ប្រិយមិត្ត
ជម្លោះ​ក្នុង​មិត្ដភាព
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ជម្លោះ​ក្នុង​មិត្ដភាព » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ២២–២៣ ។

ជម្លោះ ក្នុង​មិត្ដភាព

ហេតុអ្វី​បាន​ជា ម៉ាត គួរ​អធិស្ឋាន​សម្រាប់​យ៉ូសែប ? យ៉ូសែប គឺជា​មនុស្ស​ម្នាក់​ដែល​ចិត្ត​អាក្រក់ !

ដំណើររឿង​ពិត​មកពី ស.រ.អា.

រូបភាព​ក្មេងប្រុស​ពីរនាក់​កំពុង​ឈរ​បែរខ្នង​ដាក់គ្នា ម្នាក់​សម្លឹង​មើល​ទៅឆ្ងាយ​ដោយ​ឱបដៃ និង​ម្នាក់ទៀត​សម្លឹង​មើល​ទៅ​ក្មេង​ប្រុស​ដែល​មើល​ទៅ​ឆ្ងាយ​នោះ​ដោយ​ដាក់​ដៃ​របស់គាត់​នៅលើ​ស្មា​ខាងក្រោយ​របស់​គាត់

ម៉ាត បាន​ដើរ​ទាត់​ដុំថ្ម​នៅពេល​គាត់​ដើរ​ទៅផ្ទះ ។ គាត់​មិន​យល់​ពី​រឿង​នេះទេ ។ ហេតុអ្វី​បាន​ជា​គាត់​មាន​អារម្មណ៍​មិន​ល្អ​ខ្លាំង​បែប​នេះ ?

គាត់​ធ្លាប់​បាន​ដើរលេង​ជាមួយ​មិត្តភក្តិ​របស់​គាត់ យ៉ូសែប ។ ប៉ុន្តែ​យ៉ូសែប​មើលទៅ​ដូចជា​ធុញទ្រាន់​ណាស់ ។ ក្រោយមក ម៉ាត​បាន​ឈប់​លេង​ហើយ​ត្រឡប់​ទៅផ្ទះ​លឿនជាង​ដែល​គាត់​បាន​គ្រោងទុក ។

ម៉ាត​បាន​គិត ប្រហែលជា​ខ្ញុំ​ចេះ​តែ​គិត​តែ​ឯង​ទេ​មើល​ទៅ ។ ប្រហែលជា​យ៉ូសែប​គ្រាន់តែ​ចង់​សម្រាក​មួយថ្ងៃ ។

ថ្ងៃបន្ទាប់​នៅពេល​ដែល​ម៉ាត​ទៅ​សាលារៀន គាត់​បាន​ឃើញ​យ៉ូសែប​និយាយ​ជាមួយ​មិត្តភក្តិ​មួយក្រុម ។ ម៉ាត​បាន​ហៅ​គាត់ ហើយ​បក់ដៃ​ហៅ ។ យ៉ូសែប​សម្លឹង​មើល​ទៅ​ទិសដៅ​របស់​ម៉ាត ប៉ុន្តែ​គាត់​មិន​បាន​បក់ដៃ​តប​មកវិញ​ទេ ។ គាត់​បាន​ងាកទៅរក​មិត្តភក្តិ​របស់​គាត់​វិញ ។

ម៉ាត​បាន​ប្រាប់​ខ្លួនឯង យ៉ូសែប​គ្រាន់តែ​​មើលអត់​ឃើញ​ខ្ញុំ​ប៉ុណ្ណោះ ។

ក្នុង​អំឡុងពេល​ថ្នាក់រៀន​នៅពេល​ដែល​វា​ដល់ពេល​សម្រាប់​កិច្ចការ​ធ្វើជា​ក្រុម ម៉ាត​បាន​ដើរ​ទៅ​រក​យ៉ូសែប ។ « តើ​ឯង​ចង់​ចាប់​ដៃគូ​នឹងគ្នា​ទេ ? » ម៉ាត បានសួរ ។

វា​ដូចជា​យ៉ូសែប​មិន​បាន​ឮ​គាត់​និយាយ​អ៊ីចឹង ។ « តោះ ម៉ៃឃ៍ » យ៉ូសែប​បាន​និយាយ​ទៅកាន់​ក្មេងប្រុស​ដែល​កំពុង​អង្គុយ​ក្បែរ​គាត់ ។ « តោះ​ទៅ​ធ្វើ​កិច្ចការ​នៅ​ទីនោះ » ។

ក្មេងប្រុស​ទាំងពីរ​ក៏បាន​ដើរចេញ ។ ម៉ាត​មាន​អារម្មណ៍​មិន​ស្រួល​សោះ ។ ប្រាកដ​ជា​មាន​អ្វី​មួយ​ដែល​រំខាន​ដល់​យ៉ូសែប​ហើយ ។ ប៉ុន្តែ​តើ​ជា​អ្វី​ទៅ ?

