2025
មិន​សូវ​ល្អ​ឥតខ្ចោះ​ទេ
ខែ​ឧសភា ឆ្នាំ​២០២៥


មិន​សូវ ល្អ​ឥតខ្ចោះ​ទេ

ថ្ងៃ​ដ៏ល្អ​ឥតខ្ចោះ​របស់ អាឌែលលីន បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ !

ដំណើររឿង​ពិត​មកពី​ប្រទេស​បារាំង ។

ក្មេងស្រី​កំពុង​គិត​អំពី​ជម្រើស​ល្អ និង​អាក្រក់​របស់​នាង

អាឌែលលីន បាន​បញ្ចប់​ការគូស​ប្រអប់​សញ្ញាកែង​ចុងក្រោយ​នៅលើ​ក្រដាស​របស់​នាង ។ នៅ​ជិត​នោះ នាង​បាន​សរសេរ ពោល​ពាក្យ​អធិស្ឋាន​នៅពេល​ព្រឹក និង​នៅពេល​យប់ ។

« តើ​នេះ​ជា​អ្វី ? » ម៉ាក់​បាន​សួរ ។

អាឌែលលីន បាន​តបថា « កូន​កំពុង​បង្កើត​បញ្ជី​កិច្ចការ​សម្រាប់​ថ្ងៃ​ស្អែក » ។ « កូន​នឹង​មាន​ថ្ងៃ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ! »

ម៉ាក់​បាន​ញាក់​ចិញ្ចើម​របស់​គាត់ ។ « ពិតមែន​ឬ ? »

អាឌែលលីន បាន​ងក់​ក្បាល ។ « នៅ​ក្នុង​អង្គការ​បឋម​សិក្សា យើង​បានរៀន​អំពី​ភាពល្អ​ឥត​ខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ ។ កូន​នឹង​ខិតខំ​ធ្វើ​ល្អ​បន្ថែម​ទៀត ដូច្នេះ​កូន​អាច​មាន​ថ្ងៃ​ដ៏​ល្អ​ឥតខ្ចោះ​បាន » ។

ម៉ាក់​បាន​តប​ថា « ម៉ាក់​រីករាយ​ដែល​កូន​ចង់​ជ្រើសរើស​ធ្វើ​ល្អ ។ ប៉ុន្តែ​កូន​ដឹង​ទេ មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​នៅលើ​ផែនដី​នេះ​ដែល​ល្អ​ឥតខ្ចោះ នោះ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។

អាឌែលលីន បាន​ដក​ដង្ហើម​ធំ ។ « កូន​ដឹង ។ ប៉ុន្តែ​កូន​ពិតជា​ចង់​ព្យាយាម​ណាស់ ! កូន​គិត​ថា កូន​អាច​ធ្វើ​កិច្ចការ​នេះ​បាន » ។

នៅពេល​ព្រឹក​ឡើង អាឌែលលីន បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ។ នាង​បាន​រៀបចំ​គ្រែ​របស់​នាង ហើយ​ពោល​ពាក្យ​អធិស្ឋាន​ពេលព្រឹក​របស់​នាង ។

នៅពេល​បរិភោគ​អាហារ​ពេលព្រឹក នាងបាន​ជួយ​បញ្ចុក​អាហារ​ដល់​ប្អូន​ស្រី​តូច​របស់​នាង​ឈ្មោះ សៀលវា ។ នៅពេល សៀលវា ធ្វើ​កំពប់​ផ្លែ​ប៉ែស​​របស់​នាង​ពេញ​កៅអី​របស់​នាង អាឌែលលីន បាន​ដកដង្ហើម​ធំ ។ នាង​រាប់​ដល់បួន ហើយ​ជួយ​ជូត​សម្អាត ។

នៅ​សាលារៀន អាឌែលលីន បាន​រកមើល​មនុស្ស​ដែល​ត្រូវការ​ជំនួយ ។ លូកាស បាន​គ្រេច​ក‑ជើង ដូច្នេះ​នាង​បាន​ជួយ​លើក​ថាស​អាហារ​ថ្ងៃត្រង់​របស់​គាត់​ឲ្យ​គាត់ ។

ខណៈ​ចេញពី​សាលារៀន អាឌែលលីន បាន​ញញឹម​រួសរាយ​ដាក់​ស្ត្រី​ដែល​បើក​ទ្វារ​សាលា ។ ជាធម្មតា ស្ត្រី​នោះ​មាន​មុខ​ក្រញ៉ូវ ។ ប៉ុន្តែ​ថ្ងៃ​នេះ គាត់​ញញឹម​ត្រឡប់​មក​វិញ !

