មេរៀនទី១៩
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៨-៧៥,គោលលទ្ធិ និង សេចក្ដីសញ្ញា១៣
បុព្វកថា
នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ និងអូលីរើរ ខៅឌើរី បានទៅក្នុងព្រៃជិតចម្ការរបស់យ៉ូសែប នៅហាម៉ូនី រដ្ឋផែនសិលវេញ៉ា ដើម្បីទូលសូមសួរដល់ព្រះអម្ចាស់បន្ទាប់ពីការបកប្រែវគ្គគម្ពីរមួយ ក្នុងព្រះគម្ពីរមរមន ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ ខណៈដែលកំពុងតែអធិស្ឋាន នោះយ៉ូហាន បាទីស្ទ បានលេចមកឯពួកលោក ក្នុងនាមជាតួអង្គដែលបានរស់ឡើងវិញ ។ លោកបានប្រទានបព្វជិតភាពអើរ៉ុនមកលើពួកលោក បានដឹកនាំពួកលោកឲ្យជ្រមុជទឹកគ្នាទៅវិញទៅមកក្នុងទន្លេ សុសគ្វីហាណា នៅជិតនោះ រួចហើយបានដឹកនាំពួកលោកឲ្យតែងតាំងអំណាចបព្វជិតភាពអើរ៉ុន ដល់គ្នាទៅវិញទៅមក ។ ពាក្យរបស់យ៉ូហានទៅកាន់យ៉ូសែប ស្ម៊ីធ និងអូលីវើរខៅឌើរី ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១៣ ។ បន្ទាប់ពីបុណ្យជ្រមុជទឹករបស់ពួកលោក យ៉ូសែប និង អូលីវើរ ត្រូវបានពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបានទទួលបទពិសោធន៍ពរជ័យដ៏មហិមា ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស៊្មីធ --ប្រវត្តិ១:៦៨–៧២;គោលលទ្ធិ និង សេចក្ដីសញ្ញា១៣
យ៉ូហាន បាទីស្ទ ប្រគល់បព្វជិតភាពអើរ៉ុនមកឲ្យយ៉ូសែប ស៊្មីធ និង អូលីវើរខៅឌើរី
សូមសរសេរ សំណួរដូចខាងក្រោមនៅលើក្ដារខៀនមុនពេលរៀន ឬចែកក្រដាសសំណួរដល់សិស្សម្នាក់ៗ ( សូមកុំសរសេរចម្លើយឡើយ ) ។ នៅពេលសិស្សមកដល់ថ្នាក់រៀន សូមអញ្ជើញពួកគេឲ្យឆ្លើយសំណួរនៅលើក្រដាសមួយសន្លឹក ឬនៅលើក្រដាសដែលចែកឲ្យពួកគេនោះ ។ បើចាំបាច់ សូមឲ្យយោបល់ដល់ពួកគេឲ្យប្រើលិបិក្រមនៃបណ្ដុំព្រះគម្ពីរ ( សូមមើល « បព្វជិតភាព អើរ៉ុន » ) ឬ សេចក្ដីណែនាំដល់បទគម្ពីរ ( សូមមើល « បព្វជិតភាព អើរ៉ុន » ) ដើម្បីរកចម្លើយត្រឹមត្រូវ ។ អ្នកអាចនឹងចង់រង់ចាំរហូតដល់ សិស្សបានកត់ត្រាចម្លើយរបស់ពួកគេរួច មុនពេលអ្នកចាប់ផ្ដើមការប្រជុំធម្មនិដ្ឋាន ។
-
តើនៅកន្លែងណាក្នុងបទគម្ពីរ ដែលយើងអាចរៀនអំពីការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ?
-
តើបព្វជិតភាពអើរ៉ុនបានស្ដារឡើងវិញនៅថ្ងៃខែឆ្នាំណា ?
-
តើទេវតាដែលស្ដារបព្វជិតភាពអើរ៉ុនមកកាន់ផែនដីវិញ តាមរយៈការប្រគល់វាទៅឲ្យយ៉ូសែប ស្ម៊ីធ និងអូលីវើរ ខៅឌើរី ឈ្មោះអ្វី ?
-
តើបព្វជិតភាពអើរ៉ុនបានប្រគល់ទៅដល់ពួកលោកដោយរបៀបណា ?
-
តើទេវតាបានសន្យានឹងយ៉ូសែប និង អូលីវើរ ថាពួកគេនឹងទទួលបានអ្វីខ្លះទៀត ? តើពួកគេនឹងទទួលវាមកពីនរណា ?
