មេរៀនទី ៩១
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១-៤០
បុព្វកថា
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានថ្លែងថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨គឺជា « វិវរណៈដ៏មហិមាបំផុតមួយដែលបានប្រទានដល់មនុស្ស » (Doctrines of Salvationcomp. Bruce R. McConkie, វ៉ុលទី ៣ [ឆ្នាំ ១៩៥៤–៥៦] ៣:១៨១ ) ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះអស់រយៈពេលជាងបីថ្ងៃ--ថ្ងៃទី ២៧-២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ និង ថ្ងៃទី ៣ ខែ មករា ឆ្នាំ ១៨៣៣ -- បន្ទាប់ពីពួកសង្ឃជាន់ខ្ពស់នៅក្នុងសន្និសីទមួយ បានអធិស្ឋានដើម្បីដឹងពីព្រះទ័យរបស់ព្រះអម្ចាស់ ស្ដីអំពីការស្ថាបនានៃស៊ីយ៉ូន ។ នេះគឺជាមេរៀនទីមួយនៃមេរៀនទាំងបួនអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨។ ផ្នែកនៃវិវរណៈដែលបានពិភាក្សានៅក្នុងមេរៀននេះ រួមមាន (១) ការប្រកាសរបស់ព្រះអម្ចាស់ថា ទ្រង់គឺជាពន្លឺ ដែលគ្រប់គ្រង និងនៅក្នុងគ្រប់អ្វីៗទាំងអស់ ហើយ (២) ការពន្យល់របស់ទ្រង់អំពីក្រឹត្យវិន័យដែលគ្រប់គ្រងនគរ និងរាស្ត្ររបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១-១៣
ព្រះអម្ចាស់ប្រកាសថា ទ្រង់គឺជាពន្លឺនៅក្នុងគ្រប់អ្វីទាំងអស់
សូមសួរដល់សិស្សបើសិនជាពួកគេធ្លាប់ស្ថិតនៅក្នុងស្ថានភាពងងឹតសូន្យសឹងឬទេ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។ សូមដាក់តាំងពិល ឬទៀន ឬគូរូបនៅលើក្ដារខៀន ។
-
តើការស្ថិតនៅក្នុងស្ថានភាពងងឹតសូន្យសឹងនឹងជួយអ្នកថ្លែងអំណរគុណចំពោះពរជ័យនៃការមានពន្លឺយ៉ាងដូចម្ដេច ?
-
តើពន្លឺតំណាងឲ្យអ្វីនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨រួមមានទាំងការបង្រៀនរបស់ព្រះអម្ចាស់អំពីសារៈសំខាន់នៃពន្លឺ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះអស់រយៈពេលជាងបីថ្ងៃ បន្ទាប់ពីពួកសង្សជាន់ខ្ពស់នៅក្នុងសន្និសីទមួយ បានអធិស្ឋានដើម្បីដឹងពីព្រះទ័យរបស់ព្រះអម្ចាស់ ស្ដីអំពីការស្ថាបនានៃស៊ីយ៉ូន ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១-២ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីរបៀបដែលទ្រង់ និងពួកទេវតា មានអារម្មណ៍ថាយ៉ាងណា នៅពេលពួកអ្នកបម្រើរបស់ទ្រង់អធិស្ឋានសុំដឹងពីព្រះទ័យរបស់ទ្រង់នោះ ។
-
ហេតុអ្វីក៏អ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យ ហើយពួកទេវតាអរសប្បាយ នៅពេលយើងអធិស្ឋានទូលសុំចង់ដឹងនូវព្រះទ័យរបស់ព្រះអម្ចាស់ ?
-
តើការដឹងនូវព្រះទ័យរបស់ព្រះប្រៀបដូចជាពន្លឺចំពោះអ្នកទាំងឡាយណាដែលកំពុងស្វែងរកវាយ៉ាងដូចម្ដេច ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៣-៥ដោយពន្យល់ថា ព្រះអម្ចាស់បានបង្រៀនដល់បងប្អូនប្រុសទាំងនេះថា ពួកគេអាចទទួលការអះអាងនូវជីវិតដ៏អស់កល្បជានិច្ច តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលត្រូវបានហៅថា ជាអង្គលួងលោមចិត្ត និងព្រះវិញ្ញាណបរិសុទ្ធនៃការសន្យាផងដែរ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១-១៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីប្រភពនៃពន្លឺទាំងអស់ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
នៅក្នុងខ ៧តើពាក្យអ្វី ដែលត្រូវបានប្រើសំដៅទៅលើពន្លឺនៃសេចក្ដីពិត ?
