មេរៀនទី ៤១
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៣៧
បុព្វកថា
នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ១៨៣០ រយៈពេលពីរថ្ងៃពីមុន អែតវឹត ប៉ាទ្រិច បានទទួលបុណ្យជ្រមុជទឹក នោះ ព្រះអម្ចាស់បានប្រទានដល់គាត់នូវវិវរណៈមួយតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅក្នុងវិវរណៈនេះ ដែលឥឡូវត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៦ព្រះអម្ចាស់បានអភ័យទោសដល់ អែតវឹត ប៉ាទ្រិច ពីអំពើបាបរបស់គាត់ ហើយបានហៅគាត់ឲ្យផ្សាយដំណឹងល្អ ។ ព្រះអម្ចាស់ក៏បានចេញបទបញ្ញត្តិមួយសម្រាប់អ្នកកាន់ បព្វជិតភាពទាំងអស់ឲ្យផ្សាយដំណឹងល្អផងដែរ ។ មិនយូរប៉ុន្មាន បន្ទាប់ពីទទួលបានវិវរណៈនេះ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៧ដែលព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធចាកចេញពី រដ្ឋនូវ យ៉ោក ហើយទៅប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:១-៣
ព្រះអម្ចាស់បានអត់ទោសឲ្យ អែតវឹត ប៉ាទ្រិច ពីអំពើបាបរបស់គាត់ ហើយហៅគាត់ឲ្យផ្សាយដំណឹងល្អ
សូមនាំយកវ៉ាលី ( ឬកាបូបស្ពាយ ) មួយមកថ្នាក់ ដែលមាននូវសម្ភារ ដែលអ្នកផ្សព្វផ្សាយសាសនាអាចនឹងត្រូវការនៅពេលកំពុងបម្រើបេសកកម្មពេញម៉ោងមួយ ។ ឧទាហរណ៍ អ្នកអាចដាក់ព្រះគម្ពីរ អាវ-ស ក្រវ៉ាត់ក សំលៀកបំពាក់ ស្បែកជើង និង សៀវភៅ ប្រកាសដំណឹងល្អរបស់យើងមួយក្បាល ។ សូមបង្ហាញដល់សិស្សនូវវ៉ាលីដែលបិទជិតមួយ ហើយអញ្ជើញឲ្យពួកគេនឹកគិតថា វាបានដាក់អ្វីខ្លះសម្រាប់អ្នកផ្សព្វផ្សាយ សាសនា ដែលកំពុងត្រៀមខ្លួនទៅបម្រើបេសកកម្មពេញម៉ោង ។ សូមសួរថាតើពួកគេរំពឹងទុកថាមានអ្វីខ្លះនៅក្នុងវ៉ាលីនេះ ។ បន្ទាប់មក បើកវ៉ាលី ហើយបង្ហាញវត្ថុដែលមានក្នុងនោះ ។ ( ឬ អ្នកអាចអញ្ជើញសិស្សឲ្យធ្វើការជាគូ ដើម្បីបង្កើតជាបញ្ជីមួយ ឬគូរូបរាងវត្ថុទាំងឡាយ ដែលអ្នកផ្សព្វផ្សាយសាសនាអាចនឹងត្រូវការក្នុងបេសកកម្មរបស់ពួកគេ ) ។
សូមពន្យល់ថា មានអ្វីៗផ្សេងទៀតជាច្រើន ដែលពួកអ្នក ផ្សព្វផ្សាយសាសនាត្រូវការ ដែលពុំចាំបាច់ត្រូវវេចខ្ចប់ក្នុងវ៉ាលី ( ឬកាបូបស្ពាយ ) ។ ព្រះអម្ចាស់បានប្រាប់នូវរឿងមួយចំនួននេះ នៅក្នុងវិវរណៈមួយ ដែលបានថ្លែងទៅកាន់ អែតវឹត ប៉ាទ្រិច ។ វិវរណៈនោះ ឥឡូវគឺសរសេរនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៦ ។ សូមអញ្ជើញសិស្សឲ្យរកមើលនូវអ្វីដែលអ្នកផ្សព្វផ្សាយសាសនាម្នាក់ត្រូវការ ពីមុនពេលគាត់ត្រូវបានរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ខណៈពេលដែលពួកគេសិក្សាអំពីវិវរណៈនេះ ។ ( នៅពេលសិស្សប្រាប់អំពីសេចក្ដីពិតទាំងឡាយ អំឡុងពេលរៀនមេរៀននេះ នោះអ្នកអាចនឹងចង់សរសេរសេចក្ដីពិតទាំងនោះនៅលើក្រដាសមួយសន្លឹក ។ បន្ទាប់មកបិទ ឬដោតជាមួយម្ជុលខ្ទាស់ក្រដាសនោះទៅនឹងផ្នែកខាងក្រៅនៃវ៉ាលី ឬកាបូបស្ពាយ ដើម្បីឲ្យសិស្សមើលឃើញ ។ អ្នកក៏អាចរៀបរាប់វាដោយសាមញ្ញនៅលើក្ដារខៀនផងដែរ ) ។
សូមអញ្ជើញឲ្យសិស្សម្នាក់អានឲ្យឮៗនូវព័ត៌មាននៃប្រវត្តិ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦ដូចខាងក្រោម ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលបានជួយដល់ អែតវឹត ប៉ាទ្រិច ធ្វើការសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ។
