មេរៀនទី ៦៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៦៥
បុព្វកថា
ជាការឆ្លើយតបចំពោះសំណួររបស់ពួកអែលឌើរ អំពីរបៀបដើម្បីដំណើរការស្ថាបនាទីក្រុងនៃស៊ីយ៉ូន ព្រះអម្ចាស់បានប្រទានវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨ថ្ងៃទី ១ ខែសីហា ឆ្នាំ ១៨៣១ ។ ខ ៣៤-៦៥មាននូវការណែនាំស្ដីអំពីការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយចំពោះអ្នកទាំងឡាយដែលបានផ្លាស់ទៅកាន់ស៊ីយ៉ូន ។ នៅក្នុងខគម្ពីរទាំងនេះ ព្រះអម្ចាស់ក៏បានបង្រៀនផងដែរអំពីគោលការណ៍នៃការប្រែចិត្ត ដែលបានបញ្ជាឲ្យពួកអែលឌើរ ផ្សាយដំណឹងល្អ ហើយទូន្មានពួកគេទាក់ទងនឹងរបៀបដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។
យោបល់សម្រាប់ការបង្រៀន
នៅក្នុងមេរៀនមុនៗ សិស្សត្រូវបានអញ្ជើញឲ្យប្រើសិទ្ធិសេរីភាពរបស់ពួកគេឲ្យធ្វើអ្វីមួយដែលល្អមុនពេលចាប់ផ្ដើមថ្នាក់នៅថ្ងៃនេះ ។ សូមតាមដានការអញ្ជើញនេះ ដោយសុំឲ្យសិស្សចែកចាយបទពិសោធន៍របស់ពួកគេអំពីការជ្រើសរើស « ឧស្សាហ៍ចូលរួម » (គ. និង ស. ៥៨:២៧) ក្នុងប្រយោជន៍ល្អ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៤៣
ព្រះអម្ចាស់បានប្រទានការណែនាំស្ដីអំពីស៊ីយ៉ូន ហើយបង្រៀនគោលការណ៍នៃការប្រែចិត្ត
មុនពេលចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖តើការប្រែចិត្តមានន័យយ៉ាងណា ?
សូមឲ្យសិស្សពីរបីនាក់ឆ្លើយតបសំណួរនេះ ។ បន្ទាប់មកសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើខ្ញុំអាចដឹងថា ខ្ញុំបានប្រែចិត្តពេញលេញដោយរបៀបណា ? តើខ្ញុំអាចដឹងថា ព្រះអម្ចាស់អភ័យទោសចំពោះអំពើបាបខ្ញុំយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរសំណួរទាំងនេះក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមឲ្យពួកគេចំណាយពេលពីរបីនាទី ដើម្បីសរសេរចម្លើយចំពោះសំណួរនិមួយៗ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមប្រាប់ពួកគេថា ពួកគេនឹងមានឱកាសមួយដើម្បីមើលចម្លើយពួកគេនៅពេលក្រោយក្នុងមេរៀន ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៣៧ដោយការពន្យល់ថា ពួកអែលឌើរជាច្រើន ដែលបានធ្វើដំណើរទៅរដ្ឋ មិសសួរី ហើយនឹងរស់នៅទីនោះ ចង់ដឹងពីអ្វីដែលពួកគេចាំបាច់ត្រូវធ្វើដើម្បីរៀបចំ ដាក់ផែនការ និងស្ថាបនាក្រុងស៊ីយ៉ូន ។ ព្រះអម្ចាស់បានណែនាំដល់អ្នកទាំងឡាយដែលផ្លាស់ទៅរដ្ឋ មិសសួរី ឲ្យផ្ដល់ប្រាក់ និងទ្រព្យសម្បត្តិរបស់ពួកគេសម្រាប់ជាបុព្វហេតុនៃការស្ថាបនាស៊ីយ៉ូនឡើង ។ ម៉ាទីន ហារិស ត្រូវបានណែនាំឲ្យធ្វើជាគំរូនៅក្នុងការប្រគល់ប្រាក់ទៅឲ្យប៊ីស្សព ។ គាត់បានបរិច្ចាគប្រាក់យ៉ាងច្រើនដើម្បីជួយប៊ីស្សព អែតវឹត ប៉ាទ្រិច ទិញដីសម្រាប់សាសនាចក្រ ។
សូមសរសេរឈ្មោះដូចខាងក្រោមនៅលើក្ដារខៀន ៖ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្សនិងសេបា ភីតើសុន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៨-៤១, ៦០ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការទូន្មានដែលព្រះអម្ចាស់បានប្រទានដល់ ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្ស និង សេបា ភីតើសុន នៅពេលពួកគេបានរៀបចំដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។
នៅពេលសិស្សឆ្លើយតបចំពោះសំណួរដូចខាងក្រោម សូមសរសេរចម្លើយរបស់ពួកគេនៅក្រោមឈ្មោះត្រឹមត្រូវនៅលើក្ដារខៀន ។
-
តើអំពើបាបអ្វីខ្លះដែលព្រះអម្ចាស់មានបន្ទូលថាជាកំហុសរបស់ ម៉ាទីន ហារីស ? តើព្រះអម្ចាស់ប្រាប់គាត់ឲ្យធ្វើអ្វីខ្លះ ?
