មេរៀនទី ៤៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៤២
បុព្វកថា
នៅដើមឆ្នាំ ១៨៣១ ពួកបរិសុទ្ធភាគច្រើនដែលរស់នៅក្នុងរដ្ឋនូវយ៉ោក រួមទាំង យ៉ូសែប ស៊្មីធ បានផ្លាស់ទីលំនៅទៅកាន់រដ្ឋ ហូហៃអូ ដើម្បីចូលរួមនឹងក្រុមធំមួយ ដែលបានផ្លាស់ប្រែចិត្តជឿទទួលបុណ្យជ្រមុជទឹកថ្មីៗនៅទីនោះ ។ អ្នកដឹកនាំសាសនាចក្រ ស្វែងរកការដឹកនាំមកពីព្រះអម្ចាស់ ទាក់ទងនឹងការរីកចម្រើននៃសាសនាចក្រ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយ ដែលឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-៧៣នៅក្នុងវត្តមាននៃពួកអែលឌើរ ១២ នាក់ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានណែនាំអំពីក្រឹត្យវិន័យខាងវិញ្ញាណ ខាងសេដ្ឋកិច្ច និងខាងសាច់ឈាម ដើម្បីដឹកនាំសមាជិកសាសនាចក្រ ឲ្យជួយដល់អ្នកក្រីក្រ ផ្ដល់ហិរញ្ញវត្ថុសម្រាប់បន្ទុកផ្សេងៗក្នុងសាសនាចក្រ ហើយជួយដល់ពួកបរិសុទ្ធផ្សេងទៀតដែលមកដល់រដ្ឋ អូហៃអូ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៤២
ព្រះអម្ចាស់បានដាក់ក្រឹត្យវិន័យនៃការថ្វាយ
មុនពេលចាប់ផ្ដើមថ្នាក់រៀន សូមប្រើបង់ស្អិត ឬហ្វឺត ដើម្បីគូសបន្ទាត់មួយ នៅលើកែវទឹកថ្លាចំនួនប្រាំមួយ ។ សូមគូសបន្ទាត់ក្នុងកម្រិតកម្ពស់ផ្សេងៗគ្នានៅលើកែវទឹកនិមួយៗ ។ សូមយកកែវទឹកមកថ្នាក់រៀន ។ សូមនាំយកថូទឹកមួយដែលមានទឹកច្រើនល្មមគ្រប់គ្រាន់ដើម្បីចាក់បំពេញក្នុងកែវទឹកទាំងអស់ត្រឹមបន្ទាត់ដែលបានគូសនៅលើកែវទឹកទាំងនោះ ។ ( អ្នកអាចនឹងចង់លាយពណ៌នៅក្នុងទឹក ដើម្បីសិស្សនឹងអាចមើលឃើញវាដោយងាយ ) ។
នៅដើមមេរៀន សូមបង្ហាញថូទឹក ។ សូមប្រាប់ដល់សិស្សថា ទឹកតំណាងឲ្យទ្រព្យសម្បត្តិ និងធនធានទាំងអស់ក្នុងសហគមន៍មួយ ។
សូមពន្យល់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ ១៨៣១ សមាជិកនៃសាសនាចក្រនៅទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ បានត្រូវការជំនួយដើម្បីមើលថែដល់អ្នកទាល់ក្រ ជួយដល់អ្នកមកតាំងលំនៅថ្មី ដែលបានលះបង់យ៉ាងច្រើន ដើម្បីមកប្រមូលផ្ដុំនៅរដ្ឋ អូហៃអូ ហើយជួយផ្នែកហិរញ្ញវត្ថុដើម្បីប្រតិបត្តិការលើសាសនាចក្រផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលបទបញ្ញតិ្ត ដែលព្រះអម្ចាស់បានបើកសម្ដែងទាក់ទងនឹងអ្នកទាល់ក្រ ។
-
តើអ្នកគិតថា « សូមនឹកដល់មនុស្សទាល់ក្រ » មានន័យយ៉ាងណា ?
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធឲ្យថ្វាយទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីគាំទ្រដល់មនុស្សទាល់ក្រ ។ សូមសរសេរពាក្យការថ្វាយនៅលើក្ដារខៀន ។ សូមឲ្យសិស្សសញ្ជឹងគិតចំពោះសំណួរខាងក្រោម ៖
-
តើអ្នកគិតថា ការថ្វាយមានន័យដូចម្ដេច ?
