« ការជជែកជាមួយនឹង អិមមីលី អំពីពិធីបុណ្យជ្រមុជទឹក » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ៣៤–៣៥ ។
ការជជែកជាមួយនឹង អិមមីលី អំពីពិធីបុណ្យជ្រមុជទឹក
អិមមីលី មានអាយុ៩ឆ្នាំ មកពីទីក្រុងស៊ីណាឡូអា ប្រទេសម៉ិកស៊ិក ។ យើងបានសួរនាងនូវសំណួរខ្លះៗអំពីពិធីបុណ្យជ្រមុជទឹករបស់នាង ។
សូមប្រាប់យើងអំពីខ្លួនរបស់ក្មួយ ។
ខ្ញុំចូលចិត្តគំនូរ គូររូប ដុតនំ ហត្ថកម្ម និងរាំ និងច្រៀងជាមួយបងប្អូនរបស់ខ្ញុំ ។ ខ្ញុំក៏ចូលចិត្តទៅកសិដ្ឋានរបស់ជីតាខ្ញុំដើម្បីជិះសេះផងដែរ ។
តើក្មួយបានរៀបចំខ្លួនដើម្បីទទួលពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?
ក្នុងអំឡុងពេលរាត្រីជួបជុំក្រុមគ្រួសារ ឪពុកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំអំពីសេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំក៏បានរៀបចំខ្លួនដោយការអានព្រះគម្ពីរ ការអធិស្ឋាន និងការមើលវីដេអូអំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។ ខ្ញុំចូលចិត្តជាពិសេសវីដេអូអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះនៅក្នុងទន្លេ យ័រដាន់ ។ ខ្ញុំចូលចិត្តត្រង់ផ្នែកដែលសត្វព្រាបសលេចឡើង ដែលតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ ។
ឪពុករបស់ខ្ញុំ និងខ្ញុំក៏បានហាត់សមពីរបៀបដែលយើងនឹងឈរនៅក្នុងអាងទឹកផងដែរ ។ ខ្ញុំខ្លាចនៅពេលចូលទៅក្រោមទឹក ប៉ុន្តែឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំពីរបៀបបន្ទន់ជង្គង់ បិទច្រមុះ បិទភ្នែក ហើយទម្លាក់ខ្លួនទៅក្រោយទៅក្នុងដៃរបស់គាត់យ៉ាងសន្សឹមៗ ។ យើងបានហាត់សមធ្វើដូចនេះជាច្រើនដង ហើយនៅថ្ងៃបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំអាចធ្វើវាបានដោយងាយស្រួលបំផុត ។
តើមានអ្វីពិសេសអំពីពិធីបុណ្យជ្រមុជទឹករបស់ក្មួយ ?
វាគឺជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ ។ សមាជិកគ្រួសាររបស់ខ្ញុំមួយចំនួនបានឡើងនិយាយ ផ្ដល់ការអធិស្ឋាន និងឈរធ្វើជាសាក្សី ។ ខ្ញុំក៏បានច្រៀងបទ « ពេលខ្ញុំបានជ្រមុជទឹក » ដោយមានអ្នកលេងព្យាណូពីអង្គការបឋមសិក្សារបស់យើងផងដែរ ។ បន្ទាប់ពីខ្ញុំបានទទួលបុណ្យជ្រមុជទឹក ខ្ញុំមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គង់នៅជិតខ្ញុំ ។ ខ្ញុំបានយំព្រោះរីករាយខ្លាំងពេក ។
វាក៏ពិសេសផងដែរ ព្រោះខ្ញុំបានមានគំនិតមួយដើម្បីអញ្ជើញមិត្តភក្តិ និងសមាជិកគ្រួសាររបស់ខ្ញុំមួយចំនួន ដែលមិនមែនជាសមាជិកនៃសាសនាចក្រមកចូលរួមពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំផងដែរ ហើយពួកគេបានយល់ព្រមមកចូលរួម ។ មិត្តភក្តិរបស់ខ្ញុំម្នាក់ដែលបានចូលរួមនៅតែបន្តមកចូលរួមក្នុងសកម្មភាពសាសនាចក្រជាមួយឪពុកម្តាយរបស់គាត់ ។
តើក្មួយចងចាំសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ក្មួយដោយរបៀបណា ?
ខ្ញុំព្យាយាមខិតខំចងចាំនូវសេចក្ដីសញ្ញារបស់ខ្ញុំ តាមរយៈការទៅព្រះវិហារ ទទួលទានសាក្រាម៉ង់ និងការនឹកចាំដល់ព្រះអង្គសង្គ្រោះ ។ ការដឹងថា ទ្រង់បានលះបង់ជីវិតរបស់ទ្រង់សម្រាប់ខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដឹងគុណ ។ ខ្ញុំក៏អធិស្ឋានជារៀងរាល់ថ្ងៃ អានព្រះគម្ពីរ បម្រើអ្នកដទៃ និងខិតខំធ្វើជាមនុស្សល្អផងដែរ ។
ចំពោះមិត្តភក្តិរបស់ខ្ញុំដែលនឹងត្រូវធ្វើបុណ្យជ្រមុជទឹក ខ្ញុំសង្ឃឹមថា អ្នកអាចខិតកាន់តែជិតព្រះវរបិតាសួគ៌ ហើយទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ !