មេរៀនទី ៨៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៣-៦១
បុព្វកថា
នៅថ្ងៃទី ២២ និង ២៣ ខែ កញ្ញា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតអំពីបព្វជិតភាព ដូចបានពិភាក្សានៅក្នុងមេរៀនមុនៗ ។ ព្រះអម្ចាស់ក៏បានបង្រៀនផងដែរដល់ពួកបរិសុទ្ធអំពីសារៈសំខាន់នៃការស្ដាប់ឮព្រះបន្ទូលរបស់ព្រះ ។ ទ្រង់បានវាយផ្ចាលពួកគេដែលរាប់ថាព្រះគម្ពីរមរមន និងបទបញ្ញត្តិដទៃទៀត និងវិវរណៈទាំងឡាយគ្មានប្រយោជន៍ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៣-៥៣
ព្រះអម្ចាស់បង្រៀនអំពីសារៈសំខាន់នៃការស្ដាប់ឮព្រះបន្ទូលរបស់ព្រះ
សូមរំឭកដល់សិស្សអំពីគោលដៅដែលពួកគេបានដាក់ នៅដើមឆ្នាំដើម្បីសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីរបៀបដែលពួកគេកំពុងធ្វើបានយ៉ាងល្អប៉ុណ្ណាជាមួយនឹងគោលដៅនេះ ។ បន្ទាប់ពីសិស្សបានពិចារណារឿងនេះរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើឧបសគ្គមួយចំនួនដែលអ្នកប្រឈមមុខក្នុងការព្យាយាមដើម្បីសិក្សាព្រះគម្ពីររាល់ថ្ងៃមានអ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយតប សូមទទួលស្គាល់ថា វាអាចនឹងពិបាកដើម្បីរក្សាទម្លាប់នៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ) ។
-
ហេតុអ្វីក៏អ្នកជ្រើសរើសដើម្បីសិក្សាគម្ពីរ ទោះជាជួនកាលវាអាចនឹងពិបាកដើម្បីធ្វើក៏ដោយនោះ ?
សូមពន្យល់ថា នៅក្នុងមេរៀនថ្ងៃនេះ សិស្សនឹងរៀនអំពីសេចក្ដីពិតមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤ដែលអាចបំផុសគំនិតពួកគេឲ្យបន្ដការខិតខំក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៣-៤៤ដោយស្ងាត់ស្ងៀម ហើយប្រាប់នូវពាក្យ និងឃ្លាដែលបង្រៀនអំពីសារៈសំខាន់នៃការសិក្សា និងការអនុវត្តព្រះបន្ទូលនៃព្រះអម្ចាស់ ។
-
តើពាក្យ និងឃ្លាអ្វីខ្លះ ដែលអ្នករកឃើញ ដែលបង្រៀនអំពីសារៈសំខាន់នៃការសិក្សា និងការអនុវត្តនូវព្រះបន្ទូលនៃព្រះអម្ចាស់ ? ( សិស្សអាចនឹងប្រាប់នូវពាក្យ និងឃ្លាដូចជា « បទបញ្ញត្តិ » « ប្រុងស្ដាប់តាម » និង « រស់ដោយសារគ្រប់ទាំងព្រះបន្ទូល» ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៥-៤៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម និងរកមើលនូវពាក្យ និងឃ្លាទាំងឡាយនៅក្នុងវគ្គគម្ពីរនេះ ដែលមានន័យដូចគ្នានឹង « ព្រះបន្ទូលនៃព្រះអម្ចាស់ » ។
-
តើពាក្យ និង ឃ្លាអ្វីខ្លះ ដែលអ្នកបានរកឃើញ ? ( ចម្លើយគួរមានដូចជា « សេចក្ដីពិត » « ពន្លឺ » « ព្រះវិញ្ញាណ » « ព្រះវិញ្ញាណនៃព្រះយេស៊ូវ គ្រីស្ទ » និង « សំឡេងនៃព្រះវិញ្ញាណ » ) ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះ នោះ…