-
តើអំពើបាបអ្វីខ្លះ ដែលព្រះអម្ចាស់មានបន្ទូលថាជាកំហុសរបស់ វិលាម ដ័បុលយូ ហ្វែប្ស ? តើព្រះអម្ចាស់ប្រាប់គាត់ឲ្យធ្វើអ្វីខ្លះ ? ( អ្នកអាចចាំបាច់ត្រូវពន្យល់ថា ឃ្លា « ស្វែងរកដើម្បីតម្កើងខ្ពស់ » [ខ ៤១] ពុំមានន័យថាធ្វើ ឬព្យាយាមដើម្បីកែលម្អដោយអស់ពីលទ្ធភាពរបស់យើងទេ ។ តែឃ្លានេះចង់សំដៅទៅលើបំណងប្រាថ្នាឥតសុចរិត និងប្រកបដោយអំនួត ដើម្បីបង្ហាញថាល្អប្រសើរ ឬសំខាន់ជាងមនុស្សដទៃទៀត ) ។
-
តើសេបា ភីតើសុន ព្យាយាមធ្វើអ្វីខ្លះជាមួយនឹងអំពើបាបរបស់គាត់ ?
សូមចង្អុលបង្ហាញថា អំពើបាបទាំងឡាយរបស់មនុស្សទាំងនេះបានគំរាមគំហែងដើម្បីរារាំងពួកគេពីការជួយស្ថាបនាស៊ីយ៉ូន ។
-
តើអំពើបាបរបស់យើងអាចនឹងដាក់កំហិតលើសមត្ថភាពរបស់យើងដើម្បីបម្រើព្រះអម្ចាស់តាមវិធីមួយចំនួនណាខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីការប្រែចិត្ត ។
-
យោងតាមខគម្ពីរនេះ តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់យើង បើយើងប្រែចិត្តពីអំពើបាបរបស់យើង ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះអម្ចាស់នឹងអភ័យទោសដល់យើង ហើយពុំចងចាំអំពើបាបរបស់យើងទៀតឡើយ ។ សូមសរសេគោលការណ៏នេះនៅលើក្តាខៀន។ អ្នកក៏អាចឲ្យយោបល់សិស្សឲ្យគូសចំណាំឃ្លាដែលបង្រៀនគោលលទ្ធិទាំងនេះនៅក្នុង ខ ៤២ ) ។
-
តើអំពើបាបរបស់យើងមួយណា ដែលការសន្យានេះត្រូវបានអនុវត្ត ? ( អំពើបាបទាំងអស់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យ អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកពាក្យ ឬឃ្លាដែលទាក់ទងទៅនឹងគោលការណ៍ដែលបានសរសេរនៅលើក្ដារខៀន ។
« មិនថាការរំលងរបស់យើងជាអ្វីនោះទេ មិនថាសកម្មភាពរបស់យើងធ្វើឲ្យអ្នកដទៃឈឺចាប់យ៉ាងណាទេ កំហុសទាំងនោះ អាច ត្រូវបានលុបចោល ។ ចំពោះខ្ញុំ ឃ្លាដែលល្អបំផុតនៅក្នុងបទគម្ពីរទាំងអស់ គឺនៅពេលព្រះអម្ចាស់មានបន្ទូលថា ‹ មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់ មិនចាំពីអំពើបាបទាំងនោះទៀតទេ › [គ. និង ស. ៥៨:៤២] ។
« នោះគឺជាការសន្យានៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួន » (The Atonement, »Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។
សូមនាំសិស្សមើលទៅសំណួរនៅលើក្ដារខៀន ។
-
តើការសន្យារបស់ព្រះអម្ចាស់នៅក្នុងខ ៤២ជួយឆ្លើយសំណួរទីបីយ៉ាងដូចម្ដេច ៖តើខ្ញុំអាចដឹងថា ព្រះអម្ចាស់បានអភ័យទោសចំពោះអំពើបាបរបស់ខ្ញុំយ៉ាងដូចម្ដេច ? ( ការសន្យារបស់ព្រះអម្ចាស់ ជួយយើងដឹងថា ទ្រង់តែងតែប្រទាននូវការអភ័យទោសជានិច្ច នៅពេលយើងបានប្រែចិត្តដោយពេញលេញ ) ។
-
បន្ថែមពីលើការដឹងថា ព្រះអម្ចាស់ បានសន្យាថាអភ័យទោសដល់យើង នៅពេលយើងប្រែចិត្តដោយពេញលេញ តើយើងអាចដឹងថា យើងត្រូវបានអភ័យទោសយ៉ាងដូចម្ដេច?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរអេស្វ.អុជដូហ្វ នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សស្ដាប់អំពីរបៀបដែលពួកគេអាចដឹងថា តើនៅពេលណាព្រះអម្ចាស់បានអភ័យទោសដល់អំពើបាបរបស់ពួកគេ ។
« នៅពេលយើងពិតជាបានប្រែចិត្តនោះ ព្រះគ្រីស្ទនឹងដកចេញនូវបន្ទុកនៃទោសដែលជាបាបទាំងឡាយរបស់យើង ។ យើងអាចដឹងដោយខ្លួនឯងថា យើងត្រូវបានអត់ឱនឲ្យ ហើយបានធ្វើឲ្យស្អាត ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ពីការណ៍នេះដល់យើង ។ទ្រង់គឺជាអ្នកញែកឲ្យបរិសុទ្ធ ។ គ្មានទីបន្ទាល់ណាផ្សេងទៀតនៃការអភ័យទោស អាចអស្ចារ្យជាងនេះនោះទេ » « Point of Safe Return, »Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ) ។
-
តើការដឹងថាអ្នកអាចត្រូវបានអភ័យទោសចំពោះអំពើបាបរបស់អ្នកទាំងអស់ ប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមពន្យល់ដល់សិស្សថា មនុស្សមួយចំនួនបានគិតដោយខុសឆ្គងថា បើពួកគេអាចនៅតែចងចាំអំពើបាបរបស់ពួកគេ នោះពួកគេពុំទាន់បានប្រែចិត្តពេញលេញទេ ។ សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឲ្យឮៗដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ពីមូលហេតុដែលយើងអាចនៅចងចាំអំពើបាបរបស់យើង ទោះជាយើងបានប្រែចិត្តរួចហើយក្ដី ។
