មេរៀនទី ១០៦
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៣-១០១
បុព្វកថា
នៅថ្ងៃទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈអំពីពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដែលបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ដើម្បីភៀសខ្លួនចេញពីសេចក្ដីបៀតបៀន ។ ពួកបរិសុទ្ធជាច្រើន ត្រូវបានបង្ខំឲ្យទុកទ្រព្យសម្បត្តិរបស់ពួកគេចោល ។ វិវរណៈដែលព្យាការីបានទទួល បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវបានបែងចែកទៅជាបីមេរៀននៅក្នុងសៀវភៅសិក្សានេះ ។ មេរៀនទីបីនេះ រួមមានរឿងប្រដូចរបស់ព្រះអម្ចាស់នៃបុរសត្រកូលខ្ពស់ និងដើមអូលីវ ការបង្រៀនពីព្រះទ័យរបស់ទ្រង់អំពីសេចក្ដីប្រោសលោះនៃស៊ីយ៉ូន ។ វាក៏រួមមានទាំងការទូន្មានរបស់ព្រះអម្ចាស់ថា ពួកបរិសុទ្ធត្រូវបន្តប្រមូលផ្ដុំគ្នា ( ជាមួយនឹងសេចក្ដីយោងនៃរឿងប្រៀបធៀបរបស់ទ្រង់ពីស្រូវសាលី និងស្រងែ ) ហើយព្យាយាមសងការធ្វើខុសដែលបានធ្វើប្រឆាំងនឹងពួកគេ ( ជាមួយនឹងសេចក្ដីយោងនៃរឿងប្រៀបធៀបរបស់ទ្រង់នៃស្រ្តី និងចៅក្រមដ៏ឥតយុត្តិធម៌ម្នាក់ ) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៣-៦២
ព្រះអម្ចាស់ប្រទានរឿងប្រៀបប្រដូចនៃបុរសត្រកូលខ្ពស់ និងដើមអូលីវ
សូមសរសេរ នៅលើក្តារខៀននូវរឿងប្រៀបប្រដូចនៃ …
សូមពន្យល់ថា រឿងប្រៀបប្រដូចគឺជា « រឿងសាមញ្ញមួយដែលត្រូវបានប្រើ ដើម្បីបង្ហាញ និងបង្រៀន សេចក្តីពិតខាងវិញ្ញាណ ឬពីគោលការណ៏ ។ រឿងប្រៀបប្រដូច គឺផ្អែកលើការប្រៀបធៀបកម្មវត្ថុមួយ ឬព្រឹត្តិការណ៍ធម្មតាមួយទៅនឹងរឿងពិត ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រឿងប្រៀបប្រដូច » scriptures.lds.org ) ។
សូមឲ្យសិស្សសរសេររឿងប្រៀបប្រដូចមួយចំនួនដែលព្រះអង្គសង្គ្រោះបានបង្រៀន ក្នុងពេលនៃការបម្រើខាងសាច់ឈាមរបស់ទ្រង់ ។ ឧទាហរណ៍ សិស្សអាចរំឭកពីរឿងប្រៀបប្រដូចនៃសាសន៍សាម៉ារីដ៏ល្អ ឬរឿងប្រៀបប្រដូចនៃស្រ្តីព្រហ្មចារីទាំងដប់នាក់ ។
សូមពន្យល់ថា នៅក្នុងមេរៀនថ្ងៃនេះ សិស្សនឹងពិភាក្សាពីរឿងប្រៀបប្រដូចដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យតាមរយៈ យ៉ូសែប ស៊្មីធ ។ សូមបំពេញឃ្លាខាងក្រោមនៅលើក្ដារខៀន ដែលនិយាយថា ៖ រឿងប្រៀបប្រដូចនៃបុរសត្រកូលខ្ពស់ និងដើមអូលីវ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសារលិខិតដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់មានព្រះទ័យចង់ប្រាប់យើងតាមរយៈរឿងប្រៀបប្រដូចនេះ ។ ( ទ្រង់ចង់ឲ្យមនុស្សយល់ពី « ព្រះទ័យទ្រង់អំពីសេចក្តីប្រោះលោះនៃនៃស៊ីយ៉ូន » ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១០១ :៤៤ -៤៥ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយយកចិត្តទុកដាក់លើសាច់រឿងលម្អិតនៃរឿងប្រៀបធៀបនេះ ។ ដើម្បីធានាថាសិស្សយល់ពីសាច់រឿង សូមសួរសំណួរដូចខាងក្រោម ៖
-
តើបុរសត្រកូលខ្ពស់ បានបញ្ជាអ្នកបម្រើរបស់គាត់ឲ្យធ្វើអ្វី ?