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៥-៤៦ ដោយស្ងាត់ស្ងៀម ។
-
ផ្អែកលើអ្វីដែលអ្នកបានរកឃើញនៅក្នុងខ ៤៥-៤៦ តើអ្នកនឹងបញ្ចប់សេចក្ដីថ្លែងការណ៍នៅលើក្ដារខៀនយ៉ាងដូចម្តេច ? ( សិស្សអាចនឹងផ្ដល់ចម្លើយផ្សេង ។ សូមបំពេញគោលការណ៍នៅលើក្ដារខៀន ដូច្នេះវានាំទៅរកគោលការណ៍ដូចខាងក្រោម ៖បើយើងប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះ នោះយើងនឹងត្រូវបានបំភ្លឺគំនិតតាមរយៈព្រះវិញ្ញាណនៃព្រះគ្រីស្ទ )
សូមបង្វែចំណាប់អារម្មណ៍របស់សិស្សទៅយកចិត្តទុកដាក់លើឃ្លា « ព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ » នៅក្នុងខ ៤៥។ សូមពន្យល់ថា ឃ្លាផ្សេងទៀតដែលមានន័យដូចគ្នាគឺ « ពន្លឺនៃព្រះគ្រីស្ទ » ។ ពន្លឺនៃព្រះគ្រីស្ទ គឺជា « អានុភាពមួយនៃសេចក្ដីល្អ ដែលមាននៅក្នុងមនុស្សទូទៅ ។… [ ទោះជាយ៉ាងណាក៏ដោយ ] ពន្លឺនៃព្រះគ្រីស្ទ ពុំគួរត្រូវបានច្រឡំនឹងព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ វាពុំមែនជាតួអង្គមួយ ដូចជាព្រះវិញ្ញាណបរិសុទ្ធនោះទេ » (ពិតចំពោះសេចក្ដីជំនឿ [ ឆ្នាំ ២០០៤ ] ទំព័រ ៩៦ ) ។ ពន្លឺនៃព្រះគ្រីស្ទ គឺមាននៅក្នុងបុគ្គលម្នាក់ៗ ហើយផ្ដល់នូវ « ចំណេះដឹងនៃភាពត្រឹមត្រូវ និងភាពខុសឆ្គង [ ឬ ] ជាញាណខាងសីលធម៌ ឬមនសិការ » ។ វា « អាចនាំយើងឲ្យគ្រប់គ្រងសកម្មភាពរបស់យើង-- លុះត្រាតែយើងជំនះវា ឬរម្ងាប់វា » ( ប៊យដ៍ ឃេ ផាកកឺThe Light of Christ,»Ensignខែ មេសា ឆ្នាំ ២០០៥ ទំព័រ ៩ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៧-៤៨ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយប្រាប់ថាយើងនឹងមានពរជ័យយ៉ាងណា បើយើងប្រុងស្ដាប់តាមព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ ។
-
ស្របតាមខ ៤៧តើយើងនឹងត្រូវបានប្រទានពរយ៉ាងដូចម្ដេច បើយើងប្រុងស្ដាប់តាមព្រះវិញ្ញាណនៃព្រះយេស៊ូវ គ្រីស្ទ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្ដែពួកគេគួរតែស្គាល់គោលការណ៍ដូចខាងក្រោម ៖ បើយើងប្រុងស្ដាប់តាមព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងមករកព្រះបិតា ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
ស្របតាមខ ៤៨តើអ្វីខ្លះដែលព្រះវរបិតានឹងធ្វើ នៅពេលយើងមករកទ្រង់ ? ( ទ្រង់នឹងបង្រៀនយើង ) ។
-
នៅក្នុងខ ៤៨យើងអានថា ព្រះបិតា នឹងបង្រៀនយើងពុំគ្រាន់តែសម្រាប់ជាប្រយោជន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រយោជន៍នៃពិភពលោកទាំងមូលផងដែរ ។ តើការណ៍នេះមានអត្ថន័យយ៉ាងណាចំពោះអ្នក ?
