ដំណើររឿងព្រះគម្ពីរ
ពួកសាវកបម្រើបេសកកម្មនៅចក្រភពអង់គ្លេស
ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ យ៉ូសែប ស្ម៊ីធ ឲ្យបញ្ជូនសាវកមួយចំនួនទៅបម្រើបេសកកម្មនៅចក្រភពអង់គ្លេស ។ វាជាការពិបាកសម្រាប់ពួកសាវកក្នុងការចាកចេញពីក្រុមគ្រួសាររបស់ពួកលោក ប៉ុន្តែព្រះអម្ចាស់បានសន្យាថានឹងប្រទានពរដល់ពួកលោក ។
ហ៊ីប៊ើរ ស៊ី ឃឹមបឹល និងភរិយារបស់លោក វីលេត មានកូននៅតូចៗ ។ ពួកគេជាច្រើនបានឈឺធ្ងន់ ។
ព្រិកហាំ យ៉ង់ ក៏ឈឺផងដែរ ហើយគ្រួសាររបស់លោកមានជីវភាពក្រីក្រ ។ ប៉ុន្តែភរិយារបស់ព្រិកហាំគឺ ម៉ារី អាន បានប្រាប់លោកថា « សូមបងទៅបំពេញបេសកកម្មរបស់បងចុះ ហើយព្រះអម្ចាស់នឹងប្រទានពរដល់បង » ។
ហ៊ីប៊ើរ និង ព្រិកហាំ បានធូរស្បើយ ប៉ុន្តែពួកលោកនៅទន់ខ្សោយខ្លាំងណាស់ ។ ពួកលោកចង់ផ្សព្វផ្សាយដំណឹងល្អ ដូច្នេះពួកលោកបានលាគ្រួសាររបស់ខ្លួន ហើយបានឡើងជិះខាងក្រោយរទេះដើម្បីចាប់ផ្តើមការធ្វើដំណើររបស់ពួកលោក ។
បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់មហាសមុទ្រដ៏វែងឆ្ងាយ ហ៊ីប៊ើរ និង ព្រិកហាំ បានមកដល់ចក្រភពអង់គ្លេស ។ ជាមួយនឹងសាវកផ្សេងទៀត ពួកលោកបានបង្រៀនដំណឹងល្អដល់មនុស្សជាច្រើន ។ មនុស្សរាប់ពាន់នាក់បានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេជាច្រើននាក់បានជិះទូកឆ្លងកាត់មហាសមុទ្រ ដើម្បីចូលរួមជាមួយពួកបរិសុទ្ធនៅសហរដ្ឋអាមេរិក ។
ព្រះអម្ចាស់បានរក្សាការសន្យារបស់ទ្រង់ថានឹងថែរក្សាក្រុមគ្រួសាររបស់ ហ៊ីប៊ើរ និង ព្រិកហាំ ខណៈពេលដែលពួកលោកបានបម្រើទ្រង់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។