មេរៀនទី ១០៥
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៧-៤២
សេចក្ដីផ្ដើម
នៅថ្ងៃទី ១៦ និង១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយអំពីពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដែលបានចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីគេចចេញពីការបៀតបៀនដ៏ឃោរឃៅ ។ ពួកបរិសុទ្ធជាច្រើន ត្រូវបានបង្ខំឲ្យរត់ចោលទ្រព្យសម្បត្តិរបស់ពួកគេ។ វិវរណៈដែលព្យាការីបានទទួល បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវលើកមកពិភាក្សាជាបីមេរៀននៅក្នុងសៀវភៅសិក្សានេះ ។ មេរៀនទីពីរនេះ រួមមានការពិពណ៌នារបស់ព្រះអម្ចាស់ពីលក្ខខណ្ឌមួយចំនួននៃសហសវត្សន៍ ។ វាក៏បញ្ចូលព្រះបន្ទូលនៃការលួងលោមចិត្ត និងការទូន្មានដល់ពួកបរិសុទ្ធផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៧-៣៤
ព្រះអម្ចាស់ពិពណ៌នាពីលក្ខខណ្ឌមួយចំនួននៃសហសវត្សន៍
សូមឲ្យសិស្សរៀបរាប់ឈ្មោះព្រឹត្តិការណ៍នាពេលអនាគត ដែលពួកគេបានរៀបចំខ្លួនសម្រាប់ ។ សូមសរសេរព្រឹត្តិការណ៍ទាំងនេះនៅលើក្ដារខៀន ។ សូមសួរសិស្សថា តើពួកគេកំពុងធ្វើអ្វីដើម្បីរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ទាំងនោះ ។
-
តើហេតុអ្វីបានជាអ្នកខិតខំប្រឹងប្រែង ដើម្បីរៀបចំខ្លួន ?
សូមពន្យល់ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ មាននូវការបង្រៀនពីការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ និងសហសវត្សន៍ ។ សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧–២១ ដោយពន្យល់ថា ការសន្យារបស់ព្រះអម្ចាស់ដើម្បីប្រមូលផ្ដុំពួកបរិសុទ្ធនៅក្នុងទីក្រុងស៊ីយ៉ូននៅឃុំ ចាកសុន រដ្ឋ មិសសួរី « សូមបន្តរង់ចាំ នៅពេលដែលប្រជាជនត្រូវបានញែកចេញជាបរិសុទ្ធ សម្រាប់អំណោយទានដ៏អស្ចារ្យ និងសម្រាប់ទំនួលខុសត្រូវដែលមានមកជាមួយគ្នានោះ ។ នៅចន្លោះពេលនោះ ពួកអ្នកមានចិត្តទៀងត្រង់បានប្រមូលគ្នានៅច្រកភ្នំរ៉ក់គី [ និងនៅស្តេកទូទាំងពិភពលោក ] ។… ព្រះវិហារបរិសុទ្ធត្រូវបានកសាងឡើង ។… ប៉ុន្តែ ទីក្រុងស៊ីយ៉ូនពុំទាន់ត្រូវបានស្ថាបនានៅលើទីតាំងដែលបានជ្រើសនៅឡើយទេ ( ជេម អ៊ី ថាលម៉េហ្គ The Articles of Faith,ការបោះពុម្ពលើកទី ១២ [ឆ្នាំ ១៩២៤],ទំព័រ ៣៥៣; សូមមើលផងដែរ Doctrine and Covenants Student Manual,ការបោះពុម្ពលើកទី ២. [Church Educational System manual,ឆ្នាំ ២០០១],ទំព័រ ២៤០ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២២-២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់មានបន្ទូលប្រាប់ពួកបរិសុទ្ធឲ្យធ្វើ ដើម្បីរៀបចំខ្លួនការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
យោងតាម ខ ២២ និង ២៣, តើយើងអាចធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួន សម្រាប់ការយាងមកជាលើកទីពីរ ? ( សិស្សគួរបង្ហាញថា យើងអាចរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ដោយស្រែកហៅព្រះនាមទ្រង់ រស់នៅស្របតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ ប្រមូលផ្ដុំគ្នា នឹងឈរនៅក្នុងទីបរិសុទ្ធ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើការ« ឈរនៅក្នុងទីបរិសុទ្ធ » មានន័យដូចម្តេចចំពោះអ្នក ? តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា អ្នកកំពុងនៅក្នុងទីបរិសុទ្ធ ?
