មេរៀនទី ៣៩
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣-៣៤
បុព្វកថា
នៅខែតុលា ឆ្នាំ ១៨៣០ ព្រះអម្ចាស់ បានហៅ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យប្រកាសដំណឹងល្អ ។ វិវរណៈនេះ បានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣ រួមមាននូវការណែនាំអំពីរបៀបដែលបុរសទាំងនេះ ត្រូវបានបង្រៀនដំណឹងល្អ ។ មិនយូរប៉ុន្មានបន្ទាប់ពីនោះ នៅក្នុងវិវរណៈបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤ ព្រះអម្ចាស់ បានសរសើរ អួរសុន ប្រាត្ត ចំពោះសេចក្ដីជំនឿរបស់គាត់ ហើយបានបញ្ជាឲ្យគាត់ទៅផ្សាយដំណឹងល្អផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១-៦
ព្រះអម្ចាស់ បានហៅ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យប្រកាសដំណឹងល្អ
មុនពេលថ្នាក់ចាប់ផ្ដើម សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀន ៖ ត្រែ, មាត់, ត្រចៀក វាលស្រែស្រូវទុំល្មមច្រូតកាត់ ។ ( បើអាចធ្វើទៅបាន សូមបង្ហាញរូបភាពនៃវត្ថុទាំងនេះ ) ។ នៅពេលចាប់ផ្ដើមថ្នាក់ សូមសួរសំណួរដូចខាងក្រោម ៖
-
តើវត្ថុទាំងនេះ ទាក់ទងនឹងកិច្ចការផ្សព្វផ្សាយសាសនាយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់បរិបទចំពោះគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣សូមពន្យល់ថា អ៊ែសរ៉ា ធេយ័រ បានរស់នៅជិតនឹងគ្រួសាររបស់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ។ គាត់បានស្គាល់សមាជិកនៃគ្រួសារស្ម៊ីធ តាមរយៈកិច្ចការដែលពួកគេបានធ្វើសម្រាប់គាត់ក្នុងពេលផ្សេងៗ ។ នៅក្នុងខែ តុលា ឆ្នាំ ១៨៣០ អ៊ែសរ៉ា ធេយ័រ និងអ្នករស់នៅប៉ាល់ម៉ៃរា ឈ្មោះ ណូរត្រុព ស្វ៊ីត ត្រូវបានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រ ។ មិនយូរប៉ុន្មានបន្ទាប់ពីនោះ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយដែលថ្លែងទៅកាន់បុរសទាំងពីរនាក់នេះ ដែលឥឡូវត្រូវបានកត់ត្រាទុកនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១–២ដោយស្ងាត់ស្ងៀម រកមើលពាក្យ ឬឃ្លាដែលទាក់ទងទៅនឹងគំនូរ ( ឬពាក្យ ) នៅលើក្ដារខៀន ។ ( រូបភាពមាត់ នឹងប្រាប់នៅពេលក្រោយក្នុងមេរៀននេះ ) ។ ក្រោយពីសិស្សបានរាយការណ៍អំពីអ្វីដែលពួកគេបានរកឃើញហើយ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « បើក… ត្រចៀករបស់អ្នក ហើយស្ដាប់តាមសំឡេងនៃ… ព្រះ » នោះ ? តើយើងអាចបង្ហាញដល់ព្រះអម្ចាស់ថា ត្រចៀករបស់យើងត្រូវបានបើកដើម្បីស្ដាប់តាមសំឡេងរបស់ទ្រង់យ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បីប្រកាសដំណឹងល្អ « ហាក់ដូចជាដោយសំឡេងត្រែ » ?
សូមពន្យល់ថា ជាញឹកញាប់ ព្រះអម្ចាស់ បានប្រើវត្ថុស្រដៀងគ្នា ដូចជា ត្រែ ជានិមិត្តរូប ដើម្បីបង្រៀនដំណឹងល្អរបស់ទ្រង់ និងដើម្បីជួយយើងយល់អំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនិមិត្តរូបបន្ថែម ដែលព្រះអម្ចាស់បានប្រើនៅក្នុងវិវរណៈនេះ ។
-
តើអ្នកគិតថាចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់តំណាងឲ្យអ្វី ? ( ពិភពលោក ) ។
-
តើអ្នកដែលធ្វើការក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ តំណាងឲ្យនរណា ? ( សមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ) ។
-
តើអ្នកគិតថាឃ្លា « ត្រូវជាម៉ោងទី ១១ » មានន័យយ៉ាងណា ? ( នេះគឺជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនៃដំណឹងល្អ និងជាគ្រាចុងក្រោយ ដែលព្រះអម្ចាស់នឹងរៀបចំនគររបស់ទ្រង់ឡើងនៅលើផែនដី មុនពេលការយាងមកជាលើកទីពីររបស់ទ្រង់ ) ។
សូមសុំសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៤ដោយស្ងាត់ស្ងៀមរកមើលរបៀបដែលព្រះអម្ចាស់ បានពិពណ៌នាអំពីស្ថានភាពនៃលោកិយក្នុងឆ្នាំ ១៨៣០ ។
-
តើឃ្លាណាមួយក្នុងខគម្ពីរនេះ ដែលលេចធ្លោចំពោះអ្នក ? ហេតុអ្វី ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីពង្រឹងខ្លួនយើងទប់ទល់នឹងឥទ្ធិពលពុករលួយនៃលោកិយ ?
សូមសរសេរដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់មាន ហើយគឺជា ។
សូមឲ្យពេលដល់សិស្សពីរបីនាទី ដើម្បីពិចារណាពីអ្វីដែលព្រះអម្ចាស់បានធ្វើ ឬកំពុងធ្វើដើម្បីជួយពង្រឹងពួកគេទប់ទល់នឹងភាពពុករលួយនៃលោកិយ ។ សូមពន្យល់ថា នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៥-៦ ព្រះអម្ចាស់ បានប្រកាសអ្វីមួយ ដែលទ្រង់បានធ្វើ ហើយនឹងរឿងមូយដែលទ្រង់កំពុងធ្វើដើម្បីជួយពង្រឹងយើង ទប់ទល់នឹងភាពពុករលួយនៃលោកិយ ។ សូមសុំឲ្យសិស្សម្នាក់អានខគម្ពីរទាំងនេះឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់នូវអ្វីដែលព្រះអម្ចាស់បានធ្វើ ហើយនឹងធ្វើដើម្បីពង្រឹងដល់យើង ។
-
យោងតាមខគម្ពីរទាំងនេះ តើអ្វីមួយដែលព្រះបានធ្វើ ហើយអ្វីមួយដែលទ្រង់កំពុងធ្វើក្នុងពេលឥឡូវនេះ ដែលអាចជួយពង្រឹងយើងទប់ទល់នឹងភាពពុករលួយនៃលោកិយនេះ ? ( នៅពេលសិស្សឆ្លើយតប សូមអញ្ជើញសិស្សម្នាក់ឲ្យបំពេញនៅក្នុងចម្លោះ នៅក្នុងសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ) ។ ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់ បានស្ថាបនាសាសនាចក្ររបស់ទ្រង់ ហើយកំពុងតែប្រមូលផ្ដុំពួកជម្រើសរបស់ទ្រង់នៅថ្ងៃចុងក្រោយ ) ។
ដើម្បីជួយសិស្សយល់បន្ថែមអំពីសេចក្ដីពិតនេះ ហើយមានអារម្មណ៍ដឹងពីសារៈសំខាន់របស់វា សូមចាត់ឲ្យពួកគេធ្វើការជាគូៗ ហើយពិភាក្សាអំពី ចម្លើយរបស់ពួកគេចំពោះសំណួរដូចខាងក្រោម ។ អ្នកអាចអានសំណួរទាំងនេះឲ្យឮៗ សូមសរសរវានៅលើក្ដារខៀន ឬចែកវានៅក្នុងក្រដាសទៅឲ្យសិស្ស ។ ( សូមកុំសរសេរចម្លើយនៅក្នុងវង់ក្រចក ) ។
-
យោងតាមខ ៦ តើនរណាជាពួកជម្រើស ? ( អ្នកទាំងឡាយដែលនឹងជឿលើព្រះ ហើយស្ដាប់តាមសំឡេងទ្រង់ ) ។
-
សូមពិចារណាអំពីភាពពុករលួយនៃលោកិយ ហេតុអ្វីក៏វាសំខាន់ដើម្បីប្រមូលផ្ដុំពួកជម្រើសរបស់ព្រះអម្ចាស់ ?