អំឡុងពីរបីសប្ដាហ៍នៃការមកដល់របស់អែលឌើរ អូលីវើរ ខៅឌើរី និងដៃគូរបស់គាត់ នៅប៉ែកឦសាននៃរដ្ឋអូហៃអូ នោះមានមនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទោះបីជាភរិយារបស់ អែតវឹត ប៉ាទ្រិច លីឌា ស្ថិតនៅក្នុងចំណោមអ្នកទាំងឡាយដែលបានផ្លាស់ប្រែចិត្តជឿ និងទទួលបុណ្យជ្រមុជទឹកដោយពួកអ្នកផ្សព្វផ្សាយសាសនាក្ដី ក៏អែតវឹត នៅពុំទាន់ជឿពេញលេញនោះដែរ ។ គាត់មានបំណងដើម្បីទៅជួបព្យាការី យ៉ូសែប ស្ម៊ីធ មុនពេលគាត់សម្រេចចិត្ត ។ គាត់ និងស៊ីឌនី រិកដុន បានទៅដល់ វ៉តធើរលូ រដ្ឋ នូវ យ៉ោក ចំពេលដែល យ៉ូសែប ស្ម៊ីធ កំពុងធ្វើទេសនកថាមួយ ។ នៅពេលព្យាការី បានបញ្ចប់ការនិយាយហើយ នោះអែតវឹត បានក្រោកឈរឡើងនិយាយ ។ គាត់បានរៀបរាប់ថា នៅតាមផ្លូវទៅកាន់ វ៉តធើរលូ គាត់បាននិយាយជាមួយនឹងអ្នកជិតខាង ដែលនៅជិតចម្កាគ្រួសារ ស្ម៊ីធ នៅ ម៉ានឆែសស្ដើរ អំពីចរិកលក្ខណៈរបស់គ្រួសារ ស៊្មីធ ។ ដោយបានស្កប់ស្កល់នឹងអ្វីដែលគាត់បានដឹង នោះអែតវឹត បានសួរថា តើយ៉ូសែប អាចនឹងជ្រមុជទឹកឲ្យគាត់បានឬទេ ។ ( សូមមើល Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១, វ៉ុលទី ១ of the Documents series of The Joseph Smith Papers [ឆ្នាំ ២០១៣], ទំព័រ ១៩៧, ១៩៩, ២២៤ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:១ ដោយស្ងៀមស្ងាត់ រកមើលអ្វីដែលព្រះអម្ចាស់ បានប្រាប់ដល់ អែតវឹត ប៉ាទ្រិច បន្ទាប់ពីគាត់បានទទួលបុណ្យជ្រមុជទឹកហើយ ។
-
តើពរជ័យអ្វីខ្លះ ដែលអែតវឹត ប៉ាទ្រិច បានទទួល ដែលជាលទ្ធផលបានមកពីពិធីបុណ្យជ្រមុជទឹករបស់គាត់នោះ ? ( ព្រះអម្ចាស់អត់ទោសអំពើបាបរបស់គាត់ ) ។
-
តើទំនួលខុសត្រូវអ្វីខ្លះ ដែល អែតវឹត មាន បន្ទាប់ពីគាត់បានទទួលបុណ្យជ្រមុជទឹករួច ?
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់សម្រាប់អ្នកទាំងឡាយដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ត្រូវប្រែចិត្ត ហើយត្រូវបានអត់ទោសអំពើបាបរបស់ពួកគេដូច្នេះ ?
ដើម្បីជួយសិស្សយល់ពីមូលហេតុដែលវាសំខាន់ចំពោះអ្នកដែលត្រៀមធ្វើជាអ្នកផ្សព្វផ្សាយសាសនា ត្រូវប្រែចិត្តពីអំពើបាបរបស់ពួកគេនោះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ អែលឌើរ ជែហ្វ្រី អរ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា នៅពេលអែលឌើរ ហូឡិន ប្រើឃ្លាថា « លេងឲ្យខាងមារសត្រូវ » ហើយ « ត្រូវខាងព្រះអង្គសង្គ្រោះ » នោះគាត់កំពុងប្រៀបប្រដូចទៅនឹងការប្រកួតរវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់ នៅក្នុងការប្រកួតប្រជែងអត្តពលកម្មមួយ ) ។ សូមពិចារណាធ្វើការរៀបចំច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះសម្រាប់សិស្សម្នាក់ៗ ។
« នៅក្នុងការប្រកួតរវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់នេះ អ្នកពុំអាចលេងឲ្យខាងមារសត្រូវ នៅពេលណាមានការល្បួងកើតឡើង រួចមករំពឹងទុកថា ខ្លួនបែរត្រូវខាងព្រះអង្គសង្គ្រោះវិញ នៅឯព្រះវិហារបរិសុទ្ធ និងនៅពេលចេញបេសកកម្ម ដែលហាក់ដូចជាគ្មានអ្វីបានកើតឡើងបាននោះទេ ។… ព្រះនឹងពុំត្រូវចំអកឡើយ ។
« … ព្រះអម្ចាស់ បានគូសបន្ទាត់ភាពសក្ដិសមសម្រាប់អ្នកទាំងឡាយ ដែលត្រូវបានហៅឲ្យធ្វើការជាមួយទ្រង់ក្នុងកិច្ចការរបស់ទ្រង់។ គ្មានអ្នកផ្សព្វផ្សាយសាសនាណា អាចមិនប្រែចិត្តពីអំពើរំលងខាងផ្លូវភេទ ឬភាសាអាសគ្រាម ឬបណ្ដោយខ្លួនតាមភាពអាសគ្រាម ហើយមករំពឹងឲ្យអ្នកដទៃប្រែចិត្តពីរឿងទាំងអស់នេះនោះទេ !… ព្រះវិញ្ញាណនឹងពុំគង់នៅជាមួយអ្នកឡើយ ហើយពាក្យទាំងឡាយនឹងត្រូវស្លាក់នៅក្នុងបំពង់កអ្នក ពេលអ្នកថ្លែងវាចេញមក ។ អ្នកពុំអាចធ្វើដំណើរតាមផ្លូវដែល លីហៃ បានហៅថា ‹ ផ្លូវហាមឃាត់ › នោះឡើយ នីហ្វៃទី ១ ៨:២៨ហើយរំពឹងថាដឹកនាំអ្នកដទៃឲ្យដើរលើ ‹ ផ្លូវត្រង់ និងចង្អៀត › នោះឡើយ [នីហ្វៃទី ២ ៣១:១៨វាពុំអាចធ្វើទៅរួចទេ » ( We Are All Enlisted » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ៤៥ ) ។
ដើម្បីជួយសិស្សឲ្យយល់អំពីអ្វីដែលពួកគេអាចធ្វើនៅពេលឥឡូវនេះ ដើម្បីបានស្អាតស្អំចំពោះការបម្រើផ្សព្វផ្សាយសាសនា សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវការអញ្ជើញឲ្យប្រែចិត្តដូចខាងក្រោម មកពីអែលឌើរ ហូឡិន ផងដែរថា ៖
