មេរៀនទី ១០១
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១-២២
សេចក្ដីផ្ដើម
នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ មានក្រុមប្រជាជនរដ្ឋមិសសួរីចំនួន ៤០០ ទៅ ៥០០នាក់ បានទាមទារថា មិនឲ្យពួកបរិសុទ្ធផ្លាស់ទៅរស់នៅឃុំ ចាកសុនទៀតទេ ហើយពួកអ្នកដែលរស់នៅក្នុងឃុំនោះរួចហើយ ត្រូវតែចាកចេញ ។ មុនពេលដែលពួកបរិសុទ្ធនៅរដ្ឋ មិសសួរី អាចឆ្លើយតបបាន ក្រុមពួកមនុស្សកំណាចបានចាប់ផ្ដើមបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ ។ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨ក្នុងនោះគឺជាអ្វីដែលព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធ អំពីរបៀបឆ្លើយតបទៅនឹងការបៀតបៀន ។ ទោះបីជាព័ត៌មាននៃបញ្ហាមួយចំនួនក្នុងរដ្ឋ មិសសួរី ប្រហែលជាបានឮដល់ព្យាការីនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ដែលមានចម្ងាយប្រហែល ១៤៥០ គីឡូម៉ែត្រ ក្ដីក៏លោកអាចយល់ពីស្ថានភាពធ្ងន់ធ្ងរតាមរយៈវិវរណៈដែរ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានជ្រាបពីការរងទុក្ខរបស់ពួកបរិសុទ្ធក្នុងរដ្ឋ មិសសួរី និងរដ្ឋ អូហៃអូ ។ ទ្រង់បានទូន្មានពួកគេឲ្យធ្វើតាមច្បាប់រដ្ឋធម្មនុញនៃដែនដី ហើយរក្សាសេចក្ដីសញ្ញាទាំងឡាយ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១-៣
ព្រះអម្ចាស់ បានអះអាងនឹងពួកបរិសុទ្ធក្នុងពេលពួកគេកំពុងរងទុក្ខ
មុនពេលចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរដូចខាងក្រោមនេះ នៅលើក្ដារខៀន ៖ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ?
សូមឲ្យសិស្សម្នាក់អានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្ស គិតពីអារម្មណ៍ដែលពួកគេអាចមាន បើពួកគេស្ថិតនៅក្នុងស្ថានភាពបែបនេះ ។
នៅថ្ងៃ សៅរ៏ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ មានប្រជាជនខឹងសម្បាក្នុងរដ្ឋ មិសសួរី ប្រមាណជា ៤០០ ទៅ ៥០០នាក់ បានជួបជុំគ្នានៅសាលាក្តីក្នុងក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ។ ពួកគេបានជ្រើសរើសគណៈកម្មការមួយ ដើម្បីព្រៀងឯកសារមួយដែលសង្ខេបពីការទាមទារចង់បានរបស់ខ្លួនពីពួកមរមន ។ ពួកគេបានទាមទារថា ពុំអនុញ្ញាតឲ្យមានពួកបរិសុទ្ធថ្ងៃចុងក្រោយផ្លាស់ប្តូរទីលំនៅទៅឃុំចាកសុនទៀតឡើយ ហើយបាននិយាយថាអស់អ្នកដែលកំពុងរស់នៅទីនោះត្រូវតែសច្ចាថាចាកចេញពីទីនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន ។ លើសពីនោះទៀត ពួកគេបានទាមទារសាសនាចក្រឲ្យបញ្ឈប់ការបោះពុម្ពផ្សាយកាសែត ។ នៅពេលការទាមទារនេះត្រូវបានដាក់បង្ហាញដល់ថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងរដ្ឋមិសសួរី ថ្នាក់ដឹកនាំសាសនាចក្រមានការភ្ញាក់ផ្អើល ហើយបានស្នើសុំរយៈពេលបីខែដើម្បីពិចារណាពីសំណើនោះ និង ដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៅក្នុងរដ្ឋអូហៃអូ ។ ក្រុមប្រជាពលរដ្ឋនៃរដ្ឋមិសសួរីបានបង្ហាញពីការទាមទារដែលបដិសេធនឹងការស្នើសុំរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។ ក្រោយមកពួកបរិសុទ្ធបានស្នើសុំរយៈពេល ១០ថ្ងៃ ប៉ុន្តែពួកគេបានអនុញ្ញាតឲ្យរយៈពេលតែ ១៥នាទីប៉ុណ្ណោះដើម្បីឆ្លើយតប ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៣២-៣៣ ) ។
សូមឲ្យសិស្សមើលសំណួរនៅលើក្ដារខៀន ហើយសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា បើអ្នកជាពួកបរិសុទ្ធម្នាក់រស់នៅក្នុងទីក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី នៅពេលនោះ ?
បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមឲ្យសិស្សម្នាក់ទៀតអាននូវឃ្លាដូចខាងក្រោមឲ្យឮៗ ៖
ប្រជាជនរដ្ឋ មិសសួរី ដែលជួបជុំគ្នានៅសាលាក្ដីក្នុងទីក្រុង អ៊ិនឌីប៉ែនដែនស៍ បានក្លាយជាពួកមនុស្សកំណាចយ៉ាងរហ័ស ហើយបានសម្រេចថាត្រូវកំទេចការិយាល័យបោះពុម្ព និងម៉ាស៊ីនបោះពុម្ពចោល ។ ពួកគេបានទំលុះចូលការិយាល័យបោះពុម្ព បោះគ្រឿងសង្ហារឹមចេញទៅលើផ្លូវ និងលើសួនច្បារ កំទេចម៉ាស៊ីនបោះពុម្ពកម្ចាយរបស់របរ ហើយបំផ្លាញកិច្ចការបោះពុម្ពស្ទើតែទាំងអស់ រួមទាំងសន្លឹកគម្ពីរនៃព្រះបញ្ញត្តិដែលមិនទាន់បានផ្គុំបញ្ចូលគ្នាទៀងផង ។ បន្ទាប់មក ក្រុមពួកមនុស្សកំណាចបានទៅកំទេចហាងរបស់ហ្គីលប៊ើត និង វីតនី ទៀត ។ ប៉ុន្តែ ស៊ីឌនី ហ្គីលប៊ើត បានជួបពួកមនុស្សកំណាចមុនពេលពួកគេអាចចាប់ផ្ដើមសកម្មភាព ហើយបានសន្យាថាគាត់នឹងរើឥវ៉ាន់ចេញក្នុងរយៈពេលបីថ្ងៃ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៣៣ ) ។
សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរនៅលើក្ដារខៀន ដែលទាក់ទងទៅនឹងរឿងនេះ ។ ក្រោយពីសិស្សបានចែកចាយគំនិតរបស់ពួកគេហើយ សូមឲ្យសិស្សទីបីអានឃ្លាខាងក្រោមនេះ ៖
បីថ្ងៃក្រោយមក នៅថ្ងៃទី ២៣ ខែ កក្កដា ក្រុមពួកមនុស្សកំណាចបានមកឃុំ ចាកសុន រដ្ឋ មិសសួរី ម្ដងទៀត ម្ដងនេះពួកគេមានកាន់កាំភ្លើងវែង កាំភ្លើងខ្លី ខ្សែតី និងដំបង ។ ពួកគេបានដុតភ្នក់ចំបើង និងស្រែ ហើយបានកំទេចផ្ទះ ជង្រុកស្រូវ និងកន្លែងរកស៊ីមួយចំនួន ។ ចុងក្រោយពួកគេបានជួបជាមួយនឹងថ្នាក់ដឹកនាំក្នុងសាសនាចក្រប្រាំមួយនាក់ ដែលឃើញថាទ្រព្យសម្បត្តិ និងជីវិតរបស់ពួកបរិសុទ្ធកំពុងស្ថិតក្នុងភាពអន្តរាយ ហើយបានស្នើដាក់ជីវិតរបស់ពួកគេជាការលោះវិញ ។ ពួកគេបានបដិសេធការស្នើសុំនោះ ហើយពួកអ្នកដឹកនាំក្រុមមនុស្សកំណាចបានគំរាមគំហែងថាត្រូវវាយ បុរស ស្រ្តី និងកុមាររហូតដល់ពួកគេព្រមចេញពីភូមិនោះ ។ ដោយស្ថិតនៅក្រោមសំពាធ បងប្អូនប្រុសបានចុះហត្ថលេខាលើការព្រមព្រៀងចាកចេញពីឃុំ ចាកសុន ។ សមាជិកសាសនាចក្រពាក់កណ្ដាល និងថ្នាក់អ្នកដឹកនាំស្ទើរតែទាំងអស់ នឹងចាកចេញនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ១៨៣៤ ហើយអ្នកដែលនៅសល់នឹងចាកចេញនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ១៨៣៤ ។ ក្រុមពួកមនុស្សកំណាចអនុញ្ញាតឲ្យ យ៉ូហាន ខូរីល និង ស៊ីឌនី ហ្គីលប៊ើត នៅលក់ទ្រព្យសម្បត្តិរបស់ពួកបរិសុទ្ធដែលត្រូវបានបណ្ដេញចេញ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៣៤ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលបានបំផុសដល់វិវរណៈនេះ ។ សូមឲ្យសិស្សរាយការណ៍អំពីចម្លើយរបស់ពួកគេ ។
-
ស្របទៅតាមសេចក្ដីណែនាំអំពីកណ្ឌ តើអ្វីទៅដែលគួរឲ្យកត់សម្គាល់ពី ពេលវេលានៃវិវរណៈនេះ ?