សូមសរសេរនៅលើក្ដារខៀននូវនិយមន័យដូចខាងក្រោមនៃពាក្យការថ្វាយ ដែលបានផ្ដល់ឲ្យដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អ្នកអាចនឹងចង់ស្នើរឲ្យសិស្សសរសេរនិយមន័យនេះនៅក្នុងគែមទំព័រនៃបទគម្ពីររបស់ពួកគេ នៅជិតនឹង ខ ៣០ ។
« ដើម្បីថ្វាយ គឺញែកចេញ ឬលះបង់អ្វីមួយដើម្បីគោលបំណងបរិសុទ្ធ ពិសិដ្ឋ ដោយលះបង់ » (Reflections on a Consecrated Life, » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ១៦ ) ។
-
តើអ្នកគិតថានិយមន័យនេះ ទាក់ទងនឹងទង្វើនៃការផ្ដល់អ្វីមួយដើម្បីជួយដល់មនុស្សដែលខ្វះខាតយ៉ាងដូចម្ដេច ?
-
តើអ្នកអាចសង្ខេបបទបញ្ញត្តិរបស់ព្រះអម្ចាស់ នៅក្នុងខ ៣០ ទាក់ទងនឹងមនុស្សទាល់ក្រយ៉ាងដូចម្ដេច ? ( ទោះជាសិស្សអាចប្រើពាក្យផ្សេងក្ដី ក៏ចម្លើយរបស់ពួកគេ គួរតែបង្ហាញពីគោលលទ្ធិដូចខាងក្រោម ៖ ព្រះអម្ចាស់ បញ្ជាឲ្យយើងមើលថែដល់អ្នកទាល់ក្រ និងអ្នកខ្វះខាត ។ ជាចំណែកនៃការពិភាក្សានេះ អ្នកនឹងចង់អាចអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨: ១៦, ៣៤-៣៦ ) ។
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២មានគោលការណ៍នៃក្រឹត្យវិន័យមួយ ដែលហៅថា ក្រឹត្យវិន័យនៃការថ្វាយ ។ ដើម្បីជួយសិស្សយល់អំពីគោលការណ៍មូលដ្ឋានគ្រឹះទាំងនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវការពន្យល់ដូចខាងក្រោម ដោយប្រធាន ម៉ារុន ជី រ៉ូមនី នៃគណៈប្រធានទីមួយ ។
« គោលការណ៍គ្រឹះ និងការកែសម្រួលសម្រាប់ក្រឹត្យវិន័យនៃការថ្វាយ ‹ គឺថាអ្វីៗគ្រប់យ៉ាងដែលយើងមានជារបស់ផងព្រះអម្ចាស់ ហេតុដូច្នោះហើយ ព្រះអម្ចាស់អាចហៅឲ្យយើងលះបង់រាល់ទ្រព្យសម្បត្តិដែលយើងមាន ដោយសារវាជារបស់ផងទ្រង់ ។ គ. និង ស. ១០៤:១៤–១៧, ៥៤–៥៧J. Reuben Clark, Jr., in Conference Report, ខែ តុលា ឆ្នាំ ១៩៤២, ទំព័រ ៥៥ » ) (Living the Principles of the Law of Consecration, »Ensignខែ កុម្ភៈ ឆ្នាំ ១៩៧៩, ទំព័រ ៣ ) ។
កំណត់ចំណាំ ៖ ឧបករណ៍សម្រាប់មេរៀនដូចខាងក្រោម គឺជាការសម្រាយមួយអំពីក្រឹត្យវិន័យនៃការថ្វាយ ដូចដែលមាននៅក្នុងសាសនាចក្រប្រហែលនៅឆ្នាំ ១៨៣៣ ។ បន្ទាប់ពីគ្រានេះមក សាសនាចក្របានកែការអនុវត្តនេះ ។ មានឃ្លាមួយចំនួននៃការអនុវត្តក្រឹត្យវិន័យនៃការថ្វាយ និងការកែសម្រួលការអនុវត្តនៅក្នុងឆ្នាំក្រោយៗមកទៀត ។
សូមអញ្ជើញឲ្យសិស្សប្រាំមួយនាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យពួកគេម្នាក់ៗកាន់កែវទឹកទំនេរមួយ ។ សូមចាក់ទឹកពីក្នុងថូចូលក្នុងកែវ ។ សូមបំពេញកែវទឹកមួយដល់ត្រឹមខ្សែបន្ទាត់ ដែលអ្នកបានគូស ហើយសូមបំពេញកែវទឹកបីទៀតនៅខាងលើបន្ទាត់ដែលអ្នកបានគូស ហើយបំពេញកែវទឹកពីរទៀតនៅខាងក្រោមបន្ទាត់ដែលអ្នកបានគូស ។ សូមពន្យល់ថា កែវទឹកនិមួយៗតំណាងឲ្យគ្រួសារមួយ ហើយថាបន្ទាត់នៅលើកែវទឹកនិមួយៗតំណាងឲ្យសេចក្ដីត្រូវការ និងបំណងប្រាថ្នាសុចរិតរបស់គ្រួសារនោះ ។ កែវទឹកដែលមានទឹកនៅខាងក្រោមបន្ទាត់ តំណាងឲ្យគ្រួសារដែលពុំមានប្រាក់កាសគ្រប់គ្រាន់ ឬសម្ភារដើម្បីផ្គត់ផ្គង់តម្រូវការរបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣១ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលជំហានទីមួយ ដែលពួកបរិសុទ្ធទាំងនេះ បានចាប់ផ្ដើមដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
-
សម្រាប់ពួកបរិសុទ្ធទាំងនេះ តើជំហានទីមួយនៅក្នុងការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយគឺជាអ្វី ? ( សម្ភាររបស់ពួកគេ គឺត្រូវបាន « ដាក់ទ្រព្យទាំងនោះនៅចំពោះមុខប៊ីស្សពនៃសាសនាចក្រ និងទីប្រឹក្សាទាំងឡាយរបស់គាត់ » ។ ជាពាក្យម្យ៉ាងទៀតថា ពួកគេត្រូវបង្ហាញនូវការស្ម័គ្រចិត្តរបស់ពួកគេដើម្បីថ្វាយប្រាក់ និងទ្រព្យសម្បត្តិរបស់ពួកគេដល់សាសនាចក្រ ) ។
