ប្រិយមិត្ត
អ៊ីចឹង​ក្មួយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួចហើយ ។ ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« អ៊ីចឹងក្មួយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួចហើយ ។ ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦ ទំព័រ ៣៦–៣៧ ។

អ៊ីចឹង​ក្មួយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួចហើយ ។ ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

តើ​ក្មួយបាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួចហើយ​ឬនៅ ? នោះ​ល្អណាស់ ! ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​ក្មួយ​បាន​ធ្វើការ​ជ្រើសរើស​បែបនោះ​ដើម្បី​ធ្វើ​តាម​ទ្រង់​ទាំងទ្វេ ។

ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​មួយ​ប៉ុណ្ណោះ​ក្នុង​ដំណើរ​របស់​ក្មួយ ឆ្ពោះទៅកាន់​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ដ៏អស្ចារ្យ​មួយ​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​របស់​ក្មួយ ។ នេះ​គឺជា​រឿង​មួយ​ចំនួន​ដែល​ក្មួយ​បន្ត​ធ្វើ ឬ​ចាប់ផ្តើម​ធ្វើ​នៅ​ពេល​ឥឡូវនេះ​ក្រោយពី​ក្មួយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួចហើយ ។

ចូល​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ

នៅ​ចាំ​ពេល​ដែល​ក្មួយ​បាន​ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ក្មួយ​ដែរឬទេ ? ឥឡូវនេះ ទ្រង់​អាច​គង់នៅ​ជាមួយ​ក្មួយ​ជានិច្ច ​នៅពេល​ដែល​ក្មួយ​ជ្រើសរើស​ធ្វើ​ល្អ ។ ព្រះវិញ្ញាណ​បរិសុទ្ធ ជាញឹកញាប់​ទាក់ទងជាមួយ​យើង​តាមរយៈ​គំនិត និង​អារម្មណ៍ ។ ការស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ក្មួយ​ធ្វើ​ការជ្រើសរើស​ល្អ និង​ស្វែងរក​សេចក្តី​អំណរ​ដ៏​ពិតប្រាកដ ។

គិត​អំពី​វា ៖ តើ​ក្មួយមាន​អារម្មណ៍​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នៅពេល​ណា ? វា​អាច​ជា​បទពិសោធន៍​ធំ ឬ​តូច​មួយ !

ប្រែចិត្ត

នៅពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​វា​អាច​ធ្វើ​ទៅបាន​សម្រាប់​យើង​ទាំងអស់គ្នា​ដើម្បី​ប្រែចិត្ត ។ ការប្រែចិត្ត​មាន​ន័យថា ការងាកចេញ​ពី​ការជ្រើសរើស​ធ្វើ​ខុស ហើយ​បែរ​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ទាំងទ្វេ​សព្វព្រះទ័យ​ណាស់ នៅពេល​ដែល​យើង​ជ្រើសរើស​ដើម្បី​ប្រែចិត្ត ពីព្រោះ​វា​ជួយ​ឲ្យ​យើង​កាន់តែ​ខិត​ទៅជិត​ជាមួយនឹង​ទ្រង់​ទាំងទ្វេ ។

គិត​អំពី​វា ៖ តើ​រឿង​អ្វី​មួយ​ដែល​ប្អូន​អាច​ធ្វើ​បាន ដែល​នឹង​ជួយ​ក្មួយបែរ​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ការទទួល​ទាន​សាក្រាម៉ង់

ក្រោយពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ក្មួយ ពិធី​សាក្រាម៉ង់​គឺ​កាន់តែ​ពិសេស​ទៅទៀត ។ ឥឡូវនៅពេល​ដែល​ក្មួយ​ទទួល​ទាន​សាក្រាម៉ង់ នោះ​ក្មួយ​កំពុង​បន្ត​សេចក្តីសញ្ញា​ដែល​ក្មួយ​បាន​ធ្វើ​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​រក្សា​បញ្ញាត្តិ​ទាំងឡាយ និង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​ក្មួយ​មិន​រក្សា​បញ្ញាត្តិ​ទាំងនេះ​ឲ្យ​បាន​ល្អឥតខ្ចោះ​ទេ នោះ​ពិធី​សាក្រម៉ង់ គឺជា​ការរំឭក​ប្រចាំ​សប្តាហ៍​ថា ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ប្រែចិត្ត ហើយ​ត្រូវ​បាន​អភ័យទោស ។

គិត​អំពី​វា ៖ តើ​វិធី​មួយ​ដែល​ក្មួយ​អាច​ធ្វើ​ឲ្យ​ពិធី​សាក្រាម៉ង់​ពិសេស​នៅក្នុង​សប្តាហ៍​នេះ​គឺជា​អ្វី ?

រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​ដ៏បរិសុទ្ធ​របស់​ព្រះ ។ នៅ​ឆ្នាំ​ដែល​ក្មួយមាន​អាយុ​១២ឆ្នាំ នោះ​ក្មួយអាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន និង​អាច​ជួយ​អ្នកដទៃ​តាមរយៈ​ការធ្វើ​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ ក្រោយមកទៀត ក្មួយ​អាច​ធ្វើ​សេចក្តីសញ្ញា​ផ្ទាល់ខ្លួន​បន្ថែមទៀត​ជាមួយនឹង​ព្រះវរបិតាសួគ៌​បាន ។ អ្វី​ដែល​ក្មួយ​រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នឹង​ជួយ​ក្មួយ​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ !

គិត​អំពី​វា ៖ តើ​រឿង​អ្វី​មួយ​ដែល​ក្មួយ​អាច​ធ្វើ​បាន​នៅពេល​ឥឡូវនេះ ដើម្បី​រៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ?

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ អាលីហ្សា ភីធើរសិន