ ដែលស្រដៀងគ្នាទៅនឹងការសាកល្បងនៃជំនឿរបស់អ័ប្រាហាំ នៅពេលព្រះអម្ចាស់បានបញ្ជាលោកឲ្យបូជា អ៊ីសាក ។ ក្រៅពីនោះវាគ្មានប្រយោជន៍អ្វីដើម្បីពិចារណានោះឡើយ » (Doctrine and Covenants Student Manual, ការបោះពុម្ពលើកទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ ៣៣៤ ) ។