ម៉ាត​មិន​អាច​គិត​ពីអ្វី​ដែល​គាត់​បាន​ធ្វើ ដែល​ធ្វើ​ឲ្យ​យ៉ូសែប​ខឹង​នឹង​គាត់​ទេ ។ ប្រាកដណាស់ ពេលខ្លះ​ពួកគេ​លេង​នៅក្នុង​ក្រុម​ផ្ទុយគ្នា​ពេល​លេងកីឡា​វាយ​កូន​បាល់​នៅពេល​ចេញលេង ។ ប៉ុន្តែ​ពួកគេ​តែងតែ ហាយហ្វាយ ឲ្យ​គ្នាទៅវិញ​ទៅមក​ជានិច្ច ។ ហេតុអ្វី​បាន​ជា​មាន​អារម្មណ៍​ថា យ៉ូសែប​កំពុង​ជ្រើសរើស​លេង​នៅក្នុង​ក្រុម​ប្រជែង ក្នុង​អ្វីៗ​គ្រប់យ៉ាង ដូច្នោះ ?

ម៉ាត​បាន​គិត យ៉ាង​ហោចណាស់ ខ្ញុំ​អាច​និយាយ​ជាមួយ​យ៉ូសែប នៅពេល​ចេញលេង ។

នៅពេល​ចេញលេង ម៉ាត​បាន​រត់ទៅ​ចូលរួម​ជាមួយ​ក្មេងៗ​ផ្សេងទៀត​នៅលើ​ទីលាន ។

« ហេ យ៉ូសែប ! » ម៉ាត បាន​ហៅ « តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​ឯង​មួយនាទី​បានទេ ? »

យ៉ូសែប​បាន​និយាយ « ការប្រកួត​នឹង​ចាប់ផ្តើម​ហើយ » ។

ម៉ាត​បាន​និយាយ « យល់ព្រម ខ្ញុំ​នឹង​មក​លេង​ខាងក្រៅ​ជិតឯង ហើយ​យើង​អាច​និយាយគ្នា​បាន » ។

« ឯង​យឺតពេល​ហើយ ។ មិន​មាន​កន្លែង​នៅ​ខាង​ខ្ញុំ​ទេ » យ៉ូសែប​បាន​និយាយ​នៅពេល​គាត់​រត់​ទៅ​ចូលរួម​ជាមួយ​ក្រុម​របស់​គាត់ ។

ម៉ាត​បាន​មើល​នៅពេល​ដែល​មនុស្ស​គ្រប់គ្នា​ចាប់ផ្តើម​លេង ។ ការមាន​មនុស្ស​ច្រើន​ពេក​មិន​ដែល​រំខាន​យ៉ូសែប​ពី​មុន​មក​ទេ ។ មនុស្ស​គ្រប់គ្នា​តែងតែ​ត្រូវបាន​គាត់​ស្វាគមន៍ ។

ប៉ុន្តែ ម៉ាត​ពិតជា​មិន​ទទួល​បាន​អារម្មណ៍​ស្វាគមន៍​ពី​យ៉ូសែប​នោះទេ ។ ហេតុអ្វី​បាន​ជា​យ៉ូសែប​ធ្វើ​បែប​នេះ ? ហេតុអ្វី​បាន​ជា​គាត់​មិន​លេង​ចូល​ខ្ញុំ ? ម៉ាត​មិន​បាន​ធ្វើអ្វី​ខុស​ទេ !

« យ៉ូសែប គឺជា​ម្នាក់​ដែល​កំពុង​ធ្វើអ្វី​ដែល​ខុស » ម៉ាត​បាន​និយាយ​ទៅកាន់​ឪពុកម្តាយ​របស់​គាត់​នៅពេល​អាហារ​ពេល​ល្ងាច ។ « គាត់​មិន​និយាយ​ជាមួយ​ខ្ញុំ ហើយ​មិន​ប្រាប់​ខ្ញុំ​ថា​គាត់​ខឹង​ពីរឿង​អ្វីទេ ! »

« វា​ហាក់ដូច​ជា​ពិបាក​ណាស់ » ម៉ាក់​បាន​និយាយ ។

ម៉ាត​មាន​អារម្មណ៍​ថា​ទឹកភ្នែក​រលីងរលោង ។ « វា​មាន​អារម្មណ៍​ថា​គាត់​ឈប់​ធ្វើជា​មិត្ត​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹងថា​មាន​រឿង​អ្វី​នោះទេ » ។

