មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ២៤–២៩:៣០ ( មេរៀនទី ៧ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
ខាងក្រោម នេះគឺជាសេចក្តីសង្ខេបនៃព្រឹត្តិការណ៍ គោលលទ្ធិ និងគោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤–២៩:៣០ ( មេរៀនទី ៧ ) មិនមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀនផ្ដោតលើគោលលទ្ធិ និង គោលការណ៍តែពីរបីទាំងនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៦)
តាមរយៈព្រះឱវាទរបស់ព្រះអម្ចាស់ដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី អំពីការឆ្លើយតបទៅនឹងការសាកល្បង នោះសិស្សបានរៀនថាយើងគួរតែមានចិត្តអត់ធ្មត់ ហើយស៊ូទ្រាំនឹងទុក្ខវេទនារបស់យើង ដោយសារព្រះអម្ចាស់គង់នៅជាមួយយើង ។ នៅពេលសិស្សបានសិក្សាព្រះឱវាទរបស់ព្រះអម្ចាស់ចំពោះ អិមម៉ា ស្ម៊ីធ អំពីតួនាទីរបស់គាត់នៅក្នុងសាសនាចក្រ នោះពួកគេបានរកឃើញគោលការណ៍មួយចំនួន ហើយបានជ្រើសរើសយកគោលការណ៍មួយដើម្បីផ្តោតយកចិត្តទុកដាក់លើវា នោះពួកគេនឹងមានអារម្មណ៍ថា អាចអនុវត្តបាននៅក្នុងជីវិតផ្ទាល់ខ្លួន ។ ជាចុងក្រោយ សិស្សបានសិក្សាពីការប្រកាសរបស់ព្រះអម្ចាស់ ដែលថារបស់ទាំងអស់នឹងត្រូវបានសម្រេច ដោយសារការយល់ព្រមទូទៅនៅក្នុងសាសនាចក្រ ហើយបានពិចារណាពី របៀបដែលពួកគេអាចធ្វើការតាំងចិត្តខ្លួនបានកាន់តែប្រសើរ ដើម្បីគាំទ្រអស់អ្នកដែលត្រូវបានហៅ ហើយគាំទ្រឲ្យបម្រើនៅក្នុងវួដ ឬ សាខារបស់ខ្លួន ។
ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៧)
( នៅពេលសិស្សបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៧ នោះពួកគេបានរៀនថា នៅពេលយើងទទួលទានពិធីសាក្រាម៉ង់ នោះយើងត្រូវចងចាំអំពីពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេក៏បានរៀនផងដែរថា យើងកំពុងរស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានៃកំណត់កាលដ៏ពោរពេញ ដែលនាំមករួមគ្នានូវកូនសោទាំងអស់នៃដំណឹងល្អ ពិធីបរិសុទ្ធ និង សេចក្ដីពិតនៃគ្រាកាន់កាប់ត្រួតត្រាដែលបានកន្លងហួសទៅ ។ ដើម្បីអាចទប់ទល់នឹងអំពើអាក្រក់នៅជំនាន់របស់យើងនេះ សិស្សត្រូវបានលើកទឹកចិត្តឲ្យពាក់លើខ្លួនពួកគេនូវគ្រប់គ្រឿងសឹករបស់ព្រះ ។
ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៨)
ចេញពីព្រះឱវាទរបស់ព្រះអម្ចាស់ចំពោះ អូលីវើរ ខៅឌើរី សិស្សបានរៀនថានៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ សមាជិកម្នាក់ៗពុំទទួលវិវរណៈ ដើម្បីដឹកនាំនរណាម្នាក់ដែលធ្វើជាអធិបតីលើពួកគេឡើយ ហើយថាមានតែប្រធានសាសនាចក្រតែម្នាក់ប៉ុណ្ណោះដែលនឹងទទួលវិវរណៈសម្រាប់សាសនាចក្រទាំងមូល ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចនឹងទទួលបានវិវរណៈសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន និង ដើម្បីជួយយើងបំពេញការហៅ និង ការចាត់តាំងដែលបានប្រគល់ដល់យើង ។ ( សិស្សក៏បានរៀនផងដែរថា អ្នកដឹកនាំសាសនាចក្រមានទំនួលខុសត្រូវ ដើម្បីនឹងកែតម្រូវដល់អស់អ្នកដែលកំពុងដឹកនាំអ្នកដទៃទៀតឲ្យវង្វេង ហើយថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ អ្វីៗគ្រប់យ៉ាងត្រូវតែមានរបៀបរៀបរយ ។
ថ្ងៃទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១-៣០)
ចេញពីការណែនាំរបស់ព្រះអង្គសង្គ្រោះអំពី ការយាងមកជាលើកទីពីរ និង ព្រឹត្តិការណ៍ក្រោយពីសហស្សវត្សរ៍ នោះសិស្សបានរៀនថា អស់អ្នកដែលមករកព្រះអង្គសង្គ្រោះ នឹងត្រូវបានរៀបចំសម្រាប់ការសាកល្បង និង សេចក្តីទុក្ខលំបាកនៃថ្ងៃចុងក្រោយ ហើយនឹងទទួលជីវិតអស់កល្បជានិច្ច ។ មេរៀននេះក៏បានជួយសិស្សឲ្យយល់ថា ដោយសារព្រះយេស៊ូវគ្រីស្ទ បានធ្វើឲ្យធួននឹងអំពើបាបទាំងឡាយរបស់យើង និង ជាព្រះដ៏គាំទ្រចំពោះព្រះវរបិតា នោះយើងអាចលើកចិត្តយើងឡើង ហើយបានអរសប្បាយ ។
សេចក្តីផ្ដើម
មេរៀននេះផ្តល់ឱកាសឲ្យសិស្សពង្រីកនូវការយល់របស់ខ្លួនកាន់តែជ្រាលជ្រៅអំពី សារៈសំខាន់នៃការពាក់លើខ្លួននូវគ្រប់គ្រឿងសឹករបស់ព្រះ ។ នៅពេលសិស្សរៀនអំពីផ្នែកនិមួយៗនៃគ្រឿងសឹកទាំងមូលរបស់ព្រះ នោះពួកគេនឹងមានឱកាសវាយតម្លៃកម្លាំងនៃគ្រឿងសឹករបស់ពួកគេ ហើយធ្វើការផ្លាស់ប្តូរនានាតាមការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨
ព្រះអម្ចាស់ត្រាស់បញ្ជារាស្ត្ររបស់ទ្រង់ឲ្យពាក់គ្រប់គ្រឿងសឹករបស់ព្រះ
សូមយកឧបករណ៍ការពារមួយចំនួនមកថ្នាក់រៀន ដូចជាឧបករណ៍ការពារសម្រាប់កីឡា វ៉ែនតាសុវត្ថិភាព ស្រោមដៃវិជ្ជាសាស្ត្រ មួកសុវត្ថិភាពសម្រាប់ការសាងសង់ ឬ អាវក្រោះ ។ សូមឲ្យសិស្សពន្យល់ពីគោលបំណងនៃឧបករណ៍នោះ និង របៀបដែលវាប្រើដើម្បីការពារអ្នកពាក់វា ។ សូមពន្យល់ថា ខណៈដែលឧបករណ៍ទាំងនេះការពារពួកយើងខាងរាងកាយ នោះព្រះអម្ចាស់បានផ្តល់ព្រះឱវាទដើម្បីជួយការពារយើងខាងវិញ្ញាណ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថាយើងត្រូវតែធ្វើដើម្បីត្រូវបានការពារខាងវិញ្ញាណ ។
-
តើយើងត្រូវតែធ្វើអ្វីដើម្បីត្រូវបានការពារខាងវិញ្ញាណ ?
-
យោងតាមខគម្ពីរនេះ តើព្រះអម្ចាស់បានសន្យាអ្វីខ្លះ ចំពោះអស់អ្នកដែលពាក់គ្រប់គ្រឿងសឹករបស់ព្រះនោះ ?
សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ប្រសិនបើយើងពាក់គ្រប់គ្រឿងសឹករបស់ព្រះ នោះយើងនឹងអាចទប់ទល់នឹងអំពើអាក្រក់បាន ។
-
តើអ្នកគិតថាហេតុអ្វីបានជាវាសំខាន់ដើម្បីពាក់ គ្រប់ គ្រឿងសឹកនៃព្រះ ហើយកុំគ្រាន់តែពាក់តែមួយផ្នែកនោះ ?
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៦-១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយស្វែងរកផ្នែកនិមួយៗនៃគ្រឿងសឹកខាងវិញ្ញាណ ដែលយើងត្រូវពាក់ដើម្បីអាចទប់ទល់នឹងសេចក្តីអាក្រក់បាន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើជាអ្នកសរសេរ ហើយសរសេរ ( ឬ គូរ ) ផ្នែកនៃគ្រឿងសឹកនៅក្តារខៀននៅពេលសិស្សរកឃើញវា ។ ( អ្នកអាចចង្អុលបង្ហាញថាសាវក ប៉ុល ក៏បានបង្រៀនផងដែរអំពីគ្រប់គ្រឿងសឹករបស់ព្រះ [ សូមមើល អេភេសូ ៦:១១–១៧] ) ។
ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការការពារខាងវិញ្ញាណនេះ ដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ សូមចែកសិស្សជាក្រុមតូចៗ ហើយចាត់តាំងក្រុមនិមួយៗនូវចំណែកមួយនៃគ្រឿងសឹក ។ សូមផ្ដល់ដល់ក្រុមនិមួយៗនូវសេចក្ដីថ្លែងការមួយច្បាប់ ដោយប្រធាន ហារ៉ូល ប៊ី លី ដូចខាងក្រោម និង ព័ត៌មាន និងសំណួរនៅក្នុងវគ្គខាងក្រោម ទាក់ទងទៅនឹងផ្នែកនានានៃគ្រឿងសឹកដែលបានចាត់ទៅឲ្យគេនោះ ។ សូមអញ្ជើញសិស្សឲ្យធ្វើការនៅក្នុងក្រុមពួកគេ ដើម្បីឆ្លើយសំណួរអំពីផ្នែកនៃគ្រឿងសឹកដែលបានចាត់តាំងទៅឲ្យពួកគេ ហើយត្រៀមខ្លួនដើម្បីចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
« យើងមានផ្នែកបួននៃរាងកាយ ដែលសាវកប៉ុលបានមានប្រសាសន៍ថា [ គឺជា ] ផ្នែកដ៏ទន់ខ្សោយបំផុតចំពោះអំណាចនៃសេចក្ដីងងឹត ។ ចង្កេះជាតួយ៉ាងនៃគុណធម៌ ព្រហ្មចារីយភាព ។ បេះដូងជាតួយ៉ាងនៃទង្វើរបស់យើង ។ ជើងរបស់យើងជាគោលដៅ ឬគោលបំណងនៅក្នុងជីវិតរបស់យើង ហើយចុងក្រោយគឺជាក្បាលរបស់យើង គំនិតរបស់យើង » ( ហារ៉ូល ប៊ី លី, Feet Shod with the Preparation of the Gospel of Peace, Brigham Young University Speeches of the Year [ ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៤ ] ទំព័រទី ២ ) ។
« ក្រវាត់ចង្កេះដោយសេចក្ដីពិត » ( សូមមើលគ. និង ស. ២៧:១៥-១៦) ៖
ប្រធាន លី បានមានប្រសាសន៍ថា « ចង្កេះគឺជាផ្នែងនៃរាងកាយ ដែលនៅ ចន្លោះឆ្អឹងជំនី និងត្រកៀក ដែលអ្នកនឹងស្គាល់ គឺជាសរីរាង្គដ៏សំខាន់ ដែលត្រូវតែមានសម្រាប់ការបន្ដពូជ » (ជាស្បែកជើង២ ) ។ ដើម្បី ក្រវាត់ គឺជាការចងយ៉ាងតឹងដោយខ្សែក្រវាត់មួយ ។
-
ហេតុអ្វីក៏អ្នកគិតថាសាតាំងវាយប្រហារទៅលើបរិសុទ្ធភាព គុណធម៌ និងព្រហ្មចារីយភាពដូច្នេះ ?
-
តើអ្នកគិតថាការស្គាល់បទដ្ឋានរបស់ព្រះអំពីសីលធម៌ អាចជួយអ្នកស្ថិតនៅបរិសុទ្ធ ប្រកបដោយគុណធម៌ និងព្រហ្មចារីភាពយ៉ាងដូចម្ដេច ?
ការសិក្សាព្រះគម្ពីរជួយក្រវ៉ាត់យើងនៅក្នុងសេចក្ដីពិត ហើយជួយការពារសេចក្តីពិត និងព្រហ្មចារីយភាពរបស់យើង ។
« ប្រដាប់បាំងដើមទ្រូងនៃសេចក្ដីសុចរិត »(គ. និង ស. ២៧:១៦) ៖
-
យោងតាមប្រធាន លី តើប្រដាប់បាំងដើមទ្រូងការពារអ្វីខ្លះ ?
-
តើអ្នកគិតថាសេចក្ដីសុចរិតនៃដួងចិត្តរបស់យើង ( បំណងប្រាថ្នារបស់យើង ) មានឥទ្ធិពលលើលទ្ធផលរបស់យើង ដើម្បីច្បាំងក្នុងចម្បាំងខាងវិញ្ញាណរបស់យើងយ៉ាងដូចម្ដេច ?
« ពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ដទុកជាស្បែកជើង »(គ. និង ស. ២៧:១៦) ៖
ការ « ពាក់ស្បែក » ជើងរបស់អ្នក មានន័យថា ជាការពាក់ស្បែកជើង ឬការការពារជើងយើង ។
-
យោងតាមប្រធាន លី តើជើងរបស់យើងតំណាងឲ្យអ្វី ?
-
តើសាតាំងវាយប្រហារលើគោលដៅ និងគោលបំណងក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
-
តើព្រះប្រទានអ្វីខ្លះដល់យើងឲ្យ « តោងជាប់ » ដើម្បីជួយយើងរក្សាជើងរបស់យើង ដើរតាមផ្លូវនៃជីវិតឆ្ពោះទៅកាន់គោលដៅរបស់យើង ? ( សូមមើល នីហ្វៃទី ១ ៨:២៤) ។
-
តើការផ្ដោតទៅលើគោលដៅ និងគោលបំណងសុចរិត ជួយយើងយកឈ្នះការល្បួងយ៉ាងដូចម្ដេច ?
« សេចក្ដីជំនឿទុកជាខែល »(គ. និង ស. ២៧:១៧) ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « រំលត់អស់ទាំងព្រួញឆេះ [ ការល្បួង ] របស់ពួកទុច្ចរិត ? »
-
តើសេចក្ដីជំនឿរបស់អ្នកទុកជាខែល ហើយការពារដល់អ្នកយ៉ាងដូចម្ដេច ?
« សេចក្ដីសង្គ្រោះទុកជាមួកសឹក »(គ. និង ស. ២៧:១៨) ៖
-
យោងតាមប្រធានលី នៅពេលក្បាលរបស់យើងត្រូវបានគ្របបាំង តើវាការពារដល់អ្វីខ្លះ ?
-
ហេតុអ្វីក៏វាសំខាន់ដើម្បីការពារដល់គំនិតរបស់យើង ?
-
តើសាតាំងវាយប្រហារដល់គំនិតរបស់យើងយ៉ាងដូចម្ដេច ?
-
តើរឿងជាក់លាក់អ្វីខ្លះ ដែលយើងអាចធ្វើ ដើម្បីការពារគំនិតរបស់យើង ?
« ដាវរបស់ព្រះវិញ្ញាណរបស់ខ្ញុំ»(គ. និង ស. ២៧:១៨) ៖
-
តើព្រះវិញ្ញាណអាចជួយយើងយកឈ្នះលើការវាយប្រហាររបស់សាតាំងយ៉ាងដូចម្ដេច ?
-
តើការមានព្រះវិញ្ញាណផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យើង នៅក្នុងការប្រយុទ្ធរបស់យើងទាស់នឹងអំពើអាក្រក់ ?
-
តើព្រះបន្ទូលនៃព្រះ ជួយយើងប្រើដាវរបស់ព្រះវិញ្ញាណយ៉ាងដូចម្ដេច ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីអញ្ជើញព្រះវិញ្ញាណឲ្យចូលក្នុងជីវិតរបស់អ្នកកាន់តែច្រើន ?
បន្ទាប់ពីសិស្សបានរាយការណ៍ពីចម្លើយរបស់ពួកគេហើយ សូមអាននូវសេចក្ដីថ្លែងការខាងក្រោមដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំឲ្យសិស្សស្ដាប់ពីរបៀបដែលយើងពាក់គ្រឿងសឹក និងពង្រឹងដល់គ្រឿងសឹករបស់ព្រះ ៖
« ខ្ញុំចូលចិត្តគិតអំពីអាវក្រោះខាងវិញ្ញាណនេះ ដែលពុំប្រៀបដូចជាបំណែកនៃលោហៈធាតុដែលសូន្យឡើងមួយដុំ ដើម្បីពាក់ឲ្យត្រូវរូបកាយនោះទេ ប៉ុន្តែវាដូចជាច្រវ៉ាក់ប្រទាក់គ្នាទៅវិញ ។ ច្រវ៉ាក់ប្រទាក់គ្នាមានជាបំណែកតូចៗជាច្រើនផែនតភ្ជាប់នឹងគ្នា ដើម្បីអនុញ្ញាតឲ្យអ្នកប្រើអាចបត់បែនបានកាន់តែងាយស្រួលដោយមិនបាត់បង់នូវការការពារ ។ ខ្ញុំនិយាយដូច្នោះ ដោយសារវាជាបទពិសោធន៍របស់ខ្ញុំ ថាគ្មានអ្វីតែមួយដ៏ធំ ហើយអស្ចារ្យដែលយើងអាចធ្វើ ដើម្បីការពារខ្លួនយើងខាងវិញ្ញាណបាននោះឡើយ ។ អំណាចខាងវិញ្ញាណពិត ពឹងលើទង្វើតូចៗជាច្រើនវេញបញ្ចូលគ្នានៅក្នុងសាច់ក្រណាត់នៃការការពារខាងវិញ្ញាណ ដែលការពារ និងជាខែលទាស់នឹងរាល់សេចក្ដីអាក្រក់ » (« Be Strong in the Lord »Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
-
តើទង្វើរតូចៗមួយចំនួនអ្វីខ្លះ ដែលបានប្រមូលផ្ដុំជាកម្លាំងរបស់វា នឹងជួយការពារយើងទាស់នឹងការល្បួង និងអំពើអាក្រក់ ?
សូមអញ្ជើញសិស្សឲ្យត្រឡប់ទៅមើលនៅដើមបន្ទាត់នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥ ។
-
តើយើងគួរមានអាក្បកិរិយាយ៉ាងណា ពេលយើងពាក់គ្រឿងសឹករបស់ព្រះ ? ( យើងគួរតែ « លើកទឹកចិត្ត [ របស់យើង ] ឡើងហើយអរសប្បាយ » ) ។ ហេតុអ្វីក៏យើងគួរតែមានអាកប្បកិរិយាបែបនេះ ?
-
តើវគ្គចំណេះចំណានខគម្ពីរណាខ្លះដែលអ្នករៀនក្នុងសប្តាហ៍នេះ ដែលទូន្មានយើងឲ្យលើកចិត្តរបស់យើងឡើង ហើយអរសប្បាយផងដែរនោះ ? (គ. និង ស. ២៥:១៣) ។ សូមគិតពីការអញ្ជើញសិស្សឲ្យអានវាម្តងទៀត ឬ សូត្រវាតាមការចាំ ) ។
-
តើការធ្វើតាមការបញ្ជានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១៣ ឲ្យយើងនៅជាប់នឹងសេចក្តីសញ្ញារបស់យើងជាមួយព្រះវរបិតាសួគ៌អាចការពារយើងពី សាតាំងយ៉ាងដូចម្តេច ?
សូមឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេបានរៀននៅក្នុងមេរៀនថ្ងៃនេះ ហើយអញ្ជើញពួកគេឲ្យជ្រើសរើសអ្វីមួយជាក់លាក់ដែលពួកគេអាចធ្វើ ដើម្បីពាក់គ្រឿងសឹកនៃព្រះបានកាន់តែល្អប្រសើរ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរនូវអ្វីដែលពួកគេនឹងធ្វើ នៅលើក្រដាសមួយសន្លឹក ដែលពួកគេអាចមើលជាញឹកញាប់ ទុកជាការរំឭកមួយអំពីការតាំងចិត្តរបស់ពួកគេ ។
ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុងមេរៀននេះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០; ៣០–៣៥)
តើកូនចៅរបស់ព្រះវរបិតាសួគ៌ប៉ុន្មាននាក់ដែលត្រូវបានបណ្តេញចេញពីឋានសួគ៌នៅក្នុងជីវិតមុនជីវិតនេះ ? ហេតុអ្វីពួកគេត្រូវបានបណ្តេញចេញ ? តើឃ្លាថា « បញ្ជាន់ [ បានបញ្ជាន់ ] សាសន៍ទាំងឡាយ » មានន័យដូចម្តេច ? នៅក្នុងមេរៀនបន្ទាប់ សិស្សនឹងរៀនអំពីចម្លើយចំពោះសំណួរទាំងនេះ ។ ពួកគេក៏នឹងរៀនផងដែរអំពីសមាជិកកាលពីជំនាន់មុន ដែលត្រូវបានហៅឲ្យ « បញ្ជាន់ [ បានបញ្ជាន់ ] សាសន៍ទាំងឡាយដោយព្រះចេស្តានៃព្រះវិញ្ញាណ[ នោះ ] » (គ. និង ស. ៣៥:១៣) ។