មេរៀនទី ៧៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥
បុព្វកថា
នៅក្នុងសន្និសីទសាសនាចក្រដែលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៨៣២ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈពីរ ដែលទាំងពីរនោះមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥។ វិវរណៈទីមួយ បានកត់ត្រានៅក្នុងខ ១-២២ត្រូវបានប្រទានឲ្យក្រុមអែលឌើរមួយក្រុម ដែលបានដាក់បញ្ជូនឈ្មោះរបស់ពួកគេធ្វើការបម្រើបេសកកម្ម ។ ព្រះអម្ចាស់បានណែនាំដល់ពួកអែលឌើរទាំងនេះ អំពីកាតព្វកិច្ចផ្សព្វផ្សាយសាសនារបស់ពួកគេ ហើយបានចាត់តាំងដៃគូបេសកកម្មរបស់ពួកគេ ។ វិវរណៈទីពីរ បានកត់ត្រានៅក្នុងខ ២៣-៣៦ ត្រូវបានប្រទានឲ្យទៅក្រុមអែលឌើរទីពីរ ដែលចង់ដឹងពីព្រះទ័យរបស់ព្រះអម្ចាស់អំពីពួកគេ ។ ព្រះអម្ចាស់បានណែនាំពួកអែលឌើរទាំងនេះដើម្បីប្រាកដថាក្រុមគ្រួសាររបស់ពួកគេ នឹងផ្គត់ផ្គង់ ហើយទទួលយកការហៅដើម្បីផ្សាយដំណឹងល្អរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១-៥
ព្រះអម្ចាស់បានថ្លែងអំពីអ្នកទាំងឡាយដែលមានបំណងប្រាថ្នាដើម្បីផ្សាយដំណឹងល្អ
នៅរយៈពេលពីរបីថ្ងៃពីមុនអ្នកបង្រៀនមេរៀននេះ សូមអញ្ជើញសិស្សម្នាក់ដែលបានទទួលការហៅបម្រើបេសកកម្មមួយ ជាសិស្សម្នាក់ដែលអាចនឹងដាក់បេសកកម្មក្នុងពេលឆាប់ៗ ឬអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាថ្មីៗម្នាក់ឲ្យជួយបង្រៀនអំពីការចែកចាយដំណឹងល្អ ។ សូមឲ្យគម្រោងការបង្រៀនដូចខាងក្រោមមួយច្បាប់ដល់គេ ហើយសុំឲ្យគាត់សិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១-៤ហើយត្រៀមខ្លួនបង្រៀននៅផ្នែកនោះក្នុងមេរៀន ។
បន្ទាប់ពីការប្រជុំបើកថ្នាក់រៀន សូមបង្វែទៅសិស្ស ឬអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាឲ្យបង្រៀនពីអ្វីដែលពួកគេបានរៀបចំ ។
យោបល់សម្រាប់ការបង្រៀន គម្រោងសម្រាប់ --គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១-៤
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១-២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនរណាដែលព្រះអម្ចាស់បានថ្លែងនៅក្នុងខគម្ពីរទាំងនេះ ។
សូមសួរថា ៖ តើព្រះអម្ចាស់កំពុងមានបន្ទូលទៅកាន់នរណា ក្នុងខគម្ពីរទាំងនេះ ? ( ពួកអែលឌើរ ដែលបានដាក់បញ្ជូនឈ្មោះរបស់ពួកគេដើម្បីធ្វើកិច្ចការផ្សព្វផ្សាយសាសនា ) ។
សូមប្រាប់សិស្សក្នុងថ្នាក់ថា តាមពិតមានវិវរណៈពីរដែលបានដាក់បញ្ចូលនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥ហើយថាវាត្រូវបានប្រទានឲ្យនៅក្នុងសន្និសីទមួយរបស់សាសនាចក្រ ។ វិវរណៈទីមួយត្រូវបានប្រទានឲ្យដល់ក្រុមអ្នកផ្សព្វផ្សាយសាសនាមួយក្រុម ហើយបានពន្យល់អំពីរបៀបដែលពួកគេជួយអ្នកដទៃឲ្យយល់ពីសារលិខិតរបស់ពួកគេកាត់តែមានប្រសិទ្ធភាព ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣-៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលការប្រឹក្សារបស់ព្រះអម្ចាស់ដល់ពួកអែលឌើរស្ដីអំពីការហៅបម្រើរបស់ពួកគេឲ្យផ្សាយដំណឹងល្អ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំនូវអ្វីដែលពួកគេរកឃើញនៅក្នុងគម្ពីររបស់ពួកគេ ។
សូមសួរថា ៖ ស្របតាមខ ៣-៤តើព្រះអម្ចាស់ចង់ឲ្យពួកអែលឌើរធ្វើអ្វីខ្លះ ខណៈពេលផ្សាយដំណឹងល្អ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់អំពីអ្វីដែលពួកគេគិតថា ឃ្លា « ចេញទៅ ហើយមិនបង្អង់នៅ » « ឬក៏ខ្ជិលច្រអូសឡើយ » ហើយ « ធ្វើការដោយកម្លាំងរបស់អ្នកចុះ » មានន័យយ៉ាងណា ។
បន្ទាប់ពីសមាជិកក្នុងថ្នាក់បានឆ្លើយតបរួចហើយ សូមពន្យល់ពីមូលហេតុដែលអ្នកគិតថា អ្នកទាំងឡាយដែលត្រូវបានហៅឲ្យប្រកាសដំណឹងល្អត្រូវតែដឹង ហើយបង្រៀនអំពីវិវរណៈ និងបទបញ្ញត្តិទាំងឡាយដែលព្រះអម្ចាស់បានប្រទានដល់យើង ( សូមមើលខ ៤) ។
សូមសួរថា ៖ ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដែលពួកអ្នកផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់ បម្រើទ្រង់តាមរបៀបទាំងនេះ ?
សូមចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីអ្វីដែលអ្នកកំពុងធ្វើ (ឬអ្វីដែលអ្នកបានធ្វើ បើសិនជាអ្នកបានបម្រើបេសកកម្ម ) ដើម្បីរៀបចំប្រកាសដំណឹងល្អតាមរបៀបដែលព្រះអម្ចាស់ បានពិពណ៌នានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣-៤។ សូមបញ្ចប់ដោយការចែកចាយអំពីគំនិតរបស់អ្នកចំពោះអ្វីដែលសិស្សអាចធ្វើដើម្បីចែកចាយដំណឹងល្អ តាមរបៀបនេះនៅគ្រានេះក្នុងជីវិតរបស់ពួកគេ ។
បន្ទាប់ពីសិស្ស ឬអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញ បានបញ្ចប់ការបង្រៀន សូមសរសេរសេចក្ដីថ្លែងមិនពេញលេញនៅលើក្ដារខៀនថា ៖បើសិនជាយើងស្មោះត្រង់នៅក្នុងការប្រកាសដំណឹងល្អ នោះព្រះអម្ចាស់នឹង …
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៥ដោយស្ងាត់ស្ងៀម ហើយប្រាប់ពីការសន្យាដែលព្រះអម្ចាស់ បានផ្ដល់ឲ្យពូកអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ។
-
តើព្រះអម្ចាស់បានសន្យា អ្វីជាមួយនឹងអស់អ្នកណា ដែលប្រកាសដំណឹងល្អរបស់ទ្រង់ដោយស្មោះត្រង់ ?
អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពាក្យកណ្ដាប់សំដៅទៅលើការកាត់គួស្រូវ ហើយបន្ទាប់មកចងវាជាដុំៗ ឬជាកណ្ដាប់ ។ ការមាន « កណ្ដាប់ជាច្រើន » មានន័យថា ជាការច្រូតកាត់ដ៏ច្រើនសន្ធឹក ។
-
តើអាចមាន « កណ្ដាប់ » មួយចំនួនណាខ្លះ ដែលអ្នកផ្សព្វផ្សាយស្មោះត្រង់នៅក្នុងការចែកចាយដំណឹងល្អ បានទទួល ? ( កណ្ដាប់ ក៏អាចសំដៅទៅលើមនុស្សដែលទទួលយកសារលិខិតរបស់ពួកគេ [អ្នកផ្លាស់ប្រែចិត្តជឿ] ក៏ដូចជាពរជ័យដ៏អស់កល្បដែលបានសរសេរនៅក្នុងខ ៥។
សូមឲ្យសិស្សសង្ខេបនូវការសន្យាទាំងឡាយដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៥ដោយការបំពេញសព្វគ្រប់នូវសេចក្ដីថ្លែងការណ៍អំពីគោលការណ៍នៅលើក្ដារខៀន ។ ខាងក្រោម គឺជាវិធីមួយដែលសិស្សសូត្រគោលការណ៍នេះ ៖ បើសិនជាយើងស្មោះត្រង់នៅក្នុងការប្រកាសដំណឹងល្អ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងនូវកិត្តិយស សិរីល្អ និងជីវិតដ៏អស់កល្បជានិច្ច ។
-
ហេតុអ្វីក៏អ្នកគិតថា អ្នកទាំងឡាយដែលប្រកាសដំណឹងល្អដោយស្មោះត្រង់ នឹងទទួលបានពរជ័យអស់កល្បជានិច្ចដ៏មហិមាដូច្នេះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៦-២២
ព្រះអម្ចាស់ហៅ និងណែនាំអំពីដៃគូអ្នកផ្សព្វផ្សាយសាសនា
សូមពន្យល់ថា បន្ទាប់ពីព្រះអម្ចាស់បានប្រទានការណែនាំ និងការសន្យាដល់ពួកអែលឌើរ ដែលនឹងចេញទៅបម្រើបេសកកម្ម នោះទ្រង់បានដាក់ពួកគេជាដៃគូ ហើយប្រទានការណែនាំជាក់លាក់អំពីដៃគូនិមួយៗ ។
សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យសិស្សម្នាក់នៅក្នុងក្រុមនិមួយៗអានដោយស្ងាត់ស្ងៀមនូវគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៦-១២ហើយសិស្សម្នាក់ទៀតអានខ ១៣-១៤។ សូមពួកគេឲ្យរកមើលចម្លើយចំពោះសំណួរដូចខាងក្រោម នៅពេលពួកគេអាន ៖
-
តើព្រះអម្ចាស់កំពុងមានបន្ទូលទៅកាន់នរណា ?
-
តើពរជ័យអ្វីខ្លះ ដែលព្រះអម្ចាស់សន្យានឹងពួកគេ បើពួកគេស្មោះត្រង់នៅក្នុងការប្រកាសដំណឹងល្អនោះ ?
បន្ទាប់ពីសិស្សបានអាននូវខគម្ពីរជាក់លាក់របស់ពួកគេ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយដៃគូរបស់ពួកគេនូវចម្លើយចំពោះសំណួរដូចខាងលើ ។
-
តើការប្រឹក្សាបន្ថែមអ្វីខ្លះទៀត ដែលព្រះអម្ចាស់បានប្រទានដល់ វិលលាម អ៊ី ម៉័កខ្លេលិន និង លូកា ចនសុន នៅក្នុង ខ ៨-១១ដែលអាចជួយយើងប្រកាសដំណឹងល្អប្រកបដោយប្រសិទ្ធភាព ? ( អធិស្ឋានដើម្បីទទួលបានអង្គលួងលោមចិត្ត-- ព្រះវិញ្ញាណបរិសុទ្ធ -- ដើម្បីបង្រៀនយើង និងសុំកម្លាំងដើម្បីបន្ដនៅស្មោះត្រង់ ) ។
-
តើការសន្យាអ្វីខ្លះ ដែលព្រះអម្ចាស់បានថ្លែងដដែលៗអំពីដៃគូទាំងឡាយនៅក្នុងខ ១១១៣និង១៤ ? ( ទ្រង់នឹងគង់នៅជាមួយពួកគេ ។ អ្នកអាចឲ្យយោបល់ថា សិស្សគួរតែគូសចំណាំការសន្យានេះទុក ) ។
សូមសិស្សឲ្យបង្ហាញគោលការណ៍មួយ ដែលពួកគេបានរៀនមកពីខគម្ពីរទាំងនេះ ។ ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងក្ដី ក៏ពួកគេគួរតែអាចប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖បើយើងស្មោះត្រង់នៅក្នុងការប្រកាសដំណឹងល្អ នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង ។
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានអះអាងដល់អ្នកថា ព្រះអម្ចាស់នឹងគង់នៅជាមួយអ្នកទាំងឡាយដែលចែកចាយដំណឹងល្អដោយស្មោះត្រង់ជាមួយអ្នកដទៃ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេនឹងនិយាយទៅកាន់មិត្ត ឬសមាជិកគ្រួសារម្នាក់ ដែលកំពុងមានបញ្ហា ខណៈពេលកំពុងបម្រើបេសកកម្មពេញម៉ោង ។ សូមឲ្យពួកគេប្រើគោលការណ៍ទាំងឡាយដែលពួកគេបានរៀននៅក្នុងមេរៀនថ្ងៃនេះ ហើយសរសេរសំបុត្រលើកទឹកចិត្តខ្លីមួយ ដល់អ្នកផ្សព្វផ្សាយសាសនានោះ នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យចែកចាយក្នុងសំបុត្រនូវអ្វីដែលអ្នកផ្សព្វផ្សាយសាសនាអាចធ្វើដើម្បីប្រកាសដំណឹងល្អកាន់តែស្មោះត្រង់ និងពរជ័យមួយចំនួនខ្លះទៀត ដែលកើតមានមកដល់អ្នកទាំងឡាយដែលធ្វើដូច្នោះ ។
ក្រោយពីសិស្សមានពេលសរសេរសំបុត្រគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១៥-២២ដោយពន្យល់ថា ព្រះអម្ចាស់បានណែនាំដល់អ្នកផ្សព្វផ្សាយសាសនាដើម្បី ប្រទានពរដល់គ្រួសារនៃអ្នកទាំងឡាយដែលបានទទួលពួកគេ ។ ទ្រង់ក៏បានបង្រៀនពួកគេផងដែរនូវអ្វីដែលត្រូវធ្វើ ពេលពួកគេត្រូវបានមនុស្សដែលពួកគេចែកចាយដំណឹងល្អជាមួយបដិសេធ ។ ( អ្នកអាចនឹងចង់ពន្យល់ថា ការរលាស់ធូលីពីជើង ដូចជាទីបន្ទាល់មួយទាស់នឹងអ្នកទាំងឡាយដែលបដិសេធអ្នកផ្សពផ្សាយសាសនា និងសារលិខិតរបស់ពួកគេ ត្រូវបានធ្វើឡើងតែ ក្នុងស្ថានភាពដ៏កម្រប៉ុណ្ណោះ នៅពេលព្រះអម្ចាស់បញ្ជា ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២៣-២៩
ព្រះអម្ចាស់ពន្យល់អំពីរបៀបដែលក្រុមគ្រួសារនៃអ្នកទាំងឡាយ ដែលទ្រង់បានហៅឲ្យបម្រើបេសកកម្មគួរត្រូវបានទទួលនូវការគាំទ្រ
សូមពន្យល់ថា វិវរណៈទីពីរ មាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥គឺត្រូវបានប្រទានឲ្យដល់ក្រុមអែលឌើរផ្សេងមួយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២៣ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ រកមើលបំណងប្រាថ្នាដែលអ៊ែលឌើរទាំងនោះ ចង់ដឹង។
សូមពន្យល់ថា នៅក្នុងសាសនាចក្រជំនាន់មុន បុរសជាច្រើនដែលត្រូវបានហៅឲ្យបម្រើបេសកកម្ម មានប្រពន្ធ និងកូនដែលពឹងផ្អែកទៅលើពួកគេដើម្បីផ្គត់ផ្គង់ ។ ការទទួលយកការហៅបម្រើ គឺជាការលះបង់ដ៏ធំមួយរបស់គ្រួសារទាំងមូល ។ ជាទូទៅកង្វល់របស់ពួកអែលឌើរទាំងនោះភាគច្រើនគឺថា តើនឹងមានអ្វីកើតឡើងចំពោះគ្រួសារពួកគេ បើពួកគេទទួលយកការហៅឲ្យផ្សាយដំណឹងល្អនៅឆ្ងាយពីផ្ទះនោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២៤-២៨ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលការណែនាំរបស់ព្រះអម្ចាស់ចំពោះពួកអែលឌើរ ដែលចាំបាច់ត្រូវផ្សាយដំណឹងល្អ ប៉ុន្តែមានក្រុមគ្រួសារត្រូវមើលថែផងដែរ ។
-
ស្របតាមខ ២៤ នៅពេលស្វាមី និងឪពុក បម្រើបេសកកម្មពេញម៉ោង តើនរណាគួរជួយផ្គត់ផ្គង់ដល់គ្រួសាររបស់គាត់ ?
-
នៅក្នុងខ ២៦តើព្រះអម្ចាស់ដឹកនាំពួកអែលឌើរឲ្យធ្វើអ្វីខ្លះ បើពួកគេអាចរកបានកន្លែងមួយ ដែលក្រុមគ្រួសាររបស់ពួកគេនឹងទទួលបាននូវការផ្គត់ផ្គង់ ?
-
នៅក្នុងខ ២៨តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះ ដល់អ្នកទាំងឡាយដែលស្ថានភាពនឹងពុំអនុញ្ញាតឲ្យពួកគេចាកចេញពីក្រុមគ្រួសាររបស់ពួកគេដើម្បីប្រកាសដំណឹងល្អ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកការទូន្មានដែលព្រះអម្ចាស់បានប្រទានដល់បុរសទាំងអស់នេះ ។ វាជាជំនួយដើម្បីពន្យល់ថា មនុស្សខ្ជិលច្រអូស គឺជាបុគ្គលម្នាក់ដែលពុំស្ម័គ្រចិត្តធ្វើការ ។
-
តើឃ្លាណានៅក្នុងខ ២៩ ដែលអ្នកអាចប្រើដើម្បីសង្ខេបការទូន្មានរបស់ព្រះអម្ចាស់ចំពោះពួកអែលឌើរ ដែលអាចបម្រើបេសកកម្ម និងអ្នកទាំងឡាយដែលចាំបាច់ត្រូវនៅផ្ទះដើម្បីមើលថែក្រុមគ្រួសាររបស់ពួកគេ ? ( « សូមឲ្យមនុស្សគ្រប់រូបមានចិត្តឧស្សាហ៍ក្នុងគ្រប់ជំពូកទាំងអស់ » ។ សូមប្រាកដថាសិស្សយល់ថា ឃ្លានេះអនុវត្តចំពោះយើងទាំងអស់គ្នា ហើយថាព្រះអម្ចាស់បញ្ជាយើងឲ្យឧស្សាហ៍ក្នុងគ្រប់ជំពូកទាំងអស់ )។
-
តើវាមានន័យដូចម្ដេចចំពោះ « ការឧស្សាហ៍ក្នុងគ្រប់ជំពូកទាំងអស់ » ? ( ត្រូវមានភាពខ្ជាប់ខ្ជួន ស៊ូ ប្រុងស្មារតី និងខិតខំធ្វើការ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣០-៣៦
ព្រះអម្ចាស់ចាត់តាំងពួកអែលឌើរឲ្យបម្រើជាដៃគូផ្សព្វផ្សាយសាសនា
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣០-៣៦ដោយការពន្យល់ថា នៅចុងបញ្ចប់នៃវិវរណៈនេះ ព្រះអម្ចាស់បានចាត់ដៃគូអ្នកផ្សព្វផ្សាយសាសនាកាន់តែច្រើនឡើង ។
សូមបញ្ចប់មេរៀនដោយការអញ្ជើញដល់សិស្សឲ្យសរសេរនូវអ្វីដែលពួកគេអាចធ្វើនៅថ្ងៃនេះ ដើម្បីកាន់តែឧស្សាហ៍នៅក្នុងការបម្រើរបស់ពួកគេចំពោះព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយគំនិត និងទីបន្ទាល់របស់ពួកគេអំពីគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងថ្នាក់ថ្ងៃនេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៦-១២។ ចម្លើយរបស់ វិលលាម អ៊ី ម៉័កខ្លេលិន ចំពោះការហៅឲ្យប្រកាសដំណឹងល្អ
នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ១៨៣១ វិលលាម អ៊ី ម៉័កខ្លេលិន បានទទួលការហៅមួយដើម្បីបម្រើបេសកកម្មទៅកាន់សហរដ្ឋអាមេរិកប៉ែកខាងកើត ហើយ សាំយូអែល អេច ស្ម៊ីធ ត្រូវបានហៅឲ្យធ្វើជាដៃគូរបស់គាត់ ( សូមមើលគ. និង ស. ៦៦:៥-៨) ។ វិលលាម អ៊ី ម៉័កខ្លេលិន បានឆ្លើយតបចំពោះការហៅ តែទោះជាយ៉ាងណា គាត់បានបញ្ចប់បេកកម្មរបស់គាត់មុនពេល ហើយត្រឡប់មកកាន់ខឺតឡង់ រដ្ឋ អូហៃអូ វិញ នៅចុងខែធ្នូ ឆ្នាំ ១៨៣១ ។
ដូចបានរកឃើញនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៦-១៣ ព្រះអម្ចាស់បានស្ដីបន្ទោសដល់ វិលលាម អ៊ី ម៉័កខ្លេលិន ចំពោះការរអ៊ូរទាំរបស់គាត់ បានលុបចោលនូវការហៅឲ្យទៅបម្រើនៅរដ្ឋប៉ែកខាងកើត ហើយបានហៅ អួរសុន ហៃឌ ជំនួសគាត់ ឲ្យធ្វើជាដៃគូរបស់ សាំយូអែល ស្ម៊ីធ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានផ្ដល់ការហៅដោយក្ដីមេត្តាមួយទៀតដល់បងប្រុស ម៉័កខ្លេលិន ដើម្បីប្រកាសដំណឹងល្អនៅក្នុងសហរដ្ឋអាមេរិកប៉ែកខាងត្បូង ជាមួយនឹងបងប្រុស លូកា ចនសុន ធ្វើជាដៃគូរបស់គាត់ ។ បងប្រុស ម៉័កខ្លេលិន បានទទួលយកការហៅបម្រើ ប៉ុន្ដែគាត់ពុំបន្ដស្មោះត្រង់ទេ ។ មិនយូរប៉ុន្មាន គាត់បានថ្លែងថា គាត់ឈឺធ្ងន់ណាស់ពុំអាចបន្ដបម្រើបេសកកម្មរបស់គាត់បានទេ ។ បន្ទាប់ពីចាកចេញពីបេសកកម្ម គាត់បានធ្វើដំណើរទៅហៃ រុម រដ្ឋ អូហៃអូ ហើយបានរៀបការនឹង អែមិល្លីន មីលើរ ។
បន្ទាប់ពីការបម្រើបេសកកម្មបន្ថែម និងការបម្រើបានមួយរយៈក្នុងនាមជាសមាជិកនៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ វិលលាម អ៊ី ម៉័កខ្លេលិន ត្រូវបានកាត់កាលចេញពីសាសនាចក្រ នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ១៨៣៨ បន្ទាប់ពីសារភាពថា គាត់បានឈប់អធិស្ឋាន និងឈប់រក្សាបទបញ្ញត្តិទាំងឡាយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២០-២២។ « រលាស់ធូលីដីពីជើងអ្នកចេញ »
ទង្វើនៃការរលាស់ ឬសំអាតធូលីដីពីជើងរបស់នរណាម្នាក់ គឺជាទីបន្ទាល់មួយទាស់នឹងអ្នកទាំងឡាយដែលបដិសេធពុំទទួលយកដំណឹងល្អ ( សូមមើលគ. និង ស. ២៤:១៥,៦០:១៥,៨៤:៩២,៩៩:៤) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ថា ៖
« នៅពេលព្រះអម្ចាស់បានបញ្ជូនសិស្សរបស់ទ្រង់ឲ្យទៅប្រកាសសារលិខិតដំណឹងល្អ នោះទ្រង់បានណែនាំពួកគេឲ្យរលាស់ដីពីជើង ទុកជាទីបន្ទាល់មួយទាស់នឹងអ្នកទាំងឡាយដែលជំទាស់នឹងពួកគេ ។ ក៏ដូចគ្នានោះដែរ … ព្រះអម្ចាស់បានណែនាំពួកអែលឌើរថា ពួកគេមានឯកសិទ្ធិដូចគ្នា ។… ការសម្អាតជើងរបស់ពួកគេ ទាំងការលាង ឬការជូតធូលីដី នឹងត្រូវបានកត់ត្រានៅក្នុងស្ថានសួគ៌ ទុកជាទីបន្ទាល់មួយទាស់នឹងពួកទុច្ចរិត ។ ទោះជាយ៉ាងណា ទង្វើនេះ ពុំត្រូវបានធ្វើនៅចំពោះវត្តមានរបស់មនុស្សដែលជំទាស់នោះទេ ‹ ក្រែងអ្នកធ្វើឲ្យពួកគេខឹង ប៉ុន្តែដោយសម្ងាត់ ហើយសូមលាងជើងរបស់អ្នកទុកជាទីបន្ទាល់ទាស់នឹងពួកគេនៅថ្ងៃជំនុំជំរះ › [ គ. និង ស. ៦០:១៥] ។ ពួកអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រ ដែលធ្វើនូវកាតព្វកិច្ចរបស់ពួកគេដោយស្មោះត្រង់ គឺស្ថិតនៅក្រោមកាតព្វកិច្ចនៃការបន្សល់ទុកទីបន្ទាល់ពួកគេជាមួយនឹងមនុស្សទាំងអស់ដែលពួកគេបានជួបនៅក្នុងកិច្ចការរបស់ពួកគេ ។ ទីបន្ទាល់នេះ នឹងឈជាសាក្សីទាស់នឹងអ្នកទាំងឡាយដែលបដិសេធសារលិខិត នៅក្នុងការជំនុំជំរះ » (Church History and Modern Revelation,វ៉ុល ២ [ ឆ្នាំ ១៩៥៣ ], ១:២២៣; សូមមើលផងដែរ Commentary and Background Information for គ. និង ស. ២៤:១៥នៅក្នុងមេរៀនទី ៣១) ។
ការរលាស់ធូលីដីចេញពីជើងរបស់នរណាម្នាក់ មានទិសដៅធ្វើជាទីបន្ទាល់មួយទាស់នឹងអ្នកទាំងឡាយដែលបដិសេធពួកអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់ទាំងស្រុង។ វាត្រូវបានធ្វើឡើងតែនៅក្នុងស្ថានភាពដ៏កម្រ នៅពេលព្រះអម្ចាស់បញ្ជាវាតែប៉ុណ្ណោះ ។ ទង្វើនេះក៏ធ្វើជាសាក្សីមួយអំពីការបដិសេធរបស់ពួកគេផងដែរ ហើយថាអ្នកដែលផ្សាយដំណឹងល្អដល់ពួកគេ គឺឈប់មានទំនួលខុសត្រូវសម្រាប់ពួកគេចំពោះព្រះភក្រ្ត័ព្រះអម្ចាស់ទៀតហើយ ។