-
តើសមាជិកភាពរបស់អ្នកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានពង្រឹងដល់អ្នក ទប់ទល់នឹងភាពពុករលួយនៃលោកិយនេះយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៧-១៨
ព្រះអម្ចាស់ បានប្រទានការណែនាំដល់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ឲ្យបង្រៀនដំណឹងល្អ
យោងទៅលើរូបភាព មាត់ ( ឬពាក្យ មាត់ ) នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៧-១០ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះអម្ចាស់បានបង្រៀនដល់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ពីអ្វីដែលពួកគេត្រូវធ្វើ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងបើកមាត់របស់យើងប្រកាសដំណឹងល្អ …
សូមឲ្យសិស្សប្រើនូវអ្វីដែលពួកគេបានរៀនមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៧-១០ដើម្បីបំពេញសេចក្ដីថ្លែងការណ៍នេះ ។ អ្នកអាចនឹងចង់អញ្ជើញសិស្សម្នាក់ឲ្យមកកាន់ក្ដារខៀន ដើម្បីសរសេរបញ្ចប់គោលការណ៍នេះ ។ វាអាចត្រូវបានសរសេរដូចតទៅ ៖ បើយើងបើកមាត់របស់យើងប្រកាសដំណឹងល្អ នោះព្រះអម្ចាស់នឹងបំផុសយើងអំពីអ្វីដែលត្រូវនិយាយ ។
-
តើស្ថានភាពមួយចំនួនដែលយើងអាចនឹងស្ទាក់ស្ទើរដើម្បីបើកមាត់របស់យើងប្រាប់អំពីដំណឹងល្អមានអ្វីខ្លះ ?
-
តើអ្នកបានសម្រេចចិត្តបើកមាត់របស់អ្នក និយាយអំពីដំណឹងល្អ និងទទួលអារម្មណ៍បំផុសគំនិតឲ្យដឹងនូវអ្វីដែលត្រូវនិយាយនៅពេលណា ? តើនៅពេលណាអ្នកបានឃើញនរណាម្នាក់ទៀត ដែលចែកចាយដំណឹងល្អ ហើយមានអារម្មណ៍ថា ពួកគេត្រូវបានបំផុសគំនិតនៅក្នុងអ្វីដែលពួកគេនិយាយនោះ ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១១-១៥តាមរយៈការពន្យល់ថា នៅក្នុងខគម្ពីរទាំងនេះ ព្រះអម្ចាស់ បានណែនាំ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ដើម្បីផ្សាយគោលការណ៍ទីមួយ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ-- សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមយោងទៅគោលការណ៍ដែលបានសរសេរលើក្ដារខៀនម្ដងទៀត ។ សូមឲ្យសិស្សពិចារណាអំពីអ្វីដែលយើងចាំបាច់ត្រូវធ្វើ បន្ថែមពីលើការបើកមាត់របស់យើង ដូច្នេះព្រះអម្ចាស់អាចបំផុសគំនិតយើងឲ្យដឹងនូវអ្វីដែលត្រូវនិយាយ ពេលយើងចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១៦-១៨ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីការទូន្មានជាក់លាក់ដែលព្រះអម្ចាស់បានប្រទានដល់ អ៊ែសរ៉ា និង ណូរត្រុព ដែលនឹងជួយពួកគេដឹងនូវអ្វីដែលត្រូវនិយាយក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
-