« មិនថាអ្នកជានរណា ឬអ្នកបានធ្វើអ្វីនោះទេ អ្នកអាចត្រូវបានអភ័យទោសឲ្យ ។ អ្នករាល់គ្នាគ្រប់រូប … អាចទុកចោលអំពើរំលងសព្វបែបយ៉ាង ដែលអ្នកអាចនឹងមានបញ្ហា ។ វាគឺជាអព្ភូតហេតុនៃការអភ័យទោស វាគឺជាអព្ភូតហេតុនៃដង្វាយធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ប៉ុន្តែអ្នកពុំអាចធ្វើវាបានដោយគ្មានការតាំងចិត្តដ៏សកម្មមួយចំពោះដំណឹងល្អនោះទេ ហើយអ្នកពុំអាចធ្វើវាបានដោយគ្មានការប្រែចិត្ត ពេលដែលវាចាំបាច់តម្រូវឲ្យមាននោះឡើយ ។ ខ្ញុំសុំឲ្យអ្នក… សកម្ម ហើយស្អាតស្អំ ។ បើវាតម្រូវឲ្យខ្ញុំធ្វើដូច្នោះ នោះខ្ញុំសំណូមពរដល់អ្នកឲ្យ ទទួលបានការសកម្ម ហើយ ទទួលបាន ភាពស្អាតស្អំ » ( We Are All Enlisted » ទំព័រ៤៥ ) ។
សូមពន្យល់ថា ទោះជា អេតវឹត ប៉ាទ្រិច បានទទួលបុណ្យជ្រមុជទឹកពីមុនទទួលវិវរណៈនេះក្ដី តែគាត់ពុំទាន់ទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:២-៣ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់ប្រាប់ ដល់អែតវឹត អំពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
ផ្អែកទៅលើអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់អែតវឹត ប៉ាទ្រិច ហេតុអ្វីក៏អ្នកផ្សព្វផ្សាយសាសនាត្រូវការព្រះវិញ្ញាណបរិសុទ្ធ ជាដៃគូរបស់ពួកគេដូច្នេះ ?
-
ស្របតាម ខ ២តើព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀន អែតវឹត ប៉ាទ្រិច អ្វីខ្លះ ? តើអ្នកគិតថាវាមានន័យយ៉ាងដូចម្តេចដើម្បីរៀន « ការណ៍ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ដនៃនគរ » ? ( ដើម្បីជួយសិស្សឆ្លើយសំណួរនេះ សូមឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១) ។
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍នានា ដែលពួកគេមាន នៅពេលព្រះវិញ្ញាណបរិសុទ្ធ បានបង្រៀនពួកគេនូវការណ៍ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ដនៃនគរ ។ ( សូមរំឭកសិស្សថា បទពិសោធន៍មួយចំនួន គឺពិសិដ្ឋ ឬផ្ទាល់ខ្លួនណាស់ ដែលពុំគួរចែកចាយ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៤-៨
ព្រះអម្ចាស់ចេញបទបញ្ញត្តិមួយ ស្ដីអំពីអ្នកទាំងឡាយដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៤-៥, ៧ ឲ្យឮៗ ។ មុនពេលសិស្សអាន សូមចង្អុលបង្ហាញថា នៅក្នុងខទាំងនេះ ព្រះអម្ចាស់ កំពុងមានបន្ទូលទៅកាន់ « ពួកអែលឌើរនៃសាសនាចក្រ [ របស់ទ្រង់ ] » (គ. និង ស. ៣៦:៧) ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវទំនួលខុសត្រូវមួយ ដែលព្រះអម្ចាស់បានផ្ដល់ទៅឲ្យពួកអ្នកកាន់បព្វជិតភាព ។
-
តើទំនួលខុសត្រូវអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រគល់ទៅឲ្យអ្នកកាន់បព្វជិតភាព ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ អ្នកកាន់បព្វជិតភាព ត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ) ។
ដើម្បីជួយសិស្សយល់អំពីសារៈសំខាន់នៃសេចក្ដីពិតនេះ និងរបៀបដែលវាអនុវត្តនៅក្នុងជីវិតរបស់យើង សូមអញ្ជើញសិស្សម្នាក់ឲ្យអានអំពីសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ថូម៉ាស អេស ម៉នសុន ។
« ខ្ញុំរំឭកឡើងវិញនូវអ្វីដែលពួកព្យាការីបានបង្រៀនជាយូរលង់មកហើយ—ថារាល់យុវជនដែលមានលក្ខណៈសម្បត្តិសក្ដិសម និងមានសមត្ថភាពគ្រប់រូប គួរតែត្រៀមខ្លួនបម្រើបេសកកម្ម ។ កិច្ចការផ្សព្វផ្សាយសាសនា គឺជាកាតព្វកិច្ចបព្វជិតភាពមួយ--ជាកាតព្វកិច្ចមួយ ដែលព្រះអម្ចាស់រំពឹងពីយើង ដែលត្រូវបានប្រទានឲ្យយ៉ាងច្រើននោះ » (As We Meet Together Again, »Ensignឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ៥-៦ ) ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៥តើអ្នកកាន់បព្វជិតភាពចាំបាច់ត្រូវធ្វើអ្វីខ្លះ មុនពេលពួកគេត្រូវបានតែងតាំង ហើយបញ្ជូនទៅផ្សាយដំណឹងល្អនោះ ?