បន្ទាប់ពី​ចេញ​ពី​សាលារៀន អាឌែលលីន បាន​ឲ្យ​សត្វ​សម្រាប់​ក្មេង​លេង​ដែល​នាង​ចូលចិត្ត​ទៅ សៀលវា ដើម្បី​លេង ។ ហើយ​មុន​ពេល​ចូល​គេង នាង​បាន​ពោល​ពាក្យ​អធិស្ឋាន ។ នាងបាន​គូស​សញ្ញាកែង​បញ្ចប់​ក្នុង​បញ្ជី​របស់​នាង ហើយ​លូន​ចូល​ទៅក្នុង​ភួយ​របស់​នាង ។ នាង​មាន​អារម្មណ៍​ថា​មាន​មោទនភាព​ណាស់ និង​អស់​កម្លាំង​យ៉ាង​ខ្លាំង ។ នាង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ថ្ងៃ​ដ៏​ល្អឥតខ្ចោះ​មួយទៀត​នៅថ្ងៃ​ស្អែក !

នៅពេល អាឌែលលីន ភ្ញាក់ពី​គេង​នៅ​ថ្ងៃ​បន្ទាប់ តុក្កតា​ទាំងអស់​របស់​នាង​ត្រូវបាន​រាយប៉ាយ​នៅលើ​ឥដ្ឋ ។ សៀលវា បាន​កាន់​តុក្កតា​មួយ​នៅនឹង​ដៃ ហើយ​មួយ​ទៀត​ជញ្ជក់​ក្នុង​មាត់ ។ នាង​ប្រាកដ​ជា​បាន​ទាញ​វា​ទាំងអស់​ចេញ​ហើយ !

អាឌែលលីន បាន​ស្រែក​ថា « សៀលវា ! » « បង​បានប្រាប់​ឯង​ហើយ​ថា កុំ​ប៉ះតុក្កតា​របស់​បង ! » នាង​បាន​ចាប់​ទាញ​តុក្កតា​ដែល សៀលវា កំពុង​កាន់ ។ សៀលវា យំ​ហើយ​រត់ទៅ​បាត់ ។

អាឌែលលីន ក្រឡេក​មើល​បញ្ជី​របស់​នាង​នៅលើ​មាត់ទ្វារ ។ នាង​ខកចិត្ត​ជាខ្លាំង ។

ម៉ាក់​បាន​ចូល​មក​នៅពេល អាឌែលលីន ហូរ​ទឹកភ្នែក​នៅលើ​ថ្ពាល់​របស់​នាង ។

ម៉ាក់​បាន​លួងលោម​កូនស្រី​របស់​គាត់

« តើ​មាន​អ្វី​កើតឡើង ? » ម៉ាក់​បាន​សួរ ។

« កូន​ភ្លេច​ពោល​ពាក្យ​អធិស្ឋាន​របស់​កូន ។ កូន​មិន​បាន​រៀបចំ​គ្រែ​របស់​កូន​ទេ » ។ សំឡេង​របស់ អាឌែលលីន ឡើង​ញ័រ ។ « ហើយ​កូន​កាច​ដាក់ សៀលវា ។ ថ្ងៃ​ដ៏ល្អ​ឥតខ្ចោះ​របស់​កូន​បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ! »

ម៉ាក់​បាន​ឱប អាឌែលលីន ។ « វា​ពិបាក​ណាស់​ដើម្បី​ល្អ​ឥតខ្ចោះ​គ្រប់​ពេលវេលា ។ តាមពិត​ទៅ វា​មិន​អាច​ទៅរួច​ទេ » ។

