មេរៀនទី ១៣៣
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤–១៤៥; ១២៥–១២៦
បុព្វកថា
នេះគឺជាមេរៀនទីបីចុងក្រោយ ក្នុងការពិភាក្សាអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤ ។ វាក៏ពិភាក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥ និង ១២៦ផងដែរ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៨៤-១៤៥, ព្រះអម្ចាស់បានប្រទានព្រះឱវាទដល់សមាជិកសាសនាចក្រម្នាក់ៗ និង បានដាក់ឈ្មោះដល់អស់អ្នកដែលនឹងបម្រើនៅក្នុងតំណែងផ្សេងៗនៃថ្នាក់ដឹកនាំបព្វជិតភាព ។ នៅក្នុងខែ មិនា ឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៥, ដែលព្រះអម្ចាស់បានបើកសម្តែងព្រះឆន្ទៈរបស់ទ្រង់ទាក់ទងនឹងការប្រមូលផ្តុំពួកបរិសុទ្ធនៅក្នុងទឹកដី អៃអូវ៉ា ។ នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ១៨៤១ លោកបានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៦, ដែលព្រះអម្ចាស់បានប្រាប់ ព្រិកហាំ យ៉ង់ ថាលោកនឹងពុំតម្រូវឲ្យចាកចេញពីគ្រួសាររបស់លោកដើម្បីបម្រើបេសកកម្មទៀតឡើយ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៨៤-១២២
ព្រះអម្ចាស់បានប្រទានដំបូន្មានដល់បុគ្គលជាក់លាក់ទាំងឡាយ
ពីមុនចាប់ផ្តើមថ្នាក់ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្រដាសមួយសន្លឹក ៖ បើសិនយើងប្រុងស្តាប់តាមការទូន្មានរបស់ព្យាការី នោះយើងនឹងបានសេចក្តីសុខ ។ សូមដាក់ក្រដាសនោះនៅក្នុងស្រោមសំបុត្រ ហើយនៅក្រៅស្រោមសំបុត្រនោះសូមសរសេរថា របៀបដែលយើងអាចប្រទានពរទាំងពេលនេះ និង ជានិរន្តរ៍ ។
សូមចាប់ផ្ដើមមេរៀនដោយបង្ហាញស្រោមសំបុត្រនោះដល់សិស្ស ។ សូមប្រាប់ពួកគេថា ស្រោមសំបុត្រនេះមានសេចក្តីណែនាំពីរបៀបដែលយើងអាចរីករាយក្នុងពេលនេះ គេចផុតពីឧបសគ្គដែលពុំសំខាន់នៅក្នុងជីវិតយើង ហើយទទួលពរជ័យដទៃទៀត ។ សូមពន្យល់ថាសេចក្តីណែនាំនេះអនុវត្តចំពោះពួកគេម្នាក់ៗ ទោះជាក្នុងកាលៈទេសៈពិសេសរបស់ពួកគេក្តី ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើវាអាចសំខាន់សម្រាប់អ្នកយ៉ាងដូចម្តេច ដើម្បីទទួលបានការណែនាំនៅក្នុងស្រោមសំបុត្រនោះ ?
-
បើសិនអ្នកអាចមានការណែនាំនោះ តើអ្នកនឹងធ្វើតាមការណែនាំនោះខ្លាំងប៉ុណ្ណា ?