-
តើហេតុអ្វីបានជាបុរសត្រកូលខ្ពស់ចង់បានអ្នកយាមនៅក្នុងចម្ការរបស់គាត់ ? ហេតុអ្វីបានជាគាត់ចង់ឲ្យអ្នកយាមនៅលើប៉មចាំយាម ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលថាតើអ្នកបម្រើធ្វើតាមការណែនាំរបស់បុរសត្រកូលខ្ពស់បានល្អដល់កម្រិតណា ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៧-៥០ ដោយស្ងាត់ស្ងៀម រកមើលថាតើអ្នកបម្រើធ្វើតាមការណែនាំរបស់បុរសត្រកូលខ្ពស់បានល្អដល់កម្រិតណា ។
-
តើអ្នកបម្រើបានធ្វើតាមការណែនាំល្អដល់កម្រិតណា ? ( អ្នកអាចពន្យល់ថា នៅក្នុង ខ ៥០ឃ្លា « ជជែកគ្នាទៅវិញទៅមក » មានន័យថា អ្នកបម្រើប្រកែកគ្នាទៅវិញទៅមក ) ។
-
តើហេតុអ្វីបានជាអ្នកបម្រើបរាជ័យក្នុងការសាងសង់ប៉មចាំយាម ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៥១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ រកមើលអ្វីដែលបានកើតឡើងដោយសារតែអ្នកបម្រើមិនបានសាងសង់ប៉មចាំយាម ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥២-៥៤ ឲ្យសិស្សស្ដាប់ ។ សូមឲ្យពួកគេផ្ទៀងតាម រកមើលពាក្យរបស់បុរសត្រកូលខ្ពស់ទៅកាន់អ្នកបម្រើរបស់គាត់ ។
-
យោងតាម ខ ៥៤ តើហេតុអ្វីបានបុរសត្រកូលខ្ពស់មិនសប្បាយចិត្តពេលដែលអ្នកបម្រើរបស់គាត់មិនបានសង់ប៉មចាំយាម ?
-
តើព្រឹត្តិការណ៍នានាដែលបានពិពណ៌នានៅក្នុងរឿងប្រៀបប្រដូចនេះ ទាក់ទងទៅនឹងអ្វីដែលបានកើតឡើងដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី យ៉ាងដូចម្ដេច?
ជាផ្នែកនៃការពិភាក្សានេះ អ្នកអាចរំឭកសិស្សថា នៅក្នុងវិវរណៈដែលបានប្រទានឲ្យនៅខែ កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានកំណត់ទីតាំងសម្រាប់ព្រះវិហារបរិសុទ្ធ នៅទីក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥៧ ) ។ នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បានឧទ្ទិសទីតាំងព្រះវិហារបរិសុទ្ធនៅទីក្រុង អ៊ិនឌីប៉ែនដែនស៍ ។ ទោះជាយ៉ាងណា ពួកបរិសុទ្ធមិនបានធ្វើអ្វីដើម្បីកសាងព្រះបរិសុទ្ធឡើយ ។ នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់បានបញ្ជាពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ម្ដងទៀតឲ្យកសាងព្រះវិហារបរិសុទ្ធ ( សូមមើល គ. និង ស. ៩៧ ) ។
-
តើប៉មចាំយាមនៅក្នុងរឿងប្រៀបប្រដូច អាចទាក់ទងនឹងព្រះវិហារបរិសុទ្ធដែលពួកបរិសុទ្ធបរាជ័យក្នុងការកសាងយ៉ាងដូចម្ដេច ?
-
តើគោលការណ៏ អ្វីខ្លះនៅក្នុងរឿងប្រៀបប្រដូចនេះ ដែលយើងអាចអនុវត្តនៅក្នុងជីវិតយើង ? ( ព្រោះថារឿងប្រៀបប្រដូចអាចមានន័យច្រើន សិស្សអាចស្នើនូវគោលការណ៍មួយចំនួនដែលមានដូចខាងក្រោមនេះ ៖ នៅពេលយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ នោះយើងត្រូវបានពង្រឹងឲ្យស៊ូទ្រាំនឹងសត្រូវទាំងខាងវិញ្ញាណនិងខាងសាច់ឈាម ។ ពួកព្យាការីបម្រើជាអ្នកយាមនៅលើប៉មចាំយាម ព្រមានយើងពីគ្រោះថ្នាក់ដែលនឹងកើតឡើង ។ តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ យើងរៀបចំខ្លួនដើម្បីស៊ូទ្រាំនឹងមារសត្រូវ ) ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៥៥-៦២ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលបុរសត្រកូលខ្ពស់បានបញ្ជាដល់អ្នកបម្រើគាត់ឲ្យធ្វើ ។
-
តើបុរសត្រកូលខ្ពស់បានប្រាប់អ្នកបម្រើគាត់ឲ្យធ្វើអ្វី ? ( ឲ្យប្រមូលផ្ដុំពលទ័ព ហើយរំដោះចម្ការទំពាំងបាយជូរឡើងវិញ ) ។
សូមពន្យល់ថា អ្នកបម្រើដែលបានលើកឡើងនៅក្នុង ខ ៥៥ តំណាងឲ្យ យ៉ូសែប ស៊្មីធ ( សូមមើល គ. និង ស. ១០៣:២១ ) ។ យ៉ូសែប ស៊្មីធ បានធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយបានរៀបចំក្រុមមួយដែលហៅថា ជុំរំស៊ីយ៉ូន ដើម្បីរំដោះដែនដីស៊ីយ៉ូនឡើងវិញ ។ ជុំរំស៊ីយ៉ូន នឹងត្រូវបានពិភាក្សានៅក្នុងមេរៀនទី ១០៨ និងមេរៀនទី ១១០ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦៣-៧៥