( ចម្លើយ ៖ (១)យ៉ូសែប ស្ម៊ីធ --ប្រវត្តិឬគោលលទ្ធិ និង សេចក្ដីសញ្ញា១៣, (២) ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ១៨២៩ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២ ]; (៣) យ៉ូហាន បាទីស្ទ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២ ]; (៤) ដោយការដាក់ដៃលើ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៨, ៧១ ]; (៥) យ៉ូហាន បាទីស្ទ បានប្រាប់ពួកគាត់ថា ថ្ងៃក្រោយពួកគាត់នឹងទទួលបព្វជិតភាពមិលគីស្សាដែកមកពីសាវក ពេត្រុស យ៉ាកុប និងយ៉ូហាន [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២ ] ) ។
បន្ទាប់ពីការប្រជុំធម្មនិដ្ឋាន សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទីមួយ ។ បន្ទាប់ពីពួកគេបានឆ្លើយសំណួរនេះដោយត្រឹមត្រូវ សូមចាត់តាំងសិស្សឲ្យធ្វើការជាគូៗ ហើយពិនិត្យចម្លើយរបស់ពួកគេជាមួយសំណួរទាំងឡាយដែលនៅសល់ ។ ណែនាំពួកគេឲ្យប្រើ យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៨-៧២ និងការពិពណ៌នាដោយ អូលីវើរ ខៅឌើរី បន្ទាប់ពីយ៉ូសែប ស្ម៊ីធ --ប្រវត្តិ ។ អ្នកក៏អាចផ្លាស់វេនគ្នាទូទាំងថ្នាក់រៀន ដើម្បីជួយសិស្សស្វែរកចម្លើយត្រឹមត្រូវ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ សូមរំឭកចម្លើយជាមួយគ្នាក្នុងថ្នាក់ ។ នៅពេលអ្នកមើលចម្លើយទាំងនោះជាមួយគ្នា សូមជួយសិស្សប្រាប់ និងយល់នូវគោលលទ្ធិដូចខាងក្រោម ៖ យ៉ូហាន បាទីស្ទ បានស្ដារបព្វជិតភាពអើរ៉ុនមកកាន់ផែនដីវិញ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧២ ) ។ បព្វជិតភាព គឺត្រូវបានប្រគល់ដោយការដាក់ដៃលើ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៦៨, ៧១ ) ។ ផងដែរ នៅពេលអ្នកពិនិត្យមើលចម្លើយរបស់សិស្ស សូមពន្យល់ថា យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានទទួលបព្វជិតភាពមិលគីស្សាដែកពី ពេត្រុស យ៉ាកុប និង យ៉ូហាន ក្រោយមកនៅខែ ឧសភា ឆ្នាំ១៨២៩ ( សូមមើល ឡារី ស៊ី ផតធើរ« The Restoration of the Aaronic and Melchizedek Priesthoods, » Ensign ខែ ធ្នូ ឆ្នាំ១៩៩៦, ទំព័រ ៣០–៤៧ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៦៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលយ៉ូសែប និងអូលីវើរ កំពុងធ្វើ ដែលដឹកនាំពួកលោកឲ្យទូលសួរដល់ព្រះអម្ចាស់ អំពីពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។
-
ស្របតាមខគម្ពីរនេះ តើអ្វីខ្លះដែលបាននាំឲ្យ យ៉ូសែប និង អូលីវើរ សួរអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ? ( ពួកគេកំពុងបកប្រែព្រះគម្ពីរមរមន ហើយបានមកឃើញការបង្រៀនស្ដីអំពីពិធីបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប ) ។
សូមចង្អុលបង្ហាញថា ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន គឺសំខាន់យ៉ាងខ្លាំង ដែលពាក្យរបស់យ៉ូហានបាទីស្ទ ត្រូវបានដាក់បញ្ចូលនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ជាកណ្ឌទី១៣ ។ សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីរបៀបដែលការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន បានឆ្លើយតបដល់ការអធិស្ឋានរបស់ យ៉ូសែប និង អូលីវើរ ដើម្បីដឹងច្រើនទៀតអំពីពិធីបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប ។
-
តើការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុនឆ្លើយតបចំពោះការអធិស្ឋានរបស់យ៉ូសែប និង អូលីវើរ ដើម្បីដឹងច្រើនទៀតអំពីពិធីបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប យ៉ាងដូចម្តេចខ្លះណា ?