«សាតាំងនឹងព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបរបស់យើងមិនត្រូវបានអត់ទោសទេ ដោយសារយើងអាចចាំវា ។ សាតាំងជាមេកុហក វាព្យាយាមធ្វើឲ្យទស្សនៈរបស់យើងស្រអាប់ ហើយដឹកនាំយើងចេញពីផ្លូវនៃការប្រែចិត្ត និង ការអត់ទោស ។ ព្រះពុំបានសន្យាថាយើងនឹងមិនចងចាំអំពើបាបរបស់យើងទៀតនោះទេ ។ ការចងចាំនឹងជួយយើងឲ្យចៀសវាងពីការធ្វើកំហុសដដែលៗម្ដងទៀត ។ ប៉ុន្តែ បើយើងនៅតែពិត និង ស្មោះត្រង់ នោះការចងចាំពីអំពើបាបរបស់យើងនឹងត្រូវបានបន្ទន់ ចំពោះពេលវេលាទៅមុខទៀត ។ នេះនឹងជាចំណែកនៃដំណើរការនៃការព្យាបាល និងការញែកចេញឲ្យបរិសុទ្ធ » ( « Point of Safe Return,» ទំព័រ ១០១ ) ។
សូមចង្អុលបង្ហាញថា ការសន្យាដែលបានសរសេរនៅលើក្ដារខៀន គឺមានលក្ខខណ្ឌ ។ យើងអាចទទួលបានការអភ័យទោសពីព្រះអម្ចាស់ បើសិនជាយើងធ្វើនូវអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីប្រែចិត្តពីអំពើបាបរបស់យើងដោយពេញលេញតែប៉ុណ្ណោះ ។
-
តើការប្រែចិត្តមានអត្ថន័យយ៉ាងណា ? ( អ្នកអាចអញ្ជើញសិស្សឲ្យយោងទៅលើចម្លើយដែលពួកគេសរសេរ ឆ្លើយនឹងសំណួរនៅលើក្ដារខៀន ) ។
បន្ទាប់ពីសិស្សឆ្លើយតប សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមមកពីកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រឿងបន្ថែមទៀត ដើម្បីពួកគេអាចរៀនអំពីអត្ថន័យនៃការប្រែចិត្ត ។
« ការប្រែចិត្តគឺសំខាន់ជាងការទទួលស្គាល់កំហុសដ៏សាមញ្ញ ។ វាជាការផ្លាស់ប្តូរនៃគំនិត និង ដួងចិត្ត ។ វារួមមានការបែរចេញពីអំពើបាប ហើយបែរទៅរកព្រះសម្រាប់ការអភ័យទោស ។ វាត្រូវបានជម្រុញដោយសេចក្ដីស្រឡាញ់ដល់ព្រះ និង បំណងដ៏ស្មោះត្រង់ក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ » (ដើម្បីកម្លាំងនៃយុវជនកូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៨ ) ។
សូមពន្យល់ថា ការប្រែចិត្តពិត រួមមាននូវតម្រូវការមួយចំនួន ។ តម្រូវការចំនួនពីរនៃតម្រូវការទាំងនេះ មានប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣ ។ សូមឲ្យសិស្សម្នាក់អានខគម្ពីរនោះឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរឿងពីរយ៉ាងដែលយើងត្រូវធ្វើដើម្បីប្រែចិត្តពេញលេញពីអំពើបាបរបស់យើង ។
-
ស្របតាមខ ៤៣ តើរឿងពីរយ៉ាងដែលយើងត្រូវធ្វើដើម្បីប្រែចិត្តពីអំពើបាបរបស់យើងពេញលេញមានអ្វីខ្លះ ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ ដើម្បីប្រែចិត្ត យើងត្រូវតែសារភាព ហើយលះបង់ចោលនូវអំពើបាបទាំងឡាយរបស់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើសេចក្ដីពិតនេះ ជួយយើងឲ្យឆ្លើយចំពោះសំណួរថាតើយើងអាចដឹងថា បើយើងបានប្រែចិត្តបានពេញលេញដោយរបៀបណា ? ( សូមជួយសិស្សឲ្យយល់ថា ការសារភាព និងការលះបង់ចោលអំពើបាបទាំងឡាយ គឺសំខាន់ចំពោះការប្រែចិត្តពេញលេញ ) ។
-
តើការសារភាពអំពើបាបរបស់យើងមានន័យដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរអំពីអត្ថន័យនៃការសារភាពអំពើបាបរបស់យើង សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការសារភាព និងការលះបង់ចោល គឺជាគោលគំនិតដ៏មានអានុភាព ។ វាមានន័យច្រើនជាងពាក្យថា ‹ ខ្ញុំព្រមទទួលកំហុស ខ្ញុំសូមទោស › ។ ការសារភាព គឺជាការទទួលស្គាល់ដោយអស់ពីចិត្ត ពេលខ្លះ ដោយការឈឺចាប់ចំពោះកំហុស និងការធ្វើទាស់នឹងព្រះ និងមនុស្ស » (« The Divine Gift of Repentance » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤០ ) ។
-
តើការសារភាពអំពើបាបរបស់យើងជួយយើងងាកចេញពីអំពើបាប ហើយបែរទៅរកព្រះសុំការអភ័យទោសយ៉ាងដូចម្ដេច ?
ជាចំណែកនៃការពិភាក្សានេះ សិស្សអាចនឹងងឿងឆ្ងល់ថា អំពើបាបអ្វីខ្លះដែលចាំបាច់ត្រូវសារភាព ហើយត្រូវសារភាពដល់នរណា ។ សូមពន្យល់ថា យើងចាំបាច់ត្រូវសារភាពចំពោះអំពើបាបទាំងអស់របស់យើងចំពោះព្រះវរបិតាសួគ៌ ។ ការរំលងធ្ងន់ធ្ងរ ដូចជាអំពើរំលងខាងផ្លូវភេទ ឬការប្រើរូបអាសគ្រាម គួរតែត្រូវសារភាពដល់ប៊ីស្សព ឬប្រធានសាខាផងដែរ ។
សូមនាំសិស្សទៅកាន់សេចក្ដីពិតចុងក្រោយដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
-
តើការលះបង់ចោលអំពើបាបរបស់យើងមានន័យដូចម្ដេច ? ( ដើម្បីងាកចេញពីអំពើបាបទាំងស្រុង ហើយឈប់ធ្វើវាតទៅទៀត ) ។
សូមថ្លែងទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងគោលការណ៍នានានៃការប្រែចិត្ត និងការអភ័យទោសដែលអ្នកបានពិភាក្សា ។ សូមអញ្ជើញសិស្សឲ្យពិចារណាថាតើពួកគេមានអំពើបាបណាដែលពួកគេចាំបាច់ត្រូវប្រែចិត្តឬទេ ហើយលើកទឹកចិត្តពួកគេឲ្យប្រែចិត្តដោយការធ្វើតាសេចក្ដីពិតដែលពួកគេបានរៀន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៤-៦៥
ព្រះអម្ចាស់បញ្ជាឲ្យពួកអែលឌើរផ្សាយដំណឹងល្អ ហើយប្រឹក្សាពួកគេស្ដីអំពីរបៀបដើម្បីស្ថាបនាស៊ីយ៉ូនឡើង
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៩-៦២ដោយពន្យល់ថា ព្រះអម្ចាស់បានប្រាប់ពួកអែលឌើរ ដែលស្នាក់នៅរដ្ឋ មិសសួរី ថាពួកគេគួរតែទិញដី ហើយរៀបចំសម្រាប់ការប្រមូលផ្ដុំនៃពួកបរិសុទ្ធនៅរដ្ឋ មីសសួរី ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៦-៤៧ ,៦៣-៦៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលនូវដំបូន្មាន ដែលព្រះអម្ចាស់បានប្រទានដល់ពួកអែលឌើរ ដែលត្រឡប់ទៅកាន់រដ្ឋ អូហៃអូ ។
-
ស្របតាមខ ៤៦-៤៧តើពួកអែលឌើរត្រូវធ្វើអ្វីខ្លះ នៅពេលពួកគេបានត្រឡប់ទៅរដ្ឋ អូហៃអូ វិញ ?
-
ស្របតាមខ ៦៤តើដំណឹងល្អត្រូវផ្សាយទៅដល់នរណា ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងអំពីសេចក្ដីពិតដូចខាងក្រោម ៖ដំណឹងល្អ ត្រូវតែផ្សាយដល់មនុស្សគ្រប់រូប ។ អ្នកក៏អាចឲ្យយោបល់សិស្សឲ្យគូសចំណាំឃ្លាដែលបង្រៀនសេចក្ដីពិតនេះ នៅខ ៦៤) ។
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីចែកចាយសេចក្ដីពិតនៃដំណឹងល្អជាមួយនឹងអ្នកទាំងឡាយដែលនៅជុំវិញពួកគេ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៩។ « ប្រែចិត្ត »
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ការប្រែចិត្ត គឺមានច្រើនជាងការគ្រាន់តែគូសសម្គាល់នូវអ្វីៗដែលត្រូវធ្វើ ៖
« ការព្យាយាមបង្កើតបញ្ជីអំពីជំហានជាក់លាក់នៃការប្រែចិត្ត នោះអាចជាប្រយោជន៍ខ្លះៗ ប៉ុន្តែវាក៏អាចនាំទៅរកវិធីគូសសំគាល់ដោយស្វ័យប្រវត្តិដែលគ្មាននូវអារម្មណ៍ ឬការផ្លាស់ប្ដូរពិត ។ ការប្រែចិត្ត ពុំមែនជារឿងរាក់កំផែលនោះទេ ។ ព្រះអម្ចាស់ប្រទានតម្រូវការពីរ ៖ ‹ តាមរបៀបនេះ អ្នករាល់គ្នាអាចដឹង បើសិនជាមនុស្សណាម្នាក់ប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនមែន ឬអត់-- មើលចុះអ្នកនោះនឹងសារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ › (គ. និង ស. ៥៨:៤៣The Divine Gift of Repentance, » Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤០ ) ។
អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីអត្ថន័យដើម្បីប្រែចិត្តថា ៖
« គោលលទ្ធិនៃការប្រែចិត្ត គឺធំទូលំទូលាយជាងនិយមន័យក្នុងវចនានុក្រម ។ នៅពេលព្រះយេស៊ូវបានមានបន្ទូលថា ‹ប្រែចិត្ត› នោះពួកសិស្សទ្រង់បានកត់ត្រាបញ្ជានោះជាភាសាក្រិចជាមួយនឹងកិរិយាសព្ទmetanoeo ។ ពាក្យដ៏មានអំណាចនេះ គឺសំខាន់ណាស់ ។ នៅក្នុងពាក្យនេះ បុព្វបទmetaមានន័យថា ‹ ផ្លាស់ប្ដូរ › ។ បច្ច័យបទទាក់ទងទៅនឹងពាក្យក្រិចសំខាន់បួនគឺ ៖nousមានន័យថា ‹ ចិត្ត ›gnosisមានន័យថា ‹ ចំណេះដឹង ›pneumaមានន័យថា ‹ វិញ្ញាណ › និងpnoe មានន័យថា ‹ ដង្ហើម › ។
« ដូច្នេះនៅពេលព្រះយេស៊ូវមានបន្ទូលថា ‹ ប្រែចិត្ត › នោះទ្រង់បានសុំយើងឲ្យផ្លាស់ប្ដូរ--ផ្លាស់ប្ដូរគំនិត ចំណេះដឹង និងវិញ្ញាណរបស់យើង --សូម្បីតែដង្ហើមរបស់យើង ។ ព្យាការីម្នាក់ បានពន្យល់ថា ការផ្លាស់ប្ដូរដូច្នោះនៅក្នុងការដកដង្ហើមរបស់មនុស្សគឺជាដង្ហើមដែលមានការទទួលស្គាល់ដោយការដឹងគុណដល់ទ្រង់ ដែលបានប្រទានដង្ហើមឲ្យដកគ្រប់ពេលនោះ ។ ស្ដេចបេយ៉ាមីន បានមានប្រសាសន៍ថា ‹ បើសិនជាអ្នករាល់គ្នានឹងបម្រើទ្រង់ដែលបានបង្កើតអ្នក… ហើយកំពុងតែថែរក្សាអ្នកឲ្យគង់រង់នៅ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានប្រទានដង្ហើមដល់អ្នក… ពីរយៈពេលមួយទៅរយៈពេលមួយ--យើងសូមប្រាប់ថា បើសិនជាអ្នករាល់គ្នានឹងបម្រើទ្រង់ ឲ្យអស់ពីព្រលឹងទាំងមូលរបស់អ្នកទៅទៀត ក៏អ្នករាល់គ្នានៅតែជាអ្នកបម្រើដ៏ឥតប្រយោជន៍ដែរ › ។ [ម៉ូសាយ ២:២១] .
« មែនហើយ ព្រះអម្ចាស់បានបញ្ជាយើងឲ្យប្រែចិត្ត ដើម្បីផ្លាស់ប្ដូររបៀបរបស់យើង មករកទ្រង់ ហើយឲ្យបានកាន់តែដូចជាទ្រង់ ។ [ សូមមើលនីហ្វៃទី ៣ ២៧:២១, ២៧] ។ ការណ៍នេះតម្រូវឲ្យមានការផ្លាស់ប្ដូរទាំងស្រុង » (« Repentance and Conversion »Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២។ « មិនចាំពីអំពើបាបទាំងនោះទៀតទេ »
អែលឌើរ អេហ្វ ប៊ើរតុន ហាវើដ នៃពួកចិតសិបនាក់ បានចែកចាយបទពិសោធន៍មួយ ដែលគាត់មាន ពេលគាត់រៀនថា បន្ទាប់ពីការប្រែចិត្ត នោះព្រះអម្ចាស់ពិតជាមិនចាំពីអំពើបាបទាំងនោះទៀតទេ ៖
« រឿងចុងក្រោយមួយ--ជាថ្មីម្ដងទៀត វាមកពីគ្រាដែលខ្ញុំជាប៊ីស្សពម្នាក់ ។ នៅយប់មួយ ពេលខ្ញុំកំពុងតែដេកលង់លក់ នោះកន្ដឹងទ្វារបានរោទិ៍ឡើង ។ ខ្ញុំស្ទុះឡើងទៅបើកទ្វារ ហើយបានឃើញសមាជិកកូរ៉ូមសង្ឃម្នាក់របស់ខ្ញុំឈរនៅមាត់ទ្វារ ។ ខ្ញុំស្គាល់គាត់ច្បាស់ ដោយធ្លាប់បានចេញទៅក្រៅជាមួយគាត់ ធ្លាប់អធិស្ឋានជាមួយគាត់ និងអធិស្ឋានអំពីគាត់ ហើយធ្លាប់បានបង្រៀនគាត់ ។ ខ្ញុំស្គាល់គាត់យ៉ាងល្អក្នុងនាមជាប៊ីស្សពល្អម្នាក់ ដែលត្រូវស្គាល់ពួកសង្ឃសកម្មអាយុដប់ប្រាំបីឆ្នាំគ្រប់រូប ដែលទំនាក់ទំនងនោះល្អល្មមគ្រប់គ្រាន់ខ្ញុំអាចសួរគាត់ថាតើមកធ្វើអីនៅកណ្ដាលយប់នៅមាត់ទ្វារខ្ញុំដូច្នេះ។
« គាត់បាននិយាយថា ‹ ខ្ញុំត្រូវការពិភាក្សាជាមួយលោក ប៊ីស្សព ។ ខ្ញុំទើបតែធ្វើអ្វីមួយដែលជារឿងធ្ងន់ធ្ងរ ហើយខ្ញុំពុំអាចទៅផ្ទះបានទេ › ។
« គាត់និយាយត្រូវ ។ វាគឺជារឿងធ្ងន់ធ្ងរ ។ ខ្ញុំបានអញ្ជើញគាត់ឲ្យចូលក្នុងផ្ទះ ហើយយើងបានពិភាក្សាគ្នា ។ គាត់បាននិយាយ ហើយខ្ញុំបានស្ដាប់ រួចខ្ញុំបាននិយាយ ហើយគាត់បានស្ដាប់ រហូតដល់យប់ជ្រៅ ។ គាត់មានចម្ងល់ជាច្រើន ។ គាត់បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរមួយ ។ គាត់ចង់ដឹងបើសិនជាមានសេចក្ដីសង្ឃឹមឬទេ ។ គាត់ចង់ដឹងពីរបៀបប្រែចិត្ត ។ គាត់ចង់ដឹងបើសិនការប្រែចិត្ត រួមបញ្ចូលទាំងការប្រាប់ដល់ឪពុកម្ដាយរបស់គាត់ ។ គាត់ចង់ដឹងថាតើមានឱកាសដើម្បីគាត់អាចទៅធ្វើបេសកកម្មឬទេ ។ គាត់ចង់ដឹងរឿងផ្សេងៗជាច្រើនទៀត ។
« ខ្ញុំពុំមានចម្លើយទាំងអស់ទេ ប៉ុន្ដែខ្ញុំបាន ប្រាប់គាត់ថា គឺ មាន សេចក្ដីសង្ឃឹម ។ ខ្ញុំបានប្រាប់គាត់ថា ផ្លូវដើម្បីត្រឡប់មកវិញនឹងពិបាក ប៉ុន្តែអាចធ្វើបាន ។ ខ្ញុំបានពន្យល់អំពីអ្វីដែលខ្ញុំដឹងអំពីដំណើរការនៃការប្រែចិត្ត ហើយបានជួយគាត់ឲ្យឃើញពីអ្វីដែលគាត់ត្រូវធ្វើ ។ ខ្ញុំបានប្រាប់គាត់ប្រសិនបើគាត់ពិតជាចង់ទៅបម្រើបេសកកម្ម នោះការសម្រេចចិត្តអាចធ្វើបាននាពេលខាងមុខបន្ទាប់ពីគាត់បានប្រែចិត្តហើយប៉ុណ្ណោះ ។ រួចខ្ញុំបានប្រាប់គាត់ឲ្យទៅផ្ទះ ហើយគាត់បានទៅផ្ទះវិញ ។
« គាត់បានធ្វើឲ្យមានភាពសុខសាន្ដជាមួយនឹងឪពុកម្ដាយគាត់ ។ គាត់បានសុំការអភ័យទោសចំពោះអ្នកទាំងឡាយដែលគាត់បានធ្វើខុសនឹងគេ ។ គាត់បានទុកចោលអំពើបាប និងសេចក្ដីអាក្រក់នៅពីក្រោយ ហើយបានធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីប្រែចិត្ត ។
« ប៉ុន្មានជាមួយឆ្នាំក្រោយមក យុវជនប្រាំនាក់មកពីកូរ៉ុមនោះបានចេញបេសកកម្ម ។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមពួកគេ ។ ខ្ញុំជិតស្និតនឹងពួកគេទាំងអស់គ្នា ។ ខ្ញុំបានចូលរួមក្នុងកម្មវិធីលាគ្នារបស់ពួកគេម្នាក់ៗ ។ ពួកគេទាំងអស់បានបម្រើបេសកកម្មប្រកបដោយកិត្តិយស ។ ក្នុងមួយរយៈពេលខ្លី បន្ទាប់ពីត្រឡប់មកផ្ទះវិញ ពួកគេទាំងអស់គ្នាបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ភរិយាខ្ញុំ និងខ្ញុំបានចូលរួមក្នុងពិធីមង្គលការរបស់ពួកគេម្នាក់ៗ ។ សព្វថ្ងៃនេះ ខ្ញុំអាចយកក្រដាសមកសរសេរឈ្មោះរបស់ពួកគេ និងឈ្មោះភរិយារបស់ពួកគេ និងកូនៗមួយចំនួនរបស់ពួកគេបានផងដែរ ។ នោះគឺជារបៀបដែលខ្ញុំស្គាល់ពួកគេច្បាស់ ។
« ប៉ុន្តែឥឡូវខ្ញុំប្រាប់អ្នកនូវរឿងមួយ--រឿងដែលសម្ងាត់បំផុត និងសំខាន់បំផុត ។ ខ្ញុំពុំចាំឈ្មោះរបស់យុវជនដែលមកផ្ទះរបស់ខ្ញុំនៅពាក់កណ្ដាលអធ្រាតនោះទេ ។ ខ្ញុំដឹងថា គាត់គឺជាយុវជនម្នាក់ក្នុងចំណោមយុវជនទាំងប្រាំនាក់នោះ ប៉ុន្តែខ្ញុំពុំចាំថាមួយណាទេ ។
« មានគ្រាមួយខ្ញុំធ្លាប់បារម្ភអំពីរឿងនោះ ។ ខ្ញុំបានគិតថា ប្រហែលជាការចងចាំរបស់ខ្ញុំត្រូវធ្លាក់ចុះហើយ ។ ខ្ញុំបានព្យាយាមនឹកគិតថានរណា ដែលមានបញ្ហានោះ ប៉ុន្តែខ្ញុំពុំអាចចាំទេ ។
« ទីបំផុត ខ្ញុំត្រូវបានដោះលែង ហើយខ្ញុំបានឈប់គិតពីរឿងទាំងនោះទៀត ។ ប៉ុន្មានឆ្នាំក្រោយមក នាល្ងាចមួយពេលកំពុងដើរ ខ្ញុំបានឃើញថា ខ្ញុំស្ថិតនៅក្នុងវួដ ដែលខ្ញុំធ្លាប់ធ្វើជាប៊ីស្សព ។ នាពេលរសៀលស្ងប់ស្ងាត់នោះ ខ្ញុំបាននឹកឃើញអនុស្សាវរីយ៏ជាច្រើន ។ ខ្ញុំបានគិតស្លុង ពេលខ្ញុំដឹងថា ខ្ញុំកំពុងដើរនៅមុខផ្ទះរបស់សង្ឃម្នាក់របស់ខ្ញុំ ដែលធ្លាប់រស់នៅកាលពីច្រើនឆ្នាំកន្លងទៅហើយនោះ ។ រំពេចនោះ រឿងរបស់យុវជនម្នាក់ដែលខ្ញុំបានប្រាប់ខ្ញុំ ខ្ញុំបាននឹកឃើញ ក្នុងគំនិតខ្ញុំ ហើយជាថ្មីម្ដងទៀត ខ្ញុំព្យាយាមនឹកចាំថាតើគាត់ជានរណាម្នាក់ក្នុងចំណោមអ្នកទាំងប្រាំនោះ ។ តើគាត់ធ្លាប់រស់នៅក្នុងផ្ទះនោះឬ ? ខ្ញុំមានការងឿងឆ្ងល់។ ហេតុអ្វីក៏ខ្ញុំពុំអាចនឹកឃើញ ?