ព្រះអម្ចាស់ដាស់តឿនពួកបរិសុទ្ធឲ្យបន្តធ្វើការរួមគ្នា
សូមពន្យល់ថា ទោះជាពួកបរិសុទ្ធនៅឃុំ ចាកសុន រដ្ឋ មិសសួរី ត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងរបស់ពួកគេក្ដី ព្រះអម្ចាស់បានបញ្ជាពួកគេឲ្យបន្តកសាងនគររបស់ទ្រង់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦៣-៦៤ ឲ្យឮៗ ហើយឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់បានបន្ទូលថា ទ្រង់នឹងបន្តធ្វើ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦៥– ៦៦ ដោយស្ងាត់ស្ងៀម រកមើលរឿងប្រៀបប្រដូចដែលព្រះអម្ចាស់បានមានបន្ទូល ។
-
តើស្រូវសាលី និងស្រងែនៅក្នុងរឿងប្រៀបប្រដូចនេះ តំណាងឲ្យអ្វី ? ( ស្រូវសាលីតំណាងឲ្យសមាជិកស្មោះត្រង់នៃសាសនាចក្រ ហើយស្រងែតំណាងឲ្យមនុស្សទុច្ចរិតនៃពិភពលោក ។ អ្នកអាចពន្យល់ថា ស្រងែជាស្មៅដែលដូចជាស្រូវសាលីពេលវានៅខ្ចី ) ។
ដើម្បីជួយសិស្សឲ្យយល់រឿងប្រៀបប្រដូចនេះ សូមពន្យល់ថាសម័យបុរាណ ជង្រុកគឺជាកន្លែងដែលស្រូវសាលីត្រូវបានប្រមូល ហើយរក្សាទុកឲ្យត្រឹមត្រូវ ។ ដោយផ្អែកលើរឿងប្រដូចនេះ និងការបង្រៀនផ្សេងទៀតនៅក្នុងព្រះគម្ពីរ អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា « ជង្រុក គឺជាព្រះវិហារបរិសុទ្ធ » (« Honorably Hold a Name and Standing » Ensign ឬ លីអាហូណា, ខែ ឧសភា ឆ្នាំ ២០០៩,ទំព័រ ៩៧ ) ។ សូមសរសេរពាក្យដូចខាងក្រោមនៅលើក្ដារខៀន៖ជង្រុក = ព្រះវិហារបរិសុទ្ធ
-
យោងតាមរឿងប្រៀបប្រដូចនេះ តើពរជ័យអ្វីដែលយើងនឹងទទួល ដោយការប្រមូលផ្ដុំ ហើយបម្រើនៅព្រះវិហារបរិសុទ្ធ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖នៅពេលយើងប្រមូលផ្ដុំគ្នានៅព្រះវិហារបរិសុទ្ធ យើងទទួលបានការការពារ ហើយរៀបចំខ្លួនយើងសម្រាប់ជីវិតដ៏អស់កល្បជានិច្ច ) ។
-
តើអ្នកគិតថាសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ អាចការពារ ហើយរៀបចំយើងសម្រាប់ជីវិតដ៏នៅអស់កល្ប ជានិច្ច យ៉ាងដូចម្ដេច ?
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលព្រះវិហារបរិសុទ្ធជាប្រភពនៃការការពារ និងការរៀបចំសម្រាប់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ។ អ្នកអាចបន្ថែមទីបន្ទាល់របស់អ្នកលើគោលការណ៍នេះផងដែរ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៧–៧៥ ដោយពន្យល់ថា ទោះជាពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពីឃុំ ចាកសុន រដ្ឋ មិសសួរី ក្ដីក៏ព្រះអម្ចាស់បានទូន្មានពួកគេឲ្យបន្តទិញដីនៅទីនោះ និងនៅឃុំជិតខាងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១: ៧៦ -១០១
ព្រះអម្ចាស់ទូន្មានពួកបរិសុទ្ធឲ្យបន្តស្វែងរកវិធីត្រឡប់ទៅផ្ទះពួកគេនៅរដ្ឋ មិសសួរី វិញ
សូមពន្យល់ថា លើសពីការណែនាំពួកបរិសុទ្ធឲ្យទិញអចលទ្រព្យ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកគេឲ្យ « តវ៉ាសូមឲ្យកែសាទុក្ខ » ដោយសារទង្វើរបស់ពួកអ្នកដែលបានបៀតបៀនពួកគេ ( សូមមើល គ. និង ស. ១០១:៧៦ ) ។ ពាក្យម្យ៉ាងវិញទៀត ទ្រង់មានបន្ទូលឲ្យពួកគេស្វែងរកយុត្តិធម៌តាមប្រព័ន្ធស្របច្បាប់របស់រដ្ឋាភិបាល ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៧៦-៨០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលប្រព័ន្ធច្បាប់ដែលនឹងអនុញ្ញាតឲ្យពួកបរិសុទ្ធស្វែងរកជំនួយពីថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល ។
-
ស្របតាមខគម្ពីរទាំងនេះ ព្រះអម្ចាស់បានដឹកនាំការស្ថាបនារដ្ឋធម្មនុញ្ញសម្រាប់សហរដ្ឋប៉ុន្មានឆ្នាំមុននោះ។ តើហេតុអ្វីបានជាទ្រង់ចង់ឲ្យរក្សារដ្ឋធម្មនុញ្ញ ?
-
ព្រះអម្ចាស់បានមានបន្ទូលថាគោលបំណងមួយនៃ « សិទ្ធិជ្រើសរើសខាងសិលធម៌ » គឺដើម្បីធានាថាយើង « ទទួលខុសត្រូវ ចំពោះអំពើបាបទាំងឡាយរបស់[យើង] » ( គ. និង ស. ១០១:៧៨ ) ។ តើហេតុអ្វីបានជាការទទួលខុសត្រូវ—ទំនួលខុសត្រូវសម្រាប់ទង្វើរបស់យើង—ជាផ្នែកសំខាន់នៃសិទ្ធិជ្រើសរើស ? តើអ្នកនឹងឆ្លើយទៅនឹងនរណាម្នាក់ដែលនិយាយថា « ខ្ញុំមានសេរីភាពនឹងធ្វើអ្វីៗដែលខ្ញុំចង់ធ្វើ » យ៉ាងដូចម្តេច?
-
ព្រះអម្ចាស់បានមានបន្ទូលថា គ្មាននរណាម្នាក់គួរជាប់ក្នុងទាសភាពរបស់នរណាម្នាក់ឡើយ ។ តើហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលមនុស្សមិនជាប់ចំណងនោះ ?
ជាផ្នែកនៃការពិភាក្សានេះ សូមសរសេរនូវឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះបានប្រទានឲ្យយើងនូវសិទ្ធិជ្រើសរើសខាងសិលធម៌ ជាអំណាចដើម្បីជ្រើសរើស ប៉ុន្តែយើង …
សូមអញ្ជើញសិស្សឲ្យបំពេញឃ្លាខាងក្រោមយោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៧៨ ។ ( នៅពេលសិស្សប្រាប់គោលការណ៍ដូចខាងក្រោម សូមបំពេញឃ្លានៅលើក្ដារខៀន ៖ ព្រះប្រទានសិទ្ធិជ្រើសរើសខាងសិលធម៌ ជាអំណាចដើម្បីជ្រើសរើស ប៉ុន្តែយើងទទួលខុសត្រូវសម្រាប់ជម្រើសរបស់យើង) ។
សូមពន្យល់ថា ព្រះអម្ចាស់ប្រើរឿងប្រៀបប្រដូចដើម្បីលើកទឹកចិត្តពួកបរិសុទ្ធឲ្យស្វែងរកជំនួយពីថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល ។ សូមអញ្ជើញសិស្សឲ្យអានរឿងប្រៀបប្រដូចនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨១–៨៤ ( សូមមើលផងដែរ លូកា ១៨:១–៨ ) ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយពិចារណាពីរបៀបដែលរឿងប្រៀបប្រដូចនោះអនុវត្តចំពោះពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។ បន្ទាប់មកឲ្យសិស្សម្នាក់ទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨៥-៨៨ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលព្រះអង្គសង្គ្រោះ អនុវត្តរឿងប្រៀបប្រដូចនោះចំពោះពួកបរិសុទ្ធ ។
-
ក្នុងពេលនៃប្រវត្តិសាសនាចក្រនេះ តើស្ត្រីមេម៉ាយអាចតំណាងឲ្យនរណា ? ( សមាជិកទាំងឡាយនៃសាសនាចក្រ ) ។ តើចៅក្រមតំណាងឲ្យនរណា ? ( ចៅក្រមអាចតំណាងឲ្យពួកចៅក្រមទាំងឡាយ និងថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាល ជាអ្នកដែលពួកបរិសុទ្ធនឹងសុំជំនួយ ។ គាត់ក៏អាចតំណាងឲ្យព្រះវរបិតាសួគ៌ ជាអ្នកដែលពួកបរិសុទ្ធនឹងបន្តអធិស្ឋានទៅរកផងដែរ ) ។
-
ដោយប្រើរឿងប្រៀបប្រដូចនេះ តើរឿងជាក់លាក់អ្វីមួយដែលព្រះអម្ចាស់បានណែនាំឲ្យពួកបរិសុទ្ធធ្វើ ?