អាឌែលលីន បាន​ចង​ចញ្ចើម ។ « អ៊ីចឹង តើ​កូន​អាច​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ​ដោយ​របៀប​ណា​ទៅ ? »

ម៉ាក់​បាន​តប​ថា « ហ្នឹង​ហើយ ! យើង​មិន​អាច​បាន​ល្អ​ឥតខ្ចោះ​ដោយ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ទេ ។ ទ្រង់​បាន​លះបង់​ព្រះជន្ម​ទ្រង់​ដើម្បី​យើង ព្រោះ​ព្រះវរបិតាសួគ៌​ជ្រាប​ថា យើង​នឹង​ធ្វើខុស ហើយ​ត្រូវការ​ជំនួយ ។ ព្រះយេស៊ូវ​បាន​ដកយក​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​យើង ហើយ​ធ្វើឲ្យ​វា​បាន​ល្អប្រសើរ​ជាងមុន » ។

អាឌែលលីន បាន​គិត​អំពី​រឿង​នេះ ។ នាង​បាន​សួរ​ថា « ដូច្នេះ កូន​មិន​អាច​ធ្វើ​បាន​ល្អ​ឥតខ្ចោះ​ជារៀងរាល់​ថ្ងៃ​ទេ មែន​ទេ ? » ។

ម៉ាក់​បាន​គ្រវី​ក្បាល ។ « អត់​ទេ​កូន ។ កូន​នឹង​មាន​ថ្ងៃ​លំបាក ។ ប៉ុន្តែ​កូន​ក៏នឹង​មាន​ថ្ងៃល្អ​ផងដែរ » ។ ម៉ាក់​បាន​វែក​សក់​របស់ អាឌែលលីន គៀប​ពីក្រោយ​ត្រចៀក​របស់​នាង ។ « អ្វី​ដែល​សំខាន់​នោះ​គឺ កូន​កំពុង​ព្យាយាម​ធ្វើ​អស់​ពី​សមត្ថភាព ។ ទោះបី​ជាថ្ងៃ​មួយ​ចាប់ផ្តើម​ជាមួយ​នឹង​ជម្រើស​ខុស​ក៏ដោយ យើង​តែងតែ​អាច​ពោល​ពាក្យ​អធិស្ឋាន​ដើម្បី​ប្រែចិត្ត ហើយ​ព្យាយាម​ម្តងទៀត​បាន​ជានិច្ច ។ ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​កូន​នឹង​បាន​ល្អ​គ្រប់គ្រាន់ » ។

អាឌែលលីន មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត ។

« ឥឡូវនេះ សម្រាប់​បញ្ជី​របស់​កូន » ។ ម៉ាក់​ចង្អុល​ទៅ​បញ្ជី ។ « ចុះ​បើ​យើង​គ្រាន់តែ​ផ្តោត​លើរឿង​មួយ​ប៉ុណ្ណោះ ? »

ក្មេងស្រី​លុត​ជង្គង់​អធិស្ឋាន

អាឌែលលីន បាន​សម្លឹង​មើល​បញ្ជី​របស់​នាង ។ នាង​បាន​ហែក​មួយផ្នែក​ចេញ ហើយ​បិទភ្ជាប់​អ្វី​ដែល​នៅសល់​ទៅនឹង​មាត់​ទ្វារ​វិញ ។ ចំណុច​មួយ​ដែល​នៅសល់​នោះ​បាន​និយាយ​ថា ពោល​ពាក្យ​អធិស្ឋាន​នៅពេល​ព្រឹក និង​នៅពេល​យប់ ។

អាឌែលលីន បាន​ញញឹម ។ « ថ្ងៃ​របស់​កូន​ប្រហែលជា​មិន​បាន​ចាប់ផ្តើម​ដោយ​ល្អឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​កូន​នៅតែ​អាច​ពោល​ពាក្យ​អធិស្ឋាន​ឥឡូវ​នេះ​បាន ។ ហើយ​ដោយ​មាន​ជំនួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ វានឹង​ល្អ​គ្រប់គ្រាន់ ! »

ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ ហ្គីយ៉ូវ៉ាននី អាប៊ីឡេ