សូមពន្យល់ថា ពួកបរិសុទ្ធនៅក្នុងរដ្ឋ អូហៃអូ ក៏បានជួបប្រទះការបៀតបៀនក្នុងពេលនេះផងដែរ ។ គោលការណ៍នៅក្នុងវិវរណៈនេះ បានអនុវត្តចំពោះពួកគេ ហើយវាក៏អាចអនុវត្តចំពោះយើងដែរ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សរកមើលការប្រឹក្សា ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ។ ( វាអាចមានប្រយោជន៍ ដើម្បីពន្យល់ថា សាបោត, នៅក្នុង ខ ២, គឺជាពាក្យក្នុងភាសាហេព្រើរ ដែលមានន័យថា « អ្នកមើលថែ » ឬ « កងទ័ព » ។ វាត្រូវបានប្រើនៅទីនេះ ដើម្បីបញ្ជាក់ថាព្រះអម្ចាស់ត្រួតត្រាការពារពួកពលទេវតា ឬ អ្នកមើលថែ និងកងទ័ពអ៊ីស្រាអែល ឬពួកបរិសុទ្ធ ។ [ សូមមើល Bible Dictionary, « Sabaoth » ] ) ។
-
តើព្រះអម្ចាស់បានប្រទានព្រះឱវាទអ្វីខ្លះដល់ពួកបរិសុទ្ធ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
ហេតុអ្វីវាសំខាន់ដើម្បីឲ្យពួកបរិសុទ្ធថ្លែងអំណរគុណអំឡុងគ្រាដ៏លំបាកនេះ ?
-
តើអ្នកគិតថាដោយអត់ឱនរង់ចាំព្រះអម្ចាស់ មានន័យដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖ សូមឲ្យសិស្សក្នុងថា្នក់ស្ដាប់រកអត្ថន័យនៃឃ្លា ដោយអត់ឱនរង់ចាំព្រះអម្ចាស់ ។
« អញ្ចឹងតើវាមានន័យយ៉ាងណាដើម្បីរង់ចាំព្រះអម្ចាស់នោះ ? នៅក្នុងព្រះគម្ពីរពាក្យ រង់ចាំ មានន័យថា សង្ឃឹម ចូលរួម និង ទុកចិត្ត ។ សង្ឃឹម និង ទុកចិត្តលើព្រះអម្ចាស់តម្រូវឲ្យមានសេចក្តីជំនឿ ការអត់ធ្មត់ ការបន្ទាបខ្លួន ភាពស្លូតបូត ការអត់ទ្រាំ រក្សាព្រះបញ្ញត្តិ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត » (« Waiting upon the Lord: Thy Will Be Done » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧២ ) ។
-
ហេតុអ្វីបានជាព្រះឱវាទដើម្បីអត់ឱនរង់ចាំព្រះអម្ចាស់មានសារៈសំខាន់ចំពោះពួកបរិសុទ្ធនៅក្នុងរដ្ឋមិសសួរី ?
-
តើពាក្យលួងលោមចិត្ត ដែលអ្នកឃើញនៅក្នុង ខ ២មានអ្វីខ្លះ ?
សូមសរសេរឃ្លាដែលមិនពេញលេញខាងក្រោមនេះ នៅលើក្ដារខៀន ៖ បើយើងថ្លែងអំណរគុណក្នុងគ្រប់ការណ៍ទាំងអស់ ហើយរង់ចាំដោយអត់ធ្មត់លើព្រះអម្ចាស់ នោះ …
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពីអ្វីដែលព្រះអម្ចាស់បានសន្យាចំពោះពួកបរិសុទ្ធ ប្រសិនបើពួកគេគោរពតាមព្រះឱវាទរបស់ទ្រង់ ។
-
តើអ្នកនឹងបំពេញគោលការណ៍នៅលើក្ដារខៀន ដោយផ្អែកទៅលើ ខ ៣យ៉ាងដូចម្ដេច ? ( នៅខាងក្រោមនេះ គឺជាវិធីមួយដែលសិស្សអាចបំពេញនូវគោលការណ៍នោះ ៖ បើយើងថ្លែងអំណរគុណក្នុងគ្រប់ការណ៍ទាំងអស់ នោះព្រះអម្ចាស់អាចធ្វើឲ្យការរងទុក្ខរបស់យើង ធ្វើការរួមគ្នាសម្រាប់ការណ៍ល្អ) ។
សូមឲ្យសិស្សគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ជាអ្នកដែលរង់ចាំព្រះអម្ចាស់ដោយការអត់ធ្មត់ លើព្រះអម្ចាស់ក្នុងគ្រាលំបាក ហើយបានរកឃើញហេតុផលមួយ ដើម្បីមានអំណរគុណ ។
-
តើការរងទុក្ខ នាំមកនូវសេចក្ដីល្អក្នុងជីវិតរបស់បុគ្គលនោះតាមវិធីណាខ្លះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៤-១០
ព្រះអម្ចាស់ទូន្មានពួកបរិសុទ្ធ ឲ្យគាំទ្រក្រឹត្យវិន័យរបស់ដែនដី
សូមពន្យល់ថា បន្ថែមពីលើការទូន្មានពួកបរិសុទ្ធឲ្យរង់ចាំដោយអត់ធ្មត់ នោះព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកគេឲ្យគោរពតាមព្រះបញ្ញត្តិទាំងអស់របស់ទ្រង់ ( សូមមើល គ. និង ស. ៩៨:៤ ) ហើយមានបន្ទូលថាពួកគេត្រូវបានរាប់ថាសុចរិត « ក្នុងការគាំទ្រក្រឹត្យវិន័យនោះ ដែលជាក្រឹត្យវិន័យត្រឹមត្រូវនៃដែនដី » ( គ. និង ស. ៩៨:៦ ) ទ្រង់បានពន្យល់ថា ច្បាប់រដ្ឋធម្មនុញ្ញនៃដែនដីគាំទ្រ « គោលការណ៍នៃសេរីភាពនោះ ក្នុងការទ្រទ្រង់សិទ្ធិ និងឯកសិទ្ធិទាំងឡាយ » នោះគឺសម្រាប់« មនុស្សទាំងអស់ » ( គ. និង ស. ៩៨:៥ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៩-១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពី ពួកអ្នកដឹកនាំរដ្ឋាភិបាល ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេ ។
-
តើការទូន្មានរបស់ព្រះអម្ចាស់ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៤-១០ អាចជួយយើងនៅក្នុងពេលនេះ មិនថាយើងរស់នៅប្រទេសណាយ៉ាងដូចម្តេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១១-១៨
ព្រះអម្ចាស់ណែនាំពួកបរិសុទ្ធ ឲ្យរក្សាសេចក្ដីសញ្ញា ទោះជានៅក្នុងគ្រាលំបាកក្ដី
សូមឲ្យសិស្សពិចារណាពីសំណួរខាងក្រោម ៖
-
តើរង្វាន់អ្វីដែលកើតមានចំពោះអ្នកដែលដាក់ជីវិតខ្លួន សម្រាប់បុព្វហេតុរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះនាមរបស់ទ្រង់ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១១-១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលចម្លើយចំពោះសំណួរនោះ និងអ្វីដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់ដល់ពួកបរិសុទ្ធអំពីការសាកល្បង និងការពិសោធន៏ ។
-
តើ ព្រះអម្ចាស់បានប្រទានបទបញ្ញត្តិ អ្វីខ្លះដល់ពួកបរិសុទ្ធ ? ( សូមមើល គ. និង ស. ៩៨:១១-១២ ) ។
-
យោងទៅតាម ខ ១៣–១៥, តើហេតុផលអ្វីដែលព្រះអម្ចាស់ត្រូវសាកល្បងយើង ? ( បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមសរសេរគោលការណ៍ដូចខាងក្រោមនេះ នៅលើក្ដារខៀន ៖ ព្រះអម្ចាស់សាកល្បងយើង ដើម្បីឃើញថាតើយើងរក្សាសេចក្ដី សញ្ញារបស់យើងបានឬទេ ទោះបីវាពិបាកធ្វើក៏ដោយ) ។
-
តើហេតុអ្វីបានជាវាអាចមានសារៈសំខាន់ សម្រាប់ពួកបរិសុទ្ធដែលរស់នៅរដ្ឋ មិសសួរី ក្នុងឆ្នាំ ១៨៣៣ ក្នុងការដឹងការពិតនេះ ? តើហេតុអ្វីបានជាការពិតនេះ មានសារៈសំខាន់សម្រាប់ឲ្យយើងចងចាំនៅសព្វថ្ងៃនេះ ?
សូមឲ្យសិស្សគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលជាគំរូល្អនៃការរក្សាសេចក្ដីសញ្ញាក្នុងគ្រាលំបាកនានា ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេនៅក្នុងថ្នាក់ ។
សូមសូមឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីនៅតែរឹងមាំ និងរក្សាសេចក្ដីសញ្ញាពួកគេ ទោះជាមានការលំបាកក្នុងការធ្វើវាក្ដី ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:16-18 ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលអ្វីដែលព្រះអម្ចាស់បានត្រាប់បង្គាប់ឲ្យពួកបរិសុទ្ធធ្វើ ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១៩-២២
ព្រះអម្ចាស់មានបន្ទូលប្រាប់ពួកបរិសុទ្ធនៅទីក្រុង ខឺតឡង់ ឲ្យប្រែចិត្ត
សូមពន្យល់ថា ក្នុងពេលដែលព្រះអម្ចាស់បានប្រទានវិវរណៈនេះ ពួកបរិសុទ្ធក្នុងទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ ក៏បានជួបប្រទះនឹងការលំបាកនានាផងដែរ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១៩–២២, យើងបានអានសារលិខិតរបស់ព្រះអម្ចាស់សម្រាប់ពួកគេ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១៩-២២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីពួកបរិសុទ្ធក្នុងទីក្រុងខឺតឡង់ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
តើព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីពួកបរិសុទ្ធក្នុងទីក្រុងខឺតឡង់ ទាក់ទងទៅនឹងអ្វីដែលទ្រង់បានប្រាប់ដល់ពួកបរិសុទ្ធនៅក្នុងរដ្ឋ មិសសួរី យ៉ាងដូម្តេច ? ( សូមមើល គ. និង ស. ៩៨:១១ ) ។
-
តើសារលិខិតរបស់ព្រះអម្ចាស់ នៅក្នុង ខ ១១ អាចអនុវត្តចំពោះយើងរបៀបណា ? ( សូមជួយសិស្សឲ្យយល់ថា ការ« កាន់ខ្ជាប់ » ខាងសេចក្ដីល្អ គឺជាការប្ដេជ្ញាដោយមិនងាករេ ) ។
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នក អំពីគោលការណ៍ទាំងឡាយដែលយើងបានពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យលះបង់ចោលនូវអំពើបាបរបស់ពួកគេ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដី សញ្ញា ៩៨ ។ មូលហេតុនៃការរងទុក្ខក្នុងឃុំ ចាកសុន
« ប្រជាជនចាស់រស់នៅក្នុងតំបន់នោះ មានការសង្ស័យកាន់តែខ្លាំងនៅពេលដែលចំនួនសមាជិកសាសនាចក្រក្នុងឃុំ ចាកសុន កើនឡើងយ៉ាងរហ័ស ។ មនុស្សជាច្រើនមានការភ័យខ្លាចថា មិនយូរមិនឆាប់ពួកគេនឹងមានចំនួនតិចជាងក្រុមជឿសាសនាដែលយាត្រាមកពីភាគខាងកើត ។ ‹ ប្រជាជនចាស់ › មានប្រវត្តិខុសពីពួកបរិសុទ្ធថ្ងៃចុងក្រោយដែលចូលមក ហើយវាជារឿងធម្មតាដែលវប្បធម៌ នយោបាយ សាសនា និងសេដ្ឋកិច្ច មានសណ្ឋានខុសគ្នានោះ ។
« ប្រជាជនរស់នៅក្នុងឃុំ ចាកសុន ជាក្រុមគ្រោតគ្រាត ហើយយង់ឃ្នង ពួកគេមកពីតំបន់ភ្នំនៃរដ្ឋភាគខាងត្បូងរហូតដល់ចុងខាងលិចនៃសហរដ្ឋ ដើម្បីស្វែងរកសេរីភាពពីការគាបសង្កត់នៃសង្គម ។ ពួកគេភាគច្រើន មិនបានរៀនសូត្រ ហើយខ្វះការរីកចម្រើនខាងវប្បធម៌ ហើយរឿងនេះកើតមានភាគច្រើននៅ នូវ អ៊ីងលែន និងនៅភាគខាងកើត ។ ពួកគេភាគច្រើនចូលចិត្តប្រើពាក្យប្រមាថ មិនគោរពថ្ងៃឈប់សម្រាក ជាអ្នកប្រណាំងសេះ បាញ់សត្វ ខ្ជិលច្រអូស ប្រមឹក លេងល្បែងភ្នាល់ និងប្រើអំពើហឹង្សា ។…
« ប្រជាជនចាស់ មើលឃើញថាការកើនឡើងនៃចំនួនពួកបរិសុទ្ធ គឺជាការគំរាមកំហែងខាងនយោបាយ ទោះជាសមាជិកសាសនាចក្រគ្មានតំណែងក្នុងរដ្ឋាភិបាល ឬបោះឆ្នោតជាក្រុមក្នុងពេលដែលពួកគេស្នាក់នៅឃុំ ចាកសុន ក្នុងរយៈពេលខ្លីនោះក៏ដោយ ។ នៅខែ កក្កដា ឆ្នាំ ១៨៣៣ ចំនួនប្រជាជនមរមននៅក្នុងភូមិនោះកើនឡើងជិតដល់មួយពាន់ពីររយនាក់ ហើយមកជាបន្តបន្ទាប់រាល់ខែ ។ សមាជិកមួយចំនួនអួតអាងថា មានច្រើនពាន់នាក់ទៀតមករស់នៅក្នុងភូមិនេះ ។… ប្រជាជនក្នុងតំបន់នោះ យល់ឃើញតាំងពីដំបូង លើទស្សនៈវិស័យខាងសាសនាថា ការព្យាករថាពួក ‹ សាសន៍ដទៃ › (ដែលមិនមែនជាពួកមរមន ) នឹងត្រូវកាត់ចេញពេលដែលនគរសហស្សវត្សរ៍ត្រូវបានបង្កើតឡើងនៅក្នុងឃុំ ចាកសុន ។
« អ្នកបង្រៀននិកាយប្រូតេស្ដង់ ក៏មិនពេញចិត្តនិងការមកដល់របស់ពួកមរមនក្នុងភូមិនោះដែរ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានដាក់ងារថាជាពួកងប់ងុល និងជាពួកឆបោក ហើយត្រូវបានថ្កោលទោសថាជាពួកឆាប់ជឿការបោកបញ្ឆោត និងជាពួកល្ងង់ខ្លៅ ព្រោះថាពួកគេជឿ ហើយថាបានឃើញអព្ភូតហេតុ ការព្យាករណ៍ ការព្យាបាល វិវរណៈ និងការនិយាយតែមាត់ ជាញឹកញាប់ ។ ការច្រណែន និងការភ័យខ្លាចបាត់បង់សមាជិករបស់ពួកគេ បានបន្ថែមឲ្យមានបដិបក្ខនិយមក្នុងចំណោមអ្នកដឹកនាំ ។…
« លើសពីនេះទៀត ពួកឈ្មួញ និងអ្នកជំនួញមរមនបានដណ្ដើមយកប្រាក់កម្រៃមួយផ្នែកពីពាណិជ្ជកម្ម សាន់តា ហ្វេ ទ្រែល ដែលពីមុនត្រូវបានត្រួតត្រាភាគច្រើនដោយប្រជាជនរដ្ឋ មិសសួរី ។ ប្រជាជនចាស់មួយចំនួនមានការភ័យខ្លាចថា សមាជិកសាសនាចក្រមានបំណងចង់ដណ្ដើមយកដី និងជំនួញរបស់ពួកគេ ។ លើសពីនេះទៀត ពួកបរិសុទ្ធមិនទិញទំនិញពីឈ្មួញក្នុងតំបន់ទេ ព្រោះពួកគេគ្មានប្រាក់ ប៉ុន្តែដូរទំនិញគ្នាទៅវិញទៅមកនៅឯឃ្លាំងរបស់សាសនាចក្រ ។… ប្រជាជនចាស់មួយចំនួន បានលក់ដីធ្លីឲ្យពួកមរមន ហើយបានផ្លាស់ទៅរស់នៅឆ្ងាយ ។ វាបានន័យថា មានអតិថិជនតិចទៅៗ នៅក្នុងហាង នោះប្រជាជនចាស់ដែលនៅសល់ នឹងមានបញ្ហាហិរញ្ញវត្ថុនាពេលអនាគត [ T. Edgar Lyon « Independence, Missouri, and the Mormons, ១៨២៧–១៨៣៣ » BYU Studies, autumn ១៩៧២,ទំព័រ ១៧–១៨ ] ។
« បន្ថែមពីលើរឿងស្មុគស្មាញនោះ នៅនិទាឃរដូវក្នុងឆ្នាំ ១៨៣៣ មានទឹកជំនន់នៅរដ្ឋ មិសសួរី វាបានបំផ្លិចបំផ្លាញដីនៅទីក្រុង អ៊ិនឌីប៉ែនដែនស៍ ហើយបានបង្វែរផ្លូវទឹកហូរចេញឆ្ងាយពីសហគមនម៍ ។ ទីក្រុងថ្មីមួយ គឺទីក្រុង វែសផត ដែលមានទីតាំងល្អជាងបានបង្កើតឡើងតាមបណ្ដោយទន្លេ ហើយជំនួញនៅក្នុងទីក្រុង អ៊ិនឌីប៉ែនដែនស៍ ត្រូវបានបដិសេធ ។ សហគ្រិននៅក្នុងទីក្រុង អ៊ិនឌីប៉ែនដែនស៍ បានបន្ទោសពួកមរមនសម្រាប់ស្ថានភាពនេះ ។ ដោយមើលឃើញជាមុនពីអនាគតថានឹងទៅជាយ៉ាងណា នោះប្រជាជនចាស់មួយចំនួនចង់លក់ដីធ្លីឲ្យពួកបរិសុទ្ធ ។ សមាជិកសាសនាចក្រចង់ទិញចំការ និងទ្រព្យសម្បត្តិផ្សេងទៀត ប៉ុន្តែពុំមានដើមទុនគ្រប់គ្រាន់ដើម្បីធ្វើដូច្នោះទេ ។ វាបានធ្វើឲ្យប្រជាជនរដ្ឋ មិសសួរី មានការក្ដៅក្រហាយ ហើយពួកគេបានផ្សាយពាក្យចចាមអារ៉ាមថាពួកមរមនក្រតោកយ៉ាកដល់កម្រិតណា ។
« អ្នករស់នៅព្រំប្រទល់រដ្ឋ មិសសួរី ខ្លាច ហើយស្អប់ពួកឥណ្ឌា ។ ការស្អប់ខ្ពើមរបស់ពួកគេកើនឡើងក្នុងឆ្នាំ ១៨៣០ ពេលដែលរដ្ឋាភិបាលបានចាប់ផ្ដើមឲ្យពួកកុលសម្ព័នមកពីភាគខាងកើតរស់នៅលើដីដែលនៅឈាងខាងលិចនៃទីក្រុង អ៊ិនឌីប៉ែនដែនស៍ ។ បន្ទាប់ពីសង្គ្រាមដែលដឹកនាំដោយ ប្លេក ហក នៅឆ្នាំ ១៨៣២ ប្រជាជននៅភាគខាងលិចនៃរដ្ឋ មិសសួរី បានទាមទារឲ្យសភាបង្កើតប៉ុស្ដិ៍ទាហាន ដើម្បីការពារពួកគេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាមរមនដំបូងបំផុត បានលូកដៃចូលក្នុងស្ថានភាពតានតឹងនេះ ដោយប្រកាសអំពីទំនាញនៃជោគវាសនារបស់ប្រជាជនអាមេរិកដើម ។ ប្រជាជនចាស់ភ័យខ្លាចថា ពួកបរិសុទ្ធនឹងប្រើពួកឥណ្ឌាមកជួយពួកគេដណ្ដើមយកតំបន់ សម្រាប់ទីក្រុងយេរូសាឡឹមថ្មីរបស់ពួកគេ ។ បញ្ហាកាន់តែស្មុគស្មាញទៅៗ ដោយសារអ្នកបង្រៀននិកាយប្រូតេស្ដង់ដែលច្រណែននឹងពួកបរិសុទ្ធថ្ងៃចុងក្រោយផ្សព្វផ្សាយដល់ពួកឥណ្ឌា ។
« ជម្លោះរវាងពួកបរិសុទ្ធ និងប្រជាជនចាស់ បានផ្ទុះឡើងដោយសារបញ្ហាទាសករ ។ រដ្ឋ មិសសួរី បានចូលក្នុងសហភាពជារដ្ឋទាសករ ក្រោមកិច្ចព្រមព្រៀងដ៏ល្បី ក្នុងឆ្នាំ ១៨២០ ។ ប៉ុន្តែ ការត្រួតត្រាទាសករគឺនៅមានកម្រិត ។ ទោះជាមានការបញ្ឈប់ទាសករក្ដី ក៏ប្រជាជននៅតែប្រកាន់សិទ្ធិត្រួតត្រាទាសករដែរ ។ ពួកបរិសុទ្ធមួយចំនួន បាននាំយកអារម្មណ៍លុបបំបាត់ទាសករមកពីភាគខាងជើង និងភាគខាងកើត ហើយពេលនោះ ពេញទាំងភាគខាងត្បូងប្រហែលជាមានការភ័យខ្លាចនឹងការរើបម្រះរបស់ពួកស្បែកខ្មៅផង ។ ក្នុងឆ្នាំ ១៨៣១ ការបះបោររបស់ពួកទាសករដែលដឹកនាំដោយ ណាត ធឺនន័រ ក្នុងរដ្ឋ វើរជីញ៉ា បាននាំមកនូវការស្លាប់ជនជាតិស្បែកសចំនួនជាងចិតសិបនាក់ និងជនជាតិស្បែកខ្មៅមួយរយនាក់ ។ ការភ័យខ្លាចមិនសមហេតុផលនៃការបះបោរ បានគ្របដណ្ដប់លើរដ្ឋដែលមានទាសករ ។ ដូច្នេះ ហើយប្រជាជនរដ្ឋ មិសសួរី មានការច្រួលច្របល់ជាខ្លាំងនៅដើមឆ្នាំ ១៨៣២ ដោយសារពាក្យចចាមអារ៉ាមថា ពួកបរិសុទ្ធព្យាយាមបញ្ចុះបញ្ចូល ពួកទាសករឲ្យប្រឆាំងនឹងម្ចាស់របស់ខ្លួន ឬរត់គេច ។
« ដើម្បីធ្វើឲ្យពាក្យអាចាមអារ៉ាមស្ងាត់ទៅវិញនៅខែកក្កដា ឆ្នាំ ១៨៣៣ ក្រុមហ៊ុនកាសែត Evening and Morning Star បានបោះពុម្ពអត្ថបទមួយណែនាំឲ្យពួកអ្នកផ្សព្វផ្សាយសាសនាប្រយ័ត្នកុំផ្សព្វផ្សាយដល់ពួកទាសករ និងដល់ពួកដែលធ្លាប់ជាទាសករ ដែលបានស្គាល់ថា ‹ សេរីភាពមិនប្រចាំពណ៌សម្បុរ › ។ ជាអកុសល ប្រជាជនរដ្ឋ មិសសួរី យល់ច្រឡំការទូន្មាននេះថា បងប្រុស ហ្វែប្ស បានអញ្ជើញជនជាតិស្បែកខ្មៅដែលមានសេរីភាពឲ្យចូលរួមជាមួយពួកមរមនក្នុងឃុំ ចាកសុន ។ អត្ថបទនោះបានបង្កឲ្យមានការខឹងសម្បារ ដែលបណ្តាលឲ្យ ហ្វែប្ស ចុះផ្សាយអត្ថបទ ‹ មួយទៀត › ពន្យល់ថាសាសនាចក្រគ្មានបំណងអញ្ជើញជនជាតិស្បែកខ្មៅដែលមានសេរីភាពមករដ្ឋ មិសសួរី ឡើយ ប៉ុន្តែការបដិសេធរបស់គាត់គ្មានប្រយោជន៍ទេ » ( Church History in the Fulness of Times Student Manual, បោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ១៣០-៣២ ) ។