សូមពន្យល់ថា ពួកបរិសុទ្ធបានប្ដឹងសាទុក្ខទៅចៅក្រមក្នុងសាលាក្ដីប្រចាំតំបន់ ប៉ុន្តែមិនបានទទួលការគាំទ្រដែលពួកគេសង្ឃឹមចង់បាននោះទេ ។ ពួកគេបានសូមឲ្យ ដានីយ៉ែល ដាក់គ្លីន ជាអភិបាលរដ្ឋ មិសសួរី និង អែនដ្រូ ចាកសុន ជាប្រធានាធិបតីសហរដ្ឋ ឲ្យជួយពួកគេត្រឡប់ទៅផ្ទះ និងឲ្យដីធ្លីរបស់ពួកគេវិញ និងផ្ដល់នូវការការពារសម្រាប់ពួកគេ ។ ពួកអ្នកដឹកនាំទាំងពីរបានបដិសេធមិនជួយពួកគេ ។ ពួកបរិសុទ្ធក៏បានដាក់ពាក្យស្នើទៅ និតិបញ្ញត្តិរដ្ឋមិសសួរី ផងដែរ ប៉ុន្តែពួកគេបដិសេធមិនជួយ ។
សូមយោងទៅលើគោលការណ៍ ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨៩ -៩១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលថ្នាក់ដឹកនាំរដ្ឋាភិបាល នឹងត្រូវឲ្យទទួលខុសត្រូវបើពួកគេបដិសេធន៏មិនជួយពួកបរិសុទ្ធ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៩២-៩៥ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកបរិសុទ្ធឲ្យធ្វើសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ពួកគេ ។
-
តើ ខ ៩២ បង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ? ( ទ្រង់មិនចង់ដាក់ទោសមនុស្សទេ ។ ទ្រង់មានព្រះទ័យចង់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ដូច្នេះទ្រង់អាចមេត្តាដល់ពួកគេ ) ។
សូមសង្ខេបគោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៩៦-១០១ ដោយពន្យល់ថា ព្រះអម្ចាស់បានទូន្មានពួកបរិសុទ្ធឲ្យរក្សាទ្រព្យសម្បត្តិរបស់ពួកគេក្នុងឃុំ ចាកសុន ទោះជាពួកគេមិនបានអនុញ្ញាតឲ្យរស់នៅទីនោះក៏ដោយ ។ ទ្រង់បានសន្យាថា បើពួកគេរស់នៅដោយមានភាពសក្ដិសម នៅថ្ងៃណាមួយពួកគេនឹងអាចរស់នៅទីនោះវិញ ។
ដើម្បីបញ្ចប់ សូមថ្លែងទីបន្ទាល់របស់អ្នកពីគោលការណ៍ដែលសិស្សបានពិភាក្សា ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៤-៦៤ ។ រឿងប្រៀបប្រដូចនៃបុរសត្រកូលខ្ពស់ និងដើមអូលីវ
ឃ្លាខាងក្រោម ពន្យល់ពីរបៀបមួយដើម្បីបកប្រែរឿងប្រៀបប្រដូចនៃបុរសត្រកូលខ្ពស់ និងដើមអូលីវ ៖
« វាហាក់ដូចជារឿងប្រៀបប្រដូចត្រូវបកប្រែតាមរបៀបនេះថា ៖ បុរសត្រកូលខ្ពស់ គឺជាព្រះអម្ចាស់ ដែលបានជ្រើសរើសដីនៅក្នុងចម្ការរបស់ទ្រង់ គឺនៅស៊ីយ៉ូន ក្នុងរដ្ឋ មិសសួរី ។ កន្លែងដែលពួកបរិសុទ្ធរស់នៅក្នុងទីក្រុងស៊ីយ៉ូន គឺដើមអូលីវ ។ អ្នកបម្រើទាំងឡាយ គឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយអ្នកយាម គឺជាអ្នកកាន់តំណែងនៅក្នុងសាសនាចក្រ ។ ពេលមិនទាន់សាងសង់ទីក្រុងស៊ីយ៉ូន ពួកគេមានការខ្វែងគំនិតគ្នា ហើយមិនសាងសង់ប៉មចាំយាម ឬព្រះវិហារបរិសុទ្ធនៅកន្លែងដែលបានឧទ្ទិសនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ១៨៣១ នោះទេ ។ បើពួកគេបានសាងសង់វាដូចដែលបានបង្គាប់នោះ វានឹងក្លាយជាកន្លែងជ្រកកោនខាងព្រលឹងវិញ្ញាណរបស់ពួកគេ ដោយសារតែកន្លែងនោះ អ្នកយាមរបស់ព្រះអាចមើលឃើញដោយវិវរណៈពីសកម្មភាពរបស់សត្រូវពួកគេពីចម្ងាយ ។ ការដឹងជាមុននេះ នឹងអាចការពារពួកគេ នឹងការប្រឹងប្រែងរបស់ពួកគេ ពេលសត្រូវបានធ្វើការវាយប្រហារមកលើពួកគេ ។
« ប៉ុន្តែ ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី មានការខ្ជិលច្រអូស ព្រងើយកន្តើយ និងផ្ដេកផ្ដួល ។ សត្រូវបានមកដល់ ហើយនាំឲ្យមាននូវការបៀតបៀននៅរដ្ឋ មិសសួរីកើតឡើង ។ រាស្ត្ររបស់ព្រះអម្ចាស់បានបែកខ្ញែក ហើយការខិតខំរបស់គេក្លាយជាអសារបង់ ។ ដូចដែលយើងបានឃើញរួចហើយថា ព្រះដ៏មានមហិទ្ធិឬទ្ធិបានត្មះតិះដៀលរាស្ត្រទ្រង់ ប៉ុន្តែទ្រង់បានបញ្ជាឲ្យអ្នកបម្រើរបស់ទ្រង់ ( ខ ៥៥ ), យ៉ូសែប ស៊្មីធ ( ១០៣:២១ ), ឲ្យប្រមូល ‹ ដែលជាកម្លាំងនៃវង្សាយើង › ហើយរំដោះដី និងប្រមូលទ្រព្យសម្បត្តិទាស់នឹងពួកគេ។
« ក្រោយមក ព្យាការី និងបងប្អូនប្រុសរបស់លោកនៅក្នុងជុំរំក្រុងស៊ីយ៉ូនដ៏ល្បីឈ្មោះបានទៅរដ្ឋ មិសសួរី ក្នុងឆ្នាំ ១៨៣៤ ក្នុងគោលបំណងធ្វើឲ្យរឿងប្រដូចនោះបានសម្រេច ។ មុនពេលពួកគេទៅ វិវរណៈមួយទៀតត្រូវបានទទួល ( សូមមើល ១០៣:២១–២៨ ) ស្តីពីការប្រោសលោះនៃស៊ីយ៉ូន ។ បងប្អូនប្រុសត្រូវបានបង្គាប់ឲ្យព្យាយាមទិញដីនៅរដ្ឋ មិសសួរី ដោយមិនប្រើកម្លាំង ហើយបើពួកសត្រូវប្រឆាំងនឹងពួកគេ ពួកគេនឹងដាក់បណ្ដាសាដល់ពួកសត្រូវនោះ ។ ទីក្រុងស៊ីយ៉ូនមិនត្រូវបានប្រោសលោះនៅពេលនោះទេ ប៉ុន្តែយើងអាចឃើញវាមិនយូរប៉ុន្មានទេនៅពេលអនាគត ។… វានឹងត្រូវបានប្រោសលោះ ពេលព្រះអម្ចាស់មានព្រះតំរិះដូច្នោះ » ។ ( Sidney B. Sperry, Doctrine and Covenants Compendium [ឆ្នាំ ១៩៦០],ទំព័រ ៥២១–២២; សេចក្ដីដកស្រង់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅសិក្សាសិស្ស [Church Educational System manual,ឆ្នាំ ២០០១],ទំព័រ ២៤៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៧៨ ។ សិទ្ធិជ្រើសរើសខាងសិលធម៌ និងការទទួលខុសត្រូវ
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីមូលហេតុដែលពាក្យ សិទ្ធិជ្រើសរើសខាងសិលធម៌ ត្រូវបានប្រើជំនួសពាក្យ សិទ្ធិសេរីភាពក្នុងការជ្រើសរើស ៖
« ជាច្រើនឆ្នាំមុន ជាទូទៅយើងប្រើពាក្យ សិទ្ធិសេរីភាពក្នុងការជ្រើសរើស ។ វាមិនខុសទេ ប៉ុន្តែថ្មីៗនេះ យើងបានចំណាំថា សិទ្ធិសេរីភាពក្នុងការជ្រើសរើស មិនបានបង្ហាញថាជាការបញេ្ចញអារម្មណ៍នៅក្នុងខគម្ពីរទេ ។ វានិយាយពី ‹ សេរីភាពក្នុងការជ្រើសរើស › របស់យើង និង‹ សេរីភាពក្នុងការប្រពឹ្រត្ត › សម្រាប់ខ្លួនយើងពីកាតព្វកិច្ចក្នុងការធ្វើអ្វីជាច្រើន ‹ តាមចិត្ត › របស់យើង ។ ប៉ុន្តែពាក្យ សិទ្ធិជ្រើសរើស មានដោយខ្លួនវា ឬ នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា កណ្ឌទី ១០១ ខ ៧៨, ដោយមានការកែតម្រូវខាង សិលធម៌ ៖ ‹ ថាមនុស្សគ្រប់រូបអាចប្រព្រឹត្តនូវគោលលទ្ធិ និងគោលការណ៍ … តាម សិទ្ធិជ្រើសរើសខាងសិលធម៌ ដែលយើងប្រទានដល់គេ ប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានទទួលការខុសត្រូវ ចំពោះអំពើបាបទាំងឡាយរបស់ខ្លួន នៅថ្ងៃជំនុំជំរះ › ( គូសបញ្ជាក់បន្ថែម ) ។ នៅពេលយើងប្រើពាក្យ សិទ្ធិជ្រើសរើសខាងសីលធម៌ នោះ យើងកំពុងគូសបញ្ជាក់ដោយសមរម្យនូវទំនួលខុសត្រូវដែលជាផ្នែកមួយដ៏សំខាន់នៃអំណោយទានដ៏ទេវភាពនៃសិទ្ធិជ្រើសរើស ។ យើងមានសិទ្ធិជ្រើសរើសខាងសិលធម៌ យើងមានសិទ្ធិសេរីភាពក្នុងការជ្រើសរើស ប៉ុន្តែយើងក៏មានទំនួលខុសត្រូវសម្រាប់ជម្រើសរបស់យើងផងដែរ » ( « Moral Agency » [ Brigham Young University devotional address, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០៦ ],ទំព័រ ១, speeches.byu.edu ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨០ ។ ព្រះបានតាំង រដ្ឋធម្មនុញ្ញនៃសហរដ្ឋឡើង ។
ប្រធាន ជេ រ៉ូប៊ីន ក្លាក នៃគណៈប្រធានទីមួយបានមានប្រសាសន៍ថា ៖
« បងប្អូនប្រុសស្រី សេចក្ដីថ្លែងការណ៍នៃព្រះអម្ចាស់ថា ‹ យើងបានតាំងរដ្ឋធម្មនុញ្ញនៃដែនដីនេះឡើង › ចំពោះខ្ញុំវាមានន័យថា សូមអនុវត្តរដ្ឋធម្មនុញ្ញនៃសហរដ្ឋ អាមេរិក ហាក់ដូចជាវាបានសរសេរនៅក្នុងព្រះគម្ពីរគោលលទ្ធិនៃសេចក្ដីសញ្ញាដែរ ។ រដ្ឋធម្មនុញ្ញនេះដូចជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់យើងដែរ ។ វាមិនត្រូវបានប្រទានឲ្យដោយពាក្យសម្ដីផ្ទាល់នោះទេ ប៉ុន្តែដោយការដាក់ព្រះគំនិត និងព្រះវិញ្ញាណរបស់ទ្រង់មកលើគំនិតរបស់មនុស្ស បំផុសគំនិតពួកគេឲ្យជួយស្ថាបនារដ្ឋាភិបាលមនុស្សដ៏អស្ចារ្យនេះ ដោយមិនផ្លាស់ប្ដូរសិទ្ធិរបស់វា » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៣៥,ទំព័រ ៩៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨០ ។ « ពួកអ្នកប្រាជ្ញដែលយើងបានបង្កើតឡើង ចំពោះគោលបំណងនេះឯង »
ប្រធាន ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ពីមនុស្សមួយចំនួនដែលជាឧបករណ៍នៅក្នុងព្រះហស្តព្រះ ដើម្បីតាំងរដ្ឋធម្មនុញ្ញនៃសហរដ្ឋឡើង ៖
« យើងជឿថា ព្រះអម្ចាស់បានរៀបចំពេលវេលា ដែលទ្រង់នឹងបង្ហាញកិច្ចការរបស់ទ្រង់នៅពេលសក្ដិសម វាអាចមានកន្លែងដែលជាកំណល់ព្រះបាទរបស់ទ្រង់ ជាកន្លែងដែលមានសិទ្ធិសេរីភាពនៃសតិសម្បជញ្ញៈគ្រប់គ្រាន់ ជាកន្លែងដែលពួកបរិសុទ្ធរបស់ទ្រង់អាចរស់នៅក្នុងភាពសុខសាន្តនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញដ៏សម្បូរបែប និងសិទ្ធិស្មើគ្នា ។ នៅក្នុងទស្សនៈនេះ យើងគិតថាមនុស្សនៅក្នុងការបដិវត្តន៍ ត្រូវបានបំផុសគំនិតដោយព្រះ ដើម្បីទំលាក់ឧបសគ្គនៃរដ្ឋាភិបាលជាអចិន្ត្រៃយ៍ ជាមួយនឹងគោលការណ៍របស់វា ។ អ័ដាម ជែហ្វឺសុន ហ្វ្រែងក្លីល វ៉ាស៊ីនតោន និងអ្នកដែលមានការបំផុសគំនិតមួយក្រុមទៀតបានប្រឆាំងនឹងទង្វើរបស់ស្ដេចនៃចក្រភពអង់គ្លេស … ហើយបានស្ថាបនារដ្ឋាភិបាលថ្មី ដោយផ្អែកលើគោលការណ៍នៃសេរីភាពកាន់តែច្រើន ជាមូលដ្ឋាននៃការគ្រប់គ្រងលើខ្លួនឯង ដែលអនុញ្ញាតឲ្យមានមានសិទ្ធិសេរីភាពក្នុងការគោរពសាសនា ។