-
ស្របតាមខ ១២-១៣តើពន្លឺទាំងអស់កើតចេញមកពីកន្លែងណា ?
-
តើការបង្កបង្កើតរបស់ទ្រង់ តាមរយៈពន្លឺនៃព្រះគ្រីស្ទ ព្រះមានឥទ្ធិពលយ៉ាងដូចម្ដេច? ( សូមជួយសិស្សប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖តាមរយៈពន្លឺនៃព្រះគ្រីស្ទ ព្រះប្រទានពន្លឺ និងជីវិតដល់គ្រប់ការបង្កបង្កើតរបស់ទ្រង់ទាំងអស់ ។ អ្នកអាចនឹងចង់សរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ។ សិស្សក៏អាចប្រាប់ផងដែរថា ពន្លឺនៃព្រះគ្រីស្ទ គឺជាក្រឹត្យវិន័យ ដែលគ្រប់គ្រងសាកលលោក និងប្រជារាស្រ្ត ហើយវា « ប្រោស » ការយល់ដឹងរបស់យើង ។ ប្រោសមានន័យថា ធ្វើឲ្យរស់រវើក ។ ដោយសារពាក្យនេះត្រូវបានប្រើក្រោយទៀតនៅក្នុងវិវរណៈ សូមពិចារណាធ្វើការអញ្ជើញដល់សិស្សឲ្យសរសេរនិយមន័យនេះ នៅក្នុងរឹមទំព័រគម្ពីររបស់ពួកគេជិតនឹងខ ១១) ។
បើចាំបាច់ សូមបន្ថែមការពន្យល់របស់សិស្សអំពីពន្លឺនៃព្រះគ្រីស្ទ ដោយការពន្យល់ថា វាគឺជា « ថាមពលទេវភាព ព្រះចេស្ដា ឬឥទ្ធិពលដែលចេញមកពីព្រះ តាមរយៈព្រះគ្រីស្ទ ហើយផ្ដល់ជីវិត និងពន្លឺចំពោះគ្រប់របស់ទាំងអស់ » ( Guide to the Scriptures, «Light of Christ,»scriptures.lds.org ) ។
ដើម្បីជួយសិស្សពិចារណាអំពីរបៀបដែលពួកគេត្រូវបានប្រទានពរ តាមរយៈពន្លឺនៃព្រះគ្រីស្ទ សូមសរសេរផ្នែកដូចខាងក្រោមនៅលើក្ដារខៀន ៖
ពន្លឺខាងរូបកាយ ការយល់ដឹង ជីវិត ក្រឹត្យវិន័យ
សូមអញ្ជើញសិស្សឲ្យសរសេរឧទាហរណ៍នៅលើក្ដារខៀនអំពីរបៀបដែលការបើកសម្ដែងអំពីពន្លឺនៃព្រះគ្រីស្ទទាំងនេះ មានឥទ្ធិពលលើពួកគេប្រចាំថ្ងៃ ។ ( ឧទាហរណ៍មួយចំនួន អាចរួមមាន លទ្ធភាពដើម្បីមើលឃើញ លទ្ធភាពដើម្បីរៀន និងស្គាល់សេចក្ដីពិត ការដុះលូតលាស់នៃដើមរុក្ខជាតិ និងសត្វ ដែលផ្ដល់ជាអាហារ និងសំលៀកបំពាក់ដល់យើង និងលទ្ធភាពដើម្បីស្គាល់ភាពខុសគ្នារវាងល្អ និងអាក្រក់ ) ។
-
តើសេចក្ដីពិតដែលយើងបានពិភាក្សាអំពីពន្លឺ នៃព្រះគ្រីស្ទ អាចជួយយើងថ្លែងអំណរគុណចំពោះឥទ្ធិពលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៤-៤០
ព្រះអម្ចាស់ពន្យល់ថា មានក្រឹត្យវិន័យជាច្រើនទាក់ទងនឹងនគរនៃសិរីល្អ
សូមបង្ហាញស្រោមដៃ ហើយពន្យល់ថា វាតំណាងឲ្យរូបកាយសាច់ឈាម ។ សូមអញ្ជើញសិស្សម្នាក់ឲ្យពាក់ស្រោមដៃ ហើយកម្រើកម្រាមដៃរបស់គេ ។ សូមចង្អុលបង្ហាញថា ដៃកម្រើក ឬផ្ដល់ភាពរស់រវើកដល់ស្រោមដៃ ។
-
បើស្រោមដៃតំណាងឲ្យរូបកាយសាច់ឈាម តើដៃអាចតំណាងឲ្យអ្វី ? ( រូបកាយខាងវិញ្ញាណមួយ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់ បានហៅ ចំពោះការផ្គុំគ្នានៃវិញ្ញាណ និងរូបកាយ។
-
តើព្រះអម្ចាស់ហៅការផ្គុំគ្នានៃវិញ្ញាណ និងរូបកាយថាជាអ្វី ? (វិញ្ញាណ និងរូបកាយ គឺជាព្រលឹងមនុស្ស។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំគោលលទ្ធិនេះ ) ។
-
តើរឿងទាំងឡាយដែលជះឥទ្ធិពលដល់រូបកាយរបស់យើង អាចជះឥទ្ធិពលដល់វិញ្ញាណរបស់យើងយ៉ាងដូចម្ដេច ? ( នៅពេលសិស្សឆ្លើយតប សូមលើកទឹកចិត្តពួកគេឲ្យផ្ដល់ឧទាហរណ៍មួយចំនួន ) ។
ដើម្បីជួយសិស្សយល់បន្ថែមទៀតអំពីទំនាក់ទំនងរវាងរូបកាយ និងវិញ្ញាណរបស់យើង សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ ប្រធាន ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីរបៀបដែលវិញ្ញាណ និងរូបកាយអាចជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។
« ពុំត្រូវចោទសួរថាតើសុខភាពរូបកាយ ប៉ះពាល់ដល់វិញ្ញាណដែរឬទេនោះឡើយ បើពុំសោតទេនោះ ព្រះអម្ចាស់នឹងមិនចាំបាច់បើកសម្ដែងពាក្យសម្ដីនៃប្រាជ្ញាវាងវៃនោះទេ ។ ព្រះពុំប្រទានបទបញ្ញត្តិខាងសាច់ឈាមណាមួយទេ--ដែលជះឥទ្ធិពលដល់រូបកាយរបស់យើង និង [វិញ្ញាណ] របស់យើងផង ។…
« … អំពើបាបធ្វើឲ្យបាត់បង់ភាពរឹងមាំ ។ វាជះឥទ្ធិពល មិនគ្រាន់តែដល់ [វិញ្ញាណ] ប៉ុណ្ណោះទេ ប៉ុន្តែដល់រូបកាយផងដែរ ។ បទគម្ពីរមានពេញទៅដោយឧទាហរណ៍អំពីអំណាចខាងរូបកាយ ដែលអាចរួមគ្នានឹងសេចក្ដីសុចរិត ។ ផ្ទុយទៅវិញ អំពើបាបដែលពុំប្រែចិត្ត អាចធ្វើឲ្យថាមពលសាយភាយ ហើយនាំឲ្យកើតមានជំងឺទាំងខាងសតិអារម្មណ៍ និងខាងរូបកាយ » (In His Steps »Ensignខែ កញ្ញា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។
-
តើការយល់ដឹងអំពីទំនាក់ទំនងរវាងរូបកាយអ្នក និងវិញ្ញាណរបស់អ្នក អាចជួយអ្នកធ្វើការសម្រេចចិត្តសុចរិតយ៉ាងដូចម្ដេច ?
ដើម្បីរៀបចំសិស្សធ្វើការពិភាក្សាអំពីសេចក្ដីពិត អំពីការរស់ឡើងវិញ សូមអញ្ជើញសិស្សឲ្យឡើងមកក្តាខៀន ហើយដកស្រោមដៃចេញពីដៃគាត់ ហើយដាក់ស្រោមដៃនោះនៅលើតុ ឬកៅអី ។
-
តើសកម្មភាពនេះ អាចតំណាងឲ្យអ្វី ? ( សេចក្ដីស្លាប់ខាងរូបកាយ ) ។
-
តើមានអ្វីកើតឡើងចំពោះព្រលឹងនៅពេលស្លាប់ ? ( វិញ្ញាណ និងរូបកាយ ត្រូវបានបំបែកចេញពីគ្នា ) ។
សូមអញ្ជើញសិស្សឲ្យយកស្រោមដៃមក ហើយពាក់វាម្ដងទៀត ។
-
តើសកម្មភាពនេះ អាចតំណាងឲ្យអ្វី ? ( ការរស់ឡើងវិញ ) ។
-
តើមានអ្វីកើតឡើងចំពោះព្រលឹងនៅពេលការរស់ឡើងវិញ ? ( វិញ្ញាណ និងរូបកាយ ត្រូវបានផ្គុំគ្នាវិញ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៤, ១៦-១៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្រះអម្ចាស់ពិពណ៌នាអំពីការរស់ឡើងវិញ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
តើនរណាដែលបានធ្វើឲ្យព្រលឹងរបស់យើងត្រូវបានប្រោសលោះ ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ បានធ្វើឲ្យព្រលឹងរបស់យើងត្រូវបានប្រោសលោះឡើងវិញ )
-
បន្ទាប់ពីព្រលឹងរបស់យើងត្រូវបានប្រោសលោះ តើព្រលឹងនៃ « ជនក្រីក្រ និង រាបសារ » នឹងទទួលគ្រងអ្វីខ្លះ ? ( ផែនដី ) ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៨-២០ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយរកមើលនូវអ្វីដែលនឹងកើតឡើងចំពោះផែនដី ពីមុនព្រលឹងដែលបានប្រោសលោះទាំងឡាយ អាចគ្រងមរតក។
-
តើមានអ្វីខ្លះនឹងកើតឡើងចំពោះផែនដី ពីមុនព្រលឹងប្រោសលោះអាចបានគ្រងមរតកនោះ?
-
ស្របតាមស ១៩តើនរណានឹងមានវត្តមាន នៅលើផែនដីដែលបានញែកចេញបរិសុទ្ធ ?
សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖« តើនរណានឹងសក្ដិសមដើម្បីរស់នៅក្នុងនគរសេឡេស្ទាល ហើយរីករាយជាមួយវត្តមានរបស់ព្រះវរបិតាសួគ៌ ? សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេនឹងឆ្លើយសំណួរនេះ ។
សូមពន្យល់ថា ក៏ដូចជាផែនដីដែលនឹងទទួលសិរីល្អ បន្ទាប់ពីវាត្រូវបានញែកចេញជាបរិសុទ្ធ នោះរូបកាយរបស់យើងក៏នឹងត្រូវបានផ្លាស់ប្ដូរ ហើយបានទទួលសិរីល្អនៅក្នុងការរស់ឡើងវិញផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ពុំមែនមនុស្សទាំងអស់នឹងទទួលបានកម្រិតនៃសិរីល្អដូចគ្នាទាំងអស់នោះទេ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:២១-២៤ដោយស្ងាត់ស្ងៀម ហើយប្រាប់នូវអ្វីដែលកំណត់កម្រិតនៃសិរីល្អ ដែលមនុស្សម្នាក់ទទួលបាននៅក្នុងការរស់ឡើងវិញ ។
-
តើអ្វីខ្លះដែលកំណត់អំពីកម្រិតនៃសិរីល្អរបស់មនុស្សម្នាក់ ដែលនឹងទទួលនៅក្នុងការរស់ឡើងវិញ ? ( សូមសរសេរគោលលទ្ធិខាងក្រោមនៅលើក្តារខៀន ៖ អ្នកក៏អាចឲ្យយោបល់ដល់សិស្សឲ្យសរសេរវានៅរឹមនៃព្រះគម្ពីររបស់ពួកគេផងដែរ ។ នៅក្នុងការរស់ឡើងវិញ យើងនឹងទទួលបានសិរីល្អស្របតាមក្រឹត្យវិន័យដែលយើងគោរពតាម ) ។
ដើម្បីជួយសិស្សយល់បន្ថែមអំពីសេចក្ដីពិតនេះសូមអញ្ជើញពួកគេឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:២៥-៣៣ជាមួយដៃគូ ។ សូមឲ្យពួកគេរកមើលរបៀបដែលការគោរពប្រតិបត្តិចំពោះក្រឹត្យវិន័យរបស់ព្រះគ្រីស្ទនឹងជះឥទ្ធិពលលើផែនដី និងយើងម្នាក់ៗយ៉ាងដូចម្ដេចខ្លះ ។ អ្នកអាចផ្ដល់យោបល់ឲ្យសិស្សថា ពួកគេគួរតែគូសចំណាំចំពោះអ្វីដែលពួកគេរកឃើញ ។
-
តើអ្នករកឃើញអ្វីខ្លះ ដែលគាំទ្រសេចក្ដីពិតថា នៅក្នុងការរស់ឡើងវិញ យើងនឹងទទួលបានសិរីល្អ ស្របតាមក្រឹត្យវិន័យដែលយើងគោរពតាម ?
-
សូមកត់សម្គាល់នៅក្នុងខ ២៨តើព្រះអម្ចាស់សំដៅទៅលើនរណាដែល « ជាវិញ្ញាណនៃសេឡេស្ទាល » ? តើអ្នកគិតថា « ជាវិញ្ញាណនៃសេឡេស្ទាល » មានន័យយ៉ាងណា ?
សូមជួយសិស្សឲ្យយល់ថា អ្នកទាំងឡាយណាដែលជាវិញ្ញាណនៃសេឡេស្ទាល គឺជាបុគ្គលទាំងឡាយណាដែលរស់នៅស្របតាមក្រឹត្យវិន័យនៃនគរសេឡេស្ទាល ។ សូមរំឭកសិស្សក្នុងថ្នាក់ថា យើងដឹងមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ថា ក្រឹត្យវិន័យនៃនគរសេឡេស្ទាល រួមមានទាំងការមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ការរក្សាបទបញ្ញត្តិ ការចុះ និងរក្សាសេចក្ដីសញ្ញាទាំងឡាយ ការយកឈ្នះដោយសេចក្ដីជំនឿ និងការទទួលព្រះវិញ្ញាណបរិសុទ្ធនៃការសន្យា ( សូមមើលគ. និង ស. ៧៦:៥០-៥៣, ៦៩-៧០) ។
-
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:២៨-២៩តើព្រះអម្ចាស់ពិពណ៌នាអំពីរូបកាយដែលបានរស់ឡើងវិញរបស់អ្នកទាំងឡាយដែលទទួលសិរីល្អសេឡេស្ទាលយ៉ាងដូចម្ដេច ?
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៣០-៣១បើមនុស្សម្នាក់គោរពតាមក្រឹត្យវិន័យទេរេទ្រាល និងទេឡេស្ទាលតែប៉ុណ្ណោះនៅលើផែនដី តើរូបកាយប្រភេទណា ដែលពួកគេនឹងទទួលបាននៅក្នុងការរស់ឡើងវិញ ? ( សូមជួយសិស្សឲ្យយល់ថា រូបកាយដែលរស់ឡើងវិញរបស់យើង នឹងត្រូវគ្នានៅក្នុងសិរីល្អជាមួយនឹងប្រភេទនៃវិញ្ញាណដែលយើងបានប្រែក្លាយឡើយ ) ។
ដើម្បីជួយសិស្សយល់បន្ថែមទៀតអំពីគោលលទ្ធិ ដែលយើងទទួលសិរីល្អ ស្របតាមក្រឹត្យវិន័យដែលយើងគោរពតាម សូមអញ្ជើញពួកគេឲ្យធ្វើការជាបីក្រុម ឬបួននាក់ ដើម្បីបំពេញកិច្ចការចាត់តាំងដូចខាងក្រោម។ អ្នកអាចចែកច្បាប់ចម្លងនៃសេចក្ដីណែនាំ ឬសរសេរវានៅលើក្ដារខៀន ។
-
សូមពិភាក្សាសំណួរដូចខាងក្រោមរួមគ្នា ៖ តើអត្ថប្រយោជន៍មួយចំនួនចំពោះការគោរពដល់ច្បាប់ចរាចរ មានអ្វីខ្លះ ? តើលទ្ធផលមួយចំនួនចំពោះការមិនគោរពច្បាប់ចរណ៏មានអ្វីខ្លះ ?
-
សូមអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៣៤-៣៥ហើយរកមើលលទ្ធផលនៃការរស់នៅ និងការបដិសេធក្នុងការរស់នៅតាមក្រឹត្យវិន័យរបស់ព្រះ ។ សូមពិភាក្សាអំពីអ្វីដែលអ្នករកឃើញ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤០ពិភាក្សាអំពីគុណសម្បត្តិនៃមនុស្សដែលនឹងខិតទៅជិតនគរសេឡេស្ទាល ។ សូមសិក្សាខនេះជាមួយគ្នា ហើយប្រាប់អំពីគុណសម្បត្តិទាំងឡាយ ។ រួចពិភាក្សានូវអ្វីដែលយើងអាចធ្វើ ដើម្បីអភិវឌ្ឍ ឬពង្រឹងដល់គុណសម្បត្តិទាំងនេះនៅក្នុងជីវិតរបស់យើង ។
បន្ទាប់ពីសិស្សពិភាក្សាអំពីគុណសម្បត្តិទាំងនេះក្នុងក្រុមរបស់ពួកគេ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពន្លឺ ដែលបំពេញក្នុងជីវិតរបស់យើង នៅពេលយើងព្យាយាមរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេបានមើលឃើញសេចក្ដីពិតនេះ បើកសម្ដែងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមជួយសិស្សអនុវត្តនូវអ្វីដែលពួកគេបានរៀន ដោយការសុំឲ្យពួកគេសរសេរពីគោលដៅមួយ ដែលនឹងជួយពួកគេឲ្យរស់នៅតាមក្រឹត្យវិន័យនៃនគរសេឡេស្ទាល ហើយត្រូវបានប្រទានពរដោយគុណសម្បត្តិទាំងនេះ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយគោលដៅរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ប្រសិនបើពួកគេអាចធ្វើដូច្នោះបាន ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៣-៤។ « ព្រះដ៏ជាជំនួយមួយទៀត »
« មនុស្សមួយចំនួនបានគិតថា ឃ្លា ‹ព្រះដ៏ជាជំនួយមួយទៀត› នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៣សំដៅទៅលើព្រះដ៏ជាជំនួយទីពីរ ឬការយាងមកជួបដោយផ្ទាល់ មកពីព្រះអង្គសង្គ្រោះ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខនេះ ព្រះអម្ចាស់ បានសន្យាថាអ្នកជំនួយនេះនឹង ‹ នៅជាប់ក្នុងដួងចិត្តរបស់អ្នក › ។… អ្នកដ៏ជាជំនួយដែលបានសន្យានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨គឺជា ‹ ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា› (ខ ៣សេចក្ដីសន្យាដែលយើងបានប្រទានដល់អ្នក អំពីជីវិតដ៏នៅអស់កល្ប › (ខ ៤ បានបោះពុម្ពលើកទី ២ [Church Educational System manual, ២០០១,ទំព័រ ១៩៨) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ ៖
« ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា គឺពុំមែនជាអ្នកដ៏ជាជំនួយទីពីរនោះទេ ។ ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបានអនុញ្ញាតជាផ្លូវការនៅក្នុងគ្រប់ពិធីបរិសុទ្ធដែលត្រូវបានធ្វើឡើងនៅក្នុងសេចក្ដីសុចរិត [គ. និង ស. ១៣២:៧] និងនៅពេលដែលសេចក្ដីសញ្ញាត្រូវបានផ្ដាច់ការផ្សាភ្ជាប់ » (Doctrines of Salvationcomp. Bruce R. McConkie, វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ១:៥៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦-១៣។ ពន្លឺនៃព្រះគ្រីស្ទ
« ពន្លឺនៃព្រះគ្រីស្ទ ‹ ចេញមកពីវត្តមាននៃព្រះ ដើម្បីបំពេញភាពល្ហល្ហេវនៃមេឃ › ។ វាគឺជា « ពន្លឺដែលនៅក្នុងគ្រប់ទាំងអស់ ដែលផ្ដល់ជីវិតដល់គ្រប់ទាំងអស់ ដែលជាក្រឹត្យវិន័យតាមរយៈអ្វីគ្រប់ទាំងអស់ត្រូវបានគ្រប់គ្រង › (គ. និង ស. ៨៨:១២-១៣សូមមើលផងដែរខ ៦-១១) ។ អំណាចនេះ គឺជាឥទ្ធិពលសម្រាប់សេចក្ដីល្អនៅក្នុងជីវិតមនុស្សគ្រប់រូប (សូមមើលយ៉ូហាន ១:៩,គ. និង ស. ៩៣:២) ។ នៅក្នុងបទគម្ពីរ ពន្លឺនៃព្រះគ្រីស្ទ មានពេលខ្លះត្រូវបានហៅថា ជា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ព្រះវិញ្ញាណនៃព្រះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ឬពន្លឺនៃជីវិត ។
« ពន្លឺនៃព្រះគ្រីស្ទ មិនគួរយល់ច្រឡំជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធទេ ។ វាមិនមែនជាតួអង្គ ដូចជាព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ វាមានឥទ្ធិពលដឹកនាំមនុស្ស ឲ្យស្វែងរកដំណឹងល្អដ៏ពិត ធ្វើបុណ្យជ្រមុជទឹក និង ទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល យ៉ូហាន ១២:៤៦; អាលម៉ា ២៦:១៤–១៥ ) ។
« សតិសម្បជញ្ញៈ គឺជាការបង្ហាញពីពន្លឺនៃព្រះគ្រីស្ទ ដែលធ្វើឲ្យយើងដឹងល្អ និង អាក្រក់ ។ ព្យាការី មរមន បានបង្រៀន ៖ ‹ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និង ត្រូវ ហេតុដូច្នេះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីព្រះ ។… ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ដោយឃើញថា អ្នករាល់គ្នាស្គាល់នូវពន្លឺ ដែលអ្នករាល់គ្នាអាចយកទៅវិនិច្ឆ័យ ឯពន្លឺនោះគឺជាពន្លឺនៃព្រះគ្រីស្ទ នោះសូមឲ្យឃើញថា អ្នករាល់គ្នាមិនវិនិច្ឆ័យដោយខុសឆ្គងឡើយ ដ្បិតដោយការវិនិច្ឆ័យដដែលនេះហើយ ដែលអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យវិញ › (មរ៉ូណៃ ៧:១៦, ១៨ ) » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ[ ឆ្នាំ ២០០៤ ] ទំព័រ ៩៦ ) ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
« ដើម្បីពិពណ៌នាអំពីពន្លឺនៃព្រះគ្រីស្ទ ខ្ញុំនឹងប្រៀបធៀប ឬប្រៀបប្រដូចវាទៅនឹងពន្លឺនៃព្រះអាទិត្យ ។ ពន្លឺព្រះអាទិត្យ គឺមនុស្សគ្រប់រូបស្គាល់ វាមានវត្តមាននៅគ្រប់ទីកន្លែង ហើយអាចមើលឃើញ និងអាចដឹង ។ ជីវិតអាស្រ័យទៅលើពន្លឺព្រះអាទិត្យ ។
« ពន្លឺនៃព្រះគ្រីស្ទគឺដូចជាពន្លឺព្រះអាទិត្យ ។ ផងដែរ វាមាននៅគ្រប់ទីន្លែង ហើយប្រទានដល់មនុស្សគ្រប់រូបដូចៗគ្នា ។
« ក៏ដូចជាសេចក្ដីងងឹតត្រូវតែរលាយបាត់នៅពេលដែលពន្លឺនៃព្រះអាទិត្យបានរះឡើងផងដែរ ដូច្នេះសេចក្ដីអាក្រក់នឹងវិនាសបាត់ដោយពន្លឺនៃព្រះគ្រីស្ទ ។
« គ្មានភាពងងឹតនៅក្នុងពន្លឺព្រះអាទិត្យឡើយ ។ ភាពងងឹតស្ថិតនៅក្រោមការគ្រប់គ្រងនៃពន្លឺ ។ ព្រះអាទិត្យអាចត្រូវបាំងដោយពពក ឬដោយដំណើរវិលនៃផែនដី ប៉ុន្តែពពកនឹងរសាត់បាត់ ហើយផែនដីនឹងបំពេញនូវការវិលរបស់វា ។…
« ពន្លឺនៃព្រះគ្រីស្ទ មានលក្ខណៈទូលំទូលាយដូចជាពន្លឺព្រះអាទិត្យដែរ ។ ទីណាដែលមានជីវិតមនុស្សរស់នៅ ទីនោះមានព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។ គ្រប់ព្រលឹងនៃភាវរស់ តែងមានវាជានិច្ច ។ វាគឺជាអ្នកធានាអំពី អ្វីគ្រប់យ៉ាងដែលជាការល្អ ។ វាគឺជាអ្នកបំផុសអំពីអ្វីដែលនឹងប្រទានពរ ហើយផ្ដល់អត្ថប្រយោជន៍ដល់មនុស្សលោក ។ វាចិញ្ចឹមបីបាច់សេចក្ដីល្អផ្ទាល់ » (The Light of Christ »Ensignខែ មេសា ឆ្នាំ ២០០៥ ទំព័រ ១៣ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២១-២៤, ៣៤-៣៥ ។ យើងអាចជ្រើសរើសដើម្បីគោរពតាមក្រឹត្យវិន័យនៃនគរសេឡេស្ទាល
អែលឌើរ ដេលប៊ើត អិល ស្ទាព្លី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់យោបល់ឲ្យធ្វើការវាយតម្លៃលើខ្លួនឯងអំពីការគោរពប្រតិបត្តិចំពោះក្រឹត្យវិន័យសេឡេស្ទាល ៖
« ប្រហែលជាវានឹងល្អសម្រាប់យើងម្នាក់ៗដើម្បីធ្វើការវាយតម្លៃលើខ្លួនយើងឡើងវិញដើម្បីកំណត់ពីទីកន្លែងដែលយើងឈរនៅពេលបច្ចុប្បន្ននេះ ទាក់ទងទៅនឹងក្រឹត្យវិន័យគ្រឹះនៃនគរសេឡេស្ទាល-- ក្រឹត្យវិន័យនៃការគោរពប្រតិបត្តិ ។ លទ្ធផលគួរតែបើកសម្ដែងដល់យើងថា នគរមួយណាដែលយើងបានជ្រើសរើសជាគោលដៅរបស់យើង ។ ជាឧទាហរណ៍ ៖
តើខ្ញុំខិតខំសិក្សា និងពិចារណាបទគម្ពីរដើម្បីដឹងពីឆន្ទៈរបស់ព្រះ ហើយយល់បទបញ្ញត្តិរបស់ទ្រង់ ស្ដីអំពីកូនចៅរបស់ទ្រង់ដែរឬទេ ?
តើខ្ញុំធ្វើតាមការទូន្មានរបស់ព្យាការីនៅរស់របស់ព្រះដែរឬទេ ឬតើខ្ញុំគ្រាន់តែជ្រើសរើសអ្វីៗទាំងឡាយដែលខ្ញុំយល់ស្រប ហើយមិនខ្វល់អំពីអ្វីៗផ្សេងទៀតឬទេ ?
តើខ្ញុំស្វែងរកដំបូន្មាន និងការទូន្មានពីប៊ីស្សពរបស់ខ្ញុំ និងប្រធានស្ដេករបស់ខ្ញុំចំពោះបញ្ហានានាដែលជាកង្វល់របស់ខ្ញុំ និងគ្រួសារខ្ញុំឬទេ ?
តើខ្ញុំបានព្យាយាមលត់ដំខ្លួនខ្ញុំដោយក្លៀវក្លា ដោយដាក់នូវចំណង់ខាងរូបកាយរបស់ខ្ញុំឲ្យនៅក្រោមការគ្រប់គ្រងនៃឆន្ទៈរបស់ខ្ញុំឬទេ ?
តើខ្ញុំកំពុងខិតខំអស់ពីលទ្ធភាពដើម្បីប្រែចិត្តពីកំហុសកាលពីអតីតកាល ឬបច្ចុប្បន្នកាល ហើយកែប្រែវាដោយការធ្វើត្រូវដែរឬទេ ?
តើខ្ញុំមានអាកប្បកិរិយានៃសេចក្ដីជំនឿទៅលើព្រះ ទោះជាខ្ញុំជួបនឹងការសាកល្បង ភាពមិនអនុគ្រោះ និងការរងទុក្ខដែរឬទេ ? ហើយតើខ្ញុំរែកបន្ទុករបស់ខ្ញុំដោយវិញ្ញាណពុំរអ៊ូរទាំឬទេ ?
« ការរក្សាបទបញ្ញត្តិនៃព្រះ គឺពុំមែនជាបន្ទុកដ៏លំបាកមួយនោះទេ នៅពេលយើងធ្វើវាដោយក្ដីស្រឡាញ់របស់ទ្រង់ ដែលបានប្រទានពរដល់យើងប្រកបដោយព្រះគុណយ៉ាងខ្លាំងនោះ ។ ព្រះអង្គសង្គ្រោះបានអង្វរដល់យើងថា ‹ សូមទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ត្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នា នឹងបានសេចក្តីសម្រាកដល់ព្រលឹង ។
«‹ ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល › ។ (ម៉ាថាយ ១១:២៩-៣០) ។
« ឆន្ទៈរបស់យើងដើម្បីគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ គឺជាសាក្សីនៃសេចក្ដីជំនឿរបស់យើងទៅលើទ្រង់ និងក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។ មនុស្សដែលបះបោរ ពុំអាចទទួលគ្រងនគរសេឡេស្ទាលបានទេ » («The Blessings of Righteous Obedience»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ២០-២១ ) ។