ប្រិយមិត្ត
អព្ភូតហេតុ​នៅឯ​មាត់ទ្វារ
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« អព្ភូតហេតុ​នៅឯ​មាត់ទ្វារ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ១៨–១៩ ។

អព្ភូតហេតុ នៅឯ​មាត់ទ្វារ

តើ​ម្តាយ​របស់ ក្រេសស៊ី នឹង​មិន​អីទេ​មែនទេ ?

ដំណើររឿង​ពិត​មកពី ស.រ.អា.

ក្រេសស៊ី បាន​ឈប់​ញ៉ាំ​នំផែនខេក​មួយ​ម៉ាត់​ចុងក្រោយ ដាក់​ចាន​របស់​នាង​នៅក្នុង​ឡាបូ​លាងចាន ហើយ​ចាប់យក​កាបូប​ស្ពាយ​របស់​នាង ។

ឪពុក​បាន​និយាយ​ថា « ដល់​ពេល​សម្រាប់​ការអធិស្ឋាន​ជាគ្រួសារ​ហើយ » ។

មនុស្ស​គ្រប់គ្នា​បាន​លុតជង្គង់​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។ បងប្រុស​ភ្លោះ​របស់ ក្រេសស៊ី គឺ​ចច បាន​ផ្ដល់​ការអធិស្ឋាន ។ គាត់​បាន​និយាយ « សូម​ជួយ​ពួក​យើង​ឲ្យ​មាន​ថ្ងៃល្អ​នៅឯ​សាលារៀន » ។ « ហើយ​សូម​ប្រទានពរ​ដល់​ម៉ាក់ សូម​ឲ្យ​គាត់​បាន​ជា ។ សូម​ប្រទានពរ​ដល់​គ្រូពេទ្យ​ដើម្បី​ឲ្យ​ដឹង​ពីរបៀប​ដើម្បី​ជួយ​គាត់ » ។

រូបភាព​របស់​គ្រួសារ​កំពុង​លុតជង្គង់​ក្នុង​ការអធិស្ឋាន

ម្តាយ​របស់ ក្រេសស៊ី មាន​មហារីក​ដុំសាច់​ក្នុង​ខួរក្បាល ។ នាង​នឹង​ត្រូវការ​ការវះកាត់ ។ គ្រូពេទ្យ​សង្ឃឹម​ថា​អ្វីៗ​នឹង​មិន​អីទេ ប៉ុន្តែ​ពួកគេ​មិន​អាច​ដឹង​ច្បាស់​បាន​ទេ ។

ក្រោយ​ពី​ការអធិស្ឋាន ម៉ាក់​បាន​ឱប​អ្នក​គ្រប់គ្នា ។ « ម៉ាក់​នឹង​ទៅ​ពេទ្យ​ម្តងទៀត​នៅ​ថ្ងៃនេះ ។ សង្ឃឹម​ថា​យើង​អាច​ទទួល​បាន​ចម្លើយ​បន្ថែម​ទៀត » ។

ចុះបើ​ម៉ាក់​ស្លាប់ ហើយ​ខ្ញុំ​មិន​អាច​និយាយ​ជាមួយ​គាត់​បាន​ទៀត​នោះ ? ក្រេសស៊ី ឆ្ងល់ ។ នាង​មាន​ការភ័យខ្លាច​ខ្លាំងណាស់ ។ នាង​មិន​អាច​ស្រមៃ​បាន​ទេ​ថា​មិន​អាច​ឱប​ម្តាយ ឬ​ជួប​គាត់​ក្រោយពី​ចេញ​ពី​សាលារៀន​បានទេ ។

ថ្ងៃនោះ ក្រេសស៊ី បាន​ទៅ​ថ្នាក់រៀន ចេញលេង និង​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ដូច​ធម្មតា ។ ប៉ុន្តែ​នាង​នៅតែ​គិត​អំពី​ម៉ាក់ ។ នៅពេល​ដែល​នាង​មាន​អារម្មណ៍​ភ័យខ្លាច នាង​បាន​គិត​អំពី​បទចម្រៀង​អង្គការ​បឋមសិក្សា​ដែល​នាង​ចូលចិត្ត ។ ក្រុម​គ្រួសារ​អាច​រស់នៅ​ជានិច្ច​និរន្តរ តាម​ផែនការ​ព្រះបិតា នាង​បាន​ច្រៀង​វា​នៅក្នុង​ចិត្ត​របស់នាង ។

នៅពេល​ដែល​ពួកគេ​ត្រឡប់​មក​ផ្ទះ​ពី​សាលារៀន​វិញ ក្រេសស៊ី និង ចច បាន​រត់ចូល​ទៅក្នុង ហើយ​បាន​ឱប​ម៉ាក់​យ៉ាងណែន ។ « តើ​ម៉ាក់​ទៅជួប​ពេទ្យ​ម៉េចដែរ ? » ក្រេសស៊ី បាន​សួរ ។

ម៉ាក់​បាន​និយាយ​ថា « គឺ​ដំណើរការ​ល្អ » ។ « យើង​នៅតែ​មិន​ដឹង​ច្រើន​ទេ ។ ម៉ាក់​មាន​ការណាត់ជួប​បីបួនដង​ទៀត​នៅ​សប្តាហ៍​ក្រោយ​មុនពេល​វះកាត់ » ។

ក្រេសស៊ី រីករាយ​ដែល​បាន​ឃើញ​ម៉ាក់​របស់​នាង ។ ប៉ុន្តែ​នាង​នៅតែ​មាន​ការព្រួយបារម្ភ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កណ្តឹង​ទ្វារ​បាន​រោទិ៍ ។ នៅពេល​ដែល​ម៉ាក់​បាន​ទៅ​បើកទ្វារ ក្រេសស៊ី បាន​ឮសំឡេង​ច្រៀង ។

នាង​ឈរ​ជាមួយ​ម៉ាក់​នៅឯ​មាត់​ទ្វារ ហើយ​សម្លឹងមើល​ទៅ​ហ្វូង​មិត្តភក្តិ​នៃ​គ្រួសារ​មកពី​ព្រះវិហារ និង​សាលារៀន ។ ពួកគេ​បាន​ច្រៀង​បទចម្រៀង​អង្គការ​បឋមសិក្សា ។ ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​និយាយ « យើង​បាន​គិត​ពី​អ្នក ហើយ​ចង់​នាំមក​នូវ​ការលួងលោម » ។ បន្ទាប់​មក​ពួកគេ​បាន​ចាប់ផ្តើម​ច្រៀង​ម្តងទៀត ។

រូបភាព​ម្តាយ និង​កូន​បើកទ្វារ​ឲ្យ​ក្រុម​មនុស្ស​ដែល​កំពុង​ច្រៀង

ចច បាន​មកជិត​ទ្វារ​ផងដែរ ។ គាត់​ងាកទៅ​រក​ក្រេសស៊ី ។ « តោះ​ច្រៀង​ជាមួយ​ពួកគេ ! »

ក្រេសស៊ី និង ចច យក​អាវ​របស់​ពួកគេ ហើយ​រត់​ចេញទៅ​ខាងក្រៅ​ដើម្បី​ចូលរួម​ជាមួយ​អ្នក​ដទៃ​ផ្សេងទៀត ។ ពួកគេ​បាន​ច្រៀង​យ៉ាងខ្លាំង​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ៖

ព្រះយេស៊ូវ ជា​ព្រះ​នៃ​អព្ភូតហេតុ

គ្មានអ្វី​សោះឡើយ​ដែល​ទ្រង់​មិនអាច​ធ្វើ

ខ្ញុំ​ក៏​ដឹង​ទៀត​ដែរ​ថា ៖

ក្នុង​ចំណោម​អព្ភូត​ហេតុ​នោះ​ណា មាន​អព្ភូត​ហេតុ​អស្ចារ្យ

គឺ​អព្ភូត​ហេតុ​ទ្រង់​សង្គ្រោះ​ខ្ញុំ !

រូបភាព​ក្មេងស្រី​កំពុង​ច្រៀង

ក្រេសស៊ី បាន​ឃើញ​ម៉ាក់​ជូត​ទឹកភ្នែក ។ ប្អូនស្រី​តូច​របស់​នាង រ៉ូស៊ី តោង​ជាប់នឹង​ជើង​ម៉ាក់ ហើយ​ស្តាប់​ផងដែរ ។

អារម្មណ៍​ដ៏​សុខសាន្ត​បាន​រីករាលដាល​ពេញខ្លួន ក្រេសស៊ី ។ នាង​នៅតែ​បារម្ភ​អំពី​ម៉ាក់ ។ ប៉ុន្តែ​នាង​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ពួកគេ ។ ទ្រង់ គឺជា ព្រះ​នៃ​អព្ភូតហេតុ ។ ហើយ​យ៉ាងណា​ក៏ ក្រេសស៊ី ដឹង​ថា​អ្វីៗ​នឹង​មិន​អីទេ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ បេថានី ស្តេនឃ្លីស

  • « The Miracle » Friend ខែមិថុនា ឆ្នាំ២០១៨ ទំព័រ ២៤–២៥ ។