សូមថតចម្លង តារាងដែលអមមកជាមួយ នៅលើក្តារខៀន ពីមុនចាប់ផ្តើមថ្នាក់ ។ សូមមើលទៅក្នុងតារាង០ហើយពន្យល់ថានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤-១១៨ ព្រះអម្ចាស់បានត្រាស់បង្គាប់ដល់សមាជិកសាសនាចក្រជាក់លាក់ម្នាក់ៗ បើសិនពួកគេធ្វើតាម នោះពួកគេនឹងទទួលបានពរជ័យដ៏មហិមា ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យអានសេចក្តីយោងពីរ ឬច្រើនជាងនេះនៅលើក្ដារខៀនដោយស្ងៀមស្ងាត់ ។ សូមឲ្យពួកគេ រកមើល ភាពស្រដៀងគ្នារវាងសេចក្តីណែនាំដែលបានប្រទានឲ្យដល់បុគ្គលម្នាក់ៗនៅពេលពួកគេអាន ។
|
វិលលាម ឡ៏វ (គ. និង ស. ៨៩–៩០) |
ហៃរ៉ុម ស្ម៊ីធ (គ. និង ស. ៩៤-៩៦) |
អេម៉ុស ដាវីស (គ. និង ស១១១-១១៤) |
រ៉ូបឺត ហ្វូស្តើរ (គ. និង ស ១១៥-១១៨) |
ក្រោយពីសិស្សមានពេលអានគ្រប់គ្រាន់ហើយ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកបានកត់សម្គាល់ឃើញមានភាពស្រដៀងគ្នាអ្វីខ្លះក្នុងការណែនាំដែលបានប្រទានដល់បុរសទាំងនេះ ? ( វគ្គនិមួយៗមានការណែនាំឲ្យធ្វើតាមការទូន្មានរបស់ព្យាការី យ៉ូសែប ស៊្មីធ ) ។
សូមអញ្ជើញសិស្សឲ្យមើលខគម្ពីរទាំងនោះឡើងវិញឲ្យពួកគេអាន ហើយរកមើលពរជ័យដែលព្រះអម្ចាស់បានសន្យានឹងប្រទានឲ្យ បើសិនពួកបុរសទាំងនេះធ្វើតាមការទូន្មានដែលទ្រង់បានប្រទានដល់ពួកគេ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
-
តើអ្នកនឹងសង្ខេបការសន្យាដែលព្រះអម្ចាស់ធ្វើដល់បុរសទាំងនេះយ៉ាងដូចម្តេច បើសិនពួកគេស្តាប់តាមព្យាការី ?
សូមអញ្ជើញសិស្សម្នាក់ឲ្យបើកស្រោមសំបុត្រ ហើយអានគោលការណ៍នៅលើក្រដាសនោះឲ្យឮៗ ។
-
តើពរជ័យដែលបានសន្យានិមួយៗសរសេរនៅលើក្តារខៀនទាក់ទងនឹងឃ្លាថា « យើងនឹងបានសេចក្តីសុខ » យ៉ាងដូចម្តេច ?
សូមឲ្យសិស្សសរសេរការទូន្មានជាក់លាក់ ដែលប្រធានសាសនាចក្របានផ្តល់ឲ្យកាលពីប៉ុន្មានឆ្នាំនេះ ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយលើក្តារខៀន ។
-
តើនៅពេលណាដែលអ្នកត្រូវបានប្រទានពរដោយការស្តាប់តាមការទូន្មានរបស់ពួកព្យាការី ? ( អ្នកក៏អាចពិចារណាដោយចែកចាយបទពិសោធន៍មួយផងដែរ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៨៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់មានបន្ទូលថា សមាជិកសាសនាចក្រម្នាក់ឈ្មោះ អាលម៉ុន បាបបិត បានកំពុងធ្វើកិច្ចការដោយមិនធ្វើតាមការទូន្មានរបស់គណៈប្រធានទីមួយ ។
-
យោងតាម ខ ៨៤, តើអាលម៉ុន បាបបិត បានធ្វើអ្វីដែលមិនធ្វើតាមការទូន្មានរបស់គណៈប្រធានទីមួយ ? ( គាត់មានមហិច្ឆិតាបង្កើតការទូន្មានផ្ទាល់ខ្លួន ។ អ្នកអាចពន្យល់ថា លោកបានព្យាយាមបញ្ចុះបញ្ចូលមនុស្សមួយចំនួន « ឈប់មួយរយៈ » ក្នុងការធ្វើអន្តោប្រវេសន៍ទៅទីក្រុងណៅវូ ហើយទៅតាំងទីលំនៅលើក្នុងទីក្រុងខឺតឡង់វិញ [ សូមមើល History of the Church, ៤:៤៧៦ ] ) ។
-
តើមានគំរូអ្វីខ្លះអំពីរបៀបដែលមនុស្សអាចបង្កើតការទូន្មានផ្ទាល់ខ្លួននៅក្នុងសម័យរបស់យើងនេះ ?