នៅលើក្ដារខៀន សូមគូររូបភាពទ្វារដែលមានរន្ធសោ ។
-
តើគោលបំណងនៃទ្វារមួយនេះជាអ្វី ? ( នៅពេលសិស្សពិភាក្សាអំពីសំណួរនេះ សូមជួយពួកគេមើលឃើញថា ទ្វារបានបើកឲ្យឃើញកន្លែងមួយទៀត ) ។ បន្ថែមពីលើនោះ ទ្វារអាចបិទឃាំងយើងឬបើកឲ្យយើងចូល ) ។
បង្ហាញសិស្សនូវកូនសោមួយ ( ឬគូររូប កូនសោដ៏សាមញ្ញមួយ នៅលើក្ដារខៀន) ហើយសួរសំណួរដូចខាងក្រោម ៖
-
តើកូនសោមួយទាក់ទងទៅនឹងដំណើរការរបស់ទ្វាយ៉ាងដូចម្ដេច ? ( ចាក់សោបិទ ឬចាក់សោបើកទ្វារ ។ នៅពេលយើងប្រើកូនសោមួយចាក់បើកទ្វារ នោះវាអាចឲ្យយើងដើរឆ្លងកាត់ ហើយជួបអ្វីដែលនៅឯម្ខាងទៀត ) ។
សូមពន្យល់ថា ព្រះអម្ចាស់ប្រើកូនសោជានិមិត្តរូបមួយ ដើម្បីតំណាងនូវសិទ្ធិអំណាចនៃបព្វជិតភាព ដែលចាក់បើកទ្វារសម្រាប់យើងទទួលនូវឱកាសនិងពរជ័យដ៏អស់កល្បជានិច្ច ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១ រកមើលកូនសោដែលជាប់ទាក់ទងទៅនឹងបព្វជិតភាពអើរ៉ុន ។ អ្នកអាចនឹងចង់ស្នើឲ្យសិស្សគូសចំណាំកូនសោទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ពេលពួកគេស្វែងរកវា ។
-
តើយ៉ូហានបាទីស្ទ ប្រាប់ថាបព្វជិតភាពអើរ៉ុនកាន់កូនសោអ្វីខ្លះ ? ( បព្វជិតភាពអើរ៉ុន កាន់កូនសោនៃការបម្រើនៃពួកទេវតា និងនៃដំណឹងល្អនៃការប្រែចិត្ត និង នៃពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប ។ អ្នកអាចនឹងចង់អញ្ជើញសិស្សម្នាក់ឲ្យសរសេរសេចក្ដីថ្លែងការនេះនៅក្រោមរូបភាពនៃទ្វារនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សយល់កាន់តែប្រសើរអំពីកូនសោនៃបព្វជិតភាពអើរ៉ុនទាំងនេះ និងពរជ័យទាំងឡាយ ដែលវាមានសម្រាប់សមាជិកនៃសាសនាចក្រ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវការពន្យល់ដូចខាងក្រោម ដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( សូមពិចារណាធ្វើការថតចម្លងសេចក្ដីថ្លែងការណ៍នេះតូចៗសម្រាប់សិស្សម្នាក់ៗ ដើម្បីរក្សានៅក្នុងគម្ពីររបស់ពួកគេ ) ។
« តើបព្វជិតភាពអើរ៉ុនកាន់ [ កូនសោនៃ ] ‹ ដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក និងការផ្ដាច់បាប › មានន័យយ៉ាងណាខ្លះ ? អត្ថន័យ គឺអាចរកបាននៅក្នុងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងនៅក្នុងពិធីសាក្រាម៉ង់ ។ ពិធីបុណ្យជ្រមុជទឹក គឺសម្រាប់ការផ្ដាច់បាប ហើយពិធីសាក្រាម៉ង់ គឺរំឭកសេចក្ដីសញ្ញា និងពរជ័យទាំងឡាយនៃពិធីបុណ្យជ្រមុជទឹក ។ ទាំងពីរ គួរតែដើរឈានមុខដោយការប្រែចិត្ត ។
« គ្មាន [ យើង ] ណាម្នាក់ បានរស់នៅដោយគ្មានអំពើបាបសោះ ចាប់តាំងពីពិធីបុណ្យជ្រមុជទឹក [ របស់យើង ] ទៅនោះទេ ។ បើគ្មានការផ្ដល់នូវការលាងសម្អាតបន្ថែមខ្លះៗ ក្រោយពីពិធីបុណ្យជ្រមុជទឹកយើងទេ នោះយើងម្នាក់ៗនឹងត្រូវវង្វេងនូវរឿងខាងវិញ្ញាណមិនខាន ។
« យើងត្រូវបានបញ្ជាឲ្យប្រែចិត្តពីអំពើបាបរបស់យើង ហើយមករកព្រះអម្ចាស់ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយទទួលទានសាក្រាម៉ង់ដោយការគោរពតាមសេចក្ដីសញ្ញានានានៃពិធីសាក្រាម៉ង់ ។ នៅពេលយើងរំឭកពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងតាមវិធីនេះ នោះព្រះអម្ចាស់នឹងរំឭកឥទ្ធិពលនៃការលាងសម្អាតនៃពិធីបុណ្យជ្រមុជទឹករបស់យើង ។