សូមចង្អុលបង្ហាញថា ដើម្បីមានពន្លឺនៃព្រះគ្រីស្ទ នោះបុគ្គលម្នាក់ៗអាចទទួលភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីពួកគេចូលក្នុងសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ តាមរយៈអំណោយទាននេះ ពួកគេអាចទទួលពន្លឺបន្ថែម ហើយត្រូវបានដឹកនាំត្រឡប់ទៅវត្តមាននៃព្រះបិតា ដើម្បីទទួលជីវិតដ៏អស់កល្បជានិច្ច ។
សូមអញ្ជើញសិស្សឲ្យបិទភ្លើងនៅក្នុងបន្ទប់ រួចហើយត្រឡប់ទៅកន្លែងរបស់ពួកគេវិញ ។ ( សូមប្រាកដថា មានពន្លឺគ្រប់គ្រាន់ល្មមនៅក្នុងបន្ទប់ដើម្បីសិស្សអាចដើរដោយសុវត្ថិភាព ) ។ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាដែលពួកគេត្រូវតែដើរនៅក្នុងស្ថានភាពងងឹតសូន្យសុង ។ សូមឲ្យសិស្សពីរបីនាក់ពិពណ៌នាថាបទពិសោធន៍នេះ វាយ៉ាងណាខ្លះចំពោះពួកគេ ។ បន្ទាប់មកសូមបើកភ្លើងមកវិញ ។
សូមពន្យល់ថា ជាញឹកញាប់ក្នុងខគម្ពីរ ពាក្យភាពងងឹត សំដៅទៅលើការពិពណ៌នានៃនិមិត្តរូបអំពីស្ថានភាពខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៩-៥៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយពិពណ៌នាប្រាប់ថានរណាដែលព្រះអម្ចាស់បានមានបន្ទូលថានៅក្នុងភាពងងឹតខាងវិញ្ញាណ ហើយហេតុអ្វីបានជាពួកគេស្ថិតនៅក្នុងស្ថានភាពនោះ ។
-
តើនរណាស្ថិតនៅក្នុងភាពងងឹត ? ហេតុអ្វីក៏ពួកគេស្ថិតនៅក្នុងភាពងងឹត ?
សូមចង្អុលបង្ហាញថា នៅក្នុងខគម្ពីរទាំងនេះ អ្នកទាំងឡាយដែលត្រូវបានពិពណ៌នាថាស្ថិតនៅក្នុងពិភពងងឹត ក៏ត្រូវបានពិពណ៌នាផងដែរថាជាអ្នកដែលស្ថិតនៅក្រោមសេវកភាពនៃអំពើបាប ។ នេះមានន័យថា ពួកគេត្រូវជាប់អន្ទាក់នៅក្នុងផលនៃអំពើបាបរបស់ពួកគេ ដោយសារពួកគេពុំបានប្រែចិត្ត ។
-
តើការរស់នៅក្នុងសេវកភាពនៃអំពើបាប ដូចគ្នាទៅនឹងការនៅក្នុងភាពងងឹតយ៉ាងដូចម្ដេចដែរ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៥៤-៦១
ព្រះអម្ចាស់បានវាយផ្ចាលដល់ពួកបរិសុទ្ធដែលរាប់ថាព្រះគម្ពីរមរមនឥតប្រយោជន៍
សូមពន្យល់ថា ដើម្បីថ្លែងថា ពិភពលោកស្ថិតនៅក្នុងភាពងងឹត នោះព្រះអម្ចាស់មានបន្ទូលថា គំនិតរបស់សមាជិកនៃសាសនាចក្រត្រូវបានងងឹត ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៥៤-៥៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវមូលហេតុពីរយ៉ាង ថាហេតុអ្វីគំនិតរបស់សមាជិកនៃសាសនាចក្រត្រូវបានប្រែជាងងឹតដូច្នេះ ។
-
ស្របតាមខ ៥៤ ហេតុអ្វីក៏គំនិតរបស់សមាជិកនៃសាសនាចក្រត្រូវបានងងឹត ?
-
តើការចាត់ទុកអ្វីមួយជារបស់ឥតប្រយោជន៍មានន័យយ៉ាងណា ? ( មិនអើពើរនឹងអ្វីមួយ ឬចាត់ទុកថាវាមិនគួរឲ្យគោរព ឬដោយមិនយកចិត្តទុកដាក់ ) ។ តើការមិនជឿ ឬការចាត់ទុករឿងពិសិដ្ឋមួយជាការឥតប្រយោជន៍ អាចបណ្ដាលឲ្យគំនិតរបស់មនុស្សម្នាក់ត្រូវប្រែជាងងឹតយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៥៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វី ដែលពួកបរិសុទ្ធ ចាត់ទុកថាឥតប្រយោជន៍ ។
-
តើពួកបរិសុទ្ធចាត់ទុកអ្វីខ្លះដែលគ្មានប្រយោជន៍ ? ( ព្រះគម្ពីរមរមន និង « បទបញ្ញត្តិពីមុនៗ » របស់ព្រះអម្ចាស់ ឬវិវរណៈមុនៗ រួមទាំងវិវរណៈទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ) ។
-
ស្របតាមអ្វីដែលអ្នកបានរៀនមកពីខ ៥៤-៥៨តើយើងនឹងជួបផលវិបាកអ្វីខ្លះ បើយើងចាត់ទុកព្រះបន្ទូលនៃព្រះគ្មានប្រយោជន៍នោះ ? ( សិស្សគួរបង្ហាញថាបើយើងចាត់ទុកព្រះបន្ទូលនៃព្រះគ្មានប្រយោជន៍ នោះគំនិតយើងនឹងត្រូវងងឹត ហើយយើងនឹងនាំទៅរកការដាក់ទោស ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន) ។
សូមអញ្ជើញសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ស្ដីអំពីព្រះគម្ពីរមរមន ៖
«តើលទ្ធផលដ៏អស់កល្បជានិច្ច ស្ថិតនៅលើការអនុវត្តរបស់អ្នកចំពោះព្រះគម្ពីរនេះដែរឬទេ ? ពិតមែនហើយ មិនថាចំពោះពរជ័យរបស់យើង ឬ ការដាក់ទោសរបស់យើងនោះទេ ។
« ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូប គួរតែសិក្សាព្រះគម្ពីរនេះពេញមួយជីវិតខ្លួន ។ បើមិនដូច្នោះទេ គេកំពុងតែដាក់ព្រលឹងខ្លួនក្នុងគ្រោះថ្នាក់ និង ការធ្វេសប្រហែសដែលអាចផ្តល់ភាពរួមគ្នាខាងវិញ្ញាណ និង បញ្ញាពេញមួយជីវិតរបស់ខ្លួនទាំងមូល ។ មានភាពខុសគ្នារវាងអ្នកប្រែចិត្តជឿដែលសាងសង់លើថ្មនៃព្រះគ្រីស្ទ តាមរយៈព្រះគម្ពីរមរមន ហើយកាន់ខ្ជាប់ដំបងដែកនោះ និង អ្នកដែលមិនបានធ្វើដូចនោះ » (« The Book of Mormon Is the Word of God » Ensign, ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។
« សូមយើងកុំនៅក្រោមការដាក់ទោស ដោយនូវការវាយ និង សេចក្ដីជំនុំជម្រះរបស់វា ព្រោះតែការរាប់អំណោយទានដ៏មហិមា និង ដ៏អស្ចារ្យ ដែលព្រះអម្ចាស់បានប្រទានដល់យើងនេះ ទុកជាគ្មានផលប្រយោជន៍នោះឡើយ ។ តែសូមយើងទទួលបានជោគជ័យលើសេចក្ដីសន្យាទាំងឡាយ ដែលជាប់ទាក់ទងនឹងការរក្សាទុកវានៅក្នុងដួងចិត្តរបស់យើងវិញ » (The Book of Mormon—Keystone of Our Religion, »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៧ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះគម្ពីរមរមន ហើយតើពួកគេអាចធ្វើឲ្យការសិក្សារបស់ពួកគេអំពីព្រះគម្ពីរមរមនជាការ ស្វែងយល់ពេញមួយជីវិតតាមរបៀបណា ។
សូមឲ្យសិស្សមើលគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៥៧ដោយស្ងាត់ស្ងៀម ។
-
តើព្រះអម្ចាស់បានមានបន្ទូលទៅពួកបរិសុទ្ធថាចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីប្រែចិត្តពីការចាត់ទុកព្រះបន្ទូលរបស់ទ្រង់គ្មានប្រយោជន៍នោះ ? ( សូមជួយសិស្សឲ្យមើលឃើញថា បន្ថែមពីលើការចងចាំព្រះគម្ពីរមរមន និង «បទបញ្ញត្តិមុនៗ » ដែលព្រះអម្ចាស់បានប្រទានឲ្យ នោះពួកបរិសុទ្ធចាំបាច់ត្រូវធ្វើនូវអ្វីដែលបានសរសេរក្នុងគម្ពីរ ) ។
-
តើអ្នកនឹងសង្ខេបនូវអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើចំពោះព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ? ( សិស្សអាចនឹងប្រាប់នូវគោលការណ៍ផ្សេងៗ ប៉ុន្ដែសូមប្រាកដថាត្រូវគូសបញ្ជាក់ដូចខាងក្រោម ៖ យើងត្រូវសិក្សាព្រះគម្ពីរមរមនដោយស្មោះត្រង់ ហើយរស់នៅស្របតាមការបង្រៀននោះ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យគូៗនោះចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរដូចខាងក្រោម ៖
-
តើនរណាជាគំរូល្អចំពោះអ្នកអំពីការសិក្សាព្រះគម្ពីរមរមន និងការរស់នៅស្របតាមការបង្រៀននោះ ?