-
តើការប្រមូលផ្ដុំនៅក្នុងទីបរិសុទ្ធជាមួយពួកបរិសុទ្ធថ្ងៃចុងក្រោយដទៃទៀត ជួយអ្នកឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
ដើម្បីរៀបចំសិស្សឲ្យយល់ពីព្រះបន្ទូលរបស់ព្រះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤, សូមពន្យល់ថា ខគម្ពីរទាំងនេះ សំដៅទៅការបំផ្លិចបំផ្លាញនៃជនទុច្ចរិតនៅពេលនៅការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយវាជាលក្ខខណ្ឌដែលកើតមាននៅលើផែនដីក្នុងពេលសហសវត្សន៍ ។ សូមបែងចែកសិស្សជាគូៗ ។ សូមអញ្ជើញដៃគូឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២៤-៣៤រកមើលលក្ខខណ្ឌដែលនឹងកើតមាននៅក្នុងសហសវត្សន៍ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសុំឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
-
តើលក្ខខណ្ឌនៅលើក្ដារខៀនមួយណា ដែលអ្នកចង់ជួបប្រទះជាងគេ ? ហេតុអ្វី ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣៥-៣៨
ព្រះអម្ចាស់បានអះអាងជាមួយពួកបរិសុទ្ធនៅក្នុងរដ្ឋ មិសសួរី ថាបើពួកគេស៊ូទ្រាំដោយសេចក្ដីជំនឿ នោះនៅទីបញ្ចប់ពួកគេនឹងអាចទទួលបានសិរីល្អរបស់ទ្រង់ ។
សូមរំឭកសិស្សថា នៅពេលព្រះអម្ចាស់ប្រទានវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បានជួបប្រទះនូវទុក្ខលំបាកយ៉ាងខ្លាំង ។ អ្នកអាចឲ្យសិស្សសង្ខេប ពីទុក្ខលំបាកមួយចំនួនដែលពួកគេបានរៀនក្នុងមេរៀនមុន ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣៥-៣៨ ឲ្យឮៗ ។ សូមឲ្យសមាជិកក្នុងថ្នាក់ផ្ទៀងតាម រកមើលសេចក្ដីពិតដែលព្រះអម្ចាស់បានបង្រៀន និងការទូន្មានដែលទ្រង់បានប្រទានឲ្យ ដើម្បីលួងលោមចិត្ត និងពង្រឹងពួកបរិសុទ្ធនៅក្នុងការសាកល្បងរបស់ពួកគេ ។
-
តើសេចក្ដីពិត និងការទូន្មានអ្វីនៅក្នុង ខ ៣៥-៣៨ ដែលអាចនាំការលួងលោមចិត្តដល់ពួកបរិសុទ្ធដែលកំពុងរងទុក្ខនៅរដ្ឋ មិសសួរី ? ( នៅពេលសិស្សឆ្លើយ សូមសួរពួកគេពីរបៀបដែលការពិត ឬការទូន្មានដែលពួកគេបានលើកឡើង អាចនាំមកនូវការលួងលោមចិត្តដល់ពួកបរិសុទ្ធ ) ។
-
តើអ្នកអាចបង្ហាញការសន្យារបស់ព្រះអម្ចាស់នៅក្នុង ខ ៣៥ ដោយពាក្យសម្ដីផ្ទាល់របស់អ្នកយ៉ាងដូចម្ដេច ? (សិស្សគួរតែឆ្លើយតបដោយលើកឡើងពីគោលការណ៍ដូចខាងក្រោមនេះ ៖ អ្នកដែលរងទុក្ខការបៀតបៀនព្រោះព្រះនាមរបស់ព្រះអង្គសង្ក្រោះ ហើយស៊ូទ្រាំដោយសេចក្ដីជំនឿ នោះនឹងទទួលបានសិរីល្អរបស់ព្រះ ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមពន្យល់ថា សិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទតែងតែដើរតាមទ្រង់ទោះជានៅពេលពួកគេត្រូវបានបៀតបៀនដោយសារសេចក្ដីជំនឿរបស់ពួកគេក៏ដោយ ។ សូមឲ្យសិស្សម្នាក់អាន រឿងខាងក្រោម,ដែលបានប្រាប់ដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយឲ្យឮៗ ។ មុនពេលគេអាន សូមពន្យល់ថា រឿងនោះគឺអំពី រ៉ាហ្វាអែល ម៉ុនរ៉យ និង វិនសិន ម៉ូរ៉ាល ជាពួកបរិសុទ្ធពីរនាក់ដែលរស់នៅក្នុងប្រទេសម៉ិកសិក នៅដើមឆ្នាំ ១៩០០ ។ ក្នុងឆ្នាំ ១៩១៥ ពួកគេត្រូវបានចាប់ខ្លួន ដោយក្រុមទាហានហឹង្សាមួយក្រុម ។ សូមឲ្យសិស្សស្ដាប់រកមើលរបៀបដែលបងប្រុស ម៉ុនរ៉យ និងបងប្រុស ម៉ូរ៉ាល មានភាពស្មោះត្រង់នៅពេលពួកគេស៊ូទ្រាំនឹងការបៀតបៀន ។
