ប្រិយមិត្ត
ការចាប់ផ្តើម​ថ្មី​មួយ
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ការចាប់ផ្តើម​ថ្មី​មួយ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ៣៨–៣៩ ។

ការចាប់ផ្តើម​ថ្មី​មួយ

« តើ​ខ្ញុំ​អាច​បន្ត​នៅ​ស្អាត​បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​របៀបណា ? »

ដំណើររឿង​ពិត​មកពី​ប្រទេស​បារាំង

រូបភាព​របស់​ក្មេងប្រុស និង​ឪពុក​របស់​គាត់​កំពុង​កាន់ដៃ និង​ដើរ​នៅ​ខាងក្រៅ

អាឡិចសាន់ឌឺ នៅតែ​ប៉ុន្មានថ្ងៃ​ទៀត​ប៉ុណ្ណោះ​គ្រប់​អាយុ​ប្រាំបី​ឆ្នាំ​ហើយ ! គាត់​រំភើប​ខ្លាំងណាស់​ព្រោះ​គាត់ និង​ឪពុក​កំពុង​រៀបចំ​អាហារ​សម្រន់​សម្រាប់​បុណ្យ​ខួបកំណើត​ដ៏ពិសេស​មួយ សម្រាប់​ឲ្យ​គាត់​ញ៉ាំ​ក្រោយពេល​ចេញពី​រៀន ។ នៅពេល​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មកដល់​សម្រាប់​អាហារ​ពេលល្ងាច នោះ អាឡិចសាន់ឌឺ បាន​ប្រាប់​ពួកគេ​ទាំងអស់​អំពី​នំ​សូកូឡា​ដ៏ឆ្ងាញ់​ដែល​គាត់​បាន​ជ្រើសរើស ។

« យើង​នឹង​មាន​ទាន​មួយ​នៅលើ​នំ​ទាំង​ប្រាំបី ជាជាង​មាន​ទៀន​ប្រាំបី​នៅលើ​នំ​មួយ ! »

អែលឌើរ ឡូវណើរ សើច ។ « ស្តាប់​ទៅ​អស្ចារ្យ​ណាស់ ទុក​ឲ្យ​ខ្ញុំ​ខ្លះ​ផង ! »

បន្ទាប់ពី​អាហារ​ពេលល្ងាច​រួច ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​មេរៀន​មួយ​អំពី​បុណ្យ​ជ្រមុជ​ទឹក ។ អែលឌើរ ដូយ៉ុន ងាក​ទៅរក អាឡិចសាន់ឌឺ ។ « នៅពេល​ប្អូន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ប្អូន​បាន​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ » ។ គាត់​បាន​ប្រាប់ អាឡិចសាន់ឌឺ អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ និង​ចែកចាយ​ទីបន្ទាល់​របស់​គាត់​ផងដែរ ។ « ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ពីព្រោះ​ថ្ងៃនោះ​ខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ » ។

អាឡិចសាន់ឌឺ ទន្ទឹង​រង់ចាំ​សម្រាប់​ថ្ងៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ !

ប៉ុន្តែ​នៅពេល​ដែល​គាត់​ចូល​គេង​ពេលយប់​នោះ គាត់​បែរ​ជា​គេង​រសេះរសោះ​មិន​លក់​សោះ ។ គាត់​ចូលចិត្ត​គំនិត​នៃ​ការស្អាត និង​ថ្មី​នេះ ។ ប៉ុន្តែ​តើ​គាត់​នឹង​នៅ​ស្អាត​ក្រោយ​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​របៀបណា ?

នៅ​ព្រឹក​បន្ទាប់ អាឡិចសាន់ឌឺ ដើរ​ទៅ​សាលារៀន​ជាមួយ​លោក​ប៉ា ។ លោក​ប៉ា​បាន​និយាយ​ថា « កូន​ពិត​ជា​ស្ងប់ស្ងាត់​ណាស់​នៅ​ព្រឹកនេះ » ។ « តើ​មាន​រឿងអី ? »

អាឡិចសាន់ឌឺ ដក​ដង្ហើម​ធំ « ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​ច្រើន​ដង​បាន » ។

« ហេតុអ្វី ? » លោក​ប៉ា​សួរ ។

« តើ​ខ្ញុំ​អាច​នៅ​រក្សា​ភាពស្អាត​ដោយ​របៀបណា​ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ? » អាឡិចសាន់ឌឺ សួរ ។ « ខ្ញុំ​ភ្លេច​អ្វីៗ​គ្រប់ពេល—ដូចជា​ការនិយាយ​ជំរាបសួរ និង​អរគុណ​ដល់​មនុស្ស​ធំ និង​ការអត់ធ្មត់​ជាមួយ​ប្អូនប្រុស​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​តែ​ធ្វើ​កំហុស ។ យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​តែ​ម្តង​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​នឹង​មិន​អាច​ស្អាត​ម្តង​ទៀត​បានទេ » ។

លោក​ប៉ា​ឈប់ ហើយ​បាន​មើល​ទៅ​កែវ​ភ្នែក​របស់ អាឡិចសាន់ឌឺ ។ « អស្ចារ្យ​ណាស់ ! នោះ​ប្រហែលជា​មាន​អារម្មណ៍​ដ៏ច្រើន​លើសលប់​បន្តិច​ហើយ​មើលទៅ ។ តើ​កូន​នៅ​ចាំ​ទេ នៅពេល​ដែល​យើង​និយាយ​អំពី​ការសន្យា​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ? »

អាឡិចសាន់ឌឺ បាន​ងក់ក្បាល ។ « កូន​គិត​ថា​កូនចាំ » ។

« នៅពេល​កូន​ជ្រមុជ​ទឹក កូន​ធ្វើ​ការសន្យា ឬ​ចុះ​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ កូន​សន្យា​ថា​នឹង​រក្សា​បញ្ញាតិ​របស់​ទ្រង់ និង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​ពីនោះ រាល់ពេល​ដែល​កូន​ទទួល​ទាន​សាក្រាម៉ង់ នោះ​កូន​អាច​នឹកចងចាំ​ព្រះយេស៊ូវ និង​របៀប​ដែល​ទ្រង់​អាច​ជួយ​កូន​ឲ្យ​ប្រែចិត្ត​ផងដែរ » ។

អាឡិចសាន់ឌឺ​បាន​បើក​ភ្នែក​ធំៗ ។ « ដូច្នេះ ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​ស្អាត​ដូច​នៅពេល​ដែល​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឬ ? »

លោក​ប៉ា​បាន​និយាយ « ប្រាកដ​ណាស់ » ! « ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ថា កូន​មិន​ល្អ​ទេ​ហើយ​ពេលខ្លះ​កូន​នឹង​ធ្វើ​ការជ្រើស​រើស​ខុស ។ ប៉ុន្តែ​នៅពេល​ដែល​កូន​មាន​បាប នោះ​កូន​អាច​ប្រែចិត្ត និង​បន្ត​ព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន ។ តើ​ស្តាប់​ទៅ​ដូចជា​អ្វី​ដែល​កូន​អាច​ធ្វើបាន​ដែរឬ​ទេ ? »

អាឡិចសាន់ឌឺ ញញឹម ។ « បាទ ! កូន​គិត​ថា កូន​អាច​ធ្វើ​កិច្ចការ​នេះ​បាន » ។

នៅពេល​ថ្ងៃ​ខួប​កំណើត​របស់ អាឡិចសាន់ឌឺ មកដល់ គ្រួសារ​របស់​គាត់​បាន​រៀបចំ​អាហារ​សម្រន់​សម្រាប់​ខួប​កំណើត​របស់​គាត់​ក្រោយ​ពី​ចេញពី​សាលារៀន ។ វា​ឆ្ងាញ់​ណាស់ ! ហើយ​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ អាឡិចសាន់ឌឺ មាន​អារម្មណ៍​ល្អ​បន្ថែម​ទៀត​នៅ​ខាងក្នុង​ចិត្ត នៅពេល​ដែល​គាត់​ងើបឡើង​ពីទឹក​វិញ ។ គាត់​បាន​សន្យា​ថា​នឹង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​នោះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស្ចារ្យ​ណាស់ !

ក្មេងប្រុស​កំពុង​ញ៉ាំ​នំ​សូកូឡា

សប្តាហ៍​នោះ អាឡិចសាន់ឌឺ បាន​ព្យាយាម​ដោយ​អស់ពី​សមត្ថភាព ដើម្បី​រក្សា​សេចក្តីសញ្ញា​ថ្មី​របស់​គាត់ និង​មាន​ចិត្ត​សប្បុរស​ចំពោះ​ប្អូនប្រុស​របស់​គាត់ ។ ប៉ុន្តែ​នៅពេល​ថ្ងៃអាទិត្យ​បន្ទាប់​មកដល់ គាត់​បាន​មាន​ការខកចិត្ត​បន្តិច ។ គាត់​មាន​អារម្មណ៍​ថា គាត់​អាច​ធ្វើ​ការជ្រើសរើស​ប្រសើរ​ជាងមុន​នៅ​សប្តាហ៍​នោះ ។

ខណៈពេល​ចែក​ពិធី​សាក្រាម៉ង់ អាឡិចសាន់ឌឺ អោបដៃ​របស់​គាត់ និង​បាន​ឱន​ក្បាល​របស់គាត់ ។ គាត់​បាន​ទូលសួរ​ព្រះវរបិតាសួគ៌​ដោយ​ស្ងៀមស្ងាត់ ដើម្បី​ជួយ​គាត់​ឲ្យ​ធ្វើ​កាន់តែ​ប្រសើរឡើង​នៅ​សប្តាហ៍​ក្រោយ ។ គាត់​បាន​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​ស្រឡាញ់​គាត់ និង​របៀប​ដែល​គាត់​ចង់​ក្លាយ​ឲ្យ​កាន់តែ​ដូចជា​ទ្រង់ ។

នៅពេល​ដែល​គាត់​បាន​យក​នំបុ័ង​មួយ​ដុំ​ពី​ថាស​សាក្រាម៉ង់ អាឡិចសាន់ឌឺ មាន​អារម្មណ៍​កក់ក្តៅ និង​ពោរពេញ​ដោយ​ភាពសុខសាន្ត​នៅ​ក្នុងចិត្ត ។ គាត់​មាន​អារម្មណ៍​ដូច​កាល​នៅពេល​ដែល​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់​អ៊ីចឹងដែរ ! លោក​ប៉ា​បាន​កៀក​ស្មា​របស់ អាឡិចសាន់ឌឺ ហើយ​បាន​ញញឹម​ដាក់​គាត់ ។

ថ្ងៃនេះ​គឺជា​ការចាប់ផ្តើម​នៃ​សប្តាហ៍​ថ្មី ហើយ អាឡិចសាន់ឌឺ នឹង​ធ្វើ​អោយ​អស់ពី​សមត្ថភាព​របស់​គាត់—ដោយ​មាន​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។

ក្មេងប្រុស​កំពុង​ទទួល​ទាន​សាក្រាម៉ង់
Alt text

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