សូមអញ្ជើញសិស្សពិចារណាអំពីចម្លើយរបស់ពួកគេ ទៅនឹងសំណួរដែលពួកគេបានគិតកាលពីដើមមេរៀនអំពីបំណងប្រាថ្នារបស់ពួកគេដើម្បីទទួល និង ធ្វើតាមការណែនាំនៅក្នុងស្រោមសំបុត្រ ។ សូមឲ្យពួកគេសរសេរគោលដៅជាក់លាក់សម្រាប់កែលម្អកិច្ចខិតខំរបស់ខ្លួន ដើម្បីស្តាប់តាមការទូន្មានរបស់ព្យាការីរស់នៅ ដូច្នេះពួកគេអាចទទួលពរជ័យដែលបានសន្យា ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១១៩-១២២ ដោយពន្យល់ថា ព្រះអម្ចាស់បានប្រទានការណែនាំបន្ថែមដល់សាសនាចក្រទាក់ទងនឹងការសាងសង់ណៅវូហោស ដែលក្លាយជាសណ្ឋាគារផ្ទាល់របស់សាសនាចក្រ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១២៣-១៤៥
ព្រះអម្ចាស់ប្រាប់ឈ្មោះនៃអស់អ្នកដែលត្រូវបម្រើនៅក្នុងមុខងារផ្សេងៗនៃថ្នាក់ដឹកនាំបព្វជិតភាព
សូមឲ្យសិស្សសរសេរពីមុខងាររបស់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងសាសនាចក្រមួយចំនួនលើក្តារខៀន ។
សូមពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១២៣-១៤៥, ព្រះអម្ចាស់បានប្រាប់ឈ្មោះជាក់លាក់របស់មនុស្សមួយចំនួនដើម្បីបម្រើក្នុងមុខងារផ្សេងៗនៃថ្នាក់ដឹកនាំបព្វជិតភាព ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អានពី ខ ១២៣–១៣២ ហើយសុំឲ្យសិស្សពាក់កណ្តាលថ្នាក់ទៀតអានពី ខ ១៣៣-១៤២, ដោយរកមើលមុខងារថ្នាក់ដឹកនាំបព្វជិតភាពដែលព្រះអម្ចាស់បានលើកឡើង ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ សូមសរសេរមុខងារថ្នាក់ដឹកនាំបព្វជិតភាពណាដែលមិនទាន់បានសរសេរពីមុនលើក្តារខៀន ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៤៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលព្រះអម្ចាស់បានហៅពួកអ្នកដឹកនាំបព្វជិតភាព ហើយប្រទានកូនសោបព្វជិតភាពដល់ពួកលោក ។
-
ហេតុអ្វីព្រះអម្ចាស់ហៅពួកអ្នកដឹកនាំបព្វជិតភាព ហើយប្រទានកូនសោបព្វជិតភាពដល់ពួកលោកយ៉ាងដូច្នេះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ ព្រះអម្ចាស់ហៅពួកអ្នកដឹកនាំបព្វជិតភាពដើម្បីគ្រប់គ្រងកិច្ចការនៃការបម្រើ ហើយជួយពួកបរិសុទ្ធឲ្យបានគ្រប់លក្ខណ៍) ។
សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលអ្នកដឹកនាំបព្វជិតភាពបានជួយពួកគេក្នុងកិច្ចខិតខំដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែប្រសើរ និងប្រែក្លាយឲ្យកាន់តែដូចទ្រង់ ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៥
ព្រះអម្ចាស់ដឹកនាំពួកបរិសុទ្ធឲ្យប្រមូលគ្នីគ្នាទៅកន្លែងនានាដែលទ្រង់បានកំណត់
សូមពន្យល់ថាបន្ទាប់ពីពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋ មិសសួរី នៅរដូវរងាឆ្នាំ ១៨៣៨–៣៩ ពួកគេបានធ្វើដំណើរចូលទៅរដ្ឋ អិលលីណោយ និង អៃអូវ៉ា ជាកន្លែងដែលពួកគេបានតាំងទីលំនៅទាំងសងខាងលើច្រាំងទន្លេ មីស៊ីស៊ីពី ។ សូមសង្ខេបវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥ ដោយពន្យល់ថាវាបានទទួលនៅខែ មិនា ឆ្នាំ ១៨៤១ ហើយបានបើកសម្តែងពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ទាក់ទងនឹងពួកបរិសុទ្ធដែលរស់នៅក្នុងទឹកដី