« រ៉ាហ្វាអែល ម៉ុនរ៉យ គឺជាប្រធានសាខានៃសាខាតូចមួយនៅទីក្រុង សាន់ ម៉ាកុស ប្រទេស ម៉ិកស៊ិក និង វីសិនទែ ម៉ូរាឡែស គឺជាទីប្រឹក្សាទីមួយរបស់គាត់ ។… គេបានប្រាប់ពួកគាត់ថា ពួកគាត់នឹងរួចជីវិតបើពួកគាត់ទម្លាក់អាវុធចុះ ហើយលះបង់សាសនាដ៏ចម្លែករបស់ពួកគេចោល ។ បងប្រុស ម៉ុនរ៉យ បានប្រាប់អ្នកចាប់ខ្លួនគាត់ថា គាត់ពុំមានអាវុធណាមួយឡើយ ហើយបានដកយកព្រះគម្ពីរមរមនចេញពីហៅប៉ៅរបស់គាត់ដោយធម្មតា ។ គាត់បានស្រដីថា ‹ លោក អាវុធតែមួយគត់ ដែលខ្ញុំមាន វាគឺជាអាវុធនៃសេចក្ដីពិតដែលប្រឆាំងនឹងភាពខុសឆ្គងទាំងឡាយ › ។
« នៅពេលគេពុំឃើញមានអាវុធទេ នោះបងប្អូនប្រុសទាំងពីរនាក់នេះ ត្រូវបានគេវាយធ្វើបាបយ៉ាងឃោរឃៅ ដើម្បីឲ្យពួកគាត់ប្រាប់ពីកន្លែងដែលអាវុធត្រូវបានលាក់ទុក ។ ប៉ុន្តែ ពុំមានអាវុធដែលត្រូវបានលាក់ទុកឡើយ ។ ក្រោយមក ពួកគាត់ត្រូវបានគេនាំយកទៅឃុំឃាំងនៅជាយក្រុង ជាកន្លែងដែលអ្នកចាប់ខ្លួនពួកគាត់ ចាប់ចងផ្អោបពួកគាត់ទៅនឹងដើមឈើធំមួយ ដើម្បីធ្វើការប្រហារជីវិតនៅមុខពួកទាហាន ។ នាយទាហាននោះទទួលបន្ទុកដោះលែងពួកគាត់ បើពួកគាត់លះបង់ចោលសាសនារបស់ខ្លួន ហើយចូលរួមជាមួយ [ កងទាហាន ] ប៉ុន្តែ បងប្រុស ម៉ុនរ៉យ បានវាចាតបថា ‹ ខ្ញុំស្រឡាញ់សាសនារបស់ខ្ញុំជាងជីវិតរបស់ខ្ញុំទៅទៀត ហើយខ្ញុំមិនអាចលះបង់វាចោលបានឡើយ › ។
« លំដាប់នោះ គេបានប្រាប់ពួកគាត់ថា ពួកគាត់នឹងត្រូវគេបាញ់ប្រហារជីវិត ហើយបានសួរថាតើពួកគាត់មានសំណើអ្វីដែរឬទេ ។ បងប្រុស រ៉ាហ្វាអែល បានស្នើសុំឲ្យគាត់អាចអធិស្ឋាន ពីមុនគាត់ត្រូវបានប្រហារជីវិត ។ គាត់បានលុតជង្គង់ចុះនៅទីនោះ ក្នុងចំណោមពួកអ្នកប្រហារជីវិត អធិស្ឋានដោយបញ្ចេញសំឡេងឮៗ សូមឲ្យព្រះប្រទានពរ ហើយថែរក្សាមនុស្សដ៏ជាទីស្រឡាញ់ទាំងឡាយរបស់គាត់ ថែមទាំងថែរក្សាសាខាដ៏តូចដែលកំពុងពុះពារ ដែលនឹងត្រូវបាត់បង់អ្នកដឹកនាំនោះ ។ នៅពេលគាត់បានបញ្ចប់ការអធិស្ឋាន គាត់បានថ្លែងចេញព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ កាលទ្រង់ត្រូវបានដំដែកគោលភ្ជាប់លើឈើឆ្កាង ហើយបានអធិស្ឋានសម្រាប់ពួកអ្នកប្រហារជីវិតទ្រង់ ៖ ‹ ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ › ។ [លូកា ២៣:៣៤] ។ ក្រុមពេជ្ឈឃាដបានបាញ់សម្លាប់បងប្រុស ម៉ុនរ៉យ និងបងប្រុស ម៉ូរ៉ាល (« Discipleship » Ensign ឬ លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០០៦,ទំព័រ ២១–២២; យោងតាម Rey L. Pratt, « A Latter-day Martyr » Improvement Era, ខែ មិថុនា ឆ្នាំ ១៩១៨,ទំព័រ ៧២០–២៦ ) ។
-
តើបងប្រុស ម៉ុនរ៉យ និងបងប្រុស ម៉ូរ៉ាល បញ្ជាក់ពីគោលការណ៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣៥យ៉ាងដូចម្ដេច ?
សូមឲ្យសិស្សគិតអំពីគ្រាដែលពួកគេត្រូវបានបៀតបៀន ( ចំអក ឬ ប្រមាថ ) ដោយសារសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។ អ្នកអាចសុំឲ្យសិស្សពីរបីនាក់ ចែកចាយបទពិសោធន៍របស់របស់ពួកគេ ។
-
ពេលអ្នកត្រូវបានបៀតបៀនដោយសារសេចក្ដីជំនឿចំពោះព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបដោយសេចក្ដីជំនឿ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣៩-៤២
ព្រះអម្ចាស់ប្រកាសថា ប្រជាជននៃសេចក្ដីសញ្ញារបស់ទ្រង់ ជាអំបិលនៃផែនដី
ដើម្បីរៀបចំសិស្សឲ្យយល់ការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៩–៤២, សូមបង្ហាញគំរូអំបិលពីរប្រភេទ ៖ គំរូអំបិលសុទ្ធមួយ ហើយមួយទៀតជាគំរូអំបិលដែលបានលាយជាមួយសារធាតុផ្សេងទៀត ដូចជាដី ។
សូមនាំចំណាប់អារម្មណ៍របស់សិស្សផ្ដោតទៅលើគំរូអំបិលទីមួយ ។
-
តើអំបិលត្រូវបានប្រើធ្វើអ្វីខ្លះ ? ( ចម្លើយអាចរួមមាន ថាអំបិលអាចត្រូវបានប្រើដើម្បីផ្ដល់រស់ជាតិ និងរក្សាអាហារ និងព្យាបាលរបួសដូចជាថ្នាំលាងរបួស ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣៩ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ រកមើលមនុស្សដែលព្រះអម្ចាស់បានប្រៀបធៀបទៅនឹងអំបិល ។
-
តើនរណាដែលព្រះអម្ចាស់មានបន្ទូលថាជា « អំបិលនៃផែនដី ? »
សូមពន្យល់ថាពាក្យ ជាតិប្រៃ សំដៅទៅលើរស់ជាតិ ឬគុណសម្បត្តិដែលប្លែកពីគេ ។
-
តើអ្នកគិតថា ជាតិប្រៃនៃមនុស្ស មានន័យដូចម្តេច ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីអត្ថន័យនៃការធ្វើជាជាតិប្រៃនៃមនុស្ស សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ខាឡូស អ៊ី អាសេ នៃក្រុមចិតសិបនាក់ ៖
« នៅពេលព្រះអម្ចាស់ប្រើពាក្យ ‹ ជាតិប្រៃនៃមនុស្ស › ទ្រង់មានបន្ទូលពីអ្នកទាំងឡាយដែលតំណាងឲ្យទ្រង់ ។ ទ្រង់សំដៅទៅមនុស្សដែលបានប្រែចិត្ត ជាអ្នកដែលបានលាងសម្អាតនៅក្នុងទឹកនៃការជ្រមុជទឹក ហើយជាអ្នកដែលបានធ្វើសេចក្ដីសញ្ញាថានឹងលើកដាក់លើខ្លួនពួកគេនូវព្រះនាម និងបុព្វហេតុរបស់ទ្រង់ ។ មួយវិញទៀត ទ្រង់មានព្រះបន្ទូលអំពីអ្នកទាំងឡាយ ដែលរួមចំណែកក្នុងអំណាចបព្វជិតភាពរបស់ខ្លួន តាមរយៈសេចក្ដីសញ្ញា ។ ទ្រង់មានបន្ទូលពីអ្នក និងខ្ញុំ » ( Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៤២ ) ។
-
តើឃ្លា « អំបិលនៃផែនដី » និង « ជាតិប្រៃនៃមនុស្ស » អាចបង្រៀនយើងអំពីទំនួលខុសត្រូវរបស់យើងចំពោះអ្នកដទៃអ្វីខ្លះ ?
សូមជួយសិស្សឲ្យយល់ថា យើងមានទំនួលខុសត្រូវជួយដល់មនុស្សទាំងអស់នៃ ផែនដីឲ្យទទួលបានពរជ័យរបស់ទ្រង់ ដូចជាប្រជាជននៃសេចក្ដីសញ្ញាដែរ ( សូមមើល អ័ប្រាហាំ ២:៨–១១ ) ។ សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ ដើម្បីជួយមនុស្សនៃផែនដីឲ្យទទួលបានពរជ័យនៃព្រះ យើងត្រូវ …
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤០-៤២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្រមាន និងការសន្យារបស់ព្រះអម្ចាស់ ។
សូមចង្អុលបង្ហាញថា ខ ៤០ រួមមានឃ្លា « បើសិនជាអំបិលនៃផែនដីបាត់ជាតិប្រៃ » ។ ដើម្បីជួយសិស្សយល់អត្ថន័យនៃឃ្លានេះ សូមនាំចំណាប់អារម្មណ៍របស់ពួកគេទៅគំរូអំបិលទីពីរ ។ សូមពន្យល់ថា អំបិលមិនបាត់បង់រស់ជាតិរបស់វាទេនៅពេលទុកយូរ ។ វាបាត់បង់រស់ជាតិ នៅពេលវាលាយជាមួយសារធាតុផ្សេងទៀត ហើយបានធ្វើឲ្យកខ្វក់ ។
-
យោងតាម ខ ៤១តើអ្វីដែលធ្វើឲ្យយើងបាត់បង់ជាតិប្រៃរបស់យើងជាអំបិលនៃផែនដី ? ( អំពើបាប ) ។ តើហេតុអ្វីបានជាអ្នកគិតថា អំពើបាបរបស់យើងធ្វើឲ្យពិបាកសម្រាប់យើងដើម្បីជួយអ្នកឲ្យទទួលពរជ័យរបស់ព្រះអម្ចាស់ ?
-
តើអ្នកអាចនិយាយ ខ ៤២ ឡើងវិញជាពាក្យសម្ដីផ្ទាល់របស់អ្នកយ៉ាងដូចម្ដេច ? ( ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយសំណួរនេះ សូមពន្យល់ថានរណាម្នាក់ដែលបានតម្កើងខ្លួនជាអ្នកអំនួត ហើយនរណាដែលដាក់ខ្លួននោះជាអ្នកមានភាពរាបទាបចំពោះព្រះអម្ចាស់វិញ )។
-
យើងតាមការព្រមាន និងការសន្យារបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤០-៤២តើអ្នកនឹងបំពេញគោលការណ៍នៅលើក្ដារខៀនដូចម្ដេច ? ( សូមបំពេញគោលការណ៍នៅលើក្ដារខៀន ដោយប្រើចម្លើយរបស់សិស្ស ។ ទោះជាសិស្សអាចប្រើពាក្យផ្សេងពីនេះ ពួកគេប្រើគោលការណ៍ដូចខាងក្រោម ៖ ដើម្បីជួយមនុស្សនៃផែនដីឲ្យទទួលបានពរជ័យរបស់ព្រះ យើងត្រូវប្រែចិត្តពីអំពើបាបយើង ហើយមានការបន្ទាបខ្លួន) ។
-
តើយើងអាចធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃ ដែលនឹងជួយយើងឲ្យចៀសវាងពីការបំពុលនៃអំពើបាប ?