« យើងពុំអាចថ្លែងបំផ្លើសពីសារៈសំខាន់នៃបព្វជិតភាពអើរ៉ុនក្នុងនេះនោះទេ ។ ជំហានសំខាន់ៗទាំងអស់នេះ មាននូវការផ្ដាច់បាប ដែលត្រូវធ្វើឡើងតាមរយៈពិធីបរិសុទ្ធនៃការសង្គ្រោះនៃពិធីបុណ្យជ្រមុជទឹក និងការរំឭកពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ពិធីបរិសុទ្ធទាំងពីរនេះ គឺត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពអើរ៉ុន ក្រោមការដឹកនាំរបស់គណៈប៊ីស្សព ដែលអនុវត្តកូនសោនៃដំណឹងល្អនៃការប្រែចិត្ត និងនៃពិធីបុណ្យជ្រមុជទឹក និងសម្រាប់ការផ្ដាច់បាប » ( « The Aaronic Priesthood and the Sacrament, »Ensignខែ វិច្ឆិកា ឆ្នាំ១៩៩៨, ទំព័រ ៣៧-៣៨ ) ។
-
តើកូនសោនៃបព្វជិតភាពអើរ៉ុន ជួយយើងឲ្យទទួលពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
ស្របតាម អែលឌើរ អូក តើនរណាដឹកនាំកូនសោនៃដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកនៅក្នុងវួដនីមួយៗ ?
ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពី កូនសោនៃការបម្រើនៃពួកទេវតា សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវការពន្យល់ដូចខាងក្រោម ដោយអែលឌើរ អូក ៖
« ក្នុងនាមជាអ្នកកាន់បព្វជិតភាពអើរ៉ុនវ័យក្មេង ខ្ញុំពុំដែលគិតថា ខ្ញុំនឹងឃើញទេវតាទេ ហើយខ្ញុំបានងឿងឆ្ងល់អំពីលក្ខណៈដូចនោះ មានទាក់ទងអ្វីនឹងបព្វជិតភាពអើរ៉ុន ។
« ប៉ុន្តែការបម្រើនៃពួកទេវតា ក៏អាចជារឿងអាថ៌កំបាំង ។ សារលិខិតរបស់ទេវតា អាចត្រូវបានផ្ដល់ឲ្យដោយសម្លេង ឬដោយគំនិត ឬអារម្មណ៍ទំនាក់ទំនងនៅក្នុងចិត្ត » ( « The Aaronic Priesthood and the Sacrament, » ៣៩ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យមកខាងមុខថ្នាក់ ហើយកាន់រូបភាព យុវជនកំពុងទទួលបុណ្យជ្រមុជទឹក( រូបភាពសិល្បៈដំណឹងល្អ [ ២០០៩ ] លេខ ១០៣ សូមមើលផងដែរ LDS.org) និងការប្រសិទ្ធពរនៃពិធីសាក្រាម៉ង់ ( លេខ ១០៧ ) បើមាន ។
-
តើការយល់ដឹងអំពីកូនសោបព្វជិតភាពអើរ៉ុន អាចមានឥទ្ធិពលលើគំនិតនិងសកម្មភាពរបស់អ្នក នៅពេលអ្នកត្រៀមខ្លួនបម្រើ និងទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍យ៉ាងដូចម្ដេចខ្លះ ?
សូមអញ្ជើញយុវនារីម្នាក់ក្នុងថ្នាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីបព្វជិតភាពអើរ៉ុន និងពរជ័យដែលកើតមាននៅក្នុងជីវិតរបស់ពួកគេ ។ អ្នកក៏អាចចង់ចែកចាយពីមូលហេតុដែលអ្នកមានអំណរគុណចំពោះ ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុនផងដែរ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៧៣-៧៥
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានទទួលបទពិសោធន៍នៃពរជ័យដ៏មហិមា បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកលោក
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពាក្យ ឬឃ្លាដែលពិពណ៌នាថា យ៉ូសែប និង អូលីវើរ បានទទួលបទពិសោធន៍អ្វី បន្ទាប់ពីពួកគាត់បានទទួលបុណ្យជ្រមុជទឹករួចហើយនោះ ។ អ្នកអាចស្នើឲ្យសិស្សគូសចំណាំពាក្យ និង ឃ្លាទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើមានអ្វីមកសណ្ឋិតលើយ៉ូសែប និងអូលីវើរ បន្ទាប់ពីពួកលោកបានទទួលបុណ្យជ្រមុជទឹក ?
ដោយសារយ៉ូសែប និង អូលីវើរ ពុំទាន់បានទទួលអំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយ នោះអ្វីដែលពួកលោកបានជួបក្នុងស្ថានភាពនេះ គឺជា ព្រះចេស្ដារ នៃព្រះវិញ្ញាណបរិសុទ្ធ ។ យ៉ូសែប និង អូលីវើរ នឹងទទួលបព្វជិតភាពមិលគីស្សាដែកដើម្បីការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃក្រោយ ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧០ សូមមើលផងដែរ Bible Dictionary ឬសេចក្ដីណែនាំដល់បទគម្ពីរ « ព្រះវិញ្ញាណបរិសុទ្ធ »scriptures.lds.org ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពរជ័យជាក់លាក់មួយ ដែលយ៉ូសែប និងអូលីវើរ បានទទួលតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់ពីសិស្សបានរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះវិញ្ញាណបរិសុទ្ធ ជួយយើងយល់អំពីអត្ថន័យ និងបំណងនៃព្រះគម្ពីរ ។
-
ហេតុអ្វីក៏អ្នកគិតថា យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើងយល់បទគម្ពីរដូច្នេះ ?
-
តើពេលណា ដែលមានព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យយល់ « អត្ថន័យនិងបំណងពិត » នៃបទគម្ពីរ ?
អញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទី សរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីអញ្ជើញឲ្យមានការជួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេសិក្សាព្រះគម្ពីរ ។
សេចក្តីអធិប្បាយនិង ព័ត៌មានសាច់រឿង
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៧៤ ។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅពេលសិក្សាព្រះគម្ពីរ
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីភាពចាំបាច់នៃការមានព្រះវិញ្ញាណគង់ជាមួយយើង ពេលយើងសិក្សាព្រះគម្ពីរ ៖
« បើយើងស្វែងរក និងទទួលយកវិវរណៈ និងការបំផុសគំនិតដើម្បីពង្រីកការយល់ដឹងនៃបទគម្ពីររបស់យើង នោះយើងនឹងដឹងអំពីការបំពេញតាមការសន្យាដ៏បំផុសគំនិតរបស់នីហ្វៃថា អ្នកទាំងឡាយដែលស្វែងរកដោយព្យាយាម នឹងមាន ‹ ការអាថ៌កំបាំងទាំងឡាយនៃព្រះ … នឹងបានបើកបង្ហាញដល់គេ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ › ( នីហ្វៃទី ១១០:១៩ ) ។
« …មានអ្វីជាច្រើនទៀតដែលបានប្រាប់នៅក្នុងព្រះគម្ពីរដែលអាចត្រូវបានយល់តែតាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។ នៅក្នុងពាក្យសម្ដីរបស់សាវកប៉ុល ‹ បើមិនមែនជាព្រះវិញ្ញាណនៃព្រះនោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ › ( JSTកូរិនថូសទី១ ២:១១ ) ។…
« យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី បានធ្វើជាគំរូសម្រាប់គ្រាកាន់កាប់ត្រួតត្រានេះ ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកលោករួចមក ពួកលោកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ នោះដូចដែលយ៉ូសែប បានពន្យល់នៅក្នុងប្រវត្តិផ្ទាល់ខ្លួនរបស់លោក ‹ មកពីគំនិតយើងបានទទួលការបំភ្លឺ នោះយើងចាប់ផ្ដើមយល់នូវបទគម្ពីរទាំងឡាយដែលបានលាតត្រដាងនៅចំពោះយើង ហើយអត្ថន័យ និងគោលបំណងនៃវគ្គដ៏អាថ៌កំបាំងទាំងឡាយនោះ ក៏បានបើកសម្ដែងដល់យើង តាមរបៀបដែលយើងពុំដែលបានទទួលពីមុន ឬគិតពីមុនមកសោះ › ( យ៉ូសែប ស្ម៊ីធ--ប្រវត្តិ១:៧៤) ។…
« ដូចប៉ុលបានប្រាប់ដល់ធីម៉ូថេរ ‹ គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ › ( ធីម៉ូថេទី ២ ៣:១៦ សូមមើលផងដែរ ពេត្រុសទី ២១:២១ នេះមានន័យថា ដើម្បីយល់បទគម្ពីរ គំនិតយើងចាំបាច់ត្រូវបានបំភ្លឺដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ » ( Scripture Reading and Revelation » Ensign, ខែ មករា ឆ្នាំ១៩៩៥, ៧, ៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ តើមានន័យយ៉ាងណាដែលថា កូនប្រុសទាំងឡាយរបស់លេវី ថ្វាយដង្វាយដល់ព្រះអម្ចាស់នោះ ?