ដើម្បីបញ្ចប់ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦០-៦១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលការណែនាំបន្ថែម ដែលព្រះអម្ចាស់បានប្រទានដល់អ្នកទាំងឡាយណាដែលទទួលព្រះបន្ទូលរបស់ទ្រង់តាមរយៈព្រះគម្ពីរមរមន ។ បន្ទាប់ពីបានអានខទាំងឡាយហើយ សូមចង្អុលបង្ហាញថា ស្របតាមខ ៦១អ្នកទាំងឡាយដែលទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងព្រះគម្ពីរមរមន គឺត្រូវថ្លែងទីបន្ទាល់ទៅដល់អ្នកដទៃ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យថ្លែងទីបន្ទាល់អំពីរបៀបដែលពួកគេត្រូវបានប្រទានពរ ពេលពួកគេបានសិក្សាព្រះគម្ពីរមរមន ហើយព្យាយាមរស់នៅស្របតាមសេចក្ដីពិតដែលគម្ពីរបង្រៀន ។ ( អ្នកអាចនឹងផ្ដល់ដល់សិស្សនូវគ្រាមួយ ដើម្បីគិតអំពីបទពិសោធន៍របស់ពួកគេ មុននឹងសុំពួកគេឲ្យឆ្លើយតប ) ។
សូមរំឭកដល់សិស្សអំពីគោលដៅរបស់ពួកគេដើម្បីសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ៖
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលបានបំផុសគំនិតអ្នកឲ្យបន្ដសិក្សាព្រះគម្ពីរមរមន ?
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីសិក្សាព្រះគម្ពីរមរមនឲ្យកាន់តែឧស្សាព្យាយាម ហើយរស់នៅតាមសេចក្ដីពិតដែលអ្នកបានរៀនមកពីព្រះគម្ពីរនោះ ?
តើអ្នកនឹងប្រើព្រះគម្ពីរមរមនដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់ថា សិស្សនឹងខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ នៅពេលពួកគេរស់នៅតាមសេចក្ដីពិតដែលបានពិភាក្សានៅថ្ងៃនេះក្នុងថ្នាក់រៀន ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៦ ។ « ព្រះវិញ្ញាណបានប្រទានពន្លឺដល់មនុស្សគ្រប់រូប »
ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីពន្លឺនៃព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ៖
« ព្រះវិញ្ញាណ បរិសុទ្ធ និង ពន្លឺ នៃ ព្រះគ្រីស្ទ គឺ ខុស ពី គ្នា ។ ខណៈដែលពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធ និងពន្លឺនៃព្រះគ្រីស្ទ ត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរដោយពាក្យដូចគ្នាក៏ដោយ ក៏វា គឺជារឿងពីរយ៉ាងដែលដាច់ដោយឡែកពីគ្នាដែរ ។ វាសំខាន់សម្រាប់អ្នកដើម្បីដឹងអំពីរឿងទាំងពីរនេះ ។…
« ពន្លឺនៃព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរបានថ្លែងថាជា ‹ ព្រះវិញ្ញាណ [ដែល] ប្រទានពន្លឺដល់មនុស្សគ្រប់រូបណាដែលមកក្នុងលោកិយ ហើយព្រះវិញ្ញាណបំភ្លឺគ្រប់មនុស្សពាសពេញលោកិយ › (គ. និង ស. ៨៤:៤៦គូសបញ្ជាក់បន្ថែម ) ‹ ពន្លឺដែលនៅក្នុងគ្រប់ទាំងអស់ ដែលផ្ដល់ជីវិតដល់គ្រប់ទាំងអស់ ដែលជាក្រឹត្យវិន័យតាមរយៈអ្វីគ្រប់ទាំងអស់ត្រូវបានគ្រប់គ្រង › (គ. និង ស. ៨៨:១៣សូមមើលផងដែរយ៉ូហាន ១:៤-៩,គ. និង ស. ៨៤:៤៥-៤៧,៨៨:៦,៩៣:៩) ។