សូមឲ្យសិស្សពិចារណាដោយស្ងៀមស្ងាត់ថា តើអំពើបាបធ្វើឲ្យជីវិតរបស់ពួកគេកខ្វក់ឬអត់ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រែចិត្តពីអំពើបាបទាំងនោះ ដូច្នេះពួកគេអាចក្លាយជាបរិសុទ្ធចំពោះព្រះភ័ក្រព្រះអម្ចាស់ ហើយពួកគេអាចជួយអ្នកដ៏ទៃឲ្យទទួលបានពរជ័យទ្រង់ដោយមានប្រសិទ្ធភាព ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-២១ ។ កសាងទីក្រុងស៊ីយ៉ូន
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់អំពីគ្រាដែលព្រះអម្ចាស់នឹងបញ្ជាពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យកសាងទីក្រុងស៊ីយ៉ូន ៖
« គ្មានអ្វីដែលមិនច្បាស់ ឬការច្រាសច្រាលអំពីការសាងសង់ទីក្រុងស៊ីយ៉ូនឡើយ—វាមានន័យថា ទីក្រុងយេរូសាឡឹមថ្មី—នៅថ្ងៃចុងក្រោយ ។ មានគ្រាម្ដងនោះ ព្រះអម្ចាស់បានប្រទានឱកាសដល់ប្រជាជនទ្រង់ឲ្យសាងសង់ទីក្រុងស៊ីយ៉ូន ដែលនាំក្រឹត្យវិន័យដល់ទូទាំងពិភពលោក ។ ពួកគេបានបរាជ័យ ។ ហេតុអ្វី ? ដោយសារពួកគេមិនបានរៀបចំខ្លួន ហើយគ្មានភាពសក្ដិសម ក៏ដូចជាពួកយើងដែលជាផ្នែកនៃនគររបស់ព្រះនាសព្វថ្ងៃនេះដែរ ។ នៅពេលយើងបានរៀបចំខ្លួន និងមានភាពសក្ដិសម ព្រះអម្ចាស់នឹងបញ្ជាយើងម្ដងទៀត នោះកិច្ចការនឹងបន្ត—មុនពេលការយាងមកជាលើកទីពីរដែលបានកំណត់ និងតាមការដឹកនាំរបស់ប្រធានសាសនាចក្រ ។ រហូតដល់ពេលនោះ យើងមិនចាំបាច់បោះជំហានផ្ទាល់ខ្លួនទៅកាន់ការប្រមូលផ្ដុំនៅរដ្ឋ មិសសួរី ឬរៀបចំខ្លួនទទួលមរតកដីធ្លីនៅទីនោះឡើង ។ សូមយើងរៀនពី ទស្សនៈដ៏ល្អដែលមានក្នុងកិច្ចការនោះ ហើយធ្វើឲ្យខ្លួនយើងមានភាពសក្ដិសមសម្រាប់កិច្ចការ ដែលព្រះអម្ចាស់អាចដាក់ឲ្យយើងក្នុងជំនាន់របស់យើងវិញ ។ អ្វីមួយចំនួនមិនបានកើតឡើងក្នុងការកសាងឃុំ ចាកសុន ទេ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥៨៦ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:23-25 ។ សញ្ញា និងព្រឹត្តិការណ៍នៅជុំវិញពិភពលោកទាក់ទងនឹងការយាងមកជាលើកទីពីរ
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២៣-២៥យើងបានឃើញសញ្ញា និងព្រឹត្តិការណ៍បីនៅទូទាំងពិភពលោក ហើយសញ្ញាទាំងនោះទាក់ទងនឹងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងសេចក្ដីដកស្រង់ខាងក្រោម ពួកសាវកថ្ងៃចុងក្រោយផ្ដល់នូវការយល់ដឹងដោយការព្យាករណ៍ អំពីសញ្ញា និងព្រឹត្តិការណ៍ទាំងនោះថា ៖
១. « អស់ទាំងមនុស្សនឹងបានឃើញ [ ទ្រង់ ] គ្រប់គ្នា » ( គ. និង ស. ១០១:២៣) ។ អែលឌើរ អួរសុន ប្រាត្ត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ៖ « ការយាងមកជាលើកទីពីររបស់ព្រះបុត្រារបស់ព្រះគឺជាព្រឹត្តិការណ៏ដែលខុសពីការណ៍នានា ដែលបានកើតឡើងនៅលើផ្ទៃផែនដីនេះ ដោយអមមកជាមួយនូវព្រះចេស្ដា និងសិរីល្អ ជាអ្វីដែលមិនធ្លាប់បានធ្វើឡើងនៅជ្រុងណាមួយនៃផែនដីឡើយ … ហើយត្រូវបានឃើញតែមនុស្សមួយចំនួនប៉ុណ្ណោះ ប៉ុន្តែវានឹងក្លាយជាព្រឹត្តិការណ៍មួយដែលត្រូវបានឃើញដោយមនុស្សទាំងអស់ មនុស្សដែលមានជីវិតនឹងឃើញសិរីល្អនៃព្រះអម្ចាស់ ពេលទ្រង់បង្ហាញអង្គទ្រង់នៅក្នុងការយាងមកជាលើកទីពីរដល់មនុស្សគ្រប់រូប មិនត្រឹមតែដល់មនុស្សដែលមានជីវិតរស់នោះប៉ុណ្ណោះទេ ប៉ុន្តែដល់មរណៈជនទាំងអស់ … ក៏នឹងឃើញទ្រង់នៅពេលនោះដែរ » ( នៅក្នុង Deseret News: Semi-Weekly,ថ្ងៃ ទី ២៥ ខែ មេសា ឆ្នាំ ១៨៧៦,ទំព័រ ១ ) ។
២. « អ្វីៗដែលពុករលួយគ្រប់យ៉ាង … នឹងត្រូវបានបំផ្លាញបង់ » (គ. និង ស. ១០១:២៤) ។ អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖ « ឧបទ្ទវហេតុនៃការចាប់ផ្ដើមសម័យសហស្សវត្សរ៍ នោះផែនដី ( ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ) នឹងត្រូវដុតបំផ្លាញ ។ អ្វីៗដែលពុករលួយគ្រប់យ៉ាង នឹងត្រូវបានបំផ្លាញបង់ ( គ. និង ស. ១០១:២៤ ); អស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង នឹងឆេះបន្សុសគេទាំងអស់ទៅ ( ម៉ាឡាគី ៤:១; គ. និង ស. ២៩:៩; ៦៤:២៣–២៥; ១៣៣:៦៣–៦៤ ); មនុស្សមានបាប នឹងត្រូវបំផ្លាញសូន្យ ( អេសាយ ១៣:៩–១៤ ); ហើយមនុស្សសុចរិត និងមនុស្សទុច្ចរិតនឹងត្រូវបំបែកពីគ្នាទាំងអស់ ។ ( គ. និង ស. ៦៣:៥៤ ) ។ មានតែអ្នកដែលស៊ូទ្រាំដល់ថ្ងៃនោះទេ ដែលអាចមានភាពសក្ដិសមរស់នៅក្នុងនគរស្ថានសួគ៌ ឬនគរទេរេទ្រាល » ( Mormon Doctrine, ការបោះពុម្ពលើកទី ២. [ឆ្នាំ ១៩៦៦],ទំព័រ ៤៩៤ ) ។
៣. « គ្រប់ទាំងអស់នឹងត្រឡប់ជាថ្មី » ( គ. និង ស. ១០១:២៥) ។ អែលឌើរ ប៉ាលី ភី ប្រាត្ត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសរសេរពីការត្រឡប់ជាថ្មីនេះថា ៖ « ស្ថានសួគ៌ថ្មី និងផែនដីថ្មី ត្រូវបានសន្យាដោយកវីដ៏ពិសិដ្ឋ ។ ឬម្យ៉ាងទៀតថា ប្រព័ន្ធផែនដីនេះត្រូវតែផ្លាស់ប្ដូរ បន្សុទ្ធ សម្រាំង តម្កើងឡើង និងមានសិរីរុងរឿង នៅក្នុងភាពដូចគ្នានៃការរស់ឡើងវិញ ដែលអំពើអាក្រក់ខាងរាងកាយ ឬភាពមិនល្អឥតខ្ចោះ នឹងត្រូវបំផ្លាញចោល » ( Key to the Science of Theology, ការបោះពុម្ពលើកទី ១០ [ឆ្នាំ ១៩៦៥],ទំព័រ ៦១ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:29-31 ។ សេចក្ដីស្លាប់នៅក្នុងសហស្សវត្សរ៍
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ក្នុងពេលសហស្សវត្សរ៍ « នឹងគ្មានសេចក្ដីស្លាប់ លុះត្រាតែមនុស្សចាស់ជរា ។ កូនក្មេងនឹងមិនស្លាប់ ប៉ុន្តែនឹងរស់នៅយូរដូចជាដើមឈើ ។ អេសាយ បាននិយាយថា គឺរយៈពេល ១០០ ឆ្នាំ [សូមមើល អេសាយ ៦៥: ២០–២២]» (Doctrines of Salvation, comp. Bruce R. McConkie [ ១៩៥៤–៦៦ ] ទំព័រ ១:៨៦–៨៧)។
ប្រធាន ស្ម៊ីធ ក៏ពន្យល់ផងដែរថា ការស្លាប់ក្នុងសហស្សវត្សរ៍ នឹងជាដំណើរមួយដ៏សុខសាន្ត ៖
« ពេលព្រះគ្រីស្ទយាងមក ពួកបរិសុទ្ធដែលនៅលើផែនដីនឹងប្រញាប់ប្រញាល់មកជួបទ្រង់ ។ វាមិនមានន័យថា អ្នកដែលរស់នៅក្នុងជីវិតរមែងស្លាប់នៅពេលនោះ នឹងផ្លាស់ប្ដូរ ហើយឆ្លងកាត់ការរស់ឡើងវិញទេ ដោយសារជីវិតរមែងស្លាប់ត្រូវនៅលើផែនដីរហូតដល់មួយពាន់ឆ្នាំត្រូវបានបញ្ចប់ ។ ប៉ុន្តែ ការផ្លាស់ប្ដូរនឹងកើតមានចំពោះអ្នកដែលនៅលើផែនដី ពួកគេនឹងមានជីវិត ដូច្នេះពួកគេនឹងមិនស្លាប់ឡើយ រហូតដល់ពួកគេចាស់ ។ មនុស្សនឹងស្លាប់នៅពេលពួកគេមានអាយុមួយរយឆ្នាំ ហើយនឹងមានការផ្លាស់ប្ដូរទៅជាសណ្ឋានអមតៈភ្លាម ។ ផ្នូរនឹងមិនត្រូវបានធ្វើក្នុងពេលមួយពាន់ឆ្នាំនោះទេ » ( The Way to Perfection [ ឆ្នាំ ១៩៣១ ],ទំព័រ ២៩៨–៩៩ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥-៣៨ ។ ស៊ូទ្រាំនឹងការបៀតបៀនក្នុងនាមព្រះយេស៊ូវគ្រីស្ទ
ព្យាការី យ៉ូសែប ស៊្មីធ បានលើកទឹកចិត្តពួកបរិសុទ្ធឲ្យអនុវត្តសេចក្ដីជំនឿ នៅពេលពួកគេស៊ូទ្រាំនឹងការសាកល្បងទាំងឡាយថា ៖
« យើងសញ្ជឹងគិតពីមនុស្សដែលបានឱបក្រសោបប្រព័ន្ធសាសនា គ្មានប្រជាប្រិយ និងស៊ូទ្រាំនឹងការបៀតបៀន ដែលបានកើតឡើងចំពោះពួកគេម្ដងហើយម្ដងទៀត ។ មនុស្សដែលបានរងទុក្ខពីការអត់ឃ្លាន ពីការអាក្រាត ពីគ្រោះថ្នាក់ និងស្ទើរតែគ្រប់ការខ្វះខាតទាំងអស់ដើម្បីសេចក្ដីស្រឡាញ់ចំពោះព្រះ និងផ្សារភ្ជាប់ទៅនឹងកិច្ចការរបស់ទ្រង់ ។ មនុស្សដែលបានកាន់ទុក្ខការស្លាប់មុនអាយុរបស់ឪពុកម្ដាយ ស្វាមី ភរិយា និងកូនចៅ ដោយសារតែសាសនារបស់ពួកគេ ។ មនុស្សដែលសុខចិត្តស្លាប់ជាជាងជាប់ក្នុងទាសភាព និងការលាក់ពុត ហើយប្រកាន់ខ្ជាប់នឹងអត្តចរិតរបស់ពួកគេដោយកិត្តិយស ហើយកាន់យ៉ាងខ្ជាប់ឥតរង្គើ ក្នុងគ្រាសាកល្បងក្នុងជីវិតរបស់ពួកគេ ។ សូមឈរយ៉ាងរឹងប៉ឹង ឱ ពួកបរិសុទ្ធនៃព្រះ ចូរស៊ូទ្រាំបន្តិចទៀត ហើយព្យុះជីវិតនឹងកន្លងហួសទៅ ហើយអ្នកនឹងទទួលរង្វាន់ពីព្រះដែលអ្នកបានបម្រើ និងជាអង្គដែលនឹងពិតជាមានអំណរគុណចំពោះសេចក្តីវេទនា និងការងទុក្ខរបស់អ្នកចំពោះព្រះនាមនៃគ្រីស្ទ និងចំពោះដំណឹងល្អ ។ ឈ្មោះរបស់អ្នកនឹងត្រូវបានបន្តទៅពូជពង្សបន្តទៀតក្នុងនាមជាពួកបរិសុទ្ធនៃព្រះ និងមនុស្សដែលមានគុណធម៌ » ( នៅក្នុង History of the Church, ៤:៣៣៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤០ ។ « ពួកគេត្រូវបានហៅឲ្យធ្វើជាតិប្រៃនៃមនុស្ស » ។
អែលឌើរ ខាឡូស អ៊ី អាសេ នៃក្រុមចិតសិបនាក់ បានបង្រៀនថា ៖
« គីមីវិទូដ៏ល្បីល្បាញក្នុងពិភពលោកមួយរូបបានប្រាប់ខ្ញុំថា អំបិលនឹងមិនបាត់បង់រស់ជាតិរបស់វាដោយសារអាយុកាលនោះទេ ។ រស់ជាតិប្រៃបាត់បង់ តាមរយៈការលាយផ្សំ និងការបំពុល ។…
« រសជាតិ និងគុណភាពបាត់ចេញពីមនុស្ស នៅពេលគេបំពុលគំនិតនូវគំនិតមិនស្អាតស្អំ ដែលបង្ខូចដល់មាត់របស់គេ ដោយនិយាយមិនពិត ហើយអនុវត្តកម្លាំងខ្លួនខុសក្នុងការធ្វើអំពើអាក្រក់ » ( Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ ១៩៨០,ទំព័រ ៤២ ) ។