-
តើប៊ីស្សពតំណាងឲ្យនរណា ? ( ព្រះអម្ចាស់ ) ។
ដើម្បីជាតំណាងឲ្យសាសនាចក្រ នោះសមាជិកបានថ្វាយទ្រព្យរបស់ខ្លួនដល់សាសនាចក្រ សូមឲ្យសិស្សប្រាំមួយនាក់មកចាក់ទឹកចេញពីកែវរបស់ពួកគេចូលទៅក្នុងថូ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣២ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលជំហានទីពីរ ដែលពួកបរិសុទ្ធទាំងនេះ ត្រូវធ្វើដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
សូមពន្យល់ថា គ្រប់គ្រួសារបានធ្វើការជាមួយប៊ីស្សព និងបានទទួលនូវអ្វីដែលហៅថា « ការកាន់កាប់ត្រួតត្រា » (គ. និង ស. ៤២:៧២) ។ នេះមានន័យថា គ្រួសារនិមួយៗត្រូវបានប្រគល់ទ្រព្យ និងធនធាននានាមកពីព្រះអម្ចាស់ ។ ក្រុមគ្រួសារ មានឯកសិទ្ធិធ្វើជាម្ចាស់លើទ្រព្យសម្បត្តិ និងធនធាននានា ដែលពួកគេបានទទួល ហើយពួកគេត្រូវប្រើសិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីគ្រប់គ្រងលើការកាន់កាប់ត្រួតត្រារបស់ពួកគេ ។ ក្នុងនាមជាអ្នកកាន់កាប់ត្រួតត្រាទ្រព្យសម្បត្តិ និងធនធាននានារបស់ព្រះអម្ចាស់ នោះពួកគេមានទំនួលខុសត្រូវចំពោះទ្រង់ ហើយទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលទ្រង់បានប្រគល់ដល់ពួកគេ ។
សូមចាក់ទឹកចេញពីថូ បំពេញក្នុងកែវទឹកនិមួយៗត្រឹមបន្ទាត់ដែលគូសនោះ ។
ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលប៊ីស្សពចែកធនធានដល់ក្រុមគ្រួសារ សូមឲ្យសិស្សម្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលប៊ីស្សព ( ដែលនៅក្នុងករណីនេះ គឺជា អែតវឹត ប៉ាទ្រិច ) បានប្រគល់ចំណែកមួយដល់គ្រួសារនិមួយៗ ។ អ្នកក៏អាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យសរសេរគ. និង ស. ៥១:៣នៅក្នុងគម្ពីររបស់ពួកគេជិតនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៣ ។
-
តើប៊ីស្សពប្រគល់ចំណែកមួយដល់គ្រប់ក្រុមគ្រួសារយ៉ាងដូចម្ដេច ? ( ការចែកចំណែក គឺអាស្រ័យទៅលើស្ថានភាព ចំណង់ និងតម្រូវការរបស់គ្រួសារនិមួយៗ ) ។
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្រះអម្ចាស់កំណត់អំពីចំណង់ និងតម្រូវការរបស់មនុស្សតាមរបៀបណា ។ អ្នកក៏អាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យសរសេរគ. និង ស. ៨២:១៧ នៅក្នុងបទគម្ពីររបស់ពួកគេ ជិតនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៣។
-
យោងតាមខនេះ តើព្រះអម្ចាស់មានតម្រូវការអ្វីខ្លះពីរាស្ត្រ ដែលប្រកាសពីបំណងប្រាថ្នា និងតម្រូវការរបស់ពួកគេចំពោះប៊ីស្សពនោះ ? ( ពួកគេត្រូវមានយុត្តិធម៌ ឬជាពាក្យម្យ៉ាងទៀតថា ស្មើភាព និងទៀងត្រង់ ) ។
សូមបង្ហាញទឹកដែលនៅសល់ក្នុងថូដល់សិស្ស ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៣-៣៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានណែនាំដល់ពួកបរិសុទ្ធឲ្យធ្វើជាមួយនឹងទ្រព្យសម្បត្តិដែលបានថ្វាយ ដែលនៅសេសសល់បន្ទាប់ពីចែកឲ្យកាន់កាប់ត្រួតត្រាហើយនោះ ។
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលណែនាំពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ ជាមួយនឹងទ្រព្យសម្បត្តិដែលនៅសល់ ឬ « របស់ដែលនៅសល់ទាំងប៉ុន្មាន » នោះ ? ( ពួកគេគឺត្រូវប្រើដើម្បីជួយដល់អ្នកទាល់ក្រ ផ្ដល់ហិរញ្ញវត្ថុដល់ការសាងសង់សាសនាចក្រ និងជួយសមាជិកដែលខ្វះខាត ) ។ តើអ្នកគិតថា ថូ តំណាងឲ្យអ្វី នៅក្នុងខទាំងនេះ ? ( ឃ្លាំង ) ។
-
តើការថ្វាយជួយក្នុងការមើលថែដល់មនុស្សទាល់ក្រ និងអ្នកទាំងឡាយដែលខ្វះខាតយ៉ាងដូចម្ដេច ?
-
តើក្រឹត្យវិន័យនៃការថ្វាយ អាចជាពរជ័យមួយដល់សាសនាចក្រយ៉ាងដូចម្ដេច ?
-
តើវានឹងលំបាកយ៉ាងណា ដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលការណ៍មួយ ដែលព្រះអម្ចាស់បង្រៀនទាក់ទងនឹងការធ្វើល្អចំពោះអ្នកដទៃ ។
-
តើគោលការណ៍អ្វីខ្លះដែលព្រះអម្ចាស់បានបង្រៀនអំពីការធ្វើល្អដល់អ្នកដទៃ ? ( សិស្សគួរតែបង្ហាញថានៅពេលយើងធ្វើល្អដល់អ្នកដទៃ ក៏ដូចជាយើងធ្វើល្អដល់ព្រះអម្ចាស់ដែរ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើសេចក្ដីពិតនេះ បានជួយដល់ពួកបរិសុទ្ធ មានឆន្ទៈដើម្បីលះបង់ទ្រព្យសម្បត្តិរបស់ពួកគេយ៉ាងដូចម្ដេច ? តើការចងចាំសេចក្ដីពិតនេះ ជួយអ្នកយ៉ាងដូចម្ដេច ?
-
តើនៅពេលណា ដែលអ្នកបានដឹងថា អ្នកកំពុងបម្រើព្រះអម្ចាស់ នៅពេលអ្នកបានធ្វើអ្វីមួយដើម្បីជួយដល់អ្នកដទៃនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤០-៤២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលលក្ខណៈរបស់មនុស្សម្នាក់ ត្រូវតែមាន ដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ ( ដើម្បីជួយសិស្សយល់អំពីរបៀបដែលខ ៤០ អនុវត្តនៅក្នុងជីវិតរបស់ពួកគេ នោះអ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ព្រះអម្ចាស់ ពុំរំពឹងឲ្យយើងដេរខោអាវខ្លួនយើងទេ ។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់ចង់ឲ្យយើងមានភាពស្អាតបាត និងស្អាតខាងរាងកាយរបស់យើងផង ) ។
-
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤២ពាក្យខ្ជិលច្រអូសមានន័យថាខ្ជិល ។ ហេតុអ្វីក៏វាពិបាកសម្រាប់មនុស្សខ្ជិលម្នាក់រស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ?
សូមបែងចែកសិស្សជាក្រុមៗ ដែលមានគ្នាពីរ ឬបីនាក់ក្នុងមួយក្រុមៗ ។ សូមពន្យល់ថា ទោះបីជាយើងពុំបានបញ្ជាឲ្យរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយតាមរបៀបដូចគ្នានឹងពួកបរិសុទ្ធជំនាន់មុនក្ដី ក៏ក្រឹត្យវិន័យគឺនៅតែមានសម្រាប់ពេលសព្វថ្ងៃនេះផងដែរ ។ សូមអញ្ជើញក្រុមនិមួយៗអាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអេលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យឮៗ ហើយស្ដាប់នូវអត្ថន័យដែលវាមានចំពោះយើងនាសព្វថ្ងៃនេះ ដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ បន្ទាប់មកអញ្ជើញសមាជិកក្រុមនិមួយៗពិភាក្សាចម្លើយរបស់ពួកគេចំពោះសំណួរដែលមានតាមក្រោយសេចក្ដីថ្លែងការណ៍នោះ ។ ( អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សសរសេរសេចក្ដីថ្លែងការណ៍នេះនៅគែមព្រះគម្ពីររបស់ពួកគេជិតខ ៣០ ) ។
« ការថ្វាយគឺជាការផ្ដល់ពេលវេលា ទេពកោសល្យ និងធម្យោបាយនានារបស់មនុស្សម្នាក់ ដើម្បីមើលថែដល់អ្នកទាំងឡាយដែលខ្វះខាត-- ទោះជាខាងវិញ្ញាណ ឬខាងសាច់ឈាមក្ដី-- ហើយនៅក្នុងការស្ថាបនានគររបស់ព្រះអម្ចាស់ » (Welfare Services: The Gospel in Action, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៧, ទំព័រ ៧៨ ) ។
-
តើមនុស្សម្នាក់ដែលនៅជិតអ្នក អាចនឹងខ្វះខាតតាមមធ្យោបាយមួយចំនួន ( ក្រៅពីហិរញ្ញវត្ថុ ) មានអ្វីខ្លះ ?
-
តើពេលវេលា ទេពកោសល្យ និងមធ្យោបាយ នានាអ្វីខ្លះ ដែលអ្នកមាន ដែលអាចប្រើដើម្បីជួយដល់អ្នកទាំងឡាយដែលខ្វះខាត ?
-
តើពេលណាដែលអ្នកត្រូវបានប្រទានពរ ដោយមនុស្សម្នាក់ផ្សេងទៀត ដែលបានលះបង់ពេលវេលា ទេពកោសល្យ ឬមធ្យោបាយរបស់ពួកគេដើម្បីជួយអ្នកនោះ ?
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀននេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០-៣៤។ ក្រឹត្យវិន័យនៃការថ្វាយ
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ថា « សណ្ដាប់ធ្នាប់រួម ឬក្រឹត្យវិន័យនៃការថ្វាយ ពុំគិតបម្រុងឲ្យមនុស្សខ្ជិលច្រអូសបរិភោគអាហាររបស់អ្នកធ្វើការនោះទេ ។ ខណៈដែលមនុស្សទាំងអស់បានចំណែកដូចៗគ្នា ហើយគ្មាននរណាម្នាក់នឹងទទួលបានច្រើនជាងអ្នកណា នោះមនុស្សទាំងអស់ត្រូវតែផ្ដល់ការបម្រើ និងធ្វើកិច្ចការសម្រាប់ជាប្រយោជន៍នៃមនុស្សទាំងអស់ » (Church History and Modern Revelationវ៉ុលទី ២ [ឆ្នាំ ១៩៥៣] ១:២០៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៣៤ ។ ក្រឹត្យវិន័យនៃការថ្វាយរបស់ព្រះអម្ចាស់ ដែលបានប្រៀបធៀបទៅនឹងកម្មវិធីសង្គម
មនុស្សមួយចំនួនបានផ្ដល់យោបល់ថា ការអនុវត្តក្រឹត្យវិន័យនៃការថ្វាយ និងប្រព័ន្ធនៃសណ្ដាប់ធ្នាប់រួម គឺសម្រាប់តែខាងសាសនា ជាប្រភេទនៃសង្គមនិយម ឬលទ្ធិកុម្មុយនិស្ដប៉ុណ្ណោះ។ មានការអះអាងផ្សេងទៀតថា វាគឺជាការអភិវឌ្ឍមួយ អាចមកពីទស្សនសេដ្ឋកិច្ចក្នុងជំនាន់របស់យ៉ូសែប ស្ម៊ីធ ឬអាចមកពីការធ្វើពិសោធន៍ជាសហគមន៍នៅក្នុងសាសនាថ្មី ។ ការគិតស្មានដូច្នេះ គឺខុសស្រឡះ ។ នៅក្នុងជំនាន់ថ្មីៗ ប្រធាន ម៉ារុន ជី រ៉មនី នៃគណៈប្រធានទីមួយ បានចែកប្រព័ន្ធបើកសម្ដែងអំពីសណ្ដាប់ធ្នាប់រួមថា ៖
« (១) សិលាគ្រឹះនៃសណ្ដាប់ធ្នាប់រួម គឺជាជំនឿលើព្រះ និង ការទទួលយកទ្រង់ ជាព្រះអម្ចាស់នៃផែនដី និងជាអ្នកនិពន្ធសណ្ដាប់ធ្នាប់រួម ។…
« (២) សណ្ដាប់ធ្នាប់រួម គឺត្រូវបានអនុវត្តដោយទង្វើស្ម័គ្រចេញពីចិត្តរបស់មនុស្ស ជាភស្ដុតាងតាមរយៈការថ្វាយទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់ដល់សាសនាចក្ររបស់ព្រះ ។…
« (៣) … សណ្ដាប់ធ្នាប់រួម គឺត្រូវបានប្រតិបត្តិការឡើងនៅលើគោលការណ៍នៃភាពជាម្ចាស់ឯកជន និងការគ្រប់គ្រងជាឯកជន ។…
« (៤) សណ្ដាប់ធ្នាប់រួម គឺពុំមែនជានយោបាយទេ ។…
« (៥) មនុស្សសុចរិត គឺជាលក្ខខណ្ឌមួយដំបូងចំពោះសណ្ដាប់ធ្នាប់រួម ។…
« សណ្ដាប់ធ្នាប់រួម ជួយលើកតម្កើងអ្នកទាល់ក្រ ហើយធ្វើឲ្យអ្នកមានចិត្តរាបសា ។ នៅក្នុងដំណើរការទាំងពីរនេះ គឺត្រូវបានធ្វើឲ្យបរិសុទ្ធ ។ មនុស្សទាល់ក្រ ត្រូវបានដោះចេញពីទាសភាព និងកម្រិតការអាម៉ាសនៃភាពក្រីក្រ ជួយរំដោះមនុស្សឲ្យងើបឡើងដល់សក្ដានុពលពេញលេញរបស់ពួកគេ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ អ្នកមាន តាមរយៈការថ្វាយ និងតាមរយៈការចែកនូវចំណែកដែលមានច្រើនលើសលប់របស់ពួកគេដើម្បីជាប្រយោជន៍ដល់អ្នកទាល់ក្រ ពុំមែនដោយការបង្ខំ ប៉ុន្តែដោយការស្ម័គ្រចិត្ត ជាទង្វើស្ម័គ្រចេញពីចិត្ត ជាភស្ដុតាងថា សប្បុរសធម៌ចំពោះបងប្អូនរបស់ពួកគេ ដែលជាចរិកលក្ខណៈរបស់មរមនគឺថាជា ‹ សេចក្ដីស្រឡាញ់សុទ្ធសាធរបស់ព្រះគ្រីស្ទ › ។ (មរ៉ូណៃ ៧:៤៧) » ។ ( ក្នុង Conference Report ខែមេសា ឆ្នាំ ១៩៦៦ ទំព័រ ៩៧ ) ។
ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ នៃគណៈប្រធានទីមួយ បានមានប្រសាសន៍ថា ៖ « សណ្ដាប់ធ្នាប់រួម ពុំត្រូវបានគេយល់ដឹងជាទូទៅនោះទេ ។ [ វា ] ពុំមែនជាប្រព័ន្ធជាសហគមន៍មួយនោះទេ ។… សណ្ដាប់ធ្នាប់រួម និងលទ្ធិកុម្មុយនីស្ដ គឺពុំមែនមានន័យដូចគ្នានោះទេ » ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩៤៣,ទំព័រ ១១ ) ។
ប្រធាន រ៉មនី បានពន្យល់ថា យើងចាំបាច់ត្រូវមានទំនួលខុសត្រូវផ្ទាល់ខ្លួនចំពោះការមើលថែដល់អ្នកក្រីក្រ និងអ្នកដែលខ្វះខាត ៖ « នៅក្នុងពិភពលោកសម័យទំនើបនេះ ត្រូវបានរុកគួនដោយការក្លែងបន្លំចំពោះផែនការរបស់ព្រះអម្ចាស់ យើងមិនត្រូវឲ្យគេនាំយើងយល់ខុស ដោយស្មានថា យើងអាចគេចវេសពីកាតព្វកិច្ចរបស់យើងចំពោះជនទាល់ក្រ និងខ្វះខាត ដោយការបង្វែរទំនួលខុសត្រូវទៅឲ្យខាងរដ្ឋាភិបាល ឬភ្នាក់ងារសាធារណៈផ្សេងទៀតឡើយ ។ មានតែតាមរយៈការផ្ដល់ឲ្យដោយសេចក្ដីស្រឡាញ់ដ៏ច្រើនពន្លឹកដល់អ្នកជិតខាងយើងដោយស្ម័គ្រចិត្តប៉ុណ្ណោះ ទើបយើងអាចអភិវឌ្ឍនូវលក្ខណៈនៃសេចក្ដីសប្បុរស ដូចដែលមរមន បានថ្លែងថាជា ‹ សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ › នោះបាន ។ (មរ៉ូណៃ ៧:៤៧ ) » ។ « Caring for the Poor and Needy, » Ensign ខែ មករា ឆ្នាំ ១៩៧៣, ទំព័រ ៩៨ ) ។
ប្រធាន ក្លាក បានធ្វើសេចក្ដីថ្លែងការណ៍ដូចខាងក្រោមអំពីប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលថា ៖
« ការចែកចាយនៃចំនួនប្រាក់ឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានបង្កើតនៅក្នុងគំនិតរបស់មនុស្សរាប់រយពាន់នាក់--បើមិនរាប់លាននាក់ទេនោះ… ឲ្យចូលចិត្តភាពខ្ជិលច្រអូស ជាអារម្មណ៍មួយដែលថា ពិភពលោកត្រូវចិញ្ចឹមពួកគេ ។ វាបានបង្កើតជាគ្រឹះសម្រាប់គោលលទ្ធិខាងនយោបាយដែលវាប្រកបដោយការបំផ្លិចបំផ្លាញដ៏ខ្លាំងក្លា តាមដែលធ្លាប់ឃើញ … ហើយខ្ញុំគិតថាវាអាចដឹកនាំយើងចូលទៅរកបញ្ហាខាងនយោបាយកាន់តែធ្ងន់ធ្ងរ » ( បានដកស្រង់ចេញមកពី ម៉ារុន ជី រ៉មនី « Church Welfare Services’ Basic Principles »Ensignខែ ឧសភា ឆ្នាំ ១៩៧៦, ទំព័រ ១២១ ) ។
« សង្គមគ្មានជំពាក់ជីវិតខ្ជិលច្រអូសមនុស្សណាម្នាក់ឡើយ មិនថាក្នុងវ័យណាក៏ដោយ ។ ខ្ញុំពុំដែលធ្លាប់ឃើញមានឃ្លាណាក្នុងព្រះគម្ពីរបរិសុទ្ធដែលអំពាវនាវ ឬលើកទឹកចិត្តការណ៍នេះនោះទេ ។ កាលពីអតីតកាល គ្មានសង្គមសេរីណា ដែលគាំទ្រដល់ក្រុមមនុស្សដែលរស់នៅក្នុងភាពខ្ជិលច្រអូស ហើយរស់នៅដោយឥតគិតថ្លៃនោះទេ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៣៨, ទំព័រ ១០៧ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០-៣៤, ៥៤-៥៥ ។ ក្នុងប្រព័ន្ធសហគមន៍ពីជំនាន់ដើម បានមានមុនវិវរណៈនៃក្រឹត្យវិន័យនៃការថ្វាយ
អំឡុងជំនាន់របស់ យ៉ូសែប ស៊្មីធ ក្រុមមនុស្សមួយចំនួន បានព្យាយាមដើម្បីបង្កើតប្រព័ន្ធសហគមន៍ ដែលក្រុមគេ បានចែកចាយភាពជាម្ចាស់លើទ្រព្យសម្បត្តិ និងធនធានទាំងអស់ ។ ពីមុនមានវិវរណៈអំពីក្រឹត្យវិន័យនៃការថ្វាយ នោះមានសមាជិកសាសនាចក្រមួយចំនួននៅទីក្រុង អូហៃអូ បានស្ថាបនាក្រុមនេះឡើង។ ការអនុវត្តមួយចំនួនរបស់ពួកគេគឺមាននូវបញ្ហា ៖
« នៅពេល [ យ៉ូសែប ស៊្មីធ ] បានមកដល់ អូហៃអូ [ លោក ] បានរកឃើញក្រុមមួយដែលមានគ្នាប្រហែលជាហាសិបនាក់ ដែលបានបង្កើតជាក្រុមសហការរួម ដែលផ្អែកទៅលើការបកប្រែរបស់ពួកគេអំពីសេចក្ដីថ្លែងការណ៍នៅក្នុងគម្ពីរកិច្ចការ ដែលពិពណ៌នាអំពីពួកបរិសុទ្ធពីជំនាន់ដើម បានមានអ្វីៗទាំងអស់រួមគ្នា ( សូមមើលកិច្ចការ ២:៤៤-៤៥,៤:៣២ ) ។ ក្រុមនេះត្រូវបានស្គាល់ថាជា ‹ គ្រួសារ › … គឺជាសមាជិកសាសនាចក្រដែលរស់នៅលើកសិដ្ឋានរបស់ អ៊ីសាក ម៉ូលី នៅជិតនឹងភូមិខឺតឡង់ ។ នៅពេល យ៉ូហាន វិតមើរ បានមកដល់ នៅពាក់កណ្ដាលខែមករា នោះគាត់បានកត់សម្គាល់ឃើញថាអ្វីដែលពួកគេកំពុងធ្វើ បានបង្កើតនូវបញ្ហាជាច្រើន ។ ឧទាហរណ៍ ហីមាន បាសេត បានយកនាឡិកាដាក់ហោប៉ៅមួយដែលជាកម្មសិទ្ធិរបស់ លេវី ហានខក់ ទៅលក់ ។ នៅពេលគេសួរគាត់ថា ហេតុអ្វីបានធ្វើដូច្នេះ នោះ ហីមាន បានតបថា ‹ អូ៎ ខ្ញុំគិតថាវាជារបស់រួម › ។ លេវី បានតបថា គាត់ពុំចូលចិត្ត ‹ ការធ្វើជាគ្រួសាររួម › ដូច្នេះទេ ហើយនឹងឈប់ស៊ូទ្រាំទៀតហើយ ។ [Levi W. Hancock, « Levi Hancock Journal, » LDS Historical Department, Salt Lake City, ទំព័រ ៨១ ] » ។
« ព្យាការី យ៉ូសែប … បានដឹងថា មានតម្រូវការដើម្បីបង្កើតប្រព័ន្ធកាន់តែឥតខ្ចោះមួយ ដើម្បីបំពេញតាមតម្រូវការសេដ្ឋកិច្ចរីកចម្រើនរបស់សាសនាចក្រ ។ ប្រាក់ចំណូល គឺតម្រូវឲ្យផ្ដល់ជាហិរញ្ញវត្ថុដល់កិច្ចការសាសនាចក្រផ្សេងៗដូចជា ការបោះពុម្ពវិវរណៈ និងបោះពុម្ពខិត្តប័ណ្ណផ្សព្វផ្សាយសាសនាជាដើម ។… ប្រាក់កាស, ទំនិញ, និងទ្រព្យសម្បត្តិ គឺត្រូវការជាចាំបាច់ដើម្បីជួយដល់ជនទាល់ក្រ និងដើម្បីជួយជនធ្វើអន្ដោប្រវេសន្ដ៍ ដែលបានលះបង់យ៉ាងច្រើនដើម្បីមកប្រមូលគ្នីគ្នានៅរដ្ឋ អូហៃអូ ដូច្នេះ យ៉ូសែប បានទូលសូមសួរដល់ព្រះអម្ចាស់ » (Church History in the Fulness of Times Student Manual,បោះពុម្ពជាលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ៩៥ ) ។
វិវរណៈបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២ ដែលបានបើកសម្ដែងអំពីក្រឹត្យវិន័យនៃការថ្វាយរបស់ព្រះអម្ចាស់ គឺជាវិវរណៈមួយនៃវិវរណៈជាច្រើនដែលទទួលបាន ក្នុងការឆ្លើយតបចំពោះសំណួរបស់យ៉ូសែប ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៤, ៥៥ ។ ឃ្លាំងរបស់ប៊ីស្សព
« នៅក្នុងឆ្នាំ ១៨៣១ ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធ ថា សមាជិកនៃសាសនាចក្រ គួរតែ ‹ ចែករំលែកទ្រព្យ [ របស់ពួកគេ ] ដល់មនុស្សទាល់ក្រ … ហើយពួកគេដាក់ទ្រព្យទាំងនោះនៅខាងមុខប៊ីស្សព… [ហើយ] រក្សាទុកនៅក្នុងឃ្លាំងរបស់យើង ដើម្បីឧបត្ថម្ភចែកដល់មនុស្សទាល់ក្រ និងមនុស្សកំសត់ទុគ៌ត › (គ. និង ស. ៤២:៣១, ៣៤) ។
« ច្រើនជាង ១៨០ ឆ្នាំក្រោយមក ឃ្លាំងរបស់ប៊ីស្សពនៅជុំវិញពិភពលោក បន្ដនៅគាំទ្រដល់ប៊ីស្សពទាំងឡាយនៅក្នុងការហៅឲ្យ ‹ មានចិត្តស្មោះត្រង់ ឈរនៅក្នុងតំណែងដែល [ ព្រះអម្ចាស់ ] បានតែងតាំងដល់ [ ពួកគាត់ ] ជួយអ្នកទន់ខ្សោយ លើកដៃដែលរោយ ចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង › (គ. និង ស. ៨១:៥ ) ។
« ទោះជាវាគឺជាអគារមួយដែលមានផ្ទុកម្ហូបអាហារ និងសម្ភារផ្សេងទៀត ឬធនធានទាំងឡាយនៅក្នុងវួដ ដែលប៊ីស្សពអាចបើកយកមកក្ដី ក៏ឃ្លាំងរបស់ប៊ីស្សព គឺត្រូវបានប្រើដើម្បីមើលថែដល់អ្នកទាំងឡាយដែលខ្វះខាត ។
« សៀវភៅសិក្សារបស់សាសនាចក្រ ចំណងជើងថាBasic Principles of Welfare and Self-Reliance ( គោលការណ៍សុខុមាលភាពជាមូលដ្ឋាន និងភាពខ្លួនទីពឹងខ្លួន ) (ឆ្នាំ ២០០៩ ) បានចែងថា ‹ ឃ្លាំងរបស់ព្រះអម្ចាស់ គឺមានសម្រាប់ប៊ីស្សពគ្រប់រូប ហើយមាននៅក្នុងគ្រប់វួដទាំងអស់ ។ ជាការផ្ទុយទៅនឹងប្រាជ្ញាតាមធម្មតា នោះឃ្លាំងរបស់ព្រះអម្ចាស់គឺមិនត្រូវបានកំណត់តាមអគារមួយ ឬឃ្លាំងមួយ ដែលពេញដោយសម្ភារដែលរង់ចាំដើម្បីចែកចាយនោះឡើយ › ។
« នៅកន្លែងណាដែលគ្មានឃ្លាំង នោះប៊ីស្សព អាចទិញផលិតផលដែលចាំបាច់មកពីអ្នកលក់ទំនិញក្នុងមូលដ្ឋាន ដោយប្រើដង្វាយតមអាហារ » (Bishops’ Storehouse Opens the Windows of Heaven, » Church News and Events, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១១, LDS.org ) ។