អៃអូវ៉ា និង អស់អ្នកដែលមានគម្រោងនឹងទៅទីនោះ ។ នៅក្នុងវិវរណៈនេះព្រះអម្ចាស់បានណែនាំពួកបរិសុទ្ធឲ្យប្រមូលផ្តុំគ្នា ហើយសាងសង់ទីតាំងនានាដែលព្រះអម្ចាស់បានកំណត់ទុកតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ រួមមានទីក្រុង អៃអូវ៉ា ដែលត្រូវបានដាក់ឈ្មោះថាសារ៉ាហិមឡា ។ សាសនាចក្របានទិញដីនៅក្នុងរដ្ឋ អៃអូវ៉ា ច្រើនជាងទិញដីនៅរដ្ឋ អិលលីណោយ ដោយផ្តល់យោបល់ថាថ្នាក់ដឹកនាំសាសនាចក្រគ្មានបំណងថា ពួកបរិសុទ្ធនឹងតាំងទីលំនៅនៅក្នុងទីក្រុង ណៅវូទាំងអស់គ្នានោះទេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦
ព្រិកហាំ យ៉ង់ ពុំតម្រូវឲ្យចាកចេញពីគ្រួសាររបស់លោកដើម្បីបម្រើបេសកកម្មបន្ថែមទៀតឡើយ
សូមអញ្ជើញសិស្សឲ្យស្រមៃពីស្ថានភាពដែលពួកគេចាកចេញពីគ្រួសាររបស់ខ្លួនដើម្បីបម្រើបេសកកម្មសម្រាប់ព្រះអម្ចាស់ក្នុងរយៈពេលរដូវក្តៅប្រាំឆ្នាំបន្ទាប់ទៀត ហើយបន្ទាប់មកនឹងត្រូវបានហៅបម្រើបេសកកម្មមួយទៀតនៅបរទេសរយៈពេលជិតពីរឆ្នាំ ។
-
តើអ្នកនឹងមានអារម្មណ៍ដូចម្ដេច អំពីការចាកចេញពីគ្រួសារអ្នកច្រើនដងបែបនេះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា បើសិនអ្នកមានទំនួលខុសត្រូវក្នុងការផ្គត់ផ្គង់សេចក្តីត្រូវការរបស់គ្រួសារអ្នក ?
សូមប្រាប់សិស្សថាបន្ទាប់ពី ព្រិកហាំ យ៉ង់ បានចូលរួមសាសនាចក្រនៅខែ មេសា ឆ្នាំ ១៨៣២ លោកបានបម្រើបេសកកម្មមួយចំនួនច្រើនជាងប្រាំបួនឆ្នាំ ។ បេសកកម្មដំបូងរបស់លោកគឺអំឡុងពេលនៃរដូវរងា បន្ទាប់ពីលោកបានទទួលបុណ្យជ្រមុជទឹករួច ។ ការបម្រើបេសកកម្មប្រាំផ្សេងទៀត រួមមានការចូលរួមរបស់លោកនៅក្នុងជំរុំស៊ីយ៉ូន បានកើតឡើងរាល់រដូវក្តៅពីឆ្នាំ ១៨៣៣ ដល់ ១៨៣៧ ។ បេសកកម្មទាំងនេះមានរយៈពេលចាប់ពីបីទៅប្រាំខែ ។ នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ ព្រិកហាំ យ៉ង់ ជាមួយនឹងសាវកផ្សេងទៀតត្រូវបានហៅឲ្យបម្រើបេសកកម្មនៅចក្រភពអង់គ្លេស ។ ពួកគេបានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ដើម្បីចាកចេញទៅបេសកកម្មនេះពី ហ្វា វែស្ទ រដ្ឋ មិសសួរី នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ ( សូមមើល គ. និង ស. ១១៨) ។ ព្រិកហាំ យ៉ង់ និង សាវកផ្សេងទៀតបានចំណាយពេលពីរបីខែបន្ទាប់នៅក្នុងរដ្ឋ អៃអូវ៉ា និង អិលលីណោយ ធ្វើការរៀបចំបន្ថែមទៀតដើម្បីធ្វើដំណើរទៅចក្រភពអង់គ្លេស ។ ការឆ្លងរោគគ្រុនចាញ់ បានកើតមាននៅក្នុងតំបន់នោះនារដូវក្តៅឆ្នាំ ១៨៣៩ ហើយពួកគេក៏បានឆ្លងជំងឺនោះផងដែរ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ព្រិកហាំ យ៉ង់ឲ្យឮៗ ៖ សូមឲ្យសិស្សស្តាប់តាមរកមើលឥរិយាបថរបស់លោកចំពោះការបម្រើព្រះអម្ចាស់ ទោះបីជាលោកឈឺដែលស្ទើរតែមិនអាចដើរចូលក្នុងរទេះបើសិនគ្មានអ្នកជួយគ្រានៅពេលលោកបានចេញដំណើរ ។
« ខ្ញុំត្រូវបានកំណត់ឲ្យទៅប្រទេសអង់គ្លេស ឬ ក៏ធ្វើការណ៍នោះរហូតដល់ស្លាប់ ។ ខ្ញុំមានការតាំងចិត្តយ៉ាងមុតមាំថា ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំបានតម្រូវឲ្យធ្វើនៅក្នុងដំណឹងល្អនៃជីវិត និង សេចក្តីសង្គ្រោះ ឬ ខ្ញុំនឹងស្លាប់ដោយការព្យាយាមធ្វើការណ៍នេះ » (Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ], ទំព័រ ៥) ។