តើព្រះអម្ចាស់បានប្រទានការទូន្មានអ្វីខ្លះ ដល់អ៊ែសរ៉ា និង ណូរត្រុព ដែលអាចជួយពួកគេឲ្យដឹងនូវអ្វីដែលត្រូវនិយាយ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ? ( សូមគិតពីការសរសេរចម្លើយរបស់សិស្សដាក់លើក្ដារខៀន ។ )
-
តើអ្នកគិតថា វាមានន័យយ៉ាងណាចំពោះការទូន្មានរបស់ព្រះអម្ចាស់ ឲ្យមាន « ចង្កៀងបង្កាត់ ហើយឆេះ ហើយមានប្រេងនៅជាមួយអ្នកផង » នោះ ? ( គ និង ស ៣៣:១៧ ) ។ ( ដើម្បីត្រូវបានត្រៀមខ្លួនខាងវិញ្ញាណ ហើយត្រៀមខ្លួនជាស្រេចគ្រប់ពេលសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ខគម្ពីរនេះ ជាប់ទាក់ទងនឹងរឿងប្រៀបធៀបនៃស្ត្រីក្រមុំព្រហ្មចារីយភាពទាំងដប់នាក់ ដែលមាននៅក្នុងម៉ាថាយ ២៥:១-១៣ហើយមានប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥៦-៥៧ ) ។
-
តើការទូន្មានរបស់ព្រះអម្ចាស់នៅក្នុងខទាំងនេះជួយយើងត្រៀមខ្លួនដើម្បីបើកមាត់ចែកចាយដំណឹងល្អនៅគ្រប់ពេល និងគ្រប់ស្ថានភាពយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤
ព្រះអម្ចាស់ បានសរសើរដល់ អួរសុន ប្រាត្ត ចំពោះសេចក្ដីជំនឿរបស់គាត់ ហើយបានបញ្ជាឲ្យគាត់ផ្សាយដំណឹងល្អ
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤ដើម្បីរកមើលឧទាហរណ៍មួយរបស់មនុស្សម្នាក់ ដែលត្រូវបានប្រទានពរនៅពេលនរណាម្នាក់ទៀត បានបើកមាត់របស់គាត់ចែកចាយដំណឹងល្អ ។
-
តើនរណាត្រូវបានទទួលពរជ័យនៅក្នុងឧទាហរណ៍នេះ ? តើ អួរសុន ប្រាត្ត មានអាយុប៉ុន្មាន ពេលគាត់ទទួលបុណ្យជ្រមុជទឹក ? តើគាត់បានរៀនអំពីដំណឹងល្អយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើព្រះអម្ចាស់មានបន្ទូលសំដៅទៅលើអួរសុនយ៉ាងណាខ្លះ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។ បន្ទាប់មក ឲ្យសិស្សក្នុងថ្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:២-៣ដោយស្ងាត់ស្ងៀម ដើម្បីរកមើលមូលហេតុដែលព្រះអម្ចាស់បានហៅគាត់ថា « បុត្ររបស់យើង » ។
-
ហេតុអ្វីក៏ព្រះអម្ចាស់ហៅ អួរសុន ជាបុត្ររបស់ទ្រង់ដូច្នេះ ? ( ដោយសារជំនឿរបស់ អួរសុន មានទៅលើព្រះអម្ចាស់ ) ។
-
យោងតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:៣តើព្រះអម្ចាស់បានធ្វើអ្វីខ្លះ សម្រាប់ « អស់អ្នកណា » ដែលជឿទៅលើទ្រង់ ? ( ដើម្បីជួយសិស្សយល់ថា សេចក្ដីពិតនៅក្នុងខគម្ពីរនេះ អនុវត្តដូចគ្នាចំពោះស្ត្រី អ្នកអាចនឹងចង់ផ្ដល់យោបល់ថា ពួកគេអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១ ) ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:៤-៦ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ អួរសុន ដែលនឹងនាំមកនូវពរជ័យកាន់តែច្រើនក្នុងជីវិតរបស់គាត់នោះ ។
-
តើអ្នកគិតថា ហេតុអ្វីយើងត្រូវបាន « ប្រទានពរកាន់តែច្រើន » នៅពេលយើងបង្រៀនដំណឹងល្អដល់អ្នកដទៃដូច្នេះ ?
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១០-១១ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលពរជ័យដែលត្រូវបានប្រទានដល់អ្នកទាំងឡាយដែលចែកចាយដំណឹងល្អជាមួយអ្នកដទៃដោយឧស្សាហ៍ព្យាយាម ។
-
តើមានពរជ័យអ្វីខ្លះ ដែលត្រូវបានប្រទានឲ្យអ្នកទាំងឡាយដែលបង្រៀនដំណឹងល្អដោយឧស្សាហ៍ព្យាយាមនោះ ? ( នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចង់សរសេរគោលការណ៍ដូចខាងក្រោម នៅលើក្ដារខៀន ៖ អ្នកទាំងឡាយដែលបង្រៀនដំណឹងល្អដោយឧស្សាហ៍ព្យាយាម នឹងធ្វើឡើងដូច្នោះដោយព្រះចេស្ដារនៃព្រះវិញ្ញាណបរិសុទ្ធ
-
តើមានពរជ័យអ្វីខ្លះដែលត្រូវបានសន្យាដល់អ្នកទាំងឡាយដែលស្មោះត្រង់ ? ( អ្នកក៏អាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀនផងដែរ ៖ បើយើងស្មោះត្រង់ នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង ) ។
-
តើសេចក្ដីពិតនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១១ អាចជួយយើងនៅក្នុងគ្រាដែលបាក់ទឹកចិត្តយ៉ាងដូចម្ដេច ?
អ្នកអាចនឹងចង់បញ្ចប់មេរៀនដោយការចែកចាយអំពីគ្រាមួយដែលអ្នកបានមានអារម្មណ៍ថា ព្រះអម្ចាស់ គង់នៅជាមួយអ្នក ពេលអ្នកស្មោះត្រង់នឹងទ្រង់ ។ អ្នកក៏អាចនឹងចង់ថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលបានពិភាក្សានៅក្នុងមេរៀននេះផងដែរ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដី សញ្ញា ៣៣ ។ ណូរត្រុព ស្វ៊ីត
ណូរត្រុព ស្វ៊ីត បានទទួលបុណ្យជ្រមុជទឹកជាសមាជិកនៃសាសនាចក្រដោយ ប៉ាលី ភី ប្រាត្ត នៅក្នុងខែតុលា ឆ្នាំ ១៨៣០ ក្នុងភូមិប៉ាលម៉ៃរា រដ្ឋនូវយ៉ោក ។ គាត់ត្រូវបានចាត់តាំងឲ្យបម្រើបេសកកម្មមួយនៅខែតុលា ឆ្នាំ ១៨៣០ ( សូមមើលគ និង ស ៣៣ ) ។ គាត់បានផ្លាស់ទៅកាន់ក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ត្រឹមខែមិថុនា ឆ្នាំ ១៨៣១ ជាកន្លែងដែលគាត់ត្រូវបានតែងតាំងជាអែលឌើរ តែទោះជាយ៉ាងណា គាត់បានចាកចេញពីសាសនាចក្រមិនយូរប៉ុន្មានបន្ទាប់ពីនោះ ហើយបានប៉ុនប៉ងចង់បង្កើតព្រះវិហារមួយទៀត ដោយអះអាងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីក្លែងក្លាយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១ ។ ព្រះបន្ទូលរបស់ព្រះគឺនៅរស់ ហើយពូកែផង
ព្រះអម្ចាស់ បានប្រើរូបភាពចំណាប់អារម្មណ៍មួយចំនួនដើម្បីពិពណ៌នាអំពីព្រះចេស្ដារនៃព្រះបន្ទូលទ្រង់ ។ គំនិតដែលថា ព្រះបន្ទូលរបស់ព្រះគឺប្រកបដោយអានុភាព គឺងាយស្រួលដើម្បីយល់ ពីព្រោះថា តាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្វីៗទាំងអស់មកពីស្ថានសួគ៌ ទៅកាន់ដួងចិត្តរបស់មនុស្ស គឺត្រូវបានផ្លាស់ប្ដូរ ។ ព្រះបន្ទូលនៅរស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១ពុំមានន័យថាឆាប់រហ័សនោះទេ តែវាមានន័យថា នៅរស់ ឬមានជីវិត ( សូមមើល Bible Dictionary« Quick » ) ។ ឃ្លា « មុតជាងដាវមានមុខពីរដើម្បីកាត់សន្លាក់ និងខួរឆ្អឹង ព្រលឹង និងវិញ្ញាណដាច់ពីគ្នា » យ៉ាងច្បាស់ ពិពណ៌នាអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះ អាចកាត់ដល់ដួងចិត្តរបស់មនុស្ស ( សូមមើលផងដែរនីហ្វៃទី១ ១៦:១-២ ) ។
ការផ្លាស់ប្រែចិត្តជឿរបស់ អ៊ែសរ៉ា ធេយ័រ ផ្ដល់គំរូល្អអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះ គឺនៅរស់ ហើយពូកែ ។ អ៊ែសរ៉ា ធេយ័រ បានរំឭកថា ៖
« នៅពេល ហៃរាំ បានចាប់ផ្ដើមនិយាយ នោះគ្រប់ពាក្យសម្ដីរបស់គាត់ បានប៉ះដល់ដួងព្រលឹងខ្ញុំ ។ ខ្ញុំបានគិតថា គ្រប់ពាក្យ គឺត្រូវបានថ្លែងមកកាន់ខ្ញុំ ។ ព្រះបានដាក់ទោសខ្ញុំ ហើយដែលខ្ញុំពុំអាចកម្រើកបាន ។ ខ្ញុំពុំអាចជួយខ្លួនឯងទេ ។ ទឹកភ្នែកបានស្រក់ចុះមកលើថ្ពាល់ខ្ញុំ ខ្ញុំគឺជាមនុស្សឆ្មើងឆ្មៃ និងរឹងរូស ។ មានមនុស្សជាច្រើននៅទីនោះដែលបានស្គាល់ខ្ញុំ ខ្ញុំពុំហ៊ានងើបមុខឡើងឡើយ ។ ខ្ញុំបានអង្គុយ រហូតដល់ខ្ញុំបានដឹងខ្លួនវិញ មុនពេលខ្ញុំហ៊ានងើបមុខឡើង ។ ពួកគេបានច្រៀងទំនុកតម្កើងមួយចំនួន ហើយបានបំពេញក្នុងខ្លួនខ្ញុំដោយព្រះវិញ្ញាណ ។ នៅពេល ហៃរាំ បានបញ្ចប់ គាត់បានលើកសៀវភៅមួយឡើង ហើយនិយាយថា ‹ នេះគឺជាព្រះគម្ពីរមរមន › ។ ខ្ញុំបាននិយាយថា ខ្ញុំសូមមើលបន្ដិច ។ រួចខ្ញុំបានបើកសៀវភៅនោះ ហើយខ្ញុំបានទទួលនូវការរន្ធត់ជាខ្លាំងមួយ ដែលពេញដោយក្ដីអំណរ ដែលគ្មានទឹកប៊ិចណាអាចសរសេរ ហើយគ្មានអណ្ដាតណាអាចថ្លែងបានឡើយ ។ ខ្ញុំបានបិទសៀវភៅ ហើយបាននិយាយថា តើវាថ្លៃប៉ុន្មាន ? រួចបានតបមកថា ‹ ដប់បួនស៊ីលីង › ។ ខ្ញុំបាននិយាយថា ខ្ញុំនឹងទិញសៀវភៅនេះ ។ ខ្ញុំបានបើកវាឡើងម្ដងទៀត ហើយខ្ញុំបានទទួលនូវព្រះវិញ្ញាណបន្ថែម ដែលខ្ញុំពុំអាចដឹងថាតើខ្ញុំនៅក្នុងពិភពលោកនេះ ឬអត់ទេ ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំនៅក្នុងស្ថានសួគ៌ដ៏ពិត ។