« ពេលខ្ញុំបានបន្ដដំណើរទៀត មានអ្វីមួយបានកើតឡើង--ជាអ្វីមួយដែលពិបាកនឹងពន្យល់ តែវាជាការពិតចំពោះខ្ញុំ ។ ខ្ញុំហាក់ដូចជាបានស្ដាប់ឮសំឡេងមួយដែលថ្លែងថា ៖ ‹ តើកូនពុំយល់ទេឬអី កូនប្រុស ? យើងបានបំភ្លេចរឿងនោះហើយ ។ ហេតុអ្វីក៏កូនគួរចងចាំរឿងនោះទៀត ?
« ខ្ញុំបានភ្ញាក់ស្មារតី ។ គ្មានចម្លើយណាដែលស្កប់ស្កល់ចំពោះចម្ងល់នោះទេ ។ ខ្ញុំពុំដែលមានការងឿងឆ្ងល់អំពីរឿងនោះទៀតទេ ។ ហើយខ្ញុំបានដឹងកាន់តែច្បាស់ជាងមុនថា ព្រះអម្ចាស់បានសព្វព្រះទ័យពេលកូនរបស់ទ្រង់បានត្រឡប់មករកទ្រង់វិញ ។
« អ្នកដែលជាអ្នកគង្វាល និងជាចៀមដែលវង្វេងគ្រប់គ្នាអើយ គប្បីកត់ចំណាំនូវរឿងចុងក្រោយនេះ ។ ព្រះអម្ចាស់ពិតជាមានបន្ទូលមែន ពេលទ្រង់បានមានបន្ទូលថា ‹ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់ មិនចាំពីអំពើបាបទាំងនោះទៀតទេ » (គ. និង ស. ៥៨:៤២) › » ( « Come Back to the Lord, »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៧៧-៧៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣។ « សារភាពអំពីអំពើបាបទាំងឡាយ »
អែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់អំពីតម្រូវការនៃការសារភាពថា ៖
« អ្នកតែងតែត្រូវការសារភាពអំពើបាបរបស់អ្នកដល់ព្រះអម្ចាស់ជានិច្ច ។ ប្រសិនបើវាជាការរំលងធ្ងន់ធ្ងរ ដូចជាភាពអសីលធម៌ [ ខាងផ្លូវភេទ ] ពួកគេចាំបាច់ត្រូវសារភាពដល់ប៊ីស្សព ឬ ប្រធានស្ដេកម្នាក់ ។ សូមយល់ថា ការសារភាពគឺមិនមែនជាការប្រែចិត្តនោះទេ ។ វាជាជំហានមួយដ៏សំខាន់ ប៉ុន្ដែវាម្នាក់ឯងមិនគ្រប់គ្រាន់នោះទេ ។ ការសារភាពជាផ្នែកៗ ដោយការប្រាប់ពីកំហុសតូចៗនោះ នឹងមិនបានជួយអ្នក ដោះស្រាយការរំលងដែលកាន់តែធ្ងន់ធ្ងរនោះទេ ។ សារសំខាន់សម្រាប់ការអភ័យទោសគឺជាឆន្ទៈដើម្បីលាតត្រដាងប្រាប់ដោយពេញលេញដល់ព្រះអម្ចាស់ ហើយដែលចាំបាច់បង្ហាញដល់ចៅក្រមបព្វជិតភាពរបស់ទ្រង់នូវរឿងទាំងអស់ដែលអ្នកបានធ្វើ » (Finding Forgiveness »Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧៦ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនអំពីសារៈសំខាន់នៃភាពស្មោះអស់ពីចិត្ត និងភាពទៀងត្រង់ទាំងស្រុងនៅពេលសារភាពអំពើបាបរបស់យើងថា ៖
« គ្មាននរណាម្នាក់អាចត្រូវបានអភ័យទោសចំពោះអំពើរំលងណាមួយទេ ទាល់តែមានការប្រែចិត្ត ហើយមនុស្សម្នាក់ពុំប្រែចិត្តទេ ទាល់តែគាត់បានសម្រាតព្រលឹងរបស់គាត់ ហើយសារភាពពីបំណងចិត្តរបស់គាត់ និងភាពទន់ខ្សោយទាំងឡាយដោយគ្មានការដោះសារ ឬការរកលេះនោះ » (Love versus Lust,Brigham Young University Speeches of the Year [ ថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៦៥ ], ទំព័រ ១០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣។ ហេតុអ្វីក៏អំពើបាបមួយចំនួនត្រូវសារភាពចំពោះអ្នកដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាចម្នាក់ ?