សូមពន្យល់ថាការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ព្រិកហាំ យ៉ង់ ក៏បានតម្រូវឲ្យគ្រួសាររបស់លោកធ្វើការលះបង់ផងដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីសង្ខេបខាងក្រោមនេះអំពីស្ថានភាពរបស់គ្រួសារព្រិកហាំ យ៉ង់ នៅពេលលោកបានចេញទៅបម្រើបេសកកម្មរបស់ខ្លួនទៅចក្រភពអង់គ្លេស ៖
ព្រិកហាំ យ៉ង់ បានចេញពី ម៉ុនទ្រូស រដ្ឋ អៃអូវ៉ា ទៅចក្រភពអង់គ្លេសនៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ១៨៣៩ គឺ១០ថ្ងៃបន្ទាប់ពីភរិយារបស់លោក ម៉ារី អាន បានឆ្លងទន្លេកូនទីបួនរបស់ខ្លួន ។ ម៉ារី អាន បានរងទុក្ខដោយសារជំងឺគ្រុនចាញ់ ។ នេះគឺជាលើកទីប្រាំហើយតាំងពីពួកគេបានរៀបការដែលគាត់បានឲ្យព្រិកហាំចេញទៅបេសកកម្ម ។ ដោយត្រូវបានបណ្តេញចេញពីផ្ទះ និង បានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងរដ្ឋ មិសសួរីកាលពីឆ្នាំមុនពួកគេមានភាពក្រតោកយ៉ាក ។ ព្រិកហាំ បានបន្សល់ប្រាក់តែ ២.៧២ ដុល្លារ ឲ្យម៉ារី អាន សម្រាប់គ្រួសាររបស់ពួកលោក ។ ព្រិកហាំ និង ម៉ារី អានបានទុកចិត្តថា ព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេ និង ពឹកផ្អែកលើការសន្យាពីព្យាការីយ៉ូសែប ស្ម៊ីធ ថា ក្រុមគ្រួសាររបស់ពួកសាវកនឹងទទួលបានការថែទាំសម្រាប់សេចក្តី ត្រូវការនានាខណៈដែលពួកសាវកទាំងនោះចេញទៅបម្រើបេសកកម្ម ។ ( សូមមើល Leonard J. Arrington, Brigham Young: American Moses [ ឆ្នាំ ១៩៨៥ ] ទំព័រ ៧៤–៧៥, ៤១៣, ៤២០ ) ។
សូមពន្យល់ថា បន្ទាប់ពីការដឹកនាំកិច្ចការអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រនៅក្នុងចក្រភពអង់គ្លេស ព្រិកហាំ យ៉ង់ បានទៅដល់ទីក្រុងណៅវូ រដ្ឋ អិលលីណោយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៨៤១ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦ ប្រាំបីថ្ងៃក្រោយមក ។
សូមអញ្ជើញសិស្សម្នាឲ្យក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានប្រាប់ព្រិកហាំអំពីការបម្រើរបស់លោក ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( អ្នកអាចចាំបាច់ត្រូវពន្យល់ថា ពាក្យ កិច្ចការធ្ងន់ សំដៅទៅលើការព្យាយាមធ្វើការក្នុងរយៈពេលដ៏វែង ) ។
សូមពន្យល់ថា ទោះបីជាព្រះអម្ចាស់ពុំតម្រូវឲ្យលោកចាកចេញពីគ្រួសាររបស់ខ្លួនក៏ដោយ ក៏ក្រោយមកព្រិកហាំ យ៉ង់ បានបម្រើបេសកកម្មរយៈពេលខ្លីៗ ។ សូមអញ្ជើញសិស្សឲ្យប្រាប់គោលការណ៍មួយពី ខ ១–២ ដែលបង្រៀនពី អ្វីដែលនឹងកើតឡើង បើសិនយើងធ្វើការដោយឧស្សាហ៍សម្រាប់ព្រះអម្ចាស់ ។ ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ដូចខាងក្រោម ៖ បើយើងធ្វើការដោយព្យាយាមសម្រាប់ព្រះអម្ចាស់ នោះទ្រង់នឹងទទួលយកការថ្វាយដ៏សុចរិតរបស់យើង ។ អ្នកអាចស្នើថា សិស្សគួរតែសរសេរគោលការណ៍នេះនៅក្បែរគែមទំព័រនៃព្រះគម្ពីររបស់ពួកគេ ) ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានសព្វព្រះទ័យនឹងការបម្រើរបស់អ្នក ?