« វាជាសំឡេងរបស់ព្រះអម្ចាស់ដែលបានបំផុសគំនិតដល់បុរសដែលមានភាពសក្ដិសម ជាអ្នកដែលបានពុះពារនឹងពេលសាកល្បងនោះ មិនត្រឹមតែឲ្យចូលច្បាំងប៉ុណ្ណោះទេ ថែមទាំងត្រូវអនុវត្តប្រាជ្ញាឲ្យចេះប្រឹក្សា អត់ធ្មត់ ក្លាហាន និងស៊ូទ្រាំនៅក្នុងជុំរំនៅទីវាល ក៏ដូចជាត្រូវបង្កើត និងទទួលយកការវាស់វែងដ៏ឆ្លាត និងមានប្រសិទ្ធភាពជាបន្តបន្ទាប់ ដែលអាចធានាបាននូវជំនាន់ជោគជ័យ ដែលជាពរជ័យនៃរដ្ឋាភិបាលឯករាជ្យ និងសេរី » ( Discourses of Brigham Young, sel. John A. Widtsoe [ឆ្នាំ ១៩៥៤],ឆ្នាំ ៣៥៩–៦០ )
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨១-៩៥ ។ « ពួកគេត្រូវតែបន្តតវ៉ាសូមឲ្យកែសាទុក្ខ »
នៅក្នុងវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១ព្រះអម្ចាស់បានប្រាប់រឿងប្រៀបប្រដូចរបស់ទ្រង់ឡើងវិញនៃស្រ្តីដែលធ្វើឲ្យចៅក្រមនឿយណាយ រហូតដល់គាត់យល់ព្រមធ្វើតាមការស្នើសុំ ( សូមមើលនៅក្នុង លូកា ១៨:១-៨ ) ។ ទ្រង់បានប្រដូចរឿងប្រៀបធៀបនៅនឹងស្ថានភាពនៃពួកបរិសុទ្ធ ដែលបានបណ្ដេញចេញពីផ្ទះរបស់ពួកគេនៅរដ្ឋ មិសសួរី ។ ពួកគេត្រូវទៅជួបថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីរកយុត្តិធម៌ និងការការពារ ចាប់ផ្ដើមពីចៅក្រម ហើយទៅជួបអភិបាលរដ្ឋ មិសសួរី និងប្រធានាធិបតីនៃសហរដ្ឋបើចាំបាច់ ។ បើពាក្យបណ្ដឹងរបស់ពួកបរិសុទ្ធមិនត្រូវបានស្ដាប់ឮ នោះព្រះអម្ចាស់នឹងក្រោធឡើង ហើយរកយុត្តិធម៌ពីអ្នកដែលបានបណ្ដេញពួកបរិសុទ្ធចេញ ដោយសារមនុស្សទាំងអស់ « អាចបានទុកថាឥតដំណោះសារ » ( គ. និង ស. ១០១:៩៣ ) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ថា ៖
« ពួកបរិសុទ្ធក៏ត្រូវនាំយកទុក្ខសោករបស់ពួកគេទៅសាលាក្ដីត្រឹមត្រូវ ហើយស្វែងរកការកែសាទុក្ខនៃការចោទប្រកាន់មកលើពួកគេ ។ វាគឺជាជំហានដ៏ចាំបាច់ ហើយនៅពេលពួកបរិសុទ្ធធ្វើដូច្នេះ ហើយត្រូវបានបដិសេធសិទ្ធិស៊ីវិល និងសិទ្ធិខាងសាសនា មន្ត្រីទាំងនោះគ្មានពាក្យដោះសារ ហើយសេចក្ដីវិនិច្ឆ័យរបស់ព្រះដ៏មានមហិទ្ធិឬទ្ធិ នឹងធ្លាក់មកលើពួកគេក្នុងពេលសង្គ្រាមស៊ីវិល ត្រូវបានរាប់ជាសុចរិត ។…
« ដោយសារមានច្បាប់ស្ដីពីការដាក់ទោសយ៉ាងយុត្តិធម៌ ទាំងនៅអស់កល្បក៏ដូចជាច្បាប់ដទៃទៀតរបស់ព្រះដ៏មានមហិទ្ធិឬទ្ធិ [ សូមមើល កូរិនថូសទី ២ ៩:៦គ. និង ស. ៦:៣៣ថ្ងៃនោះនឹងមកដល់ នៅពេលដែលមានការកែតម្រូវត្រូវបានធ្វើឡើងនៅចំពោះចៅក្រមដ៏សុចរិត ជាអង្គដែលមិនតក់ស្លុតដោយការគំរាមកំហែងរបស់ពួកមនុស្សកំណាចនោះឡើយ » (Church History and Modern Revelation,វ៉ុល ២ [ ឆ្នាំ ១៩៥៣ ], ១:៤៦២, ៤៦៩ ) ។