ព្យាការី យ៉ូសែប ស៊្មីធ បានពន្យល់ដូចខាងក្រោមអំពីដង្វាយដែលនឹងផ្ដល់ឲ្យដោយកូនប្រុសទាំងឡាយរបស់លេវី ៖
« ជាទូទៅ មានគំនិតស្មានថា ដង្វាយគឺត្រូវបានសម្រេចហើយ នៅពេលការពលិកម្មដ៏ធំ[ ឧ. ការពលិកម្មរបស់ព្រះអម្ចាស់ព្រះយេស៊ូ ] ត្រូវបានធ្វើឡើងហើយនោះ ហើយថាវានឹងពុំចាំបាច់ដើម្បីមានពិធីបរិសុទ្ធនៃការថ្វាយនៅពេលអនាគតទេ ប៉ុន្តែអ្នកទាំងឡាយដែលជឿដូច្នេះ គឺច្បាស់ណាស់ថា ពួកគេពុំបានស្គាល់កាតព្វកិច្ច ឯកសិទ្ធិ និងសិទ្ធិអំណាចនៃបព្វជិតភាព ឬស្គាល់ពួកព្យាការីទេ ។
« ការថ្វាយដង្វាយ ត្រូវបានតភ្ជាប់ និងបង្កើតជាផ្នែកមួយនៃកាតព្វកិច្ចនៃបព្វជិតភាពជានិច្ច ។ វាចាប់ផ្ដើមជាមួយនឹងបព្វជិតភាព ហើយវានឹងបន្ដរហូតដល់បន្ទាប់ពីការយាងមករបស់ព្រះគ្រីស្ទ ពីមួយជំនាន់ទៅមួយជំនាន់ ។…
« ដង្វាយទាំងនេះ ក៏ដូចជាពិធីបរិសុទ្ធនានាទាំងអស់ គឺជារបស់ផងបព្វជិតភាព នៅពេលព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់នឹងសាងសង់ឡើង ហើយកូនប្រុសទាំងឡាយនៃលេវី បានបរិសុទ្ធ នោះនឹងបានស្ដារឡើងវិញ និងចូលរួមពេញលេញនៅក្នុងអំណាច លទ្ធផល និងពរជ័យនានារបស់ពួកគេ ។ ការណ៍នេះបានមាន ហើយនៅតែមានជានិច្ច ពេលដែលអំណាចនៃបព្វជិតភាពមិលគីស្សាដែក ត្រូវបានបង្ហាញគ្រប់គ្រាន់ តើការកសាងឡើងវិញនៃរឿងដែលបាននិយាយដោយព្យាការីដ៏បរិសុទ្ធត្រូវបានបំពេញទាំងអស់ យ៉ាងដូចម្ដេចទៅ ? វាពុំត្រូវបានពន្យល់ថា ច្បាប់របស់ម៉ូសេ នឹងត្រូវបានស្ថាបនាឡើងម្ដងទៀត ជាមួយនឹងក្បួនរបស់វាទាំងអស់ និងពិធីផ្សេងៗនោះទេ ការណ៍នេះពុំដែលត្រូវបាននិយាយដោយពួកព្យាការីទេ ប៉ុន្តែរឿងទាំងនោះពិតជាមានតាំងពីមុនជំនាន់របស់ម៉ូសេ ដូចជា ការថ្វាយដង្វាយ នឹងត្រូវមានបន្ដ » ( History of the Church,៤:២១១–១២ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់បន្ថែមទៀតថា ៖
« យើងកំពុងរស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ដែលរឿងគ្រប់យ៉ាងត្រូវបានប្រមូលផ្ដុំ ហើយ រឿងគ្រប់យ៉ាង ត្រូវបានស្ដារឡើងវិញ ចាប់តាំងពីដើមដំបូង ។ សូម្បីតែផែនដីនេះ គឺត្រូវបានស្ដារឡើងវិញក្នុងស្ថានភាពដែលមានជ័យជំនះ មុនពេលការរំលងរបស់លោកអ័ដាម ។ ឥឡូវនៅក្នុងធម្មជាតិនៃវត្ថុទាំងឡាយច្បាប់នៃការថ្វាយ នឹងត្រូវបានស្ដារឡើងវិញ ឬក៏រឿងគ្រប់យ៉ាង ដែលត្រូវបានបញ្ជាដោយព្រះអម្ចាស់ នឹងពុំត្រូវបានស្ដារឡើងវិញ ។ ហេតុដូច្នោះហើយ វានឹងចាំបាច់ ដែលកូនប្រុសទាំងឡាយនៃលេវី ដែលបានថ្វាយដង្វាយជាលោហិតពីបុរាណនៅអ៊ីស្រាអែល ត្រូវថ្វាយដង្វាយដូចនេះម្ដងទៀត ដើម្បីបញ្ចប់ពិធីបរិសុទ្ធនេះនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ ការថ្វាយដង្វាយដោយការបង្ហូរលោហិត គឺត្រូវបានជំនួសនៅជំនាន់របស់លោកអ័ដាម ហើយចាំបាច់នឹងត្រូវស្ដារឡើងវិញ ។