« ហើយពន្លឺនៃព្រះគ្រីស្ទ ក៏ត្រូវបានពិពណ៌នានៅក្នុងគម្ពីរថាជា ‹ ព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ › (គ. និង ស. ៨៤:៤៥) ‹ ព្រះវិញ្ញាណនៃព្រះអម្ចាស់ › (កូរិនថូសទី ២ ៣:១៨សូមមើលផងដែរម៉ូសាយ ២៥:២៤) ‹ ព្រះវិញ្ញាណនៃសេចក្ដីពិត › (គ. និង ស. ៩៣:២៦) ‹ ពន្លឺនៃសេចក្ដីពិត › (គ. និង ស. ៨៨:៦) ‹ ព្រះវិញ្ញាណនៃព្រះ › (គ. និង ស. ៤៦:១៧) និង ‹ ព្រះវិញ្ញាណបរិសុទ្ធ › (គ. និង ស. ៤៥:៥៧) ។ ពាក្យទាំងនេះមួយចំនួនក៏ត្រូវបានប្រើសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
« គណៈប្រធានទីមួយបានសរសេរថា ‹ មានព្រះចេស្ដាបានសាយភាយនៅទូទាំងសកលលោក ដែលជាពន្លឺ និងជីវិតនៃពិភពលោក « ដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍ » ដែលចេញមកពីវត្តមាននៃព្រះទៅពាសពេញទូទាំងលំហរអាកាស ពន្លឺ និងព្រះចេស្ដានៃព្រះបានប្រទានមកតាមកម្រិតផ្សេងៗគ្នាដល់ « ពួកអ្នកដែលបានទូលដល់ទ្រង់ » ស្របតាមសេចក្ដីជំនឿ និងការគោរពប្រតិបត្តិរបស់ពួកគេ › ។ [ « ‹ Receiving › the Holy Ghost, » Improvement Era, ខែ មិនា ឆ្នាំ ១៩១៦, ទំព័រ ៤៦០ ] ។
« តាមចំណេះដឹងនៃភាពត្រឹមត្រូវ និងភាពខុសឆ្គង ដោយមិនគិតពីពន្លឺខាងក្នុងនេះ ត្រូវបានហៅថាជាពន្លឺនៃព្រះគ្រីស្ទ ជាញាណខាងសីលធម៌ ឬ មនសិការយ៉ាងណានោះទេ វាអាចដឹកនាំយើងទៅរកការចេះដឹងគ្រប់គ្រងសកម្មភាពរបស់យើង —លុះត្រាតែយើងជំនះវា ឬរម្ងាប់វា » ( The Light of Christ, » Ensign, ខែ មេសា ឆ្នាំ ២០០៥, ទំព័រ ៨–៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៥៤-៥៧។ « ប្រែចិត្ត ហើយនឹកចាំ … ដល់ព្រះគម្ពីរមរមន »
ព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់បានដឹកនាំដោយប្រុងប្រយ័ត្នក្នុងការចងក្រង និងការការពារនៃព្រះគម្ពីរមរមន ពេញមួយជីវិត ។ សារលិខិតនៅក្នុងនោះ គឺមានសារៈសំខាន់បំផុតចំពោះមនុស្សទាំងអស់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានលើកទឹកចិត្តដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ កុំឲ្យចាត់ទុកសារលិខិតនោះថា គ្មានប្រយោជន៍ឲ្យសោះ ៖
« ពួកអ្នកផ្សព្វផ្សាយសាសនាជំនាន់មុនមួយចំនួន ពេលត្រឡប់មកផ្ទះវិញ ត្រូវបានព្រះអម្ចាស់ស្ដីបន្ទោសនៅក្នុងកណ្ឌ ៨៤ នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ដោយសារតែពួកគេបានបានចាត់ទុកព្រះគម្ពីរមរមនថាគ្មានប្រយោជន៍ ។ ជាលទ្ធផល គំនិតរបស់ពួកគេត្រូវបានងងឹត ។ ព្រះអម្ចាស់មានបន្ទូលថា ការប្រព្រឹត្តដូច្នេះចំពោះព្រះគម្ពីរមរមន នឹងនាំឲ្យសាសនាចក្រទាំងមូលស្ថិតក្រោមការដាក់ទោស សូម្បីតែកូនចៅនៃស៊ីយ៉ូនទាំងអស់ផង ។ ហើយបន្ទាប់មកព្រះអម្ចាស់ បានមានព្រះបន្ទូលថា ‹ ហើយពួកគេនឹងត្រូវនៅក្រោមការដាក់ទោសនេះ រហូតដល់ពួកគេប្រែចិត្ត ហើយនឹកចាំដល់សេចក្តីសញ្ញាថ្មី គឺជាព្រះគម្ពីរមរមន › ។ ( សូមមើល គ. និង ស. ៨៤:៥៤–៥៧ ) ។ តើយើងទាំងអស់គ្នានៅតែស្ថិតនៅក្រោមការដាក់ទោសនោះឬ ?
