មេរៀនទី១២
គោលលទ្ធិ និង សេចក្តីសញ្ញា១០
បុព្វកថា
បន្ទាប់ពីបាត់ឯកសារដែលសរសេរដោយដៃចំនួន១១៦ ទំព័រមក ព្យាការីបានបាត់បង់អំណាចដើម្បីបកប្រែ ។ ក្រោយពីការអធិស្ឋានដោយរាបសារ និងការប្រែចិត្តអស់មួយរយៈពេលមកនោះផ្ទាំងចំណារនិង យូរីម និងធូមីម ត្រូវបានប្រគល់មកឲ្យ យ៉ូសែប វិញ ។ ព្រះអម្ចាស់ បានបញ្ជាយ៉ូសែបមិនឲ្យបកប្រែឡើងវិញនូវផ្នែកនៃផ្ទាំងចំណារដែលបានបាត់ទាំង១១៦ ទំព័រនោះទេ ហើយទ្រង់បានបើកសម្ដែងអំពីផែនការសម្ងាត់របស់សាតាំង ដើម្បីបំផ្លាញកិច្ចការរបស់ព្រះ ។ រួចហើយព្រះអម្ចាស់បានបញ្ជាឲ្យយ៉ូសែប ស្ម៊ីធ បកប្រែផ្ទាំងតូចរបស់នីហ្វៃ ។ ទ្រង់ក៏បានពន្យល់អំពី គោលបំណងនៃព្រះគម្ពីរមរមន ហើយនឹងតួនាទីវានៅក្នុងការស្ថាបនាសាសនាចក្ររបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា១០:១-៤
ព្រះអម្ចាស់ បានស្ដារអំណោយទានដើម្បីបកប្រែរបស់យ៉ូសែប ឡើងវិញ
សូមឲ្យសិស្សមើលសង្ខេបៗនូវអ្វីដែលពួកគេរៀនមកពីមេរៀនមុន អំពីការបាត់ឯកសារដែលសរសេរដោយដៃចំនួន១១៦ ទំព័រឡើងវិញ ( សូមមើលគ. និង ស. ៣ ) ។ សូមរំឭកសិស្សថា ដោយសារតែការទទូចសុំដដែលៗរបស់ព្យាការីដើម្បីអនុញ្ញាតឲ្យម៉ាទីន ហារិស យកឯកសារដែលបានសរសេរដោយដៃទៅ ជាលទ្ធផលនាំឲ្យបាត់ទំព័រទាំងនោះ មរ៉ូណៃក៏បានដកយកផ្ទាំងចំណារមាស និងយូរីម និងធូមីម ចេញពី យ៉ូសែប ស៊្មីធ ។
ក្រោយមកមរ៉ូណៃ បានប្រគល់ផ្ទាំងចំណារ និង យូរីម និងធូមីមឲ្យវិញ ។ មួយរយៈកាល បន្ទាប់ពីទទួលបានរបស់ទាំងនេះមកវិញ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០ ។ នៅក្នុងវិវរណៈនេះព្រះអម្ចាស់ បានណែនាំយ៉ូសែប អំពីអ្វីដែលត្រូវធ្វើជាមួយនឹងផ្នែកនៃផ្ទាំងចំណារ ដែលបានសរសេរដោយដៃ ដែលបានបាត់នោះ ។ ( សូមមើល លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ១៩៥៨ ], ទំព័រ១៣៣-៣៦ ) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា១០:១–២ ដោយពន្យល់ថា ព្រះអម្ចាស់បានរំឭកយ៉ូសែប ពីមូលហេតុដែលអំណាចដើម្បីបកប្រែត្រូវបានដកចេញពីលោក និងអ្វីដែលបានកើតឡើងជាលទ្ធផលមកពីកំហុសរបស់លោក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៣-៤ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការប្រឹក្សាដែលព្រះអម្ចាស់បានផ្ដល់ឲ្យ ពេលយ៉ូសែប ស៊្មីធ ចាប់ផ្ដើមបកប្រែម្ដងទៀតនោះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
ហេតុអ្វីបានជាអ្នកគិតថា យ៉ូសែប ស៊្មីធ ចាំបាច់ត្រូវទទួលបានការប្រឹក្សាកុំឲ្យធ្វើការ ឬបកប្រែហួសពីកម្លាំងដែលលោកមានដូច្នេះ ?
-
តើការប្រឹក្សានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤ ណែនាំយើង នៅពេលយើងបម្រើព្រះអម្ចាស់យ៉ាងដូចម្ដេចខ្លះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៥-៣៧
ព្រះអម្ចាស់ព្រមានអំពីផែនការរបស់សាតាំងក្នុងការបំផ្លាញយ៉ូសែប ស៊្មីធ និងកិច្ចការរបស់ព្រះ
សូមបង្ហាញអង្គប់ ឬអន្ទាក់មួយ ( ឬ គូររូបភាពមួយនៅលើក្ដារខៀន ) ។
-
តើឧបករណ៍ដូច្នេះ តំណាងឲ្យបំណងរបស់សាតាំងចំពោះយើងយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៥ ឲ្យឮៗ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យ ព្យាការីយ៉ូសែប ស្ម៊ីធ ធ្វើដើម្បីគេចចេញពីសាតាំង ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីខនេះ ? ( សិស្សអាចប្រាប់គោលការណ៍ផ្សេងមួយ ប៉ុន្តែសូមប្រាកដថា អ្នកគូសបញ្ជាក់ប្រាប់ថា នៅពេលយើងអធិស្ឋានជានិច្ច នោះយើងនឹងមានអំណាចដើម្បីយកឈ្នះលើសាតាំង និងអ្នកទាំងឡាយដែលបម្រើវា ។ សូមពិចារណាសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
-
តើការអធិស្ឋានជួយយើង « យកឈ្នះលើសាតាំង ហើយ…គេចចេញ [ ពីអ្នកទាំងឡាយ ]ដែលជួយកិច្ចការរបស់វាយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយឧទាហរណ៍អំពីរបៀបដែលការអធិស្ឋានបានជួយពួកគេឲ្យទប់ទល់នឹងការល្បួងរបស់សាតាំង ។ ( សូមរំឭកសិស្សថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ ឬ រឿងផ្ទាល់ខ្លួនច្រើនពេកនោះទេ ) ។
សូមពន្យល់ថា ព្រះអម្ចាស់ បានព្រមានដល់យ៉ូសែប អំពីអន្ទាក់មួយដែលសាតាំងបានដាក់ ដើម្បីព្យាយាមបំផ្លាញដល់ព្យាការី និងកិច្ចការរបស់ព្រះ ។ សូមអញ្ជើញសិស្សបួនប្រាំនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៨-១៩ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីផែនការរបស់បុគ្គលទុច្ចរិត ដែលកាន់កាប់ឯកសារសរសេរដោយដៃនោះ ។
-
តើផែនការរបស់បុគ្គលទុច្ចរិត ដែលមានឯកសារសរសេរដោយដៃជាអ្វី ? ( ដើម្បីបង្ខូចកិត្តិយសព្យាការី និងកិច្ចការរបស់ព្រះអម្ចាស់ តាមរយៈការផ្លាស់ប្ដូរពាក្យនៃឯកសារសរសេរដោយដៃនោះ ។ បើយ៉ូសែប បានបកប្រែឯកសារដូចគ្នាម្ដងទៀត ពួកគេនឹងនិយាយថា លោកពុំអាចធ្វើវាដូចគ្នាពីរដងទេ ហេតុដូច្នោះពុំមានអំណោយទានទេ ) ។
សូមលើកអន្ទាក់ ឬអង្គប់ ដែលអ្នកដាក់បង្ហាញកាលពីមុនឡើង ( ឬសំដៅទៅលើរូបភាពដែលបានគូរនៅលើក្ដារខៀន ) ។ សូមពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១០:២០–២៩ ព្រះអម្ចាស់ បាននិយាយអំពីឥទ្ធិពលរបស់សាតាំងចំពោះមនុស្សទុច្ចរិត ដែលទទួលបានឯកសារសរសេរដោយដៃចំនួន១១៦ទំព័រនោះ និងរបៀបដែលសាតាំងសម្រេចគោលបំណងទុច្ចរិតរបស់វា ។ សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យសិស្សម្នាក់ក្នុងចំណោមដៃគូនីមួយៗអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១០:២០–២៩ ដោយស្ងាត់ស្ងៀម ស្វែងរកអ្វីដែលខទាំងនេះ បង្រៀនអំពីគោលបំណងរបស់សាតាំង ។ សូមឲ្យសិស្សម្នាក់ទៀត អានខដូចគ្នា ស្វែងរកមើលយុទ្ធសាស្ត្រដែលសាតាំងប្រើដើម្បីសម្រេចគោលបំណងវា ។ ក្រោយពីឲ្យពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានរកឃើញជាមួយនឹងដៃគូរបស់ពួកគេ ។
-
តើយើងរៀនអ្វីខ្លះ អំពីគោលបំណងរបស់សាតាំងមកពីខទាំងនេះ ? ( សិស្សអាចរកឃើញគោលការណ៍ផ្សេងមួយ ប៉ុន្ដែសូមប្រាកដថា ពួកគេបានប្រាប់ពីសេចក្ដីពិតដូចខាងក្រោម ៖ សាតាំងមានបំណងបំផ្លាញកិច្ចការរបស់ព្រះអម្ចាស់ និងព្រលឹងរបស់យើង ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំពាក្យ ឬឃ្លាដែលបង្រៀនសេចក្ដីពិតនេះនៅក្នុង ខ ២២-២៣ និង ២៧ ) ។
-
ចេញមកពីអ្វីដែលអ្នកអាននៅក្នុងខទាំងនេះ តើសាតាំងព្យាយាមបំផ្លាញកិច្ចការរបស់ព្រះអម្ចាស់ និងព្រលឹងរបស់យើងយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់ និងដឹងពីសារៈសំខាន់នៃសេចក្ដីពិតនេះ សូមសួរសំណួរដូចខាងក្រោម ។ សូមអញ្ជើញសិស្សដែលចាប់ដៃគូគ្នាពិភាក្សាពីចម្លើយរបស់ពួកគេ ។
-
តើអ្នកបានឃើញភស្ដុតាងអ្វីខ្លះ ដែលសាតាំងបានប្រើដើម្បីបោកបញ្ឆោត ញុះញង់កំហឹង បញ្ជោរ និងកុហក ដើម្បីបំផ្លាញកិច្ចការរបស់ព្រះអម្ចាស់ និងព្រលឹងរបស់យើងនោះ ?
-
តើការដឹងជាមុនអំពីបំណងរបស់សាតាំង និងវិធីសាស្ត្ររបស់វា ជួយយើងចៀសវាងនិងគេចចេញពីអន្ទាក់របស់វាយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទី សរសេរក្នុងសៀវភៅកំណត់ចំណាំ ក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីវិធីសាស្ត្ររបស់មារសត្រូវដែលបានសរសេរនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១០:២០–២៩ដែលពួកគេបានឃើញឬដឹងនោះ ។ សូមពួកគេឲ្យសរសេរអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីចៀសវាង ឬគេចចេញពីអន្ទាក់របស់សាតាំងផងដែរ ។
បន្ទាប់ពីសិស្សមានពេលសរសេរគ្រប់គ្រាន់ហើយ សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៣០–៣៧ ដោយពន្យល់ថា ដោយសារតែផែនការរបស់មនុស្សទុច្ចរិត ដើម្បីបំផ្លាញកិច្ចការរបស់ព្រះ និងកេរ្តិ៍ឈ្មោះរបស់យ៉ូសែប ស៊្មីធ នោះព្រះអម្ចាស់បានបញ្ជាយ៉ូសែបកុំឲ្យបកប្រែឡើងវិញនូវផ្នែកនោះក្នុងផ្ទាំងចំណារដែលបានបាត់ចំនួន១១៦ ទំព័រដែលបានបកប្រែហើយនោះឡើយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៣៨-៤៥
ព្រះអម្ចាស់បានបញ្ជាឲ្យយ៉ូសែប ស្ម៊ីធ បកប្រែផ្ទាំងតូចរបស់នីហ្វៃ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗគោលលទ្ធិ និង សេចក្ដីសញ្ញា១០:៣៨-៤២ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់ បានបញ្ជាឲ្យយ៉ូសែបបកប្រែជំនួសឲ្យការបកប្រែឡើងវិញនូវចំណែកនៃផ្ទាំងចំណារដែលបានបាត់ចំនួន១១៦ ទំព័រ ដែលបានបកប្រែហើយនោះ ។
-
តើព្រះអម្ចាស់បានបញ្ជាយ៉ូសែបឲ្យបកប្រែអ្វី ? ហេតុអ្វី ?
សូមជួយសិស្សឲ្យយល់អំពីរបៀបដែលព្រះអម្ចាស់បានរៀបចំសម្រាប់ឯកសារសរសេរដោយដៃដែលបានបាត់ចំនួន១១៦ ទំព័រនោះ ។ សូមពន្យល់ថា ការបាត់ឯកសារដែលមានការបកប្រែនៃគម្ពីរលីហៃ គឺមាននៅក្នុងសេចក្តីសង្ខេបរបស់មរមន អំពីផ្ទាំងធំរបស់នីហ្វៃ ។ មរមនត្រូវបានបំផុសឲ្យភ្ជាប់ផ្ទាំងតូចរបស់នីហ្វៃទៅនឹងកំណត់ត្រារបស់លោក « សម្រាប់គោលបំណងដ៏ឆ្លាតវៃមួយ » ដែលពេលនោះលោកពុំយល់ឡើយ ( សូមមើលពាក្យសម្ដីនៃមរមន១:៣–៧ ) ។ ផ្ទាំងតូចរបស់នីហ្វៃ បានមានប្រហែលជាក្នុងរយៈពេលដូចគ្នានឹងគម្ពីរលីហៃ ។ បន្ទាប់ពីការបាត់ចំនួន១១៦ ទំព័រនោះមក ព្រះអម្ចាស់បានបញ្ជាព្យាការីយ៉ូសែប ស្ម៊ីធ ឲ្យបកប្រែឯកសារមកពីផ្ទាំងតូចរបស់នីហ្វៃ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤៣ដោយស្ងាត់ស្ងៀម ហើយរកមើលសេចក្ដីពិតដ៏សំខាន់មួយ ដែលព្រះអម្ចាស់បានចង់ឲ្យយ៉ូសែប ស្ម៊ីធ យល់ ។ ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ប្រាជ្ញារបស់ព្រះមហិមាជាងកលល្បិចនៃអារក្សទៅទៀត ។ អ្នកអាចនឹងត្រូវការពន្យល់ថា កលល្បិច សំដៅទៅលើការប្រើល្បិចដើម្បីបញ្ឆោតមនុស្ស ) ។
-
តើផែនការរបស់ព្រះអម្ចាស់ ជំនួសឯកសារសរសេរដោយដៃដែលបានបាត់ បង្ហាញពីសេចក្ដីពិតនេះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា១០:៤៤–៤៥ ដោយស្ងាត់ស្ងៀម ស្វែងរកមើលភស្ដុតាងនៃសេចក្ដីពិតនៅក្នុងខខ ៤៣ ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤៤–៤៥ ហេតុអ្វីផ្ទាំងតូចរបស់នីហ្វៃមានតម្លៃជាងឯកសារដែលបានបាត់ចំនួន ១១៦ ទំព័រនោះដូច្នេះ ?
-
តើការដឹងថា ព្រះបានរៀបចំផ្លូវមួយដើម្បីសងថ្លៃ ឯកសារសរសេរដោយដៃដែលបានបាត់ចំនួន១១៦ ទំព័រ ជួយអ្នកយល់កាន់តែពេញលេញពីទំនុកចិត្តរបស់ទ្រង់យ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤៦-៧០
ព្រះអម្ចាស់ក៏បានពន្យល់អំពី គោលបំណងនៃព្រះគម្ពីរមរមន ហើយនឹងតួនាទីវានៅក្នុងការស្ថាបនាសាសនាចក្ររបស់ទ្រង់
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤៦–៦១ ដោយការពន្យល់ថា នៅក្នុងខទាំងនេះ ព្រះអម្ចាស់បានថ្លែងទីបន្ទាល់ថា ទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានរបស់ពួកសិស្សនីហ្វៃរបស់ទ្រង់ ដោយការរក្សា និងការនាំព្រះគម្ពីរមរមនឲ្យចេញមកនៅជំនាន់របស់យើង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៦២-៦៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា ព្រះគម្ពីរមរមន នឹងនាំមកនូវពន្លឺ ។
-
តើព្រះគម្ពីរមរមននឹងនាំអ្វីខ្លះទៅកាន់ពន្លឺ ? ( ចំណុចពិតនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ) ។
-
ស្របតាម ខ ៦៣ តើព្រះអម្ចាស់ប្រើចំណុចពិតនៃគោលលទ្ធិរបស់ទ្រង់ ដើម្បីយកឈ្នះលើកិច្ចការរបស់សាតាំងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗអំពីការសន្យាចុងក្រោយរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៦៧, ៦៩–៧០ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយកត់ចំណាំឃ្លាដែលមានអត្ថន័យចំពោះពួកគេ ក្នុងពន្លឺនៃអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយឃ្លា ដែលមានអត្ថន័យចំពោះពួកគេ និង ហេតុអ្វី ។ សូមបញ្ចប់ដោយទីបន្ទាល់របស់អ្នក ។
សេចក្តីអធិប្បាយនិង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤៥ ។ « ទស្សនៈដ៏ជ្រាលជ្រៅបន្ថែមទៀតបញ្ចេញយោបល់ជ្រាលជ្រៅទៅទៀតអំពីដំណឹងល្អរបស់យើង »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « គោលបំណងដ៏ឈ្លាសវៃ » របស់ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី១ ៩:៥, ពាក្យសម្ដីនៃមរមន១:៧) សម្រាប់ការបញ្ជាឲ្យសរសេរនិងរក្សាផ្ទាំងតូចរបស់នីហ្វៃ ដែលមានតម្លៃហួសពីការបាត់បង់ឯកសារសរសេរដោយដៃចំនួន១១៦ ទំព័រទៅទៀត ។
« វាធ្វើឲ្យខ្ញុំអស្ចារ្យដែលថា មានគោលបំណងដ៏ឈ្លាសវៃជាង ដើម្បី [ ការសងថ្លៃចំពោះការបាត់បង់នៃឯកសារ១១៦ ទំព័រ នោះ ] ឬឲ្យកាន់តែត្រឹមត្រូវគឺថា មានគោលបំណងកាន់តែឈ្លាតវៃនៅក្នុង នោះ ។ គន្លឹះចំពោះយោបល់នៃគោលបំណងដ៏កាន់តែឈ្លាសវៃ គឺមាននៅក្នុង ខ ៤៥នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា១០ ។ ដូចដែលព្រះអម្ចាស់បានណែនាំដល់យ៉ូសែប អំពីនិតិវិធីនៃការបកប្រែ និងការដាក់បញ្ចូលឯកសារមកពីផ្ទាំងតូច ទៅក្នុងអ្វីដែលបានចាប់ផ្ដើម ជាការបកប្រែនៃការសង្ខេបផ្ទាំងធំ ដែលទ្រង់មានបន្ទូលថា ‹ មើលចុះ មានការណ៍ជាច្រើន ដែលបានចារនៅលើផ្ទាំងនីហ្វៃ ដែលបញ្ចេញយោបល់ជ្រាលជ្រៅទៅទៀត អំពីដំណឹងល្អរបស់យើង › ( គូសបញ្ជាក់បន្ថែម ) ។
« ដូច្នេះ វាស្ដែងយ៉ាងច្បាស់ថា ការណ៍នេះពុំមែន ជាការតបស្នង នៅក្នុងការបង្កើតផលិតផលសម្រេចនៃព្រះគម្ពីរមរមននោះទេ ។ វាពុំមែនជាការដោះដូរ--ថាអ្នកឲ្យខ្ញុំ១១៦ ទំព័រនៃឯកសារដែលសរសេរដោយដៃ ហើយខ្ញុំនឹងឲ្យអ្នក១៤២ ទំព័រនៃអត្ថបទដែលបានបោះពុម្ពនោះទេ ។ វាពុំដូច្នេះទេ ។ យើងបានទទួលច្រើនជាងអ្វីដែលយើងបានបាត់បង់ ។ ហើយវាត្រូវបានស្គាល់តាំងពីដើមដំបូងមកថា វានឹងកើតមានដូច្នោះ ។ វា គឺជា គោលបំណងកាន់តែឈ្លាសវៃ ។ យើងពុំដឹងច្បាស់នូវអ្វីដែលយើងបានបាត់នៅក្នុង១១៦ ទំព័រនោះទេ ប៉ុន្តែយើងដឹងថា អ្វីដែលយើងបានទទួលនៅក្នុងផ្ទាំងតូចគឺជាការប្រកាសផ្ទាល់ខ្លួនរបស់សាក្សីបីនាក់ដ៏អស្ចារ្យ ជាសំឡេងគោលលទ្ធិដ៏សំខាន់បីអំពីព្រះគម្ពីរមរមន ដែលថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។
« ឱ យើងប្រាថ្នាថា យើងអាចមាននូវទីបន្ទាល់ដ៏ច្បាស់ និងមានតម្លៃទាំងអស់នោះ ដែលត្រូវបានដកចេញពីកំណត់ត្រាខាងព្រះគម្ពីរប៊ីប ។ ប៉ុន្តែយ៉ាងហោចណាស់ក្នុងនាមជាអ្នកអានព្រះគម្ពីរមរមន យើងមាននីហ្វៃ យ៉ាកុប និង អេសាយ ថ្លែងមកកាន់យើងចំៗ ក្នុងនាមជាសាក្សីផ្ទាល់ភ្នែកអំពីព្រះអង្គសង្គ្រោះនៃជីវិតមុនជីវិតនេះ ។ ពួកលោកគឺជាអ្នកទទួលវិវរណៈដ៏អស្ចារ្យស្ដីអំពីជីវិតនិងការបម្រើរបស់ទ្រង់ និងអំពីទំនាក់ទំនងសេចក្ដីសញ្ញារបស់ព្រះជាមួយនឹងវង្សអ៊ីស្រាអែល ទាំងជំនាន់បុរាណ និងជំនាន់ថ្មី ។
« ខ្ញុំគិតថា វានឹងជាការរំភើបយ៉ាងខ្លាំង បើឯកសារដែលសរសេរដោយដៃចំនួន១១៦ ទំព័រ បើកឡើងនៅថ្ងៃមួយ ប៉ុន្តែបើវាត្រូវបាននាំទៅកាន់ការិយាល័យខ្ញុំនៅថ្ងៃស្អែក នោះខ្ញុំនឹងមិនដោះដូរវាជាមួយនឹងផ្ទាំងតូចរបស់នីហ្វៃទេ ព្រោះជា ‹ ដែលបញ្ចេញយោបល់ជ្រាលជ្រៅទៅទៀត › ត្រូវបានផ្ដល់តាមរយៈការចាំយាមរបស់ព្យាការីដ៏អស្ចារ្យ ដែលឈរនៅច្រកទ្វារនៃព្រះគម្ពីរ ។ ដូច្នេះ សូមប្រាប់ដល់សិស្សអ្នកឲ្យឈប់រអ៊ូរទាំ ហើយត្រូវអាន--រួមទាំងគម្ពីរអេសាយផង » ( « A Standard unto My People » [ សុន្ទរកថា ទៅកាន់គ្រូខាងសាសនាស៊ី.អ៊ី.អែស ថ្ងៃទី ៩ ខែ សីហា ឆ្នាំ១៩៩៤ ], ទំព័រ ៧–៩,LDS.org ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៣៨-៤៥ ។ គម្ពីរលីហ្វៃ
នៅក្នុងអារម្ភកថាចំពោះការបោះពុម្ពលើកទីមួយនៃព្រះគម្ពីរមរមន យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីប្រភពដែលឯកសារសរសេរដោយដៃចំនួន១១៦ ទំព័រ ត្រូវបានបកប្រែថា ៖ « ខ្ញុំ [ យ៉ូសែប ស្ម៊ីធ ] បានបកប្រែ ដោយអំណោយទាន និងព្រះចេស្តារបស់ព្រះ ហើយបានបណ្តាលឲ្យសរសេរបានមួយរយដប់ប្រាំមួយទំព័រ ដែលខ្ញុំបានដកស្រង់ចេញពីគម្ពីរលីហៃ ដែលជាដំណើររឿងសង្ខេបមួយចេញពីផ្ទាំងចំណាររបស់លីហៃ ដោយដៃរបស់មរមន ដែលដំណើររឿងនេះ ត្រូវបានមនុស្សមួយចំនួនលួចទៅ ហើយលាក់ពីខ្ញុំ ថ្វីបើខ្ញុំព្យាយាមស្វែងរកវាក្តី » ( Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ]៦៣ ) ។