ក្នុងនាមជាប្រធាននៃបព្វជិតភាពអើរ៉ុនក្នុងវួដ ប៊ីស្សព ឬប្រធានសាខា កាន់កូនសោនៃការប្រែចិត្តចំពោះមនុស្សទាំងអស់ក្នុងវួដរបស់គាត់ ។ ប៊ីស្សព និងប្រធានសាខា ប្រើកូនសោដូច្នេះដើម្បីកំណត់ជំហររបស់បុគ្គលម្នាក់នោះនៅក្នុងសាសនាចក្រ ហើយជួយបុគ្គលនោះនៅក្នុងដំណើរការនៃការប្រែចិត្ត ។ អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ការបំភ្លឺបន្ថែមអំពីគោលបំណងនៃការប្រែចិត្តពីអំពើបាបធ្ងន់ធ្ងរដល់អ្នកដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាចថា ៖
« អំពើរំលងធ្ងន់ធ្ងរ ដូចជាអំពើអសីលធម៌ តម្រូវឲ្យមានជំនួយមកពីមនុស្សម្នាក់ដែលកាន់កូនសោនៃសិទ្ធិអំណាច ដូចជាប៊ីស្សព ឬប្រធានស្ដេក ដើម្បីធ្វើឲ្យដំណើរការនៃការប្រែចិត្តស្ងៀមស្ងាត់ ដើម្បីប្រាកដថា វាត្រូវបានធ្វើឡើងដោយត្រឹមត្រូវទាំងស្រុង » (« The Power of Righteousness, »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៩-៧០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣។ « សារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ »
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីអត្ថន័យដើម្បីប្រែចិត្តពីអំពើបាបរបស់យើងថា ៖
« ការលះបង់ចោលអំពើបាប គឺបញ្ជាក់ថាពុំត្រឡប់ទៅធ្វើបាបវិញឡើយ ។ ការលះបង់ចោលអំពើបាប ត្រូវការពេលវេលា ។ ដើម្បីជួយយើង ជួនកាលព្រះអម្ចាស់ អនុញ្ញាតឲ្យយើងនៅចាំកំហុសរបស់យើង ស្ថិតនៅក្នុងការចងចាំរបស់យើង ។ វាជាផ្នែកសំខាន់មួយនៃការរៀនសូត្រក្នុងជីវិតរមែងស្លាប់របស់យើង ។
« នៅពេលយើងសារភាពអំពើបាបរបស់យើងដោយស្មោះត្រង់ សា្ដរឡើងវិញនូវអ្វីដែលយើងអាចធ្វើចំពោះអ្នកដែលយើងធ្វើខុស ហើយលះបង់អំពើបាបរបស់យើងដោយការកាន់តាមព្រះបញ្ញត្តិទាំងឡាយ នោះយើងនឹងនៅក្នុងដំណាក់កាលនៃការទទួលបានការអភ័យទោស ។ ស្របតាមពេលវេលា យើងនឹងមានអារម្មណ៍ថា ភាពតានតឹងនៃទុក្ខព្រួយយើងបានថយចុះ ដោយការ ‹ ដកយកទោសចេញពីក្នុងចិត្តយើង › [អាលម៉ា ២៤:១០] និង ការនាំមកនូវ ‹ សេចក្ដីសុខសាន្ដក្នុងសតិសម្បជញ្ញៈ › ។ [ម៉ូសាយ ៤:៣] ។
« សម្រាប់អស់អ្នកណាដែលពិតជាបានប្រែចិត្ត ប៉ុន្ដែហាក់ដូចជាមិនអាចមានអារម្មណ៍ធូរស្បើយ ៖ សូមបន្ដកាន់តាមព្រះបញ្ញត្តិ ។ ខ្ញុំសូមសន្យាថា អ្នកនឹងទទួលបានភាពធូរស្បើយតាមពេលវេលារបស់ព្រះអម្ចាស់ ។ ការព្យាបាលក៏ត្រូវការពេលវេលាដែរ » [ Repent … That I May Heal You» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ ] ) ។