« … ផលវិបាកធ្ងន់ធ្ងរ កើតមានអាស្រ័យលើការឆ្លើយតបរបស់យើងចំពោះព្រះគម្ពីរមរមន ៖
« ព្រះអម្ចាស់បានមានបន្ទូលថា ‹ អស់អ្នកណាដែលទទួលវាដោយសេចក្ដីជំនឿ ហើយធ្វើការសុចរិត អ្នកនោះនឹងបានទទួលមកុដនៃជីវិតដ៏នៅអស់កល្បជានិច្ច
«‹ ប៉ុន្ដែអស់អ្នកណាពង្រឹងចិត្តរបស់ខ្លួន ដោយនូវការឥតជំនឿ ហើយមិនទទួលស្គាល់ នោះការណ៍នេះនឹងបែរទៅជាសេចក្ដីដាក់ទោសដល់ពួកគេវិញ--
«‹ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានមានព្រះបន្ទូលថាដូច្នោះ › ។ (គ. និង ស. ២០:១៤–១៦) ។
« តើព្រះគម្ពីរមរមនពិតឬទេ ? ពិត ។
« តើវាសម្រាប់នរណា ? យើងទាំងអស់គ្នា ។
« តើគោលបំណងរបស់វាជាអ្វី ? ដើម្បីនាំមនុស្សមករកព្រះគ្រីស្ទ ។
« តើវាធ្វើដូចនេះយ៉ាងដូចម្ដេច ? ដោយការថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ និងការបើកបង្ហាញពីពួកមារសត្រូវទ្រង់ ។
« តើយើងត្រូវប្រើវាយ៉ាងដូចម្ដេច ? យើងត្រូវទទួលទីបន្ទាល់អំពីវា យើងត្រូវបង្រៀនអំពីវា យើងត្រូវលើកវាឡើងជាបទដ្ឋានមួយ ហើយ ‹ ហួចហៅ › ។ [ សូមមើល នីហ្វៃទី ២ ២៩:២] ។
« តើយើងបានធ្វើដូច្នេះហើយឬនៅ ? គឺមិនត្រឹមតែគួរតែធ្វើនោះទេ តែគឺត្រូវតែធ្វើ ។
« តើលទ្ធផលដ៏អស់កល្បជានិច្ច ស្ថិតនៅលើការអនុវត្តរបស់យើងចំពោះព្រះគម្ពីរនេះដែរឬទេ ? ពិតមែនហើយ មិនថាចំពោះពរជ័យរបស់យើង ឬ ការដាក់ទោសរបស់យើងនោះទេ ។
« ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូប គួរតែសិក្សាព្រះគម្ពីរនេះពេញមួយជីវិតខ្លួន ។ បើមិនដូច្នោះទេ គាត់កំពុងតែដាក់ព្រលឹងគាត់នៅក្នុងគ្រោះថ្នាក់ ហើយកំពុងបោះបង់ចោលនូវអ្វីដែលអាចផ្ដល់នូវការរួបរួមខាងវិញ្ញាណ និងបញ្ញាចំពោះជីវិតរបស់គាត់ទាំងមូលហើយ » (The Book of Mormon Is the Word of God» Ensignខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៥៧-៦១។ ការប្រើព្រះគម្ពីរមរមន នៅក្នុងការសិក្សា និងការបង្រៀនរបស់យើង
ប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានថ្លែង៖
« ព្រះគម្ពីរមរមន ពុំបានធ្វើ ទាំងពុំទាន់ធ្វើជាចំណុចយកចិត្តទុកដាក់សំខាន់ចំពោះការសិក្សាផ្ទាល់ខ្លួនរបស់យើង ការបង្រៀនក្នុងគ្រួសារ ការផ្សាយ និងកិច្ចការផ្សព្វផ្សាយសាសនានៅឡើយទេ ។ យើងត្រូវប្រែចិត្តចំពោះរឿងនេះ » (Cleansing the Inner Vessel »Ensignខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៥-៦ ) ។