សូមអញ្ជើញសិស្សឲ្យគិតអំពីឱកាសនានាដែលពួកគេមានដើម្បីបម្រើព្រះអម្ចាស់ ។ សូមលើកទឹកចិត្តពួកគេ ឲ្យធ្វើតាមគំរូរបស់អ្នកដឹកនាំដូចជា ព្រិកហាំ យ៉ង់ ដើម្បីធ្វើការដោយព្យាយាមនៅក្នុងឱកាសទាំងនេះ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះអម្ចាស់នឹងទទួលយកការថ្វាយដ៏សុចរិតនៃកិច្ចខិតខំព្យាយាមរបស់ពួកគេក្នុងកិច្ចការរបស់ទ្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤-៨៦ ។ អាលម៉ុន បាបបិត
អាលម៉ុន បាបបិត គឺជាសមាជិកម្នាក់នៃជំរុំស៊ីយ៉ូន ហើយត្រូវបានតែងតាំងជាសមាជិកនៃកូរ៉ុមទីមួយនៃពួកចិតសិបនាក់នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ ។ អាលម៉ុន ធ្លាប់មានប្រវត្តិពុំខ្វាយខ្វល់នឹងការទូន្មានរបស់អ្នកដឹកនាំសាសនាចក្រ ហើយនាំមនុស្សដទៃឲ្យធ្វើតាមការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤, ព្រះអម្ចាស់បានប្រើការប្រៀបធៀបអំពីកូនគោមាស ( សូមមើល និក្ខមនំ ៣២) ដើម្បីពិពណ៌នាអំពីអាកប្បកិរិយារបស់ អាលម៉ុន បាបបិត ។ អាលម៉ុន បានបង្កើតការទូន្មានរបស់ខ្លួន ដែលជាអ្វីមួយដែលពួកបរិសុទ្ធគួរតែធ្វើតាមការទូន្មាននោះជាជាងធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ដែលបានប្រទានឲ្យតាមរយៈគណៈប្រធានទីមួយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:១ ។ បេសកកម្មរបស់កូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅចក្រភពអង់គ្លេស
« នៅខែ មេសា ឆ្នាំ ១៨៤០ នៅពេលសាវកផ្សេងទៀត បានមកដល់កោះប្រទេសអង់គ្លេស ព្រិកហាំ យ៉ង់ ដែលបានចាត់ថាជាអ្នកដឹកនាំនៃសាសនាចក្រនៅក្នុងបេសកកម្មប្រទេសអង់គ្លេស បានកោះហៅបងប្អូនប្រុសទាំងនោះទៅ ប្រេស្តុនសម្រាប់សន្និសីទទូទៅរបស់សាសនាចក្រ ។… កិច្ចការដំបូងគឺការតែងតាំង វិលឡឺឌ រិចឌ្ស [ ដែលកំពុងបម្រើនៅក្នុងគណៈប្រធានបេសកកម្ម ] ឲ្យបម្រើក្នុងថ្នាក់ដឹកនាំសាវកស្របតាមវិវរណៈនៅក្នុងឆ្នាំ ១៨៣៨ [ សូមមើល គ. និង ស ១១៨:៦] ។… ឥឡូវនេះមានសមាជិកប្រាំបីនាក់នៃពួកដប់ពីរនាក់នៅលើកោះប្រទេសអង់គ្លេស ដែលមានឈ្មោះព្រិកហាំ យ៉ង់ , ហ៊ីប៊ើរ ស៊ី គិមបុល, ប៉ាលី ភី ប្រាត្ត ,អួរសុន ប្រាត្ត ,យ៉ូហាន ថេលើរ, វិលហ្វូឌ វូឌដ្រុព្វ ចច អេ ស្ម៊ីធ និង វិលឡឺឌ រីឆាដ ។ មនុស្សពីរនាក់ទៀត វិលលាម ស្ម៊ីធ និង យ៉ូហាន អ៊ី ភេច ពុំបានបម្រើបេសកកម្មនៅប្រទេសអង់គ្លេសឡើយ ។ អួរសុន ហៃឌ បានមកដល់ពេលក្រោយ បានធ្វើការជាមួយបងប្អូនប្រុសទាំងនោះអស់រយៈពេលជាច្រើនខែនៅប្រទេសអង់គ្លេស ហើយបន្ទាប់មកបានទៅភីលីស្ទីន ដើម្បីឧទ្ធិសទឹកដីនោះសម្រាប់ការវិលត្រឡប់មកវិញរបស់សាសន៍យូដា ។ តំណែងទំនេរមួយនៅក្នុងពួកដប់ពីរនាក់នៅតែទំនេរនៅពេលនោះ » (Church History in the Fulness of Times Student Manual, ការបោះពុម្ពទី ២. [Church Educational System manual, ឆ្នាំ ២០០៣ ],ទំព័រ ២៣១ ) ។
នៅពេលព្រិកហាំ យ៉ង់ បានដឹកនាំពង្រីកកិច្ចការអ្នកផ្សព្វផ្សាយសាសនាទូទាំងកោះនៃប្រទេសអង់គ្លេស លោកបានបង្ហាញខាងវិញ្ញាណដ៏អស្ចារ្យ និង សមត្ថភាពនៃរដ្ឋបាល ។ ក្រោមការដឹកនាំរបស់ព្រិកហាំ យ៉ង់ និង សាវកផ្សេងទៀតសាសនាចក្របានរីកចម្រើនយ៉ាងអស្ចារ្យនៅក្នុងចក្រភពអង់គ្លេស ។ នៅពេលនោះសាវកស្ទើរតែទាំងអស់ បានចាកចេញពីប្រទេសអង់គ្លេសនៅចុងខែ មេសា ឆ្នាំ ១៨៤១ មនុស្សចន្លោះពី ៧០០០ និង ៨០០០ នាក់បានចូលសាសនាចក្រ ក្នុងនោះមនុស្ស ប្រហែល១០០០នាក់បានធ្វើអន្តោប្រវេសន៍ទៅទីក្រុងណៅវូពីរបីខែមុន ។
« បេសកកម្មនេះគឺជាពេលសំខាន់មួយនៃការបំពាក់បំប៉ន និង មានភាពចាស់ទុំសម្រាប់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ព្រិកហាំ យ៉ង់ បានពង្រឹងជំនាញនៃភាពដឹកនាំ ដែលមិនយូរមិនឆាប់នឹងត្រូវបានហៅដើម្បីប្រើវានៅក្នុងទីក្រុងណៅវូ ។… តាមរយៈការសាកល្បង និង ការលះបង់នៅក្នុងប្រទេសអង់គ្លេស ព្រមទាំងការធ្វើការក្នុងគោលដៅរួម នោះពួកដប់ពីរនាក់បានរួមគ្នាក្នុងរបៀបមួយដែលធានាឲ្យមានភាពរឹងមាំក្នុងថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត » ( Church History in the Fulness of Times,ទំព័រ ២៣៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:៣ ។ ការយកចិត្តទុកដាក់របស់ព្រិកហាំ យ៉ង់ ចំពោះគ្រួសាររបស់លោក
បន្ទាប់ពីត្រឡប់មកផ្ទះពីចក្រភពអង់គ្លេសវិញ ព្រិកហាំ យ៉ង់ បានធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ឲ្យ « ថែទាំគ្រួសាររបស់ [ លោក ] ឲ្យបានស្រួលបួល » (គ. និង ស. ១២៦:៣) ។ លោកចំណាយពេលរាល់ថ្ងៃដើម្បីណែនាំ និង អធិស្ឋានជាមួយកូនៗរបស់លោកដែលក្នុងការចងចាំថាលោកគឺជាឪពុកស្លូតបូត និង ជាទីស្រឡាញ់ ។
ព្រិកហាំ យ៉ង់ មានអាយុ ៤០ នៅពេលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៦ ត្រូវបានទទួល ប៉ុន្តែដំណើររឿងខាងក្រោមបង្ហាញពីការលះបង់ដ៏យូរអង្វែងចំពោះគ្រួសារលោក ៖