« ម៉ាទីន ហារិស បានប្រញាប់មករកខ្ញុំ ហើយប្រាប់ខ្ញុំថា គម្ពីរនេះពិត ។ ខ្ញុំបានប្រាប់គាត់ថា គាត់ពុំចាំបាច់ប្រាប់ខ្ញុំទេ ដ្បិតខ្ញុំដឹងថា វាគឺពិតដូចជាគាត់ដឹងផងដែរ » ( នៅក្នុង Lyndon W. Cook,the Revelations of the Prophet Joseph Smith: A Historical and Biographical Commentary of the Doctrine and Covenants[ ១៩៨៥ ], ទំព័រ ៤៧–៤៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៩ ។ ផ្ទុកកណ្ដាប់ស្រូវពីលើខ្នងរបស់អ្នក
តើវាមានន័យយ៉ាងណាដែលថា យើងអាច « ផ្ទុកកណ្ដាប់ស្រូវពីលើខ្នង[ របស់យើង ] នោះ » ? ឃ្លានេះ សំដៅទៅលើផល ឬ កណ្ដាប់ ដែលបានច្រូតកាត់ពីស្រែ ។ ដើម្បី « ផ្ទុកកណ្ដាប់ស្រូវ » ចង្អុលប្រាប់ថា ជាការប្រមូលផលដ៏ធំ និង បរិបូរណ៍មួយ ។ នេះគឺជាឃ្លានិមិត្តរូបមួយ តំណាងឲ្យភាពជោគជ័យដ៏ធំខាងការផ្សព្វផ្សាយសាសនា ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់បន្ថែមអំពីអត្ថន័យស្រដៀងគ្នានេះថា ៖
« កណ្ដាប់នៅក្នុងសទិសភាពនេះ តំណាងឲ្យសមាជិកដែលបានទទួលបុណ្យជ្រមុជទឹកថ្មីៗក្នុងសាសនាចក្រ ។ ជង្រុកគឺជាព្រះវិហារបរិសុទ្ធ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បានពន្យល់ថា ៖ ‹ ច្បាស់ណាស់ នៅពេលយើងជ្រមុជទឹក ភ្នែករបស់យើងគួរតែមើលហួសពីអាងជ្រមុជទឹកទៅកាន់ព្រះវិហារបរិសុទ្ធ ។ ជង្រុកដ៏ធំដែលកណ្ដាប់គួរតែត្រូវបានប្រមូលទុក គឺព្រះវិហារបរិសុទ្ធ › ( នៅក្នុង John L. Hart, ‹ Make Calling Focus of Your Mission ›Church News, ថ្ងៃទី ១៧ ខែកញ្ញា ១៩៩៤, ទំព័រ ៤ ) ។ ការណែនាំនេះ បញ្ជាក់ និងគូសបញ្ជាក់អំពីសារៈសំខាន់នៃពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ—ដែលកណ្ដាប់ពុំអាចត្រូវបានបំផ្លាញនោះទេ » ( Honorably Hold a Name and Standing, »Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១ ។ អួរសុន ប្រាត្ត
អួរសុន ប្រាត្ត បានពិពណ៌នាអំពីរបៀបដែលគាត់បានអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ក្នុងនាមជាយុវជនម្នាក់ថា ៖
« ចាប់តាំងពីអាយុដប់ឆ្នាំដល់ដប់ប្រាំបួនឆ្នាំ ខ្ញុំបានមើលឃើញពិភពលោកច្រើន ហើយត្រូវបានរសាត់អណ្ដែតដោយគ្មានកន្លែងនៅអចិន្ត្រៃយ៍ទេ ប៉ុន្តែតាមរយៈព្រះគុណរបស់ព្រះ ខ្ញុំត្រូវបានការពារពីសេចក្ដីអាក្រក់ជាច្រើន ដែលមនុស្សវ័យក្មេងបានជួបប្រទះ ដែលចំណាប់អារម្មណ៍ពីមុនអំពីសីលធម៌ និងសាសនា បានដក់ជាប់ក្នុងគំនិតខ្ញុំ តាមរយៈឪពុកម្ដាយខ្ញុំ វាតែងតែដិតជាប់នឹងខ្ញុំ ហើយជាញឹកញាប់ ខ្ញុំមានអារម្មណ៍រំភើបដ៏ខ្លាំងដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពនាពេលអនាគតមួយ ប៉ុន្តែពុំដែលបានចាប់ផ្ដើមក្នុងការស្វែងរកព្រះអម្ចាស់ដ៏ពិតទេ រហូតដល់រដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ១៨២៩ ។ បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមអធិស្ឋានយ៉ាងក្លៀវក្លា ប្រែចិត្តពីគ្រប់អំពើបាបរបស់ខ្ញុំ ។ ក្នុងភាពស្ងប់ស្ងាត់នាពេលរាត្រី កាលដែលអ្នកដទៃទៀតបានលង់លក់នៅក្នុងដំណេក ជាញឹកញាប់ខ្ញុំបានចូលទៅកន្លែងស្ងាត់មួយចំនួនក្នុងទីវាលតែឯង ឬវាលរហោស្ថានស្ងាត់ដាច់ពីគេ ហើយឱនក្បាលចំពោះព្រះអម្ចាស់ ហើយបានអធិស្ឋានរាប់ម៉ោង ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ដែលការណ៍នោះគឺជាការលួងលោមចិត្ត និងក្ដីរីករាយរបស់ខ្ញុំ ។ បំណងប្រាថ្នាដ៏ធំបំផុតក្នុងចិត្តខ្ញុំ គឺសុំឲ្យព្រះអម្ចាស់បើកសម្ដែងព្រះហឬទ័យរបស់ទ្រង់អំពីខ្ញុំ » ( នៅក្នុងThe Orson Pratt Journals, ចងក្រងដោយ Elden J. Watson [ ឆ្នាំ ១៩៧៥ ], ទំព័រ ៨–៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១០ ។ « សូមបន្លឺសំឡេងរបស់អ្នកឡើង »
នៅក្នុងការគោរពប្រតិបត្តិចំពោះបញ្ជារបស់ព្រះអម្ចាស់ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១០ អួរសុន ប្រាត្ត បានបន្លឺសំឡេងរបស់គាត់ដើម្បីចែកចាយដំណឹងល្អ ។ មិនយូរប៉ុន្មានបន្ទាប់ពីការទទួលវិវរណៈនេះ អួរសុនប្រាត្ត បានចាប់ផ្ដើមបេសកកម្មមួយទៅកាន់ ខូលស្វិល រដ្ឋ នូវ យ៉ោក ។ រយៈពេលពីរបីឆ្នាំក្រោយ នៅក្នុងបេសកកម្មមួយទៀត អួរសុន បានធ្វើដំណើរ « ថ្មើរជើងចម្ងាយជិត ៤០០០ ម៉ែល ( ៦៤០០ គ.ម ) ចូលរួមការប្រជុំចំនួន ២០៧ ការប្រជុំ… បានជ្រមុជទឹកដល់មនុស្សចំនួន ១០៤ នាក់ ហើយបានរៀបចំសាខានៃសាសនាចក្រថ្មីជាច្រើនផងដែរ » ( Orson Pratt, « History of Orson Pratt, » Millennial Starថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ១៨៦៥, ទំព័រ ៧២ ) ។ នៅក្នុងជីវិតនៃការបម្រើរបស់គាត់ « គាត់បានធ្វើដំណើរឆ្លងកាត់មហាសមុទ្រដប់ប្រាំមួយដង នៅក្នុងបេសកកម្មនៃសេចក្ដីសង្គ្រោះ » ( « អួរសុន ប្រាត្ត » Contributorខែ វិច្ឆិកា ឆ្នាំ ១៨៨១, ទំព័រ ៦១ ) ។