មេរៀនទី ១១
គោលលទ្ធិ និង សេចក្តីសញ្ញា ៣
បុព្វកថា
យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣ បន្ទាប់មកម៉ាទីន ហារីស បានធ្វើឲ្យបាត់ ១១៦ ទំព័រនៃកំណត់ត្រាសរសេរដោយដៃដែលយ៉ូសែប បានបកប្រែចេញមកពីផ្ទាំងចំណារមាស ។ នៅក្នុងវិវរណៈនេះព្រះអម្ចាស់មានបន្ទូលថា កិច្ចការរបស់ទ្រង់ នឹងទទួលបានជោគជ័យលើសេចក្ដីទុច្ចរិតរបស់មនុស្ស ។ ព្រះអម្ចាស់ ក៏បានបន្ទោសដល់យ៉ូសែប ហើយបានព្រមានលោកអំពីអ្វីនឹងកើតឡើង បើលោកពុំប្រែចិត្ត ។ ទីបំផុត ព្រះអម្ចាស់ បានពន្យល់អំពី គោលបំណងរបស់ទ្រង់ក្នុងការនាំមកនូវព្រះគម្ពីរមរមន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១-៣
យ៉ូសែប ស៊្មីធ បានរៀនថា កិច្ចការរបស់ព្រះ ពុំមែនជាកិច្ចការស្មុគស្មាញទេ
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីស្ថានភាពដែលពួកគេអាចត្រូវបានល្បួងឲ្យស្ដាប់តាមមិត្តភក្ដិ ជាជាងធ្វើតាមបទបញ្ញតិ្ត ឬការប្រឹក្សារបស់ឪពុកម្ដាយ ឬថ្នាក់ដឹកនាំរបស់ពួកគេ ។
-
ហេតុអ្វីបានជាពេលខ្លះវាពិបាកដើម្បីបដិសេធនឹងមិត្តភក្ដិ នៅពេលពួកគេព្យាយាមមានឥទ្ធិពលមកលើយើងឲ្យធ្វើអ្វីដែលខុស ?
សូមសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីព្រឹត្តការ ដែលនាំទៅរកការបាត់បង់ព្រះគម្ពីរមរមន ចំនួន ១១៦ សន្លឹកដែលជាការបកប្រែសរសេរដោយដៃនោះ ។
នៅពេលសិស្សឆ្លើយតប នោះអ្នកអាចបន្ថែមពីលើចម្លើយរបស់ពួកគេជាមួយនឹងព័ត៌មានលម្អិតមួយចំនួនដូចខាងក្រោម ៖
ចាប់តាំងពីពាក់កណ្ដាលខែ មេសា ឆ្នាំ ១៨២៨ រហូតដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ ១៨២៨ នោះព្យាការី យ៉ូសែប ស៊្មីធ កំពុងបកប្រែផ្ទាំងចំណារ ខណៈដែលកំពុងរស់នៅក្នុងភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ។ កសិករ អ្នកជំនួញស្តុកស្ដមម្នាក់ឈ្មោះ ម៉ាទីន ហារិស បានធ្វើជាអ្នកសរសេរឲ្យយ៉ូសែប ខណៈពេលដែលលោកបកប្រែ ។ ម៉ាទីន មានវ័យចាស់ជាង យ៉ូសែប ២២ ឆ្នាំ ហើយបានឲ្យប្រាក់ដល់ យ៉ូសែប និង អិមម៉ា ៥០ ដុល្លារ ( ជាចំនួនទឹកប្រាក់ដ៏ច្រើននៅជំនាន់នោះ ) ដើម្បីជួយពួកគេឲ្យផ្លាស់ទៅកាន់ ភូមិ ហាម៉ូនី រដ្ឋផែនផែនសិលវេញ៉ា ( ជាកន្លែងដែលគ្រួសារអិមម៉ារស់នៅ) ដូច្នេះវាបានជួយគាំទ្រដល់យ៉ូសែប ខណៈពេលលោកបកប្រែផ្ទាំងចំណារ ។ នៅខែ កុម្ភៈ ឆ្នាំ ១៨២៨ យ៉ូសែប បានលើកទឹកចិត្តឲ្យម៉ាទីន យកច្បាប់ចម្លងនៃតួអក្សរមកពីផ្ទាំងមាសទៅជួបសាស្ត្រាចារ្យនៅរដ្ឋ នូវ យ៉ោក ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៣–៦៥ ) ។ លូស៊ី ហារិស ជាភរិយារបស់ម៉ាទីន បានខ្វល់ខ្វាយយ៉ាងខ្លាំងអំពីចំណាប់អារម្មណ៍របស់ម៉ាទីន និងការចូលរួមខាងហិរញ្ញវត្ថុនៅក្នុងការបកប្រែផ្ទាំងចំណារ ។ គាត់ និងអ្នកដទៃទៀត បានចាប់ផ្ដើមបង្ខំឲ្យម៉ាទីន រកភស្ដុតានៃវត្តមានរបស់ផ្ទាំងចំណារនោះ ។ ដើម្បីរម្ងាប់កង្វល់របស់ពួកគេ នោះនៅពាក់កណ្ដាលខែមិថុនា ម៉ាទីន បានស្នើរសុំដល់យ៉ូសែប ដើម្បីអនុញ្ញាតឲ្យគាត់យកការបកប្រែដែលសរសេរដោយដៃចំនួន ១១៦ ទំព័រ ដែលពួកគេបានបញ្ចប់នោះ ទៅបង្ហាញជាភស្ដុតាង ។
សូមអញ្ជើញសិស្សឲ្យនឹកគិតអំពីស្ថានភាពលំបាកដែលព្យាការីមាន ពេលម៉ាទីន ហារិស បានសុំដើម្បីយកឯកសារសរសេរដោយដៃទៅនោះ ។ ដើម្បីជួយជាមួយនឹងបរិបទ សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោម ចេញមកពីប្រវត្តិរបស់ព្យាការី យ៉ូសែប ស៊្មីធ ៖
« [ ម៉ាទីន ] មានបំណងចង់ឲ្យខ្ញុំសូមដល់ព្រះអម្ចាស់តាមរយៈយូរីម និងធូមីម បើគាត់មិនអាច [ យកឯកសារសរសេរដោយដៃនោះទៅផ្ទះ ហើយបង្ហាញវាដល់គេ ] នោះទេ ។ ខ្ញុំបានទូលសូមហើយចម្លើយគឺថា គាត់មិនត្រូវយកទៅទេ ។ ទោះជាយ៉ាងណាក៏ដោយ គាត់ពុំស្កប់ចិត្តនឹងចម្លើយនេះឡើយ ហើយប្រាថ្នាចង់ឲ្យខ្ញុំសូមម្ដងទៀត ។ ខ្ញុំបានទូលសូមហើយចម្លើយគឺដូចគ្នានឹងលើកមុន ។ តែគាត់នៅតែពុំអាចស្កប់ចិត្ត ហើយនៅតែទទូចថាឲ្យខ្ញុំទូលសូមម្ដងទៀត » ( នៅក្នុង ប្រវត្តិសាស្ត្រនៃសាសនាចក្រ១:២១ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា យ៉ូសែប ស៊្មីធ បានទូលសូមដល់ព្រះនូវសំណួរដដែលៗទោះជាបានទទួលចម្លើយយ៉ាងច្បាស់ហើយដូច្នោះ ?
សូមពន្យល់ថា បន្ទាប់ពីការទទូចអង្វរជាច្រើនដងមកពី ម៉ាទីន នោះយ៉ូសែប បានសូមដល់ព្រះអម្ចាស់ជាលើកទីបី ហើយព្រះអម្ចាស់បានអនុញ្ញាតឲ្យម៉ាទីន យកឯកសារសរសេរដោយដៃនោះ « នៅឱកាសជាក់លាក់ » ( ប្រវត្តិសាស្ត្រ នៃសាសនាចក្រ១:២១ ) ។ ម៉ាទីន បានសន្យាថា គាត់នឹងបង្ហាញឯកសារសរសេរដោយដៃនោះ តែចំពោះភរិយារបស់គាត់ និងសមាជិកគ្រួសារតែប៉ុន្មាននាក់ទៀតប៉ុណ្ណោះ ។ ម៉ាទីន បានត្រឡប់ទៅរដ្ឋ នូវ យ៉ោក ជាមួយនឹងឯកសារសរសេរដោយដៃនោះ ។ ក្រោយពី ម៉ាទីន បានចេញទៅមិនយូរប៉ុន្មានអិមម៉ា ស៊្មីធ បានផ្ដល់កំណើតកូនប្រុសម្នាក់ ឈ្មោះ អាលវិន ដែលបានស្លាប់នៅមិនយូរប៉ុន្មានបន្ទាប់ពីបានកើតមក ។ អិមម៉ា ស្ទើរតែស្លាប់ហើយយ៉ូសែប បាននៅជិតនាងអស់រយៈពេលពីរសប្ដាហ៍ ។ ពេលនេះ ម៉ាទីន បានទៅអស់រយៈពេលបីសប្ដាហ៍ ហើយពួកគេពុំបានឮដំណឹងអ្វីពីគាត់សោះ ។ អិមម៉ា បានជាសះស្បើយឡើងវិញបន្ដិច ហើយបានបញ្ចុះបញ្ចូលយ៉ូសែប ឲ្យទៅរដ្ឋ នូវ យ៉ោក ដើម្បីមើលថាហេតុអ្វីក៏ ម៉ាទីន ពុំប្រាប់ដំណឹងអ្វីមួយម៉ាត់មកវិញសោះនោះ ។ យ៉ូសែប បានធ្វើដំណើរទៅផ្ទះរបស់ឪពុកម្ដាយលោក ហើយពេលទៅដល់ទីនោះ លោកបានហៅម៉ាទីនឲ្យមក ។ ម៉ាទីន បានចំណាយពេលពេញមួយព្រឹកដើម្បីធ្វើដំណើរមក ។ នៅពេលគាត់បានមកដល់ គាត់បានបរិភោគអាហារជាមួយគ្រួសារស្ម៊ីធ ប៉ុន្តែរំពេចនោះបានទម្លាក់ស្លាបព្រាចុះ ។ នៅពេលដែលគេសួរថា លោកមានរឿងអ្វី លោកបានយំ ហើយទីបំផុតបានសារភាពថា លោកបានធ្វើឲ្យបាត់ឯកសារដែលសរសេរដោយដៃចំនួន ១១៦ ទំព័រនោះហើយ ។ ( សូមមើលHistory of Joseph Smith by His Mother,បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ១៩៥៨ ], ១២៤–២៩ សម្រាប់ព័ត៌មានលម្អិតអំពីដំណើររឿងនេះ ) ។
-
សូមពិចារណាអំពីស្ថានភាពលំបាកទាំងនេះចំពោះព្យាការី យ៉ូសែប ស៊្មីធ ។ តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍ដូចម្ដេចក្នុងស្ថានភាពបែបនេះ ?
សូមប្រាប់ដល់សិស្សថា នៅពេលត្រឡប់មកដល់ភូមិ ហាម៉ូនីវិញដោយគ្មានឯកសារសរសេរដោយដៃចំនួន ១១៦ ទំព័រនោះ យ៉ូសែប ស៊្មីធ បានអធិស្ឋានសុំការអភ័យទោស ។ ដោយសារយ៉ូសែប បាន« ធ្វើឲ្យព្រះអម្ចាស់ធុញថប់ ចំពោះការទទូចសុំឯកសិទ្ធិឲ្យ ម៉ាទីន ហារិស យកការសរសេរនោះទៅ » ( History of the Church,១:២១ ) មរ៉ូណៃ បានដកយក យ៉ូរីម និងធូមីម ហើយយ៉ូសែប បានបាត់បង់អំណោយទាននៃការបកប្រែ ។ ទោះជាយ៉ាងណាក៏ដោយ មរ៉ូណៃ បានសន្យាថា យ៉ូសែប អាចទទួលបានវាម្ដងទៀត បើលោកនឹង « រាបសារ ហើយភ្ញាក់ខ្លួន » History of Joseph Smith by His Mother, ១៣៤ ) ។ ក្រោយមក យ៉ូសែប បានទទួលវិវរណៈ ដែលឥឡូវត្រូវបានគេស្គាល់ថាជាគោលលទ្ធិ និង សេចក្ដីសញ្ញា ៣ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១-៣ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាមរកមើលនូវអ្វីដែលព្រះអម្ចាស់ចង់ឲ្យព្យាការី យ៉ូសែប ស៊្មីធ យល់ ។
-
តើអ្នកនឹងសង្ខេបអំពីសារលិខិតរបស់ព្រះអម្ចាស់ ចំពោះយ៉ូសែប ស៊្មីធ ក្នុងខទាំងនេះយ៉ាងដូចម្ដេច ? ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមគូសបញ្ជាក់នូវគោលលទ្ធិដូចខាងក្រោម ៖ គោលបំណងនៃព្រះ ពុំអាចស្មុគស្មាញទេ ។ អ្នកអាចនឹងឲ្យយោបល់សិស្សគូសចំណាំសេចក្ដីពិតនេះនៅក្នុង ខ១ ។ វាអាចនឹងជាជំនួយដើម្បីពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១ ពាក្យ ស្មុគស្មាញ មានន័យថា រារាំងមិនឲ្យសម្រេចជោគជ័យ ) ។
-
តើការពិតនេះ បានជួយដល់យ៉ូសែប ស៊្មីធ អំឡុងគ្រាលំបាកនេះយ៉ាងដូចម្ដេច ? ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងទាំងអស់គ្នា ដើម្បីយល់ពីសេចក្ដីពិតនេះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤-១៥
ព្រះអម្ចាស់ បន្ទោសដល់យ៉ូសែប ស៊្មីធ ហើយបានដាស់តឿនលោកឲ្យប្រែចិត្ត
សូមពន្យល់ថា ទោះបីជាព្រះ មានបន្ទូលថា កិច្ចការរបស់ទ្រង់ពុំអាចស្មុគស្មាញក្ដី ក៏ទ្រង់ចង់ឲ្យព្យាការី ដឹងផងដែរអំពីកំហុសដែលលោកបានធ្វើ ហើយនឹងលទ្ធផលនៃកំហុសទាំងឡាយនោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤-៦ ឲ្យឮៗ ។ សូមដល់សិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ប្រាប់ពាក្យ និងឃ្លា ដែលអាចនឹងពិបាកដើម្បីឲ្យយ៉ូសែប ស្ម៊ីធ ស្ដាប់ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវពាក្យ និងឃ្លាទាំងឡាយដែលពួកគេរកឃើញ ហើយហេតុអ្វី ។
-
តើយ៉ូសែប « បានទៅតាមការបញ្ចុះបញ្ចូលទាំងឡាយនៃមនុស្សលោក » តាមរបៀបណា ? ( គ. និង ស. ៣:៦ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១២-១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលឃ្លាទាំងឡាយ ដែលគូសបញ្ជាក់ពីមូលហេតុដែលសកម្មភាពរបស់យ៉ូសែប គឺធ្ងន់ធ្ងរបំផុតនោះ ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យរាយការណ៍នូវអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៧ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ប្រាប់នូវអ្វីដែលព្រះអម្ចាស់ បានមានបន្ទូលទៅយ៉ូសែប ស៊្មីធ គួរតែធ្វើ នៅពេលលោក ស្ថិតនៅក្រោមសម្ពាធរបស់ម៉ាទីន ហារិស ។ ( មុនពេលសិស្សអាន អ្នកអាចនឹងពន្យល់ថា នៅក្នុងវគ្គបទគម្ពីរនេះ ពាក្យ មនុស្សលោក គឺសំដៅទៅមនុស្សលោកទាំងអស់ ) ។ បន្ទាប់ពីសិស្សប្រាប់អំពីការទូន្មានរបស់ព្រះអម្ចាស់ សូមសរសេរនូវគោលការណ៍ដូចខាងក្រោម នៅលើក្ដារខៀន ៖ យើងគួរតែខ្លាចព្រះជាជាងខ្លាចមនុស្ស ។ ( អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំពាក្យ ឬឃ្លានៅក្នុងខទី ៧ ដែលបង្រៀនពីគោលការណ៍នេះ ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បីខ្លាចព្រះ ជាជាងខ្លាចមនុស្សនោះ ?
ដើម្បីជួយសិស្សឲ្យយល់អំពីអត្ថន័យនៃការខ្លាចព្រះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពន្យល់ដូចខាងក្រោម ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« មានកន្លែងជាច្រើនក្នុងព្រះគម្ពីរ ដែលទូន្មានរបស់មនុស្សឲ្យខ្លាចដល់ព្រះ ។ នៅជំនាន់របស់យើង ជាទូទៅយើងបានបកប្រែពាក្យ ខ្លាច ថាជា « គោរព » ឬ « គារវភាព » ឬ « ស្រឡាញ់ » ដែលថា ការខ្លាចដល់ព្រះ មានន័យថា ស្រឡាញ់ព្រះ ឬគោរពដល់ទ្រង់ និងក្រឹត្យវិន័យរបស់ទ្រង់ ។ ជាញឹកញាប់ នោះអាចជាការអានដ៏ត្រឹមត្រូវមួយ ប៉ុន្តែខ្ញុំងឿងឆ្ងល់ពេលខ្លះ បើពាក្យ ខ្លាច ពុំមានន័យពិតថាជា ខ្លាច នៅពេលពួកព្យាការីនិយាយអំពីការភ័យខ្លាចធ្វើឲ្យព្រះអាក់អន់ព្រះទ័យ ដោយការមិនគោរពបទបញ្ញត្តិរបស់ទ្រង់នោះ ។…
« …យើងគួរតែស្រឡាញ់ និងមានគារវភាពចំពោះទ្រង់ ដែលយើងខ្លាចក្នុងការធ្វើអ្វីមួយខុសនៅចំពោះព្រះនេត្រទ្រង់ មិនថាអាចនឹងមានទស្សនៈ ឬសម្ពាធមកពីអ្នកដទៃយ៉ាងណានោះទេ » ( « A Sense of the Sacred » [ CES fireside for young adults, ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៤ ], ៦–៧, LDS.org សូមមើល ផងដែរ speeches.byu.edu ) ។
-
ស្របតាមអែលឌើរ គ្រីស្តូហ្វឺសិន តើការខ្លាចព្រះមានន័យយ៉ាងណា ?
-
តើការខ្លាចព្រះ ដូចដែលអែលឌើរ គ្រីស្តូហ្វឺសិន បានពន្យល់ អាចជួយយើងធ្វើការសម្រេចចិត្តត្រូវ ទោះជាពេលយើងមានការដាក់សម្ពាធមកពីមិត្តភក្ដិយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៨ ដោយស្ងាត់ស្ងៀម ស្វែងរកមើលអ្វីដែលព្រះ នឹងបានធ្វើ បើយ៉ូសែប ស្ម៊ីធ បានស្ដាប់តាមចម្លើយពីដំបូងចំពោះការសុំរបស់ ម៉ាទីន នោះ ។ សូមអញ្ជើញសិស្សឲ្យសង្ខេបនូវអ្វីដែលយើងអាចរៀនមកពីខនេះ ។ សិស្សអាចប្រើពាក្យផ្សេង ប៉ុន្តែត្រូវប្រាកដថា ពួកគេយល់ថា បើយើងមានភាពស្មោះត្រង់ចំពោះព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ នោះទ្រង់នឹងគាំទ្រយើង អំឡុងគ្រាលំបាកទាំងឡាយ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
សូមឲ្យសិស្សគិតអំពីគ្រាមួយ ពេលដែលពួកគេធ្វើតាមបញ្ញត្តិរបស់ព្រះអម្ចាស់ ជាជាងធ្វើតាមការដាក់សម្ពាធ ឬឥទ្ធិពលរបស់មនុស្សដទៃទៀត ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយអំពីរបៀបដែលពួកគេបានទទួលការគាំទ្ររបស់ព្រះអម្ចាស់ចំពោះការគោរពប្រតិបត្តិរបស់ពួកគេ ។
សូមរំឭកសិស្សថា នៅដើមមេរៀន អ្នកបានសុំឲ្យពួកគេគិតអំពីស្ថានភាពដែលពួកគេអាចនឹងត្រូវបានល្បួងឲ្យស្ដាប់មិត្តភក្ដិជាជាងការគោរពប្រតិបត្តិ ។ សូមទាញចំណាប់អារម្មណ៍របស់សិស្សផ្ដោតទៅលើសេចក្ដីពិត ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
-
តើសេចក្ដីពិតនេះ ជួយអ្នកនៅពេលអ្នកត្រូវបានល្បួងដោយមិត្តភក្ដិម្នាក់ឲ្យធ្វើនូវរឿងមួយដែលអ្នកដឹងថាមិនត្រឹមត្រូវយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរក្នុងសៀវភៅ សរសេររបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីពិតនេះចំពោះទំនាក់ទំនងបច្ចុប្បន្នរបស់ពួកគេជាមួយនឹងមិត្តភក្ដិ និងគ្រួសារ ។
បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៩-១០ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលការសន្យាដែលព្រះអម្ចាស់ បានប្រទានដល់ យ៉ូសែប ស៊្មីធ ទោះជាយ៉ូសែប បានធ្វើកំហុសធ្ងន់ធ្ងរក្ដី ។ ( អ្នកអាចនឹងផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំអ្វីដែលពួកគេរកឃើញ ) ។
-
តើការសន្យាអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់យ៉ូសែប ស្ម៊ីធ ? តើការសន្យានេះអនុវត្តចំពោះយើងយ៉ាងដូចម្ដេច ? ( សិស្សអាចឲ្យយោបល់នូវគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវបា្រកដគូសបញ្ជាក់ថា ប្រសិនបើយើងប្រែចិត្តពីអំពើបាបរបស់យើង នោះយើងនឹងទទួលបានសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ) ។
-
សូមចាំក្នុងចិត្តនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់យ៉ូសែប នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤–៦ តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច បន្ទាប់ពីស្ដាប់ឮការសន្យានេះមកពីព្រះអម្ចាស់ បើអ្នកគឺជាយ៉ូសែបវិញ ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៩, ១១ ដោយស្ងាត់ស្ងៀម ហើយប្រាប់ពីការព្រមានដែលព្រះអម្ចាស់ បានផ្ដល់ឲ្យព្យាការី យ៉ូសែប ស៊្មីធ ។
-
ហេតុអ្វីក៏ការព្រមានទាំងនេះ សំខាន់ដើម្បីរំឭកយើង នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើង ហើយស្វែងរកសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់នោះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១៦-២០
ព្រះអម្ចាស់ ពន្យល់អំពី គោលបំណងរបស់ទ្រង់ក្នុងការនាំមកនូវព្រះគម្ពីរមរមន
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១៦-២០ ដោយស្ងាត់ស្ងៀម រួចប្រាប់អំពីគោលបំណងដែលព្រះអម្ចាស់ប្រទានព្រះគម្ពីរមរមនមកនោះ ។
-
ហេតុអ្វីក៏កិច្ចការដែលយ៉ូសែប ស្ម៊ីធ និង ម៉ាទីន ហារិស កំពុងធ្វើនោះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះព្រះអម្ចាស់ និងរាស្ត្រទ្រង់ដូច្នេះ ?
សូមបញ្ចប់មេរៀននេះ ដោយការអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វី ដែលពួកគេបានរៀន ហើយទទួលអារម្មណ៍នៅថ្ងៃនេះ និងរបៀបដែលពួកគេអាចអនុវត្តសេចក្ដីពិត ដែលពួកគេបានរៀន ។ សូមចែកចាយទីបន្ទាល់របស់អ្នកផ្ទាល់អំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើង ។ អ្នកក៏អាចប្រាប់ដល់សិស្សទាំងអស់ថា នៅក្នុងមេរៀនក្រោយ ពួកគេនឹងរៀនអំពីរបៀបដែលព្រះអម្ចាស់បានសងនូវការបាត់បង់នៃឯកសារសរសេរដោយដៃចំនួន ១១៦ ទំព័រ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តី សញ្ញា ៣ ។ លូស៊ី ហារិស
លូស៊ី ម៉ាក ស្ម៊ីធ បានកត់ត្រាថា ភរិយារបស់ម៉ាទិន ហារិស ឈ្មោះ លូស៊ី « គឺជាស្ត្រីដ៏ចម្លែកម្នាក់ ជាមនុស្សម្នាក់ដែលមានចារិកច្រណែនឈ្នានីសពីធម្មជាតិ… ហើយនៅពេលអ្វីមួយ ត្រូវបាននិយាយ ដែលគាត់ស្ដាប់ឮពុំសូវច្បាស់ នោះគាត់សង្ស័យថា វាមានអាថ៌កំបាំងខ្លះៗ ដែលលាក់បាំងពីគាត់ » ។ លូស៊ី ហារិស បានសង្ស័យអំពី យ៉ូសែប ស៊្មីធ ហើយមានបំណងចង់មើលផ្ទាំងចំណារ ។ នៅពេល ម៉ាទីន បានទៅជួបនឹងយ៉ូសែប អំពីកិច្ចការនៃការបកប្រែ នោះលូស៊ី ហារិស បានទៅជាមួយ ហើយបានសួរយ៉ូសែប អំពីផ្ទាំងចំណារ ដោយទាមទារចង់មើលឃើញនឹងភ្នែក ។ លោកបានប្រាប់គាត់ថា ពុំអាចមើលបានទេ « ដ្បិតលោកពុំទទួលបានការអនុញ្ញាតឲ្យបង្ហាញវាទៅនរណាម្នាក់ទេ លើកលែងតែអ្នកទាំងឡាយដែលព្រះអម្ចាស់ គួរតែងតាំងឲ្យថ្លែងទីបន្ទាល់អំពីវាប៉ុណ្ណោះ » ។
នៅយប់បន្ទាប់ពី យ៉ូសែប បានប្រាប់ លូស៊ី ហារិស អំពីរឿងនេះ នោះ…គាត់មានសុបិន្ដមួយ ដែលនាងបានប្រាប់ទៅគ្រួសារស្ម៊ីធ នៅព្រឹកឡើងថា ៖ « មានទេវតាមួយអង្គ បានលេចមកមកគាត់ ដែលប្រាប់គាត់ថា នៅពេលគាត់បានទាស់នឹងអ្នកបម្រើរបស់ព្រះអម្ចាស់ នោះគាត់បានធ្វើរឿងពុំត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះហើយ ។ បន្ទាប់មកលោកបានមានប្រសាសន៍ទៅគាត់ថា ‹ មើលចុះ នេះគឺជាផ្ទាំងចំណារ សូមមើលហើយជឿចុះ › » ។ លូស៊ី បានប្រាប់ យ៉ូសែប ថា គាត់ចង់ជួយគាំទ្រដល់ការបកប្រែ ។
ជាអកុសល ការផ្លាស់ប្រែដួងចិត្តរបស់លូស៊ី ហារិស ពុំមានយូរអង្វែងទេ ហើយភ្លាមៗនោះ គាត់បានទាមទារបះមើលផ្ទាំងចំណារម្ដងទៀត ។ មិនយូរប៉ុន្មាន យ៉ូសែប និង អិមម៉ា បានផ្លាស់ទៅភូមិហាម៉ូនី រដ្ឋផេនសិលវេញ៉ាវិញ ដែលម៉ាទីន បានទៅតាមដោយគ្មានប្រាប់ដល់ភរិយារបស់គាត់ថា គាត់ចាកចេញទៅនោះឡើយ ។ នៅពេលគាត់បានដឹង នោះគាត់បានខឹងថា ស្វាមីរបស់គាត់ បានចំណាយពេលយ៉ាងច្រើននៅឆ្ងាយពីគាត់ ហើយកាន់តែខ្វាយខ្វល់ថា គ្រួសារស្ម៊ីធ កំពុងព្យាយាមបោកបញ្ឆោតគាត់ ។
មិនយូរប៉ុន្មាន ម៉ាទិន បានត្រឡប់ទៅរដ្ឋនូវយ៉ោកវិញ ប៉ុន្តែនៅពេលគាត់បានរៀបចំដើម្បីទៅភូមិ ហាម៉ូនីម្ដងទៀត នោះលូស៊ី ហារិស បានទទូចចង់ទៅជាមួយគាត់ ។ នៅពេលពួកគេបានទៅដល់ផ្ទះរបស់ យ៉ូសែប និង អិមម៉ា គាត់បានប្រកាសថា គាត់នឹងមិនទៅណាទេ ទាល់តែគាត់បានឃើញផ្ទាំងចំណារសិន ។ គាត់បានដើរកកាយរុករកពេញនៅក្នុងផ្ទះ តែគាត់រកពុំឃើញទេ ។ ចាប់តាំងពីពេលនោះមក គាត់បានប្រកាសថា ប្ដីរបស់គាត់ ត្រូវបានបញ្ឆោតដោយ « អ្នកបោកប្រាស់ដ៏ឆ្នើម » ។ បន្ទាប់ពីនេះពីរសប្ដាហ៍ ម៉ាទីន