« កាលអាយុ ២៣ ឆ្នាំ លោកបានរៀបការជាមួយ មីរៀម អែនជេលីន វ៉ើក ។ គូស្វាមីទាំងពីរនាក់ថ្មោងថ្មីនេះបានមានកូនស្រីពីរនាក់ ។ ព្រិកហាំ បានផ្គត់ផ្គង់គ្រួសារលោក ដោយការធ្វើ និង ជួសជុលកៅអី តុ និង ទូដាក់ចាន ព្រមទាំងដាក់បង្អូច ទ្វារ ជណ្តើរ និង ឡកំដៅធ្វើពីដែក ។…
« នៅពេលមីរៀមបានឆ្លងជំងឺរបេង ព្រិកហាំទទួលបន្ទុកនៃកិច្ចការរបស់នាងកាន់តែច្រើនលើកិច្ចការរបស់លោកផ្ទាល់ ។ នៅពេលនាងកាន់តែឈឺធ្ងន់ទៅៗនៅលើគ្រែ នោះលោកតែងតែរៀបចំអាហារពេលព្រឹកសម្រាប់គ្រួសារ ស្លៀកសម្លៀកបំពាក់ឲ្យកូនស្រីរបស់លោក សម្អាតផ្ទះ ហើយ ‹ បីភរិយាលោកដាក់លើកៅអីយោលនៅក្បែរឡកម្តៅ ហើយទុកឲ្យនាងនៅទីនោះរហូតដល់លោកត្រឡប់មកវិញនៅពេលល្ងាច › នៅពេលលោកចម្អិនអាហារពេលយប់នាំកូនៗទៅគេង ហើយបញ្ចប់កិច្ចការផ្ទះ [ ស៊ូសា យ៉ង់ ហ្គេត និង លៀ ឌី វិតសូ, The Life Story of Brigham Young ( ឆ្នាំ ១៩៣០ ) ទំព័រ ៥ ] ។ បទពិសោធន៍របស់លោកនៅក្នុងយុវវ័យ និង កាលពីទើបតែរៀបការក្នុងការថែទាំកូនៗ និង រៀបចំផ្ទះបានបង្រៀនលោកកាន់តែច្រើនអំពីការសម្របសម្រួលគ្រួសារ និង កិច្ចការផ្ទះ ។ ច្រើនឆ្នាំក្រោយមក លោកបានទូន្មានពួកបរិសុទ្ធអំពីប្រធានបទទាំងនេះ ហើយនិយាយដោយមោទនៈភាពថាលោកអាចប្រកួតឈ្នះ ‹ ស្ត្រីទាំងអស់នៅក្នុងសហគមន៍ [ នេះ ] ជាមួយនឹងកិច្ចការផ្ទះ › [Deseret News, ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៨៥៧ ទំព័រ ៤ ] » (Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ២) ។
« ក្រៅពីអាចចំណាយពេលច្រើនជាមួយគ្រួសាររបស់លោកក្រោយពីវិវរណៈនេះ [គ. និង ស. ១២៦] នោះព្រិកហាំ យ៉ង់ ក៏បាននៅក្បែរព្យាការី យ៉ូសែប ស៊្មីធ អស់ពេលជាច្រើនឆ្នាំជាងលោកអាចធ្វើបានកាលពីប៉ុន្មានឆ្នាំមុន ( គឺមានចំនួនម្ភៃប្រាំបីខែ នៃជីវិតចុងក្រោយរបស់យ៉ូសែប ដែលនៅសល់តែសាមសិបប្រាំមួយខែប៉ុណ្ណោះ ) ។
« ប្រាកដថា វាបីដូចជាព្រះអម្ចាស់បានដឹងពីអនាគត ព្រិកហាំ យ៉ង់ និង អនាគតរបស់សាសនាចក្រ ដោយបានឲ្យ ព្រិកហាំ នៅក្បែរយ៉ូសែប ដូច្នេះលោកអាចរៀនពីអ្វីដែលចាំបាច់ដើម្បីដឹង ដើម្បីដឹកនាំសាសនាចក្របន្ទាប់ពីយ៉ូសែបស្លាប់ » (Doctrine and Covenants Student Manual, ការបោះពុម្ពលើកទី ២. [Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ៣១៣ ) ។
ទោះបីជាព្រិកហាំ មិនតម្រូវឲ្យចាកចេញពីគ្រួសារលោកទៅបម្រើបេសកកម្មបន្ថែមទៀតក្តី ក៏លោកនៅតែបម្រើបេសកកម្មរយៈពេលខ្លីៗមួយចំនួនពីមុនព្យាការីស្លាប់ ។