« ការបូជាសត្វ នឹងត្រូវបានធ្វើឡើង ដើម្បីបំពេញការស្ដារឡើងវិញនៅពេលព្រះវិហារបរិសុទ្ធដែលបាននិយាយនោះ ត្រូវបានសាងសង់ឡើង នៅការចាប់ផ្ដើមនៃសហសវត្សរ៍ ឬនៅក្នុងការស្ដារឡើងវិញ នោះការថ្វាយដង្វាយលោហិត នឹងត្រូវបានធ្វើឡើងយូរល្មមដើម្បីបំពេញនូវភាពពេញលេញនៃការស្ដារឡើងវិញក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ ក្រោយមក ការពលិកម្មនឹងមានលក្ខណៈផ្សេងមួយចំនួន » ( Doctrines of Salvationed. Bruce R. McConkie [ ឆ្នាំ១៩៥៦ ], ៣:៩៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ ការពន្យល់អំពីកូនសោនានា
អែលឌើរ ប្រូស អ័រ មិកខនឃី បានពន្យល់ថា វិវរណៈដែលព្រះសំដៅលើចំពោះ កូនសោ គឺក្នុងរបៀបពីយ៉ាង ៖
« ការប្រើពាក្យកូនសោពីរផ្សេងគ្នា ត្រូវបានរកឃើញនៅក្នុងវិវរណៈ ។ មួយមានសេចក្ដីយោងទៅអំណាចដឹកនាំ ដែលសាសនាចក្រ ឬនគរ និងអង្គការទាំងអស់នៃនគរត្រូវបានគ្រប់គ្រង កូនសោនៃនគរ គឺជាអំណាចនៃគណៈប្រធាន ។ ការប្រើប្រាស់មួយទៀត សំដៅទៅលើអត្ថន័យដែលបានផ្ដល់ឲ្យ ជាអ្វីមួយដែលត្រូវបានបើកសម្ដែង រកឃើញ ឬបើកបង្ហាញ » ( Mormon Doctrine, 2nd ed. [ ឆ្នាំ១៩៦៦ ], ៤០៩–១០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ កូនសោនៃពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្តាច់បាប
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវការយល់ដឹងដូចខាងក្រោមអំពីកូនសោនៃការបម្រើរបស់ពួកទេវតាថា ៖
« តាមរបៀបដ៏ជិតស្និត ពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុនទាំងនេះ គឺសំខាន់ផងដែរចំពោះការបម្រើនៃពួកទេវតា ។
« ‹ ពាក្យ « ទេវតា » គឺត្រូវបានប្រើក្នុងបទគម្ពីរសម្រាប់តួអង្គស្ថានសួគ៌គ្រប់អង្គដែលមានសារដំណឹងរបស់ព្រះ › ( ចច ឃ្យូ ខានុន Gospel Truth, sel. Jerreld L. Newquist [ ឆ្នាំ១៩៨៧ ], ៥៤ ) ។ បទគម្ពីររៀបរាប់នូវឧទាហរណ៍យ៉ាងច្រើន ដែលពួកទេវតាបានលេចមកជាតួអង្គ ។…
« ប៉ុន្តែការបម្រើនៃពួកទេវតា ក៏អាចជារឿងអាថ៌កំបាំង ។ សារលិខិតរបស់ទេវតា អាចត្រូវបានផ្ដល់ឲ្យដោយសម្លេង ឬដោយគំនិត ឬអារម្មណ៍ទំនាក់ទំនងនៅក្នុងចិត្ត ។
« … ទេវតាភាគច្រើនទំនាក់ទំនងតាមរយៈអារម្មណ៍ ឬបានស្ដាប់ឮ ជាជាងការបានឃើញ ។
« តើបព្វជិតភាពអើរ៉ុន កាន់កូនសោនៃការបម្រើរបស់ពួកទេវតាយ៉ាងដូចម្ដេច ? ចម្លើយគឺដូចគ្នានឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
« ជាទូទៅ ពរជ័យនៃការមានភាពជាដៃគូ និងទំនាក់ទំនងខាងវិញ្ញាណ គឺមានតែចំពោះអ្នកទាំងឡាយណាដែលស្អាតស្អំប៉ុណ្ណោះ ។ ដូចបានពន្យល់ពីខាងដើម តាមរយៈពិធីបរិសុទ្ធបព្វជិតភាពអើរ៉ុន នៃពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ នោះយើងត្រូវបានស្អាតពីអំពើបាបរបស់យើង ហើយបានសន្យាថា បើយើងរក្សាសេចក្ដីសញ្ញាទាំងឡាយរបស់យើង នោះយើងនឹងតែងតែមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជានិច្ច ។ ខ្ញុំជឿថា ការសន្យាពុំសំដៅតែទៅលើព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះទេ ប៉ុន្ដែក៏សំដៅទៅលើការបម្រើនៃពួកទេវតា ដ្បិត ‹ ពួកទេវតានិយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នោះហើយ ពួកទេវតានិយាយអំពីព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ › ( នីហ្វៃទី ២ ៣២:៣ ) ។ ដូច្នេះអ្នកទាំងឡាយដែលកាន់បព្វជិតភាពអើរ៉ុន បើកទ្វាសម្រាប់សមាជិកសាសនាចក្រទាំងអស់ ដែលទទួលទានពិធីសាក្រាម៉ង់ដោយសក្ដិសម ដើម្បីរីករាយនឹងភាពជាដៃគូនៃព្រះវិញ្ញាណនៃព្រះអម្ចាស់ និងការបម្រើនៃពួកទេវតា ។
« បព្វជិតភាពអើរ៉ុនកាន់ [ កូនសោនៃ ] ‹ ដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក និងការផ្ដាច់បាប › ( គ. និង ស. ៨៤:២៧ ) ។ អំណាចនៃការលាងសម្អាតនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះយើង ត្រូវបានរំឭកសម្រាប់យើង នៅពេលយើងទទួលទានពិធីសាក្រាម៉ង់ ។ ការសន្យាដែលថា យើងអាច ‹ បានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង[ យើង ] ជានិច្ច › ( គ. និង ស. ២០:៧៧) គឺសំខាន់ចំពោះជីវភាពខាងវិញ្ញាណរបស់យើង ។ ពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន គឺសំខាន់សម្រាប់ការណ៍អស់ទាំងនេះ » ( « The Aaronic Priesthood and the Sacrament, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨, ៣៨-៤០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១៣:១ ។ ការបម្រើនៃពួកទេវតា
ប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី បានពន្យល់ពីការបម្រើនៃពួកទេវតាតាមរបៀបនេះថា ៖
« កាលដែលវិលហ្វូឌ វូឌដ្រុព្វ ជាបុរសដែលបានរស់នៅជាច្រើនឆ្នាំ ហើយមានបទពិសោធន៍យ៉ាងច្រើន គឺជាប្រធាននៃសាសនាចក្រ នោះលោកបានមានប្រសាសន៍ទៅកាន់យុវជននៃបព្វជិតភាពអើរ៉ុនថា ៖ ‹ ខ្ញុំមានបំណងដើម្បីសម្ដែងប្រាប់អ្នករាល់គ្នាអំពីការពិតថា វាពុំបានធ្វើឲ្យមានភាពខុសប្លែកគ្នាទេ ទោះជាបុរសនោះជាសង្ឃ ឬជាសាវកក្ដី បើគាត់តម្កើងការហៅរបស់គាត់នោះ ។ ជាសង្ឃម្នាក់ កាន់កូនសោនៃការបម្រើនៃពួកទេវតា › ។ ‹ ទោះជាសាវក ជាពួកចិតសិបនាក់ ឬជាអែលឌើរ នៅក្នុងជីវិតខ្ញុំគឺពុំដែលបានទទួល ការពារមកពីព្រះអម្ចាស់ច្រើនជាងកាលដែលខ្ញុំកាន់តំណែងជាសង្ឃនោះឡើយ › ។ ( Millennial Star, ៥៣:៦២៩ ) ។
« សូមគិតអំពីវា យុវជនជាទីស្រឡាញ់របស់ខ្ញុំអើយ ។ បព្វជិតភាពដែលអ្នកកាន់នេះមាននូវកូនសោនៃការបម្រើនៃពួកទេវតា ។ តាមដែលខ្ញុំយល់ នោះវាមានន័យថា បើអ្នករស់នៅដោយសក្ដិសមនៃបព្វជិតភាព នោះអ្នកមានសិទ្ធិដើម្បីទទួលនិងរីករាយជាមួយនឹងព្រះចេស្ដានៃតួអង្គស្ថានសួគ៌ ដើម្បីដឹកនាំអ្នក ការពារអ្នក និងប្រទានពរអ្នក ។ មែនហើយ បើគាត់ចេះគិតច្រើន តើគាត់នឹងមិនស្វាគមន៍នូវពរជ័យអស្ចារ្យដូច្នេះទេឬអី ? « The Priesthood of Aaron, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨២, ៤៥ ) ។