បាននាំគាត់ត្រឡប់ទៅផ្ទះវិញ ។ ដោយពុំគិតពីការប៉ុនប៉ងបញ្ចុះបញ្ចូលរបស់ប្រពន្ធ កុំឲ្យគាត់ធ្វើដូច្នោះ គាត់បានត្រឡប់ទៅភូមិ ហាម៉ូនីវិញ ដើម្បីជួយដល់យ៉ូសែប ។ ពេលអវត្តមានរបស់ម៉ាទិន លូស៊ី បានបន្ដទៅ « ពីផ្ទះមួយទៅផ្ទះមួយ ប្រាប់អំពីទុក្ខសោករបស់គាត់ ហើយបានប្រកាសថា យ៉ូសែប ស៊្មីធ កំពុងតែធ្វើការបោកបញ្ឆោតដល់មនុស្ស » ។ ( សូមមើលHistory of Joseph Smith by His Mother,បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ១១៤–២២ ) ។
គោលលទ្ធិ និង សេចក្តី សញ្ញា ៣ ។ ភាពសោកសៅក្នុងចិត្តចំពោះការបាត់ឯកសារសរសេរដោយដៃ
មិនយូរប៉ុន្មាន បន្ទាប់ពី ម៉ាទីន ហារិស បានចាកចេញទៅដោយមាន ឯកសារសរសេរដោយដៃចំនួន ១១៦ ទំព័រនោះ អិមម៉ា ស៊្មីធ បានកើតបានកូនប្រុសម្នាក់ឈ្មោះ អាលវិន ដែលគាត់បានស្លាប់នៅថ្ងៃដែលគាត់បានកើតមកនោះ ។ អិមម៉ា ស្ទើរតែស្លាប់ហើយយ៉ូសែប បាននៅជិតនាងអស់រយៈពេលពីរសប្ដាហ៍ ។ ពេលនេះ ម៉ាទីន បានទៅអស់រយៈពេលបីសប្ដាហ៍ ហើយពួកគេពុំបានឮដំណឹងអ្វីពីគាត់សោះ ។ យ៉ូសែប បានបារម្ភអំពីឯកសារដែលសរសេរដោយដៃនោះ ប៉ុន្តែពុំបាននិយាយអ្វីទៅអិមម៉ា ទេព្រោះខ្លាចថានាងធ្លាក់ខ្លួនឈឺទៀត ។
« ប៉ុន្មានថ្ងៃក្រោយមក [ អិមម៉ា ] បាននិយាយអំពីរឿងនោះដោយខ្លួនឯង ហើយបានចង់ឲ្យប្ដីនាងទៅ ហើយទុកឲ្យនាងនៅជាមួយម្ដាយចុះ ខណៈដែលលោកធ្វើដំណើរទៅកាន់ បាល់ម៉ៃរា [ រដ្ឋនូវយ៉ោក ] ក្នុងគោលបំណងដើម្បីដឹងថា តើលោក ហារិស អវត្តមានដោយសារមូលហតុអ្វី ។ ពីដំបូងឡើង យ៉ូសែប បានបដិសេធ ប៉ុន្តែនៅពេលមើលឃើញថានាងសប្បាយចិត្ត ហើយមានឆន្ទៈចង់ឲ្យលោកទៅ នោះទីបំផុតលោកក៏យល់ព្រម ។
« ជំហានដំបូង លោកបានចេញដំណើរតាមរទេះសេះទៅកាន់ បាល់ម៉ៃរា ហើយនៅពេលលោកនៅតែឯង នោះលោកបានចាប់ផ្ដើមសញ្ជឹងគិតអំពីបុព្វហេតុដែលម៉ាទីនបានយកឯកសារទៅ ហើយនឹងភាពប្រថុយប្រថាន ដែលលោក ( យ៉ូសែប ) ធ្វើ ដែលបានអនុញ្ញាតឲ្យឯកសារសរសេរដោយដៃនោះចេញពីដៃរបស់លោកទៅ… ហើយថា ដោយការការទទូចសុំរបស់លោកចំពោះព្រះអម្ចាស់ នោះលោកប្រហែលជាបានធ្លាក់ទៅក្នុងការរំលង ហើយដោយហេតុនោះ ដែលធ្វើឲ្យបាត់បង់ឯកសារសរសេរពីដៃនោះ » ។
បន្ទាប់ពីបានចុះពីរទេះសេះ ដើរថ្មើជើងចម្ងាយ ៣២.១៩ គីឡូម៉ែត្រនាពេលយប់ នោះទីបំផុត យ៉ូសែប បានទៅដល់ផ្ទះរបស់ឪពុកម្ដាយលោក នៅម៉ានឆេសស្ដើរ ។ « នៅពេល យ៉ូសែប បានស្រស់ស្រូបអាហារបន្ដិចបន្ដួចហើយ…នោះលោកបានសុំឲ្យយើងទៅហៅ ហារិសមកភ្លាម ។ ពួកយើងបានធ្វើភ្លាមពុំបង្អង់ឡើយ ។… យើងបានចាប់ផ្ដើមរៀបចំអាហារពេលព្រឹកសម្រាប់គ្រួសារ ហើយយើងបានគិតស្មានថា ហារិស នឹងមកទីនោះ ពេលដែលអាហារឆ្អិន រួចយើងនឹងបរិភោគជាមួយគ្នា ព្រោះជាទូទៅ គាត់នឹងមកដល់យ៉ាងឆាប់ ពេលដែលគេទៅហៅ ។ នៅម៉ោងប្រាំបី យើងបានរៀបចំអាហារដាក់នៅលើតុ ដែលយើងរំពឹងថាគាត់នឹងមកដល់ក្នុងពេលឆាប់ៗ ។ យើងបានរង់ចាំរហូតដល់ម៉ោងប្រាំបួន តែពុំឃើញគាត់មក--រហូតដល់ម៉ោងដប់ ក៏គាត់មិនទាន់ឃើញមកដល់--រហូតដល់ម៉ោងដប់មួយ គាត់នៅតែពុំទាន់មក ។ ប៉ុន្តែនៅម៉ោងដប់ពីរកន្លះ យើងបានឃើញគាត់ដើរមកយឺតៗ មួយៗមកផ្ទះយើង ដែលភ្នែករបស់គាត់មើលឥតព្រិចទៅលើដី ។ នៅពេលមកដល់ច្រកទ្វារ គាត់បានឈប់ គាត់ពុំបានដើរចូលតាមច្រកទ្វារទេ តែបែរជាឡើងទៅលើរបង ហើយអង្គុយនៅទីនោះមួយរយៈដោយពាក់មួកបាំងភ្នែករបស់គាត់ ។ អស់មួយសន្ទុះ ទើបគាត់ដើរចូលផ្ទះ ។ ខណៈពេលដែលគាត់ចូលអង្គុយកន្លែងតុបាយ ហារីស បាននៅជាមួយនឹងយើងទាំងអស់គ្នា ។ គាត់បានចាប់លើកកាំបិត និងសមឡើង បម្រុងនឹងបរិភោគអាហារ តែភ្លាមនោះ បែរជាទម្លាក់វាចេញពីដៃទៅវិញ ។ ហៃរ៉ុមបានសង្កេតឃើញការណ៍នេះ រួចបាននិយាយថា ‹ ម៉ាទីន ហេតុអ្វីក៏បងមិនទទួលទានអាហារសោះអញ្ចឹង តើបងឈឺឬ ? › ពេល ហារិស បានលើកដៃខ្ទប់សៀតផ្កា របស់គាត់ គាត់បានយំដោយសំឡេងដែលមានការសោកស្ដាយបំផុតថា ‹ ខ្ញុំបានបាត់វិញ្ញាណហើយ ! ខ្ញុំបានបាត់វិញ្ញាណហើយ ! ›
« យ៉ូសែប ដែលពុំបង្ហាញពីភាពភ័យខ្លាចរបស់លោករហូតមកដល់ពេលនេះ បានក្រោកឈរឡើងហើយនិយាយថា ‹ ម៉ាទីន តើអ្នកបានធ្វើឲ្យបាត់ឯកសារដែលសរសេរដោយដៃនោះមែនទេ ? តើអ្នកបានភ្លេចសម្បថ ហើយបាននាំបណ្ដាសារធ្លាក់មកលើក្បាលខ្ញុំ និងអ្នកមែនទេ ?
ម៉ាទីនបន្លឺតបថា « ‹ បាទ វាបានបាត់ហើយ ហើយខ្ញុំពុំដឹងថាវានៅឯណាទេ › ។
« យ៉ូសែប បាននិយាយថា …‹ បាត់អស់ហើយ ! បាត់អស់ហីយ ! › តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ ? ខ្ញុំមានបាបហើយ-- គឺខ្ញុំនេះឯងដែលបានល្បងព្រះពិរោធរបស់ព្រះ ។ ខ្ញុំគួរតែស្កប់ស្កល់នឹងចម្លើយទីមួយ ដែលខ្ញុំបានទទួលមកពីព្រះអម្ចាស់ ដ្បិតទ្រង់បានប្រាប់ខ្ញុំថា វាពុំមានសុវត្ថិភាពទេ ដែលឲ្យការសរសេរនោះចេញពីដៃរបស់ខ្ញុំទៅនោះ › ។ លោកបានយំត្អូញត្អែរ ហើយដើរទៅវិញទៅមក ។
« មួយសន្ទុះ លោកបានប្រាប់ ម៉ាទិន ឲ្យត្រឡប់ទៅរកមើលម្ដងទៀត ។
« ម៉ាទិន ឆ្លើយថា ‹ ទេ វាគ្មានប្រយោជន៍ឡើយ ព្រោះខ្ញុំបានរុករើរកមើលនៅលើគ្រែ ក្រោមខ្នើយ [ រកមើលឯកសារសរសេរដោយដៃនោះ ] ហើយខ្ញុំដឹងថាវាពុំនៅទីនោះទៀតទេ › ។
« យ៉ូសែប បាននិយាយថា ‹ តើខ្ញុំត្រូវត្រឡប់ទៅជាមួយនឹងរឿងដូច្នេះឬ ? ខ្ញុំពុំហានទេ ។ ហើយតើខ្ញុំទៅជួបនឹងព្រះអម្ចាស់ដោយរបៀបណា ? តើខ្ញុំសមនឹងការបន្ទោសមកពីទេវតានៃព្រះដ៏ខ្ពស់បំផុតយ៉ាងណា ?
« នៅព្រឹកឡើង លោកបានត្រឡប់ទៅផ្ទះវិញ ។ យើងបានបែកពីគ្នាដោយដួងចិត្តសោកសៅជាខ្លាំង ដ្បិតឥឡូវវាបង្ហាញថា អ្វីៗដែលយើងបានរំពឹងដោយរីករាយបំផុត ដែលជាប្រភពនៃការពេញចិត្តដ៏ពិសិដ្ឋបំផុត បានបាត់ទៅមួយពព្រិចភ្នែក បាត់ទៅជារៀងរហូត » ( លូស៊ី ម៉ាក ស្ម៊ីធHistory of Joseph Smith by His Motherបានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ១២៥–២៩ ) ។