-
តើយុវជនម្នាក់អាចបង្ហាញដល់ព្រះអម្ចាស់ថា គាត់ឱបក្រសោបយកបទបញ្ញត្តិដើម្បីផ្សាយដំណឹងល្អដោយរបៀបណា ?
-
តើនរណាដែលអ្នកស្គាល់ ថាបានឱបក្រសោបយកបទបញ្ញត្តិដើម្បីផ្សាយដំណឹងល្អ ? តើគំរូរបស់បុគ្គលនេះ មានឥទ្ធិពលមកលើអ្នកយ៉ាងណាខ្លះ ?
អ្នកអាចនឹងចង់ពន្យល់ថា ទោះជាការបម្រើអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង គឺជាកាតព្វកិច្ចបព្វជិតភាពក្ដី ក៏យុវនារីអាចបម្រើបានផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖
« ពាក្យសម្ដីទៅកាន់យុវនារីទាំងឡាយ ខណៈដែលអ្នកពុំមាននូវទំនួលខុសត្រូវ បព្វជិតភាព ដូចយុវជនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងក្ដី ក៏អ្នកអាចធ្វើការចូលរួមចំណែកដ៏មានតម្លៃជាពួកអ្នកផ្សព្វ ផ្សាយសាសនាបានផងដែរ ហើយយើងស្វាគមន៍ចំពោះការបម្រើរបស់អ្នក » ( As We Meet Together Again »៦ ) ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៦ ដោយស្ងាត់ស្ងៀម រកមើលសារលិខិតជាមូលដ្ឋាន ដែលព្រះអម្ចាស់បញ្ជាដល់ពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ឲ្យបង្រៀន ។ ដើម្បីជួយសិស្សយល់ឃ្លាថា « អាវដែលត្រូវស្មោកគ្រោកដោយសាច់ឈាមផង » នោះសូមពន្យល់ថា នៅក្នុងសាសន៍អ៊ីស្រាអែលបុរាណ សំលៀកបំពាក់ដែលមានមេរោគឆ្លង គឺត្រូវដុតចោល ដើម្បីការពារកុំឲ្យជំងឺឆ្លងរាតត្បាត ។ នៅក្នុងខនេះ ព្រះអម្ចាស់ ប្រៀបធៀបជំងឺទៅនឹងអំពើបាប ដូច្នេះហើយទ្រង់បានបញ្ជាដល់យើងឲ្យចៀសវាងនូវអ្វីៗទាំងអស់ដែលទាក់ទងនឹងអំពើបាប ។ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary, វ៉ុលទី ៣ [ឆ្នាំ ១៩៦៥--៧៣], ៣:៤២៨ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៧ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលលក្ខណៈដែលអ្នកកាន់បព្វជិតភាព គួរឱបក្រសោបនៅក្នុងការហៅរបស់ពួកគេ ។
-
តើអ្នកកាន់បព្វជិតភាពម្នាក់អាច « ឱបក្រសោប [ ការហៅបម្រើរបស់គាត់ ] ដោយមានចិត្តព្រមព្រៀង » យ៉ាងដូចម្ដេច ? ( ចម្លើយអាចរួមមានទាំងការចាប់ផ្តើមតាំងចិត្តចំពោះការហៅបម្រើរបស់គាត់ ហើយបម្រើដោយស្មោះ និងដោយសេចក្ដីសុចរិត ) ។
បើអ្នកបានបម្រើបេសកកម្មពេញម៉ោងមួយ សូមពិចារណាធ្វើការចែកចាយបទពិសោធន៍របស់អ្នកអំពីការឱបក្រសោបយកការហៅឲ្យផ្សាយដំណឹងល្អ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧
ព្រះអម្ចាស់បញ្ជាសាសនាចក្ររបស់ទ្រង់ឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ
សូមពន្យល់ថា ខណៈដែលស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច កំពុងសង្កេតមើលសាសនាចក្រនៅរដ្ឋអូហៃអូ នោះការបៀតបៀនដល់ពួកបរិសុទ្ធនៅក្នុង រដ្ឋនូវយ៉ោក បានកើនឡើង ។ ក្នុងករណីមួយចំនួន ការគំរាមគំហែងទាំងឡាយបានកើតឡើងដល់ជីវិតរបស់អ្នកដឹកនាំសាសនាចក្រ ហើយខ្មាំងសត្រូវរបស់ពួកគេ បានប្រជុំនៅក្នុងកន្លែងសម្ងាត់ដើម្បីដាក់ផែនការការបំផ្លាញរបស់ពួកគេ ( សូមមើល គ. និង ស. ៣៨:១៣, ២៨-២៩ ) ។ នៅជិតចុងខែធ្នូ ឆ្នាំ ១៨៣០ ប៉ុន្មានសប្ដាហ៍បន្ទាប់ពី ស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បានមកដល់រដ្ឋ នូវ យ៉ោក នោះយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយ ដែលព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធ ឲ្យគេចចេញពីខ្មាំងសត្រូវរបស់ពួកគេ ហើយផ្លាស់ទៅរដ្ឋ អូហៃអូ ។
សូមអញ្ជើញសិស្សបីនាក់ឲ្យឆ្លាស់វេណគ្នាអានឲ្យឮៗដកស្រង់ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:២-៤ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលនូវការរៀបចំ ដែលព្រះអម្ចាស់ចង់ឲ្យ យ៉ូសែប ធ្វើមុនពេលលោកទៅកាន់រដ្ឋអូហៃអូ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
ហេតុអ្វី ព្រះអម្ចាស់ បញ្ជាឲ្យ យ៉ូសែប ស៊្មីធ ទៅរកពួកបរិសុទ្ធនៅ ខូលស្វិល ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីខគម្ពីរទាំងនេះ អំពីការអធិស្ឋាន ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា ពួកគេប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងអធិស្ឋានដោយសេចក្ដីជំនឿ នោះព្រះអម្ចាស់នឹងឆ្លើយតបរាល់ការអធិស្ឋានរបស់យើង ។ ព្រះអម្ចាស់ ជាញឹកញាប់ប្រើអ្នកដទៃឲ្យឆ្លើយតបនឹងការអធិស្ឋានរបស់យើង ) ។
-
តើនរណាម្នាក់បានឆ្លើយចំពោះការអធិស្ឋានរបស់អ្នកនៅពេលណា ?
ពេលបានបំផុសគំនិតដោយព្រះវិញ្ញាណ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀននេះ ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមអ្វីដែលពួកគេបានទទួលអារម្មណ៍ ពេលពួកគេបានសិក្សាវិវរណៈទាំងនេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដី សញ្ញា ៣៦។ អែតវឹត ប៉ាទ្រិច
អែតវឹត ប៉ាទ្រិច បានស្ដាប់ឮអំពីដំណឹងល្អដែលបានស្ដារឡើងវិញលើកដំបូងអំឡុងខែ តុលា ឆ្នាំ ១៨៣០ នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានបញ្ជូនឲ្យទៅកាន់ពួកសាសន៍លេមិន បានឈប់នៅទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ តាមផ្លូវទៅកាន់រដ្ឋ មីសសួរី ( សូមមើល គ. និង ស. ២៨:៨, ៣២:២-៣ ) ។ ទោះជាយ៉ាងណាក្ដី គាត់ពុំទាន់បានទទួលបុណ្យជ្រមុជទឹកទេ រហូតដល់រយៈពេលប្រហែលជាពីរខែក្រោយមកទៀត ។ លូស៊ី ម៉ាក ស្ម៊ីធ ជាម្ដាយរបស់ព្យាការី បានសរសេរអំពីការសម្រេចចិត្តរបស់ អែតវឹត ប៉ាទ្រិច ដើម្បីទទួលបុណ្យជ្រមុជទឹកថា ៖ « នៅខែធ្នូ ក្នុងឆ្នាំដដែល [ ១៨៣០ ] យ៉ូសែប បានតាំងឲ្យមានការប្រជុំមួយនៅក្នុងផ្ទះរបស់យើង ។ ខណៈពេលដែលគាត់កំពុងផ្សាយ នោះស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បានចូលមក ហើយអង្គុយចុះនៅក្នុងក្រុមជំនុំ ។ នៅពេលយ៉ូសែប បានបញ្ចប់នូវប្រសាសន៍របស់លោក នោះលោកបានផ្ដល់ឯកសិទ្ធិដល់អ្នកទាំងអស់ណាដែលចង់មានប្រសាសន៍ ។ ដោយហេតុនេះ លោក ប៉ាទ្រិច បានក្រោកឈរឡើង ហើយបានថ្លែងថា គាត់បានទៅ ម៉ានឆែសស្តើរ ដោយមានទស្សនៈវិស័យចង់ទទួលបាននូវព័ត៌មានបន្ថែមអំពីគោលលទ្ធិជាក់លាក់ដែលយើងបានផ្សាយ ប៉ុន្តែរកពុំឃើញយើងទេ គាត់បានសួរទៅអ្នកជិតខាងរបស់យើងខ្លះៗ អំពីចរិតលក្ខណៈរបស់យើង ក្នុងសេចក្តីថ្លែងណ៍របស់ពួកគេ រកអ្វីមកបន្ទោសខ្ញុំពុំបានឡើយ រហូតដល់ចំណុចដែល យ៉ូសែប បានបញ្ឆោតពួកយើង [ ពួកគេ ] ទាក់ទងនឹងព្រះគម្ពីរមរមន ។ គាត់ក៏បានថ្លែងផងដែរថា គាត់បានដើរលើដីកសិដ្ឋានរបស់យើង បានសង្កេតឃើញមានសណ្ដាប់ធ្នាប់ល្អ ហើយបង្ហាញនូវភាពប៉ិនប្រសប់ និងបានមើលឃើញនូវអ្វីដែលយើងបានលះបង់ដើម្បីសេចក្ដីជំនឿរបស់យើង ហើយបានស្ដាប់ឮថា សេចក្ដីពិតពេញលេញរបស់យើង ដែលធ្វើឲ្យគ្មានការសង្ស័យទៅលើចំណុចផ្សេងទៀត ដែលមាននៅក្នុងសាសនារបស់យើងទេ គាត់បានជឿទីបន្ទាល់របស់យើង ហើយបានត្រៀមខ្លួនជាស្រេចដើម្បីទទួលបុណ្យជ្រមុជទឹក គាត់និយាយថា ‹ បងប្រុស យ៉ូសែប តើលោកនឹងធ្វើបុណ្យជ្រមុជទឹកឲ្យខ្ញុំឬទេ ›» ( History of Joseph Smith by His Mother, បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ១៩១–៩២) ។ អែតវឹត ប៉ាទ្រិច បានទទួលបុណ្យជ្រមុជទឹកដោយ យ៉ូសែប ស៊្មីធ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ១៨៣០ ។
អែតវឹត ប៉ាទ្រិច ក្រោយមកបានក្លាយជាប៊ីស្សពទីមួយនៃសាសនាចក្រ ហើយបានរងទុក្ខនូវការបៀតបៀនជាច្រើននៅរដ្ឋ មីសសួរី ។ គាត់បានស្លាប់ក្នុងនាមជាសមាជិកស្មោះត្រង់របស់សាសនាចក្រ នៅក្នុងឆ្នាំ ១៨៤០ នៅទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ក្នុងវ័យ ៤៧ ឆ្នាំ ។ ( សម្រាប់ព័ត៌មានបន្ថែមអំពី អែតវឹត ប៉ាទ្រិច សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:១–៧; ៤១:៩–១១; ៤២:១០; ៥០:៣៩; ៥១:១–៤, ១៨; ៥២:២៤; ៥៧:៧; ៥៨:១៤–១៦, ២៤–២៥, ៦១–៦២; ៦០:១០; ៦៤:១៧; ១២៤:១៩; សូមមើលផងដែរ Church History in the Fulness of Times Student Manual, បានបោះពុម្ពជាលើកទីពីរ [ Church Educational System manual, ឆ្នាំ ២០០៣ ],ទំព័រ ៨២; Doctrine and Covenants Student Manual, បានបោះពុម្ពជាលើកទីពីរ [Church Educational System manual,ឆ្នាំ ២០០១ ], ទំព័រ ៧២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៤-៨ ។ យុវជនគ្រប់រូបគួរបម្រើបេសកកម្ម
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ៖
« សំណួរត្រូវបានសួរជារឿយៗថា តើយុវជនគ្រប់រូបគួរតែបម្រើបេសកកម្មដែរឬទេ ? ចម្លើយចំពោះសំណួរនេះ ត្រូវបានប្រទានឲ្យដោយ ព្រះអម្ចាស់ ។ គឺថាគួរតែបម្រើបេសកកម្ម ។យុវជន គ្រប់រូប គួរតែបម្រើបេសកកម្ម ។
« ខណៈដែលយុវជនគ្រប់រូបគួរបម្រើបេសកកម្ម នោះយើងត្រូវដឹងថា យុវជនគ្រប់រូបគឺពុំមែនគ្រប់គ្នាបានរៀបចំខ្លួនហើយ ខាងរូបកាយ ខាងសតិអារម្មណ៍ ឬខាងសីលធម៌ទាំងអស់នោះទេ ។ ជាលទ្ធផល យុវជនខ្លះ អាចនឹងពុំមានឱកាសធ្វើជាអ្នកផ្សព្វផ្សាយសាសនាទេ ។ ប៉ុន្តែយុវជនទាំងអស់ គួរតែត្រៀមខ្លួនដើម្បីទៅ-- ដោយមានភាពសក្ដិសមដើម្បីបម្រើព្រះអម្ចាស់ » ( Our Commission to Take the Gospel to All the World » Ensign ខែ ឧសភា ឆ្នាំ ១៩៨៤,ទំព័រ ៤៥ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀន ៖
« សំណួរត្រូវបានសួរជារឿយៗថា តើកម្មវិធីបេសកកម្មគឺជាកម្មវិធីមួយដែលចាប់បង្ខំឬទេ ? ប្រាកដណាស់ចម្លើយគឺថាពុំមែនទេ ។ មនុស្សគ្រប់រូបត្រូវបានផ្តល់ឲ្យនូវសេរីភាពជ្រើសរើសដោយសេរី ។ សំណួរត្រូវបានសួរថា ៖ តើយុវជនគ្រប់រូបគួរបម្រើបេសកកម្មឬទេ ? ហើយចម្លើយរបស់សាសនាចក្រ គឺថាមែនហើយ ហើយចម្លើយរបស់ព្រះអម្ចាស់គឺ ពិតហើយ ។ ក្នុងការផ្ដល់ព័ត៌មានលម្អិតចំពោះចម្លើយនេះ យើងសូមនិយាយថា ៖ សមាជិកភេទប្រុសគ្រប់រូបនៃសាសនាចក្រ គួរតែ បំពេញបេសកកម្មមួយ ដូចជាគាត់ គួរតែ ថ្វាយដង្វាយមួយភាគដប់របស់គាត់អញ្ចឹងដែរ ដូចជាគាត់ គួរតែ ចូលរួមនៅក្នុងការប្រជុំរបស់គាត់ ដូចជាគាត់ គួរតែ រក្សាឲ្យជីវិតរបស់គាត់ឲ្យស្អាតស្អំ ហើយគ្មានស្នាមប្រឡាក់នៃលោកិយ រួចហើយរៀបចំផែនការរៀបអាពាហ៍ពិពាហ៍សេឡេស្ទាល នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ » ( Planning for a Full and Abundant Life, »Ensignខែ ឧសភា ឆ្នាំ ១៩៧៤, ទំព័រ ៨៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៤-៨ ។ ស៊ីស្ទើរផ្សព្វផ្សាយសាសនា
ព្រះអម្ចាស់បានបញ្ជាសមាជិកគ្រប់រូបនៃសាសនាចក្ររបស់ទ្រង់ ចែកចាយដំណឹងល្អ ស្ត្រីមួយចំនួន បានឱបក្រសោបយកបទបញ្ញត្តិនេះ ដោយការបម្រើបេសកកម្មពេញម៉ោង ទោះជាពួកគេពុំមានកាតព្វកិច្ចចំបាច់ត្រូវធ្វើ ដូចយុវជនក្ដី ។
ប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានថ្លែងថា ៖
« សូមចងចាំ យុវនារីទាំងឡាយ អ្នកក៏អាចមានឱកាសបម្រើបេសកកម្មពេញម៉ោងផងដែរ ។… អ្នកផ្សព្វផ្សាយសាសនាដ៏ល្អបំផុតមួយចំនួនរបស់យើង គឺស្ត្រីវ័យក្មេង » ( To the Young Women of the Church, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦,ទំព័រ ៨៣ ) ។
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានបង្រៀនថា ៖
« យើងត្រូវការយុវនារីមួយចំនួន ។ ពួកគេធ្វើកិច្ចការដ៏អស្ចារ្យមួយ ។ ពួកគេអាចចូលទៅក្នុងផ្ទះជាច្រើន ដែលពួកអែលឌើរពុំអាចចូលទៅបាន ។
« … គណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកដប់ពីរនាក់ បានថ្លែងរួមគ្នាទៅកាន់ស្ត្រីវ័យក្មេងរបស់យើងថា ពួកគេពុំស្ថិតនៅក្រោមកាតព្វកិច្ចដើម្បីចេញបម្រើបេសកកម្មនោះទេ ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចនិយាយនូវអ្វីដែលខ្ញុំត្រូវនិយាយតាមរបៀបមួយ ដែលនឹងពុំធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តឡើយ ។ ស្ត្រីវ័យក្មេង ពុំគួរមានអារម្មណ៍ថា ពួកគេមានកាតព្វកិច្ចមួយធៀបនឹងយុវជននោះទេ ។ ពួកគេមួយចំនួនចង់ទៅខ្លាំងណាស់ ។ បើដូច្នោះ ពួកគេគួរប្រឹក្សាជាមួយប៊ីស្សពរបស់ពួកគេ ក៏ដូចជាជាមួយឪពុកម្ដាយរបស់ពួកគេផងដែរ » ( « Some Thoughts on Temples, Retention of Converts, and Missionary Service, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧, ទំព័រ ៥២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៦។ តើ « តំណវៀច » គឺជាអ្វី ?
ពាក្យថា វៀច មានន័យថា ពុំមានការគ្រប់គ្រង ហើយពិបាកគ្រប់គ្រង ។ ហេតុដូច្នោះហើយ មនុស្សវៀច គឺពុំមានការគ្រប់គ្រង ជាមនុស្សបះបោរ ដែលជីវិតរស់នៅពុំងាកទៅរកព្រះអម្ចាស់ទេ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានមានប្រសាសន៍សំដៅទៅលើអ្នកទាំងឡាយនៃថ្ងៃចុងក្រោយថា « នេះគឺជាជំនាន់វៀច ដែលកំពុងដើរនៅក្នុងសេចក្ដីងងឹតខាងវិញ្ញាណ » ( Church History and Modern Revelation, វ៉ុលទី ២ [ឆ្នាំ ១៩៥៣ ], ១:១៦៣ ) ។ ចំណាប់អារម្មណ៍នេះ ក៏រកបាននៅក្នុង កិច្ចការ ២:៤០ផងដែរ ។ ( សូមមើលផងដែរ Doctrine and Covenants Student Manual បានបោះពុម្ពជាលើកទីពីរ [ Church Educational System manual,ឆ្នាំ ២០០១ ], ទំព័រ ៧៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៦។ តើវាមានន័យយ៉ាងណាដើម្បី « ចេញមកពីភ្លើងដោយស្អប់ដល់ទាំងអាវដែលត្រូវស្មោកគ្រោកដោយសាច់ឈាមផង » នោះ ?
យោងទៅលើ ពួកចៅហ្វាយ ១:២៣ដែលមាននូវភាសាស្រដៀងគ្នាទៅនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៦:៦នោះអែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសរសេរថា ៖ « ដើម្បីបញ្ឈប់ការរាតត្បាតរបស់ជំងឺក្នុងពួកសាសន៍អ៊ីស្រាអែលពីបុរាណ នោះសំលៀកបំពាក់ដែលមានប្រឡាក់ដោយជំងឺឆ្លង គឺត្រូវដុតបំផ្លាញចោល ។ (លេវីវិន័យ ១៣:៤៧-៥៩, ១៥:៤-១៧) ។ ដូច្នេះគឺដូចគ្នាជាមួយនឹងអំពើបាបនៅក្នុងសាសនាចក្រ នោះពួកបរិសុទ្ធត្រូវចៀសវាងដាច់ឲ្យឆ្ងាយពីវា ក៏ដូចគ្នានឹងសំលៀកបំពាក់របស់ពួកអ្នកមានបាបត្រូវដុតដោយភ្លើងដែរ នោះមានន័យថា អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងការបំពុលនៃពួកទុច្ចរិត នោះគឺត្រូវគេចចេញ ។ ក៏ដូចគ្នាចំពោះអ្នកទាំងឡាយដែលនៅក្នុងលោកិយ ដែលត្រូវបានអញ្ជើញឲ្យមកចូលរួមក្នុងនគរដែរ » ( Doctrinal New Testament Commentary 3vols. [ឆ្នាំ ១៩៦៥–៧៣], ៣:៤២៨ ) ។ ( សូមមើលផងដែរ Doctrine and Covenants Student Manual បានបោះពុម្ពជាលើកទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ៧៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:១។ « មិន… ត្រូវបកប្រែទៀតទេ »
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:១ សំដៅទៅលើការបកប្រែព្រះគម្ពីរប៊ីបរបស់ យ៉ូសែប ស៊្មីធ ។ ព្យាការី យ៉ូសែបបានបញ្ចប់ការបកប្រែព្រះគម្ពីរមរមន ។ ប៉ុន្តែទោះជាកិច្ចការរបស់លោកចំពោះព្រះគម្ពីរប៊ីបសំខាន់ខ្លាំងក្ដី ឯតម្រូវការដើម្បីផ្លាស់ទៅរដ្ឋ អូហៃអូ « ដោយសារតែខ្មាំងសត្រូវ » ក៏ជាអាទិភាពដែរ ( គ. និង ស. ៣៧:១) ។ លោកបានបន្ដធ្វើការនៅក្នុងកំណែថ្មីព្រះគម្ពីរប៊ីបនៅរដ្ឋ អូហៃអូ នាពេលក្រោយ ។ ( សូមមើលផងដែរ Doctrine and Covenants Student Manual, បានបោះពុម្ពជាលើកទីពីរ [Church Educational System manual,ឆ្នាំ ២០០១], ទំព័រ ៧៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:៣។ ប្រមូលគ្នីគ្នានៅរដ្ឋ អូហៃអូ ទំរាំអូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើងនឹងត្រឡប់មកវិញ
អូលីវើរ ខៅឌើរី បានចេញទៅបេសកកម្មមួយ តាំងពីពាក់កណ្ដាលខែតុលា ឆ្នាំ ១៨៣០ ( សូមមើល គ. និង ស. ៣០:៥-៦, ៣២:២) ។ បេសកកម្មនេះ បាននាំគាត់ និងដៃគូគាត់ធ្វើដំណើរអស់ចម្ងាយ ១៤០០ ម៉ែល ឆ្លងកាត់រដ្ឋនូវយ៉ោក អ៊ិនឌីអានណា អិលលីណោយ និង អូហៃអូ ទៅ មិសសួរី ជាកន្លែងដែលពួកគាត់ត្រូវផ្សាយទៅដល់ពួកអាមេរិកជាតិដើម ដែលបានរស់នៅជាយូរមក តាមព្រំប្រទល់ភាគខាងលិចនៃរដ្ឋ មីសសួរី ហើយបានតាំងកន្លែងដែលព្រះវិហារបរិសុទ្ធ និង ក្រុងយេរូសាឡិមថ្មី នឹងត្រូវសាងសង់ឡើង ( សូមមើល « Covenant of Oliver Cowdery and Others, ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៨៣០ » នៅក្នុង Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨– ខែមិថុនា ឆ្នាំ ១៨៣១ វ៉ុលទី ១ នៃ the Documents series of The Joseph Smith Papers [ ឆ្នាំ២០១៣ ], ២០២–៥ ) ។ ពួកបរិសុទ្ធ ត្រូវបានបញ្ជាឲ្យផ្លាស់ទៅរដ្ឋ អូហៃអូ ហើយនៅរង់ចាំ អូលីវើរ ខៅឌើរីឲ្យត្រឡប់មកវិញ ។ ការផ្លាស់ទៅរដ្ឋ អូហៃអូ នេះ គឺស្ថិតនៅក្នុងការត្រៀមខ្លួន ដើម្បីទទួលបានការណែនាំបន្ថែមស្ដីអំពី ការស្ថាបនានៃទីក្រុងស៊ីយ៉ូន ( សូមមើល គ. និង ស. ៣៨:៣១-៣៣) ។ ទីបំផុត អូលីវើរ ខៅឌើរី ពុំបានត្រឡប់មកវិញទេ ប៉ុន្តែគាត់បានបញ្ជូន ប៉ាលី ភី ប្រាត្ត ជំនួសវិញ ។ ( សូមមើលផងដែរ Doctrine and Covenants Student Manual, បានបោះពុម្ពជាលើកទីពីរ [Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ៧៤ ) ។