ប៉ា​បាន​និយាយ « ប៉ា​មាន​មោទនភាព​ចំពោះ​កូន ដែល​បាន​ព្យាយាម​និយាយ​ជាមួយ​គាត់​អំពី​រឿង​នោះ » ។ « ប្រហែលជា​កូន​អាច​ព្យាយាម​ប្រាប់​គាត់​ពីអារម្មណ៍​ដែល​កូន​មាន និង​ថាកូន​ចង់​ជួយ » ។

ម៉ាត ញាក់​ស្មា ។ របៀប​ដែល​យ៉ូសែប​បាន​ធ្វើ ម៉ាត​មិន​ប្រាកដថា យ៉ូសែប​នឹង​ស្តាប់​គាត់​នោះទេ ។

ម៉ាក់​បាន​ច្របាច់ដៃ​របស់​ម៉ាត ។ « យើង​នឹង​អធិស្ឋាន​សម្រាប់​កូន និង​សម្រាប់​យ៉ូសែប » ។

យប់​នោះ​នៅពេល​ដែល​ម៉ាត ត្រៀមខ្លួន​ចូលគេង គាត់​បាន​គិត​អំពី​អ្វី​ដែល​ម្តាយ និង​ឪពុក​បាន​និយាយ ។ គាត់​បាន​អធិស្ឋាន​សម្រាប់​មិត្តភក្តិ​ទាំងឡាយ​របស់​គាត់​កាលពី​មុន នៅពេល​ដែល​ពួកគេ​សោកសៅ ឬ​មាន​ការលំបាក ។ ប៉ុន្តែ​ពេលនេះ​ខុសគ្នា​មែនទេ ? យ៉ូសែប​គឺជា​មនុស្ស​ម្នាក់​ដែល​ចិត្ត​អាក្រក់​ដាក់ គាត់ ។

ដូច្នេះ​ហេតុអ្វី​បាន​ជា​ឪពុកម្តាយ​របស់​ម៉ាត អធិស្ឋាន​សម្រាប់​យ៉ូសែប ? តើ​គាត់​គួរ​អធិស្ឋាន​សម្រាប់​យ៉ូសែប​ដែរឬ ?

ម៉ាត​លុតជង្គង់​នៅក្បែរ​គ្រែ​របស់​គាត់ ។ ម៉ាត​បាន​អធិស្ឋាន « ព្រះវរបិតាសួគ៌ វា​ជា​ការលំបាក​ក្នុង​ការមិន​ខឹង​ជាមួយ​យ៉ូសែប​ណាស់ » ។ « ខ្ញុំ​អាច​ដឹងថា​គាត់​ខឹង ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ខឹង​រឿងអ្វីទេ » ។

ម៉ាត​បាន​ផ្អាក​បន្តិច ។ « ខ្ញុំ​ចង់​និយាយ​ជាមួយ​គាត់ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ថា​គាត់​នឹង​ប្រាប់​ខ្ញុំ​ថា​មាន​រឿងអ្វី​ទេ ។ សូម​ជួយ​គាត់​ជាមួយ​រឿងអ្វី​ដែល​កំពុង​រំខាន​ដល់​គាត់​ផង ។ ហើយ​រឿងអ្វី​ដែល​កើតឡើង សូម​ជួយ​ខ្ញុំ​នៅតែ​ល្អ​ចំពោះ​គាត់ » ។

នៅពេល​ដែល​ម៉ាត​បាន​អធិស្ឋាន គាត់​ចាប់ផ្តើម​មាន​អារម្មណ៍​ស្ងប់សុខ​នៅ​ក្នុងចិត្ត ។ គាត់​បាន​ដឹងថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​គឺជា​មិត្ត​ដ៏ល្អ​បំផុត​របស់​គាត់ ។ ទ្រង់​ទាំងទ្វេ​អាច​ជួយ​គាត់​ស្រឡាញ់​យ៉ូសែប​បាន មិនថា​រឿងអ្វី​ដែល​យ៉ូសែប​បាន​ជ្រើសរើស​ធ្វើ​នោះទេ ។ ហើយ​ទ្រង់​ទាំងទ្វេ​នឹង​នៅទីនោះ​សម្រាប់​គាត់ ទោះបីជា​យ៉ូសែប​មិន​បាន​បន្តជា​មិត្ត​របស់​គាត់​ក៏ដោយ ។

ម៉ាត ញញឹម ។ ការអធិស្ឋាន​សម្រាប់​យ៉ូសែប គឺជា​គំនិត​ដ៏ល្អ​បន្ទាប់ពី​រឿងអ្វី​ទាំងអស់ ។

រូបភាព​ក្មេងប្រុស​កំពុង​លុតជង្គង់​នៅក្បែរ​គ្រែ ដើម្